ជំពូកទី១៨
សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
១, ២. តើត្រូវការអ្វីទៀត ក្រៅពីការមានចំណេះអំពីព្រះ?
សូមនឹកគិតថាអ្នកកំពុងឈរនៅពីមុខទ្វារជាប់សោ ដែលនាំទៅដល់បន្ទប់មួយ ពោរពេញមានទ្រព្យយ៉ាងច្រើន។ ចូរយើងឧបមាថា បុគ្គលមានអំណាចម្នាក់បានប្រគល់កូនសោទៅឲ្យអ្នក ហើយបានប្រាប់អ្នកឲ្យចូលយករបស់មានតម្លៃទាំងនេះតាមចិត្តចុះ។ កូនសោនោះគឺនឹងគ្មានប្រយោជន៍ដល់អ្នកទេ លុះត្រាតែអ្នកប្រើវា។ ស្រដៀងគ្នាដែរ អ្នកត្រូវតែប្រើចំណេះ ប្រសិនបើអ្នកចង់ឲ្យបានប្រយោជន៍ដល់អ្នក។
២ នេះជាពិសេសគឺត្រូវពិតណាស់ចំពោះចំណេះអំពីព្រះ។ ប្រាកដហើយ ចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ គឺមានន័យថាជីវិតអស់កល្បជានិច្ច។ (យ៉ូហាន ១៧:៣) ប៉ុន្តែ សេចក្ដីសង្ឃឹមនោះមិនអាចសម្រេចឡើងបាន ដោយព្រោះតែយើងមានចំណេះប៉ុណ្ណោះនោះទេ។ ដូចអ្នកនឹងប្រើកូនសោដ៏មានតម្លៃ នោះអ្នកក៏ត្រូវតែប្រើចំណេះអំពីព្រះក្នុងជីវិតរបស់អ្នកដែរ។ ព្រះយេស៊ូបានមានបន្ទូលថា អស់អ្នកដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះនឹង‹ចូលទៅក្នុងព្រះរាជាណាចក្រ›។ ពួកបុគ្គលបែបនេះនឹងមានឯកសិទ្ធិបំរើព្រះជារៀងរហូតតទៅ!—ម៉ាថាយ ៧:២១; យ៉ូហានទី១ ២:១៧
៣. តើអ្វីជាបំណងព្រះហឫទ័យរបស់ព្រះសំរាប់យើង?
៣ ក្រោយពីបានរៀនដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះហើយ គឺសំខាន់ណាស់ដែលយើងត្រូវធ្វើតាម។ តើអ្នកយល់ថា អ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះសំរាប់អ្នក? នេះគឺអាចសង្ខេបយ៉ាងត្រឹមត្រូវដោយពាក្យទាំងនេះ៖ យកតម្រាប់តាមព្រះយេស៊ូ។ ពេត្រុសទី១ ២:២១ ចែងប្រាប់យើងថា៖ «ដ្បិតទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។ ដូច្នេះ ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកត្រូវតែធ្វើតាមគំរូរបស់ព្រះយេស៊ូឲ្យបានដិតដល់តាមលទ្ធភាព។ នោះហើយជារបៀបដែលអ្នកអាចប្រើចំណេះអំពីព្រះ។
របៀបដែលព្រះយេស៊ូបានប្រើ ចំណេះអំពីព្រះ
៤. ហេតុអ្វីក៏ព្រះយេស៊ូមានចំណេះច្រើនម្ល៉េះអំពីព្រះយេហូវ៉ា ហើយទ្រង់បានប្រើចំណេះនេះយ៉ាងដូចម្ដេច?
៤ ព្រះយេស៊ូគ្រីស្ទមានចំណេះអំពីព្រះជ្រៅជ្រះហ្មត់ចត់ជាងអ្នកផ្សេងឯទៀត។ ទ្រង់បានរស់នៅ ហើយធ្វើកិច្ចការជាមួយព្រះយេហូវ៉ាក្នុងស្ថានសួគ៌ជាយូរយារមកហើយ មុនទ្រង់យាងមកផែនដី។ (កូល៉ុស ១:១៥, ១៦) តើព្រះយេស៊ូបានធ្វើអ្វីជាមួយនឹងចំណេះទាំងប៉ុន្មាននោះ? ទ្រង់មិនបានពេញព្រះហឫទ័យដោយព្រោះតែមានចំណេះប៉ុណ្ណោះទេ។ ព្រះយេស៊ូគឺរស់នៅស្របតាមចំណេះនោះ។ ហេតុដូច្នេះហើយបានជាទ្រង់មានសេចក្ដីសប្បុរស សេចក្ដីអត់ធ្មត់ និងសេចក្ដីស្រឡាញ់ដល់ម្ល៉េះ ក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សគ្នីគ្នា។ ដូច្នេះ ព្រះយេស៊ូត្រាប់តាមព្រះវរបិតាស្ថានសួគ៌របស់ទ្រង់ ហើយប្រព្រឹត្តស្របតាមចំណេះអំពីវិធី និងបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។—យ៉ូហាន ៨:២៣, ២៨, ២៩, ៣៨; យ៉ូហានទី១ ៤:៨
៥. ហេតុអ្វីព្រះយេស៊ូធ្វើបុណ្យជ្រមុជទឹក ហើយទ្រង់បានធ្វើតាមន័យនៃពិធីបុណ្យជ្រមុជទឹករបស់ទ្រង់យ៉ាងដូចម្ដេច?
៥ ចំណេះដែលព្រះយេស៊ូមាន ក៏បានជំរុញទ្រង់ឲ្យបោះជំហានដ៏សំខាន់មួយដែរ។ ទ្រង់បានយាងពីស្រុកកាលីឡេទៅទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានបានធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់។ (ម៉ាថាយ ៣:១៣-១៥) តើពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ គឺជានិមិត្តរូបអ្វី? ជាជនជាតិយូដា ទ្រង់ចាប់កំណើតមកក្នុងសាសន៍ដែលបានថ្វាយខ្លួនដល់ព្រះ។ ដូច្នេះ ព្រះយេស៊ូបានថ្វាយខ្លួនតាំងពីកំណើតមកម្ល៉េះ។ (និក្ខមនំ ១៩:៥, ៦) ដោយធ្វើបុណ្យជ្រមុជទឹក ទ្រង់បានថ្វាយរូបអង្គទ្រង់ទៅព្រះយេហូវ៉ាដើម្បីធ្វើតាមបំណងព្រះ សំរាប់ទ្រង់នៅគ្រានោះ។ (ហេព្រើរ ១០:៥, ៧) ហើយព្រះយេស៊ូបានធ្វើតាមន័យនៃពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ផង។ ទ្រង់បានខំខ្នះខ្នែងក្នុងកិច្ចបំរើព្រះយេហូវ៉ា ប្រាប់ចំណេះអំពីព្រះដល់ពួកបណ្ដាជនក្នុងគ្រប់ឱកាសទាំងអស់។ ព្រះយេស៊ូមានសេចក្ដីរីករាយណាស់ ក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ទាំងមានបន្ទូលថា នេះប្រៀបដូចនឹងអាហារសំរាប់ទ្រង់។—យ៉ូហាន ៤:៣៤
៦. តើតាមរបៀបណាដែលព្រះយេស៊ូលះបង់ខ្លួនទ្រង់?
៦ ព្រះយេស៊ូបានជ្រាបយ៉ាងច្បាស់ថា ការធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ាគឺធ្ងន់ណាស់ គឺថានឹងធ្វើឲ្យបង់ព្រះជន្មរបស់ទ្រង់ផង។ ប៉ុន្តែ ព្រះយេស៊ូបានលះបង់ខ្លួនទ្រង់ ទុកដាក់សេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់ទ្រង់ជារបស់សំខាន់ទីពីរ។ ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះរមែងជាការសំខាន់ទីមួយជានិច្ច។ ក្នុងប្រការនេះ តើតាមរបៀបណាដែលយើងអាចធ្វើតាមគំរូដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ?
ជំហានដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
៧. តើជំហានណាខ្លះដែលគេត្រូវឈាន ដើម្បីឲ្យបានគុណវុឌ្ឍិទទួលបុណ្យជ្រមុជទឹក?
៧ មិនដូចព្រះយេស៊ូទេ យើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយអាចឈោងដល់ព្រឹត្ដិការណ៍សំខាន់នៃពិធីបុណ្យជ្រមុជទឹកបាន លុះត្រាតែយើងបានបោះជំហានដ៏សំខាន់ឯទៀតសិន។ នេះគឺចាប់ផ្ដើមដោយក្រេបជញ្ជក់យកចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទចូលក្នុងចិត្តរបស់យើង។ ធ្វើបែបនេះនឹងបណ្ដាលឲ្យយើងអនុវត្តជំនឿ ហើយឲ្យមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ។ (ម៉ាថាយ ២២:៣៧-៤០; រ៉ូម ១០:១៧; ហេព្រើរ ១១:៦) ការធ្វើតាមច្បាប់គោលការណ៍ និងខ្នាតតម្រារបស់ព្រះ គួរតែជំរុញយើងឲ្យកែប្រែចិត្ត ដោយសម្ដែងការឈឺចិត្តយ៉ាងសុចរិតចំពោះអំពើបាបកន្លងទៅរបស់យើង។ នេះនឹងនាំទៅដល់ការផ្លាស់ខ្លួន ដែលមានន័យថា បែរខ្លួនហើយបោះបង់ចោលអំពើខុសណាដែលយើងបានធ្វើ ពេលដែលយើងមិនទាន់មានចំណេះអំពីព្រះ។ (កិច្ចការ ៣:១៩) តាមធម្មតា ប្រសិនបើយើងនៅតែប្រព្រឹត្តអំពើបាបដោយសម្ងាត់ ជាជាងប្រព្រឹត្តអំពើសុចរិត នោះយើងមិនទាន់បែរខ្លួននៅឡើយទេ ហើយយើងក៏មិនអាចបញ្ឆោតព្រះបានដែរ។ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវការលាក់ពុតទាំងអស់។—លូកា ១២:២, ៣
៨. តើអ្នកត្រូវធ្វើយ៉ាងណា ពេលដែលអ្នកប៉ងប្រាថ្នាចង់ចូលរួមក្នុងសកម្មភាពផ្សាយព្រះរាជាណាចក្រ?
៨ ឥឡូវដែលអ្នកបានក្រេបជញ្ជក់យកចំណេះអំពីព្រះហើយ តើមិនមែនជាការសមហេតុផលទេឬ ដែលអ្នកគួរពិចារណារឿងបញ្ហាខាងវិញ្ញាណក្នុងរបៀបផ្ទាល់ខ្លួននោះ? អ្នកប្រហែលជាចង់ប្រាប់បងប្អូនញាតិមិត្ត និងអ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀន។ តាមពិត អ្នកប្រហែលជាបានដូច្នេះទៅហើយ ទាំងធ្វើដូចព្រះយេស៊ូដែលបានប្រាប់ដំណឹងល្អដល់អ្នកឯទៀតក្រៅវិធីការផង។ (លូកា ១០:៣៨, ៣៩; យ៉ូហាន ៤:៦-១៥) ឥឡូវនេះអ្នកប្រហែលជាចង់ប្រាប់គេឲ្យបានច្រើនថែមទៀត។ ពួកអ្នកចាស់ទុំគ្រីស្ទាននឹងមានចិត្តរីករាយពិគ្រោះជាមួយអ្នក ដើម្បីរកមើលថាតើអ្នកមានគុណវុឌ្ឍិនិងសមត្ថភាព ដើម្បីរួមចំណែកជារឿយៗ ក្នុងសកម្មភាពផ្សាយព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ បើសិនអ្នកមាន នោះពួកចាស់ទុំនឹងចាត់ចែងឲ្យអ្នកទៅផ្សាយជាមួយស្មរបន្ទាល់ម្នាក់។ ពួកសិស្សរបស់ព្រះយេស៊ូបានធ្វើតាមបង្គាប់របស់ទ្រង់ ដើម្បីសម្រេចកិច្ចបំរើរបស់គេក្នុងរបៀបដ៏រៀបរយមួយ។ (ម៉ាកុស ៦:៧, ៣០; លូកា ១០:១) អ្នកនឹងទទួលផលប្រយោជន៍ពីជំនួយស្រដៀងគ្នានេះ ពេលអ្នកចូលរួមផ្សាយពេញពាសអំពីសារដំណឹងព្រះរាជាណាចក្រពីផ្ទះមួយទៅផ្ទះមួយ ហើយតាមរបៀបផ្សេងទៀត។—កិច្ចការ ២០:២០, ២១
៩. តើតាមរបៀបណាដែលបុគ្គលម្នាក់ថ្វាយខ្លួនទៅព្រះ ហើយការថ្វាយខ្លួននេះមានឥទ្ធិពលលើជីវិតគេយ៉ាងដូចម្ដេច?
៩ ការផ្សាយដំណឹងល្អដល់មនុស្សគ្រប់ប្រភេទក្នុងតំបន់របស់ក្រុមជំនុំ គឺជារបៀបមួយដើម្បីរកអ្នកដែលមានចិត្តសុចរិតត្រឹមត្រូវ ហើយគឺត្រូវរាប់ចូលក្នុងចំណោមកិច្ចការល្អ ដែលបង្ហាញថាអ្នកមានជំនឿ។ (កិច្ចការ ១០:៣៤, ៣៥; យ៉ាកុប ២:១៧, ១៨, ២៦) ការចូលរួមក្នុងការប្រជុំគ្រីស្ទានជារឿយៗ និងការចូលរួមក្នុងកិច្ចការផ្សាយឲ្យបានច្រើន ក៏ជារបៀបផ្សេងទៀត ដែលបង្ហាញឲ្យឃើញថាអ្នកបានកែប្រែចិត្ត ហើយបានបែរខ្លួន ហើយឥឡូវនេះក៏ប្ដេជ្ញារស់នៅស្របតាមចំណេះអំពីព្រះ។ តើអ្វីទៀតជាជំហានបន្ទាប់ដ៏សមត្រឹមត្រូវ? គឺការថ្វាយខ្លួនដល់ព្រះយេហូវ៉ា។ នេះគឺមានន័យថា ក្នុងសេចក្ដីអធិស្ឋានពីចិត្ត អ្នកទូលប្រាប់ព្រះថាអ្នកថ្វាយដល់ទ្រង់ដោយស្ម័គ្រចិត្តនិងយ៉ាងអស់ពីចិត្ត នូវជីវិតរបស់អ្នក ដើម្បីធ្វើតាមបំណងព្រះហឫទ័យទ្រង់។ នេះជារបៀបដែលអ្នកថ្វាយខ្លួនទៅព្រះយេហូវ៉ា និងទទួលយកនឹមដ៏សប្បុរសរបស់ព្រះយេស៊ូគ្រីស្ទ។—ម៉ាថាយ ១១:២៩, ៣០
ពិធីបុណ្យជ្រមុជទឹក—មានន័យយ៉ាងណាចំពោះអ្នក
១០. ហេតុអ្វីក៏អ្នកគួរធ្វើបុណ្យជ្រមុជទឹក ក្រោយពីអ្នកបានថ្វាយខ្លួនទៅព្រះយេហូវ៉ា?
១០ យោងទៅតាមព្រះយេស៊ូ អស់អ្នកដែលក្លាយជាសិស្សរបស់ទ្រង់ ត្រូវតែធ្វើបុណ្យជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩, ២០) ហេតុអ្វីក៏ចាំបាច់ធ្វើបុណ្យនេះ ក្រោយពេលអ្នកបានថ្វាយខ្លួនទៅព្រះហើយ? ពីព្រោះអ្នកបានថ្វាយខ្លួនទៅព្រះយេហូវ៉ា ទ្រង់ក៏ជ្រាបថាអ្នកស្រឡាញ់ទ្រង់។ ប៉ុន្តែអ្នកច្បាស់ជាចង់ចាត់វិធានការថែមទៀត ដើម្បីឲ្យអ្នកឯទៀតដឹងអំពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ។ ដូច្នេះ ពិធីបុណ្យជ្រមុជទឹកផ្ដល់ឱកាសឲ្យអ្នកសម្ដែងឲ្យគេដឹងជាសាធារណៈ នូវការថ្វាយខ្លួនរបស់អ្នកដល់ព្រះយេហូវ៉ា។—រ៉ូម ១០:៩, ១០
១១. តើអ្វីជាន័យនៃពិធីបុណ្យជ្រមុជទឹក?
១១ ពិធីបុណ្យជ្រមុជទឹកគឺជានិមិត្តរូបដ៏មានន័យយ៉ាងវិសេស។ កាលដែលអ្នកត្រូវពន្លិចខ្លួន ឬ«កប់»នៅក្រោមទឹក នេះគឺហាក់ដូចជាអ្នកបានស្លាប់បង់ចោលដំណើរជីវិតដើមរបស់អ្នក។ ពេលដែលងើបចេញពីទឹកមក នេះគឺដូចជាអ្នកងើបឡើងទៅកាន់ជីវិតថ្មី ជាជីវិតដែលគ្រប់គ្រងដោយបំណងព្រះហឫទ័យនៃព្រះ មិនមែនដោយចំណង់ចិត្តរបស់អ្នកឡើយ។ ប្រាកដហើយ នោះមិនមានន័យថា អ្នកនឹងលែងធ្វើខុសទៀត ពីព្រោះយើងគ្រប់គ្នាជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយដូច្នេះក៏ធ្វើអំពើបាបជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ជាអ្នកបំរើព្រះយេហូវ៉ាដែលបានថ្វាយខ្លួន បានធ្វើបុណ្យជ្រមុជទឹក អ្នកនឹងមានទំនាក់ទំនងមួយដ៏ពិសេសជាមួយនឹងទ្រង់។ ដោយព្រោះការកែប្រែចិត្តរបស់អ្នកនិងការបន្ទាបខ្លួនធ្វើបុណ្យជ្រមុជទឹករបស់អ្នក នោះព្រះយេហូវ៉ានឹងអនុគ្រោះអត់ឱនទោសដល់បាបរបស់អ្នក ដោយមូលដ្ឋាននៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ ដូច្នេះ ពិធីបុណ្យជ្រមុជទឹកនឹងនាំឲ្យមានមនសិការស្អាតស្អំនៅចំពោះព្រះ។—ពេត្រុសទី១ ៣:២១
១២. តើអ្វីជាន័យនៃការធ្វើបុណ្យជ្រមុជទឹក (ក) «[ក្នុង]ព្រះនាមព្រះវរបិតា»? (ខ) ‹ក្នុងព្រះនាមនៃព្រះរាជបុត្រា›? (គ) ‹ក្នុងនាមនៃវិញ្ញាណបរិសុទ្ធ›?
១២ ព្រះយេស៊ូបានបង្ហាញពួកអ្នកកាន់តាមទ្រង់ឲ្យធ្វើបុណ្យជ្រមុជទឹកឲ្យពួកសិស្សថ្មី «[ក្នុង]ព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) តើព្រះយេស៊ូមានន័យយ៉ាងណា? ពិធីបុណ្យជ្រមុជទឹក«[ក្នុង]ព្រះនាមព្រះវរបិតា» បង្ហាញថាបុគ្គលដែលទទួលបុណ្យជ្រមុជទឹកទទួលព្រះយេហូវ៉ាអស់ពីចិត្ត ជាព្រះអាទិទេព ហើយជាព្រះមហាក្សត្រដ៏ត្រឹមត្រូវនៃសកលលោក។ (ទំនុកដំកើង ៣៦:៩; ៨៣:១៨; សាស្ដា ១២:១) ទទួលបុណ្យជ្រមុជទឹក‹ក្នុងព្រះនាមនៃព្រះរាជបុត្រា› មានន័យថាបុគ្គលនោះទទួលស្គាល់ព្រះយេស៊ូគ្រីស្ទ ហើយជាពិសេសយញ្ញបូជាលោះរបស់ទ្រង់ ជាវិធីសង្គ្រោះតែមួយគត់ ដែលព្រះបានប្រទានមក។ (កិច្ចការ ៤:១២) ពិធីបុណ្យជ្រមុជទឹក‹ក្នុងនាមនៃវិញ្ញាណបរិសុទ្ធ› មានន័យថាអ្នកដែលនឹងទទួលបុណ្យជ្រមុជទឹក ទទួលស្គាល់វិញ្ញាណបរិសុទ្ធ ឬសកម្មពលនៃព្រះយេហូវ៉ា ជាឧបករណ៍របស់ព្រះសំរាប់សម្រេចគោលបំណងរបស់ទ្រង់ និងសំរាប់ផ្ដល់កម្លាំងដល់ពួកអ្នកបំរើទ្រង់ឲ្យធ្វើតាមបំណងព្រះហឫទ័យដ៏សុចរិតរបស់ទ្រង់ ជាមួយនឹងអង្គការដែលវិញ្ញាណទ្រង់ដឹកនាំ។—លោកុប្បត្តិ ១:២; ទំនុកដំកើង ១០៤:៣០; យ៉ូហាន ១៤:២៦; ពេត្រុសទី២ ១:២១
តើអ្នកប្រុងប្រៀបធ្វើបុណ្យជ្រមុជទឹកហើយឬ?
