រក្សាទុកថ្ងៃនៃព្រះយេហូវ៉ាឲ្យជាប់ក្នុងគំនិត
«នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក»។—ពេត្រុសទី២ ៣:៣
១. តើការដឹងនៃភាពជាបន្ទាន់អ្វី ដែលគ្រីស្ទានម្នាក់នៅសម័យនេះមាន?
អ្នកបំរើពេញពេលអស់រយ:៦៦ឆ្នាំមកហើយ បានសរសេរថា៖ «ខ្ញុំតែងតែមានអារម្មណ៍នូវភាពបន្ទាន់ជានិច្ច។ អើម៉ាគេដូនតែងនៅក្នុងគំនិតរបស់ខ្ញុំ ថានឹងជិតមកដល់ហើយ។ (វិវរណៈ ១៦:១៤, ១៦) ដូចជាឪពុកនិងជីតារបស់ខ្ញុំ ខ្ញុំបានប្រកបជីវភាពរបស់ខ្ញុំ ដូចសាវ័ក[ពេត្រុស]បានដាស់តឿន ‹ចូររក្សាទុកជាប់ក្នុងគំនិតអំពីវត្តមាននៃថ្ងៃរបស់ព្រះយេហូវ៉ា›។ ខ្ញុំតែងតែចាត់ទុកថា ពិភពលោកថ្មីដែលបានសន្យាមក ជា‹ការជាក់ស្តែងដែលមើលមិនឃើញ›»។—ពេត្រុសទី២ ៣:១១, ១២; ហេព្រើរ ១១:១; អេសាយ ១១:៦-៩; វិវរណៈ ២១:៣, ៤
២. តើមានន័យយ៉ាងណាក្នុងការរក្សាទុកថ្ងៃនៃព្រះយេហូវ៉ា?
២ សេចក្ដីចែងរបស់ពេត្រុស ‹រក្សាទុក្ខជាប់ក្នុងគំនិត› ដែលសំដៅទៅថ្ងៃនៃព្រះយេហូវ៉ា មានន័យថា យើងមិនបោះចេញពីគំនិតរបស់យើងទេ។ យើងមិនត្រូវភ្លេចថាថ្ងៃដែលព្រះយេហូវ៉ានឹងកំទេចរបបលោកីយ៍នេះ ដែលជាការចាប់ផ្ដើមស្ថាបនាពិភពលោកថ្មីរបស់ទ្រង់ដែលបានសន្យាមក គឺកាន់តែជិតណាស់ហើយ។ ថ្ងៃនេះគួរតែជាការពិតចំពោះយើង ដែលឃើញយ៉ាងច្បាស់ នៅខាងមុខយើងភ្លាមនេះ។ នោះគឺជាការពិតណាស់ដល់ពួកព្យាការីនៃព្រះនៅសម័យដើម ហើយគេតែងតែនិយាយអំពីថ្ងៃនេះ ថាកាន់តែជិតណាស់ហើយ។—អេសាយ ១៣:៦; យ៉ូអែល ១:១៥; ២:១; អូបាឌា ១៥; សេផានា ១:៧, ១៤
៣. តើអ្វីតាមមើលទៅដែលបណ្ដាលឲ្យពេត្រុសផ្ដល់ឱវាទចំពោះថ្ងៃនៃព្រះយេហូវ៉ា?
៣ ហេតុអ្វីក៏ពេត្រុសដាស់តឿនយើងឲ្យចាត់ទុកថ្ងៃនៃព្រះយេហូវ៉ា ដូចជាអាចមកដល់ បើនិយាយជាប្រៀបប្រដូច «នៅខានស្អែក»ដូច្នេះ? ពីព្រោះមនុស្សខ្លះបានចាប់ផ្ដើមចំអក ដល់គំនិតនៃវត្តមានរបស់ព្រះគ្រីស្ទដែលបានសន្យាមក ដែលពួកមនុស្សប្រព្រឹត្តអាក្រក់នឹងត្រូវទទួលទណ្ឌកម្ម។ (ពេត្រុសទី២ ៣:៣, ៤) ដូច្នេះ ក្នុងជំពូក ៣ នៃសំបុត្រទីពីររបស់គាត់ ដែលយើងនឹងពិចារណាមើលឥឡូវ ពេត្រុសឆ្លើយតបដល់ការចោទនៃពួកមនុស្សចំអកទាំងនេះ។
សំណូមពរដ៏កក់ក្ដៅឲ្យនឹកចាំ
៤. តើអ្វីដែលពេត្រុសចង់ឲ្យយើងនឹកចាំ?
