សកម្មភាពរបស់ពួកសាវ័ក
២១ ក្រោយពីយើងបានបង្ខំខ្លួនចាកចេញពីពួកគាត់ យើងបានចេញដំណើរតាមផ្លូវទឹកឆ្ពោះទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដ រួចចេញពីនោះទៅដល់កំពង់ផែប៉ាតារ៉ា។ ២ ពេលយើងរកឃើញសំពៅមួយដែលនឹងឆ្លងទៅស្រុកភេនីស៊ី យើងក៏ឡើងហើយចេញដំណើរទៅ។ ៣ ក្រោយមក យើងឃើញកោះគីប្រុសនៅខាងឆ្វេងដៃ តែបានធ្វើដំណើរបង្ហួសទៅខេត្តស៊ីរី រួចចតនៅក្រុងទីរ៉ុស ព្រោះជាកន្លែងដែលត្រូវរើទំនិញចេញពីសំពៅ។ ៤ នៅទីនោះ យើងបានរកឃើញពួកអ្នកកាន់តាម ហើយបានស្នាក់នៅជាមួយនឹងពួកគាត់អស់៧ថ្ងៃ។ ប៉ុន្តែ ឫទ្ធានុភាពរបស់ព្រះបានដឹកនាំពួកគាត់ឲ្យប្រាប់ប៉ូលម្ដងហើយម្ដងទៀតថា កុំចូលក្រុងយេរូសាឡិមឲ្យសោះ។+ ៥ លុះដល់ថ្ងៃដែលយើងត្រូវចេញដំណើរទៅ ពួកគាត់គ្រប់គ្នាទាំងស្ត្រីទាំងកូនក្មេងបានជូនដំណើរយើងរហូតដល់ខាងក្រៅក្រុង។ រួចនៅលើឆ្នេរសមុទ្រ យើងបានលុតជង្គង់អធិដ្ឋាន ៦ ហើយលាគ្នា។ បន្ទាប់មក យើងបានឡើងសំពៅ ហើយពួកគាត់បានត្រឡប់ទៅផ្ទះវិញ។
៧ រួចមក យើងចេញសំពៅពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទរលេមេ។ នៅទីនោះយើងសួរសុខទុក្ខបងប្អូន ហើយស្នាក់នៅជាមួយនឹងពួកគាត់មួយថ្ងៃ។ ៨ លុះស្អែកឡើង យើងចេញដំណើរទៅដល់ក្រុងសេសារៀ ហើយយើងក៏ចូលក្នុងផ្ទះភីលីព ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ គាត់ជាបុរសម្នាក់ក្នុងចំណោមបុរស៧នាក់*+ រួចយើងបានស្នាក់នៅជាមួយនឹងគាត់។ ៩ បុរសនេះមានកូនក្រមុំបួននាក់ ហើយពួកនាងជាអ្នកប្រកាសទំនាយ។+ ១០ ប៉ុន្តែ បន្ទាប់ពីយើងបាននៅទីនោះអស់ជាច្រើនថ្ងៃ អ្នកប្រកាសទំនាយម្នាក់ឈ្មោះអាកាប៊ូស+បានចុះមកពីតំបន់យូឌា។ ១១ គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូលមកចងដៃនិងជើងខ្លួន រួចនិយាយថា៖ «ឫទ្ធានុភាពបរិសុទ្ធប្រាប់ដូច្នេះថា៖ ‹បុរសដែលជាម្ចាស់ខ្សែក្រវាត់នេះ នឹងត្រូវជនជាតិយូដាចាប់ចងយ៉ាងនេះនៅក្រុងយេរូសាឡិម+ រួចពួកគេនឹងប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិដទៃ›»។+ ១២ ឮដូច្នេះ យើងនិងពួកអ្នកដែលនៅទីនោះចាប់ផ្ដើមអង្វរប៉ូល កុំឲ្យឡើងទៅក្រុងយេរូសាឡិម។ ១៣ ប៉ុន្តែ ប៉ូលតបថា៖ «ហេតុអ្វីអ្នករាល់គ្នាយំ ហើយព្យាយាមធ្វើឲ្យខ្ញុំប្ដូរចិត្តដូច្នេះ? ខ្ញុំបានត្រៀមខ្លួនរួចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ តែក៏សុខចិត្តស្លាប់នៅក្រុងយេរូសាឡិមដើម្បីនាមលោកម្ចាស់យេស៊ូដែរ»។+ ១៤ ពេលយើងឃើញថាមិនអាចឃាត់គាត់បាន នោះយើងឈប់រារាំងគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ា*បានសម្រេច»។
១៥ លុះផុតថ្ងៃទាំងនោះហើយ យើងបានរៀបចំធ្វើដំណើរ រួចចាប់ផ្ដើមទៅក្រុងយេរូសាឡិម។ ១៦ អ្នកកាន់តាមខ្លះពីក្រុងសេសារៀក៏បានទៅជាមួយនឹងយើងដែរ ដើម្បីនាំយើងទៅឯបុរសដែលនឹងទទួលយើងឲ្យស្នាក់នៅផ្ទះរបស់គាត់។ បុរសនោះឈ្មោះម៉ាណេសុនពីកោះគីប្រុស ដែលជាអ្នកកាន់តាមម្នាក់ពីដើមដំបូង។ ១៧ លុះទៅដល់ក្រុងយេរូសាឡិម បងប្អូនបានទទួលយើងដោយចិត្តសប្បាយ។ ១៨ ប៉ុន្តែថ្ងៃបន្ទាប់មកទៀត ប៉ូលបានចូលទៅជាមួយនឹងយើងដើម្បីជួបយ៉ាកុប+ ហើយបុរសចាស់ទុំទាំងអស់ក៏នៅទីនោះដែរ។ ១៩ ប៉ូលសួរសុខទុក្ខពួកគាត់ ហើយរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់អំពីការទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងចំណោមប្រជាជាតិនានា តាមរយៈកិច្ចបម្រើរបស់គាត់។
២០ ក្រោយពីបានឮការទាំងនោះ ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះ ក៏បាននិយាយទៅប៉ូលថា៖ «បងប្រុសអើយ អ្នកឃើញទេ មានអ្នកជឿរាប់ពាន់នាក់ក្នុងចំណោមជនជាតិយូដា ហើយពួកគាត់ទាំងអស់គ្នាមានចិត្តខ្នះខ្នែងក្នុងការកាន់តាមច្បាប់។*+ ២១ ប៉ុន្តែ ពួកគាត់បានឮពាក្យចចាមអារ៉ាមអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមប្រជាជាតិនានា ឲ្យបោះបង់ចោល*ច្បាប់ម៉ូសេ ដោយហាមពួកគាត់មិនឲ្យកាត់ចុងស្បែក*របស់កូន ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។+ ២២ បើដូច្នេះ តើត្រូវធ្វើដូចម្ដេចទៅ? ពួកគាត់ប្រាកដជានឹងឮថាអ្នកបានមកដល់ហើយ។ ២៣ ហេតុនេះ សូមអ្នកធ្វើតាមពាក្យយើង៖ យើងមានបុរសបួននាក់ដែលជាប់សម្បថ។ ២៤ ចូរយកបុរសទាំងនេះទៅជាមួយនឹងអ្នក ហើយសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ ព្រមទាំងចេញថ្លៃឲ្យពួកគេកោរសក់ផង។ យ៉ាងនេះ មនុស្សទាំងអស់នឹងដឹងថាពាក្យចចាមអារ៉ាមដែលពួកគេបានឮអំពីអ្នកគឺមិនពិតទេ តែពួកគេនឹងដឹងថាអ្នកតែងតែប្រព្រឹត្តអ្វីដែលត្រឹមត្រូវ ហើយក៏ដឹងថាអ្នកកាន់តាមច្បាប់ដែរ។+ ២៥ ចំណែកពួកអ្នកជឿពីចំណោមប្រជាជាតិនានាវិញ យើងបានផ្ញើសេចក្ដីសម្រេចរបស់យើងឲ្យពួកគាត់ គឺឲ្យពួកគាត់ជៀសវាងពីអ្វីដែលបានត្រូវបូជាដល់រូបព្រះ+ ថែមទាំងជៀសវាងពីឈាម+ សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក*+ និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។*+
២៦ លុះស្អែកឡើង ប៉ូលបានយកបុរសទាំងនោះទៅជាមួយ ក៏បានសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ។+ រួចមក គាត់ចូលក្នុងវិហារដើម្បីប្រាប់ឲ្យដឹងថាចំនួនថ្ងៃសម្រាប់ការសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធនោះនឹងត្រូវចប់នៅពេលណា ហើយប្រាប់អំពីពេលណាដែលត្រូវជូនគ្រឿងបូជាសម្រាប់ពួកគេម្នាក់ៗ។
២៧ ពេលដែល៧ថ្ងៃនោះជិតចប់ហើយ ជនជាតិយូដាពីខេត្តអាស៊ី* បានឃើញប៉ូលក្នុងវិហារ ដូច្នេះពួកគេក៏ធ្វើឲ្យបណ្ដាជនជ្រួលច្របល់ រួចពួកគេចាប់គាត់។ ២៨ ពួកគេស្រែកថា៖ «ជនជាតិអ៊ីស្រាអែលអើយ! សូមជួយផង! គឺបុរសនេះឯងដែលបង្រៀនមនុស្សទាំងអស់នៅគ្រប់កន្លែងឲ្យប្រឆាំងជាតិយើង ប្រឆាំងច្បាប់របស់យើង និងប្រឆាំងកន្លែងនេះ។ គាត់ថែមទាំងយកពួកក្រិចចូលក្នុងវិហារនាំឲ្យកន្លែងបរិសុទ្ធនេះទៅជាស្មោកគ្រោកទៀតផង»។+ ២៩ ព្រោះពីមុនពួកគេបានឃើញត្រូភីមឹស+ពីក្រុងអេភេសូរនៅជាមួយនឹងប៉ូលក្នុងក្រុង ដូច្នេះពួកគេសន្និដ្ឋានថាប៉ូលបាននាំគាត់ចូលក្នុងវិហារ។ ៣០ រួចមក ក្រុងទាំងមូលពេញទៅដោយភាពជ្រួលច្របល់ ហើយបណ្ដាជនបានរត់មកចាប់ប៉ូល រួចអូសគាត់ចេញទៅក្រៅវិហារ ហើយភ្លាមនោះ ទ្វារវិហារក៏បានត្រូវបិទ។ ៣១ កាលដែលពួកគេកំពុងប៉ុនប៉ងសម្លាប់គាត់ មេបញ្ជាការកងទ័ពបានទទួលដំណឹងថាក្រុងយេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ ៣២ ដូច្នេះ គាត់ប្រញាប់នាំកូនទាហាននិងនាយទាហានមួយចំនួន រត់ចុះទៅឯពួកគេ។ ពេលដែលពួកគេក្រឡេកទៅឃើញមេបញ្ជាការកងទ័ពនិងពួកទាហាន នោះពួកគេក៏ឈប់វាយប៉ូល។
៣៣ បន្ទាប់មក មេបញ្ជាការនោះចូលមកជិត ហើយចាប់ប៉ូល ដោយបង្គាប់ឲ្យយកច្រវាក់ពីរមកចងគាត់។+ ក្រោយមក មេបញ្ជាការចាប់ផ្ដើមសួរឲ្យដឹងថាគាត់ជាអ្នកណា ហើយគាត់បានធ្វើអ្វី។ ៣៤ ប៉ុន្តែ អ្នកខ្លះក្នុងបណ្ដាជនចាប់ផ្ដើមស្រែកយ៉ាងនេះ អ្នកខ្លះទៀតស្រែកយ៉ាងនោះ។ ដោយសារមានភាពចលាចលដូច្នេះ គាត់មិនអាចទទួលព័ត៌មានច្បាស់លាស់ទេ។ ម្ល៉ោះហើយ គាត់បង្គាប់ឲ្យយកប៉ូលទៅប៉ុស្តិ៍ទាហាន។ ៣៥ ប៉ុន្តែ ពេលដែលគាត់បានទៅដល់ជណ្ដើរប៉ុស្តិ៍ទាហាន នោះបណ្ដាជនក៏បញ្ចេញភាពឃោរឃៅខ្លាំងដល់ម្ល៉េះ បានជាពួកទាហានត្រូវគ្រាហ៍គាត់ឡើងទៅលើ ៣៦ ព្រោះមនុស្សច្រើនសន្ធឹកចេះតែទៅតាម ដោយស្រែកឡើងថា៖ «សម្លាប់អ្នកនោះចោលទៅ!»។
៣៧ កាលដែលគេហៀបនឹងនាំគាត់ចូលប៉ុស្តិ៍ទាហាន ប៉ូលនិយាយទៅមេបញ្ជាការថា៖ «តើខ្ញុំអាចនិយាយជាមួយនឹងលោកបន្តិចបានទេ?»។ មេបញ្ជាការសួរគាត់ថា៖ «តើអ្នកចេះនិយាយភាសាក្រិចទេ? ៣៨ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលបានបំបះបំបោរបណ្ដាជន ហើយនាំបុរស៤.០០០នាក់ប្រដាប់ដោយកាំបិតស្នៀតចេញទៅតំបន់ស្ងាត់ជ្រងំទេឬ?»។ ៣៩ ប៉ូលតបថា៖ «ខ្ញុំជាជនជាតិយូដា+ ពីក្រុងតើសុស+ក្នុងស្រុកស៊ីលីស៊ី ជាពលរដ្ឋនៃក្រុងដ៏ល្បីឈ្មោះ។ ដូច្នេះ ខ្ញុំសូមអង្វរលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់បណ្ដាជន»។ ៤០ បន្ទាប់ពីទទួលការអនុញ្ញាតពីមេបញ្ជាការ នោះប៉ូលឈរលើជណ្ដើរលើកដៃធ្វើសញ្ញាទៅបណ្ដាជន។ ពេលពួកគេស្ងាត់ច្រៀប គាត់ក៏និយាយភាសាហេប្រឺ+ទៅកាន់ពួកគេថា៖