១៣, ១៤. ហេតុអ្វីក៏យើងមិនគួរខ្លាចក្នុងការសម្រេចចិត្តបំរើព្រះយេហូវ៉ា?
១៣ ពីព្រោះពិធីបុណ្យជ្រមុជទឹកមានសារៈសំខាន់ណាស់ ហើយជាព្រឹត្ដិការណ៍សំខាន់បំផុតក្នុងជីវិតនៃបុគ្គលម្នាក់ តើវាជាជំហានដែលអ្នកគួរខ្លាចឬ? គឺមិនមែនសោះឡើយ! ថ្វីបើការសម្រេចចិត្តធ្វើបុណ្យជ្រមុជទឹកមិនត្រូវចាត់ទុកជារឿងស្រាលក៏ដោយ វាប្រាកដជាការសម្រេចចិត្តដ៏ប្រាជ្ញាមួយដែលអ្នកអាចធ្វើ។
១៤ ពិធីបុណ្យជ្រមុជទឹកជាទីសំអាងសម្ដែងឲ្យឃើញ ថាអ្នកសម្រេចចិត្តបំរើព្រះយេហូវ៉ា។ សូមគិតមើលអំពីមនុស្សទាំងប៉ុន្មានដែលអ្នកបានជួប។ ក្នុងរបៀបនាៗ តើពួកគេម្នាក់ៗមិនមែនកំពុងបំរើចៅហ្វាយគេទេឬ? អ្នកខ្លះធ្វើខ្ញុំកញ្ជះដល់ភោគទ្រព្យ។ (ម៉ាថាយ ៦:២៤) អ្នកឯទៀតខំប្រឹងសម្រេចវិជ្ជាជីវៈរបស់គេ ឬបំរើខ្លួន ដោយចាត់ទុកការសម្រេចសេចក្ដីប៉ងប្រាថ្នារបស់គេជារឿងសំខាន់បំផុតក្នុងជីវិត។ តែនៅមានអ្នកឯទៀតបំរើព្រះមិនពិត។ ប៉ុន្តែ ឯអ្នកវិញបានសម្រេចចិត្តបំរើព្រះពិត គឺព្រះយេហូវ៉ា។ គ្មានអ្នកណាទៀតទេដែលបង្ហាញសេចក្ដីសប្បុរស សេចក្ដីមេត្ដាករុណា និងសេចក្ដីស្រឡាញ់ជាងនេះឡើយ។ ព្រះធ្វើឲ្យមនុស្សមានកិត្ដិយសថ្លៃថ្នូរ ដោយកិច្ចការដ៏មានគោលបំណង ដែលតម្រង់ពួកគេទៅឯសេចក្ដីសង្គ្រោះ។ ទ្រង់ប្រទានរង្វាន់ដល់អ្នកបំរើទ្រង់ គឺជីវិតអស់កល្បជានិច្ច។ ប្រាកដណាស់ ការធ្វើតាមគំរូរបស់ព្រះយេស៊ូនិងការថ្វាយជីវិតរបស់អ្នកទៅព្រះយេហូវ៉ា គឺមិនមែនជាផ្លូវដែលត្រូវខ្លាចនោះឡើយ។ តាមពិត នេះជាផ្លូវតែមួយគត់ដែលផ្គាប់ព្រះហឫទ័យព្រះ ហើយសមហេតុផលផង។—ពង្សាវតារក្សត្រទី១ ១៨:២១
១៥. តើអ្វីខ្លះជាឧបសគ្គរារាំងដល់ការធ្វើបុណ្យជ្រមុជទឹក?
១៥ ប៉ុន្តែ ពិធីបុណ្យជ្រមុជទឹកមិនមែនជាជំហានមួយដែលត្រូវឈាន ដោយព្រោះការបង្ខិតបង្ខំនោះទេ។ នេះជារឿងផ្ទាល់ខ្លួនរវាងអ្នកនិងព្រះយេហូវ៉ា។ (កាឡាទី ៦:៤) កាលដែលអ្នកបានលូតលាស់ខាងវិញ្ញាណហើយ អ្នកប្រហែលជាងឿងឆ្ងល់ថា៖ «តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹក»? (កិច្ចការ ៨:៣៥, ៣៦) អ្នកប្រហែលជាសួរខ្លួនឯងថា ‹តើការប្រឆាំងពីគ្រួសារឃាត់ខ្ញុំឬ? តើខ្ញុំនៅជាប់ទាក់ទងនឹងស្ថានការណ៍ណាដែលខុសពីបទគម្ពីរឬអំពើបាបណាឬ? ឬមួយក៏ខ្ញុំខ្លាចមនុស្សក្នុងសហគមន៍លែងចូលចិត្តរាប់អានខ្ញុំទៀត›? នេះជាកត្ដាខ្លះដែលត្រូវពិចារណាមើល ប៉ុន្តែសូមថ្លឹងថ្លែងវាឲ្យសមតាមការពិត។
១៦. តើអ្នកនឹងទទួលផលប្រយោជន៍យ៉ាងណា ពីការបំរើព្រះយេហូវ៉ា?