៤ សេចក្ដីស្រឡាញ់របស់ពេត្រុសចំពោះបងប្អូនរបស់គាត់ បានត្រូវបង្ហាញឲ្យឃើញ ដោយគាត់បាននិយាយសំដៅទៅគេជាញឹកញាប់ក្នុងជំពូកនេះ ជា«ពួកស្ងួនភ្ងាអើយ»។ សំណូមពរដ៏កក់ក្ដៅដល់គេ ឲ្យកុំភ្លេចនូវអ្វីដែលគេបានរៀន ពេត្រុសចាប់ផ្ដើមនិយាយថា៖ «ពួកស្ងួនភ្ងាអើយ . . . ខ្ញុំបានរំឭកដាស់តឿនសតិស្មារតីដ៏ស្អាតរបស់អ្នករាល់គ្នាហើយ ដើម្បីឲ្យបាននឹកចាំ ពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក»។—ពេត្រុសទី២ ៣:១, ២, ៨, ១៤, ១៧; យូដាស ១៧
៥. តើពួកព្យាការីបាននិយាយយ៉ាងណាខ្លះអំពីថ្ងៃនៃព្រះយេហូវ៉ា?
៥ តើអ្វីជា«សេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម» ដែលពេត្រុសដាស់តឿនពួកអ្នកអានរបស់គាត់ឲ្យនឹកចាំនោះ? នោះជាសេចក្ដីអំពីវត្តមាននៃព្រះយេស៊ូទទួលអំណាចក្នុងព្រះរាជាណាចក្រ និងអំពីការជំនុំជំរះនៃពួកទមិលល្មើស។ មុននេះ ពេត្រុសបានមានប្រសាសន៍អំពីសេចក្ដីទាំងនេះរួចហើយ។ (ពេត្រុសទី២ ១:១៦-១៩; ២:៣-១០) យូដាសសំដៅទៅហេណុក ដែលជាព្យាការីទីមួយ ក្នុងការព្រមានការជំនុំជំរះរបស់ព្រះលើពួកមនុស្សអាក្រក់។ (យូដាស ១៤, ១៥) ពួកព្យាការីឯទៀតធ្វើតាមហេណុក ហើយពេត្រុសមិនចង់ឲ្យយើងភ្លេចនូវអ្វីដែលគេសរសេរមកដែរ។—អេសាយ ៦៦:១៥, ១៦; សេផានា ១:១៥-១៨; សាការី ១៤:៦-៩
៦. តើបន្ទូលអ្វីរបស់ព្រះគ្រីស្ទនិងពួកសាវ័កទ្រង់ ដែលបំភ្លឺយើងអំពីថ្ងៃនៃព្រះយេហូវ៉ា?
៦ ថែមទៀតនោះ ពេត្រុសប្រាប់ពួកអ្នកអានរបស់គាត់ឲ្យនឹកចាំ«សេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ»។ សេចក្ដីបញ្ញត្តរបស់ព្រះយេស៊ូរួមបញ្ចូលការដាស់តឿននេះ៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុក . . . នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់»។ «ចូរប្រុងប្រយ័ត្ន ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ»។ (លូកា ២១:៣៤-៣៦; ម៉ាកុស ១៣:៣៣) ពេត្រុសក៏ដាស់តឿនយើងឲ្យធ្វើតាមសេចក្ដីទាំងឡាយនៃពួកសាវ័កដែរ។ ឧទាហរណ៍ សាវ័កប៉ុលបានសរសេរថា៖ «ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរ មកនៅពេលយប់។ ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។—ថែស្សាឡូនីចទី១ ៥:២, ៦
សេចក្ដីប៉ងប្រាថ្នានៃពួកមនុស្សចំអក
៧, ៨. (ក) តើមនុស្សប្រភេទណាដែលចំអកដល់សារព្រមានរបស់ព្រះ? (ខ) តើពួកមនុស្សចំអកអះអាងអ្វី?
៧ ដូចបានកត់សម្គាល់ពីមុន មូលហេតុនៃសេចក្ដីដាស់តឿនរបស់ពេត្រុស នោះគឺថាមនុស្សខ្លះបានចាប់សើចចំអកនឹងការព្រមានបែបនេះ ដូចពួកអ៊ីស្រាអែលនៃសម័យដើមបានសើចចំអកនឹងពួកព្យាការីរបស់ព្រះយេហូវ៉ាដែរ។ (របាក្សត្រទី២ ៣៦:១៦) ពេត្រុសពន្យល់ថា៖ «ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយ»។ (ពេត្រុសទី២ ៣:៣) យូដាសមានប្រសាសន៍ថា សេចក្ដីប៉ងប្រាថ្នានៃពួកមនុស្សចំអកទាំងនេះ គឺ«ទមិលល្មើសរបស់ខ្លួន»។ គាត់បានហៅពួកគេជា«មនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ»។—យូដាស ១៧-១៩
៨ ពួកគ្រូក្លែងក្លាយ ដែលពេត្រុសមានប្រសាសន៍ថា«ដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្ដីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក» គឺច្បាស់ជាក្នុងចំណោមនៃពួកមនុស្សចំអក ដែលគ្មានភាពវិញ្ញាណហើយ។ (ពេត្រុសទី២ ២:១, ១០, ១៤) ពួកគេសួរដោយចំអកដល់ពួកគ្រីស្ទានស្មោះត្រង់ថា៖ «តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា? ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយ៍រៀងមកដែរ»។—ពេត្រុសទី២ ៣:៤
៩. (ក) ហេតុអ្វីក៏ពួកមនុស្សចំអកខំប្រឹងធ្វើឲ្យខ្សោយនូវភាពជាបន្ទាន់ ដែលមានក្នុងបន្ទូលរបស់ព្រះ? (ខ) តើតាមរបៀបណាដែលការរក្សាទុកថ្ងៃនៃព្រះយេហូវ៉ា ជាការការពារសំរាប់យើង?
៩ ហេតុអ្វីក៏គេចំអកដូចនេះ? ហេតុអ្វីក៏និយាយថា វត្តមានរបស់ព្រះគ្រីស្ទនឹងមិនដែលកើតឡើង ហើយថាព្រះនឹងមិនធ្វើអន្តរាគមន៍ក្នុងរឿងរបស់មនុស្សជាតិ? ត្រូវហើយ ដោយធ្វើឲ្យខ្សោយនូវភាពជាបន្ទាន់ដែលមានក្នុងបន្ទូលរបស់ព្រះ ពួកមនុស្សចំអកដោយវិស័យសាច់ឈាមនេះ គឺស្វែងរកល្បួងអ្នកដទៃឲ្យចូលក្នុងសភាពកន្តើយខាងវិញ្ញាណ ហើយដូច្នេះគឺស្រួលធ្វើពួកនេះចូលការប្រលោមដ៏កំណាញ់។ នេះជាការលើកទឹកចិត្តដ៏ខ្លាំងក្លាសំរាប់យើងសព្វថ្ងៃនេះ ឲ្យរក្សានូវការប្រុងប្រយ័ត្នខាងវិញ្ញាណ! សូមឲ្យយើងកាន់ខ្ជាប់ខ្ជួនអំពីថ្ងៃនៃព្រះយេហូវ៉ា ហើយចងចាំជានិច្ចថា ព្រះនេត្ររបស់ទ្រង់ទតលើយើង! ដោយដូច្នេះ យើងនឹងបានជំរុញទឹកចិត្តឲ្យបំរើព្រះយេហូវ៉ាដោយចិត្តខ្នះខ្នែង ហើយរក្សាភាពបរិសុទ្ធនៃសីលធម៌របស់យើង។—ទំនុកដំកើង ១១:៤; អេសាយ ២៩:១៥; អេសេគាល ៨:១២; ១២:២៧; សេផានា ១:១២
ប្រកបដោយចេតនានិងគួរឲ្យស្អប់ខ្ពើម
១០. តើតាមរបៀបណាដែលពេត្រុសសឲ្យឃើញថាពួកមនុស្សចំអកគឺខុស?
