ស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតបានទទួលពរដោយសារជំនឿរបស់នាង
ស្ត្រីមេម៉ាយក្រីក្រម្នាក់ឱបកូនប្រុស ដែលជាកូនតែម្នាក់គត់របស់នាង។ នាងស្ទើរតែមិនជឿអ្វីដែលនាងឃើញ។ មុននេះបន្ដិច នាងបានបីសពកូនប្រុសដោយថ្នមក្នុងរង្វង់ដៃរបស់នាង។ ឥឡូវនេះ ស្ត្រីនោះមើលកូនប្រុសរបស់នាងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនាងញញឹមទាំងរំភើបចិត្តជាខ្លាំង។ ភ្ញៀវរបស់នាងនិយាយថា៖ «មើល កូនអ្នកមានជីវិតរស់»។
ការប្រោសឲ្យរស់ឡើងវិញដែលគួរឲ្យរំភើបចិត្តនោះបានកើតឡើងជិត៣.០០០ឆ្នាំមុន។ អ្នកអាចអានអំពីដំណើររឿងនេះក្នុងសៀវភៅពង្សាវតារក្សត្រទី១ជំពូកទី១៧។ ភ្ញៀវនោះគឺអ្នកប្រកាសទំនាយរបស់ព្រះឈ្មោះអេលីយ៉ា។ ចុះម្ដាយរបស់ក្មេងនោះវិញ? នាងជាស្ត្រីមេម៉ាយម្នាក់ដែលគម្ពីរមិនបានប្រាប់ឈ្មោះ ដែលរស់នៅភូមិសេរ៉ាផាត។ ការប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញគឺជាព្រឹត្ដិការណ៍សំខាន់មួយក្នុងជីវិតរបស់នាង ដែលបានពង្រឹងជំនឿនាង។ ពេលយើងផ្ចង់អារម្មណ៍ទៅលើនាង យើងនឹងរៀននូវមេរៀនខ្លះដ៏សំខាន់។
អេលីយ៉ារកឃើញស្ត្រីមេម៉ាយម្នាក់ដែលមានជំនឿ
ព្រះយេហូវ៉ាបានសម្រេចថានឹងមានគ្រោះរាំងស្ងួតអស់រយៈពេលយ៉ាងយូរនៅក្នុងស្រុកដែលអ័ហាប់ដែលជាស្តេចដ៏អាក្រក់នៅស្រុកអ៊ីស្រាអែលគ្រប់គ្រង។ បន្ទាប់ពីអេលីយ៉ាបានប្រកាសអំពីគ្រោះរាំងស្ងួតនោះ ព្រះបានលាក់គាត់ពីអ័ហាប់ ហើយដោយអព្ភូតហេតុ លោកបានចិញ្ចឹមអ្នកប្រកាសទំនាយនេះដោយនំប៉័ងនិងសាច់ដែលសត្វក្អែកបានពាំយកមក។ ក្រោយមកព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថា៖ «ចូរក្រោកឡើងទៅឯសារិបតាជាទីក្រុងរបស់ពួកស៊ីដូន អាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។—១ព. ១៧:១-៩
ពេលដែលអេលីយ៉ាបានទៅដល់ភូមិសេរ៉ាផាត គាត់បានឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់កំពុងរើសរំកាច់ឈើ។ តើនាងអាចជាស្ត្រីដែលនឹងផ្ដល់អាហារដល់អ្នកប្រកាសទំនាយនេះឬ? ដោយសារនាងក្រីក្រក្រៃលែង តើនាងអាចធ្វើដូច្នេះយ៉ាងដូចម្ដេចបាន? ទោះជាអេលីយ៉ាមានការងឿងឆ្ងល់បែបនេះក៏ដោយ គាត់បានចាប់ផ្ដើមនិយាយជាមួយស្ត្រីនោះ។ គាត់បាននិយាយថា៖ «សូមយកទឹកក្នុងផ្ដិលមកឲ្យខ្ញុំផឹកបន្ដិច»។ ពេលដែលនាងចេញទៅយកទឹកឲ្យគាត់ អេលីយ៉ាបានបន្ថែមថា៖ «សូមយកនំប៉័ងបន្ដិចមកឲ្យខ្ញុំផង»។ (១ព. ១៧:១០, ១១) ចំពោះស្ត្រីមេម៉ាយនេះ ការឲ្យទឹកទៅមនុស្សចម្លែកនោះមិនមែនជាការពិបាកទេ ប៉ុន្តែការឲ្យនំប៉័ងទៅគាត់គឺជាការពិបាក។
