អ្នកសម្រេចក្ដី
៤ ក្រោយពីអ៊ីហឺតទទួលមរណភាព ជនជាតិអ៊ីស្រាអែលក៏ប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ២ ម្ល៉ោះហើយ ព្រះយេហូវ៉ាប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់យ៉ាប៊ីនជាស្ដេចស្រុកកាណាន+ ដែលគ្រប់គ្រងនៅក្រុងហាសោ។ គាត់មានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលរស់នៅហារ៉ូសែតហាកូអ៊ីម។*+ ៣ យ៉ាប៊ីនមានរទេះចម្បាំងចំនួន៩០០គ្រឿងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ។+ គាត់បានសង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងព្រៃផ្សៃ+ អស់រយៈពេល២០ឆ្នាំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលស្រែកអង្វរសុំព្រះយេហូវ៉ាឲ្យជួយ។+
៤ នៅគ្រានោះ មានស្ត្រីម្នាក់ឈ្មោះដេបូរ៉ា ជាអ្នកប្រកាសទំនាយ+ និងជាប្រពន្ធរបស់ឡាពិដូត។ នាងជាអ្នកសម្រេចក្ដី*ឲ្យជនជាតិអ៊ីស្រាអែល។ ៥ នាងតែងតែអង្គុយនៅក្រោមដើមលម៉ើ* ដែលស្ថិតនៅរវាងក្រុងរ៉ាម៉ា+និងក្រុងបេតអែល+ នាតំបន់ភ្នំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ បណ្ដាជនអ៊ីស្រាអែលតែងធ្វើដំណើរឡើងទៅជួបនាង ដើម្បីសុំនាងសម្រេចក្ដីឲ្យពួកគេ។ ៦ នៅពេលមួយ ដេបូរ៉ាចាត់មនុស្សឲ្យទៅហៅបារ៉ាក់+កូនប្រុសអាប៊ីណូអាមពីក្រុងកេដេសណែបថាលី+ឲ្យមកជួបនាង។ ពេលបារ៉ាក់មកដល់ នាងប្រាប់គាត់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល លោកបង្គាប់អ្នកថា៖ ‹ចូរនាំមនុស្ស១០.០០០នាក់ ពីកុលសម្ព័ន្ធណែបថាលីនិងកុលសម្ព័ន្ធសេប៊ូឡូនទៅភ្នំថេបោ។ ៧ រួចខ្ញុំនឹងនាំស៊ីសេរ៉ាជាមេទ័ពរបស់យ៉ាប៊ីន និងពលទាហាន រួមទាំងរទេះចម្បាំងទាំងប៉ុន្មានរបស់គាត់ មកឯស្ទឹងគីសុន។+ ខ្ញុំនឹងប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃរបស់អ្នក›»។+
៨ បារ៉ាក់តបទៅនាងវិញថា៖ «ខ្ញុំនឹងទៅ បើនាងទៅជាមួយនឹងខ្ញុំ។ តែបើនាងមិនទៅ ខ្ញុំក៏មិនទៅដែរ»។ ៩ នាងតបថា៖ «ខ្ញុំនឹងទៅជាមួយអ្នក តែអ្នកនឹងមិនបានទទួលកិត្តិយសពីចម្បាំងនេះទេ ព្រោះព្រះយេហូវ៉ានឹងប្រគល់ស៊ីសេរ៉ាទៅក្នុងកណ្ដាប់ដៃរបស់ស្ត្រីម្នាក់វិញ»។+ រួចមក ដេបូរ៉ាក៏ចេញដំណើរជាមួយនឹងបារ៉ាក់ទៅក្រុងកេដេស។+ ១០ បារ៉ាក់កោះហៅកុលសម្ព័ន្ធសេប៊ូឡូននិងកុលសម្ព័ន្ធណែបថាលី+ឲ្យមកក្រុងកេដេស។ បន្ទាប់មក បុរសចំនួន១០.០០០នាក់បានទៅតាមបារ៉ាក់។ ដេបូរ៉ាក៏ចេញទៅជាមួយនឹងគាត់ដែរ។
១១ នៅគ្រានោះ មានបុរសម្នាក់ឈ្មោះហេបឺជាជនជាតិកែន គាត់បានបែកចេញពីជនជាតិកែនឯទៀត។+ ជនជាតិកែនជាកូនចៅហូបាប់ដែលជាឪពុកក្មេករបស់ម៉ូសេ។+ ហេបឺរស់ក្នុងត្រសាលជិតដើមឈើធំនៅសាអាណានីមក្បែរក្រុងកេដេស។
