ចូរកុំឲ្យចុះចាញ់ឲ្យសោះ!
«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—កាឡាទី ៦:៩
១, ២. (ក) តើសត្វសិង្ហស្វែងរកចំណីតាមវិធីណាខ្លះ? (ខ) ជាពិសេស តើអ្នកណាដែលអារក្សចូលចិត្តបៀតបៀននោះ?
សត្វសិង្ហស្វែងរកចំណីរបស់វាតាមវិធីច្រើនយ៉ាង។ ជួនកាលវានឹងពួនចាំចំណីរបស់វានៅឯមាត់ទឹក ឬក៏នៅតាមផ្លូវដែលប្រើជាញឹកញាប់។ ប៉ុន្តែ នៅពេលខ្លះទៀត សៀវភៅគំនូរនៅក្នុងព្រៃចែងថា សត្វសិង្ហ«នឹងឆ្លៀតយកប្រយោជន៍នៅស្ថានការណ៍យ៉ាងស្រួល—ជាឧទាហរណ៍ នៅពេលដែលវាជួបប្រទះនឹងកូនសេះបង្កង់ដែលកំពុងតែដេកលក់»។
២ សាវ័កពេត្រុសពន្យល់ថា៖ «អារក្សដែលជាខ្មាំងសត្រូវ»របស់យើង «វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវាត្របាក់លេបបាន»។ (ពេត្រុសទី១ ៥:៨) ដោយដឹងថា ពេលវេលារបស់វាកាន់តែខ្លីទៅហើយនោះ សាតាំងក៏កំពុងតែធ្វើការកៀបសង្កត់កាន់តែខ្លាំងឡើងមកលើមនុស្សលោក ដើម្បីនឹងឃាត់ពួកគេកុំឲ្យបំរើព្រះយេហូវ៉ា។ ប៉ុន្តែ «សិង្ហដែលគ្រហឹម»នេះ ជាពិសេសគឺចូលចិត្តបៀតបៀនទៅលើពួកអ្នកបំរើរបស់ព្រះយេហូវ៉ា។ (វិវរណៈ ១២:១២, ១៧) វិធីរកចំណីរបស់វា គឺដូចគ្នានឹងវិធីរកចំណីរបស់សត្វសិង្ហ នៅក្នុងរជ្ជសត្វ។ តើតាមវិធីណាទៅ?
៣, ៤. (ក) តើសាតាំងប្រើវិធីណាខ្លះ ក្នុងការបៀតបៀនពួកអ្នកបំរើព្រះយេហូវ៉ា? (ខ) ដោយសារតែមាន«គ្រាលំបាកណាស់» តើមានសំនួរអ្វីខ្លះដែលត្រូវសួរ?
៣ ជួនកាលសាតាំងខំព្យាយាមប្រើវិធី—រកចាប់ធ្វើបៀតបៀត ឬការប្រឆាំងដែលមានគោលបំណងដើម្បីនឹងបំបាក់បំបែកនូវចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យើង ដើម្បីឲ្យយើងឈប់បំរើព្រះយេហូវ៉ា។ (ធីម៉ូថេទី២ ៣:១២) ប៉ុន្តែ ដូចសត្វសិង្ហដែរ នៅពេលឯទៀត អារក្សវាគ្រាន់តែឆ្លៀតយកនៅឱកាសណាមួយ។ វារង់ចាំទំរាំដល់ពេលណាដែលយើងបានធ្លាក់ទឹកចិត្ត ឬក៏ទន់ខ្សោយ ហើយបន្ទាប់មកវានឹងព្យាយាមឆ្លៀតយកប្រយោជន៍ពីភាពទន់ខ្សោយខាងផ្លូវចិត្តរបស់យើងនេះ ដើម្បីឲ្យយើងចុះចាញ់។ យើងមិនត្រូវក្លាយទៅជាចំណីអាហាររបស់វាដ៏ស្រួលឡើយ!
៤ ប៉ុន្តែ យើងកំពុងតែរស់នៅក្នុងគ្រាដ៏ពិបាកជាទីបំផុត នៅក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សទាំងអស់។ នៅក្នុង«គ្រាលំបាកណាស់»នេះ ជួនកាលពួកយើងជាច្រើនបានធ្លាក់ទឹកចិត្ត ឬក៏មានបារម្ភចិត្តជាខ្លាំង។ (ធីម៉ូថេទី២ ៣:១) ដូច្នេះ តើឲ្យយើងអាចចៀសវាងពីការទៅជាទន់ខ្សោយយ៉ាងណាបាន ដើម្បីកុំឲ្យយើងបានក្លាយទៅជាចំណីដ៏ស្រួលសំរាប់អារក្សនោះ? មែនហើយ តើយើងអាចធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលយ៉ាងដូចម្ដេចបាន ដែលថា៖ «កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ»។—កាឡាទី ៦:៩
ពេលដែលអ្នកឯទៀតបានធ្វើឲ្យយើងតូចចិត្ត
៥. តើអ្វីដែលបានបណ្ដាលឲ្យដាវីឌទៅជាទន់ខ្សោយ ប៉ុន្តែតើអ្វីដែលគាត់ពុំបានធ្វើ?
