ភាគ១៧
លោកយេស៊ូបង្រៀនអំពីរាជាណាចក្ររបស់ព្រះ
លោកយេស៊ូបង្រៀនអ្នកកាន់តាមលោកអំពីចំណុចជាច្រើន ប៉ុន្តែបញ្ជាក់ប្រធានបទតែមួយ គឺរាជាណាចក្ររបស់ព្រះ
តើលោកយេស៊ូមកផែនដីដើម្បីធ្វើកិច្ចការអ្វី? លោកមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ . . . ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤៣) ចូរពិចារណាចំណុចបួនយ៉ាងដែលលោកយេស៊ូបានបង្រៀនអំពីរាជាណាចក្ររបស់ព្រះ ដែលជាប្រធានបទសំខាន់ចម្បងនៃការផ្សព្វផ្សាយរបស់លោក។
១. លោកយេស៊ូជាអ្នកដែលបានត្រូវតែងតាំងជាស្តេច។ លោកយេស៊ូផ្ទាល់មានប្រសាសន៍ថាលោកជាមេស្ស៊ីដែលបានត្រូវបញ្ជាក់ក្នុងទំនាយ។ (យ៉ូហាន ៤:២៥, ២៦) លោកក៏បានបង្ហាញថា លោកជាស្តេចដែលអ្នកប្រកាសទំនាយឈ្មោះដានីយ៉ែលបានឃើញក្នុងគំនិតនោះដែរ។ លោកយេស៊ូមានប្រសាសន៍ប្រាប់ពួកសាវ័កថា ថ្ងៃណាមួយលោកនឹងអង្គុយលើ«បល្ល័ង្ករុងរឿងរបស់លោក» ហើយថា ពួកគេក៏នឹងអង្គុយលើបល្ល័ង្កដែរ។ (ម៉ាថាយ ១៩:២៨) លោកបានហៅក្រុមនៃពួកអ្នកគ្រប់គ្រងនេះជា«ហ្វូងតូច» ហើយលោកក៏បានកត់សម្គាល់ថា លោកមាន«ចៀមឯទៀត»ដែលមិនមែនជាផ្នែកនៃហ្វូងតូចនោះទេ។—លូកា ១២:៣២; យ៉ូហាន ១០:១៦
២. រាជាណាចក្ររបស់ព្រះនឹងនាំឲ្យមានយុត្ដិធម៌ពិត។ លោកយេស៊ូបញ្ជាក់ថា រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលនូវភាពអយុត្ដិធម៌ដ៏ធំបំផុត ដោយធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ និងសម្អាតនាមនោះពីការតិះដៀលទាំងអស់ ដែលសាថានបានធ្វើតាំងតែពីការបះបោរនៅសួនអេដែន។ (ម៉ាថាយ ៦:៩, ១០) ជារៀងរាល់ថ្ងៃ លោកយេស៊ូក៏បានបង្ហាញថាលោកមិនរើសមុខទេ ដោយបង្រៀនបុរសនិងស្ត្រី អ្នកមាននិងអ្នកក្រដោយមិនប្រកាន់វណ្ណៈឬភេទឡើយ។ ទោះជាកិច្ចការដ៏ចម្បងរបស់លោកគឺបង្រៀនជនជាតិអ៊ីស្រាអែលក្ដី តែលោកក៏បានបង្រៀនជនជាតិសាម៉ារីនិងជនជាតិដទៃដែរ។ មិនដូចពួកមេដឹកនាំសាសនានៅសម័យលោក លោកមិនមានការលម្អៀងសោះឡើយ។
៣. រាជាណាចក្ររបស់ព្រះនឹងមិនមានចំណែកក្នុងពិភពលោកនេះទេ។ លោកយេស៊ូបានរស់នៅក្នុងគ្រាដែលមានភាពជ្រួលច្របល់ខ្លាំងខាងនយោបាយ។ ស្រុកកំណើតរបស់លោកបានស្ថិតនៅក្រោមអំណាចបរទេស។ ប៉ុន្តែ នៅពេលដែលមនុស្សចង់ឲ្យលោកចូលប្រឡូកនឹងរឿងនយោបាយនៅសម័យនោះ លោកបានដកខ្លួនចេញ។ (យ៉ូហាន ៦:១៤, ១៥) លោកបានប្រាប់អ្នកនយោបាយម្នាក់ថា៖ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ»។ (យ៉ូហាន ១៥:១៩) លោកមិនបានអនុញ្ញាតឲ្យពួកគេប្រើអាវុធ សូម្បីតែដើម្បីការពារខ្លួនលោកក៏ដោយ។—ម៉ាថាយ ២៦:៥១, ៥២
«លោកចាប់ផ្ដើមធ្វើដំណើរ . . . ពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។—លូកា ៨:១
៤. ការគ្រប់គ្រងរបស់គ្រិស្តនឹងមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ លោកយេស៊ូបានសន្យាឲ្យមនុស្សមានកម្លាំងចិត្ត និងជួយកាត់បន្ថយបន្ទុករបស់ពួកគេ។ (ម៉ាថាយ ១១:២៨-៣០) លោកបានធ្វើតាមពាក្យរបស់លោក។ លោកជូនឱវាទដែលប្រកបដោយក្ដីស្រឡាញ់ស្តីអំពីរបៀបប្រឈមមុខនឹងកង្វល់ ធ្វើឲ្យមានទំនាក់ទំនងល្អ កុំឲ្យចង់មានចង់បានពេក និងរបៀបស្វែងរកសុភមង្គល។ (ម៉ាថាយ ជំពូក៥-៧) ពីព្រោះលោកបានបង្ហាញសេចក្ដីស្រឡាញ់ មនុស្សគ្រប់មជ្ឈដ្ឋានស្រួលទាក់ទងនឹងលោក។ សូម្បីតែមនុស្សដែលត្រូវគេជិះជាន់ខ្លាំងក៏បានមកជួបលោក ដោយទុកចិត្តថាលោកនឹងប្រព្រឹត្តលើពួកគេដោយសប្បុរសនិងថ្លៃថ្នូរ។ លោកយេស៊ូនឹងជាអ្នកគ្រប់គ្រងដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
គឺមានវិធីដ៏សំខាន់មួយទៀត ដែលលោកយេស៊ូបានបង្រៀនអំពីរាជាណាចក្ររបស់ព្រះ។ លោកបានធ្វើអព្ភូតហេតុជាច្រើន។ ហេតុអ្វីបានជាលោកធ្វើដូច្នេះ? សូមឲ្យយើងពិនិត្យមើល។
—មានមូលដ្ឋានលើសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។