អេសាយ
៣៦ នៅឆ្នាំទី១៤នៃរាជ្យហេសេគា សានហេរីបស្ដេចស្រុកអាស៊ីរី+ឡើងទៅច្បាំងដណ្ដើមយកបានក្រុងទាំងអស់ដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា។+ ២ បន្ទាប់មក ស្ដេចស្រុកអាស៊ីរីក៏បានចាត់រ៉ាបសាកេ*+ ឲ្យនាំទ័ពយ៉ាងច្រើនពីក្រុងឡាគីស+ ទៅជួបស្ដេចហេសេគានៅក្រុងយេរូសាឡិម។ ពេលទៅដល់ ពួកគេឈរនៅក្បែរប្រឡាយចេញពីអាងទឹកខាងលើ+ ដែលនៅតាមផ្លូវទៅវាលអ្នកបោកគក់។+ ៣ រួចមក អេលាគីម+ជាកូនហ៊ីលគីយ៉ាដែលមើលការខុសត្រូវក្នុងវិមានស្ដេច សេបណា+ជាលេខាធិការ និងយ៉ូអាជាកូនអេសាភដែលជាអ្នកកត់ត្រា បានចេញមកជួបគាត់។
៤ ដូច្នេះ រ៉ាបសាកេក៏និយាយទៅកាន់ពួកគេថា៖ «ចូរទៅប្រាប់ហេសេគាថា៖ ‹ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លាបានមានប្រសាសន៍ដូច្នេះថា៖ «តើអ្នកឯងអាងលើអ្វី?+ ៥ អ្នកឯងនិយាយថា៖ ‹ខ្ញុំមានយុទ្ធសាស្ត្រនិងកម្លាំងទ័ពគ្រប់គ្រាន់ ដើម្បីធ្វើចម្បាំង›។ ប៉ុន្តែ ពាក្យទាំងនេះសុទ្ធតែឥតបានការទេ។ តើអ្នកឯងទុកចិត្តលើអ្នកណា បានជាហ៊ានបះបោរប្រឆាំងដូច្នេះ?+ ៦ អ្នកឯងទុកចិត្តលើស្រុកអេហ្ស៊ីបដែលប្រៀបដូចជាដើមត្រែងដែលបាក់ មែនទេ? អស់អ្នកដែលទុកចិត្តលើផារ៉ូស្ដេចស្រុកអេហ្ស៊ីប គឺដូចជាច្រត់ដៃលើដើមត្រែងបាក់ ដែលនាំឲ្យមុតធ្លុះដៃប៉ុណ្ណោះ។ ផារ៉ូស្ដេចស្រុកអេហ្ស៊ីបគឺដូចនេះឯងដល់អស់អ្នកដែលទុកចិត្តលើគាត់។+ ៧ បើអ្នករាល់គ្នានិយាយមកកាន់ខ្ញុំថា៖ ‹យើងទុកចិត្តទៅលើព្រះយេហូវ៉ាជាព្រះរបស់យើង› តើឲ្យទុកចិត្តម្ដេចបាន? ព្រោះហេសេគាបានបំផ្លាញទីបូជានិងទីខ្ពស់ពិសិដ្ឋរបស់ព្រះ+ រួចនិយាយទៅកាន់បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមថា៖ ‹ចូរអ្នករាល់គ្នាមកក្រាបគោរពនៅចំពោះទីបូជានេះ នៅក្រុងយេរូសាឡិមវិញ›»›។+ ៨ ឥឡូវសាកល្បងភ្នាល់នឹងស្ដេចស្រុកអាស៊ីរី+ជាម្ចាស់របស់ខ្ញុំមើល ខ្ញុំនឹងឲ្យសេះ២.០០០ក្បាលដល់អ្នកឯង ចាំមើលថាអ្នកឯងអាចរកអ្នកជិះបានឬយ៉ាងណា។ ៩ ទោះជាអ្នកឯងពឹងទ័ពសេះនិងទ័ពរទេះចម្បាំងរបស់ពួកអេហ្ស៊ីបក្ដី តើអ្នកឯងអាចច្បាំងឈ្នះអភិបាលតូចតាចបំផុតរបស់ម្ចាស់ខ្ញុំបានទេ? ១០ តើមិនមែនព្រះយេហូវ៉ាទេឬ ដែលបានបង្គាប់ខ្ញុំឲ្យមកច្បាំងបំផ្លាញក្រុងនេះ? ព្រះយេហូវ៉ាផ្ទាល់បាននិយាយមកកាន់ខ្ញុំថា៖ ‹ចូរឡើងទៅច្បាំងហើយបំផ្លាញក្រុងនោះចោលទៅ›»។
១១ ខណៈនោះ អេលាគីម សេបណា+ និងយ៉ូអា ក៏និយាយទៅកាន់រ៉ាបសាកេថា៖+ «សូមលោកនិយាយមកកាន់យើងខ្ញុំជាភាសាអេរ៉ាម*ចុះ+ ព្រោះយើងខ្ញុំអាចយល់បាន។ សូមកុំនិយាយជាភាសារបស់ពួកយើងអី ក្រែងបណ្ដាជននៅលើកំពែងក្រុងស្ដាប់បាន»។+ ១២ ប៉ុន្តែ រ៉ាបសាកេតបទៅវិញថា៖ «តើម្ចាស់ខ្ញុំបានចាត់ខ្ញុំឲ្យមកនិយាយតែជាមួយនឹងម្ចាស់ឯងនិងពួកឯងប៉ុណ្ណោះឬ? គឺឲ្យពួកអ្នកនៅលើកំពែងក្រុងស្ដាប់ឮដែរទេតើ ព្រោះពួកគេនឹងស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួនជាមួយនឹងពួកឯងដែរ»។
១៣ បន្ទាប់មក រ៉ាបសាកេក៏ឈរបន្លឺសំឡេងខ្លាំងៗជាភាសារបស់ជនជាតិយូដា+ថា៖ «ចូរស្ដាប់ប្រសាសន៍របស់ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លា។+ ១៤ លោកមានប្រសាសន៍ដូច្នេះថា៖ ‹កុំចាញ់បញ្ឆោតហេសេគាឲ្យសោះ ព្រោះគាត់មិនអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំបានឡើយ។+ ១៥ កុំជឿតាមហេសេគា ទៅទុកចិត្តព្រះយេហូវ៉ា+ ដោយសារតែគាត់និយាយថា៖ «ព្រះយេហូវ៉ាច្បាស់ជាសង្គ្រោះយើងមិនខាន ហើយក្រុងនេះនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីនោះទេ»។ ១៦ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះស្ដេចស្រុកអាស៊ីរីបានមានប្រសាសន៍ដូច្នេះថា៖ «ចូរព្រមចុះចូលនឹងខ្ញុំទៅ អ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរនិងផ្លែល្វាពីចម្ការរបស់ខ្លួន ហើយគ្រប់គ្នានឹងផឹកទឹកពីអណ្ដូងរបស់ខ្លួន ១៧ រហូតដល់ខ្ញុំនាំអ្នករាល់គ្នាទៅនៅស្រុកមួយដូចស្រុកអ្នករាល់គ្នាដែរ+ គឺស្រុកដែលពោរពេញទៅដោយស្រូវ ស្រាថ្មី* នំប៉័ង និងចម្ការទំពាំងបាយជូរ។ ១៨ កុំស្ដាប់ហេសេគាឲ្យសោះ ព្រោះគាត់បញ្ឆោតអ្នករាល់គ្នាទេ ដោយនិយាយថា៖ ‹ព្រះយេហូវ៉ានឹងសង្គ្រោះយើងរាល់គ្នា›។ ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីបានទេ មែនទេ?+ ១៩ ចុះព្រះនៃក្រុងហាម៉ាត ក្រុងអើផាត+ និងព្រះនៃក្រុងសេផាវែម+ តើព្រះទាំងនោះបានសង្គ្រោះស្រុកសាម៉ារីពីកណ្ដាប់ដៃរបស់ខ្ញុំឬ?+ ២០ បើបណ្ដាព្រះទាំងនោះមិនអាចសង្គ្រោះទឹកដីរបស់ពួកគេពីកណ្ដាប់ខ្ញុំបានទៅហើយ ចុះទម្រាំព្រះយេហូវ៉ា តើនឹងអាចសង្គ្រោះក្រុងយេរូសាឡិមពីកណ្ដាប់ដៃខ្ញុំម្ដេចបាន?»›»។+
២១ ប៉ុន្តែ ពួកគេបាននៅស្ងៀម មិននិយាយអ្វីសោះ ព្រោះស្ដេចបានបង្គាប់ថា៖ «អ្នករាល់គ្នាមិនត្រូវតបឆ្លើយឡើយ»។+ ២២ ឯអេលាគីមជាកូនហ៊ីលគីយ៉ាដែលមើលការខុសត្រូវក្នុងវិមានស្ដេច សេបណា+ជាលេខាធិការ និងយ៉ូអាជាកូនអេសាភដែលជាអ្នកកត់ត្រា ពួកគេបានចូលទៅជួបហេសេគា ទាំងអាវរហែក ហើយជម្រាបគាត់តាមពាក្យសម្ដីទាំងអស់របស់រ៉ាបសាកេ។