ជំពូកទី៦៧
«មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»
ពួកអាជ្ញាធរបានត្រូវចាត់ឲ្យទៅចាប់លោកយេស៊ូ
នីកូដេមនិយាយការពារលោកយេស៊ូ
នៅក្រុងយេរូសាឡិម លោកយេស៊ូកំពុងចូលរួមបុណ្យរោង (ឬបុណ្យខ្ទម) នៅឡើយ។ លោកពេញចិត្តណាស់ដែល«មនុស្សជាច្រើនក្នុងចំណោមបណ្ដាជនចាប់ផ្ដើមជឿលើលោក»។ ក៏ប៉ុន្តែ អ្នកដឹកនាំសាសនាមិនពេញចិត្តនឹងរឿងនោះទេ។ ដូច្នេះ ពួកគេបានចាត់ពួកអាជ្ញាធរឲ្យទៅចាប់លោកយេស៊ូ។ (យ៉ូហាន ៧:៣១, ៣២) ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមិនបានព្យាយាមលាក់ខ្លួនឡើយ។
ផ្ទុយទៅវិញ លោកយេស៊ូបន្តបង្រៀនជាសាធារណៈក្នុងក្រុងយេរូសាឡិម ដោយមានប្រសាសន៍ថា៖ «ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាបន្ដិចទៀត មុនខ្ញុំទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមកមិនបានទេ»។ (យ៉ូហាន ៧:៣៣, ៣៤) ប៉ុន្តែ ជនជាតិយូដាមិនយល់ប្រសាសន៍របស់លោកយេស៊ូទេ ហេតុនេះពួកគេនិយាយគ្នាថា៖ «តើបុរសនេះបម្រុងនឹងទៅកន្លែងណាបានជាគាត់និយាយថា យើងនឹងរកគាត់មិនឃើញឡើយ? តើគាត់បម្រុងនឹងទៅឯជនជាតិយូដាដែលនៅខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិច ហើយបង្រៀនជនជាតិក្រិចដែរឬ? តើមានន័យដូចម្ដេចពេលគាត់និយាយថា៖ ‹អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមកមិនបានទេ›?»។ (យ៉ូហាន ៧:៣៥, ៣៦) ក៏ប៉ុន្តែ លោកយេស៊ូកំពុងមានប្រសាសន៍អំពីសេចក្ដីស្លាប់របស់លោក និងការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌។ ដូច្នេះ សត្រូវរបស់លោកមិនអាចចាប់លោកបានឡើយ។
ឥឡូវ ជាថ្ងៃទី៧នៃបុណ្យរោង។ ជាធម្មតា រៀងរាល់ព្រឹកនៃពិធីបុណ្យនោះ សង្ឃម្នាក់យកទឹកពីអាងស៊ីឡូម មកចាក់បង្ហូរទៅខាងក្រោមទីបូជាក្នុងវិហារ។ លោកយេស៊ូទំនងជាចង់រំលឹកបណ្ដាជនអំពីទំនៀមទម្លាប់នេះ ពេលលោកស្រែកឡើងថា៖ «ប្រសិនបើមានអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំហើយផឹកចុះ។ បើអ្នកណាជឿលើខ្ញុំ នោះ‹ទឹកដែលផ្ដល់ជីវិតនឹងហូរចេញពីក្នុងខ្លួនអ្នកនោះ›ដូចបទគម្ពីរបានចែង»។—យ៉ូហាន ៧:៣៧, ៣៨
លោកយេស៊ូកំពុងសំដៅទៅលើអ្វីដែលនឹងកើតឡើងពេលអ្នកកាន់តាមលោកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ហើយបានត្រូវហៅឲ្យទទួលជីវិតនៅស្ថានសួគ៌។ ការរើសតាំងនឹងកើតឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ក្រោយមរណៈភាពរបស់លោកយេស៊ូ។ នៅថ្ងៃនោះអ្នកកាន់តាមដែលបានត្រូវរើសតាំង នឹងចាប់ផ្ដើមផ្សាយសេចក្ដីពិតដល់អ្នកឯទៀត ហើយនៅពេលនោះទឹកដែលផ្ដល់ជីវិតនឹងចាប់ផ្ដើមហូរចេញ។
