តើអ្នកណានឹងរួចរស់ជីវិតនៅ«ថ្ងៃនៃព្រះយេហូវ៉ា»?
«តើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង»!—ពេត្រុសទី២ ៣:១១, ១២
១. តើអ្នកណាដែលបានធ្វើការដោយមានគតិនិងកម្លាំងដូចលោកអេលីយ៉ា?
ព្រះយេហូវ៉ាបានជ្រើសរើសមនុស្សពីចំណោមមនុស្សលោក ដែលនឹងទទួលមរតកជាមួយបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (រ៉ូម ៨:១៦, ១៧) កាលដែលពួកគេនៅផែនដីនៅឡើយ ពួកគ្រីស្ទានចាក់ប្រេងតាំងបានធ្វើការដោយមានគតិនិងកម្លាំងដូចលោកអេលីយ៉ា។ (លូកា ១:១៧) ក្នុងអត្ថបទមុននេះ យើងបានកត់សម្គាល់នូវសភាពដូចគ្នារវាងកិច្ចការរបស់គេជាមួយនឹងកិច្ចការរបស់ព្យាការីអេលីយ៉ា។ ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះកិច្ចការរបស់អ្នកជំនួសលោកអេលីយ៉ា ដែលជាព្យាការីអេលីសេនោះ?—ពង្សាវតារក្សត្រទី១ ១៩:១៥, ១៦
២. (ក) តើអ្វីជាអព្ភូតហេតុចុងក្រោយរបស់លោកអេលីយ៉ា និងអព្ភូតហេតុដំបូងរបស់លោកអេលីសេ? (ខ) តើអ្វីជាភស្តុតាងថាលោកអេលីយ៉ា មិនបានឡើងទៅស្ថានសួគ៌?
២ អព្ភូតហេតុចុងក្រោយដែលបានប្រព្រឹត្តដោយលោកអេលីយ៉ា គឺការញែកទឹកនៃទន្លេយ័រដាន់ ដោយយកក្រមារបស់លោកមកវាយនឹងទឹក។ នេះអនុញ្ញាតឲ្យអេលីយ៉ានិងអេលីសេ បានដើរឆ្លងលើដីគោក។ កាលដែលគេបានដើរទៅទិសខាងកើតនៃទន្លេ នោះខ្យល់កួចបានយកអេលីយ៉ាទៅកន្លែងមួយទៀតនៃផែនដី។ (សូមមើលប្រអប់ទំព័រ ២៧ ដែលមានចំណងជើង «តើអេលីយ៉ាឡើងទៅស្ថានសួគ៌មួយណា»?) ក្រមារបស់លោកអេលីយ៉ាបានជ្រុះនឹងដី។ ពេលដែលអេលីសេបានយកក្រមានេះមកវាយទឹកទន្លេ នោះទឹកក៏ញែកចេញពីគ្នា ដែលគាត់អាចដើរឆ្លងលើដីគោកត្រឡប់ទៅវិញ។ អព្ភូតហេតុនេះបានធ្វើឲ្យច្បាស់ថា អេលីសេបានក្លាយទៅជាបុគ្គលដែលជំនួសលោកអេលីយ៉ា ក្នុងការផ្សព្វផ្សាយការថ្វាយបង្គំពិតក្នុងអ៊ីស្រាអែល។—ពង្សាវតារក្សត្រទី២ ២:៦-១៥
គុណសម្បត្ដិរបស់ព្រះគឺចាំបាច់
៣. តើអ្វីដែលប៉ុលនិងពេត្រុសបាននិយាយអំពីវត្តមានរបស់ព្រះគ្រីស្ទ និង«ថ្ងៃនៃព្រះយេហូវ៉ា»?
៣ ជាច្រើនសតវត្សក្រោយពីសម័យរបស់លោកអេលីយ៉ានិងអេលីសេ សាវ័កប៉ុលនិងសាវ័កពេត្រុស បាននិយាយអំពីការយាងមកនៃ«ថ្ងៃនៃព្រះយេហូវ៉ា» ដោយភ្ជាប់ជាមួយនឹងវត្តមានរបស់ព្រះយេស៊ូគ្រីស្ទ ហើយដល់«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»ដែលមាននៅអនាគត។ (ថែស្សាឡូនីចទី២ ២:១, ២; ពេត្រុសទី២ ៣:១០-១៣) ដើម្បីនឹងរួចរស់ជីវិតពីថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា—ពេលដែលព្រះកំទេចពួកសត្រូវរបស់ទ្រង់ ហើយសង្គ្រោះរាស្ត្រទ្រង់—យើងត្រូវតែស្វែងរកព្រះយេហូវ៉ា ហើយសម្ដែងភាពរាបសានិងសេចក្ដីសុចរិត។ (សេផានា ២:១-៣) ប៉ុន្តែ កាលដែលយើងពិចារណាមើលព្រឹត្ដិការណ៍ដែលទាក់ទងនឹងព្យាការីអេលីសេ នោះគុណសម្បត្ដិខ្លះទៀតនឹងឃើញជាក់ច្បាស់។
៤. តើការខ្នះខ្នែងមានមុខនាទីយ៉ាងណា ក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា?
