មេរៀនទី០៦
តើជីវិតដំបូងកើតមកពីណា?
«[ព្រះ]ជាប្រភពនៃជីវិត»។ (ចម្រៀងសរសើរព្រះ ៣៦:៩) តើអ្នកជឿទេ? មនុស្សខ្លះនិយាយថាជីវិតកើតមកដោយឯកឯង គ្មានអ្នកបង្កើតទេ។ បើដូច្នោះមែន ជីវិតកើតមកគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។ ប៉ុន្តែ បើព្រះយេហូវ៉ាជាអ្នកបង្កើតជីវិតទាំងឡាយ នោះជីវិតទាំងឡាយច្បាស់ជាមានគោលបំណងពិសេស មែនទេ?a សូមពិចារណាកំណត់ហេតុក្នុងគម្ពីរអំពីដើមកំណើតនៃជីវិត និងអំពីមូលហេតុដែលកំណត់ហេតុនោះគួរឲ្យជឿជាក់។
១. តើសកលលោកបានកើតមកតាមរបៀបណា?
គម្ពីរចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។ (ដើមកំណើត ១:១) អ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថាសកលលោកមានទីចាប់ផ្ដើម។ តើព្រះបានបង្កើតសកលលោកតាមរបៀបណា? លោកបានប្រើ«ឫទ្ធានុភាព»របស់លោក ពោលគឺឫទ្ធានុភាពបរិសុទ្ធដើម្បីបង្កើតអ្វីៗទាំងអស់ក្នុងសកលលោក រួមទាំងកាឡាក់ស៊ី ផ្កាយ និងភពផ្សេងៗ។—ដើមកំណើត ១:២
២. ហេតុអ្វីព្រះបង្កើតផែនដី?
ព្រះយេហូវ៉ា«មិនបានបង្កើតផែនដីឲ្យនៅទទេនោះទេ តែបានបង្កើតផែនដីជាទីអាស្រ័យនៅវិញ»។ (អេសាយ ៤៥:១៨) លោកបានបង្កើតផែនដីដើម្បីឲ្យមនុស្សស្រួលរស់នៅ និងឲ្យមានអ្វីៗទាំងអស់ដែលពួកគេត្រូវការដើម្បីរស់ជារៀងរហូត។ (សូមអាន អេសាយ ៤០:២៨; ៤២:៥) អ្នកវិទ្យាសាស្ត្រនិយាយថាផែនដីគឺពិសេសខ្លាំងណាស់ ខុសពីភពផ្សេងទៀតទាំងអស់។ ពួកគេបានរកឃើញថាមានតែផែនដីប៉ុណ្ណោះ ដែលមានអ្វីៗទាំងអស់ដែលមនុស្សត្រូវការដើម្បីរស់នៅ។
៣. តើអ្វីធ្វើឲ្យមនុស្សខុសគ្នាពីសត្វ?
បន្ទាប់ពីព្រះយេហូវ៉ាបានបង្កើតផែនដី លោកបង្កើតរុក្ខជាតិនិងសត្វ។ រួចមក«ព្រះបានបង្កើតមនុស្សឲ្យមានភាពដូចលោក»។ (សូមអាន ដើមកំណើត ១:២៧) តើអ្វីធ្វើឲ្យមនុស្សខុសគ្នាពីសត្វ? ដោយសារព្រះបានបង្កើតយើងឲ្យមានលក្ខណៈដូចលោក ដូច្នេះយើងអាចបង្ហាញគុណសម្បត្តិដូចលោក ដូចជាសេចក្ដីស្រឡាញ់និងយុត្តិធម៌។ លោកក៏បានបង្កើតយើងឲ្យមានសមត្ថភាពរៀនភាសា ឲ្យចូលចិត្តរបស់ស្អាតៗនិងតន្ត្រី។ ម្យ៉ាងទៀត យើងចេះគោរពស្រឡាញ់ព្រះដែលជាអ្នកបង្កើត ប៉ុន្តែសត្វមិនចេះធ្វើដូច្នេះទេ។
បង្កើនចំណេះ
សូមពិចារណាភ័ស្តុតាងដែលបង្ហាញថាជីវិតមានអ្នកគ្រោងបង្កើត ហើយថាកំណត់ហេតុក្នុងគម្ពីរអំពីការបង្កើតគឺគួរឲ្យជឿជាក់។ សូមរៀនដែរថា តើគុណសម្បត្តិផ្សេងៗរបស់មនុស្សបង្រៀនយើងយ៉ាងណាអំពីព្រះ?
៤. ជីវិតមានអ្នកបង្កើត
មនុស្សទទួលការសរសើរ ពេលពួកគេបង្កើតអ្វីមួយដោយចម្លងគំរូក្នុងធម្មជាតិ។ ដូច្នេះ តើអ្នកណាសមនឹងទទួលការសរសើរច្រើនជាង អ្នកដែលចម្លងគំរូដើម ឬអ្នកដែលបង្កើតគំរូដើម? លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
តើមនុស្សបានចម្លងគំរូអ្វីខ្លះពីធម្មជាតិ?
ផ្ទះនីមួយៗមានអ្នកគូរប្លង់និងអ្នកសង់។ ប៉ុន្តែ តើអ្នកណាជាអ្នកគូរប្លង់ និងសង់អ្វីៗទាំងអស់ក្នុងធម្មជាតិ? សូមអាន ហេប្រឺ ៣:៤ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកកោតស្ងើចអ្វីខ្លះក្នុងធម្មជាតិ?
តើសមហេតុសមផលឬទេឲ្យជឿថាសកលលោកនិងអ្វីៗទាំងអស់មានអ្នកបង្កើត? ហេតុអ្វី?
តើអ្នកដឹងទេ?
អ្នកអាចរកឃើញអត្ថបទនិងវីដេអូអំពីរឿងនេះក្នុង jw.org/km ក្រោមចំណងជើង «តើមានអ្នកគ្រោងបង្កើតឬទេ?» និង«ទស្សនៈស្ដីអំពីដើមកំណើតនៃជីវិត»។
«ពិតមែនតែផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ»
៥. កំណត់ហេតុក្នុងគម្ពីរអំពីការបង្កើតគឺគួរឲ្យជឿជាក់
ក្នុងសៀវភៅដើមកំណើត ជំពូកទី១ គម្ពីររៀបរាប់អំពីការបង្កើតផែនដីនិងជីវិតទាំងឡាយ។ តើអ្នកជឿថាកំណត់ហេតុនោះជារឿងពិត ឬជារឿងប្រឌិត? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើគម្ពីរបង្រៀនថាផែនដីនិងជីវិតទាំងឡាយបានត្រូវបង្កើតមកក្នុងរយៈពេល៦ថ្ងៃ ដែលក្នុងមួយថ្ងៃមាន២៤ម៉ោងឬ?
តើអ្នកគិតថាកំណត់ហេតុក្នុងគម្ពីរអំពីការបង្កើតគឺសមហេតុសមផលឬទេ? ហេតុអ្វី?
សូមអាន ដើមកំណើត ១:១ រួចពិភាក្សាសំណួរនេះ៖
អ្នកវិទ្យាសាស្ត្រនិយាយថាសកលលោកមានទីចាប់ផ្ដើម។ ដូច្នេះ តើអ្វីដែលអ្នកទើបនឹងអានក្នុងគម្ពីរស្របគ្នានឹងការសន្និដ្ឋានរបស់ពួកគេឬទេ?
មនុស្សខ្លះសួរថា៖ «តើព្រះបានបង្កើតភាវរស់តូចមួយ រួចឲ្យវាវិវត្តន៍ទៅជាជីវិតទាំងឡាយនៅផែនដីឬ?»។ សូមអាន ដើមកំណើត ១:២១, ២៥, ២៧ រួចពិភាក្សាសំណួរនេះ៖
តើគម្ពីរបង្រៀនថាព្រះបានបង្កើតភាវរស់តូចមួយ រួចឲ្យវាវិវត្តន៍ទៅជាសត្វក្នុងទឹក សត្វលើគោក និងទៅជាមនុស្សឬទេ? ឬក៏លោកបង្កើតជីវិតទាំងអស់«តាមពូជ»វិញ?
៦. ព្រះបានបង្កើតមនុស្សមកយ៉ាងពិសេស
ព្រះយេហូវ៉ាបានបង្កើតមនុស្សមកឲ្យខុសពីសត្វ។ សូមអាន ដើមកំណើត ១:២៦ រួចពិភាក្សាសំណួរនេះ៖
យើងបានត្រូវបង្កើតមកឲ្យមានលក្ខណៈឬគុណសម្បត្តិដូចព្រះ ដូច្នេះយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងចិត្តអាណិតអាសូរ។ តើនេះឆ្លុះបញ្ចាំងអ្វីខ្លះអំពីគុណសម្បត្តិរបស់ព្រះ?
មនុស្សខ្លះនិយាយថា៖ «កំណត់ហេតុនៅក្នុងគម្ពីរអំពីការបង្កើតគឺជារឿងប្រឌិត»។
តើអ្នកគិតយ៉ាងណា? ហេតុអ្វី?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាបានបង្កើតសកលលោកនិងជីវិតទាំងអស់។
រៀនសាឡើងវិញ
តើគម្ពីរប្រាប់យ៉ាងណាអំពីដើមកំណើតសកលលោក?
តើព្រះបានបង្កើតភាវរស់តូចមួយ រួចឲ្យវាវិវត្តន៍ទៅជាជីវិតទាំងឡាយតាមពូជផ្សេងៗ ឬក៏លោកបានបង្កើតជីវិតទាំងអស់តាមពូជវិញ?
ហេតុអ្វីមនុស្សពិសេសជាងសត្វ?
ស្វែងយល់ថែមទៀត
សូមមើលឧទាហរណ៍ខ្លះក្នុងធម្មជាតិដែលបង្ហាញថាមានព្រះដែលជាអ្នកបង្កើត។
«តើយើងរៀនអ្វីខ្លះពីធម្មជាតិ?» (ទស្សនាវដ្ដីភ្ញាក់រឭក! ខែកញ្ញា ឆ្នាំ២០០៦)
សូមមើលរបៀបដែលឪពុកអាចពន្យល់កូននូវកំណត់ហេតុក្នុងគម្ពីរអំពីការបង្កើត។
សូមពិចារណាមើលថា តើទ្រឹស្ដីវិវត្តន៍ស្របគ្នានឹងអ្វីដែលគម្ពីរចែងឬទេ?
«តើព្រះប្រើការវិវត្តន៍ដើម្បីបង្កើតជីវិតផ្សេងៗឬ?» (អត្ថបទក្នុងគេហទំព័រ)
សូមពិនិត្យមើលថា តើឆ្អឹងសត្វពីបុរាណឬអ្វីដែលអ្នកវិទ្យាសាស្ត្របានរកឃើញ បញ្ជាក់ថាជីវិតមានអ្នកបង្កើត ឬក៏កើតមកដោយចៃដន្យ?
ដើមកំណើតនៃជីវិត: សំណួរទាំងប្រាំដែលយើងគួរឆ្ងល់ (សៀវភៅស្ដើង)
a នៅមេរៀនទី២៥ យើងនឹងពិភាក្សាអំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ។