សៀវភៅសាំយូអែលទី១
៩ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស។+ គាត់ជាកូនរបស់អាបែល អាបែលជាកូនរបស់សេរ៉ូ សេរ៉ូជាកូនរបស់បេកូរ៉ាត បេកូរ៉ាតជាកូនរបស់អាភា ដែលជាកូនចៅបេនយ៉ាមីន។+ គីសជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ២ គាត់មានកូនប្រុសម្នាក់ឈ្មោះសុល+ ដែលជាបុរសស្រស់សង្ហា គ្មានបុរសជនជាតិអ៊ីស្រាអែលណាសង្ហាដូចគាត់ទេ។ សុលមានរាងខ្ពស់ស្រឡះ បណ្ដាជនទាំងអស់ខ្ពស់បានត្រឹមស្មាគាត់ប៉ុណ្ណោះ។
៣ នៅថ្ងៃមួយ គីសដែលជាឪពុករបស់សុល បាត់សត្វលាមួយហ្វូង។ ហេតុនេះ គីសប្រាប់សុលថា៖ «សូមកូនចេញទៅស្វែងរកហ្វូងសត្វលាជាមួយនឹងអ្នកបម្រើម្នាក់ទៅ»។ ៤ សុលនិងអ្នកបម្រើក៏ចេញទៅ។ ពួកគេបានដើរកាត់តំបន់ភ្នំស្រុកអេប្រាអ៊ីមនិងស្រុកសាលីសា តែរកមិនឃើញសត្វលាទាំងនោះទេ។ ដូច្នេះ ពួកគេធ្វើដំណើរបន្តទៅស្រុកស្អាលីម នៅតែរកមិនឃើញសោះ។ ពួកគេក៏ទៅរកពេញស្រុករបស់កូនចៅបេនយ៉ាមីន តែនៅតែរកមិនឃើញដដែល។
៥ នៅពេលដែលពួកគេមកដល់ស្រុកស៊ូប សុលក៏និយាយទៅកាន់អ្នកបម្រើថា៖ «តោះ! យើងត្រឡប់ទៅវិញ។ បើមិនដូច្នេះទេ ប្រហែលជាឪពុករបស់ខ្ញុំនឹងឈប់គិតពីសត្វលាទាំងនោះ ហើយបារម្ភពីយើងវិញ»។+ ៦ ប៉ុន្តែ អ្នកបម្រើតបវិញថា៖ «មើល! នៅក្រុងនោះមានបុរសម្នាក់ដែលមកពីព្រះពិត ហើយអ្នកណាៗក៏គោរពគាត់ដែរ។ អ្វីណាក៏ដោយដែលគាត់និយាយនឹងក្លាយទៅជាការពិត។+ សូមយើងទៅរកគាត់ឥឡូវ ប្រហែលជាគាត់អាចប្រាប់យើងថាសត្វលានៅឯណា»។ ៧ ឮដូច្នេះ សុលនិយាយទៅអ្នកបម្រើថា៖ «បើយើងទៅ តើយើងមានអ្វីជូនគាត់? ក្នុងថង់យាមរបស់យើងអស់នំប៉័ងហើយ។ យើងគ្មានអំណោយជូនគាត់ទេ។ តើយើងជូនអ្វីដល់គាត់?»។ ៨ អ្នកបម្រើឆ្លើយថា៖ «មើល! ខ្ញុំមានប្រាក់១ភាគ៤ហ្សេគិល។* ខ្ញុំនឹងជូនដល់បុរសដែលមកពីព្រះពិត ហើយគាត់នឹងប្រាប់យើងថាគួរធ្វើយ៉ាងណា» ៩ (នៅគ្រាមុនៗក្នុងស្រុកអ៊ីស្រាអែល ពេលអ្នកណាចង់បានការណែនាំពីព្រះ អ្នកនោះនឹងនិយាយថា៖ «សូមយើងទៅជួបអ្នកមើលធ្លុះ»។+ ប៉ុន្តែនៅសព្វថ្ងៃនេះ គេហៅអ្នកមើលធ្លុះថាជាអ្នកប្រកាសទំនាយ)។ ១០ រួចមក សុលនិយាយទៅអ្នកបម្រើថា៖ «គំនិតនេះល្អមែន។ ចូរយើងទៅជួបគាត់»។ ដូច្នេះ ពួកគេទៅក្រុងនោះដើម្បីជួបបុរសដែលមកពីព្រះពិត។
