«ដំណាក់អញត្រូវហៅជាទីអធិស្ឋានសំរាប់គ្រប់អស់ទាំងសាសន៍»
«តើគ្មានសេចក្ដីចែងទុកមកទេឬអីថា ‹ដំណាក់អញត្រូវហៅជាទីអធិស្ឋានសំរាប់គ្រប់អស់ទាំងសាសន៍›»?—ម៉ាកុស ១១:១៧
១. តើអ័ដាមនិងអេវ៉ា ពីដើមមានទំនាក់ទំនងបែបណាជាមួយព្រះ?
កាលដែលអ័ដាមនិងនាងអេវ៉ាបានបង្កើតមក ពួកគេមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយព្រះវរបិតានៃស្ថានសួគ៌របស់គេ។ ព្រះយេហូវ៉ាបានធ្វើប្រស្រ័យទាក់ទងជាមួយពួកគេ ហើយបានផ្ដល់គោលបំណងដ៏អស្ចារ្យសំរាប់មនុស្សលោក។ ពួកគេច្បាស់ជាមានចិត្តរំភើបជាខ្លាំងក្នុងការសរសើរព្រះយេហូវ៉ា ចំពោះកិច្ចការបង្កើតដ៏អស្ចារ្យរបស់ទ្រង់។ បើសិនជាអ័ដាមនិងអេវ៉ាត្រូវការសេចក្ដីណែនាំ កាលដែលគេជញ្ជឹងគិតអំពីមុខនាទីរបស់គេជាជីដូនជីតានៃមនុស្សលោក គេអាចមកជិតព្រះពីកន្លែងណាក៏ដោយ ក្នុងលំនៅមនោរម្យរបស់គេនោះ។ គេមិនត្រូវការជំនួយពីសង្ឃក្នុងព្រះវិហារទេ។—លោកុប្បត្តិ ១:២៨
២. ពេលអ័ដាមនិងអេវ៉ាមានបាប តើមានការប្រែប្រួលអ្វីកើតឡើង?
២ ស្ថានការណ៍បានប្រែប្រួល នៅពេលដែលទេវតាបះបោរម្នាក់បានល្បួងអេវ៉ាឲ្យគិតថា ស្ថានភាពនៃជីវិតរបស់នាងនឹងចំរើនឡើង បើនាងបដិសេធចោលអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ដោយនិយាយថានាងនឹង«បានដូចព្រះ»។ នាងអេវ៉ាក៏បានបរិភោគផ្លែពីដើមឈើដែលព្រះបានហាមប្រាម។ រួចមក សាតាំងបានប្រើអេវ៉ាដើម្បីល្បួងប្ដីរបស់នាង។ គួរឲ្យសោកស្ដាយណាស់ អ័ដាមបានស្ដាប់តាមប្រពន្ធមានបាបរបស់គាត់ បង្ហាញថា ទំនាក់ទំនងរបស់គាត់ជាមួយនាង មានតម្លៃជាងទំនាក់ទំនងរបស់គាត់ជាមួយព្រះ។ (លោកុប្បត្តិ ៣:៤-៧) ដោយធ្វើដូច្នេះ អ័ដាមនិងអេវ៉ារើសយកសាតាំងជាព្រះរបស់គេ។—ប្រៀបធៀប កូរិនថូសទី២ ៤:៤
៣. តើអ្វីជាលទ្ធផលអាក្រក់ពីការបះបោររបស់អ័ដាមនិងអេវ៉ា?
៣ ក្នុងការធ្វើដូច្នេះ គូស្វាមីភរិយាដំបូងនេះបានបាត់បង់ទំនាក់ទំនងដ៏មានតម្លៃរបស់គេជាមួយព្រះ ហើយមិនតែប៉ុណ្ណោះ គេក៏បានបាត់បង់សេចក្ដីសង្ឃឹមរស់នៅអស់កល្បជានិច្ចក្នុងផែនដីមនោរម្យដែរ។ (លោកុប្បត្តិ ២:១៦, ១៧) រូបកាយមានបាបរបស់គេចាប់ដុនដាបបន្ដិចម្ដងៗរហូតដល់គេស្លាប់ទៅ។ កូនចៅរបស់គេទទួលជាមរតកនូវស្ថានភាពនៃបាបនេះ ម្ល៉ោះហើយបានជាព្រះគម្ពីរពន្យល់ថា «សេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»។—រ៉ូម ៥:១២
៤. តើព្រះប្រទានសេចក្ដីសង្ឃឹមអ្វីដល់មនុស្សមានបាប?