១៦ គឺមិនសមតាមការពិតទេបើថ្លឹងថ្លែងតម្លៃ ដោយឥតពិចារណាមើលផលប្រយោជន៍ពីការបំរើព្រះយេហូវ៉ានោះ។ ជាឧទាហរណ៍ សូមពិចារណាមើលបញ្ហានៃការប្រឆាំងពីគ្រួសារ។ ព្រះយេស៊ូបានសន្យាថា បើសិនជាសិស្សរបស់ទ្រង់បានបាត់បង់ញាតិសន្ដានរបស់គេក៏ដោយ ដោយព្រោះគេកាន់តាមទ្រង់ នោះគេគង់រកបានគ្រួសារខាងវិញ្ញាណដ៏ធំមួយ។ (ម៉ាកុស ១០:២៩, ៣០) ពួកអ្នកមានជំនឿដូចគ្នាទាំងនេះនឹងបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដូចជាបងប្អូន ជួយអ្នកឲ្យអត់ទ្រាំនឹងការបៀតបៀន ហើយគាំទ្រអ្នកឲ្យដើរតាមផ្លូវទៅកាន់ជីវិត។ (ពេត្រុសទី១ ៥:៩) ជាពិសេសពួកអ្នកចាស់ទុំក្នុងក្រុមជំនុំអាចជួយអ្នកឲ្យបានជ័យជំនះក្នុងការលៃលកដោះស្រាយបញ្ហា និងការប្រឈមនឹងការពិបាកផ្សេងៗឯទៀត។ (យ៉ាកុប ៥:១៤-១៦) ចំពោះឯការបាត់បង់សេចក្ដីចូលចិត្តរាប់អានក្នុងលោកីយ៍នេះ អ្នកអាចសួរខ្លួនថា ‹តើអ្វីទៅដែលអាចប្រៀបធៀបនឹងការទទួលសេចក្ដីយល់ព្រមពីព្រះអាទិទេពនៃសកលលោក ដោយធ្វើឲ្យទ្រង់បានរីករាយចំពោះជីវិតដែលខ្ញុំបានជ្រើសរើសនោះ›?—សុភាសិត ២៧:១១
ការរស់នៅឲ្យស្របតាមការថ្វាយខ្លួននិងពិធីបុណ្យជ្រមុជទឹករបស់អ្នក
១៧. ហេតុអ្វីក៏អ្នកគួរចាត់ទុកពិធីបុណ្យជ្រមុជទឹក ជាទីចាប់ផ្ដើមជាជាងទីបញ្ចប់?
១៧ ជាការសំខាន់ដែលអ្នកចាំថា ពិធីបុណ្យជ្រមុជទឹកមិនមែនជាទីបញ្ចប់នៃការលូតលាស់ខាងវិញ្ញាណរបស់អ្នកទេ។ នេះគឺកត់សម្គាល់ទីចាប់ផ្ដើមនៃកិច្ចបំរើព្រះអស់មួយជីវិត ជាអ្នកបំរើតែងតាំង ហើយជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់។ ថ្វីបើពិធីបុណ្យជ្រមុជទឹកគឺសំខាន់ណាស់ក៏ដោយ វាឥតធានារ៉ាប់រងថានឹងបានសេចក្ដីសង្គ្រោះឡើយ។ ព្រះយេស៊ូមិនបានមានបន្ទូលថា៖ ‹មនុស្សគ្រប់គ្នាដែលបានជ្រមុជទឹកនឹងបានសង្គ្រោះ›នោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ដូច្នេះ គឺសំខាន់ណាស់ដែលអ្នកត្រូវស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុន ដោយចាត់ព្រះរាជាណាចក្រជារឿងដែលត្រូវយកចិត្តទុកដាក់ជាទីបំផុតក្នុងជីវិតរបស់អ្នក។—ម៉ាថាយ ៦:២៥-៣៤
១៨. ក្រោយពេលទទួលបុណ្យជ្រមុជទឹក តើមានគោលដៅណាខ្លះដែលយើងគួរឈោងរក?
