«កុំឲ្យខ្លាច ហ្វូងតូចអើយ»
«កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត»។—លូកា ១២:៣២
១. តើអ្វីជាមូលដ្ឋានចំពោះពាក្យបន្ទូលរបស់ព្រះយេស៊ូ៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ»?
«ចូរខំស្វែងរកនគរព្រះវិញ»។ (លូកា ១២:៣១) នៅពេលដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ពាក្យទាំងនេះទៅពួកសិស្សរបស់ទ្រង់ ទ្រង់បានសម្ដែងគោលការណ៍មួយ ដែលបានដឹកនាំគំនិតរបស់ពួកគ្រីស្ទានតាំងពីសម័យទ្រង់រហូតមកដល់សម័យយើងនេះ។ ព្រះរាជាណាចក្ររបស់ព្រះត្រូវតែជាអ្វីមួយដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ (ម៉ាថាយ ៦:៣៣) យ៉ាងណាក៏ដោយ នៅសៀវភៅលូកា ព្រះយេស៊ូបានមានបន្ទូលយ៉ាងថ្នមនិងជាទីលើកទឹកចិត្តទៅកាន់ពួកគ្រីស្ទានពិសេសមួយក្រុម។ ទ្រង់បានមានបន្ទូលថា៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត»។ (លូកា ១២:៣២) ជាអ្នកគង្វាលល្អ ព្រះយេស៊ូបានជ្រាបថា នឹងមានគ្រាលំបាកនៅអនាគតចំពោះសិស្សដ៏ស្និទ្ធរបស់ទ្រង់។ ប៉ុន្តែ គ្មានអ្វីគួរឲ្យខ្លាចទេចំពោះពួកគេ បើសិនជាគេខំស្វែងរកតែព្រះរាជាណាចក្ររបស់ព្រះនោះ។ ដូច្នេះ ការដាស់តឿននេះរបស់ព្រះយេស៊ូមិនមែនជាការបញ្ជាដ៏តឹងរ៉ឹងទេ។ ផ្ទុយទៅវិញ នេះជាកិច្ចសន្យាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលជួយបណ្ដុះឲ្យមានសេចក្ដីទុកចិត្តនិងសេចក្ដីក្លាហាន។
២. នៅក្នុងហ្វូងតូច តើមានអ្នកណាខ្លះ ហើយហេតុអ្វីក៏ពួកគេមានឯកសិទ្ធិដ៏ពិសេសម្ល៉េះ?
២ ព្រះយេស៊ូបានមានបន្ទូលទៅពួកសិស្សរបស់ទ្រង់ ហើយទ្រង់បានហៅពួកគេជា«ហ្វូងតូច»។ ទ្រង់ក៏បានមានបន្ទូលទៅពួកអ្នកដែលព្រះយេហូវ៉ានឹង‹ប្រទានឲ្យព្រះរាជាណាចក្រ›ដែរ។ បើប្រៀបធៀបនឹងហ្វូងយ៉ាងធំដែលដើរតាមព្រះយេស៊ូនៅពេលក្រោយ ហ្វូងនេះមានគ្នាតិចមែន។ ពួកគេត្រូវបានចាត់ទុកជាមានតម្លៃ ពីព្រោះពួកគេត្រូវបានជ្រើសរើសសំរាប់អនាគតដ៏រុងរឿង គឺនឹងទទួលរាជបរិចារកិច្ច។ ព្រះយេហូវ៉ា ដែលជាបិតានិងមហាគង្វាលរបស់គេ បានទូលហៅហ្វូងតូចដើម្បីឲ្យទទួលមរតកសួគ៌ា ដែលទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។
ហ្វូងតូច
៣. តើលោកយ៉ូហានបានឃើញចក្ខុនិមិត្តដ៏រុងរឿងមួយណានៃហ្វូងតូច?
