សកម្មភាពរបស់ពួកសាវ័ក
២៦ អាគ្រីប៉ា+និយាយទៅប៉ូលថា៖ «អ្នកអាចនិយាយការពារខ្លួនបាន»។ រួចមក ប៉ូលលាតដៃ ហើយចាប់ផ្ដើមនិយាយការពារខ្លួនថា៖
២ «ស្ដេចអាគ្រីប៉ា ខ្ញុំសប្បាយចិត្តដែលថ្ងៃនេះខ្ញុំត្រូវនិយាយការពារខ្លួននៅមុខលោក ស្ដីអំពីរឿងផ្សេងៗដែលជនជាតិយូដាចោទប្រកាន់ខ្ញុំ+ ៣ ជាពិសេស ដោយសារលោកយល់ច្បាស់អំពីទំនៀមទម្លាប់ទាំងអស់របស់ជនជាតិយូដា និងអំពីជម្លោះទាំងប៉ុន្មានរបស់ពួកគេ។ ដូច្នេះ ខ្ញុំសូមលោកមេត្តាស្ដាប់ខ្ញុំដោយអនុគ្រោះ។
៤ «ស្ដីអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីក្មេងមក គឺកាលដែលខ្ញុំរស់នៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំនិងនៅក្រុងយេរូសាឡិម នោះជនជាតិយូដាគ្រប់គ្នា+ ៥ ដែលធ្លាប់ស្គាល់ខ្ញុំពីមុនមកដឹងថា ខ្ញុំបានកាន់តាមពួកផារិស៊ី+សមស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង+ ហើយអ្នកទាំងនោះដែលស្គាល់ខ្ញុំក៏អាចធ្វើជាសាក្សីបញ្ជាក់អំពីការនោះដែរ ប្រសិនបើពួកគេចង់ធ្វើដូច្នោះ។ ៦ ប៉ុន្តែ ឥឡូវនេះខ្ញុំកំពុងទទួលការវិនិច្ឆ័យក្ដី ដោយសារខ្ញុំសង្ឃឹមលើអ្វីដែលព្រះបានសន្យាឲ្យដល់ពួកបុព្វបុរសរបស់យើង។+ ៧ នេះក៏ជាសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំង១២របស់យើង សង្ឃឹមថានឹងក្លាយជាការពិតដែរ។ ពួកគេខំប្រឹងយ៉ាងខ្លាំងក្នុងការបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះទាំងយប់ទាំងថ្ងៃ។ ស្ដេចអាគ្រីប៉ា គឺអំពីសេចក្ដីសង្ឃឹមនេះឯងដែលជនជាតិយូដាកំពុងចោទប្រកាន់ខ្ញុំ។+
៨ «ហេតុអ្វីអស់លោកគិតថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជារឿងដែលមិនគួរឲ្យជឿនោះ? ៩ ចំណែកខ្ញុំវិញ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនាមរបស់លោកយេស៊ូពីក្រុងណាសារ៉ែត។ ១០ នៅក្រុងយេរូសាឡិម ខ្ញុំបានធ្វើដូច្នោះមែន។ ខ្ញុំបានចាប់អ្នកបរិសុទ្ធជាច្រើននាក់ដាក់គុក+ ព្រោះខ្ញុំមានសិទ្ធិអំណាចពីពួកសង្ឃនាយក+ ហើយពេលដែលពួកគាត់ត្រូវគេវិនិច្ឆ័យប្រហារជីវិត ខ្ញុំបានបោះឆ្នោតគាំទ្រការនោះ។ ១១ ខ្ញុំបានចូលគ្រប់សាលាប្រជុំទាំងអស់ ហើយដាក់ទោសពួកគាត់ជាច្រើនដង ដើម្បីបង្ខំពួកគាត់ឲ្យបោះបង់ចោលជំនឿ។ ខ្ញុំខឹងពួកគាត់ខ្លាំងដល់ម្ល៉េះ បានជាខ្ញុំតាមបៀតបៀនពួកគាត់នៅក្រុងផ្សេងៗទៀត។
១២ «នៅពេលមួយ ខ្ញុំបានចេញដំណើរទៅក្រុងដាម៉ាស់ ដោយសារពួកសង្ឃនាយកបានចាត់ខ្ញុំឲ្យទៅធ្វើរឿងនោះ។ ១៣ ស្ដេចអើយ នៅតាមផ្លូវប្រហែលជាថ្ងៃត្រង់ ខ្ញុំឃើញពន្លឺមួយដែលភ្លឺជាងពន្លឺថ្ងៃ គឺបានភ្លឺពីលើមេឃមកចាំងជុំវិញខ្ញុំនិងពួកអ្នកដែលកំពុងរួមដំណើរជាមួយនឹងខ្ញុំ។+ ១៤ យើងទាំងអស់គ្នាក៏ដួលដល់ដី រួចខ្ញុំឮសំឡេងមួយបន្លឺមកកាន់ខ្ញុំជាភាសាហេប្រឺថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ? អ្នកធ្វើទុក្ខដល់ខ្លួនឯងហើយ ព្រោះអ្នកចេះតែធាក់ជន្លួញ›។* ១៥ ប៉ុន្តែ ខ្ញុំសួរថា៖ ‹តើលោកម្ចាស់ជាអ្នកណា?›។ លោកម្ចាស់មានប្រសាសន៍ថា៖ ‹ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន។ ១៦ ទោះជាយ៉ាងនោះក៏ដោយ ចូរក្រោកឈរឡើង។ មូលហេតុដែលខ្ញុំបានលេចមកឲ្យអ្នកឃើញ គឺដើម្បីជ្រើសរើសអ្នកឲ្យធ្វើជាអ្នកបម្រើ និងជាសាក្សីបញ្ជាក់អំពីការទាំងប៉ុន្មានអំពីខ្ញុំដែលអ្នកបានឃើញ និងការដែលខ្ញុំនឹងធ្វើឲ្យអ្នកឃើញ។+ ១៧ ខ្ញុំនឹងសង្គ្រោះអ្នកពីបណ្ដាជននេះ និងពីប្រជាជាតិនានាដែលខ្ញុំនឹងចាត់អ្នកឲ្យទៅ+ ១៨ ដើម្បីបើកភ្នែកពួកគេ+ ហើយឲ្យពួកគេបែរចេញពីភាពងងឹត+មកឯពន្លឺ+ ថែមទាំងឲ្យចេញពីអំណាចរបស់សាថាន*+មកឯព្រះវិញ ដើម្បីឲ្យពួកគេអាចទទួលការអភ័យទោសចំពោះអំពើខុសឆ្គង+ ព្រមទាំងទទួលមត៌កជាមួយនឹងពួកអ្នកដែលបានត្រូវញែកជាបរិសុទ្ធដោយសារមានជំនឿលើខ្ញុំ›។
១៩ «ដូច្នេះ ស្ដេចអាគ្រីប៉ា ខ្ញុំមិនបានធ្វើព្រងើយនឹងអ្វីដែលបានត្រូវបើកបង្ហាញពីស្ថានសួគ៌ឲ្យខ្ញុំឃើញក្នុងគំនិតទេ។ ២០ ប៉ុន្តែ ខ្ញុំបាននាំសារទៅដល់អ្នកក្រុងដាម៉ាស់+មុនដំបូង ហើយដល់បណ្ដាជននៅក្រុងយេរូសាឡិម+ និងពេញតំបន់យូឌា រួចដល់ជនជាតិដទៃ។ ខ្ញុំប្រាប់ពួកគេថា ពួកគេត្រូវប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះ ដោយប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត។+ ២១ ដោយសារការទាំងនេះ ជនជាតិយូដាបានចាប់ខ្ញុំក្នុងវិហារ រួចព្យាយាមសម្លាប់ខ្ញុំ។+ ២២ ក៏ប៉ុន្តែ ដោយសារខ្ញុំបានទទួលជំនួយពីព្រះ ខ្ញុំបន្តធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូចអំពីដំណឹងល្អរហូតដល់ថ្ងៃនេះ តែខ្ញុំមិននិយាយអ្វីក្រៅពីការទាំងប៉ុន្មានដែលពួកអ្នកប្រកាសទំនាយនិងម៉ូសេបានប្រាប់ថានឹងកើតឡើងនោះទេ+ ២៣ ពោលគឺគ្រិស្តត្រូវរងទុក្ខ+ រួចដោយសារលោកជាអ្នកដែលត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេបង្អស់+ នោះលោកនឹងផ្សព្វផ្សាយ ហើយបំភ្លឺទាំងបណ្ដាជននេះទាំងជនជាតិដទៃ»។+
២៤ កាលដែលគាត់កំពុងនិយាយអ្វីៗទាំងនេះដើម្បីការពារខ្លួន ភេស្ទុសបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ប៉ូល! អ្នកឆ្កួតហើយ! ការចេះដឹងច្រើនពេកបានធ្វើឲ្យអ្នកឆ្កួត!»។ ២៥ ប៉ុន្តែ ប៉ូលនិយាយថា៖ «ឯកឧត្ដមភេស្ទុស ខ្ញុំមិនឆ្កួតទេ តែខ្ញុំកំពុងនិយាយសេចក្ដីពិតដោយដឹងខុសត្រូវ។ ២៦ តាមការពិត ស្ដេចដឹងច្បាស់អំពីការទាំងនេះ ទើបខ្ញុំហ៊ានជម្រាបលោក ព្រោះខ្ញុំជឿជាក់ថាក្នុងការទាំងអស់នេះគ្មានអ្វីដែលកំបាំងពីលោកទេ ព្រោះការទាំងអស់នេះមិនបានធ្វើឡើងដោយសម្ងាត់ឡើយ។+ ២៧ ស្ដេចអាគ្រីប៉ា តើលោកជឿពួកអ្នកប្រកាសទំនាយទេ? ខ្ញុំដឹងថាលោកជឿ»។ ២៨ ប៉ុន្តែ អាគ្រីប៉ានិយាយទៅប៉ូលថា៖ «តែបន្តិចទៀត ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ»។ ២៩ ដូច្នេះ ប៉ូលនិយាយថា៖ «ខ្ញុំអធិដ្ឋានទៅព្រះថា ទោះជាឆាប់ឬយូរក្ដី ខ្ញុំសូមឲ្យទាំងលោក ទាំងអស់អ្នកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ នឹងបានដូចខ្ញុំដែរ តែដោយគ្មានចំណងទាំងនេះ»។
៣០ រួចមក ស្ដេចក៏ក្រោកឈរជាមួយនឹងអភិបាល និងប៊ឺនីស ព្រមទាំងបុរសទាំងប៉ុន្មានដែលបានអង្គុយជាមួយនឹងពួកគាត់។ ៣១ ប៉ុន្តែ កាលដែលពួកគាត់កំពុងចេញទៅ ពួកគាត់និយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីដែលសមនឹងទទួលទោសដល់ស្លាប់ ឬជាប់គុកទេ»។+ ៣២ បន្ទាប់មក អាគ្រីប៉ានិយាយទៅភេស្ទុសថា៖ «បុរសនេះអាចត្រូវដោះលែងបាន ប្រសិនបើគាត់មិនបានសុំលើករឿងក្ដីទៅសេសារ»។*+