បណ្ដាស្ដេចទី១
១៧ គ្រានោះ អេលីយ៉ា*+ជាអ្នកភូមិធេសប៊ីក្នុងស្រុកគីលាត+ បាននិយាយទៅអាហាប់ថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ ហើយជាព្រះនៃជនជាតិអ៊ីស្រាអែល ជាព្រះដែលខ្ញុំកំពុងបម្រើថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះនឹងគ្មានសន្សើមឬភ្លៀងទេ លើកលែងតែខ្ញុំបង្គាប់ឲ្យមាន!»។+
២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អេលីយ៉ាថា៖ ៣ «ចូរចេញពីទីនេះទៅទិសខាងកើត ហើយលាក់ខ្លួននៅជ្រលងកេរីត ដែលនៅខាងកើតទន្លេយ៉ូដាន់។ ៤ នៅទីនោះ អ្នកនឹងផឹកទឹកជ្រោះពីជ្រលងនោះ ហើយខ្ញុំនឹងបង្គាប់ក្អែកឲ្យពាំអាហារយកទៅឲ្យអ្នក»។+ ៥ ភ្លាមនោះ គាត់ក៏បានទៅតាមបង្គាប់របស់ព្រះយេហូវ៉ា ហើយស្នាក់នៅក្បែរជ្រលងកេរីតដែលនៅខាងកើតទន្លេយ៉ូដាន់។ ៦ រាល់ព្រឹករាល់ល្ងាច ក្អែកតែងតែពាំនំប៉័ងនិងសាច់ឲ្យគាត់ ហើយគាត់បានផឹកទឹកពីជ្រោះនោះ។+ ៧ មិនយូរក្រោយមក ទឹកជ្រោះក៏រីងអស់+ ព្រោះគ្មានភ្លៀងនៅក្នុងស្រុកនោះទេ។
៨ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ៩ «ចូរក្រោកឡើងទៅក្រុងសេរ៉ាផាតក្នុងទឹកដីស៊ីដូន ហើយស្នាក់នៅទីនោះចុះ។ មើល! នៅទីនោះខ្ញុំនឹងបង្គាប់ស្ត្រីមេម៉ាយម្នាក់ឲ្យផ្គត់ផ្គង់អាហារដល់អ្នក»។+ ១០ ដូច្នេះ អេលីយ៉ាក៏ក្រោកឡើងធ្វើដំណើរទៅក្រុងសេរ៉ាផាត។ ពេលគាត់ចូលទៅដល់ខ្លោងទ្វារក្រុង គាត់ឃើញស្ត្រីមេម៉ាយម្នាក់កំពុងរើសអុស។ ពេលនោះ គាត់បាននិយាយទៅនាងថា៖ «សូមយកទឹកឲ្យខ្ញុំផឹកបន្តិចផង»។+ ១១ កាលនាងទៅយកទឹក អេលីយ៉ាបានប្រាប់ថា៖ «សូមឲ្យនំប៉័ងមួយដុំដល់ខ្ញុំផង»។ ១២ ប៉ុន្តែ នាងបានឆ្លើយតបថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះរបស់អ្នកនិងជាព្រះដែលមានជីវិតរស់នៅថា ខ្ញុំគ្មាននំប៉័ងទេ មានតែម្សៅមួយក្ដាប់នៅក្នុងខាប់ និងប្រេងបន្តិចនៅក្នុងថូប៉ុណ្ណោះ។+ ឥឡូវ ខ្ញុំកំពុងរើសអុស ដើម្បីចម្អិនអាហារសម្រាប់ខ្ញុំនិងកូនប្រុសខ្ញុំ។ នេះជាអាហារចុងក្រោយរបស់យើង អស់ពីនេះទៅយើងនឹងស្លាប់ហើយ»។