៤ ដើម្បីផ្សះផ្សាមនុស្សមានបាបជាមួយព្រះអាទិទេពដ៏បរិសុទ្ធរបស់គេវិញ គឺត្រូវតែមានអ្វីមួយជាចាំបាច់។ កាលដែលព្រះកាត់ទោសអ័ដាមនិងអេវ៉ា ទ្រង់បានប្រទានសេចក្ដីសង្ឃឹមដល់កូនចៅនៅអនាគតរបស់គេ ដោយសន្យាថានឹងមាន«ពូជ»មួយ ដែលនឹងសង្គ្រោះមនុស្សលោកពីកម្មផលនៃការបះបោររបស់សាតាំង។ (លោកុប្បត្តិ ៣:១៥) ក្រោយមក ព្រះបានបង្ហាញថា ពូជនេះនឹងចេញមកពីលោកអ័ប្រាហាំ។ (លោកុប្បត្តិ ២២:១៨) ដើម្បីជាប្រយោជន៍ដល់គោលបំណងដ៏ល្អនេះ ព្រះបានរើសយកកូនចៅរបស់លោកអ័ប្រាហាំ ពួកអ៊ីស្រាអែល ឲ្យធ្វើជាសាសន៍រើសតាំងរបស់ទ្រង់។
៥. ហេតុអ្វីក៏យើងគួរតែចាប់អារម្មណ៍នឹងកិច្ចព្រមព្រៀងនៃក្រិត្យវិន័យរបស់ព្រះជាមួយពួកអ៊ីស្រាអែល?
៥ ក្នុងឆ្នាំ១៥១៣ ម.ស.យ. អ៊ីស្រាអែលបានធ្វើកិច្ចព្រមព្រៀងមួយជាមួយព្រះ ហើយបានយល់ព្រមគោរពតាមច្បាប់របស់ទ្រង់។ កិច្ចព្រមព្រៀងខាងក្រិត្យវិន័យនេះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សទាំងអស់ណា ដែលចង់ថ្វាយបង្គំព្រះសព្វថ្ងៃនេះ ពីព្រោះវាចង្អុលទៅពូជសន្យានោះ។ ប៉ុលបានមានប្រសាសន៍ថាវាមាន «ស្រមោល ពីសេចក្ដីល្អដែលត្រូវមក»។ (ហេព្រើរ ១០:១) នៅពេលដែលប៉ុលធ្វើសេចក្ដីថ្លែងនេះ គាត់កំពុងតែពិគ្រោះអំពីកិច្ចបំរើនៃសង្ឃអ៊ីស្រាអែលក្នុងរោងឧបោសថ ឬ ត្រសាលថ្វាយបង្គំ។ ត្រសាលនេះត្រូវហៅថា «ព្រះវិហារព្រះយេហូវ៉ា» ឬ «ដំណាក់នៃព្រះយេហូវ៉ា»។ (សាំយូអែលទី១ ១:៩, ២៤) ដោយពិនិត្យមើលកិច្ចបំរើបរិសុទ្ធដែលធ្វើឡើងនៅដំណាក់នៃព្រះយេហូវ៉ានៅផែនដីនេះ យើងអាចមានចិត្តអបអររឹតតែខ្លាំងឡើងចំពោះការរៀបចំដ៏មេត្ដាករុណា ដែលមនុស្សមានបាបអាចផ្សះផ្សាជាមួយព្រះនៅសព្វថ្ងៃនេះ។
ទីបរិសុទ្ធបំផុត
៦. តើមានអ្វីខ្លះនៅក្នុងទីបរិសុទ្ធបំផុត ហើយវត្តមានរបស់ព្រះតំណាងយ៉ាងណានៅទីនោះ?
៦ ព្រះគម្ពីរចែងថា «ព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយ»។ (កិច្ចការ ៧:៤៨) ប៉ុន្តែ វត្តមានរបស់ព្រះក្នុងដំណាក់របស់ទ្រង់នៅផែនដី តំណាងដោយពពកនៅក្នុងបន្ទប់ខាងក្នុងបំផុត ដែលហៅទីបរិសុទ្ធបំផុត។ (លេវីវិន័យ ១៦:២) ពពកនេះបញ្ចេញពន្លឺយ៉ាងចិញ្ចាច ផ្ដល់ពន្លឺដល់ទីបរិសុទ្ធបំផុត។ ពពកនេះនៅពីលើហិបពិសិដ្ឋមួយ ហៅថា «ហិបនៃសេចក្ដីសញ្ញា» ដែលនៅក្នុងនោះ មានបន្ទះថ្ម ដែលព្រះចារឹកក្រិត្យវិន័យខ្លះឲ្យអ៊ីស្រាអែល។ នៅពីលើហិបនោះ មានចេរូប៊ីនពណ៌ទឹកមាសពីររូបដែលត្រដាងស្លាប តំណាងបុគ្គលវិញ្ញាណដែលមានឋានៈខ្ពស់ក្នុងអង្គការស្ថានសួគ៌របស់ព្រះ។ ពពកដែលបញ្ចេញពន្លឺយ៉ាងអស្ចារ្យនោះ គឺឋិតនៅពីលើគំរបហិប ហើយនៅចំកណ្ដាលចេរូប៊ីនទាំងពីរ។ (និក្ខមនំ ២៥:២២) នេះជារូបភាពបង្ហាញឲ្យឃើញព្រះដ៏មានព្រះចេស្ដាបំផុត គង់នៅលើរទេះសួគ៌ ដែលទ្រទ្រង់ដោយពួកចេរូប៊ីនដ៏រស់។ (របាក្សត្រទី១ ២៨:១៨) នេះប្រាប់យើងពីមូលហេតុដែលស្តេចហេសេគាលអធិស្ឋានថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ»។—អេសាយ ៣៧:១៦
ទីបរិសុទ្ធ
៧. តើមានគ្រឿងតុបតែងអ្វីខ្លះក្នុងទីបរិសុទ្ធ?