៥ នៅក្នុងសម័យព្រះគម្ពីរ សូម្បីតែពួកអ្នកបំរើព្រះយេហូវ៉ាដ៏ស្មោះត្រង់បំផុត ក៏ប្រហែលជាមានការពិបាកចិត្តដែរ។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ»។ ហេតុអ្វីក៏ដាវីឌមានអារម្មណ៍យ៉ាងនេះ? គាត់បានពន្យល់ថា៖ «ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ»។ សកម្មភាពដ៏ឈឺចាប់នៃអ្នកដទៃបានបណ្ដាលឲ្យដាវីឌឈឺចិត្តដល់ម្ល៉េះ ដែលទឹកភ្នែករបស់គាត់បានហូរចេញមក។ យ៉ាងណាក្ដី ដាវីឌមិនបានបែរចេញពីព្រះយេហូវ៉ា ដោយព្រោះតែមនុស្សគ្នីគ្នាបានធ្វើមកលើរូបគាត់នោះទេ។—ទំនុកដំកើង ៦:៦-៩
៦. (ក) តើពាក្យសំដីឬសកម្មភាពនៃអ្នកឯទៀតអាចប៉ះពាល់មកលើយើងយ៉ាងណា? (ខ) តើតាមរបៀបណាដែលជនខ្លះធ្វើឲ្យខ្លួនគេស្រួលសំរាប់ឲ្យអារក្សបៀតបៀននោះ?
៦ ស្រដៀងគ្នានេះដែរ ពាក្យសំដីឬសកម្មភាពរបស់អ្នកឯទៀតអាចបណ្ដាលឲ្យយើង ទៅជាទន់ខ្សោយដោយមានការឈឺចិត្តជាខ្លាំង។ សុភាសិត ១២:១៨ ចែងថា៖ «មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ»។ កាលបើជនឥតបើគិតនោះ ជាបងប្អូនប្រុសស្រីគ្រីស្ទានម្នាក់ ‹ស្នាមចាក់នោះ›អាចទៅជាជ្រៅបាន។ ការទោរទន់របស់មនុស្ស ប្រហែលទៅជាអាក់អន់ចិត្ត ហើយក៏ប្រហែលទៅជាចងគំនុំក្នុងចិត្តផង។ រឿងនេះគឺពិតមែន បើសិនជាយើងមានអារម្មណ៍ថា មានគេបានប្រព្រឹត្តមកលើយើងដោយគ្មានចិត្តសប្បុរសឬដោយគ្មានយុត្ដិធម៌នោះ។ យើងប្រហែលជាមានការពិបាកនិយាយទៅអ្នកដែលបានធ្វើឲ្យយើងតូចចិត្ត ហើយយើងក៏ថែមទាំងខំចៀសវាងពីជននោះដោយចេតនាផង។ ដោយមានការតូចចិត្តជាខ្លាំង ជនខ្លះបានចុះចាញ់ហើយបានឈប់មកប្រជុំគ្រីស្ទានទៀត។ គួរឲ្យស្ដាយណាស់ ដែលពួកគេ«ឲ្យអារក្សមានឱកាស» ឆ្លៀតយកប្រយោជន៍ពីគេជាចំណីអាហារយ៉ាងស្រួល។—អេភេសូរ ៤:២៧
៧. (ក) តើយ៉ាងដូចម្ដេចដែលយើងអាចចៀសវាងពីការចូលទៅក្នុងកណ្ដាប់ដៃរបស់អារក្ស នៅពេលដែលអ្នកដទៃធ្វើឲ្យយើងតូចចិត្តឬក៏បញ្ឈឺចិត្តយើងនោះ? (ខ) ហេតុអ្វីក៏យើងមិនត្រូវចងគំនុំ?
៧ តើយើងអាចចៀសវាងកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អារក្សយ៉ាងដូចម្ដេចបាន នៅពេលដែលអ្នកឯទៀតធ្វើឲ្យយើងតូចចិត្តឬក៏ធ្វើឲ្យយើងឈឺចិត្តនោះ? យើងត្រូវតែខំព្យាយាមកុំឲ្យចងគំនុំ។ ផ្ទុយទៅវិញ ចូរខំខ្នះខ្នែងស្វែងរកសន្ដិភាព ឬខំដោះស្រាយបញ្ហានោះឲ្យបានឆាប់ៗ។ (អេភេសូរ ៤:២៦) កូល៉ុស ៣:១៣ ព.ថ. ដាស់តឿនយើងថា៖ «ចូរ . . . អត់ទោសទៅវិញទៅមក ប្រសិនបើអ្នកណាមួយមានហេតុទាស់នឹងអ្នកណាទៀតនោះ»។ ការអត់ឱនទោសជាការសមត្រឹមត្រូវណាស់ បើកាលណាជនដែលធ្វើឲ្យយើងអាក់អន់ចិត្តបានសារភាពអំពីកំហុស ហើយបានសុំអភ័យទោសនោះ។ (ប្រៀបធៀប ទំនុកដំកើង ៣២:៣-៥ និងសុភាសិត ២៨:១៣) ការនេះអាចជួយយើងដែរ បើសិនជាយើងចងចាំថា ការអត់ឱនទោស មិនមែនមានន័យថា យើងបណ្ដោយឲ្យមានឬក៏ធ្វើឲ្យស្រាលនូវកំហុសដែលអ្នកឯទៀតបានប្រព្រឹត្តនោះទេ។ ការអន់ឱនទោស គឺទាក់ទងនឹងការបំបាត់នូវការចងគំនុំ។ ការចងគំនុំគឺជាបន្ទុកមួយដ៏ធ្ងន់នឹងសែងណាស់។ វាអាចស៊ីគំនិតយើង ហើយបំបាត់សុភមង្គលពីយើង។ ហើយថែមទាំងអាចមានឥទ្ធិពលមកលើសុខភាពរបស់យើងផង។ ជាការផ្ទុយទៅវិញ ការអត់ឱនទោស នៅពេលត្រឹមត្រូវ ជាការដ៏មានប្រយោជន៍មកលើខ្លួនយើងផ្ទាល់។ ដូចដាវីឌ សូមឲ្យយើងកុំចុះចាញ់ហើយកុំឲ្យដកខ្លួនចេញពីព្រះយេហូវ៉ា ដោយព្រោះតែអ្វីៗដែលមនុស្សឯទៀតបាននិយាយឬបានធ្វើមកយើងនោះ!