នាងបានតបទៅគាត់វិញថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្ដាប់នៅក្នុងខាប់ នឹងប្រេងបន្ដិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះរួចស្លាប់ទៅ»។ (១ព. ១៧:១២) សូមយើងពិចារណាថាការសន្ទនានេះបង្ហាញអំពីអ្វី។
ស្ត្រីមេម៉ាយនេះបានទទួលស្គាល់ថាអេលីយ៉ាជាជនជាតិអ៊ីស្រាអែលម្នាក់ដែលកោតខ្លាចព្រះ។ នេះបង្ហាញឲ្យឃើញច្បាស់តាមរយៈពាក្យសម្ដីរបស់នាង ដែលថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅ»។ តាមមើលទៅនាងមានចំណេះខ្លះអំពីព្រះនៃជនជាតិអ៊ីស្រាអែល ប៉ុន្តែមិនមែនរហូតដល់ហៅព្រះយេហូវ៉ាថាជា«ព្រះរបស់ខ្ញុំ» ពេលនិយាយអំពីលោកឡើយ។ នាងរស់នៅភូមិសេរ៉ាផាត ជាភូមិតូចមួយដែលជា«របស់»ក្រុងស៊ីដូន ឬតាមមើលទៅជាភូមិតូចដែលពឹងផ្អែកលើក្រុងស៊ីដូននៃជនជាតិភេនីស៊ី។ ភូមិសេរ៉ាផាតទំនងជាពោរពេញទៅដោយអ្នកគោរពបូជាព្រះបាល។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានឃើញថាស្ត្រីមេម៉ាយនេះខុសប្លែកពីធម្មតា។
ទោះជាស្ត្រីមេម៉ាយក្រីក្រនៅភូមិសេរ៉ាផាត រស់នៅក្នុងចំណោមមនុស្សដែលគោរពបូជារូបព្រះក៏ដោយ នាងបានបង្ហាញជំនឿ។ ព្រះយេហូវ៉ាបានចាត់អេលីយ៉ាឲ្យទៅជួបនាងដើម្បីជាប្រយោជន៍ដល់នាងផងនិងអ្នកប្រកាសទំនាយនេះផង។ យើងអាចទាញមេរៀនដ៏សំខាន់មួយពីរឿងនេះ។
មិនមែនបណ្ដាជនទាំងអស់នៅភូមិសេរ៉ាផាតដែលគោរពបូជាព្រះបាល ខូចអាក្រក់ឡើយ។ ដោយចាត់អេលីយ៉ាឲ្យទៅជួបស្ត្រីមេម៉ាយនេះ ព្រះយេហូវ៉ាបានបង្ហាញថាលោកបានកត់សម្គាល់នូវបំណងល្អរបស់មនុស្សម្នាក់ៗដែលមិនទាន់ជាអ្នកគោរពប្រណិប័តន៍លោកនៅឡើយ។ មែនហើយ «នៅគ្រប់ជាតិសាសន៍ [ព្រះ]ពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។—សកម្ម. ១០:៣៥
តើមានមនុស្សប៉ុន្មាននាក់នៅតំបន់ផ្សាយរបស់អ្នកដែលដូចស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាតនេះ? ទោះជានៅជុំវិញខ្លួនពួកគេប្រហែលជាមានមនុស្សដែលកាន់សាសនាមិនពិតក៏ដោយ ពួកគេប្រហែលជាចង់បានយ៉ាងខ្លាំងនូវអ្វីដែលប្រសើរជាង។ ពួកគេប្រហែលជាមានចំណេះបន្ដិចបន្តួចឬគ្មានចំណេះអំពីព្រះយេហូវ៉ាសោះ ហើយហេតុនេះពួកគេត្រូវការជំនួយដើម្បីទទួលយកការគោរពប្រណិប័តន៍ពិត។ តើអ្នកកំពុងស្វែងរកមនុស្សបែបនេះ ហើយជួយពួកគេឬទេ?
«សូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន»
សូមពិចារណាឲ្យបានដិតដល់នូវអ្វីដែលអេលីយ៉ាបានសូមស្ត្រីមេម៉ាយនេះឲ្យធ្វើ។ នាងទើបតែបានប្រាប់គាត់ថាក្រោយពីនាងធ្វើនំសម្រាប់ខ្លួននាងនិងកូនប្រុសរបស់នាងម្ដងនេះទៀត ពួកគេនឹងបរិភោគ ហើយពួកគេនឹងស្លាប់។ ប៉ុន្តែ តើអេលីយ៉ាបាននិយាយយ៉ាងណា? គាត់បាននិយាយថា៖ «កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នកនឹងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះថា៖ ‹ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលស់ឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី›»។—១ព. ១៧:១១-១៤
មនុស្សខ្លះប្រហែលជាបាននិយាយតបថា ‹ឲ្យអាហារចុងក្រោយរបស់យើងទៅអ្នក? មិនអាចទៅរួចទេ›។ ប៉ុន្តែស្ត្រីមេម៉ាយនេះមិនបានមានប្រតិកម្មបែបនេះឡើយ។ ទោះជានាងមានចំណេះតិចតួចអំពីព្រះយេហូវ៉ាក៏ដោយ នាងបានជឿអេលីយ៉ា ហើយបានធ្វើតាមអ្វីដែលគាត់បានសុំ។ នេះគឺជាការសាកល្បងជំនឿយ៉ាងខ្លាំង ហើយនាងបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមែន!
ព្រះមិនបានបោះបង់ចោលស្ត្រីមេម៉ាយក្រីក្រនោះទេ។ ដូចអេលីយ៉ាបានសន្យា ព្រះយេហូវ៉ាបានធ្វើឲ្យម្សៅនិងប្រេងបន្ដិចបន្តួចនោះកើនច្រើនឡើង ដើម្បីចិញ្ចឹមជីវិតអេលីយ៉ា ស្ត្រីមេម៉ាយនិងកូនប្រុសរបស់នាងរហូតដល់ផុតគ្រោះរាំងស្ងួត។ មែនហើយ «ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលស់ឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា»។ (១ព. ១៧:១៦; ១៨:១) ប្រសិនបើស្ត្រីនោះបានប្រព្រឹត្តខុសពីនេះ នំប៉័ងតូចមួយដែលនាងធ្វើពីម្សៅនិងប្រេងបន្ដិចបន្តួចនោះនឹងប្រហែលជាអាហារចុងក្រោយរបស់នាង។ ផ្ទុយទៅវិញ នាងបានប្រព្រឹត្តដោយមានជំនឿ បានទុកចិត្តលើព្រះយេហូវ៉ា ហើយបានឲ្យអាហារទៅអេលីយ៉ាបរិភោគជាមុន។
មេរៀនមួយដែលយើងអាចរៀនពីរឿងនេះគឺថា ព្រះយេហូវ៉ាឲ្យពរចំពោះពួកអ្នកដែលបង្ហាញជំនឿលើលោក។ ពេលអ្នកជួបនឹងការល្បងលចំពោះចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នក ហើយអ្នកបង្ហាញជំនឿ នោះព្រះយេហូវ៉ានឹងជួយអ្នក។ លោកនឹងធ្វើជាអ្នកផ្គត់ផ្គង់ អ្នកការពារ និងជាមិត្តភក្ដិម្នាក់ ដើម្បីជួយអ្នកឲ្យអាចស៊ូទ្រាំនឹងទុក្ខលំបាករបស់អ្នក។—និក្ខ. ៣:១៣-១៥
នៅឆ្នាំ១៨៩៨ ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនជាភាសាអង់គ្លេស បានទាញយកមេរៀននេះពីរឿងរបស់ស្ត្រីមេម៉ាយនេះថា៖ «ប្រសិនបើស្ត្រីនេះមានជំនឿគ្រប់គ្រាន់ដែលជំរុញឲ្យនាងស្ដាប់បង្គាប់ព្រះ នោះនាងសមនឹងទទួលជំនួយពីលោកម្ចាស់តាមរយៈអ្នកប្រកាសទំនាយនេះ ប្រសិនបើនាងមិនបានបង្ហាញជំនឿទេ នោះអ្នកប្រកាសទំនាយនេះប្រហែលជាអាចរកឃើញស្ត្រីមេម៉ាយផ្សេងទៀតដែលអាចធ្វើដូច្នេះបាន។ ស្រដៀងគ្នាដែរ លោកម្ចាស់នឹងសាកល្បងជំនឿរបស់យើង នៅដំណាក់កាលផ្សេងៗក្នុងជីវិតរបស់យើង។ ប្រសិនបើយើងបង្ហាញជំនឿ យើងនឹងទទួលពរ ប៉ុន្តែប្រសិនបើយើងមិនធ្វើដូច្នេះទេ នោះយើងនឹងបាត់បង់ពរទាំងនោះ»។
ពេលយើងជួបទុក្ខលំបាកណាមួយ យើងត្រូវស្វែងរកការណែនាំពីព្រះ តាមរយៈបទគម្ពីរនិងសៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ។ បន្ទាប់មកយើងត្រូវប្រព្រឹត្តស្របតាមការណែនាំពីព្រះយេហូវ៉ា ទោះជាយើងពិបាកទទួលការណែនាំនោះយ៉ាងណាក៏ដោយ។ យើងពិតជានឹងទទួលពរពីព្រះ ប្រសិនបើយើងប្រព្រឹត្តស្របតាមសុភាសិតដ៏ល្អនេះដែលចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភ. ៣:៥, ៦
តើ‹លោកបានមកឯណេះ ដើម្បីសំឡាប់កូនខ្ញុំឬ?›
ជំនឿរបស់ស្ត្រីមេម៉ាយនេះហៀបនឹងត្រូវល្បងលម្ដងទៀតហើយ។ កំណត់ហេតុក្នុងគម្ពីររៀបរាប់ថា៖ «ក្រោយនោះមក . . . កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម្ល៉េះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ»។ ដោយចង់ដឹងមូលហេតុដែលបណ្ដាលឲ្យរឿងខ្លោចផ្សានេះកើតឡើង ស្ត្រីមេម៉ាយដែលកើតទុក្ខយ៉ាងខ្លាំងនេះបាននិយាយទៅអេលីយ៉ាថា៖ «ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា? លោកបានមកឯណេះដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ?»។ (១ព. ១៧:១៧, ១៨) តើសម្ដីល្វីងជូរចត់ទាំងនោះមានន័យយ៉ាងណា?