១១ កាលដែលពួកគេធ្វើដំណើរទៅក្រុងនោះ ចៃដន្យបានជួបពួកស្ត្រីវ័យក្មេងដែលចេញមកដងទឹក។ ពួកគេសួរពួកនាងថា៖ «តើបុរសដែលចេះមើលធ្លុះ+នៅទីនេះទេ?»។ ១២ ពួកនាងឆ្លើយថា៖ «ចាសគាត់នៅ។ មើល! គាត់ទើបតែចូលទៅក្នុងក្រុង។ គាត់មកក្រុងថ្ងៃនេះ ដោយសារបណ្ដាជនកំពុងជូនគ្រឿងបូជា+នៅឯទីខ្ពស់។*+ សូមប្រញាប់ប្រញាល់ទៅ។ ១៣ បើអ្នកចូលក្រុងឥឡូវ អ្នកមុខជាជួបគាត់ មុនពេលគាត់ឡើងទៅបរិភោគនៅទីខ្ពស់។ អ្នកដែលបានត្រូវអញ្ជើញនឹងមិនបរិភោគឡើយ លុះត្រាតែគាត់ទៅអធិដ្ឋានសិន* ទើបពួកគេអាចបរិភោគបាន។ ដូច្នេះ សូមអ្នកប្រញាប់ឡើងទៅ នោះអ្នកនឹងជួបគាត់ជាមិនខាន»។ ១៤ ពួកគេក៏ធ្វើដំណើរចូលក្រុងនោះ។ កាលដែលពួកគេចូលដល់កណ្ដាលក្រុង នោះសាំយូអែលចេញមកជួបពួកគេ ដើម្បីឡើងទៅទីខ្ពស់ជាមួយគ្នា។
១៥ មួយថ្ងៃមុនសុលមកដល់ក្រុងនោះ ព្រះយេហូវ៉ាបានប្រាប់សាំយូអែលថា៖ ១៦ «ថ្ងៃស្អែកវេលាថ្មើរនេះ ខ្ញុំនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។+ អ្នកត្រូវរើសតាំងគាត់ជាអ្នកដឹកនាំលើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។+ បុរសនោះនឹងសង្គ្រោះរាស្ត្ររបស់ខ្ញុំពីកណ្ដាប់ដៃពួកភីលីស្ទីន ពីព្រោះខ្ញុំបានឃើញទុក្ខវេទនារបស់ពួកគេ ហើយក៏បានឮសម្រែករបស់ពួកគេដែរ»។+ ១៧ ពេលដែលសាំយូអែលឃើញសុល ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «បុរសនេះហើយដែលខ្ញុំបានប្រាប់អ្នកថា៖ ‹គាត់នឹងគ្រប់គ្រងលើរាស្ត្ររបស់ខ្ញុំ›»។*+
១៨ ពេលសុលឃើញសាំយូអែល សុលដើរទៅជិតគាត់ត្រង់កណ្ដាលទ្វារកំពែង ហើយសួរថា៖ «តើអ្នកដឹងទេថាផ្ទះរបស់បុរសដែលចេះមើលធ្លុះនៅឯណា?»។ ១៩ សាំយូអែលឆ្លើយទៅសុលថា៖ «ខ្ញុំនេះហើយជាអ្នកមើលធ្លុះ។ សូមនាំមុខខ្ញុំឡើងទៅទីខ្ពស់ ហើយថ្ងៃនេះសូមបរិភោគជាមួយនឹងខ្ញុំ។+ ដល់ព្រឹកស្អែក ខ្ញុំនឹងជូនដំណើរអ្នក ហើយប្រាប់អ្នកនូវអ្វីទាំងអស់ដែលអ្នកចង់ដឹង។ ២០ ចំណែកឯហ្វូងសត្វលាដែលបាត់បីថ្ងៃហើយនោះ+ សូមកុំបារម្ភឡើយ ព្រោះគេរកឃើញសត្វទាំងនោះហើយ។ ម្យ៉ាងទៀត អ្វីៗទាំងឡាយក្នុងស្រុកអ៊ីស្រាអែលនឹងទៅជារបស់អ្នក និងកូនចៅទាំងអស់របស់ឪពុកអ្នក»។+ ២១ សុលឆ្លើយថា៖ «ខ្ញុំជាកូនចៅបេនយ៉ាមីនដែលជាកុលសម្ព័ន្ធតូចបំផុតនៃជនជាតិអ៊ីស្រាអែល+ ហើយក្រុមគ្រួសាររបស់ខ្ញុំក៏តូចទាបជាងក្រុមគ្រួសារទាំងប៉ុន្មាននៃកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំយ៉ាងដូច្នេះ?»។
២២ រួចសាំយូអែលនាំសុលនិងអ្នកបម្រើរបស់គាត់ទៅបន្ទប់ទទួលទានអាហារ ហើយឲ្យពួកគេអង្គុយនៅកន្លែងកិត្តិយសបំផុត។ ក្នុងបន្ទប់នោះ អ្នកដែលបានត្រូវអញ្ជើញមានប្រហែល៣០នាក់។ ២៣ សាំយូអែលប្រាប់ចុងភៅថា៖ «សូមយកសាច់ដែលខ្ញុំផ្ដាំអ្នកឲ្យ‹ទុកដោយឡែក›មកនេះ»។ ២៤ ចុងភៅក៏យកសាច់ភ្លៅមកជូនសុល។ រួចសាំយូអែលពោលថា៖ «ខ្ញុំបានឲ្យពួកគេទុកសាច់ទាំងនេះសម្រាប់អ្នកក្នុងឱកាសនេះ ព្រោះខ្ញុំបានប្រាប់ពួកគេថា៖ ‹ខ្ញុំមានភ្ញៀវ›។ ឥឡូវ សូមអញ្ជើញបរិភោគ»។ សុលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។ ២៥ ក្រោយមក ពួកគេចុះពីទីខ្ពស់+មកក្រុងវិញ ហើយសាំយូអែលបន្តនិយាយជាមួយនឹងសុលនៅលើដំបូលផ្ទះ។* ២៦ លុះស្អែកឡើង ពួកគេក្រោកពីព្រលឹមស្រាង។ ដល់ថ្ងៃរះ សាំយូអែលហៅសុលដែលនៅលើដំបូលផ្ទះថា៖ «សុលអើយ! សូមរៀបចំខ្លួន។ ខ្ញុំនឹងជូនដំណើរអ្នក»។ ដូច្នេះ សុលរៀបចំខ្លួន រួចគាត់និងសាំយូអែលចេញពីផ្ទះ។ ២៧ កាលដែលពួកគេកំពុងចុះទៅជាយក្រុង សាំយូអែលនិយាយទៅកាន់សុលថា៖ «សូមប្រាប់អ្នកបម្រើ+ឲ្យដើរទៅមុនយើង»។ ដូច្នេះ សុលក៏ប្រាប់អ្នកបម្រើឲ្យដើរទៅមុន។ សាំយូអែលនិយាយបន្តទៀតថា៖ «តែសូមអ្នកឈប់នៅត្រង់នេះសិន ខ្ញុំចង់ប្រាប់អ្នកអំពីប្រសាសន៍របស់ព្រះ»។