ជំពូកទី៨៨
ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា
ឧទាហរណ៍អំពីបុរសអ្នកមាននិងឡាសា
លោកយេស៊ូបានឲ្យឱវាទដ៏ល្អដល់ពួកអ្នកកាន់តាមលោក អំពីការប្រើទ្រព្យសម្បត្ដិដោយប្រាជ្ញា។ ប៉ុន្តែពេលនោះ មិនគ្រាន់តែមានពួកអ្នកកាន់តាមលោកប៉ុណ្ណោះទេដែលកំពុងស្ដាប់លោក តែក៏មានពួកផារិស៊ីដែរ។ ពួកគេមិនបានគិតពិចារណាអំពីឱវាទរបស់លោកយេស៊ូទេ។ ហេតុអ្វី? ពីព្រោះពួកគេជា«មនុស្សដែលស្រឡាញ់ប្រាក់»។ ពេលពួកគេកំពុងស្ដាប់លោកមានប្រសាសន៍ ពួកគេ«ក៏ចាប់ផ្ដើមពេបជ្រាយឲ្យលោក»។—លូកា ១៥:២; ១៦:១៣, ១៤
ប៉ុន្តែ នោះមិនបានធ្វើឲ្យលោកយេស៊ូភ័យខ្លាចឡើយ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាប្រកាសថាខ្លួនសុចរិតនៅមុខមនុស្ស តែព្រះជ្រាបពីអ្វីដែលនៅក្នុងចិត្តអ្នករាល់គ្នា។ ព្រោះអ្វីដែលមនុស្សចាត់ទុកថាសំខាន់ គឺជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះវិញ»។—លូកា ១៦:១៥
ជាយូរមកហើយ ពួកផារិស៊ីបានត្រូវ«មនុស្សចាត់ទុកថាសំខាន់» ប៉ុន្តែស្ថានភាពនេះនឹងត្រូវផ្លាស់ប្ដូរទាំងស្រុង។ ពួកអ្នកដែលមនុស្សចាត់ទុកថាសំខាន់ គឺរួមមានពួកអ្នកដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភក្នុងពិភពលោកនេះ ពួកអ្នកនយោបាយ និងពួកអ្នកមានអំណាចខាងសាសនា។ ពួកគេនឹងត្រូវទម្លាក់ចុះ។ ផ្ទុយទៅវិញ មនុស្សសាមញ្ញដែលទទួលស្គាល់ថាខ្លួនត្រូវការការណែនាំពីព្រះនឹងត្រូវលើកតម្កើង។ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីការផ្លាស់ប្ដូរដ៏ធំនេះដែលកំពុងកើតឡើង។
លោកមានប្រសាសន៍ថា៖ «ច្បាប់និងពាក្យរបស់ពួកអ្នកប្រកាសទំនាយបានត្រូវប្រកាសរហូតដល់យ៉ូហាន។ ចាប់តាំងពីពេលនោះមក រាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសជាដំណឹងល្អ ហើយមនុស្សគ្រប់ប្រភេទកំពុងខំប្រឹងឈានទៅរករាជាណាចក្រនោះ។ មេឃនិងផែនដីងាយបាត់សូន្យ ជាងអក្សរមួយតួក្នុងច្បាប់បាត់ទៅដោយមិនបានសម្រេច»។ (លូកា ៣:១៨; ១៦:១៦, ១៧) តើប្រសាសន៍របស់លោកយេស៊ូបញ្ជាក់យ៉ាងណាថាការផ្លាស់ប្ដូរនោះកំពុងកើតឡើង?
ពួកអ្នកដឹកនាំសាសនាយូដាអះអាងដោយមានអំនួតថា ពួកគេកាន់តាមច្បាប់ម៉ូសេយ៉ាងដិតដល់។ មុននោះ នៅក្រុងយេរូសាឡិម ពេលលោកយេស៊ូបានធ្វើឲ្យបុរសងងឹតភ្នែកម្នាក់មើលឃើញវិញ ពួកផារិស៊ីបាននិយាយដោយអំនួតថា៖ «យើងជាអ្នកកាន់តាមម៉ូសេ។ យើងដឹងថាព្រះបានមានប្រសាសន៍នឹងម៉ូសេ»។ (យ៉ូហាន ៩:១៣, ២៨, ២៩) គោលបំណងមួយនៃច្បាប់ដែលព្រះផ្ដល់ឲ្យតាមរយៈម៉ូសេ គឺនាំមនុស្សដែលមានចិត្តរាបទាបទៅឯមេស្ស៊ី ពោលគឺលោកយេស៊ូ។ ម្យ៉ាងទៀត យ៉ូហានដែលជាអ្នកជ្រមុជទឹកបានបញ្ជាក់ថា លោកយេស៊ូជាកូនចៀមរបស់ព្រះ។ (យ៉ូហាន ១:២៩-៣៤) ពេលកិច្ចបម្រើរបស់យ៉ូហានបានចាប់ផ្ដើម ជនជាតិយូដាដែលមានចិត្តរាបទាប ជាពិសេសមនុស្សក្រីក្រ បានឮអំពី«រាជាណាចក្ររបស់ព្រះ»។ ពិតមែន នេះជា«ដំណឹងល្អ»សម្រាប់មនុស្សគ្រប់ប្រភេទដែលចង់ធ្វើជារាស្ត្ររបស់រាជាណាចក្រព្រះ ហើយចង់ទទួលប្រយោជន៍ពីរាជាណាចក្រនោះ។
ការផ្លាស់ប្ដូរដែលលោកយេស៊ូមានប្រសាសន៍នេះ មិនមានន័យថាច្បាប់ម៉ូសេមិនបានសម្រេចនោះឡើយ។ ផ្ទុយទៅវិញ ច្បាប់នោះបានសម្រេចគោលបំណងដោយនាំមនុស្សទៅឯមេស្ស៊ី។ បន្ថែមទៅទៀត តម្រូវការដែលឲ្យធ្វើតាមច្បាប់នោះក៏កំពុងមកដល់ទីបញ្ចប់ដែរ។ ជាឧទាហរណ៍ ច្បាប់ម៉ូសេអនុញ្ញាតឲ្យមានការលែងលះគ្នាដោយផ្អែកលើមូលដ្ឋានផ្សេងៗ។ ប៉ុន្តែ ឥឡូវលោកយេស៊ូពន្យល់ថា៖ «អ្នកណាដែលលែងលះប្រពន្ធហើយរៀបការស្ត្រីម្នាក់ទៀត អ្នកនោះធ្វើអំពើផិតក្បត់ ហើយអ្នកណាដែលរៀបការជាមួយនឹងស្ត្រីដែលប្ដីលែង អ្នកនោះក៏ធ្វើអំពើផិតក្បត់ដែរ»។ (លូកា ១៦:១៨) ប្រសាសន៍របស់លោកពិតជាធ្វើឲ្យពួកផារិស៊ីដែលចូលចិត្តបង្កើតច្បាប់ក្នុងរឿងទាំងអស់ ខឹងខ្លាំងណាស់!
ឥឡូវលោកយេស៊ូលើកឧទាហរណ៍មួយដែលបញ្ជាក់យ៉ាងច្បាស់ថាការផ្លាស់ប្ដូរដែលកំពុងកើតឡើងនេះគឺសំខាន់យ៉ាងណា។ ឧទាហរណ៍នោះរៀបរាប់អំពីបុរសពីរនាក់ដែលមានឋានៈនិងស្ថានភាពខុសគ្នាទាំងស្រុង។ ពេលពិចារណាអំពីឧទាហរណ៍នេះ សូមចាំថាក្នុងចំណោមបណ្ដាជនដែលកំពុងស្ដាប់លោកយេស៊ូ ក៏មានពួកផារិស៊ីដែលស្រឡាញ់ប្រាក់ ហើយជាពួកអ្នកដែលមនុស្សចាត់ទុកថាសំខាន់។
លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុន្តែធ្លាប់មានបុរសអ្នកមានម្នាក់ ដែលតែងខ្លួនដោយសម្លៀកបំពាក់ពណ៌ស្វាយនិងក្រណាត់សាច់ល្អ ក៏ធ្លាប់សប្បាយហ៊ឺហារៀងរាល់ថ្ងៃ។ តែអ្នកសុំទានម្នាក់ឈ្មោះឡាសាដែលមានដំបៅរលួយពេញខ្លួន ធ្លាប់ត្រូវគេយកមកដាក់នៅមាត់ទ្វាររបងរបស់បុរសអ្នកមាននោះ។ ហើយឡាសាចង់ចម្អែតក្រពះដោយអាហារដែលជ្រុះពីតុរបស់បុរសអ្នកមាន។ ម្យ៉ាងទៀត ធ្លាប់មានឆ្កែមកលិទ្ធដំបៅរបស់គាត់»។—លូកា ១៦:១៩-២១
«បុរសអ្នកមាន»ក្នុងឧទាហរណ៍របស់លោកយេស៊ូ ច្បាស់ជាសំដៅលើពួកផារិស៊ី។ មូលហេតុមួយ គឺពួកផារិស៊ីស្រឡាញ់ប្រាក់។ ម្យ៉ាងទៀត ពួកអ្នកដឹកនាំសាសនាយូដាទាំងនេះចូលចិត្តស្លៀកសម្លៀកបំពាក់ហ៊ឺហា និងមានតម្លៃថ្លៃដូចបុរសអ្នកមានក្នុងឧទាហរណ៍នោះ។ ក្រៅពីទ្រព្យសម្បត្ដិរបស់ពួកគេ ពួកគេមើលទៅដូចជាអ្នកមាន ដោយសារពួកគេមានឯកសិទ្ធិជាច្រើន។ ដូច្នេះ ការប្រដូចពួកផារិស៊ីទៅនឹងបុរសអ្នកមានដែលស្លៀកសម្លៀកបំពាក់ពណ៌ស្វាយនិងក្រណាត់សាច់ល្អ គឺបញ្ជាក់អំពីឋានៈពិសេសរបស់ពួកផារិស៊ីនិងអំនួតរបស់ពួកគេដែលចាត់ទុកខ្លួនជាមនុស្សសុចរិត។—ដានីយ៉ែល ៥:៧
តើពួកអ្នកដឹកនាំសាសនាទាំងនេះដែលមានអំនួតនិងមានទ្រព្យ មានទស្សនៈយ៉ាងណាចំពោះមនុស្សក្រីក្រនិងមនុស្សសាមញ្ញ? ពួកគេមើលងាយហើយចាត់ទុកមនុស្សបែបនោះថា«ពួកអ្នកស្រុក» (‛am ha·’aʹrets) ហើយថាមនុស្សបែបនោះជាអ្នកដែលមិនស្គាល់ច្បាប់របស់ព្រះ ព្រមទាំងមិនសមនឹងទទួលការបង្រៀនអំពីច្បាប់របស់លោកឡើយ។ (យ៉ូហាន ៧:៤៩) នេះបញ្ជាក់អំពីស្ថានភាពរបស់«អ្នកសុំទានម្នាក់ឈ្មោះឡាសា»ដែលឃ្លានយ៉ាងខ្លាំង សូម្បីតែកម្ទេច«អាហារដែលជ្រុះពីតុរបស់បុរសអ្នកមាន»ក៏គាត់ចង់ចម្អែតក្រពះដែរ។ ឡាសាដែលមានដំបៅរលួយពេញខ្លួនបានត្រូវគេមើលងាយ។ ដូចគ្នាដែរ ពួកអ្នកដឹកនាំសាសនាមើលងាយមនុស្សសាមញ្ញ ដោយចាត់ទុកថាពួកគេមិនទទួលការពេញចិត្តពីព្រះទេ។
រហូតមកដល់សម័យលោកយេស៊ូ ស្ថានភាពដ៏គួរឲ្យសោកស្ដាយនោះនៅតែបន្តមាន។ ប៉ុន្តែ លោកយេស៊ូជ្រាបថាគឺដល់ពេលដែលស្ថានភាពរបស់ពួកអ្នកដែលប្រៀបដូចជាបុរសអ្នកមាន និងស្ថានភាពរបស់ពួកអ្នកដែលប្រៀបដូចជាឡាសា ត្រូវផ្លាស់ប្ដូរទាំងស្រុង។
ការផ្លាស់ប្ដូររបស់បុរសអ្នកមាននិងឡាសា
លោកយេស៊ូបន្តរៀបរាប់អំពីការផ្លាស់ប្ដូរនូវស្ថានភាពនេះ ដោយមានប្រសាសន៍ថា៖ «លុះក្រោយមក អ្នកសុំទានបានស្លាប់ទៅ ហើយបណ្ដាទេវតាបានយកគាត់ទៅដាក់នៅជិតដើមទ្រូង របស់អាប្រាហាំ។ បុរសអ្នកមានក៏បានស្លាប់ដែរ ហើយត្រូវគេបញ្ចុះ។ រួចក្នុងផ្នូរគាត់កំពុងរងទារុណកម្ម ក៏បានងើបមុខមើលទៅលើឃើញអាប្រាហាំនៅឆ្ងាយ និងឡាសានៅជិតដើមទ្រូងរបស់គាត់»។—លូកា ១៦:២២, ២៣
ពួកអ្នកដែលកំពុងស្ដាប់លោកយេស៊ូ ដឹងថាអាប្រាហាំបានស្លាប់ ហើយបានត្រូវបញ្ចុះនៅក្នុងផ្នូរជាយូរមកហើយ។ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាអ្នកដែលនៅក្នុងផ្នូរឬហ្ស៊ីអូល រួមទាំងអាប្រាហាំ មិនអាចមើលឃើញ ឬនិយាយបានឡើយ។ (សាស្ដា ៩:៥, ១០) ដូច្នេះ តើពួកអ្នកដឹកនាំសាសនាទាំងនេះយល់ថាឧទាហរណ៍របស់លោកយេស៊ូមានន័យយ៉ាងណា? តើលោកប្រហែលជាចង់បញ្ជាក់អ្វីស្តីអំពីមនុស្សសាមញ្ញនិងពួកអ្នកដឹកនាំសាសនាដែលស្រឡាញ់ប្រាក់?
លោកយេស៊ូទើបតែបានបញ្ជាក់អំពីការផ្លាស់ប្ដូរ ដោយមានប្រសាសន៍ថា៖ ‹ច្បាប់និងពាក្យរបស់ពួកអ្នកប្រកាសទំនាយបានត្រូវប្រកាសរហូតដល់យ៉ូហានដែលជាអ្នកជ្រមុជទឹក។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក រាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសជាដំណឹងល្អ›។ ដូច្នេះ កិច្ចផ្សព្វផ្សាយរបស់យ៉ូហាននិងលោកយេស៊ូគ្រិស្តបញ្ជាក់ថាឡាសានិងបុរសអ្នកមានបានស្លាប់ក្នុងន័យថា ស្ថានភាពពីមុនរបស់ពួកគេបានផ្លាស់ប្ដូរ ហើយទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះក៏បានផ្លាស់ប្ដូរដែរ។
ជាពិសេស ពួកអ្នកដែលមានចិត្តរាបទាប ឬមនុស្សទន់ទាបមិនបានទទួលចំណេះអំពីព្រះអស់ជាយូរមកហើយ។ ប៉ុន្តែ តាមរយៈយ៉ូហានដែលជាអ្នកជ្រមុជទឹក ហើយក្រោយមកតាមរយៈលោកយេស៊ូ ពួកគេបានឮដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយពួកគេព្រមទទួលយកដំណឹងនោះ។ ពីមុនពួកគេធ្លាប់ទទួលសេចក្ដីបង្រៀនអំពីព្រះតែបន្ដិចបន្តួចប៉ុណ្ណោះ នេះប្រៀបដូចជាពួកគេរើសកម្ទេច‹អាហារដែលជ្រុះពីតុ›របស់ពួកអ្នកដឹកនាំសាសនា។ ប៉ុន្តែ ឥឡូវពួកគេបានទទួលយ៉ាងច្រើននូវសេចក្ដីពិតដ៏សំខាន់ពីបទគម្ពីរ ជាពិសេសសេចក្ដីបង្រៀនដ៏អស្ចារ្យដែលលោកយេស៊ូកំពុងពន្យល់។ នៅទីបំផុត ពួកគេហាក់ដូចជាបានទទួលឋានៈពិសេសពីព្រះយេហូវ៉ា។
ផ្ទុយទៅវិញ ពួកអ្នកដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភ និងពួកអ្នកដែលមានអំណាចក្នុងចំណោមពួកអ្នកដឹកនាំសាសនា បដិសេធនូវដំណឹងល្អអំពីរាជាណាចក្រព្រះដែលយ៉ូហានបានប្រកាសផ្សាយ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បដិសេធនូវដំណឹងដែលលោកយេស៊ូកំពុងផ្សព្វផ្សាយពេញតំបន់នោះដែរ។ (ម៉ាថាយ ៣:១, ២; ៤:១៧) តាមពិត ពួកគេខឹងឬរងទុក្ខដោយសារដំណឹងនោះ។ ហេតុអ្វី? ពីព្រោះដំណឹងនោះបញ្ជាក់អំពីការវិនិច្ឆ័យយ៉ាងខ្លាំងរបស់ព្រះចំពោះពួកគេដែលនឹងមានក្រោយមក។ (ម៉ាថាយ ៣:៧-១២) ពួកអ្នកដឹកនាំសាសនាដែលស្រឡាញ់ប្រាក់នឹងធូរស្រាលពីការរងទុក្ខនោះ បើលោកយេស៊ូនិងអ្នកកាន់តាមលោកឈប់ប្រកាសអំពីដំណឹងរបស់ព្រះ។ ពួកអ្នកដឹកនាំទាំងនេះប្រៀបដូចជាបុរសអ្នកមានក្នុងឧទាហរណ៍របស់លោកយេស៊ូ ដែលនិយាយថា៖ «លោកឪពុកអាប្រាហាំអើយ! សូមមេត្ដាខ្ញុំផង ហើយចាត់ឡាសាទៅជ្រលក់ចុងម្រាមដៃក្នុងទឹកហើយបន្តក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ ពីព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ»។—លូកា ១៦:២៤
ប៉ុន្តែ សំណូមពរនោះមិនបានកើតឡើងទេ ពីព្រោះអ្នកដឹកនាំសាសនាភាគច្រើនមិនព្រមប្រែចិត្តឡើយ។ ពួកគេបានបដិសេធ«ស្ដាប់ម៉ូសេនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ»។ តាមរយៈសេចក្ដីបង្រៀនទាំងនោះ ពួកគេគួរទទួលស្គាល់លោកយេស៊ូជាមេស្ស៊ីនិងជាស្តេចដែលព្រះបានតែងតាំង។ (លូកា ១៦:២៩, ៣១; កាឡាទី ៣:២៤) ម្យ៉ាងទៀត ពួកគេមិនបានបន្ទាបខ្លួនស្ដាប់ពួកអ្នកក្រីក្រដែលព្រមទទួលស្គាល់លោកយេស៊ូ។ ឥឡូវពួកអ្នកក្រីក្រទាំងនេះទទួលការពេញចិត្តពីព្រះ។ អ្នកកាន់តាមលោកយេស៊ូមិនអាចបន្ថែមបន្ថយសេចក្ដីពិតអំពីព្រះដើម្បីផ្គាប់ចិត្តពួកអ្នកដឹកនាំសាសនា ឬដើម្បីឲ្យពួកគេធូរស្រាលពីការរងទុក្ខនោះទេ។ ក្នុងឧទាហរណ៍នេះ លោកយេស៊ូរៀបរាប់អំពីការពិតនេះក្នុងពាក្យសម្ដីរបស់«លោកឪពុកអាប្រាហាំ»ដែលនិយាយទៅកាន់បុរសអ្នកមាន ដូចតទៅនេះថា៖
«កូនអើយ សូមចាំថា កាលដែលអ្នកនៅរស់ អ្នកបានទទួលរបស់ល្អសព្វគ្រប់ តែឡាសាវិញ គាត់បានទទួលសេចក្ដីអាក្រក់។ ក៏ប៉ុន្តែ ឥឡូវនេះគាត់កំពុងទទួលការសម្រាលទុក្ខនៅទីនេះ តែអ្នកកំពុងរងទុក្ខវេទនាវិញ។ ក្រៅពីនោះ មានចន្លោះដ៏ធំមួយដែលបានត្រូវដាក់ខណ្ឌនៅកណ្ដាលយើងនិងអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នកណានៅទីនេះដែលចង់ទៅខាងអ្នករាល់គ្នា អាចទៅបាន ហើយកុំឲ្យអ្នកណានៅទីនោះឆ្លងមកខាងយើងដែរ»។—លូកា ១៦:២៥, ២៦
ការផ្លាស់ប្ដូរនេះពិតជាយុត្ដិធម៌និងសមហេតុសមផលមែន! ស្ថានភាពរបស់ពួកអ្នកដឹកនាំសាសនាដែលមានអំនួត និងស្ថានភាពរបស់ពួកអ្នករាបទាបដែលព្រមទទួលនឹមរបស់លោកយេស៊ូគឺពិតជាបានត្រូវផ្លាស់ប្ដូរទាំងស្រុង។ ពួកអ្នកដែលមានចិត្តរាបទាបកំពុងទទួលកម្លាំងចិត្តឡើងវិញ ហើយកំពុងទទួលចំណេះដែលប្រៀបដូចជាអាហារពីព្រះ។ (ម៉ាថាយ ១១:២៨-៣០) ការផ្លាស់ប្ដូរនេះនឹងឃើញជាក់ច្បាស់ថែមទៀតនៅប៉ុន្មានខែខាងមុខនេះ ពេលដែលកិច្ចព្រមព្រៀងខាងច្បាប់បានត្រូវជំនួសដោយកិច្ចព្រមព្រៀងថ្មី។ (យេរេមា ៣១:៣១-៣៣; កូឡុស ២:១៤; ហេប្រឺ ៨:៧-១៣) ពេលព្រះចាក់សកម្មពលបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. នោះព្រះនឹងបញ្ជាក់យ៉ាងច្បាស់ថា ពួកអ្នកកាន់តាមលោកយេស៊ូនឹងទទួលការពេញចិត្តពីព្រះ។ ផ្ទុយទៅវិញ ពួកផារិស៊ីនិងអ្នកដឹកនាំសាសនាឯទៀតនឹងមិនទទួលការពេញចិត្តពីលោកឡើយ។