ហូសេ
១ នៅគ្រាអូសៀស+ យ៉ូថាម+ អេហាស+ និងហេសេគា+ដែលជាស្ដេចស្រុកយូដា+ និងនៅគ្រាយេរ៉ូបោម+ជាកូនយ៉ូអាស+ដែលជាស្ដេចស្រុកអ៊ីស្រាអែល ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ហូសេ*ជាកូនបេអេរ៉ាយ។ ២ ពេលព្រះយេហូវ៉ាចាប់ផ្ដើមមានប្រសាសន៍តាមរយៈហូសេ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ «ចូររៀបការជាមួយនឹងស្ត្រីដែលប្រព្រឹត្តអំពើពេស្យាចារ។* នាងនឹងបង្កើតកូនដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ដោយសារអំពើពេស្យាចារ ស្រុកទាំងមូលបានបែរចេញពីព្រះយេហូវ៉ាទាំងស្រុង»។+
៣ ដូច្នេះ គាត់ក៏ទៅរៀបការជាមួយនឹងកូមឺជាកូនស្រីរបស់ឌីប្លែម។ ក្រោយមក នាងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយឲ្យគាត់។
៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅហូសេថា៖ «ចូរដាក់ឈ្មោះកូនប្រុសនោះថាយេសរៀល* ព្រោះបន្តិចទៀតខ្ញុំនឹងដាក់ទោសពូជពង្សយេហ៊ូ+ចំពោះការបង្ហូរឈាមនៃយេសរៀល ហើយខ្ញុំនឹងផ្ដាច់អំណាចរាជ្យរបស់ពូជពង្សអ៊ីស្រាអែល។+ ៥ នៅគ្រានោះ ខ្ញុំនឹងបំបាក់ធ្នូនៃអ៊ីស្រាអែលនៅក្នុងជ្រលង*យេសរៀល»។
៦ ក្រោយមក កូមឺមានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនស្រីមួយ។ រួចព្រះបានប្រាប់ហូសេថា៖ «ចូរដាក់ឈ្មោះកូនស្រីនោះថាឡូរូហេម៉ា* ព្រោះខ្ញុំនឹងលែងបង្ហាញសេចក្ដីមេត្តាករុណា+ដល់ពូជពង្សអ៊ីស្រាអែលទៀតហើយ តែខ្ញុំនឹងបណ្ដេញពួកគេចេញឲ្យឆ្ងាយពីមុខខ្ញុំទៅ។+ ៧ ចំណែកឯពូជពង្សយូដាវិញ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេ+ ហើយខ្ញុំជាយេហូវ៉ាជាព្រះរបស់ពួកគេ+ គឺខ្ញុំផ្ទាល់នឹងជួយសង្គ្រោះពួកគេ តែមិនមែនដោយប្រើធ្នូ ឬដាវ ឬចម្បាំង ឬហ្វូងសេះ ឬទ័ពសេះនោះឡើយ»។+
៨ ក្រោយពីកូមឺផ្ដាច់ដោះឡូរូហេម៉ា នាងក៏មានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនប្រុសមួយ។ ៩ បន្ទាប់មក ព្រះមានប្រសាសន៍ថា៖ «ចូរដាក់ឈ្មោះកូនប្រុសនោះថាឡូអាំម៉ាយ* ព្រោះអ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំទេ ហើយខ្ញុំក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ។
១០ «បណ្ដាជនអ៊ីស្រាអែលនឹងមានចំនួនច្រើនដូចគ្រាប់ខ្សាច់ក្នុងសមុទ្រ គ្មានអ្នកណាអាចវាល់ឬរាប់បានឡើយ។+ នៅកន្លែងណាដែលខ្ញុំធ្លាប់ប្រាប់ពួកគេថា៖ ‹អ្នករាល់គ្នាមិនមែនជារាស្ត្រខ្ញុំទេ›+ នោះខ្ញុំនឹងនិយាយថា៖ ‹អ្នករាល់គ្នាជាកូនរបស់ព្រះដែលមានជីវិតរស់នៅ›។+ ១១ គ្រានោះ បណ្ដាជនយូដានិងបណ្ដាជនអ៊ីស្រាអែល នឹងត្រូវប្រមូលឲ្យមករួបរួមគ្នាវិញ+ ហើយពួកគេនឹងជ្រើសរើសបុគ្គលម្នាក់ឲ្យធ្វើជាអ្នកដឹកនាំពួកគេចេញពីស្រុកនោះ ព្រោះថ្ងៃរបស់យេសរៀល ជាថ្ងៃដ៏ធំក្រៃលែង។+