អត្ថបទសិក្សា ២៨
ចូរជៀសវាងពីការប្រកួតប្រជែងគ្នា តែធ្វើឲ្យមានសន្តិភាព
«កុំឲ្យយើងទៅជាមនុស្សដែលលើកខ្លួនហួសប្រមាណ ដោយបង្កើតឲ្យមានការប្រកួតប្រជែងគ្នា និងដោយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។—កាឡ. ៥:២៦
ចម្រៀងលេខ១០១ ចូរបម្រើដោយសាមគ្គីភាព
សេចក្ដីសង្ខេបa
១. តើការប្រកួតប្រជែងគ្នាអាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្ស?
នៅក្នុងពិភពលោកសព្វថ្ងៃនេះ ការប្រកួតប្រជែងគ្នាជំរុញចិត្តមនុស្សជាច្រើនឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ជាឧទាហរណ៍ អ្នកជំនួញម្នាក់ចង់ទទួលជោគជ័យច្រើនជាងអ្នកជំនួញឯទៀត ដូច្នេះគាត់ធ្វើអ្វីៗដែលនាំឲ្យអ្នកឯទៀតរងទុក្ខ។ ដើម្បីឈ្នះការប្រកួត កីឡាករម្នាក់ធ្វើឲ្យកីឡាករម្នាក់ទៀតដែលនៅក្រុមផ្សេងរងរបួស។ សិស្សម្នាក់លួចបន្លំពេលប្រឡងដើម្បីអាចចូលសកលវិទ្យាល័យដែលមានឈ្មោះល្បី។ ជាគ្រិស្តសាសនិក យើងទទួលស្គាល់ថាការប្រព្រឹត្តបែបនេះគឺខុស ហើយវានៅក្នុងចំណោម«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»។ (កាឡ. ៥:១៩-២១) ប៉ុន្តែ តើអ្នកបម្រើរបស់ព្រះយេហូវ៉ាខ្លះប្រហែលជាធ្វើឲ្យមានការប្រកួតប្រជែងគ្នានៅក្នុងក្រុមជំនុំដោយមិនដឹងខ្លួនឬទេ? សំណួរនេះគឺសំខាន់ ដោយសារការប្រកួតប្រជែងគ្នាអាចមានឥទ្ធិពលទៅលើសាមគ្គីភាពរបស់យើងជាបងប្អូនរួមជំនឿ។
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគុណវិបត្តិដែលអាចនាំឲ្យយើងប្រកួតប្រជែងនឹងបងប្អូន។ យើងក៏នឹងពិចារណាអំពីគំរូរបស់បុរសស្ត្រីដ៏ស្មោះត្រង់នៅសម័យគម្ពីរដែលមិនព្យាយាមប្រកួតប្រជែងនឹងអ្នកឯទៀត។ មុនដំបូង សូមយើងគិតអំពីរបៀបដែលយើងអាចពិនិត្យពិចារណាអំពីបំណងចិត្តរបស់យើង។
ចូរពិនិត្យពិចារណាអំពីបំណងចិត្តរបស់អ្នក
៣. តើយើងគួរសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
៣ ម្ដងម្កាល គឺជាការល្អដែលយើងពិនិត្យពិចារណាអំពីបំណងចិត្តរបស់យើង។ យើងអាចសួរខ្លួនថា ‹តើខ្ញុំវាយតម្លៃខ្លួនដោយប្រៀបធៀបខ្លួនជាមួយអ្នកឯទៀតឬទេ? តើខ្ញុំខំប្រឹងក្នុងក្រុមជំនុំ ដោយសារខ្ញុំចង់ធ្វើជាបុគ្គលលេចធ្លោ ឬប្រសើរជាងគេឬទេ? ឬតើខ្ញុំចង់បម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព?›។ ហេតុអ្វីយើងគួរសួរសំណួរទាំងនេះ? សូមកត់សម្គាល់អំពីអ្វីដែលបណ្ដាំរបស់ព្រះចែង។
៤. ដូចដែលបានត្រូវរៀបរាប់នៅកាឡាទី ៦:៣, ៤ ហេតុអ្វីយើងមិនគួរប្រៀបធៀបខ្លួននឹងអ្នកឯទៀត?
