ការបំរើជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ
«អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែល . . . ប្រកាសប្រាប់ពីសេចក្ដីមេត្រី»។—អេសាយ ៥២:៧
១, ២. (ក) ដូចបានទាយមកក្នុងអេសាយ ៥២:៧ តើដំណឹងល្អអ្វីដែលនឹងត្រូវផ្សាយ? (ខ) តើពាក្យទំនាយរបស់អេសាយមានន័យយ៉ាងណា ចំពោះពួកអ៊ីស្រាអែលពីសម័យបុរាណ?
គឺមានដំណឹងល្អដើម្បីផ្សាយ! នេះជាដំណឹងនៃសន្ដិភាព—គឺសន្ដិភាពពិត។ នេះជាសារនៃសេចក្ដីសង្គ្រោះដែលទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះ។ ជាយូរយារមកហើយ ព្យាការីអេសាយបានសរសេរអំពីរឿងនេះ ហើយពាក្យរបស់គាត់ គឺបានកត់ទុកសំរាប់យើងនៅអេសាយ ៥២:៧ ដែលយើងអានថា៖ «អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា៖ ‹ព្រះនៃឯងទ្រង់សោយរាជ្យ›»!
២ ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីអេសាយកត់សារនោះ ទុកសំរាប់ជាប្រយោជន៍ដល់ពួកអ៊ីស្រាអែលពីសម័យបុរាណ និងសំរាប់ជាប្រយោជន៍ដល់យើងនៅសព្វថ្ងៃនេះ។ តើទំនាយនេះមានន័យយ៉ាងណា? នៅគ្រាដែលអេសាយបានសរសេរពាក្យទាំងនោះ ព្រះរាជាណាចក្រខាងជើងនៃអ៊ីស្រាអែល ប្រហែលជាត្រូវបានពួកអាសស៊ើរចាប់យកជាឈ្លើយរួចទៅហើយ។ ក្រោយមក ពួកបណ្ដាជនដែលរស់នៅក្នុងព្រះរាជាណាចក្រខាងត្បូងនៃស្រុកយូដា ក៏ត្រូវគេចាប់ជាឈ្លើយទៅស្រុកបាប៊ីឡូនដែរ។ នៅសម័យនោះ ជាគ្រាដ៏ឈឺចាប់និងដ៏ជ្រួលច្របល់ ពីព្រោះប្រជារាស្ត្រមិនបានគោរពតាមព្រះយេហូវ៉ា ដូច្នេះហើយបានជាពួកគេឥតមានសន្ដិភាពជាមួយព្រះទេ។ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ពួកគេមក ចរិយាដ៏មានបាបរបស់គេបានបណ្ដាលឲ្យមានការបែកខ្ញែករវាងពួកគេ និងព្រះដែរ។ (អេសាយ ៤២:២៤; ៥៩:២-៤) ប៉ុន្តែ តាមរយៈអេសាយ ព្រះយេហូវ៉ាបានទាយប្រាប់ថា ដល់គ្រាកំណត់ ទ្វារនៃក្រុងបាប៊ីឡូននឹងបើកចំហឡើង។ រាស្ត្ររបស់ព្រះនឹងអាចត្រឡប់ទៅស្រុករបស់គេ ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ ក្រុងស៊ីយ៉ូននឹងត្រូវបានកសាង ហើយការថ្វាយបង្គំនៃព្រះពិត នឹងមានឡើងវិញក្នុងក្រុងយេរូសាឡិម។—អេសាយ ៤៤:២៨; ៥២:១, ២
៣. តើតាមរបៀបណាដែលសេចក្ដីសន្យាចំពោះការស្ថាបនាអ៊ីស្រាអែលឡើងវិញ ក៏ជាទំនាយសន្ដិភាពដែរនោះ?
៣ សេចក្ដីសន្យាពីការរំដោះនេះ ក៏ជាទំនាយសន្ដិភាពដែរ។ ដោយបានត្រឡប់ទៅស្រុកដែលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែល នេះជាភស្តុតាងនៃសេចក្ដីមេត្ដាករុណារបស់ព្រះ និងការប្រែចិត្តរបស់គេ។ នេះបង្ហាញប្រាប់ថា ពួកគេមានសន្ដិភាពជាមួយព្រះ។—អេសាយ ១៤:១; ៤៨:១៧, ១៨
«ព្រះនៃឯងទ្រង់សោយរាជ្យ»!
៤. (ក) ក្នុងន័យយ៉ាងណាដែលអាចនិយាយថា‹ព្រះយេហូវ៉ាបានសោយរាជ្យ› ក្នុងឆ្នាំ៥៣៧ម.ស.យ.? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រើមធ្យោបាយ សំរាប់ជាប្រយោជន៍ដល់រាស្ត្រទ្រង់ក្នុងឆ្នាំក្រោយៗមក?
៤ នៅពេលដែលព្រះយេហូវ៉ាបានធ្វើការរំដោះនេះក្នុងឆ្នាំ៥៣៧ម.ស.យ. សេចក្ដីប្រកាសនោះអាចសំដៅដល់ក្រុងស៊ីយ៉ូនដោយសមហេតុផលថា៖ «ព្រះនៃឯង ទ្រង់សោយរាជ្យ»ហើយ! ពិតណាស់ ព្រះយេហូវ៉ាជា‹ព្រះមហាក្សត្រនៃភាពអស់កល្បជានិច្ច›។ (វិវរណៈ ១៥:៣) ប៉ុន្តែ ការរំដោះប្រជារាស្ត្រទ្រង់នេះ ជាការសម្ដែងថ្មីនូវអធិបតេយ្យភាពរបស់ទ្រង់។ តាមរបៀបដ៏អស្ចារ្យ ការរំដោះនេះបង្ហាញនូវភាពខ្ពង់ខ្ពស់នៃព្រះចេស្ដារបស់ទ្រង់ ទៅលើចក្រភពដ៏ខ្លាំងបំផុតរបស់មនុស្ស ដែលមាននៅជំនាន់នោះ។ (យេរេមា ៥១:៥៦, ៥៧) ដោយសារសហប្រតិបត្ដិការនៃវិញ្ញាណរបស់ព្រះយេហូវ៉ា អំពើក្បត់ផ្សេងៗដែលទាស់នឹងរាស្ត្រទ្រង់ ត្រូវបានធ្វើឲ្យសាបសូន្យទាំងអស់។ (នាងអេសធើរ ៩:២៤, ២៥) ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានធ្វើអន្តរាគមន៍តាមរបៀបផ្សេងៗ ដើម្បីបណ្ដាលឲ្យស្តេចនៃសាសន៍មេឌី-ពើស៊ី អនុលោមតាមព្រះហឫទ័យរបស់ទ្រង់។ (សាការី ៤:៦) ព្រឹត្ដិការណ៍ដ៏អស្ចារ្យដែលបានកើតឡើងក្នុងសម័យនោះ ត្រូវបានកត់ទុកសំរាប់យើងក្នុងសៀវភៅព្រះគម្ពីរអែសរ៉ា នេហេមា នាងអេសធើរ ហាកាយ សាការី។ ហើយការពិនិត្យមើលរឿងនេះឡើងវិញ ជាការពង្រឹងជំនឿរបស់យើង!
៥. តើអេសាយ ៥២:១៣–៥៣:១២ សំដៅចំពោះព្រឹត្ដិការណ៍សំខាន់អ្វី?
៥ ប៉ុន្តែ អ្វីៗដែលបានកើតឡើងក្នុងឆ្នាំ៥៣៧ម.ស.យ. ហើយក្រោយមកនោះ គ្រាន់តែជាដើមចមប៉ុណ្ណោះ។ បន្ទាប់ពីទំនាយនៃការស្ថាបនាឡើងវិញក្នុងជំពូក៥២ អេសាយបានសរសេរអំពីការយាងមកនៃព្រះមេស្ស៊ី។ (អេសាយ ៥២:១៣–៥៣:១២) តាមរយៈព្រះមេស្ស៊ី ដែលភស្តុតាងបង្ហាញថាជាព្រះយេស៊ូគ្រីស្ទ ព្រះយេហូវ៉ានឹងផ្ដល់សារនៃការរំដោះនិងសន្ដិភាព ដែលមានសារៈសំខាន់ជាងអ្វីដែលបានកើតឡើងក្នុងឆ្នាំ៥៣៧ ម.ស.យ.ទៅទៀត។
អ្នកនាំសារដ៏ឧត្តមនៃសន្ដិភាពរបស់ព្រះយេហូវ៉ា
៦. តើអ្នកណាជាអ្នកនាំសារដ៏ឧត្តមនៃសន្ដិភាពរបស់ព្រះយេហូវ៉ា ហើយតើមុខងារអ្វីខ្លះដែលទ្រង់បានមានបន្ទូលអំពីអង្គទ្រង់?
៦ ព្រះយេស៊ូគ្រីស្ទ ជាអ្នកនាំសារដ៏ឧត្តមនៃសន្ដិភាពរបស់ព្រះយេហូវ៉ា។ ទ្រង់ជាបន្ទូលរបស់ព្រះ គឺជាអ្នកនាំសារផ្ទាល់របស់ព្រះយេហូវ៉ា។ (យ៉ូហាន ១:១៤) ដោយសមស្របនឹងរឿងនេះ មិនយូរប៉ុន្មានក្រោយពីបានធ្វើបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់មក ព្រះយេស៊ូបានឈរក្នុងសាលាប្រជុំនៃភូមិណាសារ៉ែត ហើយអានដ៏ឮៗអំពីមុខងាររបស់ទ្រង់ ចេញពីអេសាយជំពូក៦១។ មុខងារនោះបញ្ជាក់ថា ទ្រង់ត្រូវបានចាត់មកដើម្បីឲ្យផ្សាយអំពី«ការរំដោះ» និង «សេចក្ដីបំភ្លឺឡើងវិញ» ព្រមទាំងអំពីឱកាសសំរាប់ធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ ប៉ុន្តែ ព្រះយេស៊ូមិនគ្រាន់តែផ្សាយសារសន្ដិភាពប៉ុណ្ណោះឡើយ។ ព្រះក៏បានបញ្ជូនទ្រង់មកឲ្យផ្ដល់មូលដ្ឋានសំរាប់សន្ដិភាពជាស្ថាពរដែរ។—លូកា ៤:១៦-២១
៧. ដោយសារព្រះយេស៊ូគ្រីស្ទ តើមានលទ្ធផលយ៉ាងណាពីការមានសន្ដិភាពជាមួយព្រះ?
៧ នៅពេលព្រះយេស៊ូបានប្រសូតមក មានពួកទេវតាជាច្រើនបានលេចខ្លួនឲ្យពួកអ្នកគង្វាលឃើញជិតក្រុងបេថ្លេហិម ដែលសរសើរព្រះ ដោយនិយាយថា៖ «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដីនៅកណ្ដាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»។ (លូកា ២:៨, ១៣, ១៤) មែនហើយ ចំពោះអស់អ្នកដែលគាប់ព្រះហឫទ័យព្រះ នឹងមានសន្ដិភាព ពីព្រោះពួកគេបានអនុវត្តជំនឿទៅលើសំវិធានការ ដែលទ្រង់បានធ្វើមកតាមរយៈរាជបុត្រារបស់ទ្រង់។ តើសេចក្ដីនេះមានន័យយ៉ាងណា? នេះនឹងមានន័យថា ទោះបីជាមនុស្សកើតមកមានបាបក៏ដោយ ពួកគេអាចមានឋានៈស្អាតស្អំជាមួយព្រះ ហើយអាចមានទំនាក់ទំនងដែលទ្រង់សព្វព្រះហឫទ័យ។ (រ៉ូម ៥:១) ពួកគេអាចមានការស្ងប់ស្ងៀម និងសន្ដិភាពក្នុងចិត្ត ដែលមិនអាចមានឡើងតាមរបៀបណាទៀតឡើយ។ ដល់គ្រាកំណត់របស់ព្រះ គឺនឹងមានការរំដោះឲ្យចេញពីឥទ្ធិពលនៃអំពើបាប ដែលយើងទទួលពីអ័ដាម រួមទាំងជម្ងឺនិងសេចក្ដីស្លាប់។ មនុស្សលោកនឹងលែងខ្វាក់ ឬថ្លង់ ឬពិការទៀតឡើយ។ ភាពទន់ខ្សោយ និងការខូចសតិបញ្ញា នឹងត្រូវយកចេញជាអចិន្ត្រៃយ៍។ នេះនឹងធ្វើឲ្យយើងអាចប្រកបជីវិតដោយល្អគ្រប់ល័ក្ខណ៍ជារៀងរហូតទៅ។—អេសាយ ៣៣:២៤; ម៉ាថាយ ៩:៣៥; យ៉ូហាន ៣:១៦
៨. តើសន្ដិភាពរបស់ព្រះបានផ្ដល់ឲ្យទៅពួកណា?
៨ តើសន្ដិភាពរបស់ព្រះផ្ដល់ទៅឲ្យពួកណា? គឺផ្ដល់ឲ្យពួកអ្នកដែលអនុវត្តជំនឿទៅលើព្រះយេស៊ូគ្រីស្ទ។ សាវ័កប៉ុលបានសរសេរថា‹ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដី ក្នុងព្រះគ្រីស្ទ ឲ្យបានជ្សះផ្សារគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃបង្គោលឈើទារុណកម្ម›។ សាវ័កបាននិយាយទៀតថា ការផ្សះផ្សានេះនឹងទាក់ទង «របស់នៅស្ថានសួគ៌»—នោះគឺជាពួកអ្នកដែលនឹងទទួលមរតកជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ ហើយក៏ទាក់ទងនឹង‹របស់នៅផែនដី›ដែរ—នោះគឺជាអស់អ្នកដែលបានអនុញ្ញាតនូវឱកាសរស់នៅជារហូតលើផែនដី នៅពេលបានទៅជាសួនមនោរម្យពេញលេញ។ (កូល៉ុស ១:១៩, ២០) ដោយសារពួកគេបានឆ្លៀតយកប្រយោជន៍ពីតម្លៃយញ្ញបូជារបស់ព្រះយេស៊ូ ហើយពីព្រោះពួកគេគោរពតាមព្រះដោយស្មោះ ពួកអ្នកទាំងនេះអាចមានមិត្តភាពយ៉ាងកក់ក្ដៅជាមួយព្រះ។—ប្រៀបធៀប យ៉ាកុប ២:២២, ២៣
៩. (ក) តើសន្ដិភាពជាមួយព្រះមានឥទ្ធិពលលើទំនាក់ទំនងណាទៀត? (ខ) ដោយចង់បានសន្ដិភាពពិតជាស្ថាពរនៅគ្រប់កន្លែង តើព្រះយេហូវ៉ាបានប្រគល់ឲ្យរាជបុត្រាទ្រង់មានអំណាចអ្វី?