៣ តើហ្វូងតូចនេះដែលមានអនាគតដ៏អស្ចារ្យនឹងមានអ្នកណាខ្លះនៅក្នុងនោះ? គឺមានពួកអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទ ដែលបានទទួលការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ។ (កិច្ចការ ២:១-៤) ដោយឃើញពួកគេជាពួកចំរៀងសួគ៌ាដោយកាន់ពិណក្នុងដៃរបស់គេនោះ សាវ័កយ៉ូហានបានសរសេរថា៖ «ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ។ នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម។ មិនឃើញមានសេចក្ដីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង»។—វិវរណៈ ១៤:១, ៤, ៥
៤. តើហ្វូងតូចមានតំណែងអ្វីនៅលើផែនដីនៅសព្វថ្ងៃនេះ?
៤ តាំងពីបុណ្យភិន្ដាកុស នៅឆ្នាំ៣៣ ស.យ. មក ពួកអ្នកចាក់ប្រេងតាំងទាំងនេះ ជាពួកអ្នកដែលកើតពីព្រះវិញ្ញាណ បានបំរើជាឯកអគ្គរាជទូតរបស់ព្រះគ្រីស្ទនៅលើផែនដី។ (កូរិនថូសទី២ ៥:២០) នៅសព្វថ្ងៃនេះ មានតែពួកគេខ្លះដែលនៅសល់ ដែលបំរើជាក្រុមអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ។ (ម៉ាថាយ ២៤:៤៥; វិវរណៈ ១២:១៧) ជាពិសេស តាំងពីឆ្នាំ១៩៣៥មក ពួក«ចៀមឯទៀត»បានចូលរួមជាមួយពួកគេ គឺជាពួកជនគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមនៅលើផែនដី ដែលឥឡូវនេះមានគ្នាដល់រាប់លាននាក់។ ពួកនេះបានជួយផ្សាយដំណឹងល្អនៅគ្រប់ទីកន្លែងនៅលើផែនដី។—យ៉ូហាន ១០:១៦
៥. តើពួកអ្នកនៅសល់នៃហ្វូងតូចមានអាកប្បកិរិយាយ៉ាងណា ហើយហេតុអ្វីបានជាគេមិនត្រូវខ្លាចនោះ?
៥ តើពួកអ្នកនៅសល់នៃហ្វូងតូចដែលនៅលើផែនដីនៅឡើយ មានអាកប្បកិរិយាយ៉ាងណាដែរ? ដោយដឹងថាពួកគេនឹងទទួល‹ព្រះរាជាណាចក្រដែលរញ្ជួយពុំបាន› ពួកគេថ្វាយកិច្ចបំរើបរិសុទ្ធរបស់គេដោយមានការកោតខ្លាចនិងកោតស្ញែងដល់ទ្រង់។ (ហេព្រើរ ១២:២៨) ពួកគេទទួលស្គាល់ថា ឯកសិទ្ធិរបស់គេជាអ្វីដែលមានតម្លៃឥតគណនា ដែលធ្វើឲ្យពួកគេមានអំណរយ៉ាងក្រៃលែង។ ពួកគេបានរកឃើញ‹កែវមុក្ដាមួយដែលមានតម្លៃណាស់› ដែលព្រះយេស៊ូបានប្រៀបប្រដូច កាលដែលទ្រង់បានមានបន្ទូលអំពីព្រះរាជាណាចក្រនោះ។ (ម៉ាថាយ ១៣:៤៦) កាលដែលសេចក្ដីវេទនាជាខ្លាំងកាន់តែអង្កឹលមកជិតឡើងៗ ពួកអ្នកចាក់ប្រេងតាំងរបស់ព្រះក៏ឈរដោយឥតខ្លាចឡើយ។ ថ្វីបើនឹងមានអ្វីកើតឡើងមកលើលោកីយ៍នៃមនុស្សលោកក្នុងកំឡុង‹ថ្ងៃធំឧត្តមរបស់ព្រះយេហូវ៉ា›ក្ដី ពួកគេនៅតែមិនមានការខ្លាចញ័ររន្ធត់ចំពោះអនាគតឡើយ។ (កិច្ចការ ២:១៩-២១) តើឲ្យពួកគេមានយ៉ាងម៉េចបាន?