៧ បន្ទប់ទីពីរក្នុងរោងឧបោសថនោះ ត្រូវហៅថា ទីបរិសុទ្ធ។ ក្នុងបន្ទប់នេះ នៅខាងឆ្វេងដៃនៃទ្វារចូល មានជើងចង្កៀងស្អាតមួយដែលមានចង្កៀងប្រាំពីរ ហើយនៅខាងស្ដាំដៃ មានតុមួយសំរាប់ដាក់នំប៉័ងតាំងទុក។ នៅចំពីមុខ មានអាសនាមួយដែលក្លិនគ្រឿងក្រអូបហុយចេញពីនោះមក។ អាសនានោះនៅពីមុខវាំងនន ដែលញែកទីបរិសុទ្ធ ចេញពីទីបរិសុទ្ធបំផុត។
៨. តើមុខងារអ្វីខ្លះដែលសង្ឃត្រូវតែធ្វើយ៉ាងទៀតទាត់ក្នុងទីបរិសុទ្ធ?
៨ រៀងរាល់ព្រឹកនិងល្ងាច សង្ឃម្នាក់ត្រូវតែចូលទៅក្នុងរោងឧបោសថ ហើយដុតគ្រឿងក្រអូបនៅលើអាសនានោះ។ (និក្ខមនំ ៣០:៧, ៨) នៅពេលព្រឹក កាលដែលគ្រឿងក្រអូបកំពុងតែឆេះហុយឡើង ចង្កៀងប្រាំពីរដែលនៅលើជើងចង្កៀងពណ៌ទឹកមាសនោះ ត្រូវតែចាក់ប្រេងបន្ថែមទៀត។ នៅពេលយប់ គេអុជចង្កៀងឲ្យភ្លឺក្នុងទីបរិសុទ្ធ។ រៀងរាល់ថ្ងៃឈប់សំរាក សង្ឃម្នាក់ត្រូវតែយកនំប៉័ងស្រស់១២ដុំមកដាក់នៅលើតុនំប៉័ងតាំងទុក។—លេវីវិន័យ ២៤:៤-៨
ទីលាន
៩. តើផើងទឹកសំរាប់បំណងអ្វី ហើយតើមានមេរៀនអ្វីសំរាប់យើង?
៩ រោងឧបោសថនោះក៏មានទីលានដែរ ដែលព័ទ្ធជុំវិញដោយរបងនៃតង់សំពត់។ នៅក្នុងទីលាននេះ មានផើងទឹកធំមួយសំរាប់ពួកសង្ឃលាងដៃជើងរបស់គេ មុននឹងចូលក្នុងទីបរិសុទ្ធ។ ពួកគេក៏ត្រូវតែសំអាតខ្លួនប្រាណសិន មុននឹងធ្វើយញ្ញបូជានៅលើអាសនា ដែលមាននៅក្នុងទីលាននេះ។ (និក្ខមនំ ៣០:១៨-២១) សេចក្ដីតម្រូវនៃអនាម័យនេះ ជាការរំឭកដ៏ខ្លាំងមួយ ដល់ពួកអ្នកបំរើព្រះសព្វថ្ងៃនេះថា គេត្រូវតែខំប្រឹងឲ្យបានស្អាតបាតខាងរូបកាយ សីលធម៌ ចិត្តគំនិត និងខាងវិញ្ញាណ បើគេចង់ឲ្យព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់គេ។ (កូរិនថូសទី២ ៧:១) ក្រោយមក ពួកអ្នកបំរើព្រះវិហារ ដែលមិនមែនសាសន៍អ៊ីស្រាអែល ត្រូវបានឲ្យមានមុខនាទីកាប់ឧសសំរាប់ដុតនៅលើអាសនានិងយកទឹកដាក់ក្នុងផើង។—យ៉ូស្វេ ៩:២៧
១០. តើមានដង្វាយអ្វីខ្លះដុតនៅលើអាសនាយញ្ញបូជានោះ?
១០ រៀងរាល់ព្រឹកនិងល្ងាច កូនចៀមស្ទាវមួយត្រូវបានធ្វើយញ្ញដុតនៅលើអាសនា ជាមួយនឹងដង្វាយម្សៅនិងដង្វាយច្រួច។ (និក្ខមនំ ២៩:៣៨-៤១) យញ្ញបូជាឯទៀត ត្រូវបានធ្វើឡើងក្នុងថ្ងៃពិសេស។ ជួនកាល ត្រូវតែធ្វើយញ្ញបូជាមួយ ពីព្រោះតែអំពើបាបផ្ទាល់ខ្លួនណាមួយ។ (លេវីវិន័យ ៥:៥, ៦) នៅគ្រាឯទៀត ជនអ៊ីស្រាអែលអាចធ្វើយញ្ញបូជាខាងដង្វាយមេត្រី ដោយស្ម័គ្រចិត្ត ហើយដង្វាយនោះត្រូវតែឲ្យទៅសង្ឃបរិភោគខ្លះ និងបុគ្គលដែលថ្វាយដង្វាយនោះខ្លះ។ នេះបង្ហាញថា មនុស្សមានបាបអាចមានមេត្រីភាពជាមួយព្រះ ប្រៀបដូចជាទទួលទានអាហារជាមួយទ្រង់អញ្ចឹង។ សូម្បីតែអាណិកជនក៏អាចធ្វើជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ ហើយមានឯកសិទ្ធិថ្វាយដង្វាយស្ម័គ្រចិត្តនោះនៅឯដំណាក់របស់ព្រះ។ ប៉ុន្តែ ដើម្បីបង្ហាញការគោរពត្រឹមត្រូវដល់ព្រះយេហូវ៉ា ពួកសង្ឃអាចទទួលបានតែដង្វាយដែលមានគុណភាពល្អបំផុត។ ដង្វាយម្សៅត្រូវតែបុកឲ្យម៉ដ្ដ ហើយដង្វាយសត្វត្រូវតែជាសត្វដែលឥតខូចអ្វីសោះ។—លេវីវិន័យ ២:១; ២២:១៨-២០; ម៉ាឡាគី ១:៦-៨
១១. (ក) តើត្រូវធ្វើអ្វីដល់ឈាមនៃដង្វាយសត្វ ហើយនេះចង្អុលទៅអ្វី? (ខ) តើព្រះមានទស្សនៈយ៉ាងណាចំពោះឈាមមនុស្សនិងសត្វ?
១១ ឈាមនៃដង្វាយទាំងនេះត្រូវបានយកមកដាក់លើអាសនា។ នេះជាការរំឭករាល់ថ្ងៃដល់សាសន៍អ៊ីស្រាអែលថា គេជាមនុស្សមានបាប ដែលត្រូវការអ្នកលោះម្នាក់ដែលនឹងបង្ហូរឈាម ដើម្បីឲ្យអាចធួនជាអចិន្ត្រៃយ៍ចំពោះបាបរបស់គេ ហើយអាចសង្គ្រោះគេពីសេចក្ដីស្លាប់។ (រ៉ូម ៧:២៤, ២៥; កាឡាទី ៣:២៤; ប្រៀបធៀប ហេព្រើរ ១០:៣) ការប្រើឈាមតាមរបៀបដ៏ពិសិដ្ឋនេះ ក៏រំឭកពួកអ៊ីស្រាអែលដែរថា ឈាមតំណាងជីវិត ហើយជីវិតនោះឯងជារបស់ផងព្រះ។ ព្រះបានហាមឃាត់ជានិច្ចមិនឲ្យមនុស្សប្រើឈាមក្រៅពីរបៀបនេះទេ។—លោកុប្បត្តិ ៩:៤; លេវីវិន័យ ១៧:១០-១២; កិច្ចការ ១៥:២៨, ២៩
ថ្ងៃធួនបាប
១២, ១៣. (ក) តើថ្ងៃធួនបាបជាអ្វី? (ខ) មុននឹងសម្ដេចសង្ឃអាចយកឈាមចូលទៅក្នុងទីបរិសុទ្ធបំផុត តើគាត់ត្រូវតែធ្វើ?
១២ ក្នុងមួយឆ្នាំម្ដង គឺនៅថ្ងៃដែលហៅថា ថ្ងៃធួនបាប សាសន៍អ៊ីស្រាអែលទាំងមូល រួមទាំងពួកអាណិកជនដែលថ្វាយបង្គំព្រះយេហូវ៉ាត្រូវឈប់ធ្វើការទាំងអស់ ហើយតមអាហារ។ (លេវីវិន័យ ១៦:២៩, ៣០) នៅថ្ងៃសំខាន់នេះ សាសន៍អ៊ីស្រាអែលត្រូវតែលាងបាប តាមរបៀបប្រៀបធៀបមួយ ដើម្បីឲ្យគេអាចមានទំនាក់ទំនងមេត្រីភាពជាមួយព្រះនៅឆ្នាំក្រោយទៀត។ ចូរឲ្យយើងគិតមើលទេសភាពនោះ ហើយពិនិត្យមើលគោលសំខាន់ខ្លះៗ។
១៣ សម្ដេចសង្ឃកំពុងតែឈរនៅក្នុងទីលាននៃរោងឧបោសថ។ ក្រោយពីគាត់បានសំអាតខ្លួនគាត់នៅឯផើងទឹកហើយ គាត់ក៏សម្លាប់គោឈ្មោលមួយសំរាប់ធ្វើយញ្ញបូជា។ ឈាមនៃគោលឈ្មោលនោះ ត្រូវបានចាក់ទៅក្នុងចានមួយ ហើយនេះនឹងប្រើតាមរបៀបពិសេសមួយសំរាប់ធួនបាបរបស់កុលសម្ព័ន្ធលេវីជាពួកសង្ឃ។ (លេវីវិន័យ ១៦:៤, ៦, ១១) ប៉ុន្តែ មុនបន្តទៅមុខនឹងយញ្ញបូជានេះ គឺមានអ្វីមួយដែលសម្ដេចសង្ឃត្រូវតែធ្វើ។ គាត់ត្រូវយកគ្រឿងក្រអូប (ប្រហែលជាដាក់នឹងវែក) ហើយចូករងើកភ្លើងក្រហមឆេះពីអាសនាដាក់លើជើងពាន។ ឥឡូវនេះ គាត់ដើរចូលទៅក្នុងទីបរិសុទ្ធ ហើយដើរឆ្ពោះទៅវាំងនននៃទីបរិសុទ្ធបំផុត។ គាត់ដើរយឺតៗវាងវាំងនន ហើយមកឈរនៅពីមុខហិបនៃសេចក្ដីសញ្ញា។ បន្ទាប់មក បាំងពីភ្នែកមនុស្ស គាត់ចាក់គ្រឿងក្រអូបទៅលើរងើកក្រហមឆេះនោះ ហើយទីបរិសុទ្ធបំផុតនោះក៏ពោរពេញទៅដោយផ្សែងនៃគ្រឿងក្រអូប។—លេវីវិន័យ ១៦:១២, ១៣
១៤. ហេតុអ្វីក៏សម្ដេចសង្ឃត្រូវយកឈាមសត្វពីរ ខុសគ្នា ចូលទៅក្នុងទីបរិសុទ្ធបំផុត?
១៤ ឥឡូវ ព្រះទ្រង់សុខចិត្តសម្ដែងសេចក្ដីមេត្ដាករុណា ហើយសន្ដោសប្រោស តាមរបៀបប្រៀបប្រដូចនេះ។ ដោយហេតុនេះ បានជាគំរបនៃហិបនោះ ត្រូវហៅជា «កៅអីនៃសេចក្ដីមេត្ដាករុណា» ឬ «ទីសន្ដោសប្រោស»។ (ហេព្រើរ ៩:៥) សម្ដេចសង្ឃក៏ចេញពីទីបរិសុទ្ធបំផុត ទៅយកឈាមគោឈ្មោល ហើយដើរចូលទៅទីបរិសុទ្ធបំផុតម្ដងទៀត។ ដូចបានបង្គាប់មកក្នុងក្រិត្យវិន័យ គាត់ជ្រលក់ម្រាមដៃទៅក្នុងឈាម ហើយប្រោះប្រាំពីរដងនៅពីមុខគំរបហិបនោះ។ (លេវីវិន័យ ១៦:១៤) រួចមក គាត់វិលមកទីលានវិញ ហើយសម្លាប់ពពែមួយ ជាដង្វាយលោះបាប «សំរាប់ពួកជន»។ គាត់យកឈាមពពែខ្លះ ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយប្រោះឈាមនោះដូចដែលគាត់បានប្រោះឈាមគោដែរ។ (លេវីវិន័យ ១៦:១៥) នៅក្នុងថ្ងៃធួនបាប ក៏មានកិច្ចបំរើសំខាន់ឯទៀតដែរ។ ឧទាហរណ៍ សម្ដេចសង្ឃត្រូវតែដាក់ដៃរបស់គាត់ទៅលើក្បាលពពែទីពីរ ហើយត្រូវទូលសារភាពអំពី «សេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល»។ ពពែដែលនៅរស់នេះ ត្រូវដឹកវាយកទៅពន្លែងនៅទីរហោស្ថាន ប្រៀបដូចជានាំយកបាបរបស់សាសន៍អ៊ីស្រាអែលចេញទៅ។ ថ្ងៃធួនបាបត្រូវបានធ្វើឡើងតាមរបៀបនេះជារៀងរាល់ឆ្នាំ «ទាំងពួកសង្ឃ ហើយនឹងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង»។—លេវីវិន័យ ១៦:១៦, ២១, ២២, ៣៣
១៥. (ក) តើព្រះវិហាររបស់សាឡូម៉ូនដូចគ្នានឹងរោងឧបោសថយ៉ាងណាខ្លះ? (ខ) តើសៀវភៅហេព្រើរបានចែងយ៉ាងណា អំពីការងារបរិសុទ្ធដែលត្រូវធ្វើក្នុងរោងឧបោសថនិងព្រះវិហារ?
១៥ ក្នុងរយៈពេល៤៨៦ឆ្នាំដំបូងនៃប្រវត្ដិសាស្ត្រអ៊ីស្រាអែល ដែលជាប្រជារាស្ត្រនៃកិច្ចព្រមព្រៀងរបស់ព្រះ រោងឧបោសថចល័តត្រូវបានប្រើជាកន្លែងសំរាប់ថ្វាយបង្គំព្រះយេហូវ៉ា។ បន្ទាប់មក សាឡូម៉ូននៃអ៊ីស្រាអែល បានទទួលឯកសិទ្ធិនៃការសង់ព្រះវិហារអចិន្ត្រៃយ៍។ ថ្វីបើព្រះវិហារនេះ ត្រូវមានទំហំធំ ហើយមានក្បាច់ក្បូរច្រើនក៏ដោយ ប៉ុន្តែយោងទៅតាមប្លង់របស់ព្រះ នេះត្រូវមានលំនាំដូចរោងឧបោសថដែរ។ ដូចរោងឧបោសថដែរ ព្រះវិហារនេះគឺបង្ហាញអំពីការរៀបចំសំរាប់ការថ្វាយបង្គំដ៏មានប្រសិទ្ធិភាព ដែលព្រះយេហូវ៉ានឹង«ដំឡើង មិនមែនជាមនុស្សទេ»។—ហេព្រើរ ៨:២, ៥; ៩:៩, ១១
ព្រះវិហារទីមួយនិងទីពីរ
១៦. (ក) ពេលដែលឧទ្ទិសថ្វាយព្រះវិហារ តើសាឡូម៉ូនបានធ្វើសំណូមពរអ្វី? (ខ) តើតាមរបៀបណាដែល ព្រះយេហូវ៉ាបានសម្ដែងការយល់ព្រមទទួលការអធិស្ឋានរបស់សាឡូម៉ូន?
១៦ នៅពេលឧទ្ទិសថ្វាយព្រះវិហារដ៏រុងរឿងនោះ សាឡូម៉ូនបានធ្វើសំណូមពរនេះថា៖ «ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ . . . កាលណាគេអធិស្ឋានដំរង់មកឯព្រះវិហារនេះ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍ នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត»។ (របាក្សត្រទី២ ៦:៣២, ៣៣) ព្រះក៏បានសម្ដែងឲ្យឃើញ នូវការយល់ព្រមទទួលការអធិស្ឋានរបស់សាឡូម៉ូន។ ដុំភ្លើងមួយបានធ្លាក់ពីលើមេឃ ហើយបានបញ្ឆេះដុតដង្វាយសត្វនៅលើអាសនាអស់រលីង ហើយព្រះវិហារក៏ពេញដោយសិរីល្អនៃព្រះយេហូវ៉ា។—របាក្សត្រទី២ ៧:១-៣
១៧. ព្រះវិហារដែលសាឡូម៉ូនបានសង់ ក្រោយមក មានអ្វីកើតឡើង ហើយហេតុអ្វី?
១៧ គួរឲ្យស្ដាយណាស់ អ៊ីស្រាអែលបានបាត់បង់ការកោតខ្លាចត្រឹមត្រូវដល់ព្រះយេហូវ៉ា។ ក្រោយមក ពួកគេបានប្រមាថដល់ព្រះនាមឧត្តមរបស់ទ្រង់ តាមរយៈការប្រព្រឹត្តដូចជា ការកំចាយឈាម សរណវត្ថុបូជា អំពើកំផិត ការស្មន់ ហើយតាមរយៈការធ្វើបាបកុមារកំព្រា មេម៉ាយ និងជនបរទេស។ (អេសេគាល ២២:២, ៣, ៧, ១១, ១២, ២៦, ២៩) ម្ល៉ោះហើយ បានជានៅឆ្នាំ៦០៧ ម.ស.យ. ព្រះបានប្រហារសេចក្ដីជំនុំជំរះ ដោយនាំកងទ័ពបាប៊ីឡូនឲ្យមកបំផ្លាញចោលព្រះវិហារ។ ពួកអ៊ីស្រាអែលដែលនៅរស់ ត្រូវបានគេចាប់យកទៅជាឈ្លើយទៅបាប៊ីឡូន។
១៨. ចំពោះព្រះវិហារទីពីរ តើឯកសិទ្ធិអ្វី បានបើកឲ្យទៅពួកអ្នកដែលគាំទ្រអស់ពីចិត្ត ដល់ការថ្វាយបង្គំព្រះយេហូវ៉ា ដែលមិនមែនជាសាសន៍អ៊ីស្រាអែល?
១៨ ៧០ឆ្នាំក្រោយមក ពួកសំណល់យូដាដែលបានប្រែចិត្ត បានវិលត្រឡប់មកយេរូសាឡិម ហើយបានទទួលឯកសិទ្ធិនៃការសង់ព្រះវិហារឡើងវិញ។ គួរឲ្យចាប់អារម្មណ៍ដែរ នៅពេលនេះ ពុំសូវមានសង្ឃនិងពួកលេវី ឲ្យបំរើនៅក្នុងព្រះវិហារទីពីរនេះទេ។ ជាលទ្ធផល ពួកនេធីនិម ជាកូនចៅនៃពួកអ្នកបំរើព្រះវិហារ ដែលមិនមែនជាសាសន៍អ៊ីស្រាអែល ត្រូវបានគេឲ្យឯកសិទ្ធិធំ ឲ្យធ្វើជាអ្នកបំរើនៃដំណាក់របស់ព្រះ។ ប៉ុន្តែ ពួកគេមិនអាចស្មើនឹងពួកសង្ឃនិងពួកលេវីឡើយ។—អែសរ៉ា ៧:២៤; ៨:១៧, ២០
១៩. តើព្រះបានសន្យាអ្វីខ្លះ ចំពោះព្រះវិហារទីពីរ ហើយតើពាក្យសន្យានេះបានសម្រេចយ៉ាងណា?
១៩ មុនដំបូង ព្រះវិហារទីពីរ មើលទៅហាក់បីជាមិនដូចព្រះវិហារទីមួយសោះ។ (ហាកាយ ២:៣) ប៉ុន្តែព្រះយេហូវ៉ាបានសន្យាថា៖ «[អញ]ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ . . . សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត»។ (ហាកាយ ២:៧, ៩) ដូចពាក្យនេះមែន ព្រះវិហារទីពីរបានទទួលសិរីល្អបានលើសលុប។ ព្រះវិហារជាន់នេះបានស្ថិតនៅអស់១៦៤ឆ្នាំយូរជាងព្រះវិហារមុន ហើយក៏មានពួកអ្នកថ្វាយបង្គំជាច្រើនមកពីប្រទេសផ្សេងៗ ចូលមកក្នុងទីលាននៃព្រះវិហារនេះ។ (ប្រៀបធៀប កិច្ចការ ២:៥-១១) ការកែព្រះវិហារទីពីរនេះ បានចាប់ផ្ដើមនៅសម័យនៃស្តេចហេរ៉ូឌ ហើយទីលាននោះក៏បានពង្រីកឲ្យធំដែរ។ ព្រះវិហារនេះ ត្រូវបានសង់ពីលើផ្ទៃថ្មរាបដ៏ធំ ហើយមានសសរខឿនស្អាតធំៗនៅជុំវិញ ធ្វើឲ្យវាល្អអស្ចារ្យជាងព្រះវិហារដែលសង់ដោយសាឡូម៉ូន។ ព្រះវិហារនេះក៏មានទីលានខាងក្រៅធំមួយ សំរាប់ពួកសាសន៍ផ្សេងៗ ដែលចង់ថ្វាយបង្គំព្រះយេហូវ៉ា។ មានរបងធ្វើពីថ្មមួយ ញែកទីលាននៃសាសន៍ដទៃនេះ ពីទីលានខាងក្នុង ដែលសំរាប់តែសាសន៍អ៊ីស្រាអែល។
២០. (ក) តើមានអ្វីអស្ចារ្យចំពោះព្រះវិហារទីពីរ? (ខ) អ្វីបង្ហាញថា ពួកយូដាមានទស្សនៈមិនត្រឹមត្រូវអំពីព្រះវិហារ ហើយតើព្រះយេស៊ូបានធ្វើអ្វីចំពោះការនេះ?
២០ ព្រះវិហារទីពីរនេះ បានទទួលឯកសិទ្ធិអស្ចារ្យ ដោយមានបុត្រារបស់ព្រះ ព្រះយេស៊ូគ្រីស្ទ បានបង្រៀននៅក្នុងទីលានទាំងនេះ។ ក៏ប៉ុន្តែ ដូចព្រះវិហារទីមួយដែរ ពួកយូដាជាទូទៅ ពុំមានទស្សនៈត្រឹមត្រូវទេ អំពីឯកសិទ្ធិរបស់គេជាអ្នកអាណាព្យាបាលនៃដំណាក់របស់ព្រះ។ ពីព្រោះ ពួកគេថែមទាំងអនុញ្ញាតឲ្យឈ្មួញលក់ដូរនៅក្នុងទីលាននៃសាសន៍ដទៃផង។ ម្យ៉ាងទៀត មនុស្សត្រូវបានអនុញ្ញាតឲ្យប្រើព្រះវិហារជាផ្លូវកាត់ ពេលដែលគេលីសែងរបស់របរជុំវិញយេរូសាឡិម។ បួនថ្ងៃមុននឹងទ្រង់សោយទិវង្គត ព្រះយេស៊ូបានបោសសំអាតការប្រព្រឹត្តខាងលោកីយ៍ទាំងនេះចេញពីព្រះវិហារ ដោយមានបន្ទូលម្ដងហើយម្ដងទៀតថា៖ «តើគ្មានសេចក្ដីចែងទុកមកទេឬអីថា ‹ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍›? ប៉ុន្តែ អ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ»។—ម៉ាកុស ១១:១៥-១៧
ព្រះបោះបង់ចោលដំណាក់របស់ទ្រង់នៅផែនដីជារហូត
២១. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីព្រះវិហារនៃយេរូសាឡិម?
