តើអ្នកពិតជាមានចិត្តត្រាប្រណីទេ?
តើអ្នកធ្លាប់ខឹងខ្លាំងដោយសារចរិយាដ៏មិនសមរម្យរបស់អ្នកណាម្នាក់ទេ? តើអ្នកប្រព្រឹត្តតបយ៉ាងឆាប់រហ័ស ពេលដែលអានុភាពអាក្រក់កំពុងតែមានឥទ្ធិពលខ្លាំង ទៅលើមិត្តជិតស្និទ្ធរបស់អ្នកទេ?
ជួនកាលការចាត់វិធានការយ៉ាងលឿននិងតឹងរឹងគឺចាំបាច់ ដើម្បីបញ្ឈប់ការរាលដាលនៃអំពើបាបដ៏ធ្ងន់ធ្ងរ។ ជាឧទាហរណ៍ នៅពេលការធ្វើអំពើខុសឆ្គងដោយឥតអៀនខ្មាស ជិតបានបង្ខូចដល់សាសន៍អ៊ីស្រាអែលនៅសតវត្សទី១៦ ម.ស.យ នោះចៅប្រុសរបស់អើរ៉ុន ឈ្មោះភីនេហាសបានចាត់វិធានការដោយមិនរួញរា ដើម្បីបំបាត់ចោលនូវអ្វីដ៏សែនអាក្រក់នេះ។ ព្រះយេហូវ៉ាបានពេញព្រះហឫទ័យនឹងអ្វីដែលគាត់បានធ្វើ ដោយមានបន្ទូលថា៖ «ភីនេហាស . . . បានបំបែរសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ»។—ជនគណនា ២៥:១-១១
ភីនេហាសបានចាត់វិធានការយ៉ាងសមត្រឹមត្រូវ ដើម្បីបញ្ឈប់ការរាលដាលនៃអំពើអាក្រក់។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះការមិនចេះទប់កំហឹងចំពោះកំហុសរបស់អ្នកដទៃនោះ? បើយើងប្រព្រឹត្តដោយប្រញាប់ប្រញាល់ពេក ឬដោយគ្មានហេតុល្អ នោះអាចនាំឲ្យយើងទៅជាមនុស្សដែលគ្មានចិត្តត្រាប្រណី ជាជាងជាអ្នកដែលខំការពារសេចក្ដីសុចរិតវិញ គឺជាមនុស្សម្នាក់ដែលមិនអនុគ្រោះចំពោះភាពឥតគ្រប់ល័ក្ខណ៍របស់អ្នកដទៃ។ តើអ្វីអាចជួយយើងជៀសវាងពីអន្ទាក់នេះ?
‹ព្រះយេហូវ៉ាអត់ទោសចំពោះអស់ទាំងការ ទុច្ចរិតរបស់អ្នក›
ព្រះយេហូវ៉ាគឺជា‹ព្រះដែលមានសេចក្ដីប្រច័ណ្ឌ[សេចក្ដីឧស្សាហ៍ ព.ថ.]›។ (និក្ខមនំ ២០:៥) ដោយសារទ្រង់ជាព្រះដ៏ជាអ្នកបង្កើត នោះទ្រង់មានសិទ្ធិទាមទារនូវភក្ដីភាពផ្ដាច់មុខ។ (វិវរណៈ ៤:១១) ក៏ប៉ុន្តែ ព្រះយេហូវ៉ាត្រាប្រណីនឹងភាពទន់ខ្សោយរបស់មនុស្សជាតិ។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានច្រៀងអំពីទ្រង់ថា៖ «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្ដាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ។ ទ្រង់នឹងមិនបន្ទោសជាដរាប . . . ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ»។ ត្រូវហើយ បើសិនជាយើងប្រែចិត្តវិញ នោះព្រះ‹អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់យើង›។—ទំនុកដំកើង ១០៣:៣, ៨-១០
