សកម្មភាពរបស់ពួកសាវ័ក
៣ ថ្ងៃមួយ នៅម៉ោងទី៩*ដែលជាម៉ោងអធិដ្ឋាន ពេត្រុសនិងយ៉ូហានកំពុងឡើងទៅឯវិហារ ២ ហើយបុរសម្នាក់ដែលខ្វិនតាំងពីកំណើត កំពុងត្រូវគេសែងមក។ ជារៀងរាល់ថ្ងៃ គេដាក់គាត់នៅជិតទ្វារវិហារដែលហៅថាទ្វារលម្អ ដើម្បីគាត់អាចសុំទានពីអស់អ្នកដែលចូលវិហារ។ ៣ ពេលដែលគាត់ក្រឡេកទៅឃើញពេត្រុសនិងយ៉ូហានហៀបនឹងចូលវិហារ គាត់ចាប់ផ្ដើមសុំទានពីពួកគាត់។ ៤ ប៉ុន្តែ ពេត្រុសនិងយ៉ូហានសម្លឹងមើលគាត់ ហើយពេត្រុសនិយាយថា៖ «សូមមើលមកយើង»។ ៥ ដូច្នេះ បុរសនោះក៏សម្លឹងមើលពួកគាត់ ដោយសង្ឃឹមថានឹងបានទានពីពួកគាត់។ ៦ ក៏ប៉ុន្តែ ពេត្រុសនិយាយថា៖ «មាសនិងប្រាក់ខ្ញុំមិនមានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក។ ដោយនូវនាមលោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ចូរដើរទៅចុះ!»។+ ៧ រួចពេត្រុសក៏ចាប់ដៃស្ដាំរបស់បុរសនោះ ហើយលើកគាត់ឡើង។+ រំពេចនោះ ជើងនិងកជើងរបស់បុរសនោះបានមាំឡើង។+ ៨ គាត់ស្ទុះឈរ+ ចាប់ផ្ដើមដើរ រួចចូលក្នុងវិហារជាមួយនឹងពួកគាត់ ដោយដើរផង លោតផង ហើយសរសើរព្រះផង។ ៩ បណ្ដាជនទាំងឡាយបានឃើញគាត់កំពុងដើរទាំងសរសើរព្រះ។ ១០ ពេលពួកគេដឹងថាគាត់ជាបុរសដែលធ្លាប់អង្គុយសុំទាននៅទ្វារលម្អនៃវិហារ+ នោះពួកគេភ្ញាក់ផ្អើលជាខ្លាំង ក៏រំភើបចិត្តក្រៃលែងអំពីអ្វីដែលបានកើតឡើងដល់គាត់។
១១ កាលដែលបុរសនោះកំពុងតោងពេត្រុសនិងយ៉ូហាន មនុស្សទាំងឡាយបានរត់មកឯពួកគាត់នៅល្វែងសាឡូម៉ូន+ ដោយភ្ញាក់ផ្អើលហួសប្រមាណ។ ១២ ពេលឃើញដូច្នេះ ពេត្រុសនិយាយទៅកាន់បណ្ដាជនថា៖ «ជនជាតិអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាភ្ញាក់ផ្អើលអំពីរឿងនេះ? ហេតុអ្វីអ្នករាល់គ្នាសម្លឹងមើលយើងដូចជាយើងបានធ្វើឲ្យបុរសនេះដើរ ដោយសារឫទ្ធានុភាពរបស់យើងផ្ទាល់ ឬដោយសារយើងមានភក្ដីភាពចំពោះព្រះ? ១៣ ព្រះរបស់អាប្រាហាំ អ៊ីសាក និងយ៉ាកុប+ ជាព្រះនៃពួកបុព្វបុរសរបស់យើង បានតម្កើងអ្នកបម្រើរបស់លោក+ គឺលោកយេស៊ូ+ ដែលអ្នករាល់គ្នាបានប្រគល់ទៅក្នុងកណ្ដាប់ដៃមនុស្ស+ ក៏មិនទទួលស្គាល់លោកនៅមុខពីឡាត ទោះជាគាត់បានសម្រេចចិត្តដោះលែងលោកក៏ដោយ។ ១៤ អ្នករាល់គ្នាមិនទទួលស្គាល់លោកដែលបរិសុទ្ធនិងសុចរិតនោះទេ តែបែរជាសុំឲ្យដោះលែងបុរសម្នាក់ដែលជាឃាតករឲ្យអ្នករាល់គ្នាទៅវិញ។+ ១៥ រីឯមេដឹកនាំដែលផ្ដល់ជីវិត+ អ្នករាល់គ្នាបានសម្លាប់ចោល។ ប៉ុន្តែ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញ ហើយយើងជាសាក្សីអំពីការពិតនោះ។+ ១៦ បុរសនេះដែលអ្នករាល់ឃើញនិងស្គាល់ បានត្រូវធ្វើឲ្យមាំមួនឡើងវិញ ដោយសារនាមរបស់លោក និងដោយសារជំនឿរបស់យើងលើនាមរបស់លោក។ ជំនឿដែលយើងមានលើលោក បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នករាល់គ្នា។ ១៧ បងប្អូនអើយ ខ្ញុំដឹងថាអ្នករាល់គ្នាបានប្រព្រឹត្តដោយមិនដឹងខ្លួន+ ដូចពួកអ្នកគ្រប់គ្រងរបស់អ្នករាល់គ្នាដែរ។+ ១៨ ប៉ុន្តែ ព្រះបានឲ្យការនេះកើតឡើងដើម្បីសម្រេចតាមសេចក្ដីដែលលោកបានប្រកាសទុកជាមុន តាមរយៈមាត់របស់ពួកអ្នកប្រកាសទំនាយថា គ្រិស្តរបស់ព្រះនឹងរងទុក្ខ។+
១៩ «ដូច្នេះ ចូរប្រែចិត្ត+ ហើយវិលមកវិញចុះ+ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាត្រូវលុបចោល។+ យ៉ាងនេះ ព្រះយេហូវ៉ា*នឹងធ្វើឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ២០ រួចព្រះនឹងចាត់គ្រិស្តឲ្យមក ជាអ្នកដែលបានត្រូវតែងតាំងសម្រាប់អ្នករាល់គ្នា គឺលោកយេស៊ូ។ ២១ លោកយេស៊ូត្រូវនៅស្ថានសួគ៌រហូតដល់គ្រាដែលលោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ ដូចដែលព្រះបានមានប្រសាសន៍តាមរយៈមាត់របស់ពួកអ្នកប្រកាសទំនាយដ៏បរិសុទ្ធរបស់លោកនៅសម័យបុរាណ។ ២២ តាមការពិត ម៉ូសេបាននិយាយថា៖ ‹ពីចំណោមបងប្អូនរបស់អ្នក ព្រះយេហូវ៉ា*ជាព្រះរបស់អ្នកនឹងតែងតាំងអ្នកប្រកាសទំនាយម្នាក់ដូចខ្ញុំសម្រាប់អ្នករាល់គ្នា។+ អ្នករាល់គ្នាត្រូវស្ដាប់អ្វីៗទាំងអស់ដែលលោកប្រាប់អ្នករាល់គ្នា។+ ២៣ អ្នកណាដែលមិនស្ដាប់អ្នកប្រកាសទំនាយនោះ អ្នកនោះនឹងត្រូវបំផ្លាញចោលពីចំណោមបណ្ដាជន›។+ ២៤ ពួកអ្នកប្រកាសទំនាយគ្រប់គ្នា ចាប់តាំងពីសាំយូអែលរៀងមក ក៏បានប្រកាសជាចំហអំពីគ្រានេះដែរ។+ ២៥ អ្នករាល់គ្នាជាកូនចៅរបស់ពួកអ្នកប្រកាសទំនាយ និងជាអ្នកដែលទទួលមត៌កនៃកិច្ចព្រមព្រៀងដែលព្រះបានធ្វើជាមួយនឹងពួកបុព្វបុរសរបស់អ្នករាល់គ្នា+ ដូចលោកបានមានប្រសាសន៍ទៅអាប្រាហាំថា៖ ‹តាមរយៈពូជពង្សរបស់អ្នក គ្រប់ក្រុមគ្រួសារនៅផែនដីនឹងទទួលពរ›។+ ២៦ ក្រោយពីព្រះបានតែងតាំងអ្នកបម្រើរបស់លោក នោះលោកក៏ចាត់អ្នកនោះឲ្យមកឯអ្នករាល់គ្នាមុនគេ+ ដើម្បីឲ្យពរដល់អ្នករាល់គ្នា ដោយជួយអ្នករាល់គ្នាម្នាក់ៗឲ្យបែរចេញពីអំពើទុច្ចរិតរបស់ខ្លួន»។