៤ គម្ពីរប្រាប់យើងថា យើងមិនគួរប្រៀបធៀបខ្លួននឹងអ្នកឯទៀតទេ។ (សូមអាន កាឡាទី ៦:៣, ៤) ហេតុអ្វី? មូលហេតុមួយគឺបើយើងគិតថាយើងគ្រាន់បើជាងអ្នកឯទៀត យើងអាចចាប់ផ្ដើមមានអំណួត។ ប៉ុន្តែ បើយើងគិតថាយើងអន់ជាងអ្នកឯទៀត យើងទំនងជានឹងធ្លាក់ទឹកចិត្ត។ របៀបគិតគូរទាំងពីរនេះមិនប្រកបដោយប្រាជ្ញាទេ។ (រ៉ូម ១២:៣) បងស្រីម្នាក់ឈ្មោះខាតារីណាbដែលរស់នៅប្រទេសក្រិក និយាយថា៖ «ខ្ញុំធ្លាប់ប្រៀបធៀបខ្លួននឹងអ្នកដែលស្អាតជាង ពូកែផ្សព្វផ្សាយជាង និងមានមិត្តភក្ដិច្រើនជាង។ ដូច្នេះហើយ ខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ»។ យើងត្រូវចាំថា ព្រះយេហូវ៉ាទាញនាំយើងមកឯលោក មិនមែនដោយសារយើងស្អាត ពូកែនិយាយ ឬមានគេចូលចិត្តច្រើននោះទេ។ ប៉ុន្តែ ដោយសារយើងចង់ស្រឡាញ់លោកនិងស្ដាប់បុត្ររបស់លោក។—យ៉ូន. ៦:៤៤; ១កូ. ១:២៦-៣១
៥. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងហ៊ុន?
៥ សំណួរមួយទៀតដែលយើងអាចសួរខ្លួនគឺ ‹តើខ្ញុំមានកេរ្តិ៍ឈ្មោះជាអ្នកធ្វើឲ្យមានសន្តិភាព ឬក៏តើខ្ញុំច្រើនតែឈ្លោះប្រកែកជាមួយអ្នកឯទៀត?›។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសជាអ្នកចាស់ទុំម្នាក់ឈ្មោះហ៊ុនដែលរស់នៅប្រទេសកូរ៉េខាងត្បូង។ នៅពេលមួយ គាត់ចាត់ទុកបងប្អូនខ្លះដែលមានឯកសិទ្ធិជាគូប្រជែង។ គាត់និយាយថា៖ «ខ្ញុំរិះគន់បងប្រុសទាំងនោះ ហើយខ្ញុំច្រើនតែមិនឯកភាពនឹងអ្វីដែលពួកគេនិយាយ»។ តើនេះនាំឲ្យមានលទ្ធផលយ៉ាងណា? គាត់សារភាពថា៖ «ចិត្តគំនិតរបស់ខ្ញុំបានធ្វើឲ្យក្រុមជំនុំលែងមានសាមគ្គីភាព»។ មិត្តភក្ដិខ្លះរបស់បងហ៊ុនបានជួយគាត់ឲ្យយល់ថា នេះជាបញ្ហាមួយដែលគាត់ត្រូវតែចាត់វិធានការ។ បងហ៊ុនបានធ្វើការផ្លាស់ប្ដូរដែលចាំបាច់ ហើយសព្វថ្ងៃនេះគាត់បម្រើជាអ្នកចាស់ទុំដ៏ល្អម្នាក់។ បើយើងឃើញថា យើងមានទំនោរចិត្តចង់ប្រកួតប្រជែងជាជាងធ្វើឲ្យមានសន្តិភាព យើងត្រូវចាត់វិធានការ។
ចូរប្រយ័ត្នកុំលើកខ្លួនហួសប្រមាណនិងឈ្នានីសគ្នា
៦. យោងទៅតាមកាឡាទី ៥:២៦ តើគុណវិបត្តិអ្វីខ្លះធ្វើឲ្យមានការប្រកួតប្រជែងគ្នា?