ដោយព្រោះទ្រង់យល់ពីភាពមិនគ្រប់ល័ក្ខណ៍របស់មនុស្ស នោះព្រះយេហូវ៉ា«មិនបន្ទោសជាដរាប»ចំពោះពួកអ្នកប្រព្រឹត្តអាក្រក់ដែលបានប្រែចិត្តនោះទេ។ (ទំនុកដំកើង ៥១:៥; រ៉ូម ៥:១២) តាមការពិត គោលបំណងរបស់ទ្រង់គឺជាការបំបាត់ចោលនូវបាបនិងភាពមិនគ្រប់ល័ក្ខណ៍។ ទំរាំដល់គោលបំណងនោះសម្រេច នោះព្រះអត់ឱនទោសដោយព្រះទ័យសទ្ធា ដោយមានមូលដ្ឋានលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ជាជាង«សងតាមអំពើទុច្ចរិតរបស់យើង»។ បើសិនជាព្រះយេហូវ៉ាមិនបានបង្ហាញសេចក្ដីមេត្ដាករុណាពេលដែលសមរម្យ នោះគ្មានអ្នកណាម្នាក់ក្នុងចំណោមយើង ដែលនឹងអាចត្រូវចាត់ទុកជាអ្នកដែលគួរឲ្យរួចរស់ជីវិតទេ។ (ទំនុកដំកើង ១៣០:៣) យើងអាចមានកតញ្ញូធម៌ចំពោះទ្រង់យ៉ាងណាទៅហ្ន៎! ដែលព្រះវរបិតាយើងនៅស្ថានសួគ៌ជាព្រះដែលចេះត្រាប្រណី ទោះបីទ្រង់ក៏មានសិទ្ធិទាមទារយ៉ាងសមត្រឹមត្រូវនូវការថ្វាយបង្គំផ្ដាច់មុខក៏ដោយ។
តុល្យភាពគឺត្រូវការជាចាំបាច់
ដោយព្រោះព្រះអម្ចាស់មហាក្សត្រនៃសកលលោក ក៏ចេះត្រាប្រណីក្នុងការទាក់ទងនឹងមនុស្សមិនគ្រប់ល័ក្ខណ៍ តើយើងមានហេតុមិនធ្វើតាមទ្រង់នោះទេ? ការត្រាប្រណីអាចត្រូវបកស្រាយជា«ទំនោរចិត្តចេះអត់ធ្មត់នឹងទស្សនៈ ឬក៏ការប្រព្រឹត្តរបស់អ្នកដទៃ»។ តើយើងផ្ទាល់មានទំនោរចិត្តបែបនេះទេ? តើយើងមានភាពទោរទន់ទៅរកការបង្ហាញចិត្តអត់ធ្មត់និងការចេះត្រាប្រណីឬទេ ពេលអ្នកឯទៀតនិយាយ ឬក៏ធ្វើអ្វីដែលមិនមែនជាបាបធ្ងន់ធ្ងរ ប៉ុន្តែគឺជាពាក្យសំដីឬក៏ការប្រព្រឹត្តមួយដែលយើងចាត់ទុកថាមិនសមរម្យនោះ?
ពិតមែន យើងក៏ត្រូវតែជៀសវាងពីការត្រាប្រណីហួសហេតុពេក។ ជាឧទាហរណ៍ ជាការខូចអាក្រក់ណាស់ពេលអ្នកដឹកនាំសាសនាត្រាប្រណីនឹងពួកសង្ឃ ដែលរំលោភទៅលើឋានៈរបស់ខ្លួន និងបៀតបៀនទៅលើកេរខ្មាសក្មេងប្រុសក្មេងស្រីម្ដងហើយម្ដងទៀតនោះ។ អ្នកកាសែតម្នាក់នៅប្រទេសអៀកឡង់បាននិយាយថា៖ «អ្នកដឹកនាំសាសនាគ្រាន់តែបញ្ជូនសង្ឃដែលបានប្រព្រឹត្តបទល្មើសនោះ[ទៅវិហារមួយផ្សេងទៀត] ដោយចាត់ទុកអ្វីដែលកើតឡើងដល់ក្មេងៗទាំងនោះ ជាការភ្លាត់ធ្វើបាបប៉ុណ្ណោះ»។
តើការបញ្ជូនបុរសម្នាក់បែបនេះទៅកន្លែងផ្សេងទៀត ជាការបង្ហាញនូវការត្រាប្រណីត្រឹមត្រូវទេ? មិនមែនទេ! ឧបមាថា ក្រុមប្រឹក្សាពេទ្យបានអនុញ្ញាតឲ្យគ្រូពេទ្យវះកាត់ដ៏ធ្វេសប្រហែសបន្តវះកាត់ ដោយបញ្ជូនគាត់ទៅមន្ទីរពេទ្យផ្សេងទៀត ទោះបីគាត់សម្លាប់អ្នកជម្ងឺឬក៏ធ្វើឲ្យគេពិការក៏ដោយ។ បើសិនជាមានអារម្មណ៍ថាខ្លួនត្រូវតែរក្សាទំនាក់ទំនងរវាងវេជ្ជបណ្ឌិតគ្នីគ្នា នោះប្រហែលជាអាចនាំឲ្យមាន«ការត្រាប្រណី»ដ៏ហួសហេតុ។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះជនរងគ្រោះទាំងប៉ុន្មាន ដែលបានបាត់បង់ជីវិត ឬក៏បានរងទុក្ខដោយសារការប្រព្រឹត្តដ៏ធ្វេសប្រហែស ឬក៏រហូតដល់ជាបទឧក្រិដ្ឋនោះ?