១៣ ប៉ុន្តែ អេលីយ៉ាបាននិយាយទៅនាងថា៖ «កុំខ្លាចឡើយ។ សូមចូលទៅធ្វើដូចអ្នកប្រាប់ចុះ តែដំបូងសូមធ្វើនំប៉័ងតូចមួយពីម្សៅដែលនៅសល់នោះឲ្យខ្ញុំសិន។ រួចសឹមធ្វើសម្រាប់អ្នកនិងកូនអ្នកចុះ។ ១៤ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ម្សៅក្នុងខាប់នឹងមិនអស់ឡើយ ហើយប្រេងក្នុងថូក៏មិនរលស់ដែរ រហូតដល់ថ្ងៃដែលព្រះយេហូវ៉ាធ្វើឲ្យភ្លៀងធ្លាក់មកលើផែនដី›»។+ ១៥ ដូច្នេះ នាងក៏ចេញទៅ ធ្វើតាមពាក្យដែលអេលីយ៉ាបានប្រាប់ រួចនាងនិងក្រុមគ្រួសារ ព្រមទាំងអេលីយ៉ាបានបរិភោគអស់ជាច្រើនថ្ងៃ។+ ១៦ ម្សៅក្នុងខាប់មិនបានអស់ទេ ហើយប្រេងក្នុងថូក៏មិនបានរលស់ដែរ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអេលីយ៉ាមែន។
១៧ ក្រោយនោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយជាម្ចាស់ផ្ទះ បានធ្លាក់ខ្លួនឈឺ។ ជំងឺរបស់កូននោះធ្ងន់ដល់ម្ល៉េះ បានជាកូននោះស្លាប់ទៅ។+ ១៨ ពេលនោះ នាងបាននិយាយទៅអេលីយ៉ាថា៖ «ឱតំណាងព្រះពិតអើយ! តើអ្នកមានរឿងអ្វីទាស់នឹងខ្ញុំ? តើអ្នកមកទីនេះដើម្បីរំលឹកខ្ញុំអំពីទោសកំហុសរបស់ខ្ញុំ ព្រមទាំងធ្វើឲ្យកូនរបស់ខ្ញុំស្លាប់ឬ?»។+ ១៩ អេលីយ៉ាបាននិយាយថា៖ «សូមប្រគល់កូនអ្នកមកខ្ញុំ»។ រួចគាត់ទទួលកូននោះពីដៃរបស់នាង ហើយបីកូននោះឡើងទៅបន្ទប់ដែលគាត់ស្នាក់នៅខាងលើ រួចផ្ដេកកូននោះទៅលើគ្រែរបស់គាត់។+ ២០ អេលីយ៉ាបានបន្លឺសំឡេងទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ!+ តើលោកក៏នាំទុក្ខដល់ស្ត្រីមេម៉ាយដែលខ្ញុំកំពុងស្នាក់នៅជាមួយ ដោយធ្វើឲ្យកូនប្រុសរបស់នាងស្លាប់ដែរឬ?»។ ២១ បន្ទាប់មក គាត់បានទ្រោបខ្លួនទៅលើកូននោះអស់បីដង ហើយបន្លឺសំឡេងទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! សូមឲ្យកូននេះមានជីវិតវិញផង»។ ២២ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់អេលីយ៉ា។+ រួចមក កូននោះក៏មានជីវិតឡើងវិញ។+ ២៣ អេលីយ៉ាបានបីកូននោះចុះពីបន្ទប់ខាងលើ ហើយប្រគល់គាត់ឲ្យម្ដាយវិញ។ រួចអេលីយ៉ាបាននិយាយថា៖ «មើល! កូនប្រុសរបស់អ្នកមានជីវិតវិញហើយ»។+ ២៤ ភ្លាមនោះ ស្ត្រីមេម៉ាយនោះបាននិយាយទៅអេលីយ៉ាថា៖ «ឥឡូវ ខ្ញុំដឹងថាអ្នកពិតជាតំណាងព្រះមែន+ ហើយប្រសាសន៍របស់ព្រះយេហូវ៉ាដែលអ្នកបានប្រាប់គឺជាការពិតមែន»។