១០ ពួកមនុស្សចំអកបែបនេះមិនអើពើនឹងហេតុការណ៍ពិតទេ។ ពួកគេមិនអើពើដោយចេតនា ហើយខំប្រឹងធ្វើឲ្យអ្នកដទៃភ្លេចហេតុការណ៍ពិតនេះដែរ។ ហេតុអ្វី? ដើម្បីឲ្យគេអាចប្រលោមពួកមនុស្សយ៉ាងស្រួល។ ពេត្រុសសរសេរថា៖ ‹ពីព្រោះតាមសេចក្ដីប៉ងប្រាថ្នារបស់គេ គេមិនកត់សម្គាល់ហេតុការណ៍ពិតនេះ› តើហេតុការណ៍ពិតអ្វី? «ថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ រួចមកលោកីយ៍ត្រូវទឹកនោះជន់លិចបំផ្លាញទៅ»។ (ពេត្រុសទី២ ៣:៥, ៦) ត្រូវហើយ ព្រះយេហូវ៉ាបានសំអាតអំពើកំណាចពីផែនដី ក្នុងកាលទឹកជំនន់នៃសម័យលោកណូអេ ជាហេតុការណ៍ពិតដែលព្រះយេស៊ូក៏បានបញ្ជាក់ផងដែរ។ (ម៉ាថាយ ២៤:៣៧-៣៩; លូកា ១៧:២៦, ២៧; ពេត្រុសទី២ ២:៥) ដូច្នេះ ផ្ទុយនឹងអ្វីដែលពួកមនុស្សចំអកនិយាយនោះ របស់ទាំងអស់មិនមែនមាន«នៅតែដដែល ដូចជាពីកំណើតលោកីយ៍រៀងមក»ទេ។
១១. តើការទន្ទឹងចាំដ៏មុនកាលគួរកំណត់អ្វីនៃពួកគ្រីស្ទានពីសម័យដើម ដែលនាំឲ្យមនុស្សខ្លះចំអកដាក់គេ?
១១ ពួកមនុស្សចំអកប្រហែលជាសើចចំអកពួកគ្រីស្ទានស្មោះត្រង់ ពីព្រោះពួកគេនេះនៅតែមិនទាន់បានទទួលសេចក្ដីសង្ឃឹមរបស់គេ។ មិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូបានសោយទិវង្គត ពួកសិស្សទ្រង់«ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម»។ បន្ទាប់មក ក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់ ពួកគេសួរថាតើទ្រង់នឹងតាំងព្រះរាជាណាចក្រភ្លាមនោះ។ ហើយប្រមាណដប់ឆ្នាំ មុនពេត្រុសបានសរសេរសំបុត្រទីពីររបស់គាត់ មនុស្សខ្លះមាន«គំនិតរវើរវាយ» ដោយ«ពាក្យសំដី» ឬ«សំបុត្រ»ដែលល្បីថាមកពីសាវ័កប៉ុល ឬគូកនរបស់គាត់ «ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយ»។ (លូកា ១៩:១១; ថែស្សាឡូនីចទី២ ២:២; កិច្ចការ ១:៦) ប៉ុន្តែ ការទន្ទឹងចាំបែបនេះរបស់ពួកសិស្សនៃព្រះយេស៊ូ មិនមែនជាខុសទេ គឺគ្រាន់តែមុនកាលគួរពេលកំណត់ប៉ុណ្ណោះ។ ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ជាមិនខាន!
បន្ទូលរបស់ព្រះគឺទុកចិត្តបាន
១២. តើតាមរបៀបណាដែលបន្ទូលរបស់ព្រះ សឲ្យឃើញថាគួរទុកចិត្តបាន ក្នុងទំនាយទាំងឡាយអំពី«ថ្ងៃនៃព្រះយេហូវ៉ា»?
១២ ដូចបានឃើញរួចមកហើយ ពួកព្យាការីមុនសម័យគ្រីស្ទាន តែងតែព្រមានថាថ្ងៃនៃព្រះយេហូវ៉ានៃការសងសឹក គឺបានជិតដល់ហើយ។ «ថ្ងៃនៃព្រះយេហូវ៉ា»ដែលមានទំហំដ៏តូចមួយ បានមកដល់ក្នុងឆ្នាំ៦០៧ ម.ស.យ. ក្នុងកាលដែលព្រះយេហូវ៉ាប្រហារសេចក្ដីសងសឹកលើពួករាស្ត្រដ៏វៀចវេររបស់ទ្រង់។ (សេផានា ១:១៤-១៨) ក្រោយមក សាសន៍ឯទៀត រួមបញ្ចូលសាសន៍បាប៊ីឡូននិងអេស៊ីប ក៏បានរងទុក្ខនឹង«ថ្ងៃនៃព្រះយេហូវ៉ា»នេះដែរ។ (អេសាយ ១៣:៦-៩; យេរេមា ៤៦:១-១០; អូបាឌា ១៥) ទីបញ្ចប់នៃរបបលោកីយ៍យូដាក្នុងសតវត្សទីមួយ ក៏បានទាយប្រាប់ដែរ ហើយនេះបានកើតឡើង ពេលដែលពួកកងទ័ពរ៉ូមបានកំទេចយូដា ក្នុងឆ្នាំ៧០ ស.យ.។ (លូកា ១៩:៤១-៤៤; ពេត្រុសទី១ ៤:៧) ប៉ុន្តែ ពេត្រុសចង្អុលប្រាប់អំពី«ថ្ងៃនៃព្រះយេហូវ៉ា»នៅអនាគត ជាថ្ងៃដែលនឹងធ្វើឲ្យទឹកជំនន់ពេញលោក ឃើញជាអ្វីដ៏តូចមួយ!