១៨ ដើម្បីខ្ជាប់ខ្ជួនក្នុងកិច្ចបំរើរបស់អ្នកដល់ព្រះយេហូវ៉ា អ្នកនឹងគួរតាំងគោលដៅខាងវិញ្ញាណសំរាប់ខ្លួន។ គោលដៅដ៏សមល្អមួយ គឺចំរើនចំណេះរបស់អ្នកអំពីព្រះ តាមរយៈការសិក្សាបន្ទូលរបស់ទ្រង់ផ្ទាល់ខ្លួនជារឿយៗ។ សូមគិតរកអានព្រះគម្ពីររៀងរាល់ថ្ងៃ។ (ទំនុកដំកើង ១:១, ២) ទៅប្រជុំគ្រីស្ទានជារឿយៗ ដ្បិតការចូលរួមដែលអ្នកឃើញនៅទីនោះ នឹងជួយអ្នកឲ្យពង្រឹងកម្លាំងខាងវិញ្ញាណ។ ឯចំណែកខ្លួនអ្នកវិញ ម្ដេចក៏មិនតាំងគោលដៅដើម្បីថ្លែងយោបល់ក្នុងការប្រជុំនៃក្រុមជំនុំ ហើយសរសើរដំកើងព្រះយេហូវ៉ា និងរកលើកទឹកចិត្តអ្នកឯទៀតផង? (រ៉ូម ១:១១, ១២) គោលដៅមួយទៀត គឺប្រហែលជារកធ្វើឲ្យសេចក្ដីអធិស្ឋានរបស់អ្នកមានគុណភាពប្រសើរឡើង។—លូកា ១១:២-៤
១៩. តើវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យសម្ដែងគុណសម្បត្ដិណាខ្លះ?
១៩ ប្រសិនបើអ្នកនឹងរស់នៅស្របតាមន័យនៃពិធីបុណ្យជ្រមុជទឹករបស់អ្នក នោះអ្នកត្រូវតែប្រុងស្មារតីជានិច្ចនឹងអ្វីដែលអ្នកធ្វើ អនុញ្ញាតឲ្យវិញ្ញាណបរិសុទ្ធព្រះបង្កើតគុណសម្បត្ដិដ៏ល្អក្នុងអ្នក ដូចជា សេចក្ដីស្រឡាញ់ អំណរ សន្ដិភាព ការអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ សេចក្ដីស្លូតបូត និងការទប់ចិត្ត។ (កាឡាទី ៥:២២, ២៣; ពេត្រុសទី២ ៣:១១) សូមចាំថា ព្រះយេហូវ៉ាប្រទានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដល់អស់អ្នកដែលអធិស្ឋានសុំហើយគោរពតាមទ្រង់ ជាអ្នកបំរើដ៏ស្មោះត្រង់។ (លូកា ១១:១៣; កិច្ចការ ៥:៣២) ដូច្នេះ សូមអធិស្ឋានទូលទៅព្រះ សុំវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយសូមឲ្យទ្រង់ជួយអ្នកសម្ដែងគុណសម្បត្ដិដែលផ្គាប់ព្រះហឫទ័យទ្រង់។ គុណសម្បត្ដិបែបនេះនឹងឃើញជាក់ស្តែងឡើង ក្នុងពាក្យសំដីនិងចរិយារបស់អ្នក កាលដែលអ្នកប្រព្រឹត្តតាមអនុភាពនៃវិញ្ញាណរបស់ព្រះ។ ប្រាកដហើយ បុគ្គលគ្រប់គ្នាក្នុងក្រុមជំនុំគ្រីស្ទាន គឺខំប្រឹងប្រែងបង្កើត‹បុគ្គលិកលក្ខណៈថ្មី› ដើម្បីឲ្យបានដូចព្រះគ្រីស្ទដែរ។ (កូល៉ុស ៣:៩-១៤) យើងម្នាក់ៗប្រឈមមុខនឹងការពិបាកផ្សេងៗគ្នាក្នុងការខំប្រឹងប្រែងនេះ ពីព្រោះយើងមានការលូតលាស់ខាងវិញ្ញាណមិនដូចគ្នា។ ដ្បិតអ្នកជាមនុស្សមិនគ្រប់ល័ក្ខណ៍ អ្នកត្រូវតែខំប្រឹងខ្លាំងដើម្បីឲ្យបានបុគ្គលិកលក្ខណៈដូចព្រះគ្រីស្ទ។ ប៉ុន្តែ កុំឲ្យអស់សង្ឃឹមក្នុងរឿងនេះឡើយ ពីព្រោះអ្នកអាចបានជ័យជំនះដោយមានជំនួយពីព្រះ។
២០. តើតាមរបៀបណាដែលអ្នកអាចត្រាប់តាមព្រះយេស៊ូក្នុងកិច្ចបំរើ?
២០ ក្នុងចំណោមគោលដៅខាងវិញ្ញាណរបស់អ្នក នោះគួរតែមានការត្រាប់តាមគំរូដ៏រីករាយរបស់ព្រះយេស៊ូឲ្យបានដិតដល់ថែមទៀត។ (ហេព្រើរ ១២:១-៣) ទ្រង់ស្រឡាញ់កិច្ចបំរើរបស់ទ្រង់។ ប្រសិនបើអ្នកមានឯកសិទ្ធិចូលរួមក្នុងសកម្មភាពផ្សាយព្រះរាជាណាចក្រ នោះសូមកុំឲ្យវាក្លាយទៅជាកិច្ចការច្រំដែលធម្មតាមួយឡើយ។ សូមស្វែងរកឲ្យបានសេចក្ដីពេញចិត្តក្នុងការបង្រៀនអ្នកឯទៀតអំពីព្រះរាជាណាចក្រព្រះ ដូចដែលព្រះយេស៊ូបានធ្វើអញ្ចឹងដែរ។ សូមធ្វើតាមបង្គាប់ដែលក្រុមជំនុំផ្ដល់ឲ្យ ដើម្បីជួយអ្នកឲ្យបានទៅជាអ្នកបង្រៀនដ៏រឹតតែប្រសើរឡើង។ ហើយសូមទុកចិត្តថា ព្រះយេហូវ៉ាអាចប្រទានកម្លាំងដល់អ្នកដើម្បីសម្រេចកិច្ចបំរើរបស់អ្នក។—កូរិនថូសទី១ ៩:១៩-២៣
២១. (ក) តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាចាត់ទុកបុគ្គលដែលបានធ្វើបុណ្យជ្រមុជទឹកដ៏ស្មោះត្រង់ជាទ្រព្យដ៏មានតម្លៃ? (ខ) តើអ្វីបង្ហាញថាពិធីបុណ្យជ្រមុជទឹកគឺសំខាន់សំរាប់ឲ្យយើងមានជីវិតគង់វង់ពីការជំនុំជំរះរបស់ព្រះលើរបបលោកីយ៍ដ៏អាក្រក់នេះ?
