ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី
៥ គ្រិស្តបានរំដោះយើង ដើម្បីឲ្យមានសេរីភាពបែបនោះ។ ម្ល៉ោះហើយ ចូរកាន់ជំហរមាំមួន+ កុំឲ្យអ្នកណាដាក់នឹមលើអ្នករាល់គ្នាឲ្យធ្វើជាខ្ញុំបម្រើម្ដងទៀតឡើយ។+
២ មើល! ខ្ញុំ ប៉ូល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលការកាត់ចុងស្បែក* នោះអ្វីៗដែលគ្រិស្តបានធ្វើនឹងគ្មានប្រយោជន៍ចំពោះអ្នករាល់គ្នាទេ។+ ៣ ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតដល់បុរសទាំងអស់ដែលបានទទួលការកាត់ចុងស្បែកថា អ្នករាល់គ្នាក៏មានកាតព្វកិច្ចបំពេញតាមច្បាប់*ទាំងមូលដែរ។+ ៤ អ្នកណាដែលខំព្យាយាមឲ្យព្រះប្រកាសថាខ្លួនជាមនុស្សសុចរិត ដោយកាន់តាមច្បាប់+ អ្នកនោះបានឃ្លាតចេញពីគ្រិស្តនិងគុណដ៏វិសេសលើសលប់របស់លោកហើយ។ ៥ ចំណែកយើងវិញ ដោយឫទ្ធានុភាពរបស់ព្រះ យើងកំពុងទន្ទឹងចាំដោយចិត្តរំភើប ហើយយើងសង្ឃឹមថានឹងបានទទួលភាពសុចរិតទាំងស្រុងដោយសារជំនឿរបស់យើង។ ៦ ព្រោះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ ការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ចំពោះលោកឡើយ។+ ប៉ុន្តែ អ្វីដែលសំខាន់គឺជំនឿដែលផុសចេញពីសេចក្ដីស្រឡាញ់។
៧ កន្លងមកអ្នករាល់គ្នាបានប្រព្រឹត្តយ៉ាងល្អ។*+ តើអ្នកណាបានរារាំងអ្នករាល់គ្នាមិនឲ្យបន្តធ្វើតាមសេចក្ដីពិត? ៨ ការវែកញែកបែបនេះមិនមែនមកពីព្រះដែលកំពុងហៅអ្នករាល់គ្នាទេ។ ៩ ដំបែតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង។+ ១០ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាដែលជាអ្នកកាន់តាមលោកម្ចាស់+នឹងមិនមានគំនិតផ្សេងទេ។ ប៉ុន្តែ អ្នកណាដែលកំពុងធ្វើឲ្យអ្នករាល់គ្នាពិបាក+ អ្នកនោះនឹងទទួលការផ្ដន្ទាទោស ទោះជាអ្នកនោះជាអ្នកណាក៏ដោយ។ ១១ បងប្អូនអើយ ចំណែកខ្ញុំវិញ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេទទួលការកាត់ចុងស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? បើដូច្នោះ សេចក្ដីបង្រៀនអំពីបង្គោលទារុណកម្ម*+ មិនមែនជាឧបសគ្គដែលនាំឲ្យជំពប់ដួល*ទៀតទេ។ ១២ ខ្ញុំអរណាស់ បើបុរសទាំងនោះដែលកំពុងខំប្រឹងបង្វិលខួរអ្នករាល់គ្នា ប្រគល់ខ្លួនទៅឲ្យគេគ្រៀវ*នោះ។
១៣ ពិតមែនតែបងប្អូនបានត្រូវហៅមកដើម្បីឲ្យមានសេរីភាព តែកុំប្រើសេរីភាពនេះជាឱកាសដើម្បីបំពេញតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយឡើយ។+ ប៉ុន្តែ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។+ ១៤ ព្រោះច្បាប់ទាំងមូលបានត្រូវសម្រេច*ដោយបញ្ញត្ដិតែមួយ ពោលគឺ«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។+ ១៥ ប្រសិនបើអ្នករាល់គ្នាចេះតែប្រខាំនិងត្របាក់គ្នាទៅវិញទៅមក+ នោះចូរប្រយ័ត្ន ក្រែងលោត្រូវវិនាសដោយសារតែគ្នាឯង។+
១៦ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរឲ្យឫទ្ធានុភាពរបស់ព្រះបន្តដឹកនាំអ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងមិនបំពេញតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយឡើយ។+ ១៧ ព្រោះសេចក្ដីប៉ងប្រាថ្នានៃរូបកាយប្រឆាំងឫទ្ធានុភាពរបស់ព្រះ ហើយឫទ្ធានុភាពរបស់ព្រះប្រឆាំងសេចក្ដីប៉ងប្រាថ្នានៃរូបកាយ។ ទាំងពីរនេះគឺប្រទាំងគ្នាជានិច្ច។ ហេតុនេះ អ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ អ្នកបែរជាមិនធ្វើទៅវិញ។+ ១៨ ម្យ៉ាងទៀត ប្រសិនបើឫទ្ធានុភាពរបស់ព្រះកំពុងដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមច្បាប់ឡើយ។
១៩ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺសឲ្យឃើញជាក់ស្ដែង ពោលគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អំពើស្មោកគ្រោក ការប្រព្រឹត្តដោយឥតកោតក្រែង*+ ២០ ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់+ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ការទាស់ទែងគ្នា ការបែកបាក់គ្នា ការបែកជានិកាយផ្សេងៗ ២១ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង+ ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីៗដែលស្រដៀងនឹងការទាំងនេះ។+ អំពីការទាំងនេះ ខ្ញុំកំពុងព្រមានអ្នករាល់គ្នាទុកជាមុន ដូចខ្ញុំបានព្រមានអ្នករាល់គ្នាហើយថា អស់អ្នកដែលប្រព្រឹត្ត*ការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។+
២២ ក៏ប៉ុន្តែ ផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះគឺ សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត* ចិត្តអត់ធ្មត់* សេចក្ដីសប្បុរស គុណធម៌+ ជំនឿ ២៣ ចិត្តស្លូតបូត ការចេះទប់ចិត្ត។+ គ្មានច្បាប់ណាប្រឆាំងអ្វីៗបែបនេះឡើយ។ ២៤ ម្យ៉ាងទៀត អ្នកដែលជារបស់គ្រិស្តយេស៊ូបានព្យួររូបកាយ* និងសេចក្ដីប៉ងប្រាថ្នា ព្រមទាំងតណ្ហារបស់រូបកាយហើយ។+
២៥ ប្រសិនបើយើងកំពុងរស់នៅស្របតាមការដឹកនាំនៃឫទ្ធានុភាពរបស់ព្រះ ចូរយើងបន្តប្រព្រឹត្តតាមការដឹកនាំនៃឫទ្ធានុភាពនោះ។+ ២៦ កុំឲ្យយើងទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ+ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា+ និងដោយឈ្នានីសគ្នាទៅវិញទៅមកឡើយ។