ការបំរើជាមួយអ្នកយាម
«លោកម្ចាស់អើយ[ព្រះយេហូវ៉ា ព.ថ.]នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ»។—អេសាយ ២១:៨
១. តើព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ គឺជាសាក្សីចំពោះបន្ទូលសន្យាដ៏អស្ចារ្យអ្វីខ្លះ?
ព្រះយេហូវ៉ាគឺជាព្រះដ៏ឧត្តមលើសលប់ខាងការតាំងគោលបំណង។ ទេវតាមួយអង្គដ៏ជាអ្នកបះបោរនោះ ដែលបានក្លាយទៅជាអារក្សសាតាំង គឺមិនអាចធ្វើឲ្យខកខានដល់គោលបំណងដ៏ខ្ពង់ខ្ពស់របស់ទ្រង់ ក្នុងការធ្វើឲ្យព្រះនាមរបស់អង្គទ្រង់បានបរិសុទ្ធ ហើយស្ថាបនាការគ្រប់គ្រងដ៏រុងរឿងនៃព្រះរាជាណាចក្រទៅលើផែនដីមនោរម្យមួយបានឡើយ។ (ម៉ាថាយ ៦:៩, ១០) នៅក្រោមការគ្រប់គ្រងនោះ មនុស្សលោកនឹងទទួលពរដ៏ប្រសើរមែន។ ព្រះ«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ មនុស្សជាតិដ៏រីករាយដែលមានឯកភាព នឹងមានសន្ដិភាពហើយភាពចំរើនជាអនន្ត។ (អេសាយ ២៥:៨; ៦៥:១៧-២៥) ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ គឺជាសាក្សីចំពោះបន្ទូលសន្យាដ៏អស្ចារ្យទាំងប៉ុន្មាននេះ!
២. តើព្រះយេហូវ៉ាបានចាត់តាំងមនុស្សជាតិណាខ្លះ ឲ្យធ្វើជាស្មរបន្ទាល់?
២ ព្រះជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង ក៏មានស្មរបន្ទាល់ជាមនុស្សជាតិផងដែរ។ នៅសម័យមុនគ្រីស្ទសាសនា មាន«ស្មរបន្ទាល់១ហ្វូងធំ»ចាប់ពីអេបិលមក ដែលបានស៊ូទ្រាំដោយប្រឈមឧបសគ្គដ៏ពិបាកយកឈ្នះ។ គំរូដ៏ប្រសើររបស់ពួកគេនោះ លើកទឹកចិត្តពួកគ្រីស្ទានដ៏ស្មោះត្រង់នៅសព្វថ្ងៃនេះណាស់។ ព្រះយេស៊ូគ្រីស្ទគឺជាគំរូដ៏ប្រសើរបំផុតនៃស្មរបន្ទាល់ដ៏ក្លាហានមោះមុត។ (ហេព្រើរ ១១:១-១២:២) ជាឧទាហរណ៍ សូមនឹកចាំពីការធ្វើបន្ទាល់ចុងបង្អស់របស់ទ្រង់ នៅពីមុខលោកប៉ុនទាស-ពីឡាត់។ ព្រះយេស៊ូបានមានបន្ទូលប្រកាសថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) ចាប់ពីឆ្នាំ៣៣ស.យ. រហូតមកឆ្នាំ២០០០ស.យ. នោះពួកគ្រីស្ទានដ៏ឧស្សាហ៍បានធ្វើតាមគំរូរបស់ព្រះយេស៊ូ ហើយបានបន្តធ្វើបន្ទាល់ ទាំងប្រកាសយ៉ាងអង់អាចនូវ«អស់ទាំងការអស្ចារ្យរបស់ព្រះ»។—កិច្ចការ ២:១១
និកាយខាងសាសនាបាប៊ីឡូន
៣. តើយ៉ាងដូចម្ដេចដែលអារក្សសាតាំងប្រឆាំងនឹងបន្ទាល់ដែលត្រូវធ្វើឡើង អំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់?
៣ ក្នុងកំឡុងសហស្សវត្សនិមួយៗ នោះអារក្សសាតាំងដ៏ជាមហាសត្រូវបានខិតខំដោយបំណងអាក្រក់ ដើម្បីធ្វើឲ្យខូចកិត្ដិយសដល់សំដីសាក្សីរបស់ស្មរបន្ទាល់ព្រះ។ ជា«ឪពុកនៃ[សេចក្ដីភូតភរ ព.ថ.]» នោះ«នាគធំ . . . ជាពស់ពីបុរាណ»នេះ បាន«នាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ វាបានច្បាំងដោយឥតឈប់ឈរប្រឆាំងនឹងអស់អ្នកដែល«កាន់តាមបញ្ញត្តព្រះ» ជាពិសេសនៅថ្ងៃជាន់ក្រោយបង្អស់នេះ។—យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩, ១៧
៤. តើបាប៊ីឡូនដ៏ធំមានមកពីណា?