១២ ខណៈនោះ មានគេរាយការណ៍ប្រាប់ស៊ីសេរ៉ាថា បារ៉ាក់កូនប្រុសអាប៊ីណូអាមបានចេញទៅភ្នំថេបោ។+ ១៣ ឮដូច្នេះ ស៊ីសេរ៉ាប្រញាប់ប្រមូលរទេះចម្បាំងទាំងអស់ចំនួន៩០០គ្រឿងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះ ព្រមទាំងប្រមូលពលទ័ពថ្មើរជើងទាំងប៉ុន្មានឲ្យចេញទៅជាមួយនឹងគាត់។ ពួកគេចេញពីហារ៉ូសែតហាកូអ៊ីម*ទៅដល់ស្ទឹងគីសុន។+ ១៤ ពេលនោះ ដេបូរ៉ាប្រាប់បារ៉ាក់ថា៖ «ចូរធ្វើដំណើរទៅ ព្រោះថ្ងៃនេះព្រះយេហូវ៉ានឹងប្រគល់ស៊ីសេរ៉ាទៅក្នុងកណ្ដាប់ដៃរបស់អ្នក។ ព្រះយេហូវ៉ានឹងនាំមុខអ្នកចេញទៅ»។ ដូច្នេះ បារ៉ាក់ក៏ចុះពីភ្នំថេបោ ដោយមានមនុស្ស១០.០០០នាក់ទៅជាមួយដែរ។ ១៥ រួចមក ព្រះយេហូវ៉ាធ្វើឲ្យស៊ីសេរ៉ា ពលរទេះចម្បាំង និងកងទ័ពទាំងអស់របស់គាត់ធ្លាក់ក្នុងភាពជ្រួលច្របល់+នៅចំពោះមុខបារ៉ាក់។ ពេលស៊ីសេរ៉ាឃើញស្ថានភាពដូច្នោះ គាត់ប្រញាប់ចុះពីរទេះចម្បាំង រត់គេចខ្លួនទៅ។ ១៦ ពេលនោះ បារ៉ាក់ដេញតាមពលរទេះចម្បាំង និងកងទ័ពរហូតដល់ហារ៉ូសែតហាកូអ៊ីម។ ជាលទ្ធផល កងទ័ពស៊ីសេរ៉ាទាំងអស់បានត្រូវសម្លាប់គ្មានសល់អ្នកណាម្នាក់ឡើយ។+
១៧ ចំណែកឯស៊ីសេរ៉ាវិញ គាត់រត់គេចខ្លួនទៅត្រសាលរបស់យ៉ាអែល+ ជាប្រពន្ធហេបឺ+ជនជាតិកែន ព្រោះយ៉ាប៊ីន+ស្ដេចក្រុងហាសោមានទំនាក់ទំនងល្អជាមួយនឹងក្រុមគ្រួសារហេបឺ។ ១៨ យ៉ាអែលចេញមកទទួលស្វាគមន៍ស៊ីសេរ៉ា ហើយនិយាយទៅគាត់ថា៖ «អញ្ជើញចូលក្នុងសិនលោកម្ចាស់។ សូមលោកឈប់ភ័យទៅ»។ ស៊ីសេរ៉ាក៏ចូលទៅក្នុងត្រសាល ហើយនាងយកភួយដណ្ដប់ឲ្យគាត់។ ១៩ រួចមក គាត់និយាយទៅនាងថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិច។ ខ្ញុំស្រេកទឹកខ្លាំងណាស់»។ ដូច្នេះ នាងបើកថង់ស្បែកចាក់ទឹកដោះ យកមកឲ្យគាត់ផឹក។+ រួចនាងដណ្ដប់ភួយឲ្យគាត់ម្ដងទៀត។ ២០ ស៊ីសេរ៉ាប្រាប់នាងថា៖ «ចូរទៅឈរយាមនៅមាត់ទ្វារត្រសាល បើមានអ្នកណាមកសួរនាងថា៖ ‹តើមាននរណាមកទីនេះទេ?› នោះនាងត្រូវឆ្លើយថា៖ ‹គ្មានទេ!›»។
២១ ស៊ីសេរ៉ាអស់កម្លាំងយ៉ាងខ្លាំងរហូតដល់លង់លក់ ពេលនោះយ៉ាអែលជាប្រពន្ធហេបឺបានយកស្នឹងត្រសាលនិងញញួរ ដើរលបៗទៅជិតគាត់ រួចដំស្នឹងនោះត្រង់សៀតផ្ការបស់គាត់ធ្លុះដល់ដី ហើយគាត់ក៏ស្លាប់ទៅ។+
២២ រីឯបារ៉ាក់ គាត់ដេញតាមរកស៊ីសេរ៉ាដល់ត្រសាលរបស់យ៉ាអែល ហើយយ៉ាអែលចេញមកជួបគាត់ ដោយនិយាយថា៖ «សូមចូលក្នុង ខ្ញុំនឹងបង្ហាញបុរសដែលអ្នកកំពុងរក»។ បារ៉ាក់ក៏ចូលក្នុងត្រសាលជាមួយនឹងនាង ហើយឃើញស៊ីសេរ៉ាដេកស្លាប់ទាំងមានស្នឹងដោតជាប់សៀតផ្កា។
២៣ ដូច្នេះ នៅថ្ងៃនោះឯង ព្រះបានបង្ក្រាបយ៉ាប៊ីនជាស្ដេចស្រុកកាណាននៅចំពោះមុខជនជាតិអ៊ីស្រាអែល។+ ២៤ ជនជាតិអ៊ីស្រាអែលមានប្រៀបលើយ៉ាប៊ីនស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ+ រហូតដល់សម្លាប់យ៉ាប៊ីនបាន។+