ចំនួនកាន់តែតិចឡើង
៦, ៧. (ក) ហេតុអ្វីក៏ចំនួននៃហ្វូងតូចដែលនៅលើផែនដីនៅឡើយមានគ្នាតិចម្ល៉េះ? (ខ) តើបុគ្គលម្នាក់ៗគួរតែមានទស្សនៈយ៉ាងណាចំពោះសេចក្ដីសង្ឃឹមដែលខ្លួនមាននោះ?
៦ ក្នុងឆ្នាំថ្មីៗនេះ ចំនួនហ្វូងតូចដែលនៅលើផែនដីនៅឡើយ មានគ្នាកាន់តែតិចឡើងៗ។ នេះអាចឃើញយ៉ាងជាក់ស្តែងពីរបាយការណ៍នៃបុណ្យរំឭកប្រចាំឆ្នាំ១៩៩៤។ ក្នុងប្រមាណ៧៥.០០០ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅជុំវិញពិភពលោក គឺមានតែ៨.៦១៧នាក់ បានទទួលទានវត្ថុជានិមិត្តរូប ដែលជាការអះអាងថាគេជាសមាជិកនៃពួកអ្នកសំណល់។ (ម៉ាថាយ ២៦:២៦-៣០) ជាផ្ទុយពីការនេះ ចំនួនសរុបនៃមនុស្សមកបុណ្យនោះគឺ១២.២៨៨.៩១៧នាក់។ ជនគ្រីស្ទានចាក់ប្រេងតាំងដឹងថានេះជាអ្វីដែលត្រូវតែកើតឡើង។ ព្រះយេហូវ៉ាបានស្ថាបនាចំនួនកំណត់ដែលមាន១៤៤.០០០នាក់ ជាចំនួនសរុបនៃហ្វូងតូច ហើយទ្រង់បានប្រមូលពួកនេះតាំងពីជំនាន់បុណ្យភិន្ដាកុស នៅឆ្នាំ៣៣ ស.យ. មកម្ល៉េះ។ ដូច្នេះ ការទូលហៅហ្វូងតូចនឹងមកដល់ទីបញ្ចប់ កាលដែលចំនួននឹងជិតពេញនោះ ហើយមានទីសំអាងបញ្ជាក់ថា ការប្រមូលទូទៅនៃពួកមានពរពិសេសនេះបានចប់នៅក្នុងឆ្នាំ១៩៣៥។ យ៉ាងណាក្ដី ពួកចៀមឯទៀតនៅក្នុងគ្រាចុងបញ្ចប់ ត្រូវបានទាយមកថា នឹងកើនចំនួនឡើងរហូតទៅជា«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ តាំងពីឆ្នាំ១៩៣៥មក ព្រះយេហូវ៉ាបានប្រមូលហ្វូងយ៉ាងធំនេះ ដែលសេចក្ដីសង្ឃឹមរបស់គេគឺជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។—វិវរណៈ ៧:៩; ១៤:១៥, ១៦; ទំនុកដំកើង ៣៧:២៩
៧ ពួកហ្វូងតូចភាគច្រើនដែលនៅលើផែនដីនៅឡើយ ឥឡូវនេះមានអាយុប្រមាណ៧០ ៨០ និង៩០ឆ្នាំហើយ។ មានតែពីរបីនាក់ទេដែលមានអាយុលើសពី១០០ឆ្នាំនោះ។ ពួកគេទាំងអស់ ទោះជាមានអាយុប៉ុន្មានក៏ដោយ ដឹងថា តាមរយៈដំណើររស់ឡើងវិញទៅស្ថានសួគ៌ ពួកគេនៅទីបំផុតនឹងបានរួបរួមជាមួយព្រះយេស៊ូគ្រីស្ទ ហើយនឹងគ្រប់គ្រងជាមួយទ្រង់ក្នុងព្រះរាជាណាចក្រដ៏រុងរឿងរបស់ទ្រង់។ រីឯពួកអ្នកហ្វូងធំ គេនឹងទៅជាអនុរាស្ត្រនៅលើផែនដីរបស់ព្រះគ្រីស្ទដ៏ជាស្តេច។ ចូរឲ្យបុគ្គលម្នាក់ៗសប្បាយឡើងចំពោះអ្វីៗដែលព្រះយេហូវ៉ាបានទុកសំរាប់អស់អ្នកដែលស្រឡាញ់ទ្រង់។ ការជ្រើសរើសសេចក្ដីសង្ឃឹម នោះមិនមែនស្រេចទៅលើយើងទេ។ នេះគឺស្រេចទៅលើព្រះយេហូវ៉ាវិញ។ ក្រុមទាំងពីរអាចមានចិត្តរំភើបឡើង ដោយមានសេចក្ដីសង្ឃឹមចំពោះអនាគតដ៏រីករាយ ទោះជានៅក្នុងព្រះរាជាណាចក្រសួគ៌ា ឬ នៅលើផែនដីមនោរម្យនៅក្រោមព្រះរាជាណាចក្រនោះក្ដី។—យ៉ូហាន ៦:៤៤, ៦៥; អេភេសូរ ១:១៧, ១៨
៨. តើការបោះត្រានៃជន១៤៤.០០០នាក់ បានមកដល់ថ្នាក់ណាហើយ ហើយតើនឹងមានអ្វីកើតឡើង នៅពេលដែលការនេះបានសម្រេច?
៨ បុគ្គល១៤៤.០០០នាក់នៃហ្វូងតូច គឺជា«សាសន៍អ៊ីស្រាអែលនៃព្រះ» ដែលបានជំនួសសាសន៍អ៊ីស្រាអែលពីកំណើតក្នុងគោលបំណងរបស់ព្រះ។ (កាឡាទី ៦:១៦) ដូច្នេះហើយ ពួកអ្នកសំណល់គឺជាពួកអ្នកដែលនៅសល់ពីសាសន៍ខាងវិញ្ញាណនេះ ដែលនៅលើផែនដីនៅឡើយ។ ពួកអ្នកនៅសល់ទាំងនេះត្រូវបានបោះត្រាសំរាប់ការយល់ព្រមចុងក្រោយបង្អស់ពីព្រះយេហូវ៉ា។ ក្នុងចក្ខុនិមិត្តមួយ សាវ័កយ៉ូហានបានឃើញហេតុការណ៍នេះ ហើយគាត់បានរាយការណ៍មកថា៖ «ខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនឹងសមុទ្រថា កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្ដី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន។ ខ្ញុំក៏ឮចំនួនពួកអ្នកដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល[ខាងវិញ្ញាណ]»។ (វិវរណៈ ៧:២-៤) ដោយព្រោះតែកិច្ចការបោះត្រាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនេះជិតចប់ហើយនោះ ព្រឹត្ដិការណ៍ដ៏រំភើបជាច្រើនដែលនឹងត្រូវកើតឡើង នឹងលេចចេញមក។ ចំពោះប្រការមួយ ‹សេចក្ដីវេទនាជាខ្លាំង› គឺជាខ្យល់នៃសេចក្ដីហិនវិនាសទាំងបួនដែលនឹងត្រូវពន្លែងមកលើផែនដី នោះកាន់តែជិតមកដល់ហើយ។—វិវរណៈ ៧:១៤
៩. តើហ្វូងតូចមានទស្សនៈយ៉ាងណាចំពោះការកើនចំនួននៃហ្វូងធំនោះ?
៩ ពួកហ្វូងធំត្រូវបានប្រមូលបានរាប់លាននាក់ហើយ។ នេះច្បាស់ជាធ្វើឲ្យពួកអ្នកសំណល់មានចិត្តរំភើបណាស់! ថ្វីបើចំនួននៃពួកហ្វូងតូចដែលនៅលើផែនដីនៅឡើយមានកាន់តែតិចទៅក្ដី ពួកគេបានហ្វឹកហ្វឺនហើយរៀបចំពួកបុរសដែលមានសមត្ថកិច្ចនៃហ្វូងធំ ឲ្យទទួលយកភារកិច្ចនៃការពង្រីកអង្គការនៅលើផែនដីរបស់ព្រះ។ (អេសាយ ៦១:៥) ដូចជាព្រះយេស៊ូបានបង្ហាញមក គឺនឹងមានពួកអ្នករួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង។—ម៉ាថាយ ២៤:២២
«កុំឲ្យខ្លាច»
១០. (ក) តើចម្បាំងអ្វីដែលនឹងធ្វើទៅលើប្រជារាស្ត្រនៃព្រះ ហើយតើនេះនឹងនាំទៅដល់ណា? (ខ) តើមានសំនួរអ្វីខ្លះដែលយើងត្រូវសួរខ្លួនយើងម្នាក់ៗ?
១០ សាតាំងនិងពួកបិសាចរបស់វាត្រូវបានទម្លាក់ទៅក្នុងបរិវេណនៃផែនដី។ វានិងពួកបរិវាររបស់វាត្រូវបានបង្វែរឲ្យធ្វើមហាចម្បាំងទៅលើប្រជារាស្ត្រនៃព្រះយេហូវ៉ា។ ចម្បាំងនេះត្រូវបានទាយមកនៅក្នុងព្រះគម្ពីរ ហើយត្រូវបានរៀបរាប់ថាជាចម្បាំងរបស់កុកនៃម៉ាកុក។ តើអារក្សវាខំវាយសម្រុកទៅលើអ្នកណា? តើមិនមែនទៅលើសមាជិកចុងក្រោយនៃហ្វូងតូច ជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនៃព្រះ ដែលកំពុងតែរស់នៅយ៉ាងសាន្តត្រាណ«នៅចំកណ្ដាលផែនដី»ទេឬ? (អេសេគាល ៣៨:១-១២) ត្រូវហើយ តែពួកអ្នកសំណល់នៃក្រុមចាក់ប្រេងតាំងដ៏ស្មោះត្រង់ ជាមួយនិងពួកគូកនដ៏ស្មោះត្រង់របស់គេ ពួកចៀមឯទៀត នឹងធ្វើជាសាក្សីពីរបៀបដែលចម្បាំងរបស់សាតាំងនឹងឆាប់ធ្វើឲ្យមាន‹ព្រឹត្ដិការណ៍ដ៏ចំឡែក និងកិច្ចការយ៉ាងប្លែក›នៃព្រះយេហូវ៉ា។ ទ្រង់នឹងធ្វើអន្តរាគមន៍ ដើម្បីការពារប្រជារាស្ត្ររបស់ទ្រង់ ហើយនេះនឹងធ្វើឲ្យផ្ទុះឡើងនូវ«ថ្ងៃធំគួរស្ញែងខ្លាចរបស់ ព្រះយេហូវ៉ា»។ (អេសាយ ២៨:២១; យ៉ូអែល ២:៣១) នៅសព្វថ្ងៃនេះ ពួកអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ កំពុងតែប្រតិបត្ដិកិច្ចការសង្គ្រោះជីវិតដ៏សំខាន់នេះ គឺជាការព្រមានអំពីកិច្ចការយ៉ាងប្លែករបស់ព្រះយេហូវ៉ានៅខាងមុខនេះ។ (ម៉ាឡាគី ៤:៥; ធីម៉ូថេទី១ ៤:១៦) តើលោកអ្នកកំពុងតែគាំទ្រដល់កិច្ចការនេះ ដោយចូលរួបរួមក្នុងការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះយ៉ាងសកម្មទេ? តើលោកអ្នកនឹងបន្តធ្វើយ៉ាងនេះ ជាអ្នកប្រកាសព្រះរាជាណាចក្រដ៏អង់អាចម្នាក់ទេ?
១១. ហេតុអ្វីក៏អាកប្បកិរិយាក្លាហានសំខាន់ម្ល៉េះនៅសព្វថ្ងៃនេះ?
១១ ដោយឃើញស្ថានការណ៍លោកីយ៍នៅបច្ចុប្បន្ននេះ ជាការសមត្រឹមត្រូវដែលហ្វូងតូចស្ដាប់តាមពាក្យបន្ទូលរបស់ព្រះយេស៊ូ ដែលទ្រង់បានមានបន្ទូលទៅពួកគេថា៖ «កុំឲ្យខ្លាច ហ្វូងតូចអើយ»! អាកប្បកិរិយាដ៏ក្លាហានបែបនេះជាការសំខាន់ណាស់ ដោយឃើញថាការទាំងនេះឥឡូវកំពុងតែសម្រេចតាមគោលបំណងរបស់ព្រះ។ ជាបុគ្គលម្នាក់ៗ ហ្វូងតូចដឹងពីការចាំបាច់ក្នុងការស៊ូទ្រាំរហូតទៅដល់ទីបញ្ចប់។ (លូកា ២១:១៩) ដូចជាព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់និងចៅហ្វាយនៃហ្វូងតូច បានស៊ូទ្រាំហើយបាននៅស្មោះត្រង់រហូតដល់ទីបញ្ចប់នៃព្រះជន្មរបស់ទ្រង់នៅលើផែនដី ដូច្នេះអ្នកសំណល់ម្នាក់ៗក៏ត្រូវតែស៊ូទ្រាំហើយរក្សាភាពស្មោះត្រង់យ៉ាងដូច្នេះដែរ។—ហេព្រើរ ១២:១, ២
១២. ដូចព្រះយេស៊ូដែរ តើតាមរបៀបណាដែលប៉ុលបានដាស់តឿនជនគ្រីស្ទានចាក់ប្រេងតាំងកុំឲ្យខ្លាចនោះ?
១២ ពួកអ្នកចាក់ប្រេងតាំងទាំងអស់ត្រូវតែមានទស្សនវិស័យដូចសាវ័កប៉ុលដែរ។ ក្នុងឋានៈជាជនចាក់ប្រេងតាំងនិងជាអ្នកប្រកាសជាសាធារណៈអំពីដំណើររស់ឡើងវិញម្នាក់ សូមកត់សម្គាល់ពីរបៀបដែលពាក្យរបស់គាត់ចុះសម្រុងគ្នានឹងការដាស់តឿនរបស់ព្រះយេស៊ូកុំឲ្យខ្លាចនោះ។ ប៉ុលបានសរសេរថា៖ «ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់។ ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ។ ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង។ ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ។ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ»។—ធីម៉ូថេទី២ ២:៨-១៣
១៣. តើសមាជិកនៃហ្វូងតូចមានជំនឿស៊ប់លើអ្វី ហើយតើការនេះជំរុញពួកគេឲ្យធ្វើអ្វី?
១៣ ដូចសាវ័កប៉ុលដែរ សមាជិកនៅសល់ទាំងប៉ុន្មាននៃហ្វូងតូចចាក់ប្រេងតាំង គឺកំពុងតែសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខវេទនា កាលដែលពួកគេប្រកាសសារដ៏ខ្លាំងដែលបានចែងមកនៅក្នុងពាក្យបន្ទូលនៃព្រះ។ ជំនឿស៊ប់របស់គេគឺចាក់ឫសយ៉ាងជ្រៅ កាលដែលពួកគេបន្តទុកចិត្តទៅលើកិច្ចសន្យានៃព្រះចំពោះការសង្គ្រោះនិងការប្រទានឲ្យ«មកុដនៃជីវិត» បើគេនៅស្មោះត្រង់រហូតដល់ស្លាប់នោះ។ (វិវរណៈ ២:១០) តាមរយៈដំណើររស់ឡើងវិញនិងការផ្លាស់ប្ដូរមួយរំពេចនោះ ពួកគេនឹងបានរួបរួមជាមួយព្រះគ្រីស្ទ ដើម្បីគ្រប់គ្រងជាមួយទ្រង់ជាស្តេច។ នេះជាជ័យជំនះដ៏ប្រសើរចំពោះដំណើររក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ ជាអ្នកឈ្នះលោកីយ៍!—យ៉ូហានទី១ ៥:៣, ៤
សេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ
១៤, ១៥. តើតាមរបៀបណាដែលសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញនៃហ្វូងតូចជាការអស្ចារ្យនោះ?
១៤ សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញដែលហ្វូងតូចមាន ជាអ្វីដ៏អស្ចារ្យមួយ។ តើអស្ចារ្យយ៉ាងណា? ចំពោះប្រការមួយ នេះកើតឡើងមុនដំណើររស់ឡើងវិញទូទៅនៃ«មនុស្សសុចរិត នឹងមនុស្សទុច្ចរិត»។ (កិច្ចការ ២៤:១៥) តាមការពិត ដំណើររស់ឡើងវិញនៃពួកចាក់ប្រេងតាំងត្រូវបានចែកជាលំដាប់នៃការសំខាន់ ដូចជាបានបង្ហាញឲ្យឃើញច្បាស់នៅកូរិនថូសទី១ ១៥:២០, ២៣ ថា៖ «ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ។ តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក»។ ដោយមានការស៊ូទ្រាំនិងជំនឿប្រភេទដែលព្រះយេស៊ូបានសម្ដែងនោះ ហ្វូងតូចដឹងអំពីអ្វីៗដែលពួកគេនឹងទទួល ពេលដែលគេបញ្ចប់ជីវភាពរបស់គេនៅលើផែនដី ជាពិសេសតាំងពីពេលដែលព្រះអម្ចាស់ពិតបានយាងមកព្រះវិហាររបស់ទ្រង់សំរាប់ការជំនុំជំរះក្នុងឆ្នាំ១៩១៨។—ម៉ាឡាគី ៣:១
១៥ ប៉ុលបានឲ្យយើងនូវមូលហេតុថែមទៀត ដើម្បីឲ្យដឹងថាដំណើររស់ឡើងវិញនេះគឺជាការដ៏អស្ចារ្យមួយ។ ដូចជាបានចែងមកនៅកូរិនថូសទី១ ១៥:៥១-៥៣ គាត់បានសរសេរថា៖ «នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ . . . ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ»។ ពាក្យទាំងនេះសំដៅចំពោះពួកអ្នកនៃហ្វូងតូចដែលស្លាប់ក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ។ ដោយមិនចាំបាច់ដេកក្នុងសេចក្ដីស្លាប់ជាយូរនោះ ពួកគេប្រដាប់ខ្លួនដោយអមតភាព«ក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ»។
១៦, ១៧. ចំពោះសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញរបស់គេ តើជនគ្រីស្ទានចាក់ប្រេងតាំងបានទទួលពរពិសេសណាខ្លះនៅសព្វថ្ងៃនេះ?
១៦ ពីចំណុចនៃការយល់ដឹងនេះ យើងអាចយល់បានច្បាស់នូវអត្ថន័យនៃពាក្យរបស់សាវ័កយ៉ូហាន នៅវិវរណៈ ១៤:១២, ១៣។ គាត់បានសរសេរថា៖ «នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។ ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើ ក៏តាមគេជាប់»។
១៧ រង្វាន់ដ៏ល្អអស្ចារ្យម្ល៉េះហ្ន៎ ដែលទុកសំរាប់ពួកអ្នកសំណល់នៃហ្វូងតូច! ដំណើររស់ឡើងវិញរបស់គេនឹងកើតឡើងយ៉ាងឆាប់រហ័ស គឺកើតឡើងភ្លាមបន្ទាប់ពីគេបានស្លាប់។ នេះជាការប្រែប្រួលដ៏អស្ចារ្យមែនចំពោះពួកគេ ពេលដែលគេទទួលយកភារកិច្ចរបស់គេនៅក្នុងវិស័យវិញ្ញាណ! ដោយព្រោះតែការលើកសរសើរដ៏ល្អដល់ហ្វូងតូចកំពុងតែជឿនទៅមុខ ហើយដោយសារទំនាយធំៗនៃព្រះគម្ពីរកំពុងតែសម្រេច សមាជិកនៅសល់ចុងក្រោយបង្អស់នៃហ្វូងតូចគឺពិតជា‹មិនខ្លាច›ឡើយ។ ហើយការមិនខ្លាចរបស់គេអាចជួយលើកទឹកចិត្តដល់ពួកហ្វូងធំ ដែលពួកគេគួរតែបណ្ដុះឲ្យមានអាកប្បកិរិយាមិនចេះខ្លាចដែរ ពេលដែលពួកគេទន្ទឹងចាំការរំដោះក្នុងកំឡុងគ្រានៃបញ្ហាដ៏ធំបំផុតដែលផែនដីមិនដែលប្រទះសោះ។
១៨, ១៩. (ក) ហេតុអ្វីក៏គ្រាដែលយើងរស់នៅសព្វថ្ងៃនេះ ជាគ្រាដ៏បន្ទាន់នោះ? (ខ) ហេតុអ្វីក៏ពួកចាក់ប្រេងតាំងនិងពួកចៀមឯទៀតមិនត្រូវមានសេចក្ដីខ្លាចនោះ?