២១ ដោយព្រោះតែកិច្ចការដ៏ក្លាហានរបស់ព្រះយេស៊ូ ក្នុងការលើកដំកើងការថ្វាយបង្គំពិតរបស់ព្រះ ពួកមេដឹកនាំសាសនាយូដា បានប្ដេជ្ញាចិត្តនឹងធ្វើគត់ដល់ទ្រង់។ (ម៉ាកុស ១១:១៨) ដោយដឹងថា បន្ដិចទៀត ទ្រង់នឹងត្រូវគេធ្វើគត់ ព្រះយេស៊ូបានមានបន្ទូលទៅពួកមេដឹកនាំសាសនាយូដាថា៖ «ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។ (ម៉ាថាយ ២៣:៣៧, ៣៨) នៅកន្លែងនេះ ទ្រង់បានបង្ហាញថា បន្ដិចទៀត ព្រះនឹងលែងទទួលយកការថ្វាយបង្គំដែលធ្វើឡើងនៅព្រះវិហារនៃយេរូសាឡិមនោះទៀត។ ព្រះវិហារនោះ នឹងលែងជា «ទីអធិស្ឋានសំរាប់គ្រប់អស់ទាំងសាសន៍»ទៀត។ កាលដែលសិស្សរបស់ទ្រង់ ចង្អុលប្រាប់ទ្រង់ ទៅព្រះវិហារដ៏ភ្លឺអស្ចារ្យនេះ ទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ? . . . នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ»។—ម៉ាថាយ ២៤:១, ២
២២. (ក) តើពាក្យបន្ទូលរបស់ព្រះយេស៊ូអំពីព្រះវិហារ បានសម្រេចយ៉ាងណា? (ខ) ជាជាងដាក់សេចក្ដីសង្ឃឹមរបស់គេទៅលើទីក្រុងនៃផែនដីនេះ តើពួកគ្រីស្ទានពីដើមបានស្វែងរកអ្វី?
២២ ៣៧ឆ្នាំក្រោយមក ទំនាយរបស់ព្រះយេស៊ូ បានសម្រេចនៅឆ្នាំ៧០ស.យ. នៅពេលដែលកងទ័ពរ៉ូម៉ាំងបានបំផ្លាញយេរូសាឡិមនិងព្រះវិហារនោះ។ នេះជាភស្តុតាងដ៏ជាក់ស្តែង បង្ហាញថាព្រះពិតជាបានបោះបង់ចោលដំណាក់របស់ទ្រង់នៅផែនដី។ ព្រះយេស៊ូមិនដែលទាយប្រាប់អំពីការសង់ព្រះវិហារមួយទៀតនៅក្នុងយេរូសាឡិមឡើយ។ ចំពោះក្រុងនៅផែនដីនោះ សាវ័កប៉ុលបានសរសេរទៅពួកគ្រីស្ទានហេព្រើរថា៖ «យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងស្វែងរកក្រុងនោះដែលត្រូវមក»។ (ហេព្រើរ ១៣:១៤) ពួកគ្រីស្ទានពីដើមរង់ចាំទទួលចំណែកក្នុង«ក្រុងយេរូសាឡិមនៃស្ថានសួគ៌»—គឺជាព្រះរាជាណាចក្ររបស់ព្រះដែលដូចក្រុង។ (ហេព្រើរ ១២:២២) ដូច្នេះហើយ ការថ្វាយបង្គំពិតនៃព្រះយេហូវ៉ា គឺលែងសំដៅចំពោះព្រះវិហារមែនទែននៅផែនដី។ នៅក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលការរៀបចំដ៏ល្អ ដែលព្រះបានធ្វើឡើង សំរាប់អស់អ្នកដែលចង់ថ្វាយបង្គំទ្រង់ «ដោយវិញ្ញាណ នឹងសេចក្ដីពិត»។—យ៉ូហាន ៤:២១, ២៤
សំនួរសំរាប់សួរឡើងវិញ
◻ អ័ដាមនិងអេវ៉ាបានបាត់បង់ទំនាក់ទំនងអ្វីជាមួយព្រះ?
◻ ហេតុអ្វីក៏លក្ខណៈផ្សេងៗនៃរោងឧបោសថ ចាប់អារម្មណ៍យើង?
◻ តើយើងរៀនអ្វីខ្លះ ពីសកម្មភាពនៅក្នុងទីលាននៃរោងឧបោសថ?
◻ ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យគេបំផ្លាញព្រះវិហាររបស់ទ្រង់?
[រូបភាពនៅទំព័រ៨, ៩]
ព្រះវិហារសង់ដោយស្តេចហេរ៉ូឌ
១. ទីបរិសុទ្ធបំផុត
២. ទីបរិសុទ្ធ
៣. អាសនានៃដង្វាយដុត
៤. សិតសមុទ្រ
៥. ទីលាននៃសង្ឃ
៦. ទីលាននៃអ៊ីស្រាអែល
៧. ទីលាននៃស្ត្រី