ក៏មានគ្រោះថ្នាក់ក្នុងការត្រាប្រណីតិចពេកដែរ។ ពេលព្រះយេស៊ូគង់លើផែនដី ជនជាតិយូដាខ្លះដែលមាននិកាយមួយឈ្មោះថា សីឡុត បានខិតខំប្រើគំរូនៃលោកភីនេហាសតាមរបៀបមិនត្រឹមត្រូវ ដើម្បីបង្ហាញថាសកម្មភាពហួសហេតុរបស់គេ គឺត្រឹមត្រូវ។ សកម្មភាពមួយដ៏ហួសហេតុរបស់គេ គឺថាពួកគេ«ចូលក្នុងចំណោមបណ្ដាជននៅទីក្រុងយេរូសាឡិមក្នុងកំឡុងពេលបុណ្យ និងក្នុងឱកាសនៃពិធីផ្សេងទៀត ហើយយកកាំបិតចាក់សត្រូវរបស់គេ ពេលដែលគេឥតដឹងខ្លួន»។
ជាពួកគ្រីស្ទាន យើងមិនដែលធ្វើអ្វីហួសហេតុដូចពួកសីឡុត ដែលវាយប្រហារទៅលើរាងកាយរបស់អ្នកដែលយើងមិនពេញចិត្តនោះទេ។ ក៏ប៉ុន្តែ តើចិត្តឥតត្រាប្រណីម្យ៉ាងនាំឲ្យយើងវាយប្រហារតាមវិធីផ្សេងទៀត ដល់អ្នកដែលយើងមិនពេញចិត្តទេ? តើយើងប្រហែលជានិយាយអាក្រក់អំពីគេទេ? បើសិនជាយើងពិតជាមានចិត្តត្រាប្រណី យើងនឹងមិនប្រើពាក្យសំដីដ៏បង្ខូចបែបនេះទេ។
នៅសតវត្សទីមួយ ពួកផារីស៊ីគឺជាក្រុមមួយទៀតដែលគ្មានចិត្តត្រាប្រណីទេ។ ពួកគេតែងតែនិយាយថា អ្នកឯទៀតគឺជាមនុស្សអាក្រក់ហើយមិនអនុគ្រោះចំពោះភាពមិនគ្រប់ល័ក្ខណ៍របស់មនុស្សទេ។ ពួកផារីស៊ីដ៏អួតខ្លួនទាំងនោះ ក៏បានមើលងាយដល់មនុស្សសាមញ្ញ ទាំងដៀលគេថា «ជាមនុស្សត្រូវបណ្ដាសាវិញ»។ (យ៉ូហាន ៧:៤៩) ព្រះយេស៊ូមានហេតុសមគួរមែន ពេលដែលផ្ដន្ទាទោសមនុស្សបែបនេះ ដែលចាត់ទុកខ្លួនជាមនុស្សសុចរិត។ ទ្រង់មានបន្ទូលថា៖ «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យនឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង[ធ្ងន់ជាង ព.ថ.] ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង»។—ម៉ាថាយ ២៣:២៣
ពេលទ្រង់មានបន្ទូលដូច្នេះ ព្រះយេស៊ូមិនបន្ថោកន័យចំពោះក្រិត្យវិន័យលោកម៉ូសេថាមិនសំខាន់នោះទេ។ ទ្រង់គ្រាន់តែបញ្ជាក់ថារឿង«ធ្ងន់ជាង» ឬក៏អ្វីដ៏សំខាន់ជាងក្នុងក្រិត្យវិន័យនោះ តម្រូវឲ្យគេអនុវត្តតាមរបៀបសមហេតុសមផល ថែមទាំងដោយសេចក្ដីមេត្ដាករុណាផងដែរ។ ព្រះយេស៊ូនិងសិស្សទាំងប៉ុន្មានរបស់ទ្រង់គឺខុសគ្នាឆ្ងាយណាស់ហ្ន៎! ពីពួកផារីស៊ីនិងសីឡុតដែលគ្មានចិត្តត្រាប្រណី។
ព្រះយេហូវ៉ានិងព្រះយេស៊ូមិនយល់ព្រមនឹងអំពើអាក្រក់ទេ។ បន្ដិចទៀតទ្រង់នឹង‹សងសឹកមកលើពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អ›។ (ថែស្សាឡូនីចទី២ ១:៦-១០) ក៏ប៉ុន្តែ ទោះបីព្រះយេស៊ូមានសេចក្ដីឧស្សាហ៍ចំពោះសេចក្ដីសុចរិតក៏ដោយ ទ្រង់ក៏មិនដែលខានបង្ហាញគុណសម្បត្ដិដូចព្រះវរបិតារបស់ទ្រង់ធ្លាប់បង្ហាញ ដូចជាការអត់ធ្មត់ សេចក្ដីមេត្ដាករុណា និងការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ ចំពោះអស់អ្នកណាដែលចង់ធ្វើអ្វីដ៏ត្រឹមត្រូវនោះទេ។ (អេសាយ ៤២:១-៣; ម៉ាថាយ ១១:២៨-៣០; ១២:១៨-២១) ព្រះយេស៊ូបានធ្វើជាគំរូល្អសំរាប់យើងយ៉ាងណាទៅហ្ន៎!
ចូរអត់ធ្មត់និង ទ្រាំទ្រគ្នាទៅវិញទៅមក
ថ្វីបើយើងមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងចំពោះអ្វីដ៏ត្រឹមត្រូវក៏ដោយ ចូរឲ្យយើងអនុវត្តនូវឱវាទពីសាវ័កប៉ុលដែលថា៖ «ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ! ដូចជាព្រះ[យេហូវ៉ា ព.ថ.]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ (កូល៉ុស ៣:១៣; ម៉ាថាយ ៦:១៤, ១៥) ចិត្តត្រាប្រណីតម្រូវឲ្យយើងស៊ូទ្រាំចំពោះគ្នីគ្នា ដូចជាកំហុសរបស់អ្នកឯទៀតក្នុងលោកីយ៍ដ៏មិនគ្រប់ល័ក្ខណ៍នេះ។ យើងត្រូវតែមានភាពសមហេតុសមផលចំពោះអ្វីដែលយើងសង្ឃឹមពីអ្នកឯទៀត។—ភីលីព ៤:៥
ចិត្តត្រាប្រណីមិនមែនមានន័យថា ខ្លួនយល់ព្រមនឹងអំពើអាក្រក់ ឬក៏មើលមិនឃើញកំហុសនោះទេ។ លក្ខណៈមួយនៃគំនិតឬក៏ចរិយារបស់អ្នកជឿម្នាក់ទៀត ប្រហែលជាមិនសមស្របនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ទោះបីការមិនសមស្របនោះមិនមែនធ្ងន់ធ្ងរដល់ម្ល៉េះ ដែលព្រះនឹងបដិសេធគាត់ក៏ដោយ នោះក៏អាចបង្ហាញថាគាត់ត្រូវការនូវការកែតម្រង់។ (លោកុប្បត្តិ ៤:៦, ៧) គឺជាអ្វីដែលប្រកបទៅដោយសេចក្ដីស្រឡាញ់យ៉ាងណាទៅហ្ន៎! ពេលអ្នកដែលមានគុណវុឌ្ឍិខាងវិញ្ញាណជួយកែតម្រង់អ្នកនោះយ៉ាងសប្បុរស។ (កាឡាទី ៦:១) ក៏ប៉ុន្តែ ដើម្បីធ្វើអ៊ីចឹងដោយជោគជ័យ នោះគឺចាំបាច់ដែលគាត់ជួយកែតម្រង់ ដោយសារគាត់យកចិត្តទុកដាក់ មិនមែនដោយចង់ទិតៀននោះទេ។
«ដោយសុភាពហើយកោតខ្លាច»
ចុះយ៉ាងណាចំពោះការបង្ហាញចិត្តអត់ធ្មត់នឹងអ្នកដែលមានជំនឿផ្សេងពីយើង? «មេរៀនទូទៅ»មួយដែលបានត្រូវបិទក្នុងសាលារៀនរដ្ឋទាំងអស់ ដែលបានត្រូវកសាងនៅឆ្នាំ១៨៣១នៅប្រទេសអៀកឡង់ បានដាក់ថា៖ «ព្រះយេស៊ូគ្រីស្ទគ្មានបំណងឲ្យមនុស្សយកសាសនារបស់ទ្រង់ទៅបង្ខំមនុស្សឯទៀតដោយវិធីឃោរឃៅទេ . . . ការឈ្លោះប្រកែកទាស់ទែងគ្នា និងធ្វើទុក្ខទោសដល់អ្នកជិតខាងរបស់យើង មិនមែនជាវិធីដើម្បីនាំឲ្យគេជឿថា យើងគឺជឿត្រូវ តែគេជឿខុសនោះទេ។ តែនេះទំនងនាំឲ្យគេជឿថា យើងគ្មានចិត្តគំនិតគ្រីស្ទានទៅវិញទេ»។
ព្រះយេស៊ូបានបង្រៀននិងបានប្រព្រឹត្តតាមរបៀបមួយ ដែលទាក់ទាញមនុស្សឲ្យទទួលព្រះបន្ទូលរបស់ព្រះ ហើយយើងគួរធ្វើដូច្នោះដែរ។ (ម៉ាកុស ៦:៣៤; លូកា ៤:២២,៣២; ពេត្រុសទី១ ២:២១) ដោយព្រោះទ្រង់ជាបុរសម្នាក់ដ៏គ្រប់ល័ក្ខណ៍ទាំងមានសមត្ថភាព ដែលព្រះប្រទានដើម្បីយល់ធ្លុះជ្រៅ នោះទ្រង់អាចជ្រាបពីអ្វីដែលមានក្នុងចិត្តមនុស្ស។ អ៊ីចឹងហើយ ជួនកាលបើសិនជាចាំបាច់ ទ្រង់បានប្រកាសដោយកាត់ទោសយ៉ាងខ្លាំង ទៅលើសត្រូវរបស់ព្រះយេហូវ៉ា។ (ម៉ាថាយ ២៣:១៣-៣៣) ពេលទ្រង់ធ្វើដូច្នេះ នោះមិនបង្ហាញថាទ្រង់មានចិត្តឥតត្រាប្រណីទេ។
យើងមិនដូចព្រះយេស៊ូទេ យើងមិនអាចជ្រាបពីអ្វីដែលមានក្នុងចិត្តមនុស្សឡើយ។ ដូច្នេះ យើងត្រូវតែប្រព្រឹត្តតាមដំបូន្មានរបស់សាវ័កពេត្រុស ដែលថា៖ «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ! ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាពហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា»។ (ពេត្រុសទី១ ៣:១៥) ដោយព្រោះយើងជាអ្នកបំរើរបស់ព្រះយេហូវ៉ា យើងគួរការពារអ្វីដែលយើងជឿ ពីព្រោះនោះមានមូលដ្ឋានដ៏មាំមួនទៅលើព្រះបន្ទូលរបស់ព្រះ។ ក៏ប៉ុន្តែ យើងត្រូវតែធ្វើអ៊ីចឹងតាមវិធីមួយដែលបង្ហាញថា យើងគោរពអ្នកដទៃ និងគោរពជំនឿដែលគេកាន់តាមយ៉ាងស្មោះនោះដែរ។ ប៉ុលបានសរសេរថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។—កូល៉ុស ៤:៦
ក្នុងធម្មទានល្បីល្បាញរបស់ព្រះយេស៊ូនៅលើភ្នំ នោះទ្រង់បានមានបន្ទូលថា៖ «អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។ (ម៉ាថាយ ៧:១២) ដូច្នេះ ចូរឲ្យយើងទ្រាំទ្រយ៉ាងអត់ធ្មត់នឹងគ្នាទៅវិញទៅមក និងបង្ហាញការគោរពចំពោះអ្នក ដែលយើងផ្សព្វផ្សាយដំណឹងល្អដល់នោះដែរ។ ដោយសារយើងមានតុល្យភាពរវាងសេចក្ដីឧស្សាហ៍របស់យើងចំពោះសេចក្ដីសុចរិត និងចិត្តត្រាប្រណីដែលមានមូលដ្ឋានទៅលើព្រះគម្ពីរ នោះយើងនឹងពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយនិងមានចិត្តត្រាប្រណីពិតប្រាកដមែន។
[រូបភាពនៅទំព័រ៣១]
ចូរជៀសវាងពីអាកប្បកិរិយារបស់ពួកផារីស៊ីដ៏ឥតត្រាប្រណី
[រូបភាពនៅទំព័រ៣១]
ព្រះយេស៊ូបានសម្ដែងព្រះទ័យត្រាប្រណីនៃព្រះវរបិតារបស់ទ្រង់ តើអ្នកធ្វើអ៊ីចឹងដែរទេ?