១៣. តើឧទាហរណ៍ក្នុងប្រវត្ដិសាស្ត្រណាមួយ ដែលសម្ដែងអំពីភាពប្រាកដនៃទីបញ្ចប់នៃរបបលោកីយ៍នេះ?
១៣ ពេត្រុសផ្ដើមការរៀបរាប់របស់គាត់អំពីសេចក្ដីហិនវិនាសដែលនឹងមកនេះ ដោយមានប្រសាសន៍ថា៖ ‹ប៉ុន្តែដោយសារព្រះបន្ទូល›។ គាត់ទើបតែបានមានប្រសាសន៍ថា ‹ដោយសារព្រះបន្ទូល› ផែនដីមុនទឹកជំនន់បាន«ដុះចេញពីទឹក ហើយនៅក្នុងទឹកផង»។ ស្ថានការណ៍នេះ ដែលបានរៀបរាប់ក្នុងព្រះគម្ពីរនៃដំណើររឿងនៃសេចក្ដីបង្កើត អាចធ្វើឲ្យមានទឹកជំនន់បាន ពេលដែលទឹកចាក់ចេញដោយសេចក្ដីបង្គាប់ ឬបន្ទូលរបស់ព្រះ។ ពេត្រុសនិយាយទៀតថា៖ «តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។ (ពេត្រុសទី២ ៣:៥-៧; លោកុប្បត្តិ ១:៦-៨) យើងមានបន្ទូលរបស់ព្រះយេហូវ៉ាដែលទុកចិត្តបាន! ទ្រង់នឹងនាំទីបញ្ចប់ដល់«ផ្ទៃមេឃនិងផែនដី»—របបលោកីយ៍នេះ—ដោយសេចក្ដីក្រេវក្រោធនៃថ្ងៃដ៏ធំរបស់ទ្រង់! (សេផានា ៣:៨) ប៉ុន្តែ នៅពេលណាទៅ?
ភាពខ្នះខ្នែងចំពោះទីបញ្ចប់ឲ្យមកដល់
១៤. ហេតុអ្វីក៏យើងអាចទុកចិត្តបាន ថាយើងកំពុងតែរស់នៅ«ថ្ងៃជាន់ក្រោយបង្អស់»?
១៤ ពួកសិស្សរបស់ព្រះយេស៊ូបានចង់ដឹងពេលណាដែលទីបញ្ចប់នឹងមកដល់ ដូច្នេះគេក៏បានសួរទ្រង់ថា៖ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? តាមមើលទៅ គេបានសួរអំពីពេលណាដែលរបបសម័យយូដានឹងត្រូវបញ្ចប់ ប៉ុន្តែចម្លើយរបស់ព្រះយេស៊ូបានសំដៅទៅពេលដែល‹ផ្ទៃមេឃនិងផែនដី›បច្ចុប្បន្ននេះនឹងត្រូវទទួលសេចក្ដីហិនវិនាស។ ព្រះយេស៊ូបានទាយប្រាប់របស់ដូចជា សង្គ្រាមធំៗ ការអត់ម្ហូបអាហារ កក្រើកផែនដី រោគ និងឧក្រិដ្ឋកម្ម។ (ម៉ាថាយ ២៤:៣-១៤; លូកា ២១:៥-៣៦) តាំងពីឆ្នាំ១៩១៤ យើងបានឃើញសញ្ញាបានសម្រេច ដែលព្រះយេស៊ូប្រទានមកសំរាប់‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍› ព្រមទាំងរបស់ដែលសាវ័កប៉ុលបានរៀបរាប់ ដែលនឹងសម្គាល់«ថ្ងៃជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥) យ៉ាងប្រាកដហើយ ទីសំអាងគឺមានច្រើនណាស់ ដែលថាយើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់នៃរបស់លោកីយ៍នេះ!
១៥. តើពួកគ្រីស្ទានទោរទន់ធ្វើអ្វី ទោះមានសេចក្ដីព្រមានរបស់ព្រះយេស៊ូ?
១៥ ស្មរបន្ទាល់ព្រះយេហូវ៉ាបានខ្នះខ្នែងចង់ដឹង ពេលណាដែលថ្ងៃនៃព្រះយេហូវ៉ានឹងផ្ទុះឡើង។ ក្នុងភាពខ្នះខ្នែងរបស់គេ ពេលខ្លះ គេបានប៉ុនប៉ងស្មាននៅពេលដែលថ្ងៃនឹងមកដល់។ ប៉ុន្តែដោយធ្វើដូច្នេះ គេមិនបានធ្វើតាមសេចក្ដីព្រមានរបស់ចៅហ្វាយ ដូចពួកសិស្សរបស់ព្រះយេស៊ូដែរ ដែលថាយើង«មិនដឹងពេលកំណត់នោះទេ»។ (ម៉ាកុស ១៣:៣២, ៣៣) ពួកមនុស្សចំអកបានមើលងាយពួកគ្រីស្ទានស្មោះត្រង់ ចំពោះការទន្ទឹងចាំដ៏មុនពេលកំណត់។ (ពេត្រុសទី២ ៣:៣, ៤) ប៉ុន្តែ ពេត្រុសបញ្ជាក់ថា ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ គឺស្របតាមពេលកំណត់របស់ទ្រង់។
ត្រូវមានទស្សនៈរបស់ព្រះយេហូវ៉ា
១៦. តើអ្វីជាសេចក្ដីដាស់តឿន ដែលយើងធ្វើតាមដោយប្រាជ្ញា?
១៦ យើងត្រូវមានទស្សនៈរបស់ព្រះយេហូវ៉ាអំពីពេលវេលា ដូចពេត្រុសឥឡូវរំឭកយើងថា៖ «តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្ដី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ ១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ»។ ជីវិតរបស់យើងនៃ៧០ឬ៨០ឆ្នាំ គឺខ្លីណាស់បើប្រៀបធៀបនឹងថ្ងៃនៃព្រះយេហូវ៉ា! (ពេត្រុសទី២ ៣:៨; ទំនុកដំកើង ៩០:៤, ១០) ដូច្នេះ ប្រសិនបើសេចក្ដីសម្រេចនៃសេចក្ដីសន្យារបស់ព្រះ មានទំនងជាបង្អង់យូរនោះ យើងត្រូវការទទួលយកសេចក្ដីដាស់តឿននៃព្យាការីព្រះ ដែលថា៖ «បើសិនជា[វេលាកំណត់]បង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។—ហាបាគុក ២:៣
១៧. ថ្វីបើថ្ងៃជាន់ក្រោយបង្អស់បានមានយូរជាងមនុស្សគិតនោះ តើយើងអាចដឹងប្រាកដអំពីអ្វី?
១៧ ហេតុអ្វីក៏ថ្ងៃជាន់ក្រោយបង្អស់នៃរបស់លោកីយ៍នេះ បានមានយូរជាងមនុស្សគិតដូច្នេះ? គឺសំរាប់មូលហេតុដ៏ល្អមួយ ដូចពេត្រុសពន្យល់ជាបន្ទាប់ថា៖ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) ព្រះយេហូវ៉ាគិតពិចារណានូវអ្វីជាផលប្រយោជន៍នៃមនុស្សជាតិទាំងអស់។ សេចក្ដីខ្វល់ខ្វាយរបស់ទ្រង់ គឺជីវិតរបស់មនុស្ស ដូចទ្រង់មានបន្ទូលថា៖ «អញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ»។ (អេសេគាល ៣៣:១១) ដូច្នេះ យើងអាចទុកចិត្តថា ទីបញ្ចប់នឹងមកដល់ ក្នុងវេលាត្រឹមត្រូវ ដើម្បីបំពេញបំណងនៃព្រះជាអ្នកបង្កើតដ៏សព្វប្រាជ្ញារបស់យើង!
តើអ្វីដែលនឹងកន្លងផុតទៅ?
១៨, ១៩. (ក) ហេតុអ្វីក៏ព្រះយេហូវ៉ាប្ដេជ្ញានឹងកំទេចរបបលោកីយ៍នេះ? (ខ) តើតាមរបៀបណាដែលពេត្រុសរៀបរាប់ទីបញ្ចប់នៃរបបលោកីយ៍នេះ តើអ្វីដែលពិតជានឹងកំទេចចោលនោះ?