៩ ការមានសន្ដិភាពបែបនេះជាមួយព្រះគឺសំខាន់ណាស់! បើសិនជាមិនមានសន្ដិភាពបែបនេះជាមួយព្រះទេ នោះគឺមិនអាចមានសន្ដិភាពជាស្ថាពរឬដ៏ខ្លឹមសារក្នុងទំនាក់ទំនងឯណាទៀតឡើយ។ សន្ដិភាពជាមួយព្រះយេហូវ៉ាគឺជាគ្រឹះសំរាប់សន្ដិភាពនៅលើផែនដី។ (អេសាយ ៥៧:១៩-២១) ជាការសមហេតុផលណាស់ ព្រះយេស៊ូគ្រីស្ទជាម្ចាស់នៃមេត្រីភាព។ (អេសាយ ៩:៦) តាមរយៈបុគ្គលនេះដែលមនុស្សអាចផ្សះផ្សាជាមួយព្រះបាន ហើយព្រះយេហូវ៉ាបានប្រគល់ឲ្យអំណាចគ្រប់គ្រងដល់ទ្រង់។ (ដានីយ៉ែល ៧:១៣, ១៤) ហើយចំពោះលទ្ធផលនៃការគ្រប់គ្រងរបស់ព្រះយេស៊ូទៅលើមនុស្សលោក ព្រះយេហូវ៉ាសន្យាថា៖ «សេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុត»។—អេសាយ ៩:៧; ទំនុកដំកើង ៧២:៧
១០. តើតាមរបៀបណាដែលព្រះយេស៊ូបានទុកជាគំរូនៃការផ្សាយសារសន្ដិភាពរបស់ព្រះ?
១០ មនុស្សលោកទាំងឡាយត្រូវការសារសន្ដិភាពរបស់ព្រះ។ ព្រះយេស៊ូទ្រង់ផ្ទាល់បានទុកគំរូក្នុងការផ្សាយអំពីសារនេះយ៉ាងខ្នះខ្នែង។ ទ្រង់បានផ្សាយនៅកន្លែងព្រះវិហារក្នុងក្រុងយេរូសាឡិម តាមជើងភ្នំ តាមផ្លូវ បានផ្សាយដល់ស្ត្រីសាសន៍សាម៉ារីនៅឯមាត់អណ្ដូង ហើយក៏បានផ្សាយនៅតាមផ្ទះមនុស្សទៀតផង។ នៅកន្លែងណាក៏ដោយដែលមានមនុស្ស ព្រះយេស៊ូបានយកឱកាសផ្សាយអំពីសន្ដិភាពនិងអំពីព្រះរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ៤:១៨, ១៩; ៥:១, ២; ៩:៩; ២៦:៥៥; ម៉ាកុស ៦:៣៤; លូកា ១៩:១-១០; យ៉ូហាន ៤:៥-២៦
បង្ហាត់បង្រៀនឲ្យដើរតាមជំហានរបស់ព្រះគ្រីស្ទ
១១. តើព្រះយេស៊ូបានបង្រៀនសិស្សទ្រង់ឲ្យធ្វើអ្វី?
១១ ព្រះយេស៊ូបានបង្រៀនពួកសិស្សទ្រង់ឲ្យផ្សាយអំពីសារសន្ដិភាពរបស់ព្រះ។ ដូចព្រះយេស៊ូ ដែលជា«ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»របស់ព្រះយេហូវ៉ា ពួកគេក៏ទទួលស្គាល់ថាគេមានភារៈធ្វើបន្ទាល់ដែរ។ (វិវរណៈ ៣:១៤; អេសាយ ៤៣:១០-១២) ពួកគេបែរទៅរកព្រះគ្រីស្ទជាមេដឹកនាំរបស់គេ។
១២. តើតាមរបៀបណាដែលប៉ុលបង្ហាញនូវសារៈសំខាន់នៃសកម្មភាពផ្សាយ?
១២ សាវ័កប៉ុលបានពន្យល់អំពីសារៈសំខាន់នៃសកម្មភាពផ្សាយនេះ ដោយនិយាយថា៖ «ពីព្រោះគម្ពីរថា ‹អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ›»។ នោះមានសេចក្ដីថា គ្មានអ្នកណាម្នាក់ដែលអនុវត្តជំនឿលើព្រះយេស៊ូគ្រីស្ទ ជាមេសង្គ្រោះរបស់ព្រះយេហូវ៉ា នឹងត្រូវខកចិត្តឡើយ។ ហើយគ្មានអ្នកណាមួយនឹងត្រូវឥតមានសិទ្ធិផ្សាយ ដោយសារសាសន៍នោះឡើយ ដ្បិតប៉ុលនិយាយទៀតថា៖ «ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា ‹គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ›»។ (រ៉ូម ១០:១១-១៣) ប៉ុន្តែ តើមនុស្សនឹងរៀនដឹងអំពីឱកាសនេះដោយដូចម្ដេច?
១៣. តើត្រូវតែមានអ្វីដើម្បីឲ្យអាចឮដំណឹងល្អ ហើយតាមរបៀបណាដែលពួកគ្រីស្ទាននៅសតវត្សទីមួយតបឆ្លើយដល់សេចក្ដីត្រូវការនេះ?
១៣ ប៉ុលបានវែកញែកនឹងសេចក្ដីត្រូវការនៃពួកអ្នកផ្សាយដំណឹងល្អ ដោយសួរសំនួរដែលអ្នកបំរើព្រះយេហូវ៉ាគ្រប់គ្នាត្រូវតែពិចារណាមើល។ សាវ័កប៉ុលបានសួរថា៖ «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន? ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន? ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ? មួយទៀត ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ»? (រ៉ូម ១០:១៤, ១៥) ប្រវត្ដិសាស្ត្រនៃសាសនាគ្រីស្ទានពីដើម ផ្ដល់នូវភស្តុតាងយ៉ាងច្បាស់ថា មនុស្សប្រុសស្រី ក្មេងនិងចាស់ បានធ្វើតាមគំរូរបស់ព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់។ ពួកគេបានក្លាយទៅជាអ្នកផ្សាយដំណឹងល្អដ៏ខ្នះខ្នែង។ ដោយយកត្រាប់តាមព្រះយេស៊ូ ពួកគេបានផ្សាយដល់មនុស្សនៅកន្លែងផ្សេងៗ។ ដោយសារពួកគេមិនចង់បំភ្លេចបុគ្គលណាម្នាក់ ពួកគេអនុវត្តកិច្ចផ្សាយរបស់គេនៅកន្លែងសាធារណៈ ហើយពីផ្ទះមួយទៅផ្ទះមួយ។—កិច្ចការ ១៧:១៧; ២០:២០
១៤. តើតាមរបៀបណាដែល«ជើង»នៃពួកអ្នកដែលផ្សាយដំណឹងល្អជារបស់ដ៏«ល្អប្រពៃ»?
១៤ ប្រាកដហើយ មិនមែនមនុស្សគ្រប់គ្នាទទួលពួកអ្នកផ្សាយគ្រីស្ទានដោយរាក់ទាក់ឡើយ។ យ៉ាងណាក៏ដោយ សេចក្ដីសម្រង់របស់ប៉ុលចេញពីអេសាយ ៥២:៧ បង្ហាញឲ្យឃើញជាពិតមែន។ ក្រោយពីបានសួរសំនួរថា៖ ‹ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅនោះ›? គាត់បាននិយាយបន្ថែមថា៖ «ដូចជាមានសេចក្ដីចែងទុកមកថា ‹ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎›»! យើងគ្រប់គ្នាមិនគិតថា ជើងរបស់យើងជាអ្វីដែលល្អប្រពៃទេ។ ដូច្នេះ តើបទគម្ពីរនេះមានន័យយ៉ាងណា? គឺជាជើងនោះហើយដែលបណ្ដាលឲ្យបុគ្គលម្នាក់ទៅផ្សាយដល់អ្នកដទៃ។ ជើងបែបនេះគឺតំណាងបុគ្គលម្នាក់។ ហើយយើងអាចដឹងជាប្រាកដថា មនុស្សជាច្រើនដែលបានឮដំណឹងល្អពីពួកសាវ័កនិងពួកសិស្សក្នុងសតវត្សទីមួយរបស់ព្រះយេស៊ូគ្រីស្ទ គឺច្បាស់ជាមើលទៅឃើញថាល្អប្រពៃមែន។ (កិច្ចការ ១៦:១៣-១៥) អ្វីដែលសំខាន់ជាងនោះទៅទៀត នោះគឺពួកគេមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ។
១៥, ១៦. (ក) តើតាមរបៀបណាដែលពួកគ្រីស្ទានពីដើមបង្ហាញថាគេពិតជាពួកអ្នកនាំសារសន្ដិភាព? (ខ) តើអ្វីដែលអាចជួយយើងឲ្យអនុវត្តកិច្ចផ្សាយរបស់យើងតាមរបៀបដែលពួកគ្រីស្ទាននៅសតវត្សទីមួយធ្វើនោះ?