៦ សូមអាន កាឡាទី ៥:២៦។ តើគុណវិបត្តិអ្វីខ្លះអាចនាំឲ្យមានការប្រកួតប្រជែងគ្នា? មួយគឺការលើកខ្លួនហួសប្រមាណ។ មនុស្សដែលលើកខ្លួនហួសប្រមាណមានអំណួតនិងគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ គុណវិបត្តិមួយទៀត គឺការឈ្នានីសគ្នា។ មនុស្សដែលឈ្នានីសមិនគ្រាន់តែចង់បានអ្វីដែលអ្នកឯទៀតមានប៉ុណ្ណោះទេ ប៉ុន្តែក៏មិនចង់ឲ្យអ្នកនោះមានអ្វីទាំងនោះដែរ។ តាមការពិត បើបុគ្គលម្នាក់ឈ្នានីសអ្នកឯទៀត នោះបង្ហាញថាគាត់ស្អប់អ្នកនោះ។ យើងពិតជាមិនចង់មានគុណវិបត្តិទាំងនេះជាដាច់ខាត!
៧. តើឧទាហរណ៍អ្វីបង្ហាញអំពីមូលហេតុដែលការលើកខ្លួនហួសប្រមាណនិងការឈ្នានីសគឺអាក្រក់?
៧ ការលើកខ្លួនហួសប្រមាណនិងការឈ្នានីសគ្នា អាចប្រដូចទៅនឹងកណ្ដៀរដែលស៊ីឈើផ្ទះ។ មិនថាផ្ទះនោះស្អាតយ៉ាងណាទេ បើវាមានកណ្ដៀរស៊ី យូរៗទៅផ្ទះនោះនឹងរលំ។ ស្រដៀងគ្នាដែរ បុគ្គលណាម្នាក់ប្រហែលជាបម្រើព្រះយេហូវ៉ាអស់មួយរយៈពេល។ ប៉ុន្តែ បើគាត់ឈ្នានីសនិងលើកខ្លួនហួសប្រមាណ គាត់នឹងវិនាស។ (សុភ. ១៦:១៨) គាត់នឹងឈប់បម្រើព្រះយេហូវ៉ា ហើយនឹងធ្វើឲ្យខ្លួនឯងនិងអ្នកឯទៀតរងទុក្ខ។ ប៉ុន្តែ តើយើងអាចជៀសវាងពីការលើកខ្លួនហួសប្រមាណនិងការឈ្នានីសយ៉ាងដូចម្ដេច?
៨. តើយើងអាចតយុទ្ធនឹងការលើកខ្លួនហួសប្រមាណយ៉ាងដូចម្ដេច?
៨ យើងអាចតយុទ្ធនឹងការលើកខ្លួនហួសប្រមាណ ដោយធ្វើតាមយោបល់របស់សាវ័កប៉ូលទៅកាន់បងប្អូននៅក្រុងភីលីព ដែលថា៖ «មិនត្រូវធ្វើអ្វីក្នុងបំណងទាស់នឹងអ្នកឯទៀត ឬលើកខ្លួនហួសប្រមាណឡើយ។ ប៉ុន្តែ ចូរមានចិត្តរាបទាបដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ (ភី. ២:៣) បើយើងចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន យើងនឹងមិនប្រកួតប្រជែងនឹងពួកអ្នកដែលមានទេពកោសល្យនិងសមត្ថភាពច្រើនជាងយើងឡើយ។ ផ្ទុយទៅវិញ យើងនឹងសប្បាយចិត្តចំពោះពួកគេ។ ជាពិសេសបើពួកគេប្រើសមត្ថភាពរបស់ពួកគេក្នុងកិច្ចបម្រើព្រះយេហូវ៉ាដើម្បីនាំឲ្យលោកទទួលការសរសើរ។ ម្យ៉ាងទៀត បើបងប្អូនដែលមានសមត្ថភាពទាំងនោះធ្វើតាមយោបល់របស់ប៉ូល ពួកគេនឹងផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់យើង។ ជាលទ្ធផល យើងទាំងអស់គ្នានឹងធ្វើឲ្យមានសេចក្ដីសុខសាន្តនិងសាមគ្គីភាពក្នុងក្រុមជំនុំ។
៩. តើយើងអាចគ្រប់គ្រងទំនោរចិត្តរបស់យើងដែលចង់ឈ្នានីសតាមរបៀបណា?
៩ យើងអាចគ្រប់គ្រងទំនោរចិត្តរបស់យើងដែលចង់ឈ្នានីស ដោយបណ្ដុះឲ្យមានចិត្តសុភាពរាបទាប ឬស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន។ បើយើងមានចិត្តសុភាពរាបទាប យើងនឹងមិនព្យាយាមបង្ហាញថាយើងមានសមត្ថភាពឬទេពកោសល្យជាងអ្នកឯទៀតទេ។ ផ្ទុយទៅវិញ យើងនឹងស្វែងរកវិធីដែលយើងអាចរៀនពីពួកអ្នកដែលមានសមត្ថភាពច្រើនជាងយើង។ ឧបមាថា បងប្រុសម្នាក់ក្នុងក្រុមជំនុំថ្លែងសុន្ទរកថាសាធារណៈយ៉ាងពូកែ។ យើងអាចសួរគាត់អំពីរបៀបដែលគាត់រៀបចំសុន្ទរកថារបស់គាត់។ បើបងស្រីម្នាក់ប៉ិនធ្វើម្ហូប យើងអាចសុំយោបល់គាត់ដើម្បីជួយយើងឲ្យចេះធ្វើម្ហូបឆ្ងាញ់ដែរ។ ម្យ៉ាងទៀត បើគ្រិស្តសាសនិកវ័យក្មេងម្នាក់ពិបាករកមិត្តភក្ដិ គាត់អាចសុំយោបល់ពីបងប្អូនណាម្នាក់ដែលមានមិត្តភក្ដិច្រើន។ យ៉ាងនេះ យើងអាចជៀសវាងពីការឈ្នានីស ហើយបង្កើនសមត្ថភាពរបស់ខ្លួន។
ចូររៀនពីគំរូក្នុងគម្ពីរ
១០. តើគេឌានជួបការពិបាកអ្វី?
១០ សូមគិតអំពីអ្វីដែលបានកើតឡើងរវាងគេឌានដែលមកពីកុលសម្ព័ន្ធម៉ាណាសេ និងពួកបុរសនៃកុលសម្ព័ន្ធអេប្រាអ៊ីម។ គេឌាននិងពួកបុរស៣០០នាក់បានទទួលជ័យជម្នះដ៏អស្ចារ្យដោយមានជំនួយពីព្រះយេហូវ៉ា ហើយនេះជាហេតុឲ្យពួកគេមានមោទនភាពក្រៃលែង។ ពួកបុរសនៃកុលសម្ព័ន្ធអេប្រាអ៊ីមបានជួបគេឌាន មិនមែនដើម្បីសរសើរគាត់ទេ តែដើម្បីរករឿងគាត់វិញ។ តាមមើលទៅ ពួកគេខឹង ដោយសារគេឌានមិនបានហៅពួកគេតាំងពីដំបូងឲ្យចូលរួមក្នុងការប្រយុទ្ធនឹងសត្រូវរបស់ព្រះ។ ពួកគេផ្ដោតអារម្មណ៍ទៅលើការការពារកេរ្តិ៍ឈ្មោះរបស់កុលសម្ព័ន្ធខ្លួន រហូតដល់ពួកគេភ្លេចរឿងសំខាន់ជាង គឺគេឌានបានជួយលើកតម្កើងនាមព្រះយេហូវ៉ានិងការពាររាស្ត្ររបស់លោក។—អសក. ៨:១
១១. តើគេឌាននិយាយយ៉ាងណាទៅកាន់ពួកបុរសនៃកុលសម្ព័ន្ធអេប្រាអ៊ីម?
១១ គេឌានបាននិយាយដោយចិត្តរាបទាបទៅកាន់ពួកបុរសនៃកុលសម្ព័ន្ធអេប្រាអ៊ីមថា៖ «តើអ្វីដែលខ្ញុំធ្វើអាចប្រៀបស្មើនឹងអ្វីដែលអ្នករាល់គ្នាធ្វើឬ?»។ បន្ទាប់មក គាត់បានរំលឹកពួកគេអំពីរបៀបមួយដែលព្រះយេហូវ៉ាបានឲ្យពរដល់ពួកគេ។ ជាលទ្ធផល ពួកបុរសទាំងនោះ«ក៏ត្រជាក់ចិត្តវិញ»។ (អសក. ៨:២, ៣) គេឌានសុខចិត្តបន្ទាបខ្លួនដើម្បីរក្សាសន្តិភាពក្នុងចំណោមរាស្ត្រព្រះ។
១២. តើយើងរៀនអ្វីពីគំរូរបស់ពួកអេប្រាអ៊ីមនិងគេឌាន?
១២ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះ? យើងរៀនពីគំរូរបស់ពួកកុលសម្ព័ន្ធអេប្រាអ៊ីមថា យើងមិនគួរផ្ដោតអារម្មណ៍ទៅលើការការពារកេរ្តិ៍ឈ្មោះរបស់យើងច្រើនជាងការលើកកិត្តិយសព្រះយេហូវ៉ាទេ។ ម្យ៉ាងទៀត ក្នុងនាមជាប្រមុខគ្រួសារនិងអ្នកចាស់ទុំ យើងអាចរៀនមេរៀនពីគេឌាន។ បើបងប្អូនណាម្នាក់ទើសចិត្តនឹងអ្វីដែលយើងបានធ្វើ យើងគួរព្យាយាមយល់អំពីទស្សនៈរបស់គាត់។ យើងក៏អាចសរសើរគាត់ចំពោះអ្វីល្អដែលគាត់បានធ្វើ។ នេះតម្រូវឲ្យយើងមានចិត្តរាបទាប ជាពិសេសបើបុគ្គលនោះគឺជាអ្នកខុស។ ប៉ុន្តែ សន្តិភាពគឺសំខាន់ជាងការបង្ហាញថាយើងត្រឹមត្រូវ។
១៣. តើហាណាមានការពិបាកអ្វី ហើយតើគាត់បានយកឈ្នះបញ្ហានោះយ៉ាងដូចម្ដេច?
១៣ សូមគិតដែរអំពីគំរូរបស់ហាណា។ គាត់បានរៀបការជាមួយនឹងលេវីម្នាក់ឈ្មោះអេលកាណា ដែលស្រឡាញ់គាត់ខ្លាំងណាស់។ ប៉ុន្តែ អេលកាណាមានប្រពន្ធម្នាក់ទៀតឈ្មោះផេនីណា។ អេលកាណាស្រឡាញ់ហាណាជាងផេនីណា។ ទោះជាយ៉ាងនោះក៏ដោយ «ផេនីណាមានកូន តែហាណាគ្មានកូនទេ»។ ហេតុនេះហើយ ផេនីណា«រករឿងឈ្នានីសហាណាឥតឈប់ឈរ។ នេះបានធ្វើឲ្យហាណាឈឺចិត្តខ្លាំងណាស់»។ តើហាណាមានប្រតិកម្មយ៉ាងណា? គាត់ឈឺចិត្តខ្លាំងដល់ម្ល៉េះ‹បានជាគាត់យំ ហើយមិនព្រមបរិភោគទេ›។ (១សាំ. ១:២, ៦, ៧) គម្ពីរមិនចែងថា ហាណាព្យាយាមសងសឹកផេនីណាឡើយ។ ផ្ទុយទៅវិញ គាត់អធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ត ហើយមានទំនុកចិត្តថាលោកនឹងជួយគាត់។ តើផេនីណាឈប់រករឿងហាណាឬទេ? គម្ពីរមិនបានចែងទេ។ ប៉ុន្តែ យើងដឹងថា ហាណាបានទទួលសេចក្ដីសុខសាន្តក្នុងចិត្តឡើងវិញ ហើយបានរក្សាសេចក្ដីសុខសាន្តនោះ។ គាត់ក៏«លែងមានទឹកមុខព្រួយទៀត»។—១សាំ. ១:១០, ១៨
១៤. តើយើងរៀនអ្វីពីគំរូរបស់ហាណា?
១៤ តើយើងអាចរៀនអ្វីពីគំរូរបស់ហាណា? បើបុគ្គលណាម្នាក់ព្យាយាមធ្វើឲ្យខ្លួនគាត់ប្រសើរជាងអ្នក អ្នកមិនចាំបាច់ប្រកួតប្រជែងនឹងគាត់ដើម្បីបង្ហាញថាអ្នកប្រសើរជាងគាត់នោះទេ។ ជាជាងតបស្នងការអាក្រក់ដល់អ្នកដែលបានធ្វើអាក្រក់ ចូរព្យាយាមធ្វើឲ្យមានសន្តិភាពជាមួយអ្នកនោះ។ (រ៉ូម ១២:១៧-២១) ទោះជាគាត់មិនកែប្រែក៏ដោយ អ្នកនឹងរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត។
១៥. តើអាប៉ូឡុសនិងប៉ូលមានចំណុចស្រដៀងគ្នាអ្វីខ្លះ?
១៥ ចុងក្រោយ សូមគិតអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់អាប៉ូឡុសជាអ្នកកាន់តាមលោកយេស៊ូ និងគំរូរបស់សាវ័កប៉ូល។ បុរសទាំងពីរនាក់នេះស្គាល់បទគម្ពីរយ៉ាងច្បាស់។ ពួកគាត់ពូកែបង្រៀនអ្នកឯទៀត ហើយបងប្អូនជាច្រើនស្គាល់ពួកគាត់។ ម្យ៉ាងទៀត ពួកគាត់បានជួយមនុស្សជាច្រើនឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូ។ ប៉ុន្តែទាំងអាប៉ូឡុសទាំងប៉ូលមិនបានចាត់ទុកគ្នាថាជាគូប្រជែងទេ។
១៦. តើអាប៉ូឡុសជាមនុស្សបែបណា?
១៦ អាប៉ូឡុសជា«អ្នកក្រុងអាឡិចសង់ទ្រា» ដែលជាក្រុងដ៏ល្បីខាងការអប់រំនៅសតវត្សរ៍ទី១។ តាមមើលទៅ គាត់ជាមនុស្សប្រសប់និយាយ ហើយ«ស្គាល់បទគម្ពីរច្បាស់»។ (សកម្ម. ១៨:២៤) ពេលអាប៉ូឡុសបានបម្រើនៅក្រុងកូរិនថូស បងប្អូនខ្លះនៅក្នុងក្រុមជំនុំបង្ហាញថាពួកគេចូលចិត្តគាត់ជាងបងប្រុសផ្សេងទៀត រួមទាំងប៉ូលដែរ។ (១កូ. ១:១២, ១៣) តើអាប៉ូឡុសជាអ្នកធ្វើឲ្យបងប្អូនមានចិត្តគំនិតបែកបាក់គ្នាឬទេ? គាត់ទំនងជាមិនបានធ្វើដូច្នេះទេ។ តាមពិត មួយរយៈពេលក្រោយពីអាប៉ូឡុសបានចាកចេញពីក្រុងកូរិនថូស ប៉ូលបានលើកទឹកចិត្តគាត់ឲ្យត្រឡប់ទៅទីនោះវិញ។ (១កូ. ១៦:១២) ប៉ូលនឹងមិនធ្វើដូច្នេះទេ បើគាត់មានអារម្មណ៍ថាអាប៉ូឡុសធ្វើឲ្យក្រុមជំនុំបែកបាក់គ្នា។ អាប៉ូឡុសបានប្រើសមត្ថភាពរបស់គាត់តាមរបៀបដ៏ល្អ គឺផ្សព្វផ្សាយដំណឹងល្អនិងពង្រឹងកម្លាំងរបស់បងប្អូនរួមជំនឿ។ យើងក៏អាចជឿជាក់ថាអាប៉ូឡុសជាមនុស្សមានចិត្តរាបទាប។ ជាឧទាហរណ៍ គម្ពីរមិនចែងថា គាត់បានទើសចិត្តពេលអាគីឡានិងព្រីស៊ីល«ពន្យល់អំពីផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង»ឡើយ។—សកម្ម. ១៨:២៤-២៨
១៧. តើប៉ូលធ្វើឲ្យមានសន្តិភាពយ៉ាងដូចម្ដេច?
១៧ សាវ័កប៉ូលដឹងអំពីកិច្ចការល្អដែលអាប៉ូឡុសបានធ្វើ។ ប៉ុន្តែ ប៉ូលមិនខ្លាចថាអ្នកឯទៀតនឹងគិតថាអាប៉ូឡុសប្រសើរជាងគាត់ទេ។ ចិត្តសុភាពរាបទាបនិងគំនិតសមហេតុសមផលរបស់ប៉ូល សឲ្យឃើញក្នុងយោបល់ដែលគាត់បានឲ្យដល់ក្រុមជំនុំនៅក្រុងកូរិនថូស។ ជាជាងសប្បាយចិត្តចំពោះពួកអ្នកដែលនិយាយថា«ខ្ញុំកាន់តាមប៉ូល» គាត់បានឲ្យការសរសើរទាំងអស់ទៅព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។—១កូ. ៣:៣-៦
១៨. តើយើងរៀនអ្វីពីកូរិនថូសទី១ ៤:៦, ៧អំពីគំរូរបស់អាប៉ូឡុសនិងប៉ូល?
១៨ តើយើងអាចរៀនអ្វីពីគំរូរបស់អាប៉ូឡុសនិងប៉ូល? យើងប្រហែលជាខំព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយយើងប្រហែលជាជួយមនុស្សជាច្រើនឲ្យរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។ ប៉ុន្តែ យើងយល់ថាអ្វីទាំងនេះអាចកើតឡើងបាន ដោយសារតែព្រះយេហូវ៉ាជួយយើង។ យើងរៀនមេរៀនមួយទៀតពីគំរូរបស់អាប៉ូឡុសនិងប៉ូលថា ពេលយើងកាន់តែមានភារកិច្ចក្នុងក្រុមជំនុំ យើងកាន់តែមានឱកាសធ្វើឲ្យមានសន្តិភាព។ យើងសប្បាយចិត្តពេលពួកអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើធ្វើឲ្យមានសន្តិភាពនិងសាមគ្គីភាព ដោយឲ្យយោបល់ដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ និងដោយមិនផ្ដោតអារម្មណ៍លើខ្លួនឯង តែទៅលើអ្នកដែលជាគំរូយើង គឺលោកយេស៊ូគ្រិស្ត។—សូមអាន កូរិនថូសទី១ ៤:៦, ៧
១៩. តើយើងម្នាក់ៗអាចធ្វើអ្វី? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា«ចូរជៀសវាងពីការប្រកួតប្រជែងគ្នា»)
១៩ យើងម្នាក់ៗមានសមត្ថភាពឬទេពកោសល្យខ្លះៗពីព្រះ។ យើងអាចប្រើអំណោយនោះដើម្បី«បម្រើគ្នាទៅវិញទៅមក»។ (១ពេ. ៤:១០) យើងប្រហែលជាមានអារម្មណ៍ថាអ្វីដែលយើងធ្វើមិនសំខាន់ទេ។ ប៉ុន្តែ ការប្រព្រឹត្តតូចតាចដែលធ្វើឲ្យមានសាមគ្គីភាពគឺប្រៀបដូចជាថ្នេរតូចៗដែលភ្ជាប់គ្នាទៅជាសម្លៀកបំពាក់។ សូមយើងខំប្រឹងលះចោលចិត្តគំនិតណាក៏ដោយដែលធ្វើឲ្យយើងចង់ប្រកួតប្រជែងគ្នា។ សូមយើងតាំងចិត្តខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំ។—អេភ. ៤:៣
ចម្រៀងលេខ៨០ «សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាលោកល្អ»
a ដូចស្នាមប្រេះតូចដែលអាចធ្វើឲ្យភាជនៈដីងាយបែក ការប្រកួតប្រជែងគ្នាអាចធ្វើឲ្យក្រុមជំនុំងាយបែកបាក់។ បើក្រុមជំនុំមិនមាំមួននិងគ្មានសាមគ្គីភាពទេ នោះមិនអាចជាកន្លែងសុខសាន្តដើម្បីគោរពប្រណិប័តន៍ព្រះឡើយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងគួរជៀសវាងពីការប្រកួតប្រជែងគ្នា និងរបៀបដែលយើងអាចធ្វើឲ្យមានសន្តិភាពក្នុងក្រុមជំនុំ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។