១៨ ពីព្រោះព្រះយេហូវ៉ាស្រឡាញ់ដ៏ស្មោះចំពោះអស់អ្នកដែលបំរើទ្រង់ ទ្រង់នឹងកំទេចចោលពួកអ្នកដែលធ្វើឲ្យគេមានការឈឺចាប់។ (ទំនុកដំកើង ៣៧:៩-១១, ២៩) ដោយកត់សម្គាល់ដូចប៉ុលដែរ ថាសេចក្ដីហិនវិនាសនេះនឹងមកដល់វេលាដែលមិននឹកស្មាននឹងកើតឡើង ពេត្រុសសរសេរថា៖ «រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។ (ពេត្រុសទី២ ៣:១០; ថែស្សាឡូនីចទី១ ៥:២) ផ្ទៃមេឃនិងផែនដីមែនទែន មិនបានបាត់បង់ទៅក្នុងទឹកជំនន់ទេ ហើយក្នុងថ្ងៃនៃព្រះយេហូវ៉ាក៏មិនបាត់បង់ទៅដែរ។ ដូច្នេះ តើអ្វីទៅដែលនឹង‹កន្លងទៅ› ឬដែលនឹងត្រូវហិនវិនាសនោះ?
១៩ រដ្ឋាភិបាលទាំងឡាយរបស់មនុស្ស ដែលបានជិះជាន់លើមនុស្សជាតិ ដូច«ផ្ទៃមេឃ»នឹងត្រូវចប់ ហើយ«ផែនដី» ឬសង្គមមនុស្សទមិលល្មើស ក៏នឹងបាត់បង់ទៅដែរ។ «សូរគ្រាំគ្រេង» ប្រហែលជាបង្ហាញនូវការសាបសូន្យទៅដ៏លឿន។ «ធាតុ» ដែលទៅជាសង្គមមនុស្សដ៏ឱនថយនៃសម័យនេះ នឹង«រលាយទៅ» ឬបានហិនវិនាស។ ហើយ«ផែនដី» រួមបញ្ចូល«ការសព្វសារពើ» នឹង‹បានរកឃើញ›។ ព្រះយេហូវ៉ានឹងលាតត្រដាងអំពើដ៏អាក្រក់ជួជាតិនៃមនុស្ស ពេលដែលទ្រង់បណ្ដាលឲ្យរបបលោកីយ៍ទាំងមូលមានទីបញ្ចប់របស់វាដែលគួរទទួល។
សូមយកចិត្តទុកដាក់លើសេចក្ដីសង្ឃឹមរបស់អ្នក
២០. តើត្រូវមានឥទ្ធិពលលើជីវិតរបស់យើងយ៉ាងណា ដោយដឹងអំពីព្រឹត្ដិការណ៍ដែលនឹងមានខាងមុខនេះ?
២០ ដោយសារព្រឹត្ដិការណ៍នេះកាន់តែកៀកណាស់ហើយ ពេត្រុសនិយាយថា យើងត្រូវប្រកបដោយ«កិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង»។ គឺគ្មានការសង្ស័យអំពីរឿងនេះឡើយ! «ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ»! (ពេត្រុសទី២ ៣:១១, ១២) ហេតុការណ៍ដែលថាព្រឹត្ដិការណ៍នេះ អាចកើតឡើងស្អែកនោះ គឺតែមានឥទ្ធិពលលើអ្វីៗដែលយើងធ្វើឬគ្រោងការណ៍ធ្វើ។
២១. តើអ្វីនឹងយកមកដាក់ជំនួសផ្ទៃមេឃនិងផែនដីបច្ចុប្បន្ននេះ?
២១ ឥឡូវនេះ ពេត្រុសប្រាប់យើងថាអ្វីនឹងដាក់ជំនួយរបបលោកីយ៍ចាស់នេះ ដោយមានប្រសាសន៍ថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ (ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧) មែនហើយ នេះជាការធូរស្បើយដ៏ធំមែន! ព្រះគ្រីស្ទនិងពួកគ្រប់គ្រងជាមួយ ដែលមាន១៤៤.០០០នាក់ នឹងជារដ្ឋាភិបាល«ថ្មី» នៅ«ស្ថានសួគ៌» ហើយមនុស្សដែលរួចរស់ទីបញ្ចប់នៃលោកីយ៍នេះ នឹងជាពួកនៃ«ផែនដីថ្មី»។—យ៉ូហានទី១ ២:១៧; វិវរណៈ ៥:៩, ១០; ១៤:១, ៣
រក្សាភាពបន្ទាន់និងភាពបរិសុទ្ធខាងសីលធម៌
២២. (ក) តើអ្វីនឹងជួយយើងឲ្យជៀសវាងការឥតសៅហ្មងខាងវិញ្ញាណ? (ខ) តើគ្រោះថ្នាក់អ្វីដែលពេត្រុសបានព្រមាននោះ?
២២ ពេត្រុសមានប្រសាសន៍ថា «ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ»។ ការរង់ចាំដោយចិត្តខ្នះខ្នែង ហើយចាត់ទុកទំនងដូចជាបង្អង់យូរនៃថ្ងៃនៃព្រះយេហូវ៉ា ជាការសម្ដែងនៃសេចក្ដីអត់ធ្មត់របស់ព្រះ នឹងជួយយើងឲ្យជៀសវាងការសៅហ្មងខាងវិញ្ញាណណាមួយ។ ប៉ុន្តែ គឺនៅមានគ្រោះថ្នាក់! ពេត្រុសព្រមានថា ក្នុងសេចក្ដីសរសេរនៃ«ប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ . . . នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស»។—ពេត្រុសទី២ ៣:១៤-១៦
២៣. តើអ្វីជាសេចក្ដីដាស់តឿនបញ្ចប់របស់ពេត្រុស?
២៣ ពួកគ្រូក្លែងក្លាយច្បាស់ជាបានបង្វែរសេចក្ដីសរសេររបស់ប៉ុល អំពីព្រះគុណដែលគ្មានសិទ្ធិទទួល ដោយប្រើជាការដោះសាចំពោះមារយាទអាវ៉ាសែ។ មើលទៅ ពេត្រុសបានចង់និយាយអំពីរឿងនេះ ពេលដែលគាត់សរសេរសេចក្ដីព្រមានរបស់គាត់ថា៖ «ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្ដោយតាមសេចក្ដីវង្វេងរបស់ពួកទទឹងច្បាប់នោះ»។ បន្ទាប់មក គាត់បញ្ចប់សំបុត្ររបស់គាត់ ដោយដាស់តឿនថា៖ «ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា»។—ពេត្រុសទី២ ៣:១៧, ១៨
២៤. តើអាកប្បកិរិយាអ្វីដែលអ្នកបំរើនៃព្រះយេហូវ៉ាត្រូវមាន?
២៤ យ៉ាងច្បាស់ណាស់ ពេត្រុសចង់ពង្រឹងបងប្អូនរបស់គាត់។ គាត់ចង់ឲ្យមនុស្សទាំងអស់មានអាកប្បកិរិយា ដែលបានសម្ដែងដោយស្មរបន្ទាល់ម្នាក់ ដែលមានអាយុ៨២ឆ្នាំ ដែលបានស្រង់នៅដើមដំបូងថា៖ «ខ្ញុំបានប្រកបជីវភាពរបស់ខ្ញុំ ដូចសាវ័ក[ពេត្រុស]បានដាស់តឿន ‹ចូររក្សាទុកជាប់ក្នុងគំនិតអំពីវត្តមាននៃថ្ងៃរបស់ព្រះយេហូវ៉ា›។ ខ្ញុំតែងតែចាត់ទុកថា ពិភពលោកថ្មីដែលបានសន្យាមក ជា‹ការជាក់ស្តែងដែលមើលមិនឃើញ›»។ សូមឲ្យយើងប្រកបជីវភាពរបស់យើងតាមរបៀបនោះដែរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើការ‹រក្សាទុកជាប់ក្នុងគំនិត›នៃថ្ងៃនៃព្រះយេហូវ៉ាមានន័យយ៉ាងណា?
◻ តើអ្វីដែលពួកមនុស្សចំអកមិនអើពើដោយចេតនា ហើយហេតុអ្វី?
◻ ចំពោះមូលហេតុអ្វីដែលពួកមនុស្សចំអកបានមើលងាយពួកគ្រីស្ទានស្មោះត្រង់?
◻ តើទស្សនៈអ្វីដែលយើងត្រូវការរក្សាទុក?
[រូបភាពនៅទំព័រ១៨]
សូមរក្សាទុកជាប់ក្នុងគំនិតថ្ងៃនៃព្រះយេហូវ៉ា