សាសនាគ្រីស្ទានពិតកំពុងតែឈ្នះ!
«ព្រះបន្ទូលនៃ[ព្រះយេហូវ៉ា]បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច»។—កិច្ចការ ១៩:២០
១. សូមពណ៌នាពីការចំរើនឡើងនៃសាសនាគ្រីស្ទាននៅសតវត្សទី១។
ដោយព្រោះគ្រីស្ទានពីសម័យដើមបានមានកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ នោះគេបានប្រកាសប្រាប់ព្រះបន្ទូលរបស់ព្រះដោយសេចក្ដីឧស្សាហ៍ដែលមិនអាចត្រូវរំលត់បានឡើយ។ ប្រវត្ដិវិទូម្នាក់បានសរសេរថា៖ «សាសនាគ្រីស្ទានបានរីកសាយដោយល្បឿនអស្ចារ្យទូទាំងពិភពរ៉ូម។ ទំរាំដល់ឆ្នាំ១០០ ប្រហែលជាគ្រប់ខេត្តដែលជាប់សមុទ្រមេឌីទែរ៉ាណេបានមានសហគមន៍គ្រីស្ទានមួយហើយ»។
២. តើអារក្សសាតាំងបានខិតខំប្រឆាំងបកនឹងដំណឹងល្អតាមរបៀបណា? ហើយតើមានទំនាយអ្វីខ្លះអំពីរឿងនេះ?
២ អារក្សសាតាំងមិនអាចបង្ក្រាបជនគ្រីស្ទាននៅសម័យដើមនោះទេ។ ផ្ទុយទៅវិញ វាបានទាស់នឹងឥទ្ធិពលនៃដំណឹងល្អតាមរបៀបមួយផ្សេងទៀត គឺជាការក្បត់ជំនឿ។ ព្រះយេស៊ូបានមានបន្ទូលទាយទុកជាមុនអំពីព្រឹត្ដិការណ៍នេះ ក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់ស្តីពីស្រូវសាលីនិងស្រងែ។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) សាវ័កពេត្រុសក៏បានព្រមានថា នឹងមានគ្រូក្លែងក្លាយលេចឡើងក្នុងក្រុមជំនុំ ទាំងនាំចូលនូវនិកាយដែលបង្ខូចបំផ្លាញ។ (ពេត្រុសទី២ ២:១-៣) ស្រដៀងគ្នាដែរ សាវ័កប៉ុលបានព្រមានយ៉ាងជាក់ច្បាស់ថា ការក្បត់ជំនឿនឹងកើតឡើងមុនថ្ងៃនៃព្រះយេហូវ៉ា។—ថែស្សាឡូនីចទី២ ២:១-៣
៣. តើអ្វីបានកើតឡើងបន្ទាប់ពីពួកសាវ័កបានស្លាប់អស់ទៅ?
៣ បន្ទាប់ពីពួកសាវ័កបានស្លាប់អស់ទៅ នោះដំណឹងល្អបានត្រូវគ្របដណ្ដប់ដោយសេចក្ដីបង្រៀនពាហិរជននិងទស្សនវិជ្ជា។ ដូចជាអ្វីដែលបានត្រូវទាយទុកជាមុន នោះពួកគ្រូក្លែងក្លាយបានមួលបង្កាច់សេចក្ដីពិតទាំងធ្វើឲ្យសារនោះលែងជាអ្វីដ៏បរិសុទ្ធទៀត។ បន្ដិចម្ដងៗ សាសនាគ្រីស្ទានពិតបានត្រូវគ្របដោយអ្វីដ៏ក្លែងក្លាយ ដែលហៅជាពិភពគ្រីស្ទសាសនា។ ក្រុមបព្វជិតមួយបានលេចឡើង និងបានខិតខំធ្វើឲ្យព្រះគម្ពីរជាអ្វីដែលមនុស្សសាមញ្ញមិនអាចទទួលបាន។ ទោះជាចំនួនអ្នកដែលអះអាងថា ខ្លួនជាគ្រីស្ទានសាសនាបានចំរើនកើនឡើងក៏ដោយ តែការថ្វាយបង្គំរបស់គេគឺមិនបរិសុទ្ធទេ។ ពិភពគ្រីស្ទសាសនាបានរីកសាយដល់ប្រទេសជាច្រើន ហើយបានក្លាយទៅជាស្ថាប័នមួយដ៏ខ្លាំង ថែមទាំងមានអានុភាពយ៉ាងសម្បើមទៅលើវប្បធម៌បស្ចិមប្រទេស។ ក៏ប៉ុន្តែ វាមិនបានទទួលនូវពរពីព្រះឬក៏ព្រះវិញ្ញាណរបស់ទ្រង់ឡើយ។
៤. ហេតុអ្វីបានជាផែនការរបស់សាតាំងបានទទួលបរាជ័យក្នុងការខិតខំធ្វើឲ្យគោលបំណងរបស់ព្រះខកខានមិនសម្រេចនោះ?
៤ ក៏ប៉ុន្តែ ផែនការរបស់សាតាំងត្រូវទទួលបរាជ័យជាពុំខានក្នុងការខិតខំធ្វើឲ្យគោលបំណងរបស់ព្រះយេហូវ៉ាខកខានមិនសម្រេច។ សូម្បីតែក្នុងគ្រាដែលប្រកបទៅដោយសេចក្ដីអស់សង្ឃឹមជាខ្លាំងដោយសារការក្បត់ជំនឿ នោះនៅតែមានអ្នកខ្លះដែលកាន់សាសនាគ្រីស្ទានពិតនៅឡើយ។ បុរសទាំងប៉ុន្មានដែលបានចម្លងព្រះគម្ពីរបានព្យាយាមចម្លងឲ្យចំនឹងឯកសារដើម។ ហេតុនេះហើយ ព្រះគម្ពីរបាននៅមានខ្លឹមសារដដែល ទោះបីជាសារក្នុងនោះបានត្រូវអ្នកដែលអះអាងថា ខ្លួនមានសិទ្ធិអំណាចបង្រៀនព្រះគម្ពីរ យកមកបកស្រាយខុសអត្ថន័យក៏ដោយ។ ក្នុងកំឡុងសតវត្សមុនៗនោះ ធ្លាប់មានបណ្ឌិតខ្លះៗ ដូចជាលោកជែរោម និងលោកធីនដេល ដែលបានប្រមូលភាពក្លាហានហើយបកប្រែនិងចែកចាយព្រះបន្ទូលរបស់ព្រះ។ រាប់លាននាក់អាចទទួលព្រះគម្ពីរនិងសាសនាគ្រីស្ទានបែបមួយបាន ទោះបីសាសនានោះគឺក្លែងក្លាយក៏ដោយ។
៥. តើព្យាការីដានីយ៉ែល បានទាយអំពីអ្វីស្តីពី«ចំណេះ[ពិត]»?
៥ នៅទីបំផុត ‹ចំណេះពិតបានចំរើនឡើង› ដូចជាអ្វីដែលបានត្រូវទាយទុកជាមុនក្នុងសៀវភៅដានីយ៉ែល។ នេះបានកើតឡើងនៅ«គ្រាចុងបំផុត» ដែលជាគ្រាយើងកំពុងតែរស់នៅនេះ។ (ដានីយ៉ែល ១២:៤) ទូទាំងផែនដី ព្រះវិញ្ញាណបរិសុទ្ធបាននាំអ្នកដែលស្រឡាញ់សេចក្ដីពិតឲ្យទទួលនូវចំណេះត្រឹមត្រូវអំពីព្រះពិតនិងគោលបំណងរបស់ទ្រង់។ សូម្បីតែបន្ទាប់ពីរាប់រយឆ្នាំដែលប្រកបទៅដោយការបង្រៀនដែលក្បត់ជំនឿ នោះព្រះបន្ទូលរបស់ព្រះនៅតែឈ្នះ! សព្វថ្ងៃនេះ ដំណឹងល្អកំពុងតែត្រូវគេប្រកាសប្រាប់នៅគ្រប់ទីកន្លែង ទាំងចង្អុលបញ្ជាក់នូវសេចក្ដីសង្ឃឹមចំពោះពិភពលោកថ្មីមួយដែលជាទីពេញចិត្ត។ (ទំនុកដំកើង ៣៧:១១) ឥឡូវ យើងនឹងពិចារណាមើលនូវការចំរើនឡើងនៃបន្ទូលរបស់ព្រះនាពេលបច្ចុប្បន្ន។
ការចំរើនឡើងនៃព្រះបន្ទូលសព្វថ្ងៃនេះ
៦. តើសិស្សព្រះគម្ពីរនោះបានយល់ពីសេចក្ដីពិតអ្វីខ្លះ ទំរាំដល់ឆ្នាំ១៩១៤?
៦ នៅចុងសតវត្សទី១៩ សិស្សព្រះគម្ពីរមួយក្រុមតូចដែលសព្វថ្ងៃត្រូវហៅជាស្មរបន្ទាល់ព្រះយេហូវ៉ា បានចាប់ផ្ដើមមានសកម្មភាពឡើងដោយសារសេចក្ដីពិតពីព្រះគម្ពីរ។ ទំរាំដល់ឆ្នាំ១៩១៤ ព្រះគម្ពីរបានប្រែជាអ្វីដែលមានភាពរស់រវើកចំពោះគេ។ ពួកគេបានយល់ពីសេចក្ដីពិតដ៏អស្ចារ្យជាច្រើនអំពីគោលបំណងរបស់ព្រះ។ ពួកគេបានរំជួលចិត្តដោយគិតពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាក្នុងការចាត់ឲ្យព្រះរាជបុត្រាទ្រង់យាងមកផែនដី ទាំងបើកផ្លូវដែលឆ្ពោះទៅដល់ជីវិតជារៀងរហូត។ ពួកគេក៏បានចាប់ផ្ដើមយល់ដឹងនិងយល់តម្លៃនៃព្រះនាមរបស់ព្រះនិងបុគ្គលិកលក្ខណៈរបស់ទ្រង់។ ម្យ៉ាងទៀត ពួកគេបានទទួលស្គាល់ថា«គ្រារបស់សាសន៍ដទៃ»បានចប់ហើយ ទាំងចង្អុលបញ្ជាក់ថា ពេលវេលាគឺជិតដល់ហើយដែលការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះនឹងនាំមកនូវពរសំរាប់មនុស្សជាតិទាំងឡាយ។ (លូកា ២១:២៤) នោះគឺជាដំណឹងដ៏ល្អណាស់ហ្ន៎! សេចក្ដីពិតដ៏សក្ដិសិទ្ធិនោះ គួរត្រូវប្រាប់ដល់គ្រប់មនុស្សនៅគ្រប់ទីកន្លែងទាំងអស់។ នោះគឺជារឿងស្លាប់រស់!
៧. តើដូចម្ដេចដែលសេចក្ដីពិតខាងព្រះគម្ពីរបានឈ្នះនៅសម័យបច្ចុប្បន្ននេះ?
៧ ព្រះយេហូវ៉ាបានប្រទានពរទៅដល់គ្រីស្ទានមួយក្រុមតូចនោះដែលជាអ្នកចាក់ប្រេងតាំង។ នៅសព្វថ្ងៃនេះ មានច្រើនជាង៦លាននាក់ដែលបានក្រសោបយកសេចក្ដីពិតនោះ។ ព្រះបន្ទូលរបស់ព្រះក៏បានចំរើនឡើងខាងចំនួនប្រទេសនិងតំបន់ផងដែរ ពីព្រោះថាស្មរបន្ទាល់ព្រះយេហូវ៉ាគឺមាននៅ២៣៥ប្រទេស។ ម្យ៉ាងទៀត សេចក្ដីពិតពីព្រះគម្ពីរគឺខ្លាំងពូកែផងដែរ ដោយឈ្នះលើឧបសគ្គសព្វបែបយ៉ាង មិនថាឧបសគ្គខាងសាសនាឬក៏ខាងរឿងណាផ្សេងទៀតក៏ដោយ។ ការផ្សព្វផ្សាយទូទាំងផែនដីនេះ ក៏ជាសក្ខីភាពដែលបញ្ជាក់តាមរបៀបមួយដែលមិនអាចត្រូវបដិសេធឡើយ ថាព្រះយេស៊ូកំពុងតែកាន់អំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្រ។—ម៉ាថាយ ២៤:៣, ១៤
៨. តើអ្នកខ្លះបាននិយាយយ៉ាងណាអំពីការចំរើនឡើងនៃស្មរបន្ទាល់ព្រះយេហូវ៉ា?
៨ បណ្ឌិតជាច្រើននាក់បានសម្គាល់នូវការចំរើនឡើងនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ ដូចជាប្រវត្ដិវិទូបានកត់សម្គាល់នូវការចំរើនឡើងយ៉ាងអស្ចារ្យនៃសាសនាគ្រីស្ទាននៅសតវត្សទី១នោះដែរ។ នៅសហរដ្ឋអាមេរិក បណ្ឌិតពីរនាក់បានសរសេរជាមួយគ្នាថា៖ «ក្នុងកំឡុង៧៥ឆ្នាំមុននេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំរើនឡើងដោយមានអត្រាអស្ចារ្យមិនធម្មតា . . . ថែមទាំងបានចំរើនដូច្នេះទូទាំងពិភពលោកផងដែរ»។ សារពត៌មានមួយនៅទ្វីបអាហ្វ្រិកខាងកើតបានពណ៌នាពីស្មរបន្ទាល់ថា គេ«ជាសាសនាមួយដែលកំពុងតែចំរើនឡើងលឿនជាងនិងត្រូវគោរពច្រើនជាងសាសនាឯទៀតក្នុងពិភពលោក ទាំងត្រូវទទួលស្គាល់ដល់ថ្នាក់អន្តរជាតិដោយព្រោះការកាន់ខ្ជាប់មិនលែងចំពោះការបង្រៀនពីព្រះគម្ពីរ»។ បន្ថែមទៅទៀត នៅទ្វីបអឺរ៉ុប សារពត៌មានមួយរបស់សាសនាកាតូលិកដ៏អភិរក្សបាននិយាយអំពី«ការចំរើនកើនឡើងដ៏លើសលប់របស់ស្មរបន្ទាល់ព្រះយេហូវ៉ា»។ តើអ្វីបានជំរុញឲ្យមានការចំរើនកើនឡើងដូច្នេះ?