ពេលដែលយើងធ្វើខុស
៨. (ក) ហេតុអ្វីក៏ជនខ្លះមានអារម្មណ៍ថាជាកំហុសរបស់ខ្លួននៅពេលខ្លះ? (ខ) តើមានគ្រោះថ្នាក់អ្វីចំពោះការបណ្ដោយឲ្យកំហុសមានឥទ្ធិពលមកលើខ្លួនយើងជាខ្លាំង ដែលបណ្ដាលឲ្យយើងចុះចាញ់នឹងខ្លួនយើងនោះ?
៨ យ៉ាកុប ៣:២ បានចែងថា៖ «យើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ»។ កាលណាយើងជំពប់ នោះជាការធម្មតាទេ ដែលយើងមានអារម្មណ៍ថាខ្លួនបានធ្វើខុសនោះ។ (ទំនុកដំកើង ៣៨:៣-៨) ការមានអារម្មណ៍ថាខ្លួនបានធ្វើខុស ជាពិសេសអាចទៅជាខ្លាំងបាន បើសិនជាយើងកំពុងតែតយុទ្ធនឹងភាពទន់ខ្សោយនៃសាច់ឈាមហើយពិសោធការគ្មានជោគជ័យនៅពេលខ្លះនោះ។a ជនគ្រីស្ទានម្នាក់ដែលបានជួបប្រទះនឹងស្ថានការណ៍បែបនេះ បានពន្យល់ថា៖ «ខ្ញុំលែងចង់រស់នៅតទៅទៀត ដោយពុំបានដឹងថាតើខ្ញុំបានប្រព្រឹត្តអំពើបាបដែលមិនអាចអត់ឱនទោសឲ្យឬក៏យ៉ាងណា។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំមិនគួរណានឹងខំប្រឹងប្រែងខ្លួនខ្ញុំក្នុងការបំរើព្រះយេហូវ៉ាទៀតទេ ដ្បិតនេះប្រហែលជាហួសពេលទៅហើយចំពោះរូបខ្ញុំនោះ»។ កាលណាកំហុសរបស់យើងមានឥទ្ធិពលមកលើយើងជាខ្លាំង ដែលយើងចុះចាញ់នឹងខ្លួនយើងនោះ យើងអាចឲ្យអារក្សនូវឱកាសដ៏ល្អមួយ—ហើយវាអាចឆ្លៀតយកឱកាសនេះភ្លាម! (កូរិនថូសទី២ ២:៥-៧, ១១) អ្វីដែលត្រូវការជាចាំបាច់នោះ គឺជាទស្សនៈដ៏ថ្លឹងថ្លែងអំពីកំហុស។
៩. ហេតុអ្វីក៏យើងមានការទុកចិត្តទៅលើសេចក្ដីមេត្ដាករុណារបស់ព្រះ?
៩ នៅពេលដែលយើងបានប្រព្រឹត្តអំពើបាប នោះគឺជាការត្រឹមត្រូវក្នុងការមានអារម្មណ៍ថាខ្លួនបានធ្វើខុសខ្លះដែរ។ ប៉ុន្តែ ជួនកាលការមានអារម្មណ៍ថាខ្លួនបានធ្វើខុស គឺនៅតែមាន ពីព្រោះជនគ្រីស្ទានម្នាក់មានអារម្មណ៍ថា គាត់មិនអាចនឹងសមទទួលនូវសេចក្ដីមេត្ដាករុណារបស់ព្រះបានឡើយ។ ប៉ុន្តែ ព្រះគម្ពីរធានាអះអាងប្រាប់យើងយ៉ាងកក់ក្ដៅថា៖ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។ (យ៉ូហានទី១ ១:៩) តើមានហេតុផលត្រឹមត្រូវណាឲ្យជឿថា ព្រះនឹងមិនធ្វើយ៉ាងនេះក្នុងករណីរបស់យើងនោះ? ចូរចងចាំថា ក្នុងបន្ទូលរបស់ទ្រង់ ព្រះយេហូវ៉ាមានបន្ទូលថាទ្រង់«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥; ១៣០:៣, ៤) ដោយព្រោះតែទ្រង់មិនចេះភូតភរ ទ្រង់នឹងសម្រេចតាមបន្ទូលរបស់ទ្រង់បានសន្យាមក ឲ្យតែយើងមកឯទ្រង់ដោយចិត្តកែប្រែ។—ទីតុស ១:២
១០. តើមានការលើកទឹកចិត្តដ៏កក់ក្ដៅអ្វី ដែលទស្សនាវដ្ដីប៉មយាមពីដើមបានបោះពុម្ពអំពីការប្រយុទ្ធនឹងភាពទន់ខ្សោយនៃសាច់ឈាម?
១០ តើអ្នកត្រូវធ្វើយ៉ាងណា បើសិនជាអ្នកកំពុងតែប្រយុទ្ធនឹងភាពទន់ខ្សោយណាមួយ ហើយបានត្រឡប់មកធ្វើអំពើអាក្រក់នោះវិញ? ចូរកុំចុះចាញ់ឡើយ! ការប្រព្រឹត្តអំពើអាក្រក់ឡើងវិញនេះនឹងមិនចាំបាច់បំបាត់នូវការរីកចំរើន ដែលអ្នកបានសម្រេចរួចហើយនោះទេ។ ទស្សនាវដ្ដីនេះ ១៥ កុម្ភៈ ១៩៥៤ បានផ្ដល់ឲ្យការលើកទឹកចិត្តដ៏កក់ក្ដៅថា៖ «យើង[អាច]ឃើញថាខ្លួនយើង កំពុងតែជំពប់ហើយដួលជាច្រើនលើកច្រើនសារទៅលើទំលាប់អាក្រក់ខ្លះ ដែលបានជ្រួតជ្រាបយ៉ាងជ្រៅទៅក្នុងជីវភាពពីមុនរបស់យើង ជាងយើងបានដឹង។ . . . ចូរកុំអស់សង្ឃឹមឡើយ។ ចូរកុំឲ្យអ្នកសន្និដ្ឋានថា ខ្លួនបានប្រព្រឹត្តអំពើបាបដែលមិនអាចអត់ឱនទោសឲ្យបាននោះ។ នេះហើយគឺជារបៀបដែលសាតាំងចង់ឲ្យអ្នកគិតយ៉ាងដូច្នេះ។ ដោយហេតុតែអ្នកទុក្ខព្រួយហើយមួម៉ៅនឹងខ្លួន នេះហើយជាភស្តុតាងដែលបង្ហាញថា អ្នកពុំទាន់បានប្រព្រឹត្តជ្រុលទេ។ ចូរកុំខ្លាចបែរមករកព្រះ ដោយបន្ទាបខ្លួននឹងស្មោះអស់ពីចិត្ត ហើយសុំរកការអត់ឱនទោសនឹងការលាងសំអាត ហើយនិងជំនួយពីទ្រង់ចុះ។ ចូរទៅឯទ្រង់ ប្រៀបដូចជាកូនម្នាក់ទៅឯឪពុករបស់ខ្លួន នៅពេលដែលមានបញ្ហាអ្វីមួយ ទោះបីជាទៅឯទ្រង់អំពីភាពទន់ខ្សោយដដែលប៉ុន្មានដងក៏មិនអីដែរ ហើយព្រះយេហូវ៉ាទ្រង់នឹងឲ្យជំនួយដល់អ្នកយ៉ាងរួសរាយ ដោយសារតែព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ទ្រង់ ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ ទ្រង់នឹងប្រទានឲ្យអ្នកនូវមនសិការដ៏ស្អាតស្អំ»។
កាលដែលយើងមានអារម្មណ៍ថាយើងមិនបានធ្វើឲ្យបានគ្រប់គ្រាន់
១១. (ក) តើយើងគួរតែមានអារម្មណ៍យ៉ាងណា ចំពោះការចូលរួបរួមក្នុងកិច្ចការផ្សាយព្រះរាជាណាចក្រ? (ខ) តើអារម្មណ៍អ្វីដែលជនគ្រីស្ទានខ្លះខំពុះពារក្នុងការចូលរួបរួមក្នុងកិច្ចបំរើផ្សាយនោះ?
១១ កិច្ចការផ្សាយអំពីព្រះរាជាណាចក្រ ជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់គ្រីស្ទាន ហើយការចូលរួបរួមក្នុងកិច្ចការនេះ នាំមកនូវសេចក្ដីអំណរ។ (ទំនុកដំកើង ៤០:៨) ប៉ុន្តែ ជនគ្រីស្ទានខ្លះមានអារម្មណ៍ថា ជាកំហុសរបស់ខ្លួនដោយពុំអាចធ្វើឲ្យបានច្រើនក្នុងកិច្ចការបំរើនេះ។ ការមានអារម្មណ៍បែបនេះ អាចធ្វើឲ្យសេចក្ដីរីករាយរបស់យើងរលាយទៅ ហើយបណ្ដាលឲ្យយើងចុះចាញ់ផង ដោយនឹកស្មានថា ព្រះយេហូវ៉ាមានព្រះហឫទ័យថាយើងមិនបានធ្វើគ្រប់គ្រាន់សោះ។ ចូរពិចារណាមើលនូវអារម្មណ៍ផ្សេងៗដែលអ្នកខ្លះកំពុងតែពុះពារ។
គ្រីស្ទានស្រីម្នាក់ដែលកំពុងតែចិញ្ចឹមកូនបីនាក់ជាមួយប្ដីរបស់នាងបានសរសេរថា៖ «តើអ្នកដឹងថាភាពទាល់ក្រយកពេលវេលាច្រើនយ៉ាងណាទេ? ខ្ញុំត្រូវតែសំចៃកន្លែងណាដែលខ្ញុំអាចធ្វើទៅបាន។ នេះមានន័យថា ខ្ញុំត្រូវតែចំណាយពេលជាច្រើនក្នុងហាងថោកៗ ដើម្បីនឹងស្វែងរកឥវ៉ាន់ណាដែលគេលក់ថោកៗ ឬថែមទាំងដេរខោអាវផង។ ជារៀងរាល់អាទិត្យ ខ្ញុំក៏ចំណាយពេលមួយម៉ោងឬពីរម៉ោង ដើម្បីនឹងពិនិត្យឆែកមើលនូវបង្កាន់ដៃពីហាង កាត់វាហើយនឹងយកវាទៅប្ដូរយកឥវ៉ាន់ផ្សេងៗ។ ជួនកាលខ្ញុំមានអារម្មណ៍ថា ជាកំហុសរបស់ខ្ញុំក្នុងធ្វើការទាំងអស់នេះ ដោយគិតថា ខ្ញុំគួរតែចំណាយពេលនោះក្នុងការដើរទៅផ្សាយវិញ»។
បងស្រីម្នាក់ដែលមានកូនបួននាក់ និងប្ដីដែលជាអ្នកមិនជឿព្រះ បានពន្យល់ថា៖ «ខ្ញុំបានគិតថា ខ្ញុំពិតជាពុំបានស្រឡាញ់ព្រះយេហូវ៉ាឲ្យបានគ្រប់គ្រាន់ទេ ដូច្នេះខ្ញុំខំពុះពារ ក្នុងការបំរើព្រះយេហូវ៉ារបស់ខ្ញុំ។ ខ្ញុំបានខំព្យាយាមយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថា នេះជាការគ្រប់គ្រាន់ទេ។ អ្នកឃើញទេ ខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនមានតម្លៃអ្វីសោះ ដូច្នេះខ្ញុំមិនអាចនឹកស្មានថា ព្រះយេហូវ៉ានឹងទទួលយកការបំរើរបស់ខ្ញុំដល់ទ្រង់ទេ»។
ជនគ្រីស្ទានម្នាក់ដែលត្រូវតែចាកចេញពីការបំរើពេញពេលបានមានប្រសាសន៍ថា៖ «ខ្ញុំមិនអាចទ្រាំនឹងគំនិតដែលថា ខ្ញុំពុំបានជោគជ័យក្នុងការបំរើព្រះយេហូវ៉ាពេញពេលនោះទេ។ អ្នកពុំអាចនឹកស្មានថាខ្ញុំតូចចិត្តយ៉ាងណានោះទេ! ខ្ញុំយំ ឥឡូវនេះកាលដែលខ្ញុំនឹកឃើញដល់ការនោះ»។
១២. ហេតុអ្វីក៏ជនគ្រីស្ទានខ្លះមានអារម្មណ៍ថាជាកំហុសខ្លួន ចំពោះអ្វីៗដែលគេមិនអាចធ្វើបានច្រើនក្នុងកិច្ចការផ្សាយនោះ?
១២ ជាការធម្មតាទេ ក្នុងការចង់បំរើព្រះយេហូវ៉ាឲ្យបានច្រើនដែលអាចធ្វើទៅបាននោះ។ (ទំនុកដំកើង ៨៦:១២) ដូច្នេះ ហេតុអ្វីក៏អ្នកខ្លះមានអារម្មណ៍ថា ជាកំហុសរបស់ខ្លួនដោយមិនអាចធ្វើឲ្យបានច្រើននោះ? ចំពោះអ្នកខ្លះរឿងនេះទាក់ទងនឹងការមានអារម្មណ៍ទូទៅ ដែលថាខ្លួនពុំមានតម្លៃអ្វីសោះ គឺប្រហែលជាលទ្ធផលពីការពិសោធមិនល្អក្នុងជីវិត។ ក្នុងករណីផ្សេងទៀត ការមានអារម្មណ៍ថាជាកំហុសខ្លួនដ៏មិនត្រឹមត្រូវនេះ អាចជាលទ្ធផលពីគំនិតដែលមិនសមហេតុសមផលអំពីអ្វីៗដែលព្រះយេហូវ៉ាសង្ឃឹមពីយើង។ ជនគ្រីស្ទានម្នាក់បានសារភាពថា៖ «ខ្ញុំបានមានអារម្មណ៍ថា លុះត្រាណាតែខ្លួនបានធ្វើទាល់អស់កម្លាំង ទើបធ្វើបានគ្រប់គ្រាន់»។ ជាលទ្ធផល នាងបានដាក់បមាណីយដ៏ខ្ពង់ខ្ពស់សំរាប់ខ្លួននាង—ហើយបន្ទាប់មក នាងបានមានអារម្មណ៍ថា ជាកំហុសខ្លួនកាន់តែខ្លាំងឡើង នៅពេលដែលនាងពុំអាចសម្រេចតាមបមាណីយនោះ។
១៣. តើព្រះយេហូវ៉ាសង្ឃឹមអ្វីពីយើង?
១៣ តើព្រះយេហូវ៉ាទ្រង់សង្ឃឹមអ្វីពីយើង? បើនិយាយឲ្យស្រួលទៅ ព្រះយេហូវ៉ាសង្ឃឹមឲ្យយើងបំរើទ្រង់ឲ្យអស់អំពីចិត្ត ហើយឲ្យធ្វើអ្វីៗដែលកាលៈទេសៈរបស់យើងអនុញ្ញាតឲ្យធ្វើទៅបាន។ (កូល៉ុស ៣:២៣) យ៉ាងណាក្ដី គឺអាចមានការខុសប្លែកគ្នាដ៏ធំរវាងអ្វីៗដែលយើងចង់ធ្វើនិងអ្វីៗដែលយើងអាចធ្វើទៅបាន។ ប្រហែលជាយើងពុំអាចធ្វើទៅបាន ដោយសារកត្ដាដូចជាអាយុ សុខភាព អំណត់នៃរូបរាងកាយ ឬភារៈក្នុងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ កាលណាយើងខំប្រឹងធ្វើអស់ពីសមត្ថភាពរបស់យើង យើងនឹងអាចមានអារម្មណ៍ជាប្រាកដថា កិច្ចបំរើរបស់យើងចំពោះព្រះយេហូវ៉ាគឺអស់អំពីចិត្តរបស់យើង—គឺគ្មានច្រើនឬតិចជាងអ្នកឯទៀតដែលសុខភាព និងកាលៈទេសៈរបស់គេអនុញ្ញាតឲ្យគាត់បំរើពេញពេលនោះទេ។—ម៉ាថាយ ១៣:១៨-២៣
១៤. តើអ្នកអាចធ្វើយ៉ាងណា បើសិនជាអ្នកត្រូវការជំនួយក្នុងការកំណត់អំពីអ្វីៗដែលអាចសង្ឃឹមពីខ្លួនអ្នកយ៉ាងសមហេតុសមផលនោះ?
១៤ ដូច្នេះ យ៉ាងដូចម្ដេចទៅទើបអ្នកដឹងថា អ្នកអាចសង្ឃឹមយ៉ាងសមហេតុសមផលពីខ្លួនអ្នកនោះ? ប្រហែលជាអ្នកប្រាថ្នាចង់ពិគ្រោះរឿងនេះជាមួយនឹងមិត្តសំឡាញ់គ្រីស្ទានដ៏មានគំនិតចាស់ទុំណាម្នាក់ ដែលទុកចិត្តបាន ប្រហែលជាអ្នកចាស់ទុំម្នាក់ឬបងប្អូនស្រីដែលមានការពិសោធម្នាក់ដែលគេដឹងនូវសមត្ថភាពរបស់អ្នក កំរិត និងភារៈគ្រួសាររបស់អ្នក។ (សុភាសិត ១៥:២២) ចូរចងចាំថា នៅចំពោះព្រះនេត្ររបស់ព្រះ តម្លៃរបស់អ្នកជាបុគ្គលម្នាក់ គឺមិនបានកំណត់អំពីអ្វីដែលអ្នកអាចធ្វើប៉ុន្មានក្នុងកិច្ចការផ្សាយនោះទេ។ ពួកអ្នកបំរើព្រះយេហូវ៉ាទាំងអស់គឺមានតម្លៃចំពោះទ្រង់។ (ហាកាយ ២:៧; ម៉ាឡាគី ៣:១៦, ១៧) អ្វីៗដែលធ្វើក្នុងកិច្ចការផ្សាយនោះ ប្រហែលជាច្រើនឬតិចជាងអ្នកឯទៀត ប៉ុន្តែបើនេះតំណាងនូវអ្វីដែលបានធ្វើអស់ពីសមត្ថភាព នោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ហើយអ្នកមិនត្រូវមានអារម្មណ៍ថានេះជាកំហុសរបស់ខ្លួនឡើយ។—កាឡាទី ៦:៤
កាលណាដែលគេទារជាច្រើនពីយើង
១៥. តើតាមរបៀបណាដែលគេទារជាច្រើនពីអ្នកចាស់ទុំនៃក្រុមជំនុំ?
១៥ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារច្រើនពីអ្នកនោះវិញ»។ (លូកា ១២:៤៨) ពិតមែនហើយ ‹គឺមានការទារជាច្រើន›ពីអស់អ្នកដែលបំរើជាអ្នកចាស់ទុំ។ ដូចប៉ុលដែរ ពួកគេចំណាយពេលរបស់គេដើម្បីជាផលប្រយោជន៍ដល់ក្រុមជំនុំ។ (កូរិនថូសទី២ ១២:១៥) ពួកគេមានសុន្ទរកថាជាច្រើនដែលត្រូវតែរៀបចំ កិច្ចការគង្វាលដែលត្រូវតែធ្វើ ករណីវិនិច្ឆ័យដែលពួកគេត្រូវតែធ្វើដែរ—គឺធ្វើកិច្ចការទាំងនេះ ដោយមិនភ្លេចដល់គ្រួសាររបស់គេឡើយ។ (ធីម៉ូថេទី១ ៣:៤, ៥) ពួកអ្នកចាស់ទុំខ្លះទៀតក៏ជាប់រវល់ក្នុងការជួយសង់សាលព្រះរាជាណាចក្រ ហើយក៏ជាប់រវល់ក្នុងការបំរើក្នុងគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ ហើយក៏ចូលបំរើដោយស្មគ្រពីចិត្តតាមសន្និបាតនិងមហាសន្និបាតផង។ ដោយមានភារៈដ៏ធ្ងន់ធ្ងរជាច្រើនយ៉ាងនេះ តើពួកបុរសដ៏ខំធ្វើការនិងដ៏ភក្ដីទាំងនេះអាចចៀសវាងពីការទៅជាទន់ខ្សោយយ៉ាងដូចម្ដេចបាន?
១៦. (ក) តើលោកយេត្រូបានឲ្យដំណោះស្រាយដ៏មានប្រយោជន៍អ្វីដល់លោកម៉ូសេ? (ខ) តើគុណសម្បត្ដិអ្វីដែលនឹងជួយអ្នកចាស់ទុំឲ្យចែកចាយនូវភារៈដ៏ត្រឹមត្រូវជាមួយអ្នកឯទៀត?
១៦ នៅពេលដែលលោកម៉ូសេ ដែលជាបុរសដ៏សុភាពនិងរាបទាបម្នាក់បានធ្វើឲ្យខ្លួនគាត់ទៅជាទន់ខ្សោយ នៅពេលដែលបានមើលថែរក្សាចំពោះបញ្ហានៃអ្នកឯទៀត ឪពុកក្មេករបស់គាត់ យេត្រូបានផ្ដល់ឲ្យគាត់នូវដំណោះស្រាយដ៏មានប្រយោជន៍មួយ៖ គឺចែកចាយនូវភារៈខ្លះជាមួយបុរសឯទៀតដែលមានសមត្ថភាពគ្រប់គ្រាន់។ (និក្ខមនំ ១៨:១៧-២៦; ជនគណនា ១២:៣) សុភាសិត ១១:២ ចែងថា៖ «ប្រាជ្ញា តែងនៅនឹងមនុស្សសុភាព»។ សុភាពមានន័យថា ទទួលដឹងឮហើយទទួលយកកំណត់របស់ខ្លួន។ បុរសសុភាពម្នាក់គឺមិនស្ទាក់ស្ទើរក្នុងការផ្ទេរមុខនាទីឲ្យអ្នកឯទៀត ហើយក៏គាត់មិនខ្លាចក្រែងគាត់បាត់បង់ដោយចែកចាយភារៈត្រឹមត្រូវផ្សេងៗទៅពួកបុរសដែលមានសមត្ថភាពឯទៀតឡើយ។b (ជនគណនា ១១:១៦, ១៧, ២៦-២៩) ផ្ទុយទៅវិញ គឺគាត់មានចិត្តខ្នះខ្នែងចង់ជួយពួកគេឲ្យមានការរីកចំរើនដែរ។—ធីម៉ូថេទី១ ៤:១៥
១៧. (ក) តើសមាជិកក្រុមជំនុំអាចជួយបន្ធូរបន្ទុកនៃពួកអ្នកចាស់ទុំយ៉ាងដូចម្ដេច? (ខ) តើប្រពន្ធរបស់អ្នកចាស់ទុំបូជាអ្វីខ្លះ ហើយតើយើងអាចប្រាប់ពួកគេថាយើងអបអរនឹងការបូជានោះយ៉ាងណា?
១៧ សមាជិកនៅក្នុងក្រុមជំនុំអាចជួយធ្វើបានយ៉ាងច្រើន ក្នុងការបន្ធូរនូវបន្ទុករបស់ពួកអ្នកចាស់ទុំ។ ដោយយោគយល់ថា ពួកអ្នកចាស់ទុំក៏មានគ្រួសាររបស់គេដែរក្នុងការថែរក្សានោះ អ្នកឯទៀតនឹងមិនទាមទារយកពេលវេលាជាច្រើនពីពួកអ្នកចាស់ទុំដោយឥតសមហេតុសមផលនោះឡើយ។ ហើយពួកគេក៏មិនគួររមិលគុណដល់ប្រពន្ធរបស់ពួកអ្នកចាស់ទុំដែលបានបូជាដ៏ស្មោះពីចិត្ត កាលដែលពួកគេចូលរួបរួមដោយឥតកំណាញ់ ដោយប្ដីរបស់គេជាមួយនឹងក្រុមជំនុំនោះ។ ម្ដាយម្នាក់ដែលមានកូនបី ហើយប្ដីរបស់នាងបំរើជាអ្នកចាស់ទុំបានពន្យល់ថា៖ «អ្វីដែលខ្ញុំមិនចេះត្អូញត្អែរ នោះគឺជាបន្ទុកជាច្រើនទៀត ដែលខ្ញុំសុខចិត្តទទួលយកនៅក្នុងគ្រួសារ ដើម្បីឲ្យប្ដីរបស់ខ្ញុំអាចបំរើជាអ្នកចាស់ទុំ។ ខ្ញុំដឹងថា ព្រះយេហូវ៉ាប្រទានពរជាច្រើនមកលើគ្រួសាររបស់ខ្ញុំ ដោយសារតែការបំរើរបស់គាត់ ហើយខ្ញុំក៏មិនច្រណែនចំពោះពេលវេលានិងកម្លាំងដែលគាត់ផ្ដល់មកឲ្យដែរ។ ប៉ុន្តែ ជាការពិត ខ្ញុំតែងតែធ្វើកិច្ចការច្រើននៅជុំវិញផ្ទះ ហើយក៏ទូន្មានកូនចៅដែរ ពីព្រោះប្ដីរបស់ខ្ញុំជាប់រវល់»។ គួរឲ្យស្ដាយណាស់ ដែលបងស្រីម្នាក់នេះ បានរកឃើញថា មានជនខ្លះជាជាងអបអរនូវបន្ទុកជាច្រើនដែលនាងបានទទួលនោះ គេបែរជានិយាយដោយគ្មានដឹងអារម្មណ៍ថា «ហេតុអ្វីបានជាអ្នកមិនធ្វើជាអ្នកត្រួសត្រាយអញ្ចឹង»? (សុភាសិត ១២:១៨) ជាការប្រសើរយ៉ាងណាទៅហ្ន៎ ក្នុងការសរសើរអ្នកឯទៀតចំពោះអ្វីៗដែលពួកគេកំពុងតែធ្វើ ជាជាងរិះគន់ដល់ពួកគេនូវអ្វីៗដែលពួកគេមិនអាចធ្វើទៅនោះវិញ!—សុភាសិត ១៦:២៤; ២៥:១១
ដ្បិតទីបញ្ចប់មិនទាន់មកដល់នៅឡើយ
១៨, ១៩. (ក) ហេតុអ្វីក៏នេះមិនមែនជាពេលឈប់រត់ក្នុងការរត់ប្រណាំងដើម្បីជីវិតអស់កល្បជានិច្ច? (ខ) តើសាវ័កប៉ុលបានឲ្យសេចក្ដីទូន្មានដ៏ល្អត្រឹមត្រូវអ្វីដល់ជនគ្រីស្ទានក្នុងយេរូសាឡិម?
១៨ នៅពេលដែលអ្នករត់ប្រណាំងម្នាក់ដឹងថា គាត់មកជិតដល់ទីបញ្ចប់នៃការរត់ប្រណាំងដ៏យូរហើយ នោះគាត់ពុំលះបង់ចោលទេ។ រូបកាយរបស់គាត់ប្រហែលជាមកដល់កំណត់នៃការអត់ទ្រាំរបស់វា—អស់កម្លាំង ក្ដៅ ហើយសោះជាតិទឹក—ប៉ុន្តែគ្មានពេលឲ្យគាត់ឈប់រត់ឡើយ ដ្បិតគឺជិតដល់ទីបញ្ចប់ហើយ។ ស្រដៀងគ្នានេះដែរ ជាជនគ្រីស្ទានយើងទាំងអស់គ្នាគឺនៅក្នុងការរត់ប្រណាំងដើម្បីនឹងទទួលរង្វាន់នៃជីវិត ហើយយើងនៅជិតខ្សែបញ្ចប់ណាស់ហើយ។ ឥឡូវនេះ គឺមិនមែនជាពេលវេលាដែលយើងនឹងឈប់រត់ឡើយ!—ប្រៀបធៀប កូរិនថូសទី១ ៩:២៤; ភីលីព ២:១៦; ៣:១៣, ១៤
១៩ ជនគ្រីស្ទាននៅសតវត្សទីមួយក៏បានជួបប្រទះនឹងស្ថានការណ៍ដែលស្រដៀងគ្នានេះដែរ។ ប្រមាណឆ្នាំ៦១ស.