តើស្ត្រីនេះបាននឹកចាំពីអំពើខុសឆ្គងដែលបានធ្វើទុក្ខដល់សមត្ថភាពវិនិច្ឆ័យរបស់នាងឬ? តើនាងបានគិតថាព្រះសងសឹកនាងដោយធ្វើឲ្យកូនប្រុសរបស់នាងស្លាប់ ហើយគិតថាអេលីយ៉ាជាអ្នកនាំសាររបស់ព្រះអំពីសេចក្ដីស្លាប់ឬ? គម្ពីរមិនបានប្រាប់យើងអំពីរឿងនេះទេ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ថា ស្ត្រីមេម៉ាយនេះមិនបានចោទប្រកាន់ថាព្រះបានប្រព្រឹត្តអំពើទុច្ចរិតណាមួយឡើយ។
អេលីយ៉ាច្បាស់ជាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការស្លាប់នៃកូនប្រុសរបស់ស្ត្រីមេម៉ាយនេះ និងដោយសារស្ត្រីនេះបានគិតថា វត្តមានរបស់គាត់នៅទីនោះនាំឲ្យនាងត្រូវព្រាត់ប្រាសពីកូនប្រុសរបស់នាង។ ក្រោយពីបានបីសពដ៏ទន់របស់ក្មេងប្រុសនោះទៅបន្ទប់ខាងលើ អេលីយ៉ាបានស្រែកឡើងថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសំឡាប់កូននាងដែរឬ?»។ អ្នកប្រកាសទំនាយនេះមិនចង់ឲ្យមានការដៀលត្មះដល់នាមរបស់ព្រះឡើយ ប្រសិនបើលោកអនុញ្ញាតឲ្យស្ត្រីដ៏សប្បុរសនេះដែលបានទទួលគាត់ដោយរាក់ទាក់ រងទុក្ខតទៅទៀត។ ដូច្នេះអេលីយ៉ាបានអង្វរសុំព្រះថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ»។—១ព. ១៧:២០, ២១
«មើល កូនអ្នកមានជីវិតរស់»
ព្រះយេហូវ៉ាបានឮពាក្យអង្វរនោះ។ ស្ត្រីមេម៉ាយនេះបានផ្គត់ផ្គង់អ្នកប្រកាសទំនាយរបស់លោក ហើយបានបង្ហាញជំនឿ។ តាមមើលទៅព្រះបានអនុញ្ញាតឲ្យក្មេងប្រុសនេះស្លាប់ដោយសារជំងឺរបស់គាត់ ដោយជ្រាបថាលោកនឹងប្រោសក្មេងនោះឲ្យរស់ឡើងវិញ ហើយនេះនឹងផ្ដល់សេចក្ដីសង្ឃឹមឲ្យមនុស្សជំនាន់ក្រោយ។ ការប្រោសឲ្យរស់ឡើងវិញនេះគឺជាការប្រោសឲ្យរស់ឡើងវិញលើកទី១ ដែលបានកត់ទុកក្នុងគម្ពីរ។ ពេលដែលអេលីយ៉ាបានអង្វរព្រះយេហូវ៉ា នោះលោកបានធ្វើឲ្យក្មេងប្រុសនោះរស់ឡើងវិញ។ សូមស្រមៃគិតថាស្ត្រីមេម៉ាយនេះសប្បាយរីករាយខ្លាំងយ៉ាងណា ពេលដែលអេលីយ៉ាបាននិយាយថា៖ «មើល កូនអ្នកមានជីវិតរស់»! បន្ទាប់មកស្ត្រីមេម៉ាយនេះបានប្រាប់អេលីយ៉ាថា៖ «ឥឡូវនេះខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោកនោះជាសេចក្ដីពិតមែន»។—១ព. ១៧:២២-២៤
កំណត់ហេតុនៅពង្សាវតារក្សត្រទី១ជំពូកទី១៧មិនបានរៀបរាប់ថែមទៀតអំពីស្ត្រីនេះទេ។ ប៉ុន្តែ ដោយសារលោកយេស៊ូនិយាយល្អអំពីនាង នោះនាងប្រហែលជាបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់រហូតដល់ពេលនាងស្លាប់។ (លូក. ៤:២៥, ២៦) រឿងរបស់នាងបង្រៀនយើងថា ព្រះឲ្យពរដល់ពួកអ្នកដែលប្រព្រឹត្តល្អដល់អ្នកបម្រើលោក។ (ម៉ាថ. ២៥:៣៤-៤០) រឿងនេះបង្ហាញថាព្រះផ្គត់ផ្គង់ពួកអ្នកដែលស្មោះត្រង់នឹងលោក ទោះជាពួកគេស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក្ដី។ (ម៉ាថ. ៦:២៥-៣៤) កំណត់ហេតុនេះក៏ផ្ដល់ភ័ស្តុតាងដែលបង្ហាញដែរថា ព្រះយេហូវ៉ាមានបំណងនិងមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (សកម្ម. ២៤:១៥) អ្វីទាំងនេះប្រាកដជាមូលហេតុដ៏ប្រសើរបំផុតដើម្បីឲ្យយើងនឹកចាំអំពីស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាត។