ជំពូកទី៥
«សញ្ញាថ្មី»—ជាប្រវត្ដិសាស្ត្រឬក៏ជារឿងតាមប្រពៃណី?
«សញ្ញាថ្មីសព្វថ្ងៃនេះអាចរៀបរាប់ថា ជាសៀវភៅដែលគេបានអង្កេតច្រើនជាងសេចក្ដីសរសេរទាំងអស់នៃពិភពលោក»។ លោក ហាន្ស ឃុង មានប្រសាសន៍ដូច្នោះក្នុងសៀវភៅ «ធ្វើជាគ្រីស្ទានម្នាក់»របស់លោក។ លោកមានប្រសាសន៍ត្រូវមែន។ ក្នុងរយៈពេល៣០០ឆ្នាំមុននេះ បទគម្ពីរគ្រីស្ទានភាសាក្រិកមិនគ្រាន់តែបានត្រូវអង្កេតប៉ុណ្ណោះទេ តែបានត្រូវពិនិត្យយ៉ាងហ្មត់ចត់ ហើយវែកញែកមើលយ៉ាងល្អិតល្អន់ ជាងសេចក្ដីសរសេរឯទៀត។
១, ២. (រួមបុព្វយោគ) (ក) តើគេបានធ្វើអ្វី ដល់បទគម្ពីរគ្រីស្ទានភាសាក្រិក ក្នុងរយៈពេល៣០០ឆ្នាំមុន? (ខ) តើមានសេចក្ដីសន្និដ្ឋានដ៏ចម្លែកអ្វី ដែលអ្នកអង្កេតខ្លះបានធ្វើ?
សេចក្ដីសន្និដ្ឋានដោយអ្នកអង្កេតខ្លះគឺចម្លែកណាស់។ នៅសតវត្សទី១៩ លោក លិដវីគ ណូអាក នៅប្រទេសអាល្លឺម៉ង់បានសន្និដ្ឋានថា សិក្ខាបទនៃយ៉ូហានគឺសរសេរនៅឆ្នាំ៦០ ស.យ. ដោយសិស្សដ៏ជាទីស្រឡាញ់—គឺយូដាស តាមយោបល់របស់លោក! ជនជាតិបារាំង យ៉ូសែប អើនណែស្ត រេណាន ឲ្យយោបល់ថា ការប្រោសឡាសារឲ្យរស់ឡើងវិញគឺប្រហែលជាការបំភាន់ រៀបចំដោយឡាសារខ្លួនឯងទេ ដើម្បីគាំទ្រការអះអាងរបស់ព្រះយេស៊ូ ដែលថាទ្រង់ជាអ្នកធ្វើអព្ភូតហេតុ ឯចំណែកសាសនវិទូអាល្លឺម៉ង់ ហ្គឺសតាវ វកម៉ារ ប្រកែកថាព្រះយេស៊ូក្នុងប្រវត្ដិសាស្ត្រនោះ មិនអាចមកអះអាងថាជាព្រះមេស្ស៊ីបានឡើយ។1
២ ម្យ៉ាងវិញទៀត លោកប៊្រូនណូ បៅអ៊ើរ សម្រេចចិត្តថាមិនដែលមានព្រះយេស៊ូសោះឡើយ! «លោកអះអាងថាអនុភាពពិតដែលបង្កើតសាសនាគ្រីស្ទានពីដើមគឺ ហ្វីឡូ សិនីកា និង ណូស្ទីក្ស។ ដល់ចុងក្រោយលោកប្រកាសថា មិនដែលមានព្រះយេស៊ូ ក្នុងប្រវត្ដិសាស្ត្រទេ . . . ហើយថាដើមកំណើតនៃសាសនាគ្រីស្ទានគឺកើតឡើងនៅចុងសតវត្សទី២ ហើយគឺមកពីសាសនាយូដា ដែលពេញទៅដោយលទ្ធិស្ទអ៊ីក»។2
៣. តើមនុស្សជាច្រើននៅតែមានមតិអ្វីអំពីព្រះគម្ពីរ?
៣ សព្វថ្ងៃនេះ មានមនុស្សតិចតួចណាស់ ដែលកាន់តាមគំនិតដ៏ជ្រុលហួសហេតុនេះ។ ប៉ុន្តែ ប្រសិនបើអ្នកអានសេចក្ដីនៃអ្នកប្រាជ្ញសម័យថ្មី អ្នកនឹងឃើញថា មនុស្សជាច្រើននៅតែជឿថាបទគម្ពីរគ្រីស្ទានភាសាក្រិកមានរឿងព្រេង រឿងតាមប្រពៃណី និងរឿងពន្លើស។ តើនេះជាការពិតមែនឬ?
តើសៀវភៅទាំងនេះបានសរសេរនៅពេលណា?
៤. (ក) ហេតុអ្វីជាការសំខាន់ ដែលយើងត្រូវដឹងពេលដែលគេសរសេរសៀវភៅបទគម្ពីរគ្រីស្ទានភាសាក្រិក? (ខ) តើមានមតិអ្វីខ្លះ អំពីពេលដែលគេសរសេរបទគម្ពីរគ្រីស្ទានភាសាក្រិក?
៤ រឿងតាមប្រពៃណីនិងរឿងព្រេងត្រូវមានពេលវេលាយូរ ដើម្បីកើតមានឡើង។ ដូច្នេះសំនួរមួយដែលថា តើពេលណាដែលសៀវភៅទាំងនេះបានត្រូវសរសេរ? គឺសំខាន់។ លោក មីកែល ហ្គ្រែន្ថ ជាអ្នកប្រវត្ដិសាស្ត្រម្នាក់ មានប្រសាសន៍ថាការសរសេរខាងប្រវត្ដិសាស្ត្រ នៃបទគម្ពីរគ្រីស្ទានភាសាក្រិកបានចាប់ផ្ដើម«សាមសិប ឬសែសិបឆ្នាំក្រោយពេលព្រះយេស៊ូបានសោយទិវង្គត»?4 បុរាណវត្ថុវិទូខាងព្រះគម្ពីរ វាល្លាមហ្វក្សវែល អាលប្រាយ្ដ មានប្រសាសន៍ថាលោក ថូរី បានសន្និដ្ឋានថា«អស់ទាំងសិក្ខាបទបានត្រូវសរសេរមុនឆ្នាំ៧០គ.ស. ហើយគ្មានសេចក្ដីណាក្នុងសិក្ខាបទ ដែលមិនបានត្រូវសរសេរក្នុងរយៈម្ភៃឆ្នាំ ពីពេលឆ្កាងព្រះគ្រីស្ទនោះឡើយ»។ មតិផ្ទាល់នៃលោកអាលប្រាយ្ដគឺថា ការសរសេរគឺបានចប់គ្រប់សព្វ «មិនក្រោយឆ្នាំ៨០ គ.ស.»ទេ។ អ្នកឯទៀតប៉ាន់ស្មានខុសពីគ្នាបន្ដិចបន្តួច ប៉ុន្តែគេភាគច្រើនយល់ស្របថា«សញ្ញាថ្មី»បានត្រូវសរសេររួច នៅចុងសតវត្សទីមួយ។
៥, ៦. តើយើងគួរសន្និដ្ឋានយ៉ាងដូចម្ដេច ដែលបទគម្ពីរគ្រីស្ទានភាសាក្រិកបានត្រូវសរសេរ មិនជាយូរប៉ុន្មានក្រោយព្រឹត្ដិការណ៍ដែលកត់ទុកក្នុងបទគម្ពីរនោះ?
៥ តើនេះមានន័យដូចម្ដេច? លោកអាលប្រាយ្ដសន្និដ្ឋានថា៖ «យើងគ្រាន់តែអាចនិយាយថា រយៈពេលម្ភៃទៅហាសិបឆ្នាំគឺខ្លីពេក ដើម្បីឲ្យមានការបង្ខូចធំដុំដល់មាតិកាសំខាន់ៗនិងដល់បន្ទូលរបស់ព្រះយេស៊ូ»។5 សាស្ត្រចារ្យហ៊្គារី ហាបើម៉ាស មានប្រសាសន៍ទៀតថា៖ «សិក្ខាបទគឺបានត្រូវសរសេរមិនយូរពីរយៈពេល ដែលកត់ទុកក្នុងសិក្ខាបទនោះឡើយ ឯប្រវត្ដិសាស្ត្របុរាណតែងតែរៀបរាប់ព្រឹត្ដិការណ៍ ដែលកើតឡើងនៅសតវត្សមុនៗ។ ប៉ុន្តែអ្នកប្រវត្ដិសាស្ត្រសម័យថ្មី ក៏អាចដកស្រង់យកព្រឹត្ដិការណ៍ពីជំនាន់ដ៏បុរាណនេះដែរ»។6
៦ បើនិយាយក្នុងន័យម្យ៉ាងទៀត រឿងប្រវត្ដិសាស្ត្រក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក យ៉ាងតិចណាស់ក៏គួរជឿបាន ដូចប្រវត្ដិសាស្ត្រដែលមិនទាក់ទងនឹងសាសនាដែរ។ ជាប្រាកដ ក្នុងរយៈពីរបីទសវត្សរវាងព្រឹត្ដិការណ៍សាសនាគ្រីស្ទានពីដើម និងពេលដែលកត់ទុកព្រឹត្ដិការណ៍ទាំងនេះ ឥតមានពេលគ្រប់គ្រាន់ ឲ្យរឿងតាមប្រពៃណីនិងរឿងព្រេងកើតឡើងបានឡើយ ហើយបានត្រូវទទួលស្គាល់ដ៏ទូទៅដូច្នោះទេ។
សេចក្ដីថ្លែងបញ្ជាក់ពីសាក្សី
៧, ៨. (ក) តើមានអ្នកណាដែលនៅរស់នៅឡើយ ពេលគេសរសេរហើយចែកចាយបទគម្ពីរគ្រីស្ទានភាសាក្រិក? (ខ) តើយើងត្រូវសន្និដ្ឋានយ៉ាងណាស្របនឹងយោបល់នៃសាស្ដ្រាចារ្យ ប៊្រូស?
៧ នេះគឺត្រូវពិតដោយឃើញថា រឿងជាច្រើននិយាយអំពីសេចក្ដីថ្លែងបញ្ជាក់ពីសាក្សី។ អ្នកសរសេរសិក្ខាបទនៃយ៉ូហាននិយាយថា៖ «គឺសិស្សនោះឯង[សិស្សដែលព្រះយេស៊ូស្រឡាញ់] ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង»។ (យ៉ូហាន ២១:២៤) អ្នកសរសេរសៀវភៅលូកានិយាយថា៖ «គេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបំរើផ្សាយព្រះបន្ទូល»។ (លូកា ១:២) សាវ័កប៉ុលមានប្រសាសន៍អំពីពួកអ្នកដែលឃើញជាក់នឹងភ្នែក នូវការប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញថា៖ «ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់[ស្លាប់] ទៅហើយ»។—កូរិនថូសទី១ ១៥:៦
៨ ក្នុងការទាក់ទងនឹងរឿងនេះ សាស្ដ្រាចារ្យ ប៊្រូស្ស ធ្វើការសង្កេតមើលដ៏វាងវៃមួយថា៖ «បង្កើតពាក្យសំដីនិងអំពើនៃព្រះយេស៊ូក្នុងជំនាន់នោះ មិនមែនជាការស្រួល ដូចជាអ្នកសរសេរខ្លះយល់ឃើញនោះឡើយ ដ្បិតសិស្សទ្រង់ជាច្រើននៅក្បែរជុំវិញ ហើយអាចចាំពីរឿងអ្វីៗ ដែលបានឬមិនបានកើតឡើង។ . . . ពួកសិស្សមិនអាចនឹងធ្វើសេចក្ដីមិនទៀងត្រូវបានឡើយ (មិនថាចង់កែប្រែសេចក្ដីពិតដោយចេតនានោះ) ព្រោះនេះនឹងត្រូវបង្ហាញឲ្យដឹងឮភ្លាម ដោយអ្នកដែលមានចិត្តចង់តែធ្វើដូច្នោះ។ ផ្ទុយទៅវិញ ចំណុចដ៏ខ្លាំងមួយក្នុងការផ្សាយប្រកាសដោយសាវ័កដំបូង គឺការអំពាវនាវដោយប្រាកដក្នុងចិត្ត ឲ្យអ្នកដែលស្ដាប់ ឲ្យបានដឹង។ គេមិនគ្រាន់តែនិយាយថា ‹យើងជាសាក្សីនឹងការទាំងនេះ› ប៉ុន្តែថែមទាំងថា ‹ដូចអ្នករាល់គ្នាបានដឹងស្រាប់› (កិច្ចការ ២:២២)»។7
តើឯកសារគួរជឿបានទេ?
៩, ១០. បើនិយាយអំពីបទគម្ពីរគ្រីស្ទានភាសាក្រិកនោះ តើយើងអាចដឹងប្រាកដអំពីអ្វី?
៩ ថ្វីបើសេចក្ដីថ្លែងបញ្ជាក់ពីសាក្សីបានត្រូវកត់ទុកយ៉ាងត្រឹមត្រូវហើយ តើអាចត្រូវកែប្រែឲ្យខុសវិញបានទេ? ក្នុងន័យម្យ៉ាងទៀត តើរឿងតាមប្រពៃណីនិងរឿងព្រេងបានត្រូវជ្រាបចូលឬទេ ក្រោយពេលការសរសេរដំបូងបានចប់គ្រប់សព្វហើយនោះ? យើងបានឃើញរួចហើយថា ឯកសារនៃបទគម្ពីរគ្រីស្ទានភាសាក្រិកមានលក្ខណៈល្អជាងសេចក្ដីសរសេរបុរាណឯទៀត។ លោកឃឺត និងអ្នកស្រីបារបារ៉ា អាឡាន្ត ជាអ្នកប្រាជ្ញខាងឯកសារព្រះគម្ពីរភាសាក្រិក កត់ឯកសារសរសេរដោយដៃ ជិត៥.០០០ដែលបានគង់វង់ តាំងពីបុរាណកាលមកដល់សព្វថ្ងៃនេះ ខ្លះគឺតាំងពីសតវត្សទីពីរ ស.យ.។8 សេចក្ដីថ្លែងបញ្ជាក់ទូទៅ នៃទីសំអាងដ៏ច្រើនគឺថាឯកសារទាំងនោះនៅល្អត្រឹមត្រូវ។ ម្យ៉ាងទៀត មានសេចក្ដីបកប្រែពីបុរាណជាច្រើន—តាំងពីប្រហែលឆ្នាំ១៨០ស.យ.—ដែលជួយបញ្ជាក់ថាឯកសារគឺទៀងត្រូវ។9
១០ ដូច្នេះ ទោះជាយ៉ាងណាក៏ដោយ យើងអាចប្រាកដថា រឿងព្រេងនិងរឿងតាមប្រពៃណីមិនបានជ្រាបចូល ក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិកទេ ក្រោយពេលអ្នកសរសេរដំបូង បានសរសេររួចនោះ។ ឯកសារដែលយើងមានគឺដូចគ្នានឹងឯកសារដែលសរសេរដោយអ្នកសរសេរដំបូងដែរ ហើយឯកសារនេះបានត្រូវបញ្ជាក់ឲ្យឃើញថាទៀងត្រូវ ដោយពួកគ្រីស្ទានក្នុងគ្រាជាមួយគ្នាបានទទួលស្គាល់។ ឥឡូវតើយើងអាចពិនិត្យមើលប្រវត្ដិភាពនៃព្រះគម្ពីរបានទេ ដោយប្រៀបធៀបនឹងប្រវត្ដិសាស្ត្របុរាណឯទៀត? យើងអាចពិនិត្យមើលបានខ្លះ។
ទីសំអាងខាងឯកសារ
១១. តើទីសំអាងខាងឯកសារក្រៅ គាំទ្ររឿងប្រវត្ដិសាស្ត្រក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិកដល់កម្រិតណា?
១១ តាមពិត ទីសំអាងខាងឯកសារក្រៅពីព្រះគម្ពីរ គឺមិនសូវសម្បូរទេ សម្រាប់ព្រឹត្ដិការណ៍ក្នុងជីវិតនៃព្រះយេស៊ូនិងពួកសាវ័កទ្រង់។ នេះគឺដូច្នេះមែន ពីព្រោះនៅសតវត្សទីមួយ ពួកគ្រីស្ទានគឺជាក្រុមតូចមួយ ដែលមិនចូលទាក់ទងនឹងនយោបាយទេ។ ប៉ុន្តែទីសំអាងពីប្រវត្ដិសាស្ត្រដែលមិនទាក់ទងនឹងសាសនា គឺស្របនឹងសេចក្ដីដែលយើងអានក្នុងព្រះគម្ពីរ។
១២. តើលោកយ៉ូសេហ្វឺសប្រាប់យើងអ្វី អំពីយ៉ូហាន-បាទីស្ទ?
១២ ឧទាហរណ៍ ក្រោយពេល ហេរ៉ូឌ អានទីប៉ាស់ បានត្រូវបរាជ័យខាងយោធាយ៉ាងធំនោះ អ្នកប្រវត្ដិសាស្ត្រយូដាឈ្មោះ យ៉ូសេហ្វឺស បានសរសេរនៅឆ្នាំ៩៣ ស.យ. ថា៖ «ចំពោះជនជាតិយូដាខ្លះ ការវិនាសដល់ទ័ពហេរ៉ូឌ គឺហាក់ដូចជាការសងសឹកពីព្រះ ក៏ប្រាកដ ជាការសងសឹកដ៏ត្រឹមត្រូវផង ពីព្រោះការដែលទ្រង់បានប្រព្រឹត្តដល់ យ៉ូហាន នាមត្រកូលបាទីស្ទ។ ដ្បិតហេរ៉ូឌបានសម្លាប់គាត់ ថ្វីបើគាត់ជាមនុស្សល្អ ហើយបានដាស់តឿនជនជាតិយូដា ឲ្យរស់នៅដោយសុចរិត ឲ្យប្រព្រឹត្តអំពើយុត្ដិធម៌ដល់គ្នីគ្នារបស់គេ ហើយឲ្យមានការស្រឡាញ់ដល់ព្រះផង»។10 ដូច្នេះ លោកយ៉ូសេហ្វឺសបញ្ជាក់នូវសេចក្ដីក្នុងព្រះគម្ពីរ ដែលថាយ៉ូហាន-បាទីស្ទគឺមនុស្សសុចរិត បានផ្សាយបង្រៀនសេចក្ដីប្រែចិត្តពីអំពើអាក្រក់ ហើយបានត្រូវហេរ៉ូឌសម្លាប់។—ម៉ាថាយ ៣:១-១២; ១៤:១១
១៣. តាមរបៀបណាដែលលោកយ៉ូសេហ្វឺសគាំទ្រប្រវត្ដិភាពនៃយ៉ាកុបនិងព្រះយេស៊ូ?
១៣ លោកយ៉ូសេហ្វឺសក៏មានប្រសាសន៍អំពីយ៉ាកុបដែរ ជាប្អូនប្រុសខាងម្ដាយរបស់ព្រះយេស៊ូ ដែលព្រះគម្ពីរប្រាប់យើងថា ដំបូងលោកមិនតាមព្រះយេស៊ូទេ ប៉ុន្តែក្រោយមកបានក្លាយជាអ្នកចាស់ទុំដ៏សំខាន់ម្នាក់ នៅក្រុងយេរូសាឡិម។ (យ៉ូហាន ៧:៣-៥; កាឡាទី ១:១៨, ១៩) លោកយ៉ូសេហ្វឺសកត់ក្នុងឯកសារអំពីយ៉ាកុប ដែលបានត្រូវគេចាប់ ដូចនេះថា៖ «[សម្ដេចសង្ឃអានាណឺស]ជំនុំគ្នានឹងពួកចៅក្រមនៃក្រុមប្រឹក្សាជាន់ខ្ពស់ ហើយនាំមកចំពោះមុខគេ បុរសម្នាក់ឈ្មោះយ៉ាកុប ជាប្អូនប្រុសព្រះយេស៊ូដែលគេហៅថាព្រះគ្រីស្ទ ព្រមទាំងអ្នកឯទៀត»។11 ក្នុងការសរសេរសេចក្ដីនេះ លោកយ៉ូសេហ្វឺសបញ្ជាក់ថែមទៀតថា«ព្រះយេស៊ូដែលគេហៅថាព្រះគ្រីស្ទ» គឺជាបុគ្គលពិតម្នាក់ តាមប្រវត្ដិសាស្ត្រ។
១៤, ១៥. តើលោកតាស៊ីតឺសផ្ដល់ការគាំទ្រអ្វី ដល់សេចក្ដីក្នុងព្រះគម្ពីរ?
១៤ អ្នកសរសេរពីដើមឯទៀត ក៏ថ្លែងអំពីសេចក្ដីដែលរៀបរាប់ក្នុងបទគម្ពីរក្រិកដែរ។ ជាឧទាហរណ៍ សិក្ខាបទប្រាប់យើងថា ការផ្សាយបង្រៀននៃព្រះយេស៊ូនៅម្ដុំប៉ាឡេស្ទីន បានត្រូវជួបនឹងការឆ្លើយតបជាច្រើន។ ពេលដែលទ្រង់បានត្រូវលោកប៉ុនទាស-ពីឡាត់កាត់ទោសប្រហារជីវិត សិស្សទ្រង់មិនដឹងត្រូវធ្វើយ៉ាងណា ហើយមានការបាក់ទឹកចិត្ត។ មិនយូរប៉ុន្មានក្រោយមក សិស្សដដែលទាំងនេះក៏មានចិត្តក្លៀវក្លា ប្រកាសពាសពេញក្រុងយេរូសាឡិម ថាព្រះអម្ចាស់របស់គេបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញហើយ។ ក្នុងរយៈពីរបីឆ្នាំ សាសនាគ្រីស្ទានបានចម្រើនពាសពេញចក្រភពរ៉ូម។—ម៉ាថាយ ៤:២៥; ២៦:៣១; ២៧:២៤-២៦; កិច្ចការ ២:២៣, ២៤, ៣៦; ៥:២៨; ១៧:៦
១៥ សក្ខីភាពចំពោះសេចក្ដីពិតនេះ គឺមកពីអ្នកប្រវត្ដិសាស្ត្ររ៉ូមឈ្មោះ តាស៊ីតឺស ដែលមិនមែនជាមិត្តសំឡាញ់នឹងសាសនាគ្រីស្ទានទេ។ មិនយូរក្រោយឆ្នាំ១០០ ស.យ. លោកបានសរសេរប្រាប់ អំពីការដែលនីរ៉ូធ្វើទុក្ខយ៉ាងឃោរឃៅដល់ពួកគ្រីស្ទាន ហើយមានប្រសាសន៍ទៀតថា៖ «គ្រីស្ដឺស ជាអ្នកបង្កើតឈ្មោះនេះ បានទទួលទោសប្រហារជីវិតក្នុងរាជ្យទីប៊ើរ ដោយសារការកាត់ក្ដីនៃអភិបាល ប៉ុនទាស-ពីឡាតឺស។ ហើយជំនឿចង្រៃនេះបានត្រូវពិនិត្យអស់មួយរយៈ តែជំនឿនេះក៏បានលូតលាស់ម្ដងទៀត មិនគ្រាន់តែក្នុងស្រុកយូដា ជាទីកំណើតនៃជំនឿនេះប៉ុណ្ណោះទេ តែក្នុងរាជធានី[រ៉ូម]ផងដែរ»។12
១៦. តើព្រះគម្ពីរព្រមទាំងលោកស៊ូអេថូនឺស ថ្លែងអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្ត្រអ្វី?
១៦ ក្នុងកិច្ចការ ១៨:២ អ្នកសរសេរព្រះគម្ពីរថ្លែងអំពីការដែល«[រាជាធិរាជរ៉ូម] ក្លូឌាសបានបញ្ជាឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ»។ អ្នកប្រវត្ដិសាស្ត្ររ៉ូមនៃសតវត្សទីពីរ ឈ្មោះស៊ូអេថូនឺស ក៏ថ្លែងអំពីការបណ្ដេញចេញនេះដែរ។ ក្នុងសៀវភៅ«ក្លូឌាសដ៏ឧត្តម»លោកមានប្រសាសន៍ថា៖ «ពីព្រោះសាសន៍យូដាបានបង្កើតចលាចល ដោយសារការចាក់រុកពីគ្រែស្ដឺស ទ្រង់[ក្លូឌាស]ក៏ដេញពួកគេចេញពីរ៉ូម»។13 បើគ្រែស្ដឺសនេះគឺជាព្រះយេស៊ូគ្រីស្ទ ហើយបើព្រឹត្ដិការណ៍ក្នុងរ៉ូមគឺតាមគំរូដូចនៅក្នុងក្រុងឯទៀត នោះការបះបោរ គឺមិនមែនដោយសារការចាក់រុកពីព្រះគ្រីស្ទ (សិស្សនៃព្រះគ្រីស្ទ)ទេ។ ប៉ុន្តែការបះបោរនេះគឺជាការឆ្លើយតបដ៏ឃោរឃៅ នៃសាសន៍យូដាវិញ ចំពោះកិច្ចការផ្សាយប្រកាសដ៏ស្មោះរបស់ពួកគ្រីស្ទាន។
១៧. នៅសតវត្សទីពីរ លោក ចឺស្ទីន ម៉ាតទឺរ មានប្រភពអ្វី ដែលគាំទ្រសេចក្ដីក្នុងព្រះគម្ពីរ អំពីព្រះយេស៊ូប្រព្រឹត្តអភូតហេតុ និងការសោយទិវង្គតរបស់ទ្រង់?
១៧ លោក ចឺស្ទីន ម៉ាតទឺរ បានសរសេរនៅពាក់កណ្ដាលសតវត្សទីពីរ អំពីការសោយទិវង្គតនៃព្រះយេស៊ូ ថា៖ «ការទាំងនេះបានកើតឡើងពិត អ្នកអាចប្រាកដពីកិច្ចការនៃ ប៉ុនទាស-ពីឡាត់»។14 ម្យ៉ាងទៀត តាមលោក ចឺស្ទីន ម៉ាតទឺរ ដែលមានប្រសាសន៍អំពីអព្ភូតហេតុនៃព្រះយេស៊ូ ដែលចែងក្នុងឯកសារដដែលនេះថា៖ «ទ្រង់បានធ្វើការទាំងនេះ អ្នកអាចដឹងបាន ពីកិច្ចការនៃប៉ុនទាស-ពីឡាត់»។15 ជាការពិត ដែលសព្វថ្ងៃនេះឥតមាន«កិច្ចការ»ឬ ឯកសារតាមផ្លូវការទាំងនេះទៀតទេ។ ប៉ុន្តែគឺមានជាប្រាកដនៅសតវត្សទីពីរ ហើយលោក ចឺស្ទីន ម៉ាតទឺរ អះអាងដោយប្រាកដក្នុងចិត្ត ឲ្យអ្នកអានរបស់លោក ពិនិត្យមើលកិច្ចការទាំងនោះ ដើម្បីបញ្ជាក់ថាលោកបាននិយាយរឿងពិត។
ទីសំអាងខាងបុរាណវត្ថុវិទ្យា
១៨. តើបុរាណវត្ថុវិទ្យាផ្ដល់ការគាំទ្រអ្វី ដែលថាប៉ុនទាស-ពីឡាត់បានរស់នៅ?
១៨ ការរកឃើញខាងបុរាណវត្ថុវិទ្យាក៏បានពន្យល់ ឬបញ្ជាក់សេចក្ដីដែលយើងអានក្នុងបទគម្ពីរក្រិកដែរ។ ម្ល៉ោះហើយនៅឆ្នាំ១៩៦១ គេបានរកឃើញឈ្មោះប៉ុនទាស-ពីឡាត់ ក្នុងអក្សរចារឹក ក្នុងសំណង់បាក់បែកនៃរោងល្ខោនរ៉ូមនៅសេសារា។16 មុនពេលគេរកឃើញនេះ មានទីសំអាងតិចតួចណាស់ក្រៅពីព្រះគម្ពីរ ដែលសម្ដែងថាមានអ្នកគ្រប់គ្រងរ៉ូមនេះ។
១៩, ២០. តើលូកាបានមានប្រសាសន៍អំពីបុគ្គលណា ក្នុងព្រះគម្ពីរ (លូកានិងកិច្ចការ) ដែលបុរាណវត្ថុវិទ្យាបានជួយបញ្ជាក់?
១៩ ក្នុងសិក្ខាបទនៃលូកា យើងអានថាយ៉ូហាន-បាទីស្ទ ចាប់ផ្ដើមកិច្ចបំរើរបស់គាត់«កាល . . . លីសានាស ជាស្តេចអនុរាជ នៅស្រុកអាប៊ីលេន»។ (លូកា ៣:១) អ្នកខ្លះមិនជឿសេចក្ដីនេះទេ ពីព្រោះលោកយ៉ូសេហ្វឺសបានមានប្រសាសន៍អំពីលីសានាស ដែលគ្រប់គ្រងស្រុកអាប៊ីលេន ហើយបានស្លាប់ក្នុងឆ្នាំ៣៤ ម.ស.យ. ជាយូរមុនយ៉ូហានបានកើតទៅទៀត។ ប៉ុន្តែបុរាណវត្ថុវិទូបានរកឃើញអក្សរចារឹកមួយ នៅអាប៊ីលេន ដែលប្រាប់អំពីលីសានាសម្នាក់ទៀត ដែលជាអភិបាលសង្កាត់ (អ្នកគ្រប់គ្រងសង្កាត់) ក្នុងរាជ្យទីប៊ើរ ដែលគ្រប់គ្រងជាសេសារនៅរ៉ូម ពេលយ៉ូហានចាប់ផ្ដើមកិច្ចបំរើរបស់គាត់។17 នេះគឺជាលីសានាសដែលលូកាបានប្រាប់នោះ។
២០ ក្នុងកិច្ចការ យើងអានថាប៉ុលនិងបាណាបាសបានត្រូវចាត់ទៅធ្វើការសាសនទូតនៅស្រុកគីប្រុស ហើយនៅទីនោះបានជួបនឹងអ្នកតំណាងជាតិរ៉ូមម្នាក់ឈ្មោះ ស៊ើគាស-ប៉ុល៉ូស«ជាអ្នកឆ្លៀវឆ្លាត»។ (កិច្ចការ ១៣:៧) នៅពាក់កណ្ដាលសតវត្សទី១៩ នៅស្រុកគីប្រុស គេបានជីកស្រាវជ្រាវឃើញអក្សរចារឹក ពីឆ្នាំ៥៥ ស.យ. ដែលនិយាយអំពីបុរសនេះឯង។ បុរាណវត្ថុវិទូ អើនណែស្ត រ៉ាយ្ដ មានប្រសាសន៍អំពីរឿងនេះថា៖ «នេះគឺសេចក្ដីមួយខាងក្រៅព្រះគម្ពីរ ដែលយើងមាន ដែលថ្លែងអំពីអ្នកតំណាងនេះ ហើយគួរឲ្យចាប់អារម្មណ៍ ដែលលូកាប្រាប់ឈ្មោះនិងមុខងាររបស់លោកនេះយ៉ាងត្រឹមត្រូវ។18
២១, ២២. ការអនុវត្តនៃសាសនាអ្វី ដែលចែងក្នុងព្រះគម្ពីរហើយបញ្ជាក់ដោយការស្រាវជ្រាវឃើញ នៃបុរាណវត្ថុវិទ្យា?
២១ ពេលប៉ុលនៅក្រុងអាថែន គាត់ប្រាប់ថាគាត់បានឃើញអាសនា សម្រាប់ថ្វាយដល់«ព្រះដ៏ពុំស្គាល់»។ (កិច្ចការ ១៧:២៣) អាសនាថ្វាយដល់ព្រះអនាមិក ជាអក្សរឡាតាំង បានត្រូវគេរកឃើញក្នុងតំបន់ខ្លះនៃចក្រភពរ៉ូម។ គេបានរកឃើញអាសនាមួយនៅពើកាម៉ុស ទាំងមានចារឹកជាអក្សរក្រិក ដូចនៅក្រុងអាថែនដែរ។
២២ ក្រោយមក កាលនៅអេភេសូរ ប៉ុលបានត្រូវពួកជាងប្រាក់ប្រឆាំងយ៉ាងខ្លាំង ហើយពួកគេបានប្រាក់ចំណូល ពីការធ្វើអាស្រមនិងរូបចម្លាក់ទេពធីតាឌីអាន។ ក្រុងអេភេសូរបានត្រូវគេហៅថា«ជាអ្នកថែរក្សាព្រះវិហារនៃ[ទេពធីតា]ឌីអានដ៏ធំ»។ (កិច្ចការ ១៩:៣៥) ស្របនឹងសេចក្ដីនេះ រូបចម្លាក់មួយចំនួននៃទេពធីតាឌីអាន ដែលធ្វើពីដីឥដ្ឋនិងថ្មពពាល បានត្រូវរកឃើញនៅទីកន្លែងអេភេសូរបុរាណ។ ក្នុងសតវត្សមុននេះ ព្រះវិហារដ៏ធំដែលសែសសល់បានត្រូវគេជីកស្រាយជ្រាវ។
ទំនងនៃសេចក្ដីពិត
២៣, ២៤. (ក) តើយើងអាចរកឃើញភស្តុតាងដ៏ខ្លាំងបំផុតនៅឯណា សម្រាប់សេចក្ដីពិតនៃបទគម្ពីរគ្រីស្ទានភាសាក្រិក? (ខ) គុណសម្បត្ដិអ្វីជាប់ជាមួយនឹងព្រះគម្ពីរ ដែលបញ្ជាក់អំពីភាពត្រឹមត្រូវនៃព្រះគម្ពីរ? សូមពន្យល់។
២៣ ដូច្នេះប្រវត្ដិសាស្ត្រនិងបុរាណវត្ថុវិទ្យាពន្យល់ ហើយបញ្ជាក់ខ្លះដែរ អំពីចំណុចខាងប្រវត្ដិសាស្ត្រ នៃបទគម្ពីរក្រិក។ ប៉ុន្តែភស្តុតាងខ្លាំងជាងគេ សម្រាប់សេចក្ដីពិតនៃការសរសេរទាំងនេះ គឺនៅក្នុងសៀវភៅទាំងនេះឯង។ ពេលអ្នកអាន អ្នកនឹងឃើញថា សៀវភៅទាំងនេះមិនមានទំនងដូចរឿងតាមប្រពៃណីទេ តែមានទំនងនៃសេចក្ដីពិតវិញ។
២៤ ទីមួយគឺថា សៀវភៅទាំងនេះស្មោះត្រង់។ សូមគិតមើលពីសេចក្ដីកត់ទុកអំពីពេត្រុស។ ដែលលោកមិនអាចដើរលើទឹកហើយត្រូវខ្មាសនោះ បានត្រូវកត់ទុកយ៉ាងក្បោះក្បាយ។ បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅសាវ័ក ដ៏មានគេគោរពនេះថា៖ «សាតាំងអើយ ចូរថយទៅក្រោយអញទៅ»! (ម៉ាថាយ ១៤:២៨-៣១; ១៦:២៣) ថែមទៅទៀត ក្រោយពេលពេត្រុសប្រកែកយ៉ាងខ្លាំងថា សូម្បីតែអ្នកឯទៀតបោះបង់ចោលព្រះយេស៊ូ លោកនឹងមិនធ្វើដូច្នោះឡើយ តែលោកបានដេកលក់នៅពេលត្រូវយាម ហើយរួចមកក៏ប្រកែកបីដងថា មិនស្គាល់ព្រះអម្ចាស់របស់លោកទេ។—ម៉ាថាយ ២៦:៣១-៣៥, ៣៧-៤៥, ៧៣-៧៥
២៥. តើអ្នកសរសេរព្រះគម្ពីរនិយាយប្រាប់យ៉ាងស្មោះត្រង់នូវភាពខ្សោយអ្វីខ្លះរបស់ពួកសាវ័ក?
២៥ ប៉ុន្តែមិនមែនភាពខ្សោយរបស់ពេត្រុសតែម្នាក់ទេ ដែលបានត្រូវបញ្ចេញឲ្យដឹងនោះ។ ដែលពួកសាវ័កឈ្លោះគ្នា ថាអ្នកណាគឺធំក្នុងចំណោមគេនោះ បានត្រូវកត់ទុកយ៉ាងស្មោះត្រង់ ឥតមានលាក់បាំងអ្វីឡើយ។ (ម៉ាថាយ ១៨:១; ម៉ាកុស ៩:៣៤; លូកា ២២:២៤) ហើយសេចក្ដីកត់ទុកក៏ប្រាប់ដែរថា ម្ដាយរបស់សាវ័កយ៉ាកុបនិងយ៉ូហាន បានសូមព្រះយេស៊ូឲ្យទ្រង់ប្រទានកូនប្រុសរបស់នាង នូវឋានៈដ៏ល្អបំផុតក្នុងព្រះរាជាណាចក្រទ្រង់។ (ម៉ាថាយ ២០:២០-២៣) «ការណ៍ទាស់ទែងគ្នាយ៉ាងខ្លាំង» រវាងបាណាបាសនិងប៉ុលក៏បានត្រូវកត់ទុកយ៉ាងស្មោះត្រង់ៗដែរ។—កិច្ចការ ១៥:៣៦-៣៩
២៦. តើរឿងល្អិតល្អន់អ្វីអំពីព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដែលនឹងត្រូវសរសេរបញ្ចូល លុះត្រាតែរឿងនេះជារឿងពិត?
២៦ គួរកត់សម្គាល់ដែរ ដែលសៀវភៅលូកាប្រាប់ថា គឺជា«ពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់»ដែលបានដឹងមុនគេ ថាព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ នេះគឺប្លែកណាស់នៅក្នុងសង្គមនៃសតវត្សទីមួយ ដែលគ្រប់គ្រងដោយមនុស្សភេទប្រុស។ ជាប្រាកដ តាមសេចក្ដីកត់ទុកនោះ ពាក្យសំដីរបស់ពួកស្ត្រី «មើលទៅដូចជារឿងលេងសុទ្ធ»ចំពោះពួកសាវ័ក។ (លូកា ២៣:៥៥–២៤:១១) បើប្រវត្ដិសាស្ត្រក្នុងបទគម្ពីរក្រិកគឺមិនពិត នោះវាច្បាស់ជាត្រូវគេប្រឌិត។ ប៉ុន្តែហេតុអ្វីបានគេប្រឌិតរឿងមួយ អំពីមនុស្សដ៏មានកិត្ដិយសបែបនេះ ដោយឥតប្រើពាក្យសរសើរបញ្ជោរសោះ? ទាល់តែនេះជារឿងពិត ទើបគេសរសេរបញ្ចូល។
ព្រះយេស៊ូ—ជាបុគ្គលមែនទែន
២៧. តាមរបៀបណាដែលអ្នកប្រវត្ដិសាស្ត្របញ្ជាក់ថា ព្រះយេស៊ូមានព្រះជន្មរស់នៅក្នុងប្រវត្ដិសាស្ត្រ?
២៧ មនុស្សជាច្រើនបានយល់ថា ព្រះយេស៊ូដូចដែលបានរៀបរាប់ក្នុងព្រះគម្ពីរ គឺជាបុគ្គលតាមឧត្តមគតិក្នុងរឿងប្រឌិត។ ប៉ុន្តែអ្នកប្រវត្ដិសាស្ត្រ មីកែល ហ្គ្រែន្ថ ប្រាប់ថា៖ «បើយើងប្រើលក្ខណៈវិនិច្ឆ័យសម្រាប់សញ្ញាថ្មី ដូចដែលយើងប្រើសម្រាប់សេចក្ដីសរសេរបុរាណឯទៀត ដែលមានរឿងប្រវត្ដិសាស្ត្រ នោះយើងមិនអាចថា គ្មានព្រះយេស៊ូបានឡើយ ដូចដែលយើងមិនអាចថា គ្មានពាហិរជនជាច្រើនដែរ។ ហើយឯពាហិរជនទាំងនេះ មិនដែលមានគេសង្ស័យ ថាមានឬមិនមានផង ក្នុងប្រវត្ដិសាស្ត្រ»។19
២៨, ២៩. ហេតុអ្វីជាការសំខាន់ ដែលសិក្ខាបទទាំងបួនរៀបរាប់យ៉ាងស្របគ្នា អំពីបុគ្គលិកលក្ខណៈនៃព្រះយេស៊ូ?
២៨ ព្រះគម្ពីរមិនគ្រាន់តែបានប្រាប់ថា មានព្រះយេស៊ូតែប៉ុណ្ណោះទេ ប៉ុន្តែបានទាំងសម្ដែងអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ដែរ ដោយទំនងនៃសេចក្ដីពិត ឥតការសង្ស័យឡើយ។ មិនមែនជាការងាយស្រួលទេ ដែលបង្កើតតួបុគ្គលម្នាក់ដ៏ប្លែកពីធម្មតា ហើយរៀបរាប់លក្ខណៈតួនេះដោយឥតប្រែប្រួលក្នុងសៀវភៅទាំងមូលនោះ។ អ្នកសរសេរបួននាក់ផ្សេងគ្នា មិនងាយនឹងសរសេរអំពីតួបុគ្គលដដែលនេះទេ ហើយរៀបរាប់លក្ខណៈគាត់ដោយឥតប្រែប្រួលនោះឡើយ ប្រសិនបើមិនដែលមានបុគ្គលនេះ។ ដែលសិក្ខាបទទាំងបួនរៀបរាប់ព្រះយេស៊ូថាជាបុគ្គលតែមួយ នោះគឺជាទីសំអាងដ៏ខ្លាំងមួយដែលថា សិក្ខាបទទាំងនេះ គឺពិតត្រឹមត្រូវ។
២៩ លោក មីកែល ហ្គ្រែន្ថ ស្រង់សំនួរដ៏ត្រឹមត្រូវមួយថា៖ «តាមប្រពៃណីទាំងអស់ក្នុងសិក្ខាបទ ហេតុអ្វីក៏មានការពណ៌នាដ៏អស្ចារ្យឥតប្រែប្រួល អំពីបុរសវ័យក្មេងដ៏ស្អាតម្នាក់ ដែលរស់នៅយ៉ាងសេរី ក្នុងចំណោមពួកស្ត្រីគ្រប់យ៉ាង ព្រមទាំងស្ត្រីមានឋានៈថោកទាបផង ដោយគ្មានសញ្ចេតភាព គ្មានភាពខុសពីធម្មតា ឬគ្មានការប្រកាន់សីលធម៌ហួសហេតុសោះ ប៉ុន្តែតែងតែមានសេចក្ដីស្មោះគ្រប់ល័ក្ខណ៍ជានិច្ចវិញ»?20 មានតែចម្លើយមួយទេ ថាបុគ្គលនេះបានរស់នៅពិត ហើយបានប្រព្រឹត្តដូចព្រះគម្ពីរប្រាប់អញ្ចឹង។
ហេតុអ្វីគេមិនជឿ
៣០, ៣១. ហេតុអ្វីក៏មនុស្សជាច្រើនមិនទទួលស្គាល់បទគម្ពីរគ្រីស្ទានភាសាក្រិក ថាជាទៀងត្រូវតាមប្រវត្ដិសាស្ត្រ ថ្វីបើមានទីសំអាងទាំងអស់នេះ?
៣០ ដោយមានទីសំអាងដ៏ខ្លាំង ថាបទគម្ពីរក្រិកគឺជាប្រវត្ដិសាស្ត្រពិត ហេតុអ្វីក៏អ្នកខ្លះនិយាយថាមិនមែនទៅវិញ? ហេតុអ្វីមនុស្សជាច្រើនទទួលស្គាល់បទគម្ពីរមួយចំណែកខ្លះថាជាពិត ប៉ុន្តែមិនព្រមទទួលស្គាល់សេចក្ដីទាំងអស់ក្នុងបទគម្ពីរ? គឺពីព្រោះតែព្រះគម្ពីរសរសេររឿង ដែលអ្នកមានប្រាជ្ញាសម័យថ្មីនេះមិនចង់ជឿ។ ជាឧទាហរណ៍ ព្រះគម្ពីរប្រាប់ថាព្រះយេស៊ូបានសម្រេចទំនាយ ហើយបានទាយប្រាប់ផង ក៏ប្រាប់ថាទ្រង់បានធ្វើអព្ភូតហេតុ ហើយថាក្រោយពេលទ្រង់បានសោយទិវង្គត ទ្រង់ក៏បានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។
៣១ នៅសតវត្សទី២០ដ៏សម្បូរការសង្ស័យនេះ រឿងដូចនេះគឺមិនគួរឲ្យជឿបានទេ។ អំពីអព្ភូតហេតុ សាស្ដ្រាចារ្យ អែសរ៉ា ហ្គូល្ដមានប្រសាសន៍ថា៖ «មានលក្ខខណ្ឌមួយ ដែលអ្នកធ្វើវិវេចនាខ្លះ យល់ថាសមរម្យចំពោះគេ គឺថា . . . គ្មានអព្ភូតហេតុកើតឡើងទេ»។21 អ្នកខ្លះទទួលស្គាល់ថា ព្រះយេស៊ូបានព្យាបាលជម្ងឺ ប៉ុន្តែព្យាបាលតែជម្ងឺ ខាងចិត្តរោគ ‹ចិត្តលើរូបធាតុ› តែប៉ុណ្ណោះ។ ចំពោះអព្ភូតហេតុឯទៀត គេភាគច្រើនដោះសាថាជារឿងប្រឌិត ឬក៏រឿងប្រាប់បង្វែងឲ្យខុសពីព្រឹត្ដិការណ៍ពិត។
៣២, ៣៣. តាមរបៀបណាដែលអ្នកខ្លះខំនិយាយដោះសាថា អព្ភូតហេតុនៃព្រះយេស៊ូគឺមិនពិតទេ ពេលទ្រង់ប្រទានអាហារឲ្យមនុស្សមួយហ្វូងធំ បរិភោគបានឆ្អែត ប៉ុន្តែហេតុអ្វីការដោះសានេះមិនសមហេតុសោះ?
៣២ ជាឧទាហរណ៍មួយ សូមពិចារណាគ្រាដែលព្រះយេស៊ូបានប្រទាននំប៉័ងតែពីរបីនិងត្រីពីរ ឲ្យហ្វូងមនុស្សជាង៥.០០០នាក់ បរិភោគបានឆ្អែត។ (ម៉ាថាយ ១៤:១៤-២២) អ្នកប្រាជ្ញ សតវត្សទី១៩ ឈ្មោះ ហិនរីជ ប៉ូលឺស ឲ្យយោបល់ថា រឿងដែលបានកើតឡើងមែនទែនគឺដូច្នេះ៖ ព្រះយេស៊ូនិងពួកសាវ័កទ្រង់ បានឃើញមនុស្សមួយហ្វូងធំ ដែលនៅស្ដាប់នោះឃ្លានចំណី។ ម្ល៉ោះហើយទ្រង់ក៏សម្រេចចិត្តនឹង ធ្វើជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់ពួកអ្នកដែលមានក្នុងចំណោមមនុស្ស។ ទ្រង់ក៏យកចំណីតិចតួច ដែលទ្រង់និងពួកសាវ័កមាន ហើយចែកឲ្យហ្វូងមនុស្ស។ មិនយូរប៉ុន្មាន អ្នកឯទៀតដែលបានយកចំណីមក ក៏ធ្វើតាមឧទាហរណ៍ទ្រង់ ហើយចែកចំណីរបស់គេដែរ។ ដល់ទីបំផុត ហ្វូងមនុស្សទាំងអស់ក៏បានឆ្អែតទៅ។22
៣៣ ប៉ុន្តែ ប្រសិនបើរឿងនេះបានកើតឡើងដូច្នេះមែន នោះនឹងគឺជាភស្តុតាងដ៏អស្ចារ្យមួយ អំពីអនុភាពនៃឧទាហរណ៍ល្អ។ ហេតុអ្វីក៏រឿងដ៏ចាប់អារម្មណ៍និងមានន័យបែបនេះ ត្រូវចាំបាច់កែបង្វែង ឲ្យទៅជារឿងអព្ភូតហេតុអធិធម្មជាតិទៅវិញ? ជាប្រាកដ ការខិតខំដោះសាថាអព្ភូតហេតុមិនមែនជារឿងពិត នឹងបណ្ដាលឲ្យមានការស្មុគស្មាញរឹតតែច្រើនទៅទៀត។ ហើយការខិតខំទាំងអស់នេះ សុទ្ធតែសំអាងលើការសន្មតមិនពិត ចាប់ផ្ដើមដោយសន្មតថា មិនអាចមានអព្ភូតហេតុទេ។ ប៉ុន្តែហេតុអ្វីក៏ត្រូវដូច្នេះ?
៣៤. បើព្រះគម្ពីរពិតជាមានទំនាយទៀងត្រូវ និងមានរឿងអព្ភូតហេតុពិត តើនោះបញ្ជាក់អំពីអ្វី?
៣៤ តាមគំរូដ៏សមហេតុបំផុត បទគម្ពីរហេព្រើរនិងបទគម្ពីរក្រិកគឺជាប្រវត្ដិសាស្ត្រពិត ហើយបទគម្ពីរទាំងពីរមានឧទាហរណ៍អំពីទំនាយនិងអព្ភូតហេតុ។ (ប្រៀបធៀប ពង្សាវតារក្សត្រទី២ ៤:៤២-៤៤) ដូច្នេះ តើមានន័យអ្វី ប្រសិនបើទំនាយគឺជាពិត? ហើយមានន័យអ្វីទៅ បើសិនអព្ភូតហេតុពិតជាបានកើតឡើងមែន? បើដូច្នោះ ព្រះពិតជាមានទាក់ទងនឹងការសរសេរព្រះគម្ពីរហើយ ដែលជាបន្ទូលរបស់ទ្រង់ពិត មិនមែនពាក្យសំដីរបស់មនុស្សទេ។ នៅជំពូកខាងមុខ យើងនឹងពិគ្រោះសំនួរអំពីទំនាយ ប៉ុន្តែសូមយើងពិចារណាមើលអព្ភូតហេតុមុនសិន។ នៅសតវត្សទី២០នេះ តើជាការសមហេតុទេនឹងជឿថា អព្ភូតហេតុបានកើតឡើងមែននៅសតវត្សដើម?
[ឃ្លាអក្សរធំនៅទំព័រ៦៦]
ហេតុអ្វីក៏ព្រះគម្ពីរនិយាយថា ពួកស្ត្រីបានឃើញព្រះយេស៊ូត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ បើការនេះមិនបានកើតឡើងមែន?
[ប្រអប់នៅទំព័រ៥៦]
វិវេចនាសម័យថ្មីឃើញថា ឥតពេញខ្នាត
ជាឧទាហរណ៍មួយ អំពីភាពឥតច្បាស់លាស់ នៃវិវេចនាសម័យថ្មីលើព្រះគម្ពីរ សូមពិចារណាសេចក្ដីនេះរបស់លោក រេម៉ុន្ត ប្រន អំពីសិក្ខាបទនៃយ៉ូហាន៖ «នៅចុងសតវត្សមុន និងឆ្នាំដំបូងនៃសតវត្សនេះ វិធីសិក្សាមានការមិនជឿជាខ្លាំង ដល់សិក្ខាបទនេះមួយរយៈពេល។ សៀវភៅយ៉ូហានបានត្រូវសរសេរជាយូរណាស់មកហើយ តាំងពីចុងពាក់កណ្ដាលសតវត្សទី២ម្ល៉េះ។ ដូចជាផលនៃពិភពខាងសាសន៍ក្រិក សៀវភៅនេះបានត្រូវគេយល់ថា គ្មានតម្លៃខាងប្រវត្ដិសាស្ត្រសោះ ហើយមានរឿងតិចតួចណាស់ ដែលទាក់ទងនឹងប៉ាឡេស្ទីននៃព្រះយេស៊ូ ពីណាសារ៉ែត . . .
«គឺគ្មានការចោទដូចនេះទេ ដែលមិនបានត្រូវទាស់ដោយការរកឃើញបន្តបន្ទាប់ ដ៏មិននឹកដល់ខាងបុរាណវត្ថុវិទ្យា ខាងឯកសារ និងខាងអត្ថបទនោះឡើយ។ ការរកឃើញទាំងនេះនាំយើងឲ្យឆ្លើយតបយ៉ាងឆ្លៀវឆ្លាត នឹងមតិទិតៀន ដែលសឹងតែក្លាយជាទម្លាប់ធម្មតា ហើយនាំយើងឲ្យដឹងយល់ទៀត នូវភាពខ្សោយនៃមូលដ្ឋាន ដែលគាំទ្រការវែកញែកដ៏ពេញដោយសេចក្ដីសង្ស័យ នៃសៀវភៅយ៉ូហាន។ . . .
«ចុងសតវត្សទី១ ឬមុនពេលនេះ បានត្រូវរាប់ថា ជាពេលដែលសិក្ខាបទបានត្រូវសរសេរទៅវិញ។ . . . ប្រហែលជាចម្លែកបំផុត ពួកអ្នកប្រាជ្ញខ្លះហ៊ានទាំងឲ្យយោបល់ម្ដងទៀតថា យ៉ូហានជាកូនប្រុសនៃសេបេដេ ប្រហែលជាមានទាក់ទងនឹងសិក្ខាបទនេះដែរ»!3
ហេតុអ្វីក៏ហាក់ដូចជាចម្លែកដោយជឿថា យ៉ូហានបានសរសេរសៀវភៅ ដែលតាមទំនៀមគឺសរសេរដោយខ្លួនលោកនោះ? គឺពីព្រោះតែវាឥតស្របនឹងគំនិតយល់ឃើញជាមុន របស់អ្នកធ្វើវិវេចនា។
[ប្រអប់នៅទំព័រ៧០]
ការទិតៀនមួយទៀតដល់ព្រះគម្ពីរ
លោកធីម៉ូថេ វេបឺរ សរសេរថា៖ «លទ្ធផលនៃវិវេចនាជាន់ខ្ពស់ បានធ្វើឲ្យមនុស្សធម្មតា មិនទុកចិត្តលើសមត្ថភាពនៃខ្លួនគេ ក្នុងការដឹងយល់អ្វីៗ[ក្នុងព្រះគម្ពីរ]។ . . . លោកភាសុន មានសេចក្ដីក្ដៅក្រហាយចំពោះអ្នកផ្សាយលទ្ធិព្រះយេស៊ូជាច្រើន ដោយមានប្រសាសន៍ថា ‹ដូចលទ្ធិរ៉ូម [វិវេចនាជាន់ខ្ពស់]ដកយកបន្ទូលនៃព្រះពីជនសាមញ្ញ ដោយសន្មតថាមានតែពួកអ្នកប្រាជ្ញទេដែលអាចបកស្រាយព្រះបន្ទូលបាន។ រ៉ូមបានដាក់សង្ឃនៅរវាងមនុស្ស និងព្រះបន្ទូល រីឯការវិវេចនាវិញបានដាក់អ្នកអធិប្បាយដ៏ចេះដឹងនៅរវាងអ្នកមានជំនឿ និងព្រះគម្ពីររបស់គេ›»។23 ម្ល៉ោះហើយ វិវេចនាជាន់ខ្ពស់សម័យថ្មី គឺឃើញថាគ្រាន់តែជាការទិតៀនមួយទៀត ដល់ព្រះគម្ពីរតែប៉ុណ្ណោះ។
[រូបភាពនៅទំព័រ៦២]
អាសនានេះនៅក្រុងពើកាមុស គឺឃើញបានត្រូវថ្វាយដល់«ព្រះដ៏ពុំស្គាល់»
[រូបភាពនៅទំព័រ៦៣]
សំណង់បាក់បែកនៃវិហារទេពធីតាឌីអានដែលពីមុនជាវិហារដ៏អស្ចារ្យមួយ ដែលពួកអេភេសូរមានចិត្តសរសើរ
[រូបភាពនៅទំព័រ៦៤]
ព្រះគម្ពីរប្រាប់ដោយស្មោះថា ពេត្រុសបានប្រកែកមិនទទួលស្គាល់ព្រះយេស៊ូ
[រូបភាពនៅទំព័រ៦៧]
ព្រះគម្ពីរបានកត់ទុកដោយស្មោះអំពី«ការណ៍ទាស់ទែងគ្នាជាខ្លាំង»រវាងប៉ុលនិងបាណាបាស
[រូបភាពនៅទំព័រ៦៨]
ភាពស្របគ្នាក្នុងការពណ៌នាអំពីព្រះយេស៊ូក្នុងសិក្ខាបទទាំងបួន គឺជាភស្តុតាងដ៏ខ្លាំងថា សិក្ខាបទទាំងនោះគឺពិត
[រូបភាពនៅទំព័រ៦៩]
អ្នកធ្វើវិវេចនាសម័យថ្មីភាគច្រើន សន្មតថាមិនមានអព្ភូតហេតុកើតឡើងទេ