អេសាយ
៤១ «ឱកោះទាំងឡាយអើយ! ចូរនៅស្ងៀមហើយស្ដាប់ខ្ញុំ។
សូមឲ្យប្រជាជាតិនានាទទួលកម្លាំងឡើងវិញ។
សូមឲ្យពួកគេចូលមកជិតខ្ញុំ រួចនិយាយចុះ។+
សូមឲ្យយើងជួបជុំគ្នា ហើយខ្ញុំនឹងវិនិច្ឆ័យ។
២ តើអ្នកណាជំរុញចិត្តបុគ្គលម្នាក់ពីទិសខាងកើតឲ្យមក+
ហើយដាស់គាត់ឲ្យក្រោកឡើងប្រព្រឹត្តដោយសុចរិត?*
តើនរណាបានប្រគល់ប្រជាជាតិនានាមកក្នុងកណ្ដាប់ដៃបុគ្គលនោះ
និងឲ្យគាត់បង្ក្រាបស្ដេចទាំងឡាយ?+
ពេលមកដល់ បុគ្គលនោះនឹងកម្ទេចពួកគេដោយដាវឲ្យខ្ទេចដូចផេះ
ហើយគាត់នឹងប្រើធ្នូវាយប្រហារពួកគេឲ្យខ្ចាត់ខ្ចាយ ដូចចំបើងត្រូវខ្យល់បក់ផាត់។
៣ គាត់ដេញតាមពួកគេនៅតាមផ្លូវដែលគាត់មិនដែលធ្វើដំណើរពីមុន
ហើយគ្មានអ្វីរារាំងគាត់ទេ។
៤ តើអ្នកណាបានចាត់វិធានការធ្វើការទាំងនេះ?
តើនរណាបានហៅជំនាន់មនុស្សតាំងពីដើមដំបូង?
គឺខ្ញុំជាយេហូវ៉ា ខ្ញុំជាបុគ្គលមុនគេបង្អស់+
ហើយទោះជានៅជំនាន់មនុស្សចុងក្រោយក៏ដោយ ក៏ខ្ញុំនៅតែមិនប្រែប្រួលដែរ»។+
៥ បណ្ដាកោះបានឃើញអ្វីដែលកំពុងកើតឡើង ហើយភ័យខ្លាច។
បណ្ដាជនពីកន្លែងឆ្ងាយបំផុតនៃផែនដី ចាប់ផ្ដើមញ័ររន្ធត់។
ប្រជាជាតិទាំងឡាយប្រមូលផ្ដុំគ្នាចូលមកជិត។
៦ ពួកគេជួយគ្នាទៅវិញទៅមក
រួចនិយាយទៅកាន់បងប្អូនខ្លួនថា៖ «ចូរខ្លាំងក្លាឡើង»។
៧ ម្ល៉ោះហើយ ជាងចម្លាក់លើកទឹកចិត្តជាងដែក+
ឯជាងផែដែក គាត់ពង្រឹងកម្លាំងចិត្តជាងផ្សារដែក
ដោយសរសើរគាត់ថា៖ «ផ្សារបានល្អណាស់»។
បន្ទាប់មក គាត់ក៏ដំដែកគោលភ្ជាប់រូបចម្លាក់ដើម្បីកុំឲ្យរលំ។
៨ «ចំណែកអ្នកវិញ ឱអ៊ីស្រាអែលអើយ! អ្នកជាអ្នកបម្រើខ្ញុំ។+
ឱយ៉ាកុបអើយ! គឺអ្នកហើយដែលខ្ញុំបានជ្រើសរើស+
ជាកូនចៅរបស់អាប្រាហាំដែលជាមិត្តសម្លាញ់របស់ខ្ញុំ+
៩ គឺអ្នកហើយដែលខ្ញុំបានយកពីចុងផែនដី+
ជាអ្នកដែលខ្ញុំបានហៅពីកន្លែងឆ្ងាយបំផុត។
ខ្ញុំបាននិយាយមកកាន់អ្នកថា៖ ‹អ្នកជាអ្នកបម្រើរបស់ខ្ញុំ+
ខ្ញុំបានជ្រើសរើសអ្នក ខ្ញុំមិនបានបោះបង់អ្នកទេ។+
១០ កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក។+
កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក។+
ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។+
ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ›។
១១ មើល! អស់អ្នកដែលខឹងនឹងអ្នក នឹងត្រូវបាក់មុខហើយអាម៉ាស់ជាខ្លាំង។+
អស់អ្នកដែលប្រឆាំងនឹងអ្នក នឹងត្រូវវិនាសសាបសូន្យទៅ។+
១២ អ្នកខំរកពួកអ្នកដែលតតាំងនឹងអ្នក តែរកពួកគេមិនឃើញទេ។
ឯពួកអ្នកដែលមកច្បាំងនឹងអ្នក ពួកគេនឹងសូន្យទៅ ហើយគ្មាននៅទៀតឡើយ។+
១៣ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក ខ្ញុំនឹងស្រវាចាប់ដៃស្ដាំរបស់អ្នក
ខ្ញុំនឹងនិយាយមកអ្នកថា៖ ‹កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក›។+
១៤ ឱដង្កូវ*យ៉ាកុបអើយ! ចូរកុំភ័យខ្លាចឡើយ។+
ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងជួយអ្នក»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដែលជាអ្នកលោះអ្នករាល់គ្នា+ និងជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។
១៥ «មើល! ខ្ញុំបានយកអ្នកធ្វើជាឧបករណ៍បញ្ជាន់+
ជាឧបករណ៍បញ្ជាន់ថ្មីដែលមានសុទ្ធតែធ្មេញយ៉ាងមុត។
អ្នកនឹងជាន់ឈ្លីភ្នំនានាឲ្យខ្ទេច ហើយធ្វើឲ្យទីទួលដូចជាអង្កាម។
១៦ អ្នកនឹងរោយពួកគេ ហើយខ្យល់នឹងបក់ផាត់នាំពួកគេទៅ
គឺខ្យល់ព្យុះនឹងកម្ចាត់កម្ចាយពួកគេ។
១៧ «ជនក្រីក្រនិងជនទុគ៌តកំពុងស្វែងរកទឹក តែគ្មានទឹកសោះ
ពួកគេស្ងួតកដោយសារស្រេកទឹក។+ ខ្ញុំគឺយេហូវ៉ា ខ្ញុំនឹងជួយពួកគេ។+
ខ្ញុំជាព្រះនៃអ៊ីស្រាអែល ខ្ញុំនឹងមិនបោះបង់ពួកគេឡើយ។+
១៨ ខ្ញុំនឹងធ្វើឲ្យមានផ្លូវទឹកហូរខ្វាត់ខ្វែងនៅលើទីទួលរលីងធេង+
ហើយធ្វើឲ្យមានប្រភពទឹកនៅតំបន់វាលទំនាប។+
ខ្ញុំនឹងធ្វើឲ្យតំបន់ស្ងាត់ជ្រងំទៅជាបឹងត្រែង
និងតំបន់ហួតហែងមានក្បាលទឹកផុសឡើង។+
១៩ នៅតំបន់ស្ងាត់ជ្រងំ ខ្ញុំនឹងដាំដើមស៊ីដារ
ដើមអាកាស្យា ដើមមើថល និងដើមស្រល់។+
នៅតំបន់វាលទំនាប ខ្ញុំនឹងដាំដើមយូនីពើ ដើមអែសនិងដើមសាយប្រេស។*+
២០ យ៉ាងនេះ មនុស្សទាំងឡាយអាចឃើញហើយដឹង
ព្រមទាំងពិចារណាហើយយល់ថា
ព្រះយេហូវ៉ាបានធ្វើការនេះដោយដៃលោកផ្ទាល់
ហើយព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលបានធ្វើឲ្យកើតឡើង»។+
២១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរលើករឿងក្ដីចុះ»។
មហាក្សត្រនៃយ៉ាកុបមានប្រសាសន៍ថា៖ «ចូរជជែកតវ៉ាមក»។
២២ «ចូរបង្ហាញភ័ស្តុតាងមក ហើយប្រាប់យើងអំពីអ្វីដែលនឹងកើតឡើង។
ចូរប្រាប់យើងអំពីរឿងដែលកើតឡើងពីមុន
ដើម្បីយើងអាចយកមកពិចារណា ហើយដឹងនូវលទ្ធផល។
ចូរប្រកាសប្រាប់យើងអំពីអ្វីដែលនឹងមកដល់។+
២៣ ចូរប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត
ដើម្បីយើងអាចដឹងថាអ្នករាល់គ្នាជាព្រះពិតប្រាកដមែន។+
ចូរធ្វើការណាមួយមក ទោះជាល្អឬអាក្រក់ក្ដី
ដើម្បីយើងអាចកោតស្ងើច ពេលយើងឃើញការនោះ។+
២៤ មើល! អ្នករាល់គ្នាមិនជាអ្វីសោះ
ហើយការសម្រេចរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ។+
អ្នកណាដែលជ្រើសរើសអ្នករាល់គ្នា គឺគួរឲ្យស្អប់ខ្ពើមណាស់។+
២៥ ខ្ញុំបានជំរុញចិត្តបុគ្គលម្នាក់ពីទិសខាងជើងឲ្យមក ហើយគាត់នឹងមកជាមិនខាន+
គាត់ជាអ្នកដែលមកពីទិសខាងកើត+ គាត់នឹងហៅរកនាមខ្ញុំ។
គាត់នឹងជាន់ឈ្លីពួកអ្នកគ្រប់គ្រងដូចជាដីឥដ្ឋ+ គឺដូចជាងស្មូនជាន់ដីឥដ្ឋទន់។
២៦ តាំងពីដើមដំបូងមក តើអ្នកណាបានប្រាប់អំពីការនេះដើម្បីឲ្យយើងអាចដឹង?
តាំងពីបុរាណមក តើអ្នកណាបានប្រកាសអំពីរឿងនេះដើម្បីឲ្យយើងអាចនិយាយថា៖ ‹គាត់និយាយត្រូវហើយ›?+ ពិតណាស់ គឺគ្មាននរណាប្រាប់ទេ!
គ្មាននរណាប្រកាសទេ! គ្មាននរណាឮអ្វីសោះពីអ្នករាល់គ្នា!»។+
២៧ ខ្ញុំជាបុគ្គលទី១ដែលនិយាយទៅក្រុងស៊ីយ៉ូនថា៖ «មើល! នេះជាអ្វីដែលនឹងកើតឡើង!»+
ហើយខ្ញុំនឹងចាត់បុគ្គលម្នាក់ឲ្យនាំដំណឹងល្អទៅក្រុងយេរូសាឡិម។+
២៨ ប៉ុន្តែ ខ្ញុំខំរកមើល តែមិនឃើញនរណាម្នាក់ទេ
គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចជូនឱវាទបានឡើយ។
ខ្ញុំខំសួរពួកគេ តែគ្មាននរណាតបឆ្លើយមកវិញទេ។