១៥ ពួកអ្នកកាន់តាមព្រះយេស៊ូមានសារសន្ដិភាព ហើយពួកគេយកសារនោះទៅផ្សាយតាមសន្ដិវិធី។ ព្រះយេស៊ូបានប្រទានឲ្យសិស្សទ្រង់នូវសេចក្ដីបង្គាប់នេះថា៖ «ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា ‹សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត›។ បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសន្ដិភាព នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ»។ (លូកា ១០:៥, ៦) ពាក្យឆាឡុម ឬ «សេចក្ដីសុខសាន្ត» នេះជាពាក្យគំនាប់គ្នានៃពួកយូដា។ ប៉ុន្តែ សេចក្ដីបង្គាប់របស់ព្រះយេស៊ូមានទាក់ទងច្រើនជាងនេះទៅទៀត។ ជា«ទូតដំណាងព្រះគ្រីស្ទ» ពួកសិស្សចាក់ប្រេងតាំងរបស់ទ្រង់ បានដាស់តឿនមនុស្សថា៖ «ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»។ (កូរិនថូសទី២ ៥:២០) ស្របតាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ពួកគេបានផ្សាយប្រាប់មនុស្សអំពីព្រះរាជាណាចក្ររបស់ព្រះ ហើយអំពីអ្វីៗដែលអាចមានន័យដល់ពួកគេដែរ។ ពួកអ្នកដែលបានស្ដាប់សារនោះ ទទួលបានពរ ហើយពួកអ្នកដែលបដិសេធសារនោះ មិនទទួលបានពរទេ។
១៦ ស្មរបន្ទាល់ព្រះយេហូវ៉ាប្រកបកិច្ចបំរើផ្សាយរបស់គេតាមរបៀបនេះដែរ។ ដំណឹងល្អដែលគេយកទៅប្រាប់មនុស្ស គឺមិនមែនជាសាររបស់គេទេ គឺជារបស់ផងបុគ្គលដែលបានបញ្ជូនពួកគេនោះ។ មុខងាររបស់គេគឺជាអ្នកនាំយកសារ។ បើសិនណាមនុស្សទទួលយកសារនោះ ពួកគេនឹងទទួលបានពរដ៏អស្ចារ្យ។ បើសិនជាពួកគេបដិសេធសារនោះ ពួកគេបដិសេធសន្ដិភាពជាមួយព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។—លូកា ១០:១៦
ការមានសន្ដិភាពក្នុងពិភពលោកដែលច្របូកច្របល់
១៧. សូម្បីនៅពេលជួបមនុស្សដែលប្រមាថមើលងាយក៏ដោយ តើយើងគួរកាន់មារយាទតាមរបៀបណា ហើយហេតុអ្វី?
១៧ ទោះបីមនុស្សប្រព្រឹត្តយ៉ាងណាក៏ដោយ ជាការសំខាន់ណាស់ដែលស្មរបន្ទាល់ព្រះយេហូវ៉ា ត្រូវចងចាំថា ពួកគេជាពួកអ្នកនាំសារសន្ដិភាពរបស់ព្រះ។ មនុស្សក្នុងលោកីយ៍ប្រហែលជាប្រកែកហើយសម្ដែងកំហឹងយ៉ាងខ្លាំងរបស់គេ ដោយនិយាយបញ្ឈឺ ឬដោយជេរប្រមាថដល់មនុស្សដែលធ្វើឲ្យគេខឹង។ ប្រហែលជាយើងខ្លះធ្លាប់ប្រព្រឹត្តបែបនេះពីមុនដែរ។ ប៉ុន្តែ បើសិនជាយើងបានពាក់បុគ្គលិកលក្ខណៈថ្មី ហើយឥឡូវនេះមិនមែនជាផ្នែកនៃលោកីយ៍នេះ យើងក៏នឹងមិនធ្វើតាមផ្លូវរបស់គេដែរ។ (អេភេសូរ ៤:២៣, ២៤, ៣១; យ៉ាកុប ១:១៩, ២០) មិនថាគេប្រព្រឹត្តយ៉ាងណាក៏ដោយ យើងនឹងធ្វើតាមឱវាទនេះថា៖ «ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន»។—រ៉ូម ១២:១៨
១៨. តើយើងត្រូវប្រព្រឹត្តយ៉ាងណា បើមន្ត្រីផ្លូវការមានចិត្តឃោរឃៅនឹងយើង ហើយហេតុអ្វី?