១៨ ការជញ្ជឹងគិតអំពីសកម្មភាពនៃហ្វូងតូច នឹងជួយពួកគេហើយពួកហ្វូងធំឲ្យបន្តមានចិត្តកោតខ្លាចដល់ព្រះពិតជានិច្ច។ ពេលវេលាសំរាប់ទ្រង់ជំនុំជំរះ នោះមកដល់ហើយ ហើយពេលវេលាដែលនៅសល់ប៉ុន្មាននេះជាការមានតម្លៃណាស់។ នេះជាពេលវេលាដ៏ខ្លីណាស់ ចំពោះអ្នកឯទៀតក្នុងការប្រព្រឹត្តតាម។ តែចំពោះយើងវិញ យើងមិនត្រូវខ្លាចក្រែងគោលបំណងរបស់ព្រះពុំបានសម្រេចនោះឡើយ។ នេះនឹងបានជោគជ័យជាមិនខាន!
១៩ សម្លេងយ៉ាងខ្លាំងបានឮចេញពីស្ថានសួគ៌មកថា៖ «នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ (វិវរណៈ ១១:១៥) ព្រះយេហូវ៉ា ជាមហាគង្វាល គឺកំពុងតែនាំចៀមទាំងអស់របស់ទ្រង់ទៅតាម«ផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់»។ (ទំនុកដំកើង ២៣:៣) ហ្វូងតូចនឹងនាំទៅឯរង្វាន់នៃស្ថានសួគ៌របស់គេជាមិនខាន។ ហើយពួកចៀមឯទៀតនឹងត្រូវរំដោះឲ្យផុតពីសេចក្ដីវេទនាជាខ្លាំង ដើម្បីឲ្យសប្បាយនឹងជីវិតជាអនន្តនៅក្នុងវិស័យផែនដីនៃព្រះរាជាណាចក្រដ៏រុងរឿងរបស់ព្រះ ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ។ ដូច្នេះ ទោះបីជាពាក្យបន្ទូលរបស់ព្រះយេស៊ូនេះបានសំដៅទៅហ្វូងតូចក្ដី ពួកអ្នកបំរើព្រះទាំងអស់នៅលើផែនដីក៏មានហេតុនឹងស្ដាប់តាមពាក្យបន្ទូលរបស់ទ្រង់ដែលថា៖ «កុំឲ្យខ្លាច»នេះដែរ។
តើអ្នកអាចពន្យល់បានទេ?
◻ ហេតុអ្វីក៏យើងសង្ឃឹមថា ចំនួនពួកអ្នកនៅសល់នៃហ្វូងតូចនឹងចុះថយ?
◻ តើអ្វីជាស្ថានការណ៍នៃពួកសំណល់ចាក់ប្រេងតាំងនៅសព្វថ្ងៃនេះ?
◻ ហេតុអ្វីក៏ពួកគ្រីស្ទានមិនត្រូវខ្លាច ថ្វីបើមានចម្បាំងនៅអនាគតរបស់កុកនៃម៉ាកុកក្ដី?
◻ ហេតុអ្វីក៏សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញនៃពួក១៤៤.០០០នាក់ជាការអស្ចារ្យ ជាពិសេសនៅសព្វថ្ងៃនេះ?