ដូច្នេះ អ្នកខ្លះក្នុងបណ្ដាជនដែលបានឮពាក្យទាំងនេះ ក៏ចាប់ផ្ដើមនិយាយថា៖ «បុរសនេះប្រាកដជាអ្នកប្រកាសទំនាយដែលបានត្រូវទាយទុក»។ នេះច្បាស់ជាសំដៅទៅលើអ្នកប្រកាសទំនាយដែលប្រសើរជាងម៉ូសេ ដែលបានត្រូវប្រកាសទុកជាមុនថានឹងមក។ អ្នកខ្លះទៀតបាននិយាយថា៖ «បុរសនេះជាគ្រិស្ត»។ ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ «គ្រិស្តមិនមែនចេញមកពីស្រុកកាលីឡេទេ មែនទេ? តើបទគម្ពីរមិនចែងទេឬថា គ្រិស្តនឹងមកពីកូនចៅរបស់ដាវីឌ ហើយពីភូមិបេថ្លេហិម ជាភូមិដែលដាវីឌធ្លាប់នៅ?»។—យ៉ូហាន ៧:៤០-៤២
ហេតុនេះ បណ្ដាជនបានបែកបាក់គ្នាដោយសារលោក។ ប៉ុន្តែពួកគេខ្លះចង់ចាប់លោកយេស៊ូ តែគ្មានអ្នកណាហ៊ានពាល់លោកឡើយ។ ពេលពួកអាជ្ញាធរត្រឡប់ទៅវិញ ដោយមិនបាននាំលោកយេស៊ូទៅជាមួយ នោះពួកសង្ឃនាយកនិងពួកផារិស៊ីសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិននាំខ្លួនគាត់មក?»។ ពួកអាជ្ញាធរតបឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ពួកអ្នកដឹកនាំសាសនាខឹងយ៉ាងខ្លាំង ហើយចាប់ផ្ដើមនិយាយចំអកនិងមើលងាយពួកគេថា៖ «តើអ្នករាល់គ្នាបានត្រូវបំភាន់ដែរឬ? តើមានអ្នកគ្រប់គ្រងឬផារិស៊ីណាម្នាក់ជឿលើគាត់ទេ? ប៉ុន្តែបណ្ដាជននេះដែលមិនស្គាល់ច្បាប់ ជាពួកមនុស្សដែលត្រូវបណ្ដាសា»។—យ៉ូហាន ៧:៤៥-៤៩
ពេលឮដូច្នេះ នីកូដេមដែលជាផារិស៊ីម្នាក់និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ ហ៊ាននិយាយការពារលោកយេស៊ូ។ ហេតុអ្វី? ពីព្រោះប្រហែលជាជាងពីរឆ្នាំកន្លះមុន នីកូដេមបានមកជួបលោកយេស៊ូនៅពេលយប់ ហើយបានបង្ហាញជំនឿលើលោក។ ឥឡូវនេះ នីកូដេមនិយាយថា៖ «ច្បាប់របស់យើងមិនវិនិច្ឆ័យអ្នកណា ទាល់តែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាគាត់កំពុងធ្វើអ្វី មែនទេ?»។ តើពួកអ្នកដឹកនាំសាសនានិយាយការពារខ្លួនយ៉ាងដូចម្ដេច? ពួកគេតបថា៖ «តើអ្នកមកពីស្រុកកាលីឡេដែរឬ? ចូរពិនិត្យមើលបទគម្ពីរទៅ ហើយអ្នកនឹងឃើញថាគ្មានអ្នកប្រកាសទំនាយណាម្នាក់ចេញពីស្រុកកាលីឡេមកទេ»។—យ៉ូហាន ៧:៥១, ៥២
បទគម្ពីរមិនបានចែងចំៗថាអ្នកប្រកាសទំនាយនឹងមកពីស្រុកកាលីឡេទេ។ ក៏ប៉ុន្តែ បណ្ដាំរបស់ព្រះពិតជាបញ្ជាក់ថាគ្រិស្តនឹងចេញមកពីស្រុកនោះមែន ពីព្រោះទំនាយមួយចែងថា«ពន្លឺយ៉ាងធំ»នឹងត្រូវគេឃើញក្នុង«ខេត្តកាលីឡេរបស់សាសន៍ដទៃ»។ (អេសាយ ៩:១, ២; ម៉ាថាយ ៤:១៣-១៧) បន្ថែមទៀត លោកយេស៊ូបានកើតមកក្នុងភូមិបេថ្លេហិមដូចបានប្រកាសទុកជាមុនមែន ហើយលោកគឺជាកូនចៅរបស់ដាវីឌ។ ទោះបីជាពួកផារិស៊ីទំនងជាបានដឹងអំពីរឿងទាំងនេះក៏ដោយ ក៏ពួកគេមិននិយាយការពិតដែរ ផ្ទុយទៅវិញ ពួកគេប្រហែលជាអ្នកដែលនាំឲ្យបណ្ដាជនយល់ច្រឡំអំពីលោកយេស៊ូ ដោយផ្សាយព័ត៌មានមិនពិតជាច្រើន។