អង្គការរបស់ព្រះយេហូវ៉ាគាំទ្រកិច្ចបំរើរបស់អ្នក
«ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងតែហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច»។—វិវរណៈ ១៤:៦
១. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវសាកល្បងយ៉ាងដូចម្ដេច ហើយហេតុអ្វីក៏គេបាននៅគង់វង់?
ហេតុអ្វីក៏សំខាន់ម្ល៉េះក្នុងការទទួលស្គាល់មុខនាទីនៃអង្គការនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា ដើម្បីគាំទ្រកិច្ចបំរើគ្រីស្ទាននោះ? អញ្ចឹង តើស្មរបន្ទាល់ព្រះយេហូវ៉ាអាចសម្រេចការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ ទូទាំងពិភពលោកដ៏លំបាកនេះបានទេ បើគ្មានការគាំទ្រពីទ័ពនៅស្ថានសួគ៌របស់ព្រះយេហូវ៉ានោះ? ស្មរបន្ទាល់ទាំងឡាយបានសម្រេចការផ្សាយបែបនេះ ក្នុងកំឡុងសតវត្សនៃការប្រកាន់ជាតិនិយមដ៏ខ្លាំង ប្រព័ន្ធខាងនយោបាយនៃលទ្ធិផ្ដាច់ការ ហើយក្នុងសង្គ្រាមពិភពលោក និងភាពមិនអនុគ្រោះផ្សេងៗ។ បើគ្មានជំនួយពីព្រះយេហូវ៉ា តើស្មរបន្ទាល់នឹងបានគង់នៅឬទេ ក្រោមការប្រកាន់ពូជសាសន៍ក្នុងអន្តរជាតិ ការកាន់ជើង និងការបៀតបៀនដ៏ឃោរឃៅនោះ?—ទំនុកដំកើង ៣៤:៧
ការមានគង់នៅទោះជាមានការប្រឆាំងពេញពិភពលោកក៏ដោយ
២. តើមានភាពស្មើគ្នាយ៉ាងណារវាងពួកគ្រីស្ទានពិតនៃសតវត្សទីមួយ និងពួកនៅសព្វថ្ងៃនេះ?
២ ពួកសត្រូវក្នុងសតវត្សទី២០នេះ ទាំងខាងសាសនានិងខាងនយោបាយ បានដាក់ឧបសគ្គជាច្រើន តាមច្បាប់ឬតាមផ្លូវផ្សេងទៀត ដើម្បីនឹងបង្ការឬបង្ក្រាបកិច្ចការរបស់ព្រះយេហូវ៉ា។ បងប្អូនប្រុសស្រីជាគ្រីស្ទានបានត្រូវគេបៀតបៀន ធ្វើឲ្យឃើញផ្សេងពីការពិត ការបង្ខូចកេរ្ដិ៍ ហើយបាននិយាយបង្កាច់—គ្រីស្ទានជាច្រើនបានត្រូវស្លាប់ ជាញឹកញយនៅក្រោមការញុះញង់នៃពួកបព្វជិតពីបាប៊ីឡូនដ៏ធំ។ គឺអាចនិយាយបានថា ដូចពួកគ្រីស្ទានសម័យដើម ថា«នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់»។ ដូចពួកបព្វជិតនៅសម័យព្រះគ្រីស្ទបានខំតយុទ្ធយ៉ាងខ្លាំង ដើម្បីនឹងបញ្ឈប់កិច្ចបំរើរបស់ទ្រង់ ដូច្នេះពួកបព្វជិតនិងពួកអ្នកក្បត់ជំនឿ ដែលរួមដៃជាមួយគូរខាងនយោបាយរបស់គេ បានខំបង្ក្រាបកិច្ចការអប់រំដ៏ធំនៃរាស្ត្ររបស់ព្រះយេហូវ៉ា។—កិច្ចការ ២៨:២២; ម៉ាថាយ ២៦:៥៩, ៦៥-៦៧
៣. តើអ្វីដែលយើងអាចរៀនពីចិត្តស្មោះគ្រប់ល័ក្ខណ៍នៃនាងហិនរីកា ហ្សើ?
៣ សូមពិចារណាមើលជាឧទាហរណ៍នូវអ្វីដែលបានកើតឡើងនៅប្រទេសប៉ូឡូញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៤៦។ នាង ហិនរីកា ហ្សើ ដែលជាស្មរបន្ទាល់ម្នាក់មានអាយុ១៥ឆ្នាំ ហើយស្មរបន្ទាល់បុរសម្នាក់ នោះបានទៅលេងមនុស្សដែលចាប់អារម្មណ៍ក្នុងភូមិក្បែរភូមិរបស់គេដែលឈ្មោះ ខិល។ ពួកសមាជិកនៃពលទាហានកាតូលិក ដែលមានឈ្មោះជា កងទ័ពជាតិ បានចាប់គេយកទៅ។ បងប្រុសនោះបានគេវាយយ៉ាងខ្លាំង ប៉ុន្តែបានរួចជីវិត។ ប៉ុន្តែ នាងហិនរីកា ឥតបានរួចជីវិតនោះទេ។ នាងបានត្រូវគេបៀតបៀនយ៉ាងខ្លាំង អស់រយៈជាយូរម៉ោង កាលដែលគេបង្ខំឲ្យនាងធ្វើសញ្ញាឈើឆ្កាងរបស់កាតូលិក។ អ្នកបៀតបៀននាងម្នាក់បាននិយាយថា៖ «អ្នកអាចជឿអ្វីក៏ជឿទៅ ចូរគ្រាន់តែធ្វើសញ្ញាឈើឆ្កាងកាតូលិកនេះចុះ។ បើមិនអញ្ចឹងទេ នោះនឹងត្រូវបាញ់ចោលជាមិនខាន»! តើចិត្តស្មោះគ្រប់ល័ក្ខណ៍របស់នាងបានទៅជាទន់ខ្សោយឬទេ? អត់ទេ ពួកកំសាកខាងសាសនានេះបានអូសនាងទៅក្នុងព្រៃ ហើយក៏បាញ់នាងចោលទៅ។ ប៉ុន្តែ នាងបានឈ្នះជោគជ័យ! ពួកគេឥតមានជោគជ័យក្នុងការបំបាក់ចិត្តស្មោះគ្រប់ល័ក្ខណ៍របស់នាងឡើយ។a—រ៉ូម ៨:៣៥-៣៩
៤. តើពួកខាងនយោបាយនិងខាងសាសនា បានខំប្រឹងដើម្បីបង្ក្រាបកិច្ចការផ្សាយយ៉ាងដូចម្ដេច?
៤ អស់ជាងមួយរយឆ្នាំមកហើយ ពួកអ្នកបំរើរបស់ព្រះនៅសម័យនេះបានត្រូវគេប្រព្រឹត្តមកលើយ៉ាងឃោរឃៅនិងយ៉ាងឥតគោរព។ ដោយព្រោះស្មរបន្ទាល់ព្រះយេហូវ៉ាមិនមែនជាផ្នែកនៃសាសនាធំៗខាងសាតាំង នោះគេបានចាត់ទុកជាអ្វីដែលស្រួលនឹងរិះគុនឬជាអ្នកប្រឆាំងដ៏ខ្លាំង។ សូម្បីតែពីខាងនយោបាយក៏បានប្រយុទ្ធលើគេដ៏ឃោរឃៅដែរ។ ស្មរបន្ទាល់ជាច្រើនបានត្រូវគេសម្លាប់ដោយសារជំនឿរបស់គេ។ សូម្បីតែប្រទេសដែលចាត់ទុកជាប្រជាធិបតេយ្យក៏បានខំបង្ខាំងការផ្សាយដំណឹងល្អនោះដែរ។ ដូចជាតាំងពីឆ្នាំ១៩១៧ ក្នុងប្រទេសកាណាដានិងសហរដ្ឋអាមេរិក ពួកបព្វជិតបានញុះញង់ការចោទនៃការបះបោរនឹងសិស្សព្រះគម្ពីរ ដែលជាឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះ។ ពួកមន្ត្រីការខាងសមាគមប៉មយាមបានត្រូវគេចាប់ដាក់គុកយ៉ាងខុស ប៉ុន្តែក្រោយមកបានត្រូវរួចពីទោសវិញ។—វិវរណៈ ១១:៧-៩; ១២:១៧
៥. តើពាក្យអ្វីដែលបានលើកទឹកចិត្តពួកអ្នកបំរើរបស់ព្រះយេហូវ៉ា?
៥ សាតាំងបានប្រើមធ្យោបាយជាច្រើន ដើម្បីខំបញ្ឈប់កិច្ចការធ្វើបន្ទាល់របស់បងប្អូនព្រះគ្រីស្ទ និងគូកនដ៏ស្មោះត្រង់របស់គេ។ ប៉ុន្តែ ដូចជាការពិសោធជាច្រើនបង្ហាញ គ្មានអ្វីសោះដែលអាចធ្វើឲ្យស្មរបន្ទាល់ព្រះយេហូវ៉ាឈប់និយាយទេ សូម្បីតែការគំរាមកំហែង ការសម្លុត អំពើឃោរឃៅលើរូបកាយ គុក ជំរំឃុំឃាំង ឬសេចក្ដីស្លាប់នោះឡើយ។ ហើយនេះជាហេតុការណ៍ពិតទូទាំងប្រវត្ដិសាស្ត្រ។ ម្ដងហើយម្ដងទៀត ពាក្យសំដីរបស់អេលីសេ បានត្រូវជាការលើកទឹកចិត្តណាស់៖ «កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ មូលហេតុមួយ នោះគឺថាពួកទេវតាដ៏ស្មោះត្រង់មានច្រើនជាងពួកទ័ពរបស់អារក្ស!—ពង្សាវតារក្សត្រទី២ ៦:១៦; កិច្ចការ ៥:២៧-៣២, ៤១, ៤២
ព្រះយេហូវ៉ាប្រទានពរឲ្យការផ្សាយដ៏ខ្នះខ្នែង
៦, ៧. (ក) តើការខំប្រឹងអ្វីនៅដើមដំបូង ដែលបានធ្វើឡើងដើម្បីផ្សាយដំណឹងល្អ? (ខ) តើការប្រែប្រួលដ៏មានប្រយោជន៍យ៉ាងណា ដែលបានកើតឡើងក្នុងឆ្នាំ១៩៤៣?
៦ ក្នុងសតវត្សទី២០នេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រើបច្ចេកទេសដ៏ជឿនលឿនជាច្រើន ដើម្បីធ្វើឲ្យទៅមុខយ៉ាងលឿនក្នុងការពង្រីកកិច្ចការធ្វើបន្ទាល់ដ៏ធំរបស់គេ មុននឹងទីបញ្ចប់មកដល់។ នៅឆ្នាំ១៩១៤ លោករ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាមព្រះគម្ពីរនិងខិត្តប័ណ្ណ បានធ្វើការឲ្យប្រើរូបថតបញ្ចាំងនិងភាពយន្ត រួមទាំងការបង្រៀនព្រះគម្ពីរដោយសម្លេងចាក់ថាស ជាផលិតកម្មដែលមានរយៈប្រាំបីម៉ោង ដែលបានហៅថា«ល្ខោនភាពយន្តអំពីសេចក្ដីបង្កើត»។ ពួកអ្នកស្ដាប់នៅច្រើនប្រទេសមានចិត្តអស្ចារ្យណាស់នៅពេលនោះ។ ក្រោយមក ក្នុងទសវត្សនៃឆ្នាំ១៩៣០និង១៩៤០ ស្មរបន្ទាល់បានត្រូវគេស្គាល់ដោយការផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដោយប្រើម៉ាស៊ីនបញ្ចេញសម្លេងពីថាស ដែលបន្លឺអធិប្បាយព្រះគម្ពីរដែលបានថ្លែងដោយបងប្រុសរ៉ូធើហ្វឺត ដែលជាប្រធានទីពីរនៃសមាគម។
៧ នៅឆ្នាំ១៩៤៣ នៅក្រោមការដឹកនាំនៃណេហ្សិន ណ័រ ដែលជាប្រធានទីបីនៃសមាគម នោះបានយកជំហានដ៏ក្លាហានមួយ នៅពេលបានសម្រេចចិត្តរៀបចំសាលាសំរាប់អ្នកបំរើក្នុងក្រុមជំនុំទាំងឡាយ។ ស្មរបន្ទាល់នឹងត្រូវបង្ហាត់ឲ្យផ្សាយហើយបង្រៀនពីផ្ទះមួយទៅផ្ទះមួយ ដោយឥតចាំបាច់ប្រើម៉ាស៊ីនបញ្ចេញសម្លេងពីថាសនោះឡើយ។ តាំងពីពេលនោះមក សាលាឯទៀតបានត្រូវរៀបចំឡើងដើម្បីបង្ហាត់ពួកសាសនទូត អ្នកត្រួសត្រាយពេញពេល ពួកចាស់ទុំក្នុងក្រុមជំនុំ និងអ្នកមើលខុសត្រូវក្នុងការិយាល័យសាខានៃសមាគមប៉មយាម។ តើបានមានលទ្ធផលយ៉ាងណាដែរ?
៨. តើតាមរបៀបណាដែលស្មរបន្ទាល់បានបង្ហាញជំនឿដ៏ខ្លាំងក្នុងឆ្នាំ១៩៤៣?
៨ នៅឆ្នាំ១៩៤៣ កាលដែលសង្គ្រាមលោកលើកទីពីរកំពុងមាន នោះគឺមានស្មរបន្ទាល់តែ១២៩០០០នាក់ មានសកម្មភាពក្នុង៥៤ប្រទេសប៉ុណ្ណោះ។ ប៉ុន្តែ គេមានជំនឿនិងការតាំងចិត្តដល់ម្ល៉េះ ដែលគេជឿថា ម៉ាថាយ ២៤:១៤ នឹងត្រូវសម្រេចមុននឹងគ្រាបញ្ចប់មកដល់។ គេបានជឿស៊ប់ថា ព្រះយេហូវ៉ានឹងមានសារដ៏ព្រមានបានប្រកាសសិន មុននឹងព្រឹត្ដិការណ៍ជាបន្តបន្ទាប់នាំឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ដ៏អាក្រក់នេះ។ (ម៉ាថាយ ២៤:២១; វិវរណៈ ១៦:១៦; ១៩:១១-១៦, ១៩-២១; ២០:១-៣) តើគេបានទទួលរង្វាន់ដោយសារការខំប្រឹងរបស់គេឬទេ?
៩. តើហេតុការណ៍ពិតអ្វីដែលថា កិច្ចការផ្សាយបន្ទាល់បានរីកចំរើននោះ?
៩ យ៉ាងតិចបំផុតឥឡូវនេះ មាន១៣ប្រទេស ដែលមានស្មរបន្ទាល់ដ៏សកម្ម១០០,០០០នាក់រៀងៗខ្លួន។ បីបួនប្រទេសនេះជាស្រុកដែលគ្របសង្កត់ដោយសាសនាកាតូលិក។ យ៉ាងណាក៏ដោយ សូមពិនិត្យមើលស្ថានការណ៍។ ប្រទេសប្រេហ្ស៊ីលមានអ្នកផ្សាយដំណឹងល្អប្រមាណ៤៥០,០០០នាក់ ហើយមានជាង១,២០០,០០០នាក់ បានមកធ្វើពិធីបុណ្យរំឭកព្រះគ្រីស្ទសោយទិវង្គតនៅឆ្នាំ១៩៩៧។ ប្រទេសម៉ិចស្សីកូជាឧទាហរណ៍មួយទៀត ដែលមានស្មរបន្ទាល់ជាង៥០០,០០០នាក់ ហើយមានមនុស្សជាង១,៦០០,០០០នាក់បានមកធ្វើពិធីបុណ្យរំឭក។ ប្រទេសឯទៀត ដែលកាន់សាសនាកាតូលិក គឺប្រទេសអ៊ីតាលី (មានស្មរបន្ទាល់ប្រមាណ២២៥,០០០នាក់) ប្រទេសបារាំង (ប្រហែល១២៥,០០០នាក់) ប្រទេសអេស្បាញ (ជាង១០៥,០០០នាក់) និងប្រទេសអារ្សងទីន (មានជាង១១៥,០០០នាក់)។ នៅសហរដ្ឋអាមេរិក ដែលមានសាសនាប្រូតេស្តង់ សាសនាកាតូលិក និងសាសនាយូដាជាសាសនាធំៗ នោះគឺមានស្មរបន្ទាល់៩៧៥,០០០នាក់ ហើយមានជាង២,០០០,០០០នាក់បានមកធ្វើពិធីបុណ្យរំឭក។ យ៉ាងប្រាកដហើយ ពួកហ្វូងធំកំពុងតែចេញពីបាប៊ីឡូនដ៏ធំ ដែលជាចក្រភពនៃសាសនាមិនពិត ដែលមានលទ្ធិអាថ៌កំបាំង ហើយកំពុងតែបែរមករកសេចក្ដីសន្យារបស់ព្រះ នៃ«ផ្ទៃមេឃថ្មីនិងផែនដីថ្មី»។—ពេត្រុសទី២ ៣:១៣; អេសាយ ២:៣, ៤; ៦៥:១៧; វិវរណៈ ១៨:៤, ៥; ២១:១-៤
ការប្រែប្រួលទៅតាមសេចក្ដីត្រូវការរបស់បណ្ដាជន
១០. តើកាលៈទេសៈបានប្រែប្រួលនៅកន្លែងខ្លះយ៉ាងដូចម្ដេច?
១០ មនុស្សជាច្រើនដែលបានមកឯព្រះយេហូវ៉ាតាមរយៈព្រះគ្រីស្ទយេស៊ូ បានត្រូវគេរកឃើញពីផ្ទះមួយទៅផ្ទះមួយ។ (យ៉ូហាន ៣:១៦; កិច្ចការ ២០:២០) ប៉ុន្តែ របៀបផ្សាយផ្សេងទៀតក៏បានយកមកប្រើដែរ។ កាលៈទេសៈបានផ្លាស់ប្ដូរ ហើយស្ថានភាពខាងសេដ្ឋកិច្ច បានបណ្ដាលឲ្យស្ត្រីជាច្រើនចេញទៅធ្វើការ។ ជាធម្មតាក្នុងកំឡុងសប្ដាហ៍មួយៗ មានមនុស្សតិចណាស់ដែលនៅឯផ្ទះ។ ដូច្នេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រែប្រួលទៅតាមស្ថានការណ៍។ ដូចជាព្រះយេស៊ូនិងពួកសិស្សនៅពីដើម គេទៅកន្លែងណាដែលមានមនុស្សនៅ។—ម៉ាថាយ ៥:១, ២; ៩:៣៥; ម៉ាកុស ៦:៣៤; ១០:១; កិច្ចការ ២:១៤; ១៧:១៦, ១៧
១១. តើស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើបន្ទាល់នៅកន្លែងណា ហើយតើមានលទ្ធផលយ៉ាងណា?
១១ ស្មរបន្ទាល់កំពុងតែយកជំហាន ហើយផ្សាយដំណឹងទៅមនុស្សដោយមិនឈូឆរនៅធ្លាចតឡាន ផ្សារ រោងច័ក្រ ការិយាល័យនិងក្រុមហ៊ុន សាលា ការិយាល័យនគរបាល ស្ថានីយប្រេង និងសណ្ឋាគារ និងភោជនីយដ្ឋាន និងតាមផ្លូវ។ តាមពិត គេទៅផ្សាយនៅកន្លែងណាក៏ដោយដែលមានមនុស្ស។ ហើយនៅពេលមនុស្សនៅផ្ទះ នោះស្មរបន្ទាល់បន្តផ្សាយទៅគេនៅទីនោះ។ របៀបដ៏ប្រែប្រួលហើយដ៏មានប្រយោជន៍នេះ គឺមានលទ្ធផលជាការរីកចំរើននូវចំនួនប្រកាសនវត្ថុព្រះគម្ពីរដែលបានចែកចាយ។ ពួកមនុស្សដែលមានលក្ខណៈដូចចៀមគឺកំពុងតែរកឃើញ។ ការបង្រៀនសិស្សថ្មីកំពុងតែមានច្រើនឡើង។ កិច្ចការអប់រំដ៏ធំនេះក្នុងប្រវត្ដិសាស្ត្រមនុស្ស គឺកំពុងតែសម្រេចដោយអ្នកបំរើដ៏ស្ម័គ្រចិត្ត ដែលមានជាងប្រាំលានប្រាំសែននាក់! តើអ្នកមានឯកសិទ្ធិរួមចំណោមពួកគេដែរឬទេ?—កូរិនថូសទី២ ២:១៤-១៧; ៣:៥, ៦
តើអ្វីដែលជំរុញទឹកចិត្តស្មរបន្ទាល់ព្រះយេហូវ៉ា?
១២. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់ទ្រង់? (ខ) តើការបង្រៀននេះមានឥទ្ធិពលយ៉ាងណា?
១២ តើអង្គការនៅស្ថានសួគ៌មានមុខនាទីយ៉ាងណាក្នុងរឿងទាំងនេះ? អេសាយបានទាយថា៖ «ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្ដិសុខជាបរិបូរ»។ (អេសាយ ៥៤:១៣) ព្រះយេហូវ៉ាកំពុងតែបង្រៀនភាតរភាពដ៏ឯកភាពក្នុងពិភពលោក តាមរយៈអង្គការដ៏មើលឃើញរបស់ទ្រង់នៅលើផែនដី គឺនៅឯសាលព្រះរាជាណាចក្រ នៅឯមហាសន្និបាតនិងសន្និបាត។ ជាលទ្ធផល ក៏មានឯកភាពនិងសន្ដិភាព។ ការបង្រៀនរបស់ព្រះយេហូវ៉ាបានបណ្ដុះឲ្យមានមនុស្សដ៏ប្លែក ដែលបានអប់រំឲ្យស្រឡាញ់គ្នា ហើយឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនគេដែរ មិនត្រូវឲ្យស្អប់អ្នកជិតខាងរបស់គេឡើយ នៅកន្លែងណាក៏ដោយដែលគេរស់នៅក្នុងលោកីយ៍ដ៏បែកខ្ញែកនេះ។—ម៉ាថាយ ២២:៣៦-៤០
១៣. តើតាមរបៀបណាដែលយើងអាចដឹងប្រាកដថា ការដឹកនាំរបស់ពួកទេវតាបានទាក់ទងនឹងកិច្ចការផ្សាយនេះ?
១៣ សេចក្ដីស្រឡាញ់ជាអ្វីដែលជំរុញទឹកចិត្តស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យបន្តផ្សាយ ទោះជាប្រឈមនូវភាពឥតអើពើឬការបៀតបៀនក៏ដោយ។ (កូរិនថូសទី១ ១៣:១-៨) គេដឹងថា កិច្ចការដ៏សង្គ្រោះរបស់គេ គឺកំពុងតែដឹកនាំពីស្ថានសួគ៌ ដូចជាវិវរណៈ ១៤:៦ ប្រាប់យើង។ តើអ្វីជាសារដែលកំពុងតែប្រកាសនៅក្រោមការដឹកនាំនៃពួកទេវតា? «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ»។ ការផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ ដំកើងព្រះនាមរបស់ព្រះយេហូវ៉ា។ មនុស្សទាំងឡាយកំពុងតែអញ្ជើញឲ្យផ្ដល់សិរីល្អដល់ព្រះអាទិទេព មិនមែនទៅសត្តនិករនិងទ្រឹស្តីវិវត្តន៍ដ៏មិនសមហេតុផលនោះទេ។ ហើយហេតុអ្វីក៏កិច្ចការផ្សាយជាអ្វីដ៏បន្ទាន់ម្ល៉េះ? ពីព្រោះម៉ោងនៃការជំនុំជំរះបានមកដល់ហើយ ដើម្បីជំនុំជំរះលើបាប៊ីឡូនដ៏ធំ និងលក្ខណៈឯទៀតនៃរបបលោកីយ៍ដ៏មើលមិនឃើញនេះរបស់សាតាំង។—វិវរណៈ ១៤:៧; ១៨:៨-១០
១៤. តើអ្នកណាដែលទាក់ទងនឹងកិច្ចការបង្រៀនដ៏ធំនេះ?
១៤ គ្មានគ្រីស្ទានណាម្នាក់ដែលរួចផុតពីកិច្ចការផ្សាយនេះឡើយ។ ពួកអ្នកចាស់ទុំនាំមុខក្នុងការផ្សាយជាមួយក្រុមជំនុំ។ ពួកអ្នកត្រួសត្រាយដែលបានហ្វឹកហ្វឺនគឺកំពុងតែរវល់នឹងកិច្ចការនេះ។ អ្នកផ្សាយដ៏ខ្នះខ្នែងនៃសារព្រះរាជាណាចក្រនេះ មិនថាអាចផ្សាយគ្រាន់តែបីបួនម៉ោងឬច្រើនក៏ដោយ គឺកំពុងតែផ្សាយសារនេះនៅជុំវិញផែនដី។—ម៉ាថាយ ២៨:១៩, ២០; ហេព្រើរ ១៣:៧, ១៧
១៥. តើអ្វីដែលបញ្ជាក់ថា កិច្ចការផ្សាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាមានឥទ្ធិពលនោះ?
១៥ តើការខំប្រឹងធ្វើទាំងនេះមានឥទ្ធិពលលើពិភពលោកនេះទេ? ភស្តុតាងមួយថាមានឥទ្ធិពលនោះ គឺចំនួនប៉ុន្មានដងដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវយកមកបញ្ជាក់អំពីតាមកម្មវិធីទូរទស្សន៍ និងកាសែតពត៌មាន។ ពួកទាំងនេះធម្មតា បង្ហាញនូវការតស៊ូនិងការតាំងចិត្តរបស់យើង ដើម្បីទៅផ្សាយដល់មនុស្សគ្រប់គ្នា។ ត្រូវហើយ ការខ្នះខ្នែងនិងវត្តមានជានិច្ចរបស់យើង ធ្វើឲ្យគេដឹង ទោះជាមនុស្សភាគច្រើនមិនព្រមទទួលសារនិងពួកអ្នកដែលនាំសារនោះក៏ដោយ!
ការខ្នះខ្នែងរបស់យើងដើម្បីធ្វើបន្ទាល់ឲ្យបានចប់
១៦. តើអាកប្បកិរិយាអ្វីដែលគួរតែបង្ហាញក្នុងគ្រាដ៏ខ្លីខាងមុខយើងនេះ?
១៦ យើងមិនដឹងថា នឹងមានពេលប៉ុន្មានទៀតសំរាប់របបលោកីយ៍នេះទេ ហើយយើងក៏មិនចាំបាច់ត្រូវការនឹងដឹងដែរ ឲ្យតែបំណងចិត្តរបស់យើងក្នុងការបំរើព្រះយេហូវ៉ាជាអ្វីដ៏ពិសិដ្ឋនោះ។ (ម៉ាថាយ ២៤:៣៦; កូរិនថូសទី១ ១៣:១-៣) ប៉ុន្តែ យើងដឹងថា ដើម្បីឲ្យឃើញច្បាស់នូវសេចក្ដីស្រឡាញ់ ព្រះចេស្ដា និងយុត្ដិធម៌របស់ព្រះយេហូវ៉ា នោះដំណឹងល្អត្រូវផ្សាយ«ជាមុនសិន»។ (ម៉ាកុស ១៣:១០) ដូច្នេះ មិនថាជាប៉ុន្មានឆ្នាំដែលយើងបានរង់ចាំនូវទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ដែលប្រកបដោយអំពើឃោរឃៅនិងភាពអយុត្ដិធម៌ នោះយើងត្រូវតែបំពេញកិច្ចការរបស់យើងដោយខ្នះខ្នែង ឲ្យស្របតាមនឹងកាលៈទេសៈរបស់យើង។ យើងប្រហែលជាចាស់ជរាឬឈឺ ប៉ុន្តែយើងអាចបំរើព្រះយេហូវ៉ាដោយចិត្តខ្នះខ្នែង ដែលយើងបានមាននៅពេលក្មេងឬសុខភាពល្អនោះ។ ប្រហែលជាយើងមិនអាចចំណាយពេលច្រើនក្នុងការផ្សាយដូចនៅពេលមុនៗ ប៉ុន្តែយើងអាចរក្សានូវគុណភាពនៃការសរសើររបស់យើងជូនព្រះយេហូវ៉ា។—ហេព្រើរ ១៣:១៥
១៧. សូមរៀបរាប់ការពិសោធដែលអាចជួយយើងទាំងអស់គ្នា។
១៧ ដូច្នេះ មិនថាជាក្មេងឬចាស់ សូមឲ្យយើងបង្ហាញនូវការខ្នះខ្នែងនិងចែកផ្សាយសារដ៏ល្អនេះ ជាមួយមនុស្សទាំងឡាយដែលយើងជួប។ សូមឲ្យយើងបានដូចក្មេងស្រីដ៏អៀនម្នាក់នេះ ដែលមានអាយុប្រាំពីរឆ្នាំ ពីប្រទេសអូស្ដ្រាលី ដែលបានទៅផ្សារជាមួយម្ដាយរបស់នាង។ នាងបានឮនៅឯសាលព្រះរាជាណាចក្រថាជាសំខាន់ឲ្យទាំងអស់គ្នាផ្សព្វផ្សាយ ដូច្នេះនាងបានទុកសៀវភៅស្តើងខាងព្រះគម្ពីរពីរក្បាលក្នុងកាតាបរបស់នាង។ កាលដែលម្ដាយរបស់នាងរវល់នឹងនិយាយ នោះក្មេងស្រីនោះក៏ចេញបាត់ទៅ។ នៅពេលដែលម្ដាយរបស់នាងបានរកនាង នោះឃើញនាងកំពុងតែបង្ហាញសៀវភៅស្តើងឲ្យអ្នកស្រីម្នាក់! ម្ដាយនោះក៏ទៅដើម្បីសុំទោសគាត់ ចំពោះការរំខានអ្វីដែលកូនស្រីរបស់គាត់បានធ្វើ។ ប៉ុន្តែស្ត្រីនោះបានទទួលយកសៀវភៅស្តើងនោះដោយសុភាវធម៌។ នៅពេលដែលម្ដាយនៅជាមួយកូនគាត់ គាត់បានសួរកូនថា មានចិត្តក្លាហានពីណាដើម្បីនិយាយទៅអ្នកចម្លែកនោះ។ កូនឆ្លើយថា «ខ្ញុំនិយាយប្រាប់ខ្លួនឯងថា មួយ ពីរ បី ហើយទៅតែម្ដង! ហើយខ្ញុំក៏បានធ្វើទៅ»!
១៨. តើតាមរបៀបណាដែលយើងអាចបង្ហាញគំនិតដ៏គួរឲ្យសរសើរ?
១៨ យើងទាំងអស់គ្នាត្រូវការគំនិតនេះ ដូចក្មេងស្រីជាតិអូស្ដ្រាលីនេះ ជាពិសេសដើម្បីនិយាយប្រាប់ដំណឹងល្អដល់អ្នកចម្លែក ឬពួកមន្ត្រីការ។ យើងប្រហែលខ្លាចគេមិនព្រមទទួល។ សូមឲ្យយើងកុំភ្លេចនូវអ្វីដែលព្រះយេស៊ូបានមានបន្ទូលថា៖ «នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វីដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។—លូកា ១២:១១, ១២
១៩. តើអ្នកមានទស្សនៈយ៉ាងណាអំពីកិច្ចបំរើផ្សាយរបស់អ្នក?
១៩ ដូច្នេះចូរទុកចិត្តឲ្យវិញ្ញាណរបស់ព្រះជួយអ្នក កាលដែលទៅជួបមនុស្សដើម្បីផ្សាយដំណឹងល្អនេះតាមរបៀបដ៏សមរម្យនោះ។ មនុស្សរាប់លាននាក់ទុកចិត្តលើមនុស្សប្រុសស្រីដែលមិនគួរទុកចិត្តទៅលើនោះទេ ដែលមានជីវិតនៅឥឡូវនេះ តែនឹងស្លាប់ទៅនោះ។ យើងត្រូវតែទុកចិត្តលើព្រះយេហូវ៉ានិងអង្គការនៅស្ថានសួគ៌របស់ទ្រង់ ព្រះគ្រីស្ទយេស៊ូ ពួកទេវតាដ៏ស្មោះត្រង់ និងពួកគ្រីស្ទានចាក់ប្រេងតាំង ដែលមានជីវិតដ៏អស់កល្បជានិច្ច។ ដូច្នេះ សូមឲ្យចងចាំថា៖ «ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»!—ពង្សាវតារក្សត្រទី២ ៦:១៦
[កំណត់សម្គាល់]
a ចំពោះឧទាហរណ៍ថែមទៀត សូមមើលសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅឆ្នាំ១៩៩៤ ទំព័រ ២១៧-២០។
តើអ្នកឆ្លើយយ៉ាងណា?
◻ តើអ្វីជាមុខនាទីរបស់អង្គការនៅស្ថានសួគ៌របស់ព្រះ ក្នុងការធ្វើឲ្យរាស្ត្រទ្រង់បានរួចរស់ជីវិត?
◻ តើពួកនយោបាយនិងពួកខាងសាសនាបានប្រយុទ្ធ លើស្មរបន្ទាល់ព្រះយេហូវ៉ានៅសតវត្សទី២០នេះយ៉ាងណា?
◻ តើតាមរបៀបណាដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រែប្រួលកិច្ចបំរើរបស់គេ ទៅតាមសេចក្ដីត្រូវការនៃគ្រាណាមួយនោះ?
◻ តើអ្វីដែលជំរុញទឹកចិត្តអ្នកឲ្យផ្សាយនោះ?
[រូបភាពនៅទំព័រ២៥]
នាងហិនរីកា ហ្សើ
[រូបភាពនៅទំព័រ២៦]
ប្រទេសជប៉ុន
ប្រទេសម៉ាធីនិក
សរដ្ឋអាមេរិក
ប្រទេសឃិនយ៉ា
សរដ្ឋអាមេរិក
នៅដើមសតវត្សនេះ ម៉ាស៊ីនបញ្ចេញសម្លេងពីថាសបានប្រើដើម្បីផ្សាយសារព្រះរាជាណាចក្រ
[រូបភាពនៅទំព័រ២៨]
ស្មរបន្ទាល់ព្រះយេហូវ៉ាផ្សាយពេលណាហើយនៅកន្លែងណាដែលអាចរកមនុស្សបាន