៤ ការខ្នះខ្នែងចំពោះកិច្ចបំរើរបស់ព្រះ គឺសំខាន់ណាស់ បើយើងចង់រួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា»។ លោកអេលីយ៉ានិងអេលីសេ មានចិត្តខ្នះខ្នែងចំពោះកិច្ចបំរើរបស់ព្រះយេហូវ៉ា។ ដោយមានការខ្នះខ្នែងដូចនេះ ពួកគ្រីស្ទានចាក់ប្រេងតាំងដែលនៅសល់ទាំងប៉ុន្មានសព្វថ្ងៃនេះ ផ្ដល់កិច្ចបំរើបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយជាអ្នកនាំមុខក្នុងការផ្សាយដំណឹងល្អ។a តាំងពីពាក់កណ្ដាលទសវត្សនៃឆ្នាំ១៩៣០ ពួកគេបានលើកទឹកចិត្តពួកទាំងអស់ណាដែលទទួលសារព្រះរាជាណាចក្រ ហើយមានសង្ឃឹមរស់នៅជារៀងរហូតលើផែនដី ឲ្យថ្វាយខ្លួនគេទៅព្រះយេហូវ៉ា ហើយឲ្យធ្វើបុណ្យជ្រមុជទឹក។ (ម៉ាកុស ៨:៣៤; ពេត្រុសទី១ ៣:២១) មនុស្សរាប់លាននាក់បានតបឆ្លើយយ៉ាងល្អដល់ការលើកទឹកចិត្តនេះ។ ពេលមួយ គេនៅក្នុងភាពងងឹតខាងវិញ្ញាណ ហើយស្លាប់ក្នុងបាប ប៉ុន្តែ ឥឡូវនេះ គេបានរៀនអំពីសេចក្ដីពិតរបស់ព្រះ ហើយបានមានសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចក្នុងផែនដីមនោរម្យ ហើយមានការខ្នះខ្នែងចំពោះកិច្ចបំរើរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣-៥) ដោយការខ្នះខ្នែង សហប្រតិបត្ដិការ ការទទួលរាក់ទាក់ និងកិច្ចការល្អឯទៀត ពួកគេនាំឲ្យមានការត្រជាក់ត្រជុំយ៉ាងខ្លាំងដល់បងប្អូនខាងវិញ្ញាណរបស់ព្រះគ្រីស្ទ ដែលមាននៅលើផែនដីនៅឡើយ។—ម៉ាថាយ ២៥:៣១-៤៦
៥. ហេតុអ្វីក៏សំខាន់ក្នុងការធ្វើល្អដល់«បងប្អូន»របស់ព្រះគ្រីស្ទ ហើយតើគំរូអ្វីដែលយើងមានពីសម័យនៃលោកអេលីសេ?
៥ ពួកអ្នកដែលធ្វើល្អដល់«បងប្អូន»របស់ព្រះយេស៊ូ ដែលពួកចាក់ប្រេងតាំងទាំងនេះជាពួកអ្នកកាន់តាមទ្រង់ នោះមានសេចក្ដីសង្ឃឹមនៃការរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា»។ ប្ដីប្រពន្ធម្នាក់ក្នុងក្រុងស៊ូណែម បានទទួលពរយ៉ាងសម្បើម ដោយមានចិត្តសប្បុរស ហើយទទួលរាក់ទាក់ដល់អេលីសេនិងអ្នកបំរើរបស់លោក។ ប្ដីប្រពន្ធនេះឥតមានកូនប្រុសទេ ហើយប្ដីគឺចាស់ណាស់ទៅហើយ។ ប៉ុន្តែ លោកអេលីសេបានសន្យានឹងស្ត្រីនៃក្រុងស៊ូណែម ថាគាត់នឹងសម្រាលកូនប្រុសបានមួយ ហើយនេះបានកើតឡើងមែន។ ពេលដែលកូនប្រុសនេះបានស្លាប់ប្រមាណឆ្នាំក្រោយមក លោកអេលីសេបានទៅក្រុងស៊ូណែម ហើយបានប្រោសកូននោះឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី២ ៤:៨-១៧, ៣២-៣៧) នេះជារង្វាន់ដ៏ធំមែន ចំពោះការបង្ហាញការទទួលរាក់ទាក់ដល់លោកអេលីសេ!
៦, ៧. តើលោកណាម៉ាន់ទុកគំរូអ្វី ហើយតើនេះមានការទាក់ទងយ៉ាងណាលើការសង្គ្រោះពី«ថ្ងៃនៃព្រះយេហូវ៉ា»?