១៨ នៅពេលខ្លះកិច្ចបំរើផ្សាយរបស់យើង អាចនាំយើងទៅជួបមន្ត្រីផ្លូវការ។ ក្នុងការសម្ដែងអំណាចរបស់គេ ពួកគេអាច‹ទាមទារយើង›ឲ្យពន្យល់នូវមូលហេតុដែលយើងធ្វើអ្វីមួយ ឬហេតុអ្វីបានជាយើងមិនចូលធ្វើក្នុងសកម្មភាពណាមួយ។ ពួកគេប្រហែលជាចង់ដឹងនូវមូលហេតុដែលយើងផ្សាយសាររបស់យើង—ដែលយើងលាតត្រដាងសាសនាក្លែងក្លាយ ហើយប្រាប់អំពីការបញ្ចប់នៃរបបសម័យនេះ។ ការគោរពតាមគំរូរបស់ព្រះយេស៊ូ នឹងធ្វើឲ្យយើងសម្ដែងចិត្តស្លូតបូតនិងសេចក្ដីគោរពយ៉ាងជ្រាលជ្រៅ។ (ពេត្រុសទី១ ២:២៣; ៣:១៥) ជាញឹកញាប់ មន្ត្រីបែបនេះតែងមានការបង្ខិតបង្ខំពីពួកបព្វជិតឬពីមេដឹកនាំរបស់គេ។ ការតបឆ្លើយដ៏ស្លូតបូតអាចជួយពួកគេឲ្យយោគយល់ដល់សកម្មភាពរបស់យើង ថាមិនគំរាមកំហែងដល់ពួកគេឬដល់សន្ដិភាពសហគមន៍។ ការតបឆ្លើយបែបនេះ អាចធ្វើឲ្យមានគតិនៃសេចក្ដីគោរព សហប្រតិបត្ដិការ និងសន្ដិភាពដល់អស់អ្នកដែលទទួលយកសារនោះ។—ទីតុស ៣:១, ២
១៩. ក្នុងសកម្មភាពអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាមិនដែលចូលរួមប្រព្រឹត្ត?
១៩ ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវបានគេស្គាល់ពេញពាសផែនដី ជាពួកមនុស្សដែលឥតចូលឡូកឡំក្នុងទំនាស់នៃលោកីយ៍នេះ។ ពួកគេមិនចូលទាក់ទងក្នុងទំនាស់នៃលោកីយ៍ចំពោះជាតិ សាសនា ឬនយោបាយឡើយ។ (យ៉ូហាន ១៧:១៤) ពីព្រោះបន្ទូលរបស់ព្រះដឹកនាំយើងឲ្យ«ចុះចូលនឹងរាជការ» នោះយើងនឹងមិនគិតចូលរួមក្នុងសកម្មភាពបះបោរណាមួយ ដើម្បីប្រឆាំងនយោបាយរដ្ឋឡើយ។ (រ៉ូម ១៣:១) ស្មរបន្ទាល់ព្រះយេហូវ៉ាមិនដែលចូលរួមនឹងចលនាណា ដែលចង់បោះទម្លាក់រដ្ឋាភិបាលទេ។ ពីព្រោះខ្នាតគំរូដែលព្រះយេហូវ៉ាបានដាក់មកសំរាប់អ្នកបំរើគ្រីស្ទានរបស់ទ្រង់ គេមិនទាំងនឹកគិតអំពីការចូលរួមបង្ហូរឈាមឬអំពើឃោរឃៅណាមួយឡើយ! ពួកគ្រីស្ទានពិតមិនគ្រាន់តែនិយាយអំពីសន្ដិភាព តែពួកគេប្រកបជីវិតស្របទៅតាមអ្វីដែលគេផ្សាយ។
២០. ចំពោះរឿងសន្ដិភាព តើបាប៊ីឡូនដ៏ធំមានប្រវត្ដិសាស្ត្រយ៉ាងណា?