២១ អ្នកដែលបានថ្វាយខ្លួន ធ្វើបុណ្យជ្រមុជទឹក ដែលខំកាន់តាមព្រះយេស៊ូ គឺជាបុគ្គលពិសេសណាស់ចំពោះព្រះ។ ព្រះយេហូវ៉ាពិនិត្យមើលអស់ហើយនូវចិត្តមនុស្សលោករាប់ពាន់លានកោដិនាក់ ហើយដឹងថាបុគ្គលបែបនេះគឺមិនសូវមានទេ។ ទ្រង់ចាត់ទុកពួកគេជាទ្រព្យដ៏មានតម្លៃ ជា«ទីគាប់ចិត្ត»ណាស់។ (ហាកាយ ២:៧) ទំនាយព្រះគម្ពីរបង្ហាញថា ព្រះចាត់ទុកពួកបែបនេះ ថាបានត្រូវគូសចំណាំទុក ដើម្បីឲ្យមានជីវិតគង់វង់ពីការជំនុំជំរះរបស់ទ្រង់ ដែលនឹងធ្លាក់មកលើរបបលោកីយ៍ដ៏អាក្រក់ក្នុងពេលឆាប់ៗនេះ។ (អេសេគាល ៩:១-៦; ម៉ាឡាគី ៣:១៦, ១៨) តើអ្នកនឹង«ត្រូវបានជីវិតអស់កល្បជានិច្ច»ឬទេ? (កិច្ចការ ១៣:៤៨) តើជាសេចក្ដីប្រាថ្នារបស់អ្នកឬ ដើម្បីឲ្យបានគូសសម្គាល់ទុកជាអ្នកបំរើព្រះ? ការថ្វាយខ្លួននិងពិធីបុណ្យជ្រមុជទឹក គឺជាគំនូសសម្គាល់មួយផ្នែកនោះ ហើយជាការសំខាន់ជាចាំបាច់ដើម្បីឲ្យបានជីវិតគង់វង់។
២២. តើសេចក្ដីសង្ឃឹមអ្វីដែល«ពួកហ្វូងធំ»រង់ចាំទទួល?
២២ ក្រោយពីទឹកជំនន់ជន់លិចពិភពលោក ណូអេនិងគ្រួសាររបស់លោក បានចេញពីទូកនោះមកឯលើផែនដីដែលបានត្រូវសំអាត។ សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ «ពួកហ្វូងធំ»ដែលអនុវត្តតាមចំណេះអំពីព្រះក្នុងជីវិតរបស់គេ ហើយទទួលការយល់ព្រមពីព្រះយេហូវ៉ា មានសង្ឃឹមអាចរស់រានមានជីវិតឆ្លងផុតទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ហើយនិងបានសប្បាយនឹងជីវិតអស់កល្បជានិច្ច លើផែនដីដែលបានត្រូវសំអាតចេញជាអចិន្ត្រៃយ៍។ (វិវរណៈ ៧:៩, ១៤) តើជីវិតនោះនឹងបានដូចជាយ៉ាងណាទៅ?
សាកល្បងចំណេះរបស់អ្នក
តើតាមរបៀបណាដែលព្រះយេហូវ៉ាចង់ឲ្យអ្នកប្រើចំណេះរបស់អ្នកអំពីទ្រង់?
តើមានជំហានណាខ្លះដែលនាំទៅដល់ពិធីបុណ្យជ្រមុជទឹក?
ហេតុអ្វីក៏ពិធីបុណ្យជ្រមុជទឹកមិនមែនជាទីបញ្ចប់ តែជាទីចាប់ផ្ដើមវិញ?
តើតាមរបៀបណាដែលយើងអាចរស់នៅស្របតាមការថ្វាយខ្លួននិងពិធីបុណ្យជ្រមុជទឹករបស់យើង?
[រូបភាពនៅទំព័រ១៧២]
តើអ្នកបានថ្វាយខ្លួនទៅព្រះក្នុងសេចក្ដីអធិស្ឋានហើយឬ?
[រូបភាពនៅទំព័រ១៧៤]
តើអ្វីឃាត់ឃាំងមិនឲ្យអ្នកធ្វើបុណ្យជ្រមុជទឹក?