៦ ការរាបទាបក៏ត្រូវការដែរ ដើម្បីទទួលសេចក្ដីណែនាំដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ ពី«បងប្អូន»របស់ព្រះគ្រីស្ទ ដោយសង្ឃឹមនៃការសង្គ្រោះពីថ្ងៃរបស់ព្រះយេហូវ៉ា។ ណាម៉ាន់ជាមេទ័ពនៃស្រុកស៊ីរី ដែលមានរោគឃ្លង់ ត្រូវតែបង្ហាញការរាបទាប ដើម្បីធ្វើតាមយោបល់នៃក្មេងស្រីអ៊ីស្រាអែលម្នាក់ ហើយស្វែងរកការសះស្បើយ ដោយទៅអ៊ីស្រាអែលដើម្បីរកលោកអេលីសេ។ ជាជាងចេញពីផ្ទះរបស់លោកមកជួបណាម៉ាន់ លោកអេលីសេបានចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា៖ «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»។ (ពង្សាវតារក្សត្រទី២ ៥:១០) លោកណាម៉ាន់បានត្រូវអាក់អន់ចិត្ត ហើយក៏បានក្លាយទៅជាមានកំហឹងយ៉ាងខ្លាំង។ ប៉ុន្តែ ក្រោយមក ដោយមានចិត្តរាបទាប លោកក៏បានចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់ប្រាំពីរដង «នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេងៗ ហើយលោកក៏បានជាស្អាត»។ (ពង្សាវតារក្សត្រទី២ ៥:១៤) មុននឹងត្រឡប់ទៅផ្ទះវិញ លោកណាម៉ាន់បានធ្វើដំណើរទៅឯក្រុងសាម៉ារី ដើម្បីថ្លែងអំណរគុណដល់ព្យាការីរបស់ព្រះយេហូវ៉ា។ ដោយប្ដេជ្ញាមិនចង់បានកំរៃពីអំណាចដែលព្រះប្រទាន នោះលោកអេលីសេបានមកជួបណាម៉ាន់ ប៉ុន្តែ លោកមិនព្រមយករង្វាន់អ្វីសោះឡើយ។ ណាម៉ាន់ក៏បានប្រាប់យ៉ាងរាបទាបដល់លោកអេលីសេថា៖ «ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ»។—ពង្សាវតារក្សត្រទី២ ៥:១៧
៧ ដោយធ្វើតាមយ៉ាងរាបទាបដល់ឱវាទនៃពួកចាក់ប្រេងតាំង ដែលមានមូលដ្ឋានក្នុងព្រះគម្ពីរ មនុស្សរាប់លាននាក់សព្វថ្ងៃនេះបានទទួលពរយ៉ាងហូរហៀរ។ ម្យ៉ាងវិញទៀត ដោយអនុវត្តជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ ពួកមនុស្សចិត្តស្មោះត្រង់ទាំងនេះបានត្រូវស្អាតស្អំខាងវិញ្ញាណ។ ពួកគេឥឡូវមានឯកសិទ្ធិក្នុងការធ្វើជាមិត្តនៃព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ (ទំនុកដំកើង ១៥:១, ២; លូកា ១៦:៩) ហើយដោយខំប្រឹងក្នុងកិច្ចបំរើរបស់ព្រះ ពួកគេនឹងបានសង្គ្រោះពីសេចក្ដីហិនវិនាសដ៏អស់កល្បជានិច្ច ដែលនឹងមានមកលើពួកមានះ ពួកបាបដែលមិនប្រែចិត្តក្នុង«ថ្ងៃនៃព្រះយេហូវ៉ា»ដែលកាន់តែជិតមកដល់យ៉ាងរហ័សនេះ។—លូកា ១៣:២៤; យ៉ូហានទី១ ១:៧
«តើអ្នកណាកាន់ខាងអញ? តើមានអ្នកណាឬទេ»?
៨. (ក) តើពួកអ្នកដែលនឹងរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា» មានអាកប្បកិរិយាយ៉ាងណា ចំពោះការធ្វើតាមបំណងរបស់ព្រះ? (ខ) តើកិច្ចការអ្វីដែលបានផ្ដល់ឲ្យដល់យេហ៊ូវ? (គ) តើអ្វីដែលនឹងកើតឡើងដល់យេសិបិល?