២០ បើប្រៀបធៀបនឹងពួកគ្រីស្ទានពិត អស់អ្នកដែលតំណាងអង្គការសាសនានៃពិភពគ្រីស្ទសាសនា គឺមិនបានបង្ហាញថាខ្លួនជាពួកអ្នកនាំសារសន្ដិភាពទេ។ សាសនានៃបាប៊ីឡូនដ៏ធំ—គឺពិភពគ្រីស្ទសាសនានិងសាសនាដែលឥតគ្រីស្ទាន—បានបណ្ដោយឲ្យមាន បានគាំទ្រ ហើយព្រមទាំងបាននាំមុខក្នុងសង្គ្រាមនៃសាសន៍ទាំងឡាយផង។ ពួកគេក៏បានចាក់រុកឲ្យមានការបៀតបៀន ហើយថែមទាំងសម្លាប់ពួកអ្នកបំរើនៃព្រះយេហូវ៉ាទៀត។ ដូច្នេះ ចំពោះបាប៊ីឡូនដ៏ធំ វិវរណៈ ១៨:២៤ ប្រកាសថា៖ «រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា នឹងពួកបរិសុទ្ធ ហើយនឹងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ»។
២១. តើមនុស្សស្មោះត្រង់ជាច្រើនប្រតិកម្មយ៉ាងដូចម្ដេច នៅពេលគេឃើញនូវភាពខុសគ្នារវាងអាកប្បកិរិយានៃរាស្ត្ររបស់ព្រះយេហូវ៉ា និងអស់អ្នកដែលកាន់សាសនាក្លែងក្លាយ?
២១ មិនដូចនិកាយទាំងឡាយនៃពិភពគ្រីស្ទសាសនា ហើយបាប៊ីឡូនដ៏ធំនោះ សាសនាពិតមានកម្លាំងសាមគ្គីភាពដ៏ល្អ។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលទៅពួកកាន់តាមទ្រង់ថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) នោះជាសេចក្ដីស្រឡាញ់ដែលខំពុះពារឈ្នះលើសាសន៍ សង្គម សេដ្ឋកិច្ច និងការបែងចែកតំបន់ដែលធ្វើឲ្យមនុស្សលោកដាច់ពីគ្នា។ ដោយបានឃើញរឿងនេះ មនុស្សរាប់លាននាក់ជុំវិញផែនដី គឺកំពុងតែនិយាយដល់ពួកអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាការី ៨:២៣
២២. តើយើងត្រូវមានគំនិតយ៉ាងណា ចំពោះកិច្ចការផ្សាយដែលមិនទាន់បានសម្រេចនៅឡើយ?
២២ ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមានចិត្តរីករាយយ៉ាងខ្លាំងនឹងអ្វីៗដែលបានសម្រេច ប៉ុន្តែកិច្ចការផ្សាយនេះមិនទាន់បានសម្រេចទេ។ កសិករម្នាក់នឹងមិនឈប់ធ្វើការទេ ក្រោយពីបានដាំពូជនិងបណ្ដុះដំណាំក្នុងចំការរបស់គាត់។ គាត់នៅតែខំធ្វើការជានិច្ច ជាពិសេសក្នុងកំពូលនៃរដូវច្រូត។ រដូវច្រូតតម្រូវការខំប្រឹងធ្វើការ។ ហើយឥឡូវនេះ គឺមានការច្រូតជាច្រើនជាងសម័យមុនៗទៅទៀតនៃពួកអ្នកថ្វាយបង្គំនៃព្រះពិត។ នេះជាគ្រានៃការសប្បាយរីករាយ។ (អេសាយ ៩:៣) មែនហើយ យើងបានជួបប្រទះនឹងការប្រឆាំងនិងភាពកន្តើយ។ ជាបុគ្គលម្នាក់ យើងប្រហែលជាខំពុះពារនឹងជម្ងឺដ៏ធ្ងន់ធ្ងរមួយ ស្ថានការណ៍ក្នុងគ្រួសារដ៏ពិបាក ឬក៏ការពិបាករកស៊ីចិញ្ចឹមជីវិត។ ប៉ុន្តែ សេចក្ដីស្រឡាញ់ព្រះយេហូវ៉ានឹងជំរុញយើងឲ្យខំព្យាយាម។ សារដែលព្រះបានប្រគល់ឲ្យយើងនោះ គឺជាអ្វីមួយដែលមនុស្សលោកត្រូវការជាចាំបាច់។ នេះជាសារនៃសន្ដិភាព។ មែនហើយ នេះជាសារដែលព្រះយេស៊ូអង្គទ្រង់បានផ្សាយ—ដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអេសាយ ៥២:៧ មានសេចក្ដីសម្រេចយ៉ាងណាលើពួកអ៊ីស្រាអែលពីសម័យបុរាណ?
◻ តើតាមរបៀបណាដែលព្រះយេស៊ូបង្ហាញថាទ្រង់ជាអ្នកនាំសារសន្ដិភាពដ៏ឧត្តមម្នាក់?
◻ តើតាមរបៀបណាដែលសាវ័កប៉ុលភ្ជាប់អេសាយ ៥២:៧ ជាមួយនឹងកិច្ចការដែលពួកគ្រីស្ទានធ្វើ?
◻ តើអ្នកនាំសារសន្ដិភាពក្នុងសម័យយើងនេះ ជាប់ទាក់ទងអ្វីខ្លះ?