អេសាយ
៩ ប៉ុន្តែ ភាពងងឹតសូន្យសុងក្នុងស្រុកនោះនឹងមិនដូចភាពងងឹតសូន្យសុងនៅគ្រាមុនទេ គឺនៅពេលដែលទឹកដីសេប៊ូឡូននិងទឹកដីណែបថាលីបានជួបទុក្ខវេទនា ហើយត្រូវគេមើលងាយ។+ ប៉ុន្តែ ក្រោយមក លោកនឹងធ្វើឲ្យស្រុកនោះទទួលការលើកតម្កើង គឺជាស្រុកនៅតាមផ្លូវទៅឯសមុទ្រ ក្នុងតំបន់ទន្លេយ៉ូដាន់ ហើយជាស្រុកកាលីឡេនៃជនជាតិដទៃ។
២ ពួកអ្នកដែលដើរក្នុងទីងងឹត បានឃើញពន្លឺចិញ្ចាចចិញ្ចែង។
ឯពួកអ្នកដែលរស់នៅក្នុងស្រុកដែលមានភាពងងឹតសូន្យសុង
ពន្លឺបានចាំងទៅលើពួកគេ។+
៣ លោកបានធ្វើឲ្យប្រជាជាតិនេះមានចំនួនច្រើន
លោកបានធ្វើឲ្យពួកគេមានអំណរក្រៃលែង។
ពួកគេសប្បាយរីករាយនៅចំពោះលោក
ដូចជាអរសប្បាយនៅរដូវប្រមូលផល
ដូចជាត្រេកអរនៅពេលចែកជ័យភណ្ឌ។
៤ ព្រោះលោកបានបំបាក់នឹមដ៏ធ្ងន់របស់ពួកគេឲ្យខ្ទេចខ្ទី
ព្រមទាំងបំបាក់ដងរែកនៅលើស្មាពួកគេ និងកម្ទេចដំបងរបស់ពួកអ្នកដែលត្រួតត្រាពួកគេដូចនៅគ្រាម៉ាឌានដែរ។+
៥ ស្បែកជើងដែលគេពាក់ដើរហែជាក្បួននាំឲ្យដីញ័រ
និងសម្លៀកបំពាក់ទាំងអស់ដែលជោកជាំដោយឈាម
នោះនឹងត្រូវដុតបំផ្លាញចោល។
៦ ព្រោះមានកូនមួយបានកើតមកដល់យើង+
គឺកូនប្រុសមួយបានត្រូវប្រគល់មកឲ្យយើងហើយ
អំណាចគ្រប់គ្រងនឹងនៅលើស្មាគាត់។+
គាត់នឹងត្រូវហៅថាទីប្រឹក្សាដ៏អស្ចារ្យ+ ព្រះដ៏ខ្លាំងក្លា+ បិតាជារៀងរហូតនិងម្ចាស់នៃសេចក្ដីសុខសាន្ត។*
៧ ចាប់ពីពេលនោះទៅ អំណាចគ្រប់គ្រងរបស់គាត់នឹងថ្កុំថ្កើងជារៀងរហូត
ហើយនៅលើបល្ល័ង្កដាវីឌ+និងរាជាណាចក្ររបស់គាត់
នឹងមានសេចក្ដីសុខសាន្តជានិច្ច។+
ដោយចិត្តខ្នះខ្នែង ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងធ្វើឲ្យរឿងនេះកើតឡើង។
៨ ព្រះយេហូវ៉ាបានផ្ញើពាក្យមកទាស់នឹងយ៉ាកុប
ប្រសាសន៍របស់លោកបានប្រឆាំងនឹងអ៊ីស្រាអែលហើយ។+
៩ មនុស្សទាំងអស់នឹងដឹងដំណឹងនេះ
គឺពួកអេប្រាអ៊ីមនិងពួកអ្នកស្រុកសាម៉ារី
ដែលនិយាយដោយក្រអឺតក្រទមនិងព្រហើនថា៖
១០ «ផ្ទះធ្វើពីឥដ្ឋបានបាក់បែក តែយើងនឹងប្រើថ្មដាប់ដើម្បីសង់ឡើងវិញ។+
១១ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវរបស់រេសិន មកច្បាំងនឹងគាត់
លោកនឹងជំរុញចិត្តពួកសត្រូវរបស់គាត់ឲ្យមកវាយប្រហារ