ព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានសកម្មភាពនៅសព្វថ្ងៃនេះ
៩. (ក) តើអ្វីជាមូលហេតុសំខាន់មួយដែលព្រះបន្ទូលរបស់ព្រះកំពុងតែឈ្នះនៅសព្វថ្ងៃនេះ? (ខ) តើព្រះយេហូវ៉ាទាញនាំមនុស្សឲ្យមកឯទ្រង់យ៉ាងដូចម្ដេច?
៩ មូលហេតុសំខាន់មួយដែលព្រះបន្ទូលរបស់ព្រះកំពុងតែឈ្នះនៅសព្វថ្ងៃគឺថា ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាកំពុងតែមានសកម្មភាពដ៏ខ្លាំងពូកែ ដូចនៅសតវត្សទី១។ ព្រះយេស៊ូបានមានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) ពាក្យទាំងនេះនាំឲ្យយល់ថា ព្រះទាញនាំមកយ៉ាងសប្បុរសនូវអស់អ្នកដែលមានចិត្តត្រឹមត្រូវ ដោយទាក់ទាញចិត្តរបស់គេ។ តាមរយៈការផ្សព្វផ្សាយរបស់ស្មរបន្ទាល់របស់ទ្រង់ នោះព្រះយេហូវ៉ាកំពុងតែទាញនាំមកនូវ«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»ដើម្បីបំរើទ្រង់ គឺថាអស់អ្នកនៅលើផែនដី ដែលមានចិត្តរាបទាបនិងមានលក្ខណៈដូចជាចៀម។—ហាកាយ ២:៦, ៧
១០. តើមនុស្សបែបណាខ្លះបានប្រព្រឹត្តតបតាមព្រះបន្ទូលរបស់ព្រះ?
១០ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ មិនគ្រាន់តែបានចំរើនកម្លាំងនៃរាស្ត្ររបស់ព្រះឲ្យផ្សាយព្រះបន្ទូលរបស់ព្រះរហូតដល់ចុងបំផុតផែនដីប៉ុណ្ណោះទេ ក៏ប៉ុន្តែបានជំរុញចិត្តមនុស្សសព្វបែបយ៉ាងឲ្យប្រព្រឹត្តតបតាមដំណឹងល្អនោះ។ ពិតមែន អ្នកដែលបានក្រសោបយកសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះគឺមកពី«គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍»។ (វិវរណៈ ៥:៩; ៧:៩, ១០) អ្នកនោះរួមបញ្ចូលអ្នកមាននិងអ្នកក្រ អ្នកដែលមានការអប់រំខ្ពស់ទាំងអ្នកដែលមិនចេះអក្សរឡើយ។ អ្នកខ្លះបានទទួលសេចក្ដីពិតដោយប្រឈមស្ថានភាពពិបាកដូចជាសង្គ្រាមនិងការបៀតបៀនដ៏ឃោរឃៅ រីឯអ្នកឯទៀតវិញបានទទួលសេចក្ដីពិតក្នុងកំឡុងពេលដែលមានសន្ដិភាពនិងភាពរីកចំរើន។ បុរសនិងស្ត្រីបានប្រព្រឹត្តតបមកវិញដោយពេញចិត្តនឹងដំណឹងល្អ ទោះបីនៅក្រោមរដ្ឋាភិបាលបែបណាក៏ដោយ មិនថាមានវប្បធម៌បែបណាក៏ដោយ ឬក៏ទោះជានៅក្នុងជំរំឃុំឃាំងឬក៏នៅក្នុងព្រះរាជវាំងក៏ដោយ។
១១. តើព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលអ្វីទៅលើជីវិតនៃរាស្ត្ររបស់ព្រះ? ហើយតើនឹងមានភាពខុសគ្នាអ្វីដែលនឹងសឲ្យឃើញនោះ?
១១ ទោះបីរាស្ត្ររបស់ព្រះមានប្រវត្ដិផ្សេងៗគ្នាដ៏ម្