យ. សាវ័កប៉ុលបានសរសេរទៅគ្រីស្ទាននៅទីក្រុងយេរូសាឡិម។ ពេលវេលាកាន់តែខ្លីណាស់ហើយ—«មនុស្សដំណ»ដ៏អាក្រក់គឺជារបបលោកីយ៍សម័យយូដាដែលបះបោរជំនឿ គឺបំរុង«កន្លងហួសបាត់ទៅ»។ ជាពិសេសពួកគ្រីស្ទាននៅទីក្រុងយេរូសាឡិមត្រូវតែប្រុងប្រៀបជានិច្ចហើយឲ្យនៅស្មោះត្រង់។ ពួកគេនឹងត្រូវតែភៀសខ្លួនចេញពីទីក្រុងនោះ នៅពេលដែលពួកគេឃើញទីក្រុងនោះឡោមព័ទ្ធជុំវិញដោយពួកទាហានដែលបោះជំរំនៅជុំវិញ។ (លូកា ២១:២០-២៤, ៣២) ដូច្នេះ សេចក្ដីទូន្មានរបស់ប៉ុល ដែលបានបណ្ដាលមកពីព្រះគឺត្រឹមត្រូវពេលវេលាណាស់៖ ‹ចូរកុំឲ្យនឿយហត់ ហើយរសាយចិត្តឲ្យសោះ›។ (ហេព្រើរ ១២:៣) នៅកន្លែងនេះ សាវ័កប៉ុលបានប្រើកិរិយាសព្ទពីរ៖ «នឿយហត់» (kaʹmno) និង«រសាយចិត្តចេញ» (e·klyʹo·mai) យោងទៅតាមអ្នកប្រាជ្ញខាងព្រះគម្ពីរម្នាក់ ពាក្យក្រិកទាំងនេះត្រូវ«បានប្រើដោយលោកអារ៉ីស្តូតុល អំពីអ្នករត់ប្រណាំងដែលបន្ធូរហើយក៏បានដួលក្រោយពីពួកគេបានរត់ផុតខ្សែបញ្ចប់។ ពួកអ្នកអានសំបុត្ររបស់ប៉ុលគឺកំពុងតែនៅក្នុងការរត់ប្រណាំងនេះនៅឡើយ។ ពួកគេមិនត្រូវលះបង់ចោលមុនពេលកំណត់នោះទេ។ ពួកគេមិនត្រូវបណ្ដោយខ្លួនគេឲ្យងងឹតមុខ ហើយដួលដោយសារតែភាពទន់ខ្សោយនោះឡើយ។ ម្ដងទៀត សូមខំតស៊ូនៅពេលជួបប្រទះនឹងសេចក្ដីទុក្ខលំបាក»។
២០. ហេតុអ្វីក៏សេចក្ដីទូន្មានរបស់ប៉ុលជាការត្រឹមត្រូវសំរាប់យើងនៅសព្វថ្ងៃនេះ?
២០ សេចក្ដីទូន្មានរបស់ប៉ុលគឺត្រឹមត្រូវណាស់ចំពោះយើងនៅសព្វថ្ងៃនេះ! ដោយសារតែមានការបៀតបៀនកាន់តែច្រើនឡើង នៅពេលខ្លះយើងប្រហែលជាមានអារម្មណ៍ដូចជាអ្នករត់ដ៏នឿយហត់ម្នាក់ ដែលជើងរបស់គាត់បំរុងតែនឹងដួល។ ប៉ុន្តែខ្សែបញ្ចប់គឺកាន់តែជិតដល់ទៅហើយ យើងមិនត្រូវលះបង់ចោលទេ! (របាក្សត្រទី២ ២៩:១១) សត្រូវរបស់យើងគឺជា‹សិង្ហដែលគ្រហឹម›នោះ វាចង់ឲ្យយើងធ្វើដូច្នេះ។ ជាការអរព្រះគុណ ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យនូវសំវិធានការដែលជួយ«ចំរើនកំឡាំងដល់អ្នកដែលល្វើយ»។ (អេសាយ ៤០:២៩) សំវិធានការទាំងនេះ និងរបៀបដែលយើងអាចយកប្រយោជន៍ពីនោះបាន គឺនឹងត្រូវពិគ្រោះនៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ឧទាហរណ៍ មនុស្សខ្លះប្រហែលជាខំតយុទ្ធដើម្បីទប់ទល់នឹងបុគ្គលិកលក្ខណៈណាមួយដែលជ្រួតជ្រាបយ៉ាងជ្រៅ ដូចជាការរហ័សខឹង ឬក៏ការឲ្យជ័យជំនះទៅលើបញ្ហាខាងម៉ាស្ទើប៊េហ្សិន—សូមមើល ទស្សនាវដ្ដី ភ្ញាក់រឭក! ២២ ឧសភា ១៩៨៨ ទំព័រ ១៩-២១; ៨ វិច្ឆិកា ១៩៨១ ទំព័រ ១៦-២០; និងសៀវភៅ Questions Young People Ask—Answers That Work, ទំព័រ ១៩៨-២១១ បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
b សូមមើលអត្ថបទ «អ្នកចាស់ទុំ—ផ្ទេរមុខនាទី»! ក្នុងទស្សនាវដ្ដីប៉មយាម ១៥ តុលា ១៩៩២ ទំព័រ ២០-៣ (ជាភាសាអង់គ្លេស)
តើចម្លើយរបស់អ្នកជាអ្វី?
◻ តើយើងអាចចៀសវាងពីការចុះចាញ់តាមរបៀបណា នៅពេលដែលអ្នកឯទៀតធ្វើឲ្យយើងតូចចិត្តឬបញ្ឈឺចិត្តយើងនោះ?
◻ តើទស្សនៈដ៏ថ្លឹងថ្លែងមួយណាអំពីកំហុសដែលនឹងជួយយើងកុំឲ្យចុះចាញ់នោះ?
◻ តើព្រះយេហូវ៉ាសង្ឃឹមអ្វីពីយើង?
◻ តើការសុភាពអាចជួយអ្នកចាស់ទុំក្នុងក្រុមជំនុំឲ្យចៀសវាងពីការទន់ខ្សោយយ៉ាងដូចម្ដេចបាន?
◻ ហេតុអ្វីក៏សេចក្ដីទូន្មានរបស់ប៉ុលនៅហេព្រើរ ១២:៣ ជាការត្រឹមត្រូវសំរាប់យើងនៅសព្វថ្ងៃនេះ?