១២ គឺពួកស៊ីរីមកពីភាគខាងកើត និងពួកភីលីស្ទីនមកពីភាគខាងលិច+
ពួកគេនឹងបើកមាត់យ៉ាងធំ ដើម្បីលេបត្របាក់អ៊ីស្រាអែល។+
ម្ល៉ោះហើយ កំហឹងរបស់លោកមិនទាន់ស្ងប់ទេ
ហើយលោកនៅតែលើកដៃវាយប្រហារពួកគេដដែល។+
១៣ ព្រោះបណ្ដាជនមិនបានវិលមករកព្រះដែលបានវាយពួកគេទេ
ពួកគេមិនបានស្វែងរកព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ឡើយ។+
១៤ ព្រះយេហូវ៉ានឹងកាត់ចេញទាំងក្បាលទាំងកន្ទុយ ទាំងស្លឹកទាំងពន្លក*ពីអ៊ីស្រាអែល គឺក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ។+
១៥ ក្បាលគឺជាពួកបុរសចាស់ទុំនិងពួកអ្នកដែលមានកិត្តិយស
កន្ទុយគឺជាពួកអ្នកប្រកាសទំនាយដែលឲ្យការណែនាំមិនពិត។+
១៦ ពួកអ្នកដឹកនាំកំពុងនាំបណ្ដាជននេះឲ្យវង្វេងផ្លូវហើយ
ឯពួកអ្នកដែលតាមពួកគេ ក៏ច្របូកច្របល់ដែរ។
១៧ ហេតុនេះ ព្រះយេហូវ៉ានឹងមិនពេញចិត្តនឹងពួកបុរសវ័យក្មេងរបស់ពួកគេទេ
ហើយលោកក៏មិនបង្ហាញសេចក្ដីមេត្តាករុណាចំពោះកូនកំព្រានិងស្ត្រីមេម៉ាយក្នុងចំណោមពួកគេដែរ
ព្រោះមាត់ពួកគេចេះតែនិយាយអ្វីដែលឥតបានការ
ហើយពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកក្បត់ជំនឿនិងជាជនទុច្ចរិត។+
ម្ល៉ោះហើយ កំហឹងរបស់លោកនៅតែមិនទាន់ស្ងប់
ហើយលោកនៅតែលើកដៃវាយប្រហារពួកគេតទៅទៀត។+
១៨ ព្រោះអំពើទុច្ចរិតរបស់ពួកគេប្រៀបដូចជាភ្លើង
ឆាបឆេះគុម្ពបន្លានិងស្មៅចង្រៃ ថែមទាំងឆេះព្រៃស្ដុកយ៉ាងសន្ធោសន្ធៅ
ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។
១៩ ដោយសារកំហឹងរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌
ស្រុកទាំងមូលបានត្រូវដុតកម្ទេចចោល
ហើយបណ្ដាជននឹងក្លាយទៅជាចំណីភ្លើង។
សូម្បីតែបងប្អូនខ្លួន ក៏ពួកគេនឹងមិនអាសូរដែរ។
២០ នៅខាងស្ដាំ បុគ្គលម្នាក់នឹងកាត់សាច់យកមកបរិភោគ តែគាត់នៅតែឃ្លាន
នៅខាងឆ្វេង បុគ្គលម្នាក់នឹងបរិភោគ តែគាត់នៅតែមិនឆ្អែតដដែល។
ពួកគេម្នាក់ៗនឹងត្របាក់សាច់ដៃរបស់ខ្លួន
២១ គឺម៉ាណាសេនឹងលេបត្របាក់អេប្រាអ៊ីម
ហើយអេប្រាអ៊ីមនឹងលេបត្របាក់ម៉ាណាសេ។
ពួកគេទាំងពីរនឹងពួតដៃគ្នាច្បាំងនឹងយូដា។+
ម្ល៉ោះហើយ កំហឹងរបស់លោកនៅតែមិនទាន់ស្ងប់
ហើយលោកនៅតែលើកដៃវាយប្រហារពួកគេតទៅទៀត។+