ដើមកំណើត
១១ នៅគ្រានោះ នៅផែនដីមានភាសាតែមួយ ហើយប្រើពាក្យដូចគ្នា។ ២ ពេលពួកគេធ្វើដំណើរទៅភាគខាងកើត ពួកគេបានឃើញតំបន់វាលមួយនៅស្រុកស៊ីណើរ+ ហើយពួកគេបានតាំងទីលំនៅនៅទីនោះ។ ៣ បន្ទាប់មក ពួកគេនិយាយគ្នាថា៖ «ចូរយើងធ្វើឥដ្ឋ ហើយដុតវាឲ្យឆ្អិនទៅ»។ ដូច្នេះ ពួកគេប្រើឥដ្ឋនោះជំនួសថ្ម ហើយយកជ័រខ្មៅធ្វើជាបាយអ។ ៤ រួចពួកគេនិយាយគ្នាថា៖ «ចូរយើងសង់ក្រុងមួយនិងប៉មដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយកុំឲ្យបែកខ្ញែកគ្នាទៅនៅពេញពាសផែនដីទៀត»។+
៥ ក្រោយមក ព្រះយេហូវ៉ាបានចុះមកមើលក្រុងនិងប៉មដែលមនុស្សបានសាងសង់។ ៦ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «មើល! នេះជាអ្វីដែលមនុស្សជាតិចាប់ផ្ដើមធ្វើ ព្រោះពួកគេនិយាយភាសាតែមួយ+ ហើយរួបរួមគ្នា។ ដូច្នេះ អ្វីៗទាំងអស់ដែលពួកគេចង់ធ្វើ ពួកគេនឹងសម្រេចជាក់ជាពុំខាន។ ៧ ចូរយើង+ចុះទៅបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាបានទៀត»។ ៨ ដូច្នេះ ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាទៅនៅពេញផែនដី+ ហើយពួកគេក៏ឈប់សង់ក្រុងនោះទៅ។ ៩ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថាបាបិល*+ ព្រោះនៅទីនោះព្រះយេហូវ៉ាបានបំភាន់ភាសានៅផែនដី។ ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ចាត់ខ្ចាយពេញពាសលើផែនដី។
១០ នេះជាជីវប្រវត្ដិរបស់សិម។+
កាលសិមអាយុបាន១០០ឆ្នាំ គាត់ក្លាយទៅជាឪពុកអាប៉ាក់សាឌ+ គឺពីរឆ្នាំក្រោយពីទឹកជំនន់។ ១១ ក្រោយមក សិមរស់បាន៥០០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។+
១២ ពេលអាប៉ាក់សាឌអាយុបាន៣៥ឆ្នាំ គាត់បានក្លាយទៅជាឪពុកសេឡា។+ ១៣ ក្រោយមក អាប៉ាក់សាឌរស់បាន៤០៣ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
១៤ ពេលសេឡាអាយុបាន៣០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់ហេបឺរ។+ ១៥ ក្រោយមក សេឡារស់បាន៤០៣ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
១៦ ពេលហេបឺរអាយុបាន៣៤ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់ពេឡេក។+ ១៧ ក្រោយមក ហេបឺររស់បាន៤៣០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
១៨ ពេលពេឡេកអាយុបាន៣០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់រេហ៊ូ។+ ១៩ ក្រោយមក ពេឡេករស់បាន២០៩ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
២០ ពេលរេហ៊ូអាយុបាន៣២ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់សេរូក។ ២១ ក្រោយមក រេហ៊ូរស់បាន២០៧ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
២២ ពេលសេរូកអាយុបាន៣០ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់ណេឃ័រ។ ២៣ ក្រោយមក សេរូករស់បាន២០០ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
២៤ ពេលណេឃ័រអាយុបាន២៩ឆ្នាំ គាត់បានក្លាយទៅជាឪពុករបស់ថេរ៉ា។+ ២៥ ក្រោយមក ណេឃ័ររស់បាន១១៩ឆ្នាំទៀត។ គាត់មានកូនប្រុសកូនស្រីជាច្រើន។
២៦ ពេលថេរ៉ាអាយុបាន៧០ឆ្នាំ គាត់បានក្លាយទៅជាឪពុកអាប់រ៉ាម+ ណេឃ័រ+ និងហារ៉ាន។
២៧ នេះជាជីវប្រវត្ដិរបស់ថេរ៉ា។
ថេរ៉ាជាឪពុករបស់អាប់រ៉ាម ណេឃ័រ និងហារ៉ាន។ ហារ៉ានជាឪពុកឡុត។+ ២៨ ហារ៉ានបានស្លាប់នៅស្រុកកំណើតរបស់គាត់ គឺក្រុងអឺ+ជាក្រុងរបស់ជនជាតិខាល់ដេ+ កាលដែលថេរ៉ាជាឪពុកគាត់នៅរស់នៅឡើយ។ ២៩ អាប់រ៉ាមនិងណេឃ័របានរៀបការ។ ប្រពន្ធអាប់រ៉ាមឈ្មោះសារ៉ាយ+ ប្រពន្ធណេឃ័រឈ្មោះមីលកា។+ ឯហារ៉ាន គាត់ជាឪពុករបស់មីលកានិងអ៊ីសកា។ ៣០ ឯសារ៉ាយ នាងជាស្ត្រីអារ+ នាងគ្មានកូនទេ។
៣១ បន្ទាប់មក ថេរ៉ាបាននាំអាប់រ៉ាមជាកូន និងឡុតជាចៅ+ ដែលត្រូវជាកូនហារ៉ាន ព្រមទាំងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាប្រពន្ធរបស់អាប់រ៉ាម ចាកចេញពីក្រុងអឺជាក្រុងរបស់ជនជាតិខាល់ដេ ហើយធ្វើដំណើរទៅស្រុកកាណាន។+ ពេលពួកគេធ្វើដំណើរដល់ក្រុងហារ៉ាន+ ពួកគេបានតាំងទីលំនៅនៅទីនោះ។ ៣២ អាយុសរុបរបស់ថេរ៉ាគឺ២០៥ឆ្នាំ ហើយគាត់ក៏ស្លាប់នៅក្រុងហារ៉ានទៅ។