៨ ពួកអ្នកដែលសង្ឃឹមចង់រួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា» ក៏ត្រូវតែមិនរារែកក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ លោកអេលីយ៉ាបានទាយយ៉ាងក្លាហាន អំពីសេចក្ដីហិនវិនាសនៃព្រះរាជវង្សានុវង្សរបស់ស្តេចអ័ហាប់ ដែលថ្វាយបង្គំព្រះបាល។ (ពង្សាវតារក្សត្រទី១ ២១:១៧-២៦) ប៉ុន្តែ មុននឹងការប្រហារជីវិតនេះបានកើតឡើង លោកអេលីសេ ដែលជាអ្នកស្នងរបស់លោកអេលីយ៉ា ក៏ត្រូវតែបញ្ចប់កិច្ចការដែលមិនទាន់ចប់នៅឡើយ។ (ពង្សាវតារក្សត្រទី១ ១៩:១៥-១៧) ពេលដែលគ្រាកំណត់របស់ព្រះយេហូវ៉ាបានមកដល់ លោកអេលីសេបានបង្គាប់អ្នកបំរើម្នាក់ឲ្យទៅចាក់ប្រេងតាំងមេទ័ព យេហ៊ូវ ឲ្យឡើងជាស្តេចថ្មីនៃអ៊ីស្រាអែល។ ក្រោយពីបានចាក់ប្រេងលើក្បាលយេហ៊ូវ អ្នកនាំសារនេះជំរាបថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ‹អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ។ ត្រូវឲ្យប្រហារជំនួរវង្សរបស់អ័ហាប់ ជាចៅហ្វាយឯងទៅ ប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបំរើរបស់អញ នឹងឈាមនៃពួកអ្នកបំរើរបស់អញទាំងអស់ដែរ។ ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង›»។ ឆ្កែនឹងទំពារស៊ីយេសិបិលដ៏កំណាចនេះ ឥតមានអ្នកណាកប់នាងឡើយ។—ពង្សាវតារក្សត្រទី២ ៩:១-១០
៩, ១០. តើពាក្យរបស់លោកអេលីយ៉ា បានសម្រេចយ៉ាងដូចម្ដេចក្នុងករណីរបស់យេសិបិល?
៩ ពួកបុរសនៃយេហ៊ូវបានទទួលស្គាល់សុពលភាពនៃការចាក់ប្រេងតាំងរបស់គាត់ ហើយបានប្រកាសថា លោកជាស្តេចថ្មីនៃអ៊ីស្រាអែល។ ដោយប្រព្រឹត្តដ៏ឥតរារែក យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដើម្បីចាប់ផ្ដើមការប្រហារពួកមេដឹកនាំនៃការថ្វាយបង្គំព្រះបាល។ បុគ្គលទីមួយដែលត្រូវធ្នូរនៃការប្រហារជីវិតរបស់យេហ៊ូវ គឺស្តេចយ៉ូរ៉ាម ជាបុត្រារបស់ស្តេចអ័ហាប់។ ទ្រង់បានជិះរថចេញពីក្រុង ដើម្បីសួរថាតើយេហ៊ូវមកដោយមេត្រី។ យេហ៊ូវបានតបឆ្លើយថា៖ «កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម្ល៉េះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន»? ក្រោយពីទូលរួចហើយ ព្រួញរបស់យេហ៊ូវក៏បាញ់ត្រូវត្រង់បេះដូងរបស់យ៉ូរ៉ាម។—ពង្សាវតារក្សត្រទី២ ៩:២២-២៤
១០ ពួកស្ត្រីដែលកោតខ្លាចព្រះ គឺជៀសវាងធ្វើដូចយេសិបិល ឬដូចស្ត្រីដែលមានលក្ខណៈដូចនាង។ (វិវរណៈ ២:១៨-២៣) កាលដែលយេហ៊ូវបានទៅដល់យេសរាលហើយ នោះនាងក៏បានខំតុបតែងខ្លួនយ៉ាងស្អាត។ ដោយទតមើលតាមបង្អួចមក នាងបានគំនាប់គាត់ដោយបញ្ឈឺចិត្ត។ គាត់ក៏បានសួរពួកអ្នកបំរើរបស់នាងថា៖ «តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ»? រំពេចនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក។ តើគេកាន់ខាងរបស់យេហ៊ូវឬ? លោកបានបង្គាប់គេថា៖ «ចូរបោះវាចុះមក»! ភ្លាមនោះ គេក៏បានប្រព្រឹត្តដោយឥតរារែក ដោយបោះទម្លាក់យេសិបិលចុះមកពីបង្អួច។ នាងបានត្រូវជាន់ឈ្លី ប្រហែលជាដោយជើងសេះហើយ។ ពេលដែលមនុស្សមកកប់សពនាង ‹គេរកឃើញតែរលាក្បាល ប្រអប់ជើង និងបាតដៃប៉ុណ្ណោះ›។ នេះជាការសម្រេចច្បាស់ណាស់នៃពាក្យរបស់លោកអេលីយ៉ា៖ «ឆ្កែនឹងទំពាស៊ីសាច់យេសិបិល»!—ពង្សាវតារក្សត្រទី២ ៩:៣០-៣៧
គាំទ្រពីចិត្តនៃការថ្វាយបង្គំពិត
១១. តើអ្នកណាជាយ៉ូណាដាប ហើយតើតាមរបៀបណាដែលគាត់បង្ហាញការគាំទ្រដល់ការថ្វាយបង្គំពិត?
១១ ពួកអ្នកសង្ឃឹមដើម្បីសង្គ្រោះពី«ថ្ងៃនៃព្រះយេហូវ៉ា» ហើយឲ្យបានរស់នៅជារហូតលើផែនដី ក៏ត្រូវគាំទ្រដ៏អស់ពីចិត្តនៃការថ្វាយបង្គំពិត។ ពួកគេត្រូវធ្វើឲ្យដូចយ៉ូណាដាប ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា ដែលមិនមែនសាសន៍អ៊ីស្រាអែល។ កាលដែលយេហ៊ូវបន្តបំពេញមុខងារបស់លោកដោយខ្នះខ្នែង យ៉ូណាដាបបានចង់បង្ហាញការយល់ព្រមនិងការគាំទ្ររបស់គាត់។ ដូច្នេះ គាត់ក៏ទៅជួបស្តេចថ្មីនៃអ៊ីស្រាអែល ដែលកំពុងតែធ្វើដំណើរទៅក្រុងសាម៉ារី ដើម្បីនឹងប្រហារជំនួរវង្សរបស់ស្តេចអ័ហាប់ទាំងប៉ុន្មានទៀត។ ដោយឃើញយ៉ូណាដាប យេហ៊ូវបានសួរថា៖ «តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ»? ការឆ្លើយតបដ៏វិជ្ជមានរបស់យ៉ូណាដាប ជំរុញឲ្យយេហ៊ូវហុចដៃអញ្ជើញយ៉ូណាដាប ឡើងជិះលើរថជាមួយគ្នា ដោយមានប្រសាសន៍ថា៖ «សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា»។ ដោយឥតបង្អង់យូរ យ៉ូណាដាបក៏ទទួលយកភារកិច្ចនៃការបង្ហាញការគាំទ្រ ដល់អ្នកប្រហារដែលបានចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា។—ពង្សាវតារក្សត្រទី២ ១០:១៥-១៧
១២. ហេតុអ្វីក៏ព្រះយេហូវ៉ាតម្រូវយ៉ាងត្រឹមត្រូវនៃភក្ដីភាពដាច់មុខ?
១២ ការគាំទ្រពីចិត្តនៃការថ្វាយបង្គំពិត គឺប្រាកដជាសមហេតុផល ដ្បិតព្រះយេហូវ៉ាជាព្រះអាទិទេព ហើយជាព្រះមហាក្សត្រសកលលោក ដែលទាមទារយ៉ាងត្រឹមត្រូវ ហើយសមទទួលភក្ដីភាពដាច់មុខពីយើង។ ទ្រង់បានបង្គាប់ពួកអ៊ីស្រាអែលថា៖ «កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង។ ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាមនោះឡើយ ដ្បិតអញជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រច័ណ្ឌ»។ (និក្ខមនំ ២០:៤, ៥) ពួកអ្នកដែលសង្ឃឹមចង់រួចរស់ពី«ថ្ងៃនៃព្រះយេហូវ៉ា» ត្រូវតែថ្វាយបង្គំទ្រង់ទាំងស្រុង ដោយធ្វើឡើង«ដោយវិញ្ញាណ នឹងសេចក្ដីពិត»។ (យ៉ូហាន ៤:២៣, ២៤) ពួកគេត្រូវមានចិត្តមុតមាំចំពោះការថ្វាយបង្គំពិត ដូចលោកអេលីយ៉ា អេលីសេ និងយ៉ូណាដាប។
១៣. ដូចយ៉ូណាដាបមានចិត្តស្មោះត្រង់ចំពោះយេហ៊ូវ តើអ្នកណាជាពួកដែលទទួលស្គាល់ស្តេចមេស្ស៊ី ហើយតើតាមរបៀបណាដែលគេបង្ហាញរឿងនេះ?
១៣ ក្រោយពីបានប្រហារជំនួរវង្សរបស់ស្តេចអ័ហាប់ នោះស្តេចយេហ៊ូវបានចាត់វិធានការដើម្បីសម្គាល់ពួកថ្វាយបង្គំព្រះបាល ហើយបំផ្លាញសាសនាក្លែងក្លាយនេះក្នុងអ៊ីស្រាអែល។ (ពង្សាវតារក្សត្រទី២ ១០:១៨-២៨) សព្វថ្ងៃនេះ ព្រះយេស៊ូគ្រីស្ទជាស្តេចនៅស្ថានសួគ៌ បានត្រូវរើសតាំងឲ្យប្រហារពួកសត្រូវរបស់ព្រះយេហូវ៉ា ហើយធ្វើយុត្ដិកម្មដល់អធិបតេយ្យភាពរបស់ព្រះ។ ដូចជាយ៉ូណាដាបមានចិត្តស្មោះត្រង់នឹងយេហ៊ូវ នោះ«ពួកហ្វូងធំ»នៃ«ពួកចៀមឯទៀត»សព្វថ្ងៃនេះរបស់ព្រះយេស៊ូ ក៏ទទួលស្គាល់អស់ពីចិត្ត ថាព្រះគ្រីស្ទ ជាស្តេចព្រះមេស្ស៊ី ហើយធ្វើសហប្រតិបត្ដិការជាមួយបងប្អូនខាងវិញ្ញាណរបស់ទ្រង់នៅលើផែនដី។ (វិវរណៈ ៧:៩, ១០; យ៉ូហាន ១០:១៦) ពួកគេផ្ដល់ទីសំអាងអំពីរឿងនេះ គឺដោយកាន់សាសនាពិត និងការចូលរួមដ៏ខ្នះខ្នែងក្នុងកិច្ចបំរើគ្រីស្ទាន ព្រមានប្រាប់ពួកសត្រូវរបស់ព្រះអំពី«ថ្ងៃនៃព្រះយេហូវ៉ា»ដែលកាន់តែជិតមកដល់ហើយ។—ម៉ាថាយ ១០:៣២, ៣៣; រ៉ូម ១០:៩, ១០
ព្រឹត្ដិការណ៍ដ៏អស្ចារ្យនៅខាងមុខ!
១៤. តើអ្វីដែលមានខាងមុខចំពោះសាសនាមិនពិតទាំងឡាយ?
១៤ យេហ៊ូវបានចាត់វិធានការដើម្បីបញ្ចប់ការថ្វាយបង្គំព្រះបាលក្នុងអ៊ីស្រាអែល។ ក្នុងសម័យយើងនេះ តាមរយៈយេហ៊ូវដ៏ឧត្តម គឺព្រះគ្រីស្ទយេស៊ូ នោះព្រះនឹងនាំឲ្យមានការហិនវិនាសនៃបាប៊ីឡូនដ៏ធំ ដែលជាចក្រភពទូទៅនៃសាសនាមិនពិត។ បន្ដិចទៀត យើងនឹងឃើញការសម្រេចនៃពាក្យរបស់ទេវតាជូនសាវ័កយ៉ូហានថា៖ «ស្នែងទាំង១០ដែលអ្នកឃើញ ព្រមទាំងសត្វនោះផង នោះនឹងស្អប់ដល់ស្រីសំផឹង[បាប៊ីឡូនដ៏ធំ] ហើយនឹងបំផ្លាញវាទៅ ទាំងធ្វើឲ្យវានៅអាក្រាត រួចនឹងស៊ីសាច់វា ហើយដុតវានៅក្នុងភ្លើង ដ្បិតព្រះទ្រង់បានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតទ្រង់ ហើយឲ្យគេមូលគំនិត នឹងប្រគល់រាជ្យគេ ដល់សត្វនោះ ទាល់តែព្រះបន្ទូលនៃព្រះបានសម្រេច»។ (វិវរណៈ ១៧:១៦, ១៧; ១៨:២-៥) «ស្នែងទាំង១០» តំណាងអំណាចនយោបាយខាងទាហានដែលកំពុងតែគ្រប់គ្រងលើផែនដី។ ទោះជាគេឥឡូវមានទំនាក់ទំនងដ៏សហាយជាមួយបាប៊ីឡូនដ៏ធំក៏ដោយ គ្រារបស់វាគឺកាន់តែជិតណាស់ហើយ។ ពួកនយោបាយនៃលោកនេះនឹងកំទេចសាសនាមិនពិត ហើយ«សត្វតិរច្ឆាន»—អង្គការសហប្រជាជាតិ នឹងមានមុខនាទីដ៏សំខាន់ជាមួយនឹង«ស្នែងទាំង១០» ក្នុងការបង្ហិនសាសនាមិនពិត។b នេះជាគ្រាដ៏ល្អមែន សំរាប់ការសរសើរព្រះយេហូវ៉ា!—វិវរណៈ ១៩:១-៦
១៥. តើអ្វីដែលនឹងកើតឡើង ពេលដែលគេប៉ុនប៉ងធ្វើការហិនវិនាសដល់អង្គការលើផែនដីរបស់ព្រះ?
១៥ ក្រោយពីស្តេចយេហ៊ូវបានវាយប្រហារប្រឆាំងការថ្វាយបង្គំព្រះបាល ពួកវង្សរបស់ទ្រង់ បានបែរអារម្មណ៍មកពួកសត្រូវខាងនយោបាយនៃអ៊ីស្រាអែល។ ស្តេចព្រះយេស៊ូគ្រីស្ទក៏នឹងចាត់វិធានការស្រដៀងគ្នានេះដែរ។ អំណាចខាងនយោបាយនឹងនៅមាន ក្រោយពីសេចក្ដីហិនវិនាសនៃសាសនាមិនពិត ដូចព្រះបាល។ ក្រោមឥទ្ធិពលនៃអារក្សសាតាំង ពួកសត្រូវនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា នឹងធ្វើការវាយប្រហារផ្ដាច់ព្រាត់ ក្នុងការប៉ុនប៉ងដើម្បីកំទេចអង្គការរបស់ព្រះនៅលើផែនដី។ (អេសេគាល ៣៨:១៤-១៦) ប៉ុន្តែ ព្រះយេហូវ៉ានឹងឲ្យស្តេច ព្រះយេស៊ូគ្រីស្ទ មកវាយប្រហារគេនៅឯអើម៉ាគេដូន «ក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបំផុត» ដែលនឹងធ្វើឃើញនូវភាពត្រឹមត្រូវនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។—វិវរណៈ ១៦:១៤, ១៦; ១៩:១១-២១; អេសេគាល ៣៨:១៨-២៣
បំរើដោយមានចិត្តខ្នះខ្នែងដូចលោកអេលីសេ
១៦, ១៧. (ក) តើតាមរបៀបណាដែលយើងដឹងថា លោកអេលីសេមានចិត្តខ្នះខ្នែងរហូតដល់ស្លាប់? (ខ) តើយើងនឹងធ្វើអ្វី ជាមួយនឹងព្រួញនៃសេចក្ដីពិត?
១៦ ទំរាំ«ថ្ងៃនៃព្រះយេហូវ៉ា»បញ្ចប់នៃរបបលោកីយ៍ទាំងមូលរបស់សាតាំង ពួកអ្នកបំរើរបស់ព្រះនឹងត្រូវឲ្យមានចិត្តក្លាហាននិងខ្នះខ្នែងដូចលោកអេលីសេដែរ។ ក្រៅពីធ្វើជាអ្នកបំរើដល់លោកអេលីយ៉ា នោះអេលីសេក៏បានបំរើម្នាក់ឯងជាព្យាការីរបស់ព្រះយេហូវ៉ា អស់រយៈ៥០ឆ្នាំ! ហើយលោកអេលីសេបានមានចិត្តខ្នះខ្នែងរហូតដល់ស្លាប់។ មុននឹងមរណភាពរបស់លោក ចៅរបស់ស្តេចយេហ៊ូវ ដែលជាស្តេចយ៉ូអាសបានទៅលេងលោក។ អេលីសេបានទូលប្រាប់ទ្រង់ឲ្យបាញ់ព្រួញចេញពីបង្អួច។ ព្រួញនោះក៏ទៅយ៉ាងលឿនដល់ទីដៅរបស់វា រួចលោកអេលីសេលាន់មាត់ថា៖ «នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី! ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ»។ ដោយធ្វើតាមសំណូមពររបស់លោកអេលីសេ បន្ទាប់មកយ៉ូអាសក៏បាញ់ព្រួញទៅដី។ ប៉ុន្តែ លោកធ្វើឡើងដោយឥតមានចិត្តខ្នះខ្នែង ដោយបាញ់អស់គំរប់បីដងប៉ុណ្ណោះ។ ជាលទ្ធផល រួចមកលោកអេលីសេបានមានប្រសាសន៍ថា យ៉ូអាសនឹងបានត្រូវទទួលជ័យជំនះលើពួកស៊ីរីតែបីដងទេ។ ហើយនេះជាអ្វីដែលបានកើតឡើងមែន។ (ពង្សាវតារក្សត្រទី២ ១៣:១៤-១៩, ២៥) ស្តេចយ៉ូអាសមិនបានប្រហារពេញលេញ ធ្វើឲ្យ«វិនាសសាបសូន្យ»នោះទេ។
១៧ ប៉ុន្តែ ដោយមានចិត្តខ្នះខ្នែងដូចលោកអេលីសេ ពួកចាក់ប្រេងតាំងដែលនៅសល់ បន្តការប្រយុទ្ធប្រឆាំងនឹងការថ្វាយបង្គំក្លែងក្លាយ។ ពួកមិត្តរបស់គេដែលមានសង្ឃឹមរស់នៅលើផែនដី ក៏ធ្វើដូច្នេះដែរ។ ម្យ៉ាងវិញទៀត ពួកអ្នកដែលសង្ឃឹមដើម្បីរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា» នឹងបានប្រសើរ បើគេនឹកចាំពីពាក្យរបស់លោកអេលីសេ អំពីការវាយដី។ សូមឲ្យយើងយកព្រួញនៃសេចក្ដីពិត ហើយវាយដ៏ខ្នះខ្នែង—ម្ដងហើយម្ដងទៀត—ត្រូវហើយ រហូតដល់ព្រះយេហូវ៉ាមានបន្ទូលថា កិច្ចការរបស់យើងបានសម្រេចហើយ។
១៨. តើតាមរបៀបណាដែលយើងតបឆ្លើយតាមពាក្យពេត្រុសទី២ ៣:១១, ១២?
១៨ «ថ្ងៃនៃព្រះយេហូវ៉ា» បន្ដិចទៀត នឹងនាំមកដល់ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ ដូច្នេះ សូមឲ្យយើងមានចិត្តដាស់តឿនដោយពាក្យដ៏កក់ក្ដៅរបស់សាវ័កពេត្រុសចុះ។ ពេត្រុសមានប្រសាសន៍ថា៖ «ចុះដែលរបស់ទាំងនោះត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង»! (ពេត្រុសទី២ ៣:១១, ១២) ក្នុងកាលដែលគ្រប់របស់ទាំងអស់នៃរបបលោកីយ៍នេះរលាយទៅ ដោយភ្លើងនៃកំហឹងរបស់ព្រះ ដែលនឹងសម្ដែងមកតាមរយៈព្រះយេស៊ូគ្រីស្ទ គឺមានតែពួកអ្នកដែលមានប្រវត្ដិនៃចរិយាត្រឹមត្រូវនិងការគោរពប្រតិបត្ដិដល់ព្រះទេ ដែលនឹងបានសង្គ្រោះនោះ។ ភាពបរិសុទ្ធខាងសីលធម៌និងវិញ្ញាណគឺសំខាន់ណាស់។ ហើយសេចក្ដីស្រឡាញ់ចំពោះមនុស្សគ្នាឯងក៏សំខាន់ដែរ ដែលបង្ហាញដោយការតបដល់សេចក្ដីត្រូវការរបស់គេ ជាពិសេស តាមផ្លូវវិញ្ញាណក្នុងកិច្ចបំរើគ្រីស្ទានរបស់យើង។
១៩. តើយើងត្រូវតែធ្វើអ្វី ដើម្បីរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា»?
១៩ តើពាក្យសំដីនិងការប្រព្រឹត្តរបស់អ្នក សម្គាល់អ្នកជាអ្នកបំរើរបស់ព្រះដ៏ស្មោះត្រង់ហើយខ្នះខ្នែងនោះទេ? បើដូច្នេះមែន អ្នកអាចមានសេចក្ដីសង្ឃឹមនៃការរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា» ចូលទៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យាមក។ ត្រូវហើយ អ្នកនឹងទទួលការរួចរស់ជីវិត បើអ្នកធ្វើល្អដល់ពួកបងប្អូនខាងវិញ្ញាណរបស់ព្រះគ្រីស្ទ ពីព្រោះគេជាអ្នកកាន់តាមរបស់ទ្រង់ ដូចប្ដីប្រពន្ធក្នុងក្រុងស៊ូណែម ដែលបានទទួលរាក់ទាក់ដល់លោកអេលីសេ។ ចំពោះការរួចរស់ជីវិត អ្នកក៏ត្រូវធ្វើឲ្យដូចលោកណាម៉ាន់ដែរ ដែលបានទទួលសេចក្ដីបង្គាប់របស់ព្រះដោយមានចិត្តរាបទាប ហើយបានក្លាយទៅជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា។ ប្រសិនបើអ្នកចង់រស់នៅជានិរន្តរ៍លើផែនដីមនោរម្យ នោះអ្នកត្រូវតែសម្ដែងការគាំទ្រពីចិត្តនៃចំពោះការថ្វាយបង្គំពិត ដូចយ៉ូណាដាបដែរ។ រួចមក អ្នកអាចនៅក្នុងចំណោមពួកអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ា ដែលនឹងបន្ដិចទៀតពិសោធនូវការសម្រេចនៃបន្ទូលរបស់ព្រះយេស៊ូ៖ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក»។—ម៉ាថាយ ២៥:៣៤
[កំណត់សម្គាល់]
a សូមមើលជំពូក ១៨ និង ១៩ នៃសៀវភៅ “Let Your Name Be Sanctified,” ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
b សូមមើល ទំព័រ ២៥៤-៦ នៃសៀវភៅ Revelation—Its Grand Climax At Hand!, ដែលបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើមានគុណសម្បត្ដិណាខ្លះ ដែលត្រូវការដើម្បីឲ្យរួចរស់ជីវិតពី«ថ្ងៃនៃព្រះយេហូវ៉ា»?
◻ តើប្ដីប្រពន្ធនៃក្រុងស៊ូណែម ក្នុងសម័យនៃលោកអេលីសេ បានទុកគំរូអ្វី?
◻ តើអ្វីជាមេរៀន ដែលអាចរៀនបានពីលោកណាម៉ាន់?
◻ តើតាមរបៀបណាដែលយើងអាចធ្វើតាមគំរូរបស់យ៉ូណាដាប?
◻ តើពេត្រុសទី២ ៣:១១, ១២ ត្រូវមានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច?