មេរៀនទី២៣
ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
លោកយេស៊ូបានបង្រៀនថា អ្នកណាដែលចង់ទៅជាគ្រិស្តសាសនិក អ្នកនោះត្រូវទទួលការជ្រមុជទឹក។ (សូមអាន ម៉ាថាយ ២៨:១៩, ២០) ប៉ុន្តែ តើការជ្រមុជទឹកមានអត្ថន័យអ្វី? ហើយតើបុគ្គលម្នាក់ត្រូវធ្វើអ្វីខ្លះដើម្បីអាចទទួលការជ្រមុជទឹក?
១. តើការជ្រមុជទឹកមានអត្ថន័យអ្វី?
ពាក្យ«ជ្រមុជទឹក»មកពីពាក្យភាសាក្រិច ដែលមានន័យថា«ពន្លិច»នៅក្នុងទឹក។ ពេលលោកយេស៊ូទទួលការជ្រមុជទឹក លោកបានត្រូវពន្លិចនៅក្នុងទន្លេយ៉ូដាន់ រួចមកលោកក៏«ងើបពីទឹក»។ (ម៉ាកុស ១:៩, ១០) ដូចលោកយេស៊ូដែរ ពេលគ្រិស្តសាសនិកពិតណាម្នាក់ទទួលការជ្រមុជទឹក គឺរូបកាយគាត់ទាំងមូលបានត្រូវពន្លិចនៅក្នុងទឹក។
២. តើការជ្រមុជទឹកបង្ហាញយ៉ាងណា?
ពេលអ្នកណាម្នាក់ទទួលការជ្រមុជទឹក គាត់បង្ហាញថាគាត់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ាហើយ។ តើបុគ្គលម្នាក់ប្រគល់ខ្លួនជូនព្រះតាមរបៀបណា? មុនទទួលការជ្រមុជទឹក គាត់ប្រគល់ខ្លួនជូនព្រះតាមរយៈសេចក្ដីអធិដ្ឋានផ្ទាល់ខ្លួនមួយ ដោយប្រាប់ព្រះយេហូវ៉ាថាគាត់ចង់បម្រើលោកអស់មួយជីវិត។ គាត់ថែមទាំងសន្យាថាគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់លោកថាសំខាន់បំផុតក្នុងជីវិតរបស់គាត់។ គាត់សម្រេចចិត្ត‹ប្រគល់ខ្លួនជូនព្រះ រួចធ្វើតាម›សេចក្ដីបង្រៀននិងគំរូរបស់លោកយេស៊ូជានិច្ច។ (ម៉ាថាយ ១៦:២៤) ការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹកអាចជួយគាត់ឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា និងអស់អ្នកដែលគោរពប្រណិប័តន៍លោក។
៣. តើបុគ្គលម្នាក់ត្រូវធ្វើអ្វីខ្លះដើម្បីអាចទទួលការជ្រមុជទឹក?
មុនអ្នកអាចទទួលការជ្រមុជទឹក ជាការសំខាន់ដែលអ្នកត្រូវរៀនអំពីព្រះយេហូវ៉ានិងមានជំនឿលើលោក។ (សូមអាន ហេប្រឺ ១១:៦) កាលដែលអ្នកមានចំណេះកាន់តែច្រើន និងមានជំនឿកាន់តែខ្លាំង នោះអ្នកនឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ា។ រួចមក អ្នកច្បាស់ជាចង់ផ្សព្វផ្សាយអំពីលោក និងចង់រស់នៅស្របតាមខ្នាតតម្រារបស់លោក។ (ធីម៉ូថេទី២ ៤:២; យ៉ូហានទី១ ៥:៣) ពេលបុគ្គលណាម្នាក់មានរបៀបរស់នៅ«សមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ដើម្បីធ្វើឲ្យលោកពេញចិត្តទាំងស្រុង» នោះគាត់ទំនងជាចង់ប្រគល់ខ្លួនជូនលោក និងទទួលការជ្រមុជទឹក។—កូឡុស ១:៩, ១០a
បង្កើនចំណេះ
សូមមើលថាយើងអាចទាញមេរៀនអ្វីពេលលោកយេស៊ូទទួលការជ្រមុជទឹក និងរបៀបដែលបុគ្គលម្នាក់អាចត្រៀមខ្លួនសម្រាប់ជំហានដ៏សំខាន់នេះ។
៤. យើងអាចទាញមេរៀនពីកំណត់ហេតុអំពីលោកយេស៊ូទទួលការជ្រមុជទឹក
សូមអាន ម៉ាថាយ ៣:១៣-១៧ ដើម្បីរៀនព័ត៌មានល្អិតល្អន់អំពីលោកយេស៊ូទទួលការជ្រមុជទឹក។ រួចពិភាក្សាសំណួរដូចតទៅ៖
តើលោកយេស៊ូទទួលការជ្រមុជទឹកពេលដែលលោកជាទារកឬទេ?
តើលោកយេស៊ូទទួលការជ្រមុជទឹកយ៉ាងដូចម្ដេច? តើលោកត្រូវគេប្រោះទឹកឬចាក់ទឹកលើក្បាលឬទេ?
ក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹកហើយភ្លាម លោកចាប់ផ្ដើមធ្វើកិច្ចការពិសេសដែលព្រះបានប្រគល់ឲ្យលោកធ្វើនៅផែនដី។ សូមអាន លូកា ៣:២១-២៣ និងយ៉ូហាន ៦:៣៨ រួចពិភាក្សាសំណួរនេះ៖
ក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹកហើយ តើលោកបានចាត់ទុកកិច្ចការអ្វីថាសំខាន់បំផុតក្នុងជីវិតរបស់លោក?
៥. ការជ្រមុជទឹកគឺជាគោលដៅដែលអ្នកអាចធ្វើបាន
លើកដំបូងដែលអ្នកឮអំពីការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹក អ្នកប្រហែលជាមានអារម្មណ៍ភ័យព្រួយ។ ទោះជាយ៉ាងនោះក៏ដោយ អ្នកអាចរីកចម្រើនរហូតដល់អ្នកមានអារម្មណ៍ស្រួលអំពីការសម្រេចចិត្តដ៏សំខាន់នេះ។ ដើម្បីមើលគំរូរបស់អ្នកខ្លះដែលបានធ្វើដូច្នោះ សូមលេងវីដេអូ។
សូមអាន យ៉ូហាន ១៧:៣ និងយ៉ាកុប ១:៥ រួចពិភាក្សាសំណួរនេះ៖
តើអ្វីអាចជួយបុគ្គលម្នាក់ឲ្យត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹក?
ក. យើងសម្រេចចិត្តប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដោយអធិដ្ឋានប្រាប់លោកថាយើងចង់បម្រើលោកអស់មួយជីវិត
ខ. ពេលយើងទទួលការជ្រមុជទឹក យើងបង្ហាញអស់អ្នកដែលមើលថា យើងបានប្រគល់ខ្លួនជូនព្រះហើយ
៦. ពេលទទួលការជ្រមុជទឹក យើងទៅជាសមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ា
ពេលយើងទទួលការជ្រមុជទឹក យើងទៅជាសមាជិកក្នុងក្រុមគ្រួសារមួយដែលមានសាមគ្គីភាពនៅទូទាំងពិភពលោក។ ទោះជាយើងមកពីកន្លែងណាឬមានមជ្ឈដ្ឋានបែបណាក៏ដោយ យើងមានជំនឿនិងខ្នាតតម្រាសីលធម៌ដូចគ្នាក្នុងការរស់នៅ។ សូមអាន ចម្រៀងសរសើរព្រះ ២៥:១៤ និងពេត្រុសទី១ ២:១៧ រួចពិភាក្សាសំណួរនេះ៖
ពេលបុគ្គលណាម្នាក់ទទួលការជ្រមុជទឹក តើនេះជួយគាត់ឲ្យមានចំណងមិត្តភាពបែបណាជាមួយព្រះ និងជាមួយអ្នកឯទៀតដែលគោរពប្រណិប័តន៍លោក?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកទេ»។
បើអ្នកមានអារម្មណ៍ដូច្នោះ តើអ្នកគិតថាការជ្រមុជទឹកនៅតែជាគោលដៅដ៏ល្អប្រសើរឬទេ?
សេចក្ដីសង្ខេប
លោកយេស៊ូបង្រៀនថា អ្នកណាដែលចង់ទៅជាគ្រិស្តសាសនិក អ្នកនោះត្រូវទទួលការជ្រមុជទឹក។ ដើម្បីសម្រេចគោលដៅនេះ បុគ្គលម្នាក់ត្រូវមានជំនឿរឹងមាំលើព្រះយេហូវ៉ា រស់នៅស្របតាមខ្នាតតម្រារបស់លោក និងប្រគល់ខ្លួនជូនលោក។
រៀនសាឡើងវិញ
តើការជ្រមុជទឹកមានអត្ថន័យអ្វី? ហើយហេតុអ្វីនេះជាការសំខាន់?
តើការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹក ទាក់ទងគ្នាយ៉ាងណា?
តើមានជំហានអ្វីខ្លះដែលនាំទៅដល់ការប្រគល់ខ្លួនជូនព្រះនិងការជ្រមុជទឹក?
ស្វែងយល់ថែមទៀត
សូមរៀនអំពីអត្ថន័យនៃការជ្រមុជទឹក និងអ្វីដែលមិនមែនជាការជ្រមុជទឹក។
សូមមើលវិធីផ្សេងៗដែលបុគ្គលម្នាក់អាចរីកចម្រើនរហូតដល់ទទួលការជ្រមុជទឹក។
សូមអានអំពីអ្វីដែលជំរុញចិត្តបុរសម្នាក់ឲ្យសម្រេចចិត្តទទួលការជ្រមុជទឹក។
សូមពិចារណាមូលហេតុដែលការជ្រមុជទឹកគឺជាគោលដៅដ៏ល្អប្រសើរ និងរបៀបដែលអ្នកអាចរីកចម្រើនដើម្បីទទួលការជ្រមុជទឹក។
a ទោះជាបុគ្គលម្នាក់ធ្លាប់ទទួលការជ្រមុជទឹកនៅសាសនាផ្សេងក៏ដោយ គាត់នៅតែត្រូវទទួលការជ្រមុជទឹកម្ដងទៀត។ ហេតុអ្វី? ដោយសារសាសនាពីមុនមិនបានបង្រៀនសេចក្ដីពិតពីគម្ពីរទេ (សូមមើលសកម្មភាព ១៩:១-៥ និងមេរៀនទី១៣)។