សៀវភៅសាំយូអែលទី២
៧ ក្រោយពីស្ដេចដាវីឌទៅរស់នៅក្នុងវិមាន+ ហើយព្រះយេហូវ៉ាឲ្យគាត់មានសេចក្ដីសុខក្សេមក្សាន្ត ដោយគ្មានការវាយប្រហារពីសត្រូវជិតខាងទាំងអស់ ២ នោះស្ដេចនិយាយទៅកាន់ណាថាន់+ដែលជាអ្នកប្រកាសទំនាយថា៖ «មើល! ខ្ញុំរស់នៅក្នុងវិមាននេះដែលធ្វើពីឈើស៊ីដារ។+ ប៉ុន្តែ ហឹបនៃព្រះពិតបែរជាស្ថិតនៅក្នុងត្រសាលដែលធ្វើពីក្រណាត់ទៅវិញ»។+ ៣ ណាថាន់ឆ្លើយទៅស្ដេចវិញថា៖ «សូមលោកធ្វើតាមចិត្តចុះ ព្រោះព្រះយេហូវ៉ានៅជាមួយនឹងលោកស្រាប់ហើយ»។+
៤ នៅយប់នោះឯង ព្រះយេហូវ៉ាមានប្រសាសន៍ទៅណាថាន់ថា៖ ៥ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តើអ្នកគួរសង់វិហារមួយឲ្យខ្ញុំនៅឬ?+ ៦ តាំងពីខ្ញុំបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីបរហូតមកដល់ពេលនេះ ខ្ញុំមិនដែលនៅក្នុងវិហារឡើយ+ តែខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយនៅតែក្នុងត្រសាលប៉ុណ្ណោះ។+ ៧ ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរជាមួយនឹងជនជាតិអ៊ីស្រាអែលទាំងអស់ ខ្ញុំបានជ្រើសរើសមេកុលសម្ព័ន្ធមួយឲ្យថែរក្សាជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។ ពេលនោះតើខ្ញុំធ្លាប់ប្រាប់មេកុលសម្ព័ន្ធណាមួយឲ្យសង់វិហារធ្វើពីឈើស៊ីដារឲ្យខ្ញុំឬទេ?»›។ ៨ ឥឡូវ ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់ខ្ញុំថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ពេលអ្នកនៅជាគង្វាលចៀមនៅឡើយ+ ខ្ញុំបាននាំអ្នកមក ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ខ្ញុំ។+ ៩ ខ្ញុំនឹងនៅជាមួយនឹងអ្នកគ្រប់កន្លែងដែលអ្នកទៅ+ ហើយខ្ញុំនឹងបំផ្លាញសត្រូវទាំងអស់ចេញពីមុខអ្នក។+ ខ្ញុំនឹងធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ+ ដូចពួកអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅផែនដី។ ១០ ខ្ញុំនឹងឲ្យស្រុកមួយដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ ហើយពួកគេនឹងរស់នៅទីនោះដោយសុខសាន្តគ្មានការភ័យខ្លាចឡើយ។ មនុស្សទុច្ចរិតនឹងមិនជិះជាន់ពួកគេដូចពីមុនទៀតឡើយ+ ១១ គឺតាំងពីគ្រាដែលខ្ញុំតែងតាំងឲ្យមានអ្នកសម្រេចក្ដី+លើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំនឹងមិនឲ្យសត្រូវណាមករំខានអ្នកឡើយ។+
«‹«បន្ថែមទៅទៀត ព្រះយេហូវ៉ាបានប្រាប់អ្នកថាព្រះយេហូវ៉ានឹងឲ្យកូនចៅ*របស់អ្នកគ្រប់គ្រងជាស្ដេចតទៅ។+ ១២ ពេលអ្នកស្លាប់ទៅ+ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក ខ្ញុំនឹងលើកកូនប្រុស*របស់អ្នកផ្ទាល់ឲ្យស្នងរាជ្យបន្តពីអ្នក ហើយខ្ញុំនឹងធ្វើឲ្យរាជាណាចក្ររបស់គាត់បានរឹងមាំ។+ ១៣ កូនប្រុសនោះនឹងសង់វិហារសម្រាប់នាមខ្ញុំ+ ហើយខ្ញុំនឹងពង្រឹងបល្ល័ង្កនៃរាជាណាចក្ររបស់គាត់ឲ្យនៅជាប់ជារៀងរហូត។+ ១៤ ខ្ញុំនឹងទៅជាឪពុកគាត់ ហើយគាត់នឹងទៅជាកូនប្រុសខ្ញុំ។+ ពេលគាត់ធ្វើខុស ខ្ញុំនឹងប្រដៅតម្រង់គាត់ ដូចមនុស្ស*ប្រើរំពាត់វាយប្រដៅកូន។+ ១៥ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំនឹងមិនត្រូវដកចេញពីគាត់ ដូចដែលខ្ញុំបានដកចេញពីសុល+ ជាអ្នកដែលខ្ញុំបានកម្ចាត់ចេញពីមុខអ្នកឡើយ។ ១៦ ពូជពង្សនិងរាជាណាចក្ររបស់អ្នកនឹងនៅជាប់ស្ថិតស្ថេរ ហើយបល្ល័ង្ករបស់អ្នកនឹងរឹងមាំជារៀងរហូត»›»។+
១៧ ណាថាន់ប្រាប់ដាវីឌនូវពាក្យទាំងអស់ និងអ្វីៗទាំងប៉ុន្មានដែលព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិត។+
១៨ រួចមក ស្ដេចដាវីឌចូលមកអង្គុយនៅចំពោះមុខព្រះយេហូវ៉ា ហើយនិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត តើខ្ញុំជាអ្នកណា ហើយតើពូជពង្សរបស់ខ្ញុំជាអ្វីបានជាលោកប្រព្រឹត្តល្អខ្លាំងម្ល៉េះចំពោះខ្ញុំរហូតមកដល់ពេលនេះ?+ ១៩ មិនត្រឹមតែប៉ុណ្ណោះ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកថែមទាំងប្រាប់ថាពូជពង្សរបស់ខ្ញុំដែលជាអ្នកបម្រើលោក នឹងនៅជាប់ជារៀងរហូត។ គ្មានមនុស្សជាតិណាម្នាក់អាចបញ្ឈប់ការនោះមិនឲ្យកើតឡើងឡើយ។* ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកសន្យាដូច្នេះ ហាក់ដូចជាការល្អដែលលោកបានប្រព្រឹត្តចំពោះខ្ញុំរហូតមកដល់ពេលនេះ គឺតិចតួចណាស់សម្រាប់លោក។ ២០ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ខ្ញុំដែលជាអ្នកបម្រើរបស់លោកមិនដឹងថាត្រូវនិយាយអ្វីទៀតទេ ព្រោះលោកស្គាល់ខ្ញុំច្បាស់ហើយ។+ ២១ លោកបានធ្វើការអស្ចារ្យទាំងអស់នេះ ហើយបានបើកបង្ហាញឲ្យខ្ញុំជាអ្នកបម្រើរបស់លោកដឹង ដោយសារនោះជាបំណងប្រាថ្នានិងជាសេចក្ដីសន្យារបស់លោក។+ ២២ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត+ លោកពិតជាព្រះដ៏អស្ចារ្យណាស់ មានតែលោកប៉ុណ្ណោះដែលជាព្រះពិត គ្មានព្រះណាអាចប្រៀបផ្ទឹមនឹងលោកបានឡើយ។+ អ្វីៗទាំងអស់ដែលយើងបានឮ បញ្ជាក់យ៉ាងច្បាស់ថាមានតែលោកប៉ុណ្ណោះដែលជាព្រះពិត។+ ២៣ នៅផែនដី តើមានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក?+ ព្រះបានរំដោះពួកគេឲ្យមកធ្វើជារាស្ត្ររបស់លោក។+ លោកបានធ្វើការអស្ចារ្យនិងការដ៏គួរឲ្យកោតខ្លាចជាច្រើនដើម្បីពួកគេ+ ហើយការទាំងនោះនាំឲ្យនាមរបស់លោកល្បីរន្ទឺ។+ លោកបានបណ្ដេញប្រជាជាតិទាំងឡាយ និងព្រះរបស់ពួកគេ ដើម្បីរាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីប។ ២៤ ឱព្រះយេហូវ៉ា លោកបានឲ្យជនជាតិអ៊ីស្រាអែលធ្វើជារាស្ត្ររបស់លោកជារៀងរហូត+ ហើយលោកបានទៅជាព្រះរបស់ពួកគេ។+
២៥ «ឱព្រះយេហូវ៉ា សូមលោកធ្វើតាមពាក្យដែលលោកបានសន្យានឹងខ្ញុំជាអ្នកបម្រើលោកនិងពូជពង្សរបស់ខ្ញុំរហូតតទៅផង។ សូមលោកធ្វើឲ្យសេចក្ដីសន្យារបស់លោកក្លាយទៅជាការពិត។+ ២៦ សូមឲ្យនាមរបស់លោកទទួលការសរសើរតម្កើងជារៀងរហូត+ ដើម្បីឲ្យមនុស្សអាចពោលថា‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែល›។ សូមឲ្យរាជ្យនៃពូជពង្សរបស់ខ្ញុំជាអ្នកបម្រើលោកបានរឹងមាំនៅចំពោះលោកផង។+ ២៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ជាព្រះនៃជនជាតិអ៊ីស្រាអែល លោកបានបើកបង្ហាញឲ្យខ្ញុំដឹងដោយមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យពូជពង្សរបស់អ្នកធ្វើជាស្ដេចតទៅ›។+ ហេតុនេះហើយបានជាខ្ញុំជាអ្នកបម្រើលោកហ៊ានអធិដ្ឋានដូច្នេះទៅលោក។ ២៨ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជាព្រះពិតតែមួយ ប្រសាសន៍របស់លោកជាសេចក្ដីពិត+ ហើយលោកបានសន្យាថានឹងផ្ដល់អ្វីដ៏ល្អទាំងនេះដល់ខ្ញុំជាអ្នកបម្រើលោក។ ២៩ ដូច្នេះ សូមលោកផ្ដល់ពរដល់ពូជពង្សរបស់ខ្ញុំ ហើយសូមឲ្យរាជ្យនៃពូជពង្សរបស់ខ្ញុំនៅជាប់ជារៀងរហូតនៅចំពោះមុខលោក។+ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត សូមលោកផ្ដល់ពរជានិច្ចដល់ពូជពង្សរបស់ខ្ញុំតាមសេចក្ដីសន្យារបស់លោកផង»។+