ព្រះយេហូវ៉ាអាចចំរើនកម្លាំងដល់អ្នក
«ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ»។—អេសាយ ៤០:២៩
១, ២ តើមានទីសំអាងណាខ្លះអំពីព្រះចេស្ដាដ៏បរិបូរនៃព្រះយេហូវ៉ា?
ព្រះយេហូវ៉ាជាព្រះដែលមាន«ឫទ្ធានុភាពក្រៃលែង»។ យើងអាចឃើញភស្តុតាងនៃ«ព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះ» នៅក្នុងភាពរុងរឿងនៃការបង្កើតទាំងឡាយរបស់ទ្រង់។ ពួកអ្នកដែលបដិសេធមិនទទួលស្គាល់ទីសំអាងនៃភាពជាព្រះអាទិទេព នោះពុំអាចរកការដោះសាបានឡើយ។—ទំនុកដំកើង ១៤៧:៥; រ៉ូម ១:១៩, ២០
២ ព្រះចេស្ដារបស់ព្រះយេហូវ៉ារឹតតែឃើញជាក់ស្តែងទៀត នៅពេលដែលអ្នកវិទ្យាសាស្ត្រអង្កេតយ៉ាងជ្រៅទៅក្នុងសកលលោក ដែលមានតារាវលីឥតគណនា លាតត្រដាងរាប់រយលានចម្ងាយនៃឆ្នាំពន្លឺ។ នៅរាត្រីដ៏ភ្លឺស្រឡះមួយ សូមអ្នកសម្លឹងមើលផ្ទៃមេឃ នោះអ្នកមុខជានឹងមានអារម្មណ៍ដូចអ្នកតែងបទទំនុកដំកើងនេះដែរ៖ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយដែលទ្រង់បានប្រតិស្ឋានទុក។ នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ»? (ទំនុកដំកើង ៨:៣, ៤) ព្រះយេហូវ៉ាបានថែរក្សាមនុស្សយើងយ៉ាងប្រសើរមែន! ទ្រង់បានផ្ដល់ឲ្យបុរសនិងស្ត្រីទីមួយនូវទីលំនៅលើផែនដីដ៏ស្អាត។ សូម្បីតែដីជីក៏មានសមត្ថភាពដែរ—បណ្ដុះតិណជាតិ ផលិតបានផលផ្លែដ៏ឆ្ងាញ់និងមានគុណភាពល្អផង។ មនុស្សនិងពពួកសត្វបានទទួលកម្លាំងពីការសម្ដែងព្រះចេស្ដារបស់ព្រះ។—លោកុប្បត្តិ ១:១២; ៤:១២; សាំយូអែលទី១ ២៨:២២
៣. ក្រៅពីវត្ថុធាតុនៃសកលលោក តើមានអ្វីទៀតដែលបង្ហាញអំពីព្រះចេស្ដានៃព្រះ?
៣ ក្រៅពីការអស្ចារ្យនៃផ្ទៃមេឃ ហើយពពួកភូតគាមនិងពពួកសត្វនៅលើផែនដីដ៏ជាទីចូលចិត្តនោះ ការបង្កើតទាំងអស់នេះក៏បង្ហាញប្រាប់យើងនូវព្រះចេស្ដារបស់ព្រះដែរ។ សាវ័កប៉ុលបានសរសេរថា៖ «ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ (រ៉ូម ១:២០) ប៉ុន្តែ មានទីសំអាងមួយទៀតនៃព្រះចេស្ដារបស់ទ្រង់ ដែលយើងត្រូវយកចិត្តទុកដាក់និងត្រូវមានចិត្តអបអរ។ អ្នកប្រហែលជាឆ្ងល់ថា ‹តើមានអ្វីទៀតដែលអាចសម្ដែងព្រះចេស្ដារបស់ព្រះច្បាស់ជាងសកលលោកនោះ›? នោះគឺព្រះយេស៊ូគ្រីស្ទ។ តាមការពិត នៅក្រោមឥទ្ធិពលនៃព្រះវិញ្ញាណ ប៉ុលបានមានប្រសាសន៍ថាព្រះគ្រីស្ទដែលត្រូវគេព្យួរនោះគឺ«ជាព្រះចេស្ដាហើយជាប្រាជ្ញារបស់ព្រះ»។ (កូរិនថូសទី១ ១:២៤) អ្នកប្រហែលជាសួរថា ‹ហេតុអ្វីក៏ដូច្នេះ តើការនេះជាប់ទាក់ទងនឹងជីវិតរបស់ខ្ញុំយ៉ាងណាដែរឥឡូវនេះ›?
ព្រះចេស្ដាដែលសម្ដែងតាមរយៈព្រះរាជបុត្រារបស់ទ្រង់
៤. តើព្រះចេស្ដារបស់ព្រះត្រូវបានបង្ហាញមកយ៉ាងណាចំពោះព្រះយេស៊ូ?
៤ ព្រះបានសម្ដែងព្រះចេស្ដារបស់ទ្រង់ជាលើកទីមួយ កាលដែលទ្រង់បានបង្កើតព្រះរាជបុត្រាតែមួយគត់ឲ្យដូចរូបអង្គទ្រង់។ បុត្រវិញ្ញាណនេះបានបំរើព្រះយេហូវ៉ាជា«មេជាង» ដោយបានប្រើព្រះចេស្ដាដ៏បរិបូររបស់ព្រះក្នុងការបង្កើតរបស់សព្វសារពើឯទៀត។ (សុភាសិត ៨:២២, ៣០) ប៉ុលបានសរសេរទៅបងប្អូនគ្រីស្ទានរបស់គាត់នៅទីក្រុងកូល៉ុសថា៖ «គឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង . . . នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង»។—កូល៉ុស ១:១៥, ១៦
៥-៧. (ក) នៅអតីតកាល តើមនុស្សជាប់ទាក់ទងនឹងការសម្ដែងព្រះចេស្ដារបស់ព្រះយ៉ាងណា? (ខ) តើមានមូលហេតុអ្វីឲ្យជឿថា ជនគ្រីស្ទានអាចសម្ដែងព្រះចេស្ដារបស់ព្រះបានដែរនៅសព្វថ្ងៃនេះ?
៥ យើងជាផ្នែកនៃ‹របស់ដែលបានបង្កើតមកនៅផែនដី›។ ដូច្នេះ តើព្រះចេស្ដារបស់ព្រះអាចសម្ដែងមកលើយើងជាមនុស្សបានទេ? គ្រប់ការទាក់ទងរបស់ព្រះជាមួយមនុស្សមិនល្អឥតខ្ចោះ នៅពេលផ្សេងៗ ព្រះយេហូវ៉ាបានប្រទានឲ្យព្រះចេស្ដាលើសពីធម្មតាទៅពួកអ្នកបំរើរបស់ទ្រង់ ដើម្បីពួកគេអាចសម្រេចគោលបំណងរបស់ទ្រង់។ លោកម៉ូសេបានដឹងថា ជាធម្មតាមនុស្សមានខ្ចោះរស់នៅបានតែ៧០ឬ៨០ប៉ុណ្ណោះ។ (ទំនុកដំកើង ៩០:១០) រីឯលោកម៉ូសេវិញ តើគាត់បានរស់នៅបានប៉ុន្មានឆ្នាំ? គាត់បានរស់នៅរហូតដល់១២០ឆ្នាំ តែ«ភ្នែកលោកមិនខ្សោយ ហើយកំឡាំងមិនបានអស់សោះ»។ (ចោទិយកថា ៣៤:៧) ការនេះមិនមែនមានន័យថា ព្រះនឹងធ្វើឲ្យអ្នកបំរើរបស់ទ្រង់ម្នាក់ៗឲ្យមានអាយុយឺនយូរ ឬរក្សាកម្លាំងនោះទេ តែនេះបញ្ជាក់ថា ព្រះយេហូវ៉ាអាចចំរើនកម្លាំងដល់មនុស្សបាន។
៦ ឧទាហរណ៍មួយទៀតដែលបង្ហាញថា ព្រះមានសមត្ថភាពចំរើនកម្លាំងដល់មនុស្សប្រុសស្រី នោះគឺការដែលទ្រង់បានធ្វើដល់ប្រពន្ធរបស់លោកអ័ប្រាហាំ។ «នាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់»។ ឬសូមពិចារណាអំពីរបៀបដែលព្រះចំរើនកម្លាំងដល់ពួកចៅហ្វាយនៅស្រុកអ៊ីស្រាអែល៖ «គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរា។ . . . បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ»។—ហេព្រើរ ១១:១១, ៣២-៣៤
៧ ព្រះចេស្ដាបែបនេះក៏អាចមានមកលើយើងដែរ។ ទោះជាឥឡូវនេះ យើងមិនអាចមានកូនចៅតាមរយៈអព្ភូតហេតុ ឬយើងមិនអាចសម្ដែងកម្លាំងដូចសាំសុនក្ដី។ ប៉ុន្តែ យើងអាចទៅជាខ្លាំងពូកែបាន ដូចជាប៉ុលបានមានប្រសាសន៍ទៅពួកមនុស្សធម្មតានៅទីក្រុងកូល៉ុសដែរ។ មែនហើយ ប៉ុលបានសរសេរទៅពួកមនុស្សប្រុសស្រីនិងក្មេងៗ ដូចជាយើងឃើញនៅក្នុងក្រុមជំនុំសព្វថ្ងៃនេះដែរ ហើយគាត់បានមានប្រសាសន៍ថា ពួកគេត្រូវ«បានគ្រប់ទាំងព្រះចេស្ដាចំរើនកំឡាំង»។—កូល៉ុស ១:១១
៨, ៩. នៅសតវត្សទីមួយ តើព្រះចេស្ដារបស់ព្រះយេហូវ៉ាបានឃើញជាជាក់ស្តែងយ៉ាងណា ចំពោះមនុស្សដូចយើង?
៨ ក្នុងកំឡុងកិច្ចបំរើរបស់ព្រះយេស៊ូនៅផែនដី ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះចេស្ដារបស់ទ្រង់កំពុងតែប្រតិបត្ដិក្នុងបុត្រារបស់ទ្រង់។ ជាឧទាហរណ៍ នៅគ្រាមួយ កាលដែលពួកបណ្ដាជនបាននាំគ្នាមកឯព្រះយេស៊ូយ៉ាងកកកុញនៅក្រុងកាពើណិម «ព្រះចេស្ដានៃ[ព្រះយេហូវ៉ា]ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ»។—លូកា ៥:១៧
៩ ក្រោយពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូបានធានារ៉ាប់រងថា ពួកអ្នកកាន់តាមទ្រង់នឹង‹បានព្រះចេស្ដា កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើពួកគេ›។ (កិច្ចការ ១:៨) ការនេះបានកើតឡើងមែន! អ្នកប្រវត្ដិសាស្ត្រម្នាក់បានរាយការណ៍អំពីព្រឹត្ដិការណ៍ដែលបានកើតឡើងពីបីថ្ងៃក្រោយពីបុណ្យភិន្ដាកុស ក្នុងឆ្នាំ៣៣ ស.យ.ថា៖ «ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្ដាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ»។ (កិច្ចការ ៤:៣៣) ប៉ុលខ្លួនគាត់ផ្ទាល់ក៏ត្រូវបានធ្វើឲ្យខ្លាំងក្លាដែរ ដើម្បីសម្រេចកិច្ចការដែលព្រះបានប្រគល់ឲ្យគាត់ធ្វើនោះ។ បន្ទាប់ពីគាត់បានក្លាយទៅជាគ្រីស្ទាន ហើយភ្នែកបានភ្លឺឡើងវិញនោះ គាត់«មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ទញ់ផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន»។—កិច្ចការ ៩:២២
១០. តើព្រះចេស្ដារបស់ព្រះមានប្រយោជន៍យ៉ាងណាចំពោះប៉ុល?
១០ ពិតមែនហើយ ប៉ុលត្រូវការព្រះចេស្ដាជាច្រើនថែមទៀត កាលណាយើងពិចារណាមើលការស៊ូទ្រាំខាងវិញ្ញាណនិងខាងផ្លូវចិត្ត ដើម្បីសម្រេចដំណើរសាសនទូតទាំងបីលើកដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រនោះ។ គាត់បានតស៊ូនឹងសេចក្ដីលំបាកគ្រប់បែបយ៉ាង ដោយបានស៊ូទ្រាំនឹងការជាប់គុក ហើយជួបប្រទះនឹងទុក្ករកម្មផង។ តើគាត់បានស៊ូទ្រាំនឹងការនេះយ៉ាងដូចម្ដេច? គាត់បានឆ្លើយថា៖ «ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ»។—ធីម៉ូថេទី២ ៤:៦-៨, ១៧; កូរិនថូសទី២ ១១:២៣-២៧
១១. ចំពោះព្រះចេស្ដារបស់ព្រះ តើប៉ុលសំដៅទៅលើសេចក្ដីសង្ឃឹមមួយណាសំរាប់ពួកអ្នកបំរើគ្នីគ្នានៅក្រុងកូល៉ុស?
១១ ដូច្នេះហើយ នេះមិនជាការចំឡែកទេ ពេលដែលប៉ុលបានសរសេរទៅ«ពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ»នៅទីក្រុងកូល៉ុស ហើយបានធានារ៉ាប់រងថា ពួកគេអាច«បានគ្រប់ទាំងព្រះចេស្ដាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់[ព្រះយេហូវ៉ា] ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ»។ (កូល៉ុស ១:២, ១១) ថ្វីបើពាក្យទាំងនេះត្រូវបានសរសេរមក សំរាប់តែពួកជនគ្រីស្ទានចាក់ប្រេងតាំងក្ដី ប៉ុន្តែមនុស្សទាំងអស់ណាដែលដើរតាមព្រះគ្រីស្ទក៏អាចទទួលប្រយោជន៍ពីសេចក្ដីសរសេររបស់ប៉ុលដែរ។
ការធ្វើឲ្យក្រុមជំនុំកូល៉ុសខ្លាំងក្លាឡើង
១២, ១៣. តើអ្វីជាកាលៈទេសៈដែលជំរុញឲ្យប៉ុលផ្ញើសំបុត្រទៅពួកកូល៉ុស ហើយតើពួកគេប្រហែលជាតបឆ្លើយយ៉ាងណា?
១២ ក្រុមជំនុំកូល៉ុស ស្ថិតនៅក្នុងខេត្តអាស៊ីជាខេត្តរបស់សាសន៍រ៉ូម ប្រហែលជាបានបង្កើតដោយសារការផ្សាយរបស់ជនគ្រីស្ទានដ៏ស្មោះត្រង់ម្នាក់ឈ្មោះអេប៉ាប្រាស។ តាមមើលទៅ កាលដែលគាត់បានទទួលដំណឹងថា ប៉ុលបានជាប់គុកនៅទីក្រុងរ៉ូម ប្រហែលជានៅឆ្នាំ៥៨ ស.យ. អេប៉ាប្រាសបានតាំងចិត្តទៅលេងប៉ុលនិងជួយលើកទឹកចិត្តគាត់ ដោយមានរបាយការណ៍ដ៏ល្អៗអំពីសេចក្ដីស្រឡាញ់និងភាពខ្ជាប់ខ្ជួននៃបងប្អូននៅទីក្រុងកូល៉ុស។ អេប៉ាប្រាសប្រហែលជាបានរាយការណ៍ប្រាប់ត្រង់ៗអំពីបញ្ហាខ្លះៗនៅក្នុងក្រុមជំនុំកូល៉ុសដែលត្រូវការការកែតម្រូវ។ បន្ទាប់មក ប៉ុលបានមានអារម្មណ៍ជំរុញឲ្យគាត់សរសេរសំបុត្រនៃការលើកទឹកចិត្តនិងការដាស់តឿនមួយទៅក្រុមជំនុំនោះ។ លោកអ្នកក៏អាចទទួលការលើកទឹកចិត្តពីជំពូក១នៃសំបុត្រនោះបានដែរ ដ្បិតនេះធ្វើឲ្យឃើញជាក់ស្តែងពីរបៀបដែលព្រះយេហូវ៉ាអាចធ្វើឲ្យពួកអ្នកបំរើរបស់ទ្រង់បានខ្លាំងក្លាឡើង។
១៣ អ្នកអាចនឹកស្មានថាបងប្អូនប្រុសស្រីកូល៉ុស ច្បាស់ជាមានអារម្មណ៍ល្អហើយ ពេលដែលប៉ុលបានរៀបរាប់អំពីពួកគេជា«ពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ»។ ពួកគេសមនឹងទទួលពាក្យសរសើរនេះ ដោយព្រោះតែ‹សេចក្ដីស្រឡាញ់របស់ពួកគេចំពោះពួកបរិសុទ្ធ› និងចំពោះ‹ផលផ្លែនៃដំណឹងល្អ›ដែលពួកគេបានបង្កើតតាំងពីពេលដែលគេបានក្លាយទៅជនគ្រីស្ទាន! តើអាចនិយាយពាក្យសំដីទាំងនេះអំពីក្រុមជំនុំរបស់យើង និងអំពីយើងជាបុគ្គលម្នាក់ៗបានទេ?—កូល៉ុស ១:២-៨
១៤. តើប៉ុលចង់ឲ្យពួកកូល៉ុសធ្វើអ្វីខ្លះ?
១៤ ប៉ុលមានអារម្មណ៍រំភើបយ៉ាងខ្លាំងនឹងរបាយការណ៍ដែលគាត់បានទទួល ដល់ម្ល៉េះបានជាគាត់បានប្រាប់ពួកកូល៉ុសថា គាត់បានអធិស្ឋានឲ្យពួកគេឥតឈប់ឈរឡើយ ហើយបានទូលសូមឲ្យពួកគេ«បានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹង[ព្រះយេហូវ៉ា]»។ គាត់បានអធិស្ឋានឲ្យពួកគេ«បានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្ដាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ»។—កូល៉ុស ១:៩-១១
ការធ្វើឲ្យបានខ្លាំងក្លាឡើងនៅសព្វថ្ងៃនេះដែរ
១៥. តើតាមរបៀបណាដែលយើងអាចសម្ដែងអាកប្បកិរិយា ឲ្យដូចបានបង្ហាញមកក្នុងសេចក្ដីសរសេររបស់ប៉ុលទៅពួកកូល៉ុសនោះ?
១៥ ប៉ុលបានធ្វើជាគំរូដ៏ប្រសើរសំរាប់យើងយ៉ាងអស្ចារ្យម្ល៉េះហ្ន៎! យើងត្រូវអធិស្ឋានឲ្យបងប្អូនរបស់យើងនៅជុំវិញផែនដីនេះ ដើម្បីឲ្យពួកគេអាចស៊ូទ្រាំនិងរក្សាសេចក្ដីអំណររបស់គេ ទោះជាគេរងទុក្ខវេទនាយ៉ាងណាក្ដី។ ដូចប៉ុល យើងគួរតែអធិស្ឋានសូមអ្វីឲ្យចំៗ កាលណាយើងទទួលដំណឹងថា បងប្អូនរបស់យើងនៅក្រុមជំនុំឯទៀត ឬនៅប្រទេសណាមួយកំពុងតែរងទុក្ខលំបាកនោះ។ ប្រហែលជាក្រុមជំនុំដែលនៅជិតយើង ជួបប្រទះមហន្តរាយធម្មជាតិ ឬការលំបាកខាងវិញ្ញាណណាមួយ។ ឬប្រហែលជាបងប្អូនគ្រីស្ទានយើងនៅប្រទេសណាមួយ កំពុងតែស៊ូទ្រាំដោយសារសង្គ្រាមក្នុងប្រទេស ឬការកាប់សម្លាប់គ្នារវាងកុលសម្ព័ន្ធក្ដី។ ក្នុងការអធិស្ឋានរបស់យើង យើងគួរតែសូមឲ្យព្រះជួយបងប្អូនយើង«ឲ្យបានដើរបែបគួរនឹង[ព្រះយេហូវ៉ា]» ហើយឲ្យបន្តបង្កបង្កើតផលផ្លែនៃព្រះរាជាណាចក្រ ក្នុងកាលដែលពួកគេកំពុងតែស៊ូទ្រាំ ហើយសូមឲ្យមានការរីកចំរើនចំណេះវិជ្ជារបស់គេដែរ។ តាមរបៀបនេះ ពួកអ្នកបំរើរបស់ព្រះអាចទទួលព្រះចេស្ដានៃព្រះវិញ្ញាណរបស់ទ្រង់ «ដោយបានគ្រប់ទាំងព្រះចេស្ដាចំរើនកំឡាំង»។ អ្នកអាចជឿជាក់ថា ព្រះវរបិតារបស់អ្នក ទ្រង់នឹងឮហើយនឹងតបឆ្លើយជាមិនខាន។—យ៉ូហានទី១ ៥:១៤, ១៥
១៦, ១៧. (ក) ដូចជាប៉ុលបានសរសេរមក តើយើងគួរតែអរព្រះគុណសំរាប់អ្វីខ្លះ? (ខ) តើប្រជារាស្ត្រនៃព្រះត្រូវបានដោះឲ្យរួចនិងអត់ឱនទោសក្នុងន័យយ៉ាងណា?
១៦ ប៉ុលបានសរសេរថា ពួកកូល៉ុសគួរតែ‹អរព្រះគុណ ដល់ព្រះវរបិតា ដែលទ្រង់បានប្រោសឲ្យពួកគេគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺ›។ ចូរឲ្យយើងអរព្រះគុណដល់ព្រះវរបិតាសួគ៌ារបស់យើង ដែលទ្រង់បានប្រទានឲ្យយើងមានកន្លែងត្រឹមត្រូវក្នុងការរៀបចំរបស់ទ្រង់ ទោះជាមានចំណែកក្នុងវិស័យស្ថានសួគ៌ ឬវិស័យផែនដីនៃព្រះរាជាណាចក្ររបស់ទ្រង់ក្ដី។ តើព្រះបានធ្វើឲ្យមនុស្សមានខ្ចោះសមគួរចំពោះព្រះនេត្ររបស់ទ្រង់យ៉ាងដូចម្ដេច? ប៉ុលបានសរសេរទៅបងប្អូនចាក់ប្រេងតាំងរបស់គាត់ថា៖ «ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់។ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្ដាច់បាប»។—កូល៉ុស ១:១២-១៤
១៧ ទោះបីជាយើងមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ ឬខាងផែនដីក្ដី យើងក៏ត្រូវអរព្រះគុណដល់ព្រះជារៀងរាល់ថ្ងៃ ចំពោះការរំដោះយើងពីប្រព័ន្ធនៃសេចក្ដីងងឹតដ៏អាក្រក់ជួជាតិនេះ ដែលត្រូវបានសម្រេចដោយសេចក្ដីជំនឿរបស់យើងទៅលើសំវិធានការដ៏មានតម្លៃនៃយញ្ញបូជាលោះរបស់ព្រះរាជបុត្រាស្ងួនភ្ងានៃព្រះយេហូវ៉ា។ (ម៉ាថាយ ២០:២៨) ពួកជនគ្រីស្ទានចាក់ប្រេងតាំងដោយព្រះវិញ្ញាណ បានទទួលប្រយោជន៍ពីការលោះនេះ ដែលត្រូវបានអនុវត្តទៅលើពួកគេក្នុងវិធីដ៏ពិសេសមួយ ដើម្បីឲ្យពួកគេអាច‹ផ្លាស់ទៅក្នុងព្រះរាជាណាចក្ររបស់រាជបុត្រាស្ងួនភ្ងានៃព្រះ›។ (លូកា ២២:២០, ២៩, ៣០) ប៉ុន្តែ ពួក«ចៀមឯទៀត»ក៏បានទទួលប្រយោជន៍ពីការលោះនេះ នៅពេលឥឡូវនេះដែរ។ (យ៉ូហាន ១០:១៦) ពួកគេអាចទទួលការអត់ឱនទោសពីព្រះ ដើម្បីឲ្យមានឋានៈសុចរិតនៅពីមុខទ្រង់ ជាមិត្តរបស់ទ្រង់។ ពួកគេមានការចូលរួមមួយចំណែកធំក្នុងការប្រកាស«ដំណឹងល្អនេះ ដែលសំដែងពីនគរ»ក្នុងគ្រាចុងបញ្ចប់នេះ។ (ម៉ាថាយ ២៤:១៤) ម្យ៉ាងវិញទៀត ពួកគេមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យក្នុងការបានទៅជាសុចរិតពេញទីនិងមានរូបកាយល្អឥតខ្ចោះ ពេលដល់ចុងបញ្ចប់នៃការសោយរាជ្យសហស្សវត្សរបស់ព្រះគ្រីស្ទ។ កាលណាអ្នកអានអំពីពិពណ៌នានៅវិវរណៈ ៧:១៣-១៧ អ្នកនឹងយល់ស្របថា ស្ថានការណ៍នៅទីនោះគឺជាភស្តុតាងនៃការរំដោះឲ្យរួចនិងការប្រទានប្រសិទ្ធិពរ។
១៨. តើព្រះកំពុងតែសម្រេចការផ្សះផ្សាអ្វីដែលចែងមកនៅកូល៉ុស?
១៨ សំបុត្ររបស់ប៉ុលជួយយើងឲ្យដឹងថា យើងជំពាក់គុណជាច្រើនដល់បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ។ តើព្រះបានសម្រេចអ្វីខ្លះតាមរយៈព្រះគ្រីស្ទ? គឺ«បានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្ដី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃ . . . ទ្រង់»។ គោលបំណងរបស់ព្រះគឺដើម្បីនាំការបង្កើតរបស់ទ្រង់ទាំងអស់ឲ្យមានដំណើរស្រុះស្រួលពេញទីជាមួយនឹងទ្រង់ឡើងវិញ ដូចដែលធ្លាប់មានមុនការបះបោរនៅសួនអេដែននោះ។ បុគ្គលដែលត្រូវបានប្រើឲ្យបង្កើតរបស់សព្វសារពើពីដើម ឥឡូវនេះ បុគ្គលដដែលនេះក៏ត្រូវបានប្រើឲ្យសម្រេចដំណើរផ្សះផ្សាគ្នានេះដែរ។—កូល៉ុស ១:២០
ការចំរើនកម្លាំងសំរាប់គោលបំណងអ្វី?
១៩, ២០. តើភាពបរិសុទ្ធនិងភាពឥតសៅហ្មងរបស់យើងស្រេចទៅលើអ្វី?
១៩ ភារៈកិច្ចបានធ្លាក់មកលើពួកយើងទាំងអស់ដែលបានផ្សះផ្សានឹងព្រះ។ កាលពីដើម យើងមានបាបហើយបានឃ្លាតចេញពីព្រះ។ ប៉ុន្តែឥឡូវនេះ យើងមានជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ ហើយគំនិតរបស់យើងក៏លែងរំពឹងគិតអំពីកិច្ចការអាក្រក់ជួជាតិទៀតដែរ ដូច្នេះយើងស្ថិតនៅក្នុងភាព«បរិសុទ្ធ ឥតសៅហ្មង» ហើយ«ឥតកន្លែងបន្ទោសបាន នៅចំពោះ[ព្រះ]»។ (កូល៉ុស ១:២១, ២២) សូមពិចារណាមើលចុះ ដូចជាព្រះមិនបានអាម៉ាស់មុខដោយសារពួកស្មរបន្ទាល់ស្មោះត្រង់ពីដើម ទ្រង់ក៏មិនអាម៉ាស់មុខ ដោយសារយើងហៅទ្រង់ជាព្រះរបស់យើងដែរ។ (ហេព្រើរ ១១:១៦) នៅសព្វថ្ងៃនេះ គ្មានអ្នកណាអាចចោទថា យើងគាំទ្រព្រះនាមដ៏រុងរឿងរបស់ទ្រង់ខុស ឬថាយើងខ្លាចមិនហ៊ានប្រកាសព្រះនាមនោះដល់ចុងបំផុតនៃផែនដីបានឡើយ!
២០ ប៉ុន្តែ សូមកត់សម្គាល់ពីការព្រមានដែលប៉ុលបានបន្ថែមទៀតនៅកូល៉ុស ១:២៣៖ «នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ ឥតងាកបែរចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ អ្វីៗទាំងអស់គឺស្រេចទៅលើការនៅស្មោះត្រង់របស់យើងចំពោះព្រះយេហូវ៉ា ហើយការដើរតាមជំហានរបស់ព្រះរាជបុត្រាស្ងួនភ្ងាទ្រង់។ ព្រះយេហូវ៉ានិងព្រះយេស៊ូបានជួយយើងច្រើនណាស់! ចូរឲ្យយើងសម្ដែងសេចក្ដីស្រឡាញ់ដល់ទ្រង់ទាំងពីអង្គ ដោយធ្វើតាមដំបូន្មានរបស់ប៉ុល។
២១. ហេតុអ្វីក៏យើងរំភើបចិត្តម្ល៉េះនៅសព្វថ្ងៃនេះ?
២១ ពួកគ្រីស្ទានកូល៉ុសមុខជារំភើបចិត្តជាខ្លាំង ដោយបានដឹងថា‹ដំណឹងល្អដែលពួកគេបានឮ›ត្រូវបាន«បានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»។ នៅសព្វថ្ងៃនេះ ជាការរឹតតែរំភើបចិត្តទៅទៀត ដោយបានឮអំពីវិសាលភាពនៃដំណឹងល្អអំពីព្រះរាជាណាចក្រ កំពុងតែបានផ្សាយដោយពួកស្មរបន្ទាល់ជាងបួនលានកន្លះនាក់ ក្នុង២៣០ប្រទេស។ មែនហើយ ជារៀងរាល់ឆ្នាំ មនុស្សមកពីគ្រប់សាសន៍ ដែលមានចំនួនជិត៣០០.០០០នាក់បានផ្សះផ្សាជាមួយនឹងព្រះ!—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
២២. សូម្បីតែយើងពិសោធការរងទុក្ខវេទនាក្ដី តើព្រះអាចធ្វើអ្វីសំរាប់យើង?
២២ ទោះបីជាប៉ុលបានជាប់គុកនៅគ្រាដែលគាត់បានសរសេរសំបុត្រទៅពួកកូល៉ុសក្ដី គាត់មិនបានកើតទុក្ខនឹងវាស្នារបស់គាត់ទាល់តែសោះ។ ផ្ទុយទៅវិញ គាត់បានមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា»។ ប៉ុលបានដឹងថាការ«ទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ»ជាការលំបាកយ៉ាងណាហើយ។ (កូល៉ុស ១:១១, ២៤) ប៉ុន្តែ គាត់បានដឹងថាគាត់មិនបានធ្វើការនេះដោយកម្លាំងរបស់គាត់ផ្ទាល់ទេ។ ព្រះយេហូវ៉ាបានចំរើនកម្លាំងដល់គាត់! នៅសព្វថ្ងៃនេះក៏អញ្ចឹងដែរ។ ស្មរបន្ទាល់រាប់ពាន់នាក់ដែលបានជាប់គុក ហើយត្រូវគេធ្វើទុក្ខបៀតបៀន មិនបានបាត់បង់នូវសេចក្ដីអំណរក្នុងការបំរើព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ ពួកគេបានអបអរនឹងសេចក្ដីពិតនៃពាក្យបន្ទូលរបស់ព្រះ ដែលបានចែងមកនៅអេសាយ ៤០:២៩-៣១៖ «ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ . . . អស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច»។
២៣, ២៤. តើអ្វីជា«សេចក្ដីអាថ៌កំបាំង»ដែលបានចែងមកនៅកូល៉ុស ១:២៦?
២៣ កិច្ចការផ្សាយដំណឹងល្អសំដៅទៅលើព្រះគ្រីស្ទជាការសំខាន់ណាស់ចំពោះប៉ុល។ គាត់ចង់ឲ្យអ្នកឯទៀតអបអរនូវតម្លៃនៃមុខនាទីរបស់ព្រះគ្រីស្ទក្នុងគោលបំណងរបស់ព្រះដែរ ដូច្នេះគាត់បានរៀបរាប់កិច្ចការនោះដូចជា«សេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក»។ ប៉ុន្តែ នេះមិនមែនជាសេចក្ដីអាថ៌កំបាំងជានិច្ចទេ។ ប៉ុលបានបន្ថែមទៀតថា៖ «ឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់»។ (កូល៉ុស ១:២៦) នៅពេលដែលការបះបោរបានកើតឡើងក្នុងសួនអេដែន ព្រះយេហូវ៉ាបានសន្យាអំពីអ្វីដ៏ប្រសើរនៅខាងមុខ ដោយទាយថា‹ពូជរបស់ស្ត្រីនឹងកិនក្បាលពស់នោះ›។ (លោកុប្បត្តិ ៣:១៥) តើនេះមានន័យយ៉ាងណា? ជាតំណតរៀងមក ហើយជាច្រើនសតវត្សមក ការនេះជាសេចក្ដីអាថ៌កំបាំងមួយ។ បន្ទាប់មក ព្រះយេស៊ូបានយាងមក ហើយទ្រង់«បានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ»។—ធីម៉ូថេទី២ ១:១០
២៤ មែនហើយ «សេចក្ដីអាថ៌កំបាំង»សំដៅទៅឯព្រះគ្រីស្ទនិងព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ ប៉ុលបានថ្លែងអំពី«របស់នៅស្ថានសួគ៌» សំដៅចំពោះអស់អ្នកដែលនឹងចូលរួមក្នុងការគ្រប់គ្រងនៃព្រះរាជាណាចក្រជាមួយព្រះគ្រីស្ទ។ ពួកទាំងនេះនឹងទៅជាឧបករណ៍ដែលនឹងនាំប្រសិទ្ធិពរជាអតិបរិមាមកលើ‹របស់នៅផែនដី›ទាំងអស់ គឺជាពួកអ្នកដែលនឹងសប្បាយនឹងសួនមនោរម្យដ៏អស់កល្បជានិច្ចនៅផែនដីនេះ។ អ្នកអាចឃើញថា នេះជាការសមត្រឹមត្រូវណាស់ ដ្បិតបន្ទាប់មក ប៉ុលបានសំដៅទៅឯ«សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះ»។—កូល៉ុស ១:២០, ២៧
២៥. ដូចបានបង្ហាញមកនៅកូល៉ុស ១:២៩ តើយើងគួរតែមានអាកប្បកិរិយាយ៉ាងណាឥឡូវនេះ?
២៥ ប៉ុលសង្ឃឹមនឹងទទួលកន្លែងរបស់គាត់នៅក្នុងព្រះរាជាណាចក្រ។ ប៉ុន្តែ គាត់ដឹងថា នេះមិនមែនជាអ្វីដែលគាត់គ្រាន់តែអង្គុយយ៉ាងស្រួល រួចសង្ឃឹមនឹងបាននោះទេ។ «ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្ដាលឡើងក្នុងខ្ញុំដោយព្រះចេស្ដា»។ (កូល៉ុស ១:២៩) សូមកត់សម្គាល់ថា ព្រះយេហូវ៉ា តាមរយៈព្រះគ្រីស្ទ បានចំរើនកម្លាំងដល់ប៉ុល ដើម្បីឲ្យគាត់អាចសម្រេចកិច្ចការសង្គ្រោះជីវិតនេះ។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏អាចធ្វើដូចនេះដល់យើងដែរ។ ប៉ុន្តែ យើងគួរតែសួរខ្លួនយើងមើលថា ‹តើខ្ញុំនៅមានទឹកចិត្តផ្សាយដំណឹងល្អ ដូចកាលដែលខ្ញុំទើបបានរៀនសេចក្ដីពិតនោះទេ›? តើអ្នកនឹងឆ្លើយយ៉ាងណា? តើអ្វីអាចជួយយើងឲ្យខំបន្ត‹ធ្វើការនិងខំប្រឹងតយុទ្ធឲ្យសមតាមប្រតិបត្ដិការនៃព្រះចេស្ដារបស់ព្រះយេហូវ៉ា›? អត្ថបទជាបន្ទាប់នឹងពិគ្រោះអំពីរឿងនេះ។
តើអ្នកចាំទេ?
◻ ហេតុអ្វីក៏យើងអាចជឿជាក់ថា ព្រះយេហូវ៉ាអាចសម្ដែងព្រះចេស្ដារបស់ទ្រង់ជាប្រយោជន៍ដល់មនុស្ស?
◻ តើអ្វីជាកាលៈទេសៈដែលជំរុញប៉ុលឲ្យសរសេរសៀវភៅកូល៉ុសជំពូក១?
◻ តើតាមរបៀបណាដែលព្រះកំពុងតែអនុវត្តការផ្សះផ្សាដែលបានចែងមកនៅកូល៉ុស ១:២០?
◻ តាមរយៈព្រះចេស្ដារបស់ទ្រង់ តើព្រះយេហូវ៉ាអាចសម្រេចអ្វីដោយយើង?
[រូបភាពនៅទំព័រ១៩]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ទីក្រុងកូល៉ុស