៤ ប្រមាណ៤.០០០ឆ្នាំមុននេះ បន្ទាប់ពីទឹកជំនន់នៅសម័យលោកណូអេ នោះសាតាំងបានលើកនីមរ៉ុឌឡើង ដែល«គាត់ជាព្រានព្រៃខ្លាំងពូកែ[ប្រឆាំងនឹង, ព.ថ.]ព្រះយេហូវ៉ា»។ (លោកុប្បត្តិ ១០:៩, ១០) ទីក្រុងដ៏ធំក្រៃលែងរបស់នីមរ៉ុឌ គឺជាទីក្រុងបាប៊ីឡូន(បាបិល) នោះបានក្លាយជាមណ្ឌលមួយនៃសាសនាជាប់ទាក់ទងនឹងពួកព្រាយបិសាច។ នៅពេលដែលព្រះយេហូវ៉ាបានបំភាន់ភាសារបស់អ្នកសាងសង់ប៉មនៃទីក្រុងបាបិល នោះមនុស្សទាំងប៉ុន្មានបានត្រូវបែកខ្ញែកជុំវិញផែនដី ហើយពួកគេក៏បានយកសាសនាមិនពិតរបស់គេទៅជាមួយគេផងដែរ។ ដូច្នេះ បាប៊ីឡូនបានទៅជាប្រភពនៃចក្រភពសាសនាមិនពិតទូទាំងពិភពលោក ដែលត្រូវហៅជាបាប៊ីឡូនដ៏ធំនៅសៀវភៅវិវរណៈ។ សៀវភៅនោះបានទាយប្រាប់អំពីសេចក្ដីវិនាសនៃប្រព័ន្ធសាសនាពីបុរាណនោះ។—វិវរណៈ ១៧:៥; ១៨:២១
សាសន៍មួយដែលមានភាពជាស្មរបន្ទាល់
៥. តើសាសន៍ណាដែលព្រះយេហូវ៉ាបានរៀបចំដើម្បីធ្វើជាស្មរបន្ទាល់របស់ទ្រង់ ក៏ប៉ុន្តែហេតុអ្វីបានជាទ្រង់បានអនុញ្ញាតឲ្យគេត្រូវធ្វើនិរទេសអ៊ីចឹង?
៥ ប្រមាណ៥០០ឆ្នាំបន្ទាប់ពីសម័យនីមរ៉ុឌ នោះព្រះយេហូវ៉ាបានរៀបចំកូនចៅរបស់លោកអ័ប្រាហាំទៅជាសាសន៍អ៊ីស្រាអែល ដើម្បីបំរើជាស្មរបន្ទាល់របស់ទ្រង់នៅលើផែនដី។ (អេសាយ ៤៣:១០, ១២) មនុស្សជាច្រើននាក់ក្នុងសាសន៍នោះ បានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ប៉ុន្តែ ក្នុងកំឡុងរាប់សតវត្សក្រោយមក នោះជំនឿក្លែងក្លាយនៃសាសន៍ផ្សេងៗដែលនៅជិតខាង បានធ្វើឲ្យអ៊ីស្រាអែលទៅជាខូច ហើយរាស្ត្ររបស់ព្រះយេហូវ៉ាដែលបានចូលកិច្ចព្រមព្រៀងនោះ ក៏បានបែរចេញពីទ្រង់ទៅថ្វាយបង្គំព្រះមិនពិតវិញ។ ដូច្នេះហើយ ក្នុងឆ្នាំ៦០៧ ម.ស.យ. នោះកងទ័ពនៃទីក្រុងបាប៊ីឡូនដែលដឹកនាំដោយស្តេចនេប៊ូក្នេសា បានបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិមហើយព្រះវិហារ ព្រមទាំងបានយកពួកយូដាភាគធំជានិរទេសជនទៅទីក្រុងបាប៊ីឡូនផង។
៦. តើអ្នកយាមនៃព្រះយេហូវ៉ាបានទាយប្រកាសអំពីដំណឹងល្អអ្វី ហើយតើពាក្យនោះបានសម្រេចនៅពេលណា?
៦ តើនេះជាជ័យជំនះយ៉ាងណាទៅហ្ន៎ សំរាប់សាសនាមិនពិត! ប៉ុន្តែ ជ័យជំនះរបស់បាប៊ីឡូននោះ មិនបានមានជាយូរអង្វែងឡើយ។ ប្រមាណ២០០ឆ្នាំមុនព្រឹត្ដិការណ៍នេះ ព្រះយេហូវ៉ាបានមានបន្ទូលបង្គាប់ថា៖ «ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ»។ តើអ្នកយាមនេះត្រូវតែប្រកាសដំណឹងអ្វីទៅ? «ដួលហើយ! ក្រុងបាប៊ីឡូនបានដួលហើយ! អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី»។ (អេសាយ ២១:៦, ៩) នៅឆ្នាំ៥៣៩ម.ស.យ. ការប្រកាសជាទំនាយនោះបានសម្រេចកើតឡើងដូច្នេះមែន។ ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែនោះបានរលំដួល ហើយរាស្ត្ររបស់ព្រះយេហូវ៉ាដែលបានចូលកិច្ចព្រមព្រៀង មិនយូរក្រោយមក ក៏បានត្រឡប់ទៅមាតុភូមិរបស់គេវិញ។
៧. (ក) តើពួកយូដាបានរៀនអ្វីពីការប្រដៅរបស់ព្រះយេហូវ៉ា? (ខ) តើពួកយូដាដែលបានត្រឡប់ទៅស្រុកវិញបានធ្លាក់ក្នុងអន្ទាក់អ្វី ហើយតើនេះបានមានលទ្ធផលយ៉ាងណា?
៧ ពួកយូដាដែលបានត្រឡប់ទៅនោះ បានរាងចាលមិនចូលរួមការថ្វាយបង្គំរូបព្រះ ឬក៏សាសនាដែលជាប់ទាក់ទងមន្តអាគមទៀតទេ។ ប៉ុន្តែ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំក្រោយមក នោះពួកគេបានធ្លាក់ចូលអន្ទាក់ផ្សេងទៀត។ ពួកគេខ្លះត្រូវទាក់ទាញដោយទស្សនវិជ្ជាសាសន៍ក្រិក។ អ្នកដទៃទៀតបានចាប់ផ្ដើមដាក់ទម្ងន់ ទៅលើទំនៀមទម្លាប់មនុស្សជាជាងបន្ទូលរបស់ព្រះ។ តែក៏មានអ្នកដទៃទៀតដែលបានត្រូវប្រលោមដោយជាតិនិយមដែរ។ (ម៉ាកុស ៧:១៣; កិច្ចការ ៥:៣៧) មកដល់ពេលព្រះយេស៊ូបានប្រសូតមកលើផែនដី សាសន៍នោះបានបែរចេញពីការថ្វាយបង្គំដ៏បរិសុទ្ធម្ដងទៀត។ ទោះបីពួកយូដាខ្លះបានស្ដាប់តាមដំណឹងល្អ ដែលព្រះយេស៊ូបានផ្សព្វផ្សាយនោះក៏ដោយ ប៉ុន្តែសាសន៍នោះជាក្រុមដែលបានបដិសេធទ្រង់ ដោយដូច្នេះក៏បានបដិសេធព្រះយេហូវ៉ាដែរ។ (យ៉ូហាន ១:៩-១២; កិច្ចការ ២:៣៦) អ៊ីស្រាអែលបានលែងជាស្មរបន្ទាល់របស់ព្រះ ហើយនៅឆ្នាំ៧០ស.យ. ទីក្រុងយេរូសាឡិមនិងព្រះវិហារនេះបានត្រូវបំផ្លាញខ្ទេចខ្ទីម្ដងទៀត លើកនេះគឺដោយកងទ័ពរ៉ូម៉ាំង។—ម៉ាថាយ ២១:៤៣
៨. អ្នកណាបានទៅជាស្មរបន្ទាល់របស់ព្រះយេហូវ៉ា ហើយហេតុអ្វីបានជាការព្រមានរបស់ប៉ុលទៅកាន់គេគឺត្រូវពេលម្ល៉េះ?
៨ នៅគ្រាដដែលនោះ «អ៊ីស្រាអែលនៃព្រះ»ដ៏ជាគ្រីស្ទានបានមានកំណើតមក ហើយពួកនោះឥឡូវបានបំរើជាស្មរបន្ទាល់របស់ព្រះចំពោះសាសន៍ទាំងឡាយ។ (កាឡាទី ៦:១៦) អារក្សសាតាំងបានធ្វើផែនការណ៍ដើម្បីបង្ខូចសាសន៍ខាងវិញ្ញាណដ៏ថ្មីនេះ យ៉ាងឆាប់រហ័ស។ នៅចុងសតវត្សទីមួយ ឥទ្ធិពលពីនិកាយផ្សេងៗអាចឃើញមានក្នុងក្រុមជំនុំទាំងឡាយ។ (វិវរណៈ ២:៦, ១៤, ២០) ការព្រមានរបស់សាវ័កប៉ុលគឺត្រូវពេលណាស់ ដែលគាត់មានប្រសាសន៍ថា៖ «ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៨
៩ តាមអ្វីដែលប៉ុលបានព្រមានមកនោះ តើព្រឹត្ដិការណ៍អ្វីដែលបាននាំទៅដល់ការកើតមានឡើងនៃពិភពគ្រីស្ទសាសនា?
៩ ជាយថាហេតុ ទស្សនវិជ្ជារបស់សាសន៍ក្រិក គំនិតខាងសាសន៍បាប៊ីឡូន ហើយបន្ទាប់មក«ប្រាជ្ញា»របស់មនុស្ស ដូចជាទ្រឹស្តីអំពីការវិវត្តន៍និងការរិះគន់ពីអ្នកជាន់ខ្ពស់នោះ បានធ្វើឲ្យខូចអាក្រក់ដល់សាសនារបស់មនុស្សជាច្រើនដែលបានអះអាងថាកាន់សាសនាគ្រីស្ទាននោះ។ នេះគឺបានកើតឡើងដូចជាប៉ុលបានទាយ គឺថា៖ «ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ»។ (កិច្ចការ ២០:២៩, ៣០) ជាលទ្ធផលពីសេចក្ដីក្បត់ជំនឿនេះ នោះពិភពគ្រីស្ទសាសនាក៏បានកើតមានឡើង។
១០. តើព្រឹត្ដិការណ៍អ្វីខ្លះដែលបង្ហាញថា មិនមែនមនុស្សទាំងអស់បានធ្លាក់ខ្លួនទៅនឹងការថ្វាយបង្គំដ៏ពុករលួយ ដែលត្រូវធ្វើឡើងក្នុងពិភពគ្រីស្ទសាសនានោះទេ?
១០ អស់អ្នកដែលពិតជាមានភក្ដីភាពនឹងការថ្វាយបង្គំពិត បានត្រូវ«ខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច»។ (យូដាស ៣) តើការធ្វើបន្ទាល់អំពីការថ្វាយបង្គំបរិសុទ្ធនិងអំពីព្រះយេហូវ៉ានឹងលិចបាត់ពីផែនដីឬទេ? គឺអត់ទេ។ ពេលដែលវេលាមកដល់សំរាប់ការបំផ្លាញចោលនូវអារក្សសាតាំង និងអស់ទាំងការរបស់វា នោះបានឃើញជាក់ច្បាស់ឡើងៗ ដែលថាមិនមែនមនុស្សទាំងអស់ទេ ដែលបានធ្លាក់ខ្លួនក្នុងការថ្វាយបង្គំដ៏ក្បត់ជំនឿ ដែលត្រូវគេអនុវត្តក្នុងពិភពគ្រីស្ទសាសនា។ នៅចុងសតវត្សទី១៩ នៅទីក្រុង ភិតបឺក រដ្ឋប៉ិនស៊ីវ៉ានី ស.រ.អ. សិស្សព្រះគម្ពីរមួយក្រុមដ៏ស្មោះត្រង់បានត្រូវរៀបចំឡើង ហើយបានទៅជាគ្រឹះនៃស្មរបន្ទាល់របស់ព្រះនៅសម័យបច្ចុប្បន្ននេះ។ ពួកគ្រីស្ទានទាំងនេះបានបញ្ជាក់ទៅលើភស្តុតាងពីបទគម្ពីរ ដែលបង្ហាញថា ទីបញ្ចប់នៃលោកីយ៍បច្ចុប្បន្ននេះបានមកដល់ហើយ។ យ៉ាងពិតប្រាកដតាមទំនាយព្រះគម្ពីរ នោះ«ទីបំផុតកល្ប»បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ដែលត្រូវសម្គាល់ដោយការផ្ទុះឡើងនូវសង្គ្រាមលោកលើកទីមួយ។ (ម៉ាថាយ ២៤:៣, ៧) គឺមានភស្តុតាងដ៏ច្បាស់ក្រឡែតដែលបង្ហាញថា អារក្សសាតាំងនិងពួកព្រាយបិសាចរបស់វាទាំងហ្វូង បានត្រូវទំលាក់ចេញពីស្ថានសួគ៌ក្រោយពីឆ្នាំនោះ។ សតវត្សទី២០នេះដែលមានពេញដោយបញ្ហា នោះបានផ្ដល់ឲ្យភស្តុតាងជាក់លាក់ពីសកម្មភាពរបស់សាតាំង ហើយអំពីការសម្រេចយ៉ាងអស្ចារ្យនូវទីសម្គាល់ពីវត្តមានដ៏រុងរឿងរបស់ព្រះយេស៊ូក្នុងអំណាចជាស្តេចនៃព្រះរាជាណាចក្រនៅស្ថានសួគ៌។—ម៉ាថាយ ២៤, ២៥ ជំពូកទី២៤និង២៥; ម៉ាកុស ១៣ ជំពូកទី១៣; លូកា ២១ ជំពូកទី២១; វិវរណៈ ១២:១០, ១២
១១. តើសាតាំងបានប៉ុនប៉ងធ្វើអ្វី ក៏ប៉ុន្តែហេតុអ្វីបានជាការប៉ុនប៉ងរបស់វាមិនបានសម្រេច?
១១ នៅខែមិថុនា ឆ្នាំ១៩១៨ សាតាំងបានខិតខំយ៉ាងវីវក់ដើម្បីកំទេចចោលពួកសិស្សព្រះគម្ពីរទាំងនោះ ដែលមកដល់ពេលនោះបានផ្សព្វផ្សាយដល់ប្រទេសមួយចំនួន។ វាក៏បានខំប្រឹងបំផ្លាញនូវសាជីវកម្មខាងច្បាប់របស់គេ ជាសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ។ សមាជិកនៃសមាគមដែលទទួលខុសត្រូវបានត្រូវដាក់គុក ហើយបានត្រូវគេចោទដោយបទល្មើសជាការបង្កចលាចល ដូចព្រះយេស៊ូត្រូវគេចោទនៅសតវត្សទីមួយ។ (លូកា ២៣:២) ប៉ុន្តែនៅឆ្នាំ១៩១៩ សមាជិកទាំងនេះត្រូវដោះលែង ដោយដូច្នេះអាចបន្តកិច្ចបំរើរបស់គេ។ ក្រោយមកគេបានធ្វើការជំរះយ៉ាងពេញលេញ ឲ្យផុតពីបទល្មើស។
«អ្នកល្បាត»កំពុងតែយាម
១២. សព្វថ្ងៃនេះ តើអ្នកណាជាក្រុមអ្នកយាមឬក៏«អ្នកល្បាត»របស់ព្រះយេហូវ៉ា ហើយតើពួកគេមានអាកប្បកិរិយាយ៉ាងណា?
១២ ដូច្នេះ នៅពេល«គ្រាចុងបំផុត»បានចាប់ផ្ដើមហើយ នោះព្រះយេហូវ៉ាមានអ្នកយាមម្នាក់ ដែលកំពុងតែប្រាប់មនុស្សឲ្យដឹងជាមុន អំពីព្រឹត្ដិការណ៍ដែលទាក់ទងនឹងការសម្រេចនៃគោលបំណងរបស់ទ្រង់។ (ដានីយ៉ែល ១២:៤; ធីម៉ូថេទី២ ៣:១) រហូតមកដល់សព្វថ្ងៃនេះ ក្រុមអ្នកយាមនោះ ជាពួកគ្រីស្ទានចាក់ប្រេងតាំង ដែលជាអ៊ីស្រាអែលនៃព្រះ បានប្រព្រឹត្តសមស្របនឹងការពិពណ៌នារបស់អេសាយ ស្តីអំពីអ្នកយាមដែលបានត្រូវទាយទុកជាមុននោះ៖ «គេក៏ប្រុងស្ដាប់អស់ពីចិត្ត រួចស្រែកមកដូចសិង្ហថា ‹លោកម្ចាស់អើយ[ព្រះយេហូវ៉ា ព.ថ.]នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ›»។ (អេសាយ ២១:៧, ៨) នេះជាអ្នកយាមម្នាក់ដែលពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងកិច្ចការរបស់គាត់!
១៣. (ក) តើអ្នកយាមរបស់ព្រះយេហូវ៉ាបានប្រកាសសារអ្វី? (ខ) ហេតុអ្វីបានជាអាចត្រូវនិយាយថាបាប៊ីឡូនដ៏ធំបានដួលហើយ?
១៣ តើអ្នកយាមនោះបានឃើញអ្វីទៅ? ម្ដងទៀត អ្នកយាមរបស់ព្រះយេហូវ៉ា ជាក្រុមស្មរបន្ទាល់របស់ទ្រង់ បានប្រកាសថា៖ «ដួលហើយ! ក្រុងបាប៊ីឡូនបានដួលហើយ! អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី» (អេសាយ ២១:៩) នៅពេលនេះ បន្ទាប់ពីសង្គ្រាមលោកលើកទី១ គឺបាប៊ីឡូនដ៏ធំជាចក្រភពនៃសាសនាមិនពិត ដែលបានត្រូវផ្ដួលពីតំណែងនៃអំណាចរបស់វា។ (យេរេមា ៥០:១-៣; វិវរណៈ ១៤:៨) មិនគួរឲ្យឆ្ងល់ទេ! សង្គ្រាមនោះ ដែលត្រូវហៅជាមហាសង្គ្រាម នោះបានចាប់ផ្ដើមក្នុងពិភពគ្រីស្ទសាសនា ពេលបព្វជិតទាំងឡាយបានធ្វើឲ្យការរំជើបរំជួលនោះកាន់តែខ្លាំង ដោយការផ្សព្វផ្សាយជំរុញយុវជនដ៏ល្អបំផុតរបស់គេឲ្យចូលធ្វើសឹកសង្គ្រាម។ តើនេះធ្វើខូចកិត្ដិយសយ៉ាងណាទៅហ្ន៎! នៅឆ្នាំ១៩១៩ បាប៊ីឡូនដ៏ធំមិនអាចឃាត់ពួកសិស្សព្រះគម្ពីរ ដែលអតីតឈ្មោះជាពួកស្មរបន្ទាល់ព្រះយេហូវ៉ា ឲ្យលះចោលស្ថានភាពដ៏អសកម្មរបស់គេ ហើយចាប់ធ្វើការបន្ទាល់ទូទាំងពិភពលោក ដែលនៅតែបន្តរហូត។ (ម៉ាថាយ ២៤:១៤) នោះបានឲ្យសញ្ញាអំពីការដួលនៃបាប៊ីឡូនដ៏ធំ ដូចការដោះលែងនៃអ៊ីស្រាអែលនៅសតវត្សទីប្រាំមួយម.ស.យ. បានឲ្យសញ្ញាពីការដួលនៃក្រុងបាប៊ីឡូនពីបុរាណនោះ។
១៤. តើទស្សនាវដ្ដីមួយណាដែលអ្នកយាមរបស់ព្រះយេហូវ៉ាប្រើច្រើនជាងគេ ហើយតើយ៉ាងដូចម្ដេចដែលព្រះយេហូវ៉ា បានប្រទានពរទៅដល់ការប្រើទស្សនាវដ្ដីនោះ?
១៤ ក្រុមអ្នកយាមតែងតែធ្វើកិច្ចការរបស់គេ ដោយការខ្នះខ្នែង និងដោយចំណង់ខ្លាំងដើម្បីធ្វើអ្វីដ៏ត្រឹមត្រូវ។ នៅខែកក្កដា ឆ្នាំ១៨៧៩ ពួកសិស្សព្រះគម្ពីរចាប់ផ្ដើមបោះពុម្ពទស្សនាវដ្ដីនេះ ដែលមានឈ្មោះមុនថាប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់ព្រះគ្រីស្ទ។ ក្បាលនិមួយៗតាំងពីឆ្នាំ១៨៧៩ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៣៨ មានពាក្យនៅលើក្របនោះថា៖«‹អ្នកយាមអើយ តើយប់យ៉ាងណាទៅ›?—អេសាយ ២១:១១»។a ដោយស្មោះត្រង់ អស់១២០ឆ្នាំហើយទស្សនាវដ្ដីប៉មយាម បានចាំយាមមើលព្រឹត្ដិការណ៍ពិភពលោក និងអត្ថន័យដែលទាក់ទងនឹងបទទំនាយ។ (ធីម៉ូថេទី២ ៣:១-៥, ១៣) ក្រុមអ្នកយាមរបស់ព្រះ ហើយ«ចៀមឯទៀត» ដែលជាគូរបស់ក្រុមនោះបានប្រើទស្សនាវដ្ដីនេះ ក្នុងការប្រកាសយ៉ាងខ្លាំងក្លាប្រាប់មនុស្សលោកថា យុត្ដិកម្មនៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ដោយព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទបានមកដល់ហើយ។ (យ៉ូហាន ១០:១៦) តើទស្សនាវដ្ដីប៉មយាមនេះបានត្រូវព្រះយេហូវ៉ាប្រទានពរឬទេ? ចាប់ផ្ដើមពីក្បាលទីមួយដែលបានបោះពុម្ពចម្លងជា៦០០០ក្បាលនៅឆ្នាំ១៨៧៩ ទស្សនាវដ្ដីប៉មយាមបានពង្រីករហូតដល់ជាង២២.០០០.០០០ក្បាល ជាចំនួនចែកចាយទូទាំងពិភពលោកក្នុង១៣២ភាសា ហើយ១២១នៃចំនួននេះត្រូវបោះពុម្ពដំណាលគ្នា។ គឺជាសមគួរមែន ដែលទស្សនាវដ្ដីខាងសាសនាដែលត្រូវចែកចាយពាសពេញបំផុតនៅលើផែនដី គឺជាទស្សនាវដ្ដីមួយដែលលើកដំកើងព្រះនាមរបស់ព្រះពិត គឺព្រះយេហូវ៉ា!
ការសំអាតជាបណ្ដើរៗ
១៥. តើការសំអាតជាបណ្ដើរៗអ្វី ដែលចាប់ផ្ដើមសូម្បីតែពីមុនឆ្នាំ១៩១៤មកម្ល៉េះ?
១៥ ក្នុងកំឡុងពេលប្រមាណ៤០ឆ្នាំ រហូតដល់ការសោយរាជ្យពីស្ថានសួគ៌របស់ព្រះគ្រីស្ទ បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ នោះពួកសិស្សព្រះគម្ពីរបានត្រូវរំដោះពីលទ្ធិជាច្រើនរបស់ពិភពគ្រីស្ទសាសនា ដែលមិនសមស្របនឹងព្រះគម្ពីរ ដូចជាពិធីជ្រមុជទឹកឲ្យកូនង៉ា ភាពអមតៈនៃព្រលឹង អបាយភូមិ ទារុណកម្មក្នុងភ្លើងនរក ហើយព្រះឯកត្រីអង្គ។ ប៉ុន្តែ បានត្រូវការពេលថែមទៀត ដើម្បីកំចាត់ចេញនូវគំនិតទាំងអស់ដ៏ខុស។ ជាឧទាហរណ៍ នៅទសវត្សឆ្នាំ១៩២០ សិស្សព្រះគម្ពីរជាច្រើនបានពាក់កន្លាស់អាវមួយ ដែលមានសញ្ញាឈើឆ្កាងនិងមកុដ ហើយពួកគេក៏ចូលរួមធ្វើពិធីបុណ្យណូអែលនិងបុណ្យពាហិរជនដទៃទៀត។ ប៉ុន្តែ ដើម្បីមានការថ្វាយបង្គំដ៏បរិសុទ្ធ សរណវត្ថុបូជាគ្រប់បែបយ៉ាងត្រូវតែបោះចោលឲ្យអស់។ បន្ទូលរបស់ព្រះ ជាព្រះគម្ពីរបរិសុទ្ធ ត្រូវតែជាមូលដ្ឋានតែមួយនៃជំនឿនិងជីវិតរបស់គ្រីស្ទាន។ (អេសាយ ៨:១៩, ២០; រ៉ូម ១៥:៤) ការបន្ថែមឬក៏ដកចេញពីព្រះបន្ទូលរបស់ព្រះគឺជាខុសហើយ។—ចោទិយកថា ៤:២; វិវរណៈ ២២:១៨, ១៩
១៦, ១៧. (ក) តើអ្នកយាមធ្លាប់មានគំនិតខុសអ្វី អស់ប៉ុន្មានទសវត្សហើយ? (ខ) តើអ្វីជាការពន្យល់ត្រឹមត្រូវ អំពី«អាសនា»និង«បង្គោល»ក្នុង«ស្រុកអេស៊ីព្ទ»?
១៦ ឧទាហរណ៍មួយនឹងបញ្ជាក់នូវសារសំខាន់នៃគោលការណ៍នេះ។ នៅឆ្នាំ១៨៨៦ ពេលលោកឆាល្ស ថេហ្ស រ៉ាសិល បានបោះពុម្ពសៀវភៅមួយដែលត្រូវហៅជា គម្រោងការណ៍របស់ព្រះនៃសម័យ។ សៀវភៅមួយក្បាលនេះមានតារាងមួយ ដែលទំនាក់ទំនងសម័យនៃមនុស្សលោកជាមួយនឹង ពីរ៉ាមីតដ៏ធំសម្បើមនៃប្រទេសអេស៊ីប។ គេធ្លាប់គិតថាសំណង់រំឭកនេះសំរាប់ស្តេចផារ៉ោនខូហ្វូ នោះជាបង្គោលដែលត្រូវសំដៅទៅក្នុងអេសាយ ១៩:១៩, ២០ ដែលអានថា៖ «នៅគ្រានោះនឹងមានអាសនា១នៅកណ្ដាលស្រុកអេស៊ីព្ទ សំរាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោល១ សំរាប់រំឭកពីព្រះយេហូវ៉ា។ ឯបង្គោលនោះនឹងជាទីសំគាល់ ហើយជាបន្ទាល់ពីព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្នុងស្រុកអេស៊ីព្ទ»។ តើពីរ៉ាមីតនោះ អាចមានទំនាក់ទំនងអ្វីជាមួយនឹងព្រះគម្ពីរ? ជាឧទាហរណ៍ គេធ្លាប់គិតថាប្រវែងនៃច្រកដើរផ្សេងៗក្នុងពីរ៉ាមីតដ៏សម្បើមនេះ នោះប្រាប់ពីពេលវេលាសំរាប់ទីចាប់ផ្ដើមនៃ«សេចក្ដីវេទនាជាខ្លាំង»ក្នុងម៉ាថាយ ២៤:២១ តាមការយល់ដឹងរបស់គេនៅពេលនោះ។ សិស្សព្រះគម្ពីរខ្លះបានទៅជាជក់ស្លុងនឹងការវាស់លក្ខណៈផ្សេងៗនៃពីរ៉ាមីតនោះ ដើម្បីឲ្យដឹងរឿងខ្លះៗដូចជាថ្ងៃដែលពួកគេនឹងឡើងទៅស្ថានសួគ៌។
១៧ នេះបានត្រូវហៅជាព្រះគម្ពីរចារឹកក្នុងថ្ម ហើយបានត្រូវគេគោរពអស់ប៉ុន្មានទសវត្ស ទាល់តែទស្សនាវដ្ដីប៉មយាមនៃថ្ងៃទី១៥ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩២៨ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាមិនត្រូវការនូវវិមានថ្មដែលត្រូវកសាងឡើងដោយស្តេចផារ៉ោនដ៏ជាពាហិរជនទាំងនោះ និងមានសញ្ញាហោរាសាស្ត្រដែលទាក់ទងពួកព្រាយបិសាច ដើម្បីបញ្ជាក់នូវបន្ទាល់ក្នុងព្រះគម្ពីរនោះទេ។ ផ្ទុយទៅវិញ ទំនាយរបស់អេសាយបានត្រូវឃើញមានន័យខាងវិញ្ញាណ។ ដូចជាក្នុងវិវរណៈ ១១:៨ នោះ«អេស៊ីព្ទ»តំណាងលោកីយ៍របស់សាតាំង។ «អាសនា . . . សំរាប់បូជាថ្វាយដល់ព្រះយេហូវ៉ា»នោះ ជួយរំឭកយើងអំពីយញ្ញបូជាដ៏សមគួរដែលគ្រីស្ទានចាក់ប្រេងតាំងថ្វាយ ពេលគេនៅជាអ្នកស្នាក់បណ្ដោះអាសន្នក្នុងលោកីយ៍នេះ។ (រ៉ូម ១២:១; ហេព្រើរ ១៣:១៥, ១៦) បង្គោល«នៅត្រង់ព្រំដែន»នៃស្រុកអេស៊ីប នោះសំដៅទៅក្រុមជំនុំដ៏ជាគ្រីស្ទានចាក់ប្រេងតាំង ដែលជា«សសរហើយជាជើងថ្កល់របស់សេចក្ដីពិត» និងដែលជាបន្ទាល់នៅ«ស្រុកអេស៊ីព្ទ» ដែលជាតំណាងនៃពិភពលោកដែលពួកគេហៀបនឹងចាកចេញពីនោះ។—ធីម៉ូថេទី១ ៣:១៥
១៨. (ក) តើយ៉ាងដូចម្ដេចដែលព្រះយេហូវ៉ាបានបន្តបញ្ជាក់រឿងឲ្យកាន់តែច្បាស់សំរាប់សិស្សព្រះគម្ពីរដ៏ស្មោះត្រង់? (ខ) បើសិនជាគ្រីស្ទានម្នាក់ឃើញថា ការបញ្ជាក់នូវបទគម្ពីរមួយគឺពិបាកយល់ តើអ្វីជាអាកប្បកិរិយាដ៏ប្រកបដោយប្រាជ្ញាដែលគេគួរមាន?
១៨ ក្នុងកំឡុងឆ្នាំកន្លងទៅ នោះព្រះយេហូវ៉ាបន្តបញ្ជាក់នូវសេចក្ដីពិតឲ្យកាន់តែច្បាស់ រួមបញ្ចូលការយល់ដឹងដ៏ជាក់ច្បាស់អំពីបន្ទាល់របស់ទ្រង់ខាងបទទំនាយ។ (សុភាសិត ៤:១៨) ក្នុងឆ្នាំថ្មីៗនេះ យើងបានត្រូវលើកទឹកចិត្តឲ្យពិចារណាមើលម្ដងទៀត ដោយការយល់ដឹងដ៏ជ្រៅជ្រះនូវរឿងអំពីតំណមនុស្សដែលនឹងមិនផុតទៅមុនទីបញ្ចប់មកដល់ រឿងប្រៀបប្រដូចអំពីចៀមនិងពពែ ទីស្អប់ខ្ពើមហើយពេលវេលាដែលវានឹងឈរនៅក្នុងទីបរិសុទ្ធ កិច្ចព្រមព្រៀងថ្មី ការផ្លាស់ប្រែទ្រង់ទ្រាយ ហើយចក្ខុនិមិត្តអំពីព្រះវិហារដែលត្រូវកត់ទុកក្នុងសៀវភៅអេសេគាល។ ជួនកាល ប្រហែលជាការពន្យល់ថ្មីៗបែបនេះគឺពិបាកយល់ ក៏ប៉ុន្តែមូលហេតុសំរាប់ការពន្យល់នេះទៅជាច្បាស់លាស់តាមពេលដ៏សមគួរ។ បើសិនជាគ្រីស្ទានម្នាក់មិនយល់ច្បាស់លាស់ពីការពន្យល់ថ្មីអំពីបទព្រះគម្ពីរណាមួយ នោះគឺជាការល្អបើសិនជាគាត់សម្ដែងយ៉ាងរាបទាបនូវអារម្មណ៍របស់ព្យាការីមីកាដែលថា៖ «ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ»។—មីកា ៧:៧
១៩. តើយ៉ាងដូចម្ដេចដែលអ្នកចាក់ប្រេងតាំងដ៏នៅសល់ និងសហការីរបស់គេជាមនុស្សហ្វូងធំ បានបង្ហាញភាពក្លាហានដូចជាសត្វសិង្ហក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ?
១៩ សូមនឹកចាំថាអ្នកយាមបាន«ស្រែកមកដូចសិង្ហថា ‹លោកម្ចាស់អើយ[ព្រះយេហូវ៉ា ព.ថ]នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ›»។ (អេសាយ ២១:៨) ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានបង្ហាញភាពក្លាហានដូចជាសត្វសិង្ហ ក្នុងការបើកសម្ដែងភាពលាក់ពុតនៃសាសនាមិនពិត ហើយការបង្ហាញមនុស្សនូវផ្លូវដែលនាំទៅដល់សេរីភាព។ (វិវរណៈ ១៨:២-៥) ជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› នោះគេបានផ្ដល់ឲ្យព្រះគម្ពីរ ទស្សនាវដ្ដី ហើយប្រកាសនវត្ថុផ្សេងទៀតជាច្រើនភាសា «ឲ្យអាហារគេបរិភោគ តាមត្រូវពេល»។ (ម៉ាថាយ ២៤:៤៥) ពួកគេបាននាំមុខក្នុងការប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ . . . មកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ពួកនេះក៏បានត្រូវសំអាតដោយព្រះលោហិតជាតម្លៃលោះរបស់ព្រះយេស៊ូ ហើយក៏បង្ហាញខ្លួនជាក្លាហានដូចជាសត្វសិង្ហក្នុងការ«បំរើទ្រង់ . . . ទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:៩, ១៤, ១៥) តើអ្វីជាផលផ្លែនៅឆ្នាំមុនពីក្រុមតូចមួយនៃស្មរបន្ទាល់ចាក់ប្រេងតាំង របស់ព្រះយេហូវ៉ាដែលនៅរស់នោះ ហើយពួកសហការីរបស់គេជាមនុស្សហ្វូងធំនោះ? អត្ថបទជាបន្ទាប់នឹងប្រាប់ពីរឿងនេះ។
[កំណត់សម្គាល់]
a ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៣៩ នេះត្រូវកែប្រែជា«‹គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត›។—អេសេគាល ៣៥:១៥»។
តើអ្នកចាំទេ?
• តើព្រះយេហូវ៉ាបានរើសតាំងស្មរបន្ទាល់ណាខ្លះ ក្នុងពេលជាច្រើនឆ្នាំដែលបានកន្លងទៅនេះ?
• តើអ្វីជាប្រភពនៃបាប៊ីឡូនដ៏ធំ?
• ហេតុអ្វីបានជាព្រះយេហូវ៉ាបានអនុញ្ញាតឲ្យទីក្រុងយេរូសាឡិម ជារាជធានីនៃសាសន៍ដ៏ជាស្មរបន្ទាល់របស់ទ្រង់ ឲ្យត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ម.ស.យ.? និងនៅឆ្នាំ៧០ស.យ.នោះ?
• តើក្រុមអ្នកយាមរបស់ព្រះយេហូវ៉ា និងពួកសហការីរបស់គេបានបង្ហាញចិត្តយ៉ាងណា?
[រូបភាពនៅទំព័រ៧]
«លោកម្ចាស់អើយ[ព្រះយេហូវ៉ា ព.ថ.] . . . ខ្ញុំឈរនៅលើប៉មជានិច្ច»
[រូបភាពនៅទំព័រ១០]
ក្រុមអ្នកយាមរបស់ព្រះយេហូវ៉ាចាត់ទុកកិច្ចការរបស់គេជារឿងសំខាន់បំផុត