ប្រវត្តិហេតុទី២
៣៦ រួចមក បណ្ដាជនបានលើកយេហូអាហាស+ជាកូនយ៉ូសៀស ឲ្យឡើងធ្វើជាស្ដេចបន្ទាប់ពីឪពុកគាត់។+ ២ ពេលយេហូអាហាសបានទៅជាស្ដេច គាត់មានអាយុ២៣ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបានបីខែ។ ៣ ក្រោយមក ស្ដេចស្រុកអេហ្ស៊ីបបានទម្លាក់គាត់ពីតំណែងជាស្ដេចនៅក្រុងយេរូសាឡិម ហើយបានតម្រូវឲ្យបណ្ដាជនស្រុកយូដាបង់សួយអាករជាប្រាក់ចំនួន១០០ថាលិន* និងមាសចំនួន១ថាលិន។+ ៤ រួចមក នេកូជាស្ដេចស្រុកអេហ្ស៊ីបបានតែងតាំងអេលាគីមជាប្អូនប្រុសរបស់យេហូអាហាស ឲ្យឡើងធ្វើជាស្ដេចលើក្រុងយេរូសាឡិមនិងស្រុកយូដាជំនួសវិញ ហើយគាត់បានប្ដូរឈ្មោះអេលាគីមទៅជាយេហូយ៉ាគីម។ ចំណែកឯយេហូអាហាសវិញ នេកូ+បាននាំយកទៅស្រុកអេហ្ស៊ីប។+
៥ ពេលយេហូយ៉ាគីម+បានទៅជាស្ដេច គាត់មានអាយុ២៥ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ៦ នៅគ្រាមួយ នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានលើកទ័ពមកច្បាំងនឹងគាត់ ហើយចាប់គាត់ដាក់ខ្នោះស្ពាន់ រួចនាំគាត់ទៅស្រុកបាប៊ីឡូន។+ ៧ នេប៊ូក្នេសាក៏បានប្រមូលយកប្រដាប់ប្រដាខ្លះពីវិហារព្រះយេហូវ៉ាទៅស្រុកបាប៊ីឡូន ហើយយកប្រដាប់ប្រដាទាំងនោះទៅដាក់ក្នុងវិមានរបស់គាត់។+ ៨ រីឯកិច្ចការទាំងប៉ុន្មានដែលយេហូយ៉ាគីមបានធ្វើ និងការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមរបស់គាត់ ព្រមទាំងទោសកំហុសទាំងប៉ុន្មានរបស់គាត់ គឺសុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅនៃបណ្ដាស្ដេចស្រុកអ៊ីស្រាអែលនិងបណ្ដាស្ដេចស្រុកយូដា។ ក្រោយមក យេហូយ៉ាគីនជាកូនរបស់គាត់ ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។+
៩ ពេលយេហូយ៉ាគីន+បានទៅជាស្ដេច គាត់មានអាយុ១៨ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ។ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ១០ នៅដើមឆ្នាំ* ស្ដេចនេប៊ូក្នេសាបានចាត់ទ័ពរបស់គាត់ ឲ្យទៅចាប់យេហូយ៉ាគីនយកទៅស្រុកបាប៊ីឡូន+ ថែមទាំងឲ្យប្រមូលយករបស់របរមានតម្លៃពីវិហារព្រះយេហូវ៉ាទៅជាមួយផងដែរ។+ បន្ទាប់មក នេប៊ូក្នេសាបានតែងតាំងសេដេគាជាឪពុកមារបស់យេហូយ៉ាគីន ឲ្យឡើងធ្វើជាស្ដេចលើក្រុងយេរូសាឡិមនិងស្រុកយូដា។+
១១ ពេលសេដេគា+បានទៅជាស្ដេច គាត់មានអាយុ២១ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។+ ១២ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់មិនបានបន្ទាបខ្លួនទេ កាលដែលយេរេមាជាអ្នកប្រកាសទំនាយទៅព្រមានគាត់+ ស្របតាមបង្គាប់របស់ព្រះយេហូវ៉ា។ ១៣ បន្ថែមទៅទៀត គាត់បានបះបោរប្រឆាំងនឹងស្ដេចនេប៊ូក្នេសា+ ជាអ្នកដែលបានឲ្យគាត់ស្បថក្នុងនាមព្រះ។ សេដេគានៅតែមានចិត្តរឹងរូស ហើយមិនព្រមបែរមករកព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ ១៤ រីឯបណ្ដាសង្ឃនាយកនិងបណ្ដាជនទាំងអស់ ពួកគេកាន់តែប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះថែមទៀត។ ពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិនានា ថែមទាំងបន្ទាបបន្ថោកវិហារព្រះយេហូវ៉ា+ក្នុងក្រុងយេរូសាឡិមទៀតផង គឺជាវិហារដែលលោកបានញែកជាបរិសុទ្ធ។
១៥ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ តែងតែព្រមានពួកគេម្ដងហើយម្ដងទៀត តាមរយៈពួកអ្នកនាំសាររបស់លោក ពីព្រោះលោកអាណិតមេត្តាដល់រាស្ត្រលោក ហើយគិតដល់វិហាររបស់លោក។* ១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+ ១៨ ស្ដេចនៃពួកខាល់ដេក៏បានប្រមូលយកប្រដាប់ប្រដាទាំងអស់ ទាំងតូចទាំងធំពីវិហាររបស់ព្រះពិត។ បន្ថែមទៅទៀត គាត់បានប្រមូលយកទ្រព្យសម្បត្តិពីវិហារព្រះយេហូវ៉ា ពីវិមានស្ដេចនិងផ្ទះរបស់ពួកអភិបាល យកទៅស្រុកបាប៊ីឡូន។+ ១៩ គាត់ក៏បានដុតបំផ្លាញវិហាររបស់ព្រះពិត+ និងប៉មរឹងមាំទាំងអស់ ហើយរំលំកំពែងក្រុងយេរូសាឡិម+ ព្រមទាំងបំផ្លាញរបស់របរដែលមានតម្លៃផងដែរ។+ ២០ បន្ទាប់មក គាត់បានចាប់ពួកអ្នកដែលនៅរស់ យកទៅធ្វើជាខ្ញុំបម្រើរបស់គាត់និងកូនចៅគាត់នៅស្រុកបាប៊ីឡូន។+ ពួកអ្នកទាំងនោះបន្តធ្វើជាខ្ញុំបម្រើពួកគេ+ រហូតដល់រាជាណាចក្រពើស៊ីចាប់ផ្ដើមគ្រប់គ្រង។+ ២១ នេះបានកើតឡើងស្របតាមប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមា។+ ទឹកដីបានត្រូវទុកចោលរហូតដល់គម្រប់ពេលដែលទឹកដីនោះមិនបានសម្រាក+ គឺបានត្រូវទុកចោលអស់រយៈពេល៧០ឆ្នាំគត់ ជារយៈពេលដែលពួកគេមិនបានធ្វើតាមច្បាប់របស់ព្រះដោយទុកឲ្យដីសម្រាកទេ។+
២២ នៅឆ្នាំទី១ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យចិត្តគាត់ចេញសេចក្ដីប្រកាសមួយនៅទូទាំងរាជាណាចក្ររបស់គាត់។+ ព្រះយេហូវ៉ាបានធ្វើដូច្នេះ ដើម្បីឲ្យប្រសាសន៍របស់លោកតាមរយៈយេរេមា+បានក្លាយជាការពិត។ សេចក្ដីប្រកាសនោះមានដូចតទៅ៖ ២៣ «ស្ដេចស៊ីរូសជាស្ដេចស្រុកពើស៊ីបានមានប្រសាសន៍ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រទាំងអស់នៅផែនដី+ មកក្នុងកណ្ដាប់ដៃខ្ញុំ ហើយលោកបានចាត់ខ្ញុំឲ្យសង់វិហារមួយជូនលោក នៅក្រុងយេរូសាឡិមក្នុងស្រុកយូដា។+ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាជារាស្ត្ររបស់លោក ចូរទៅក្រុងយេរូសាឡិមវិញ។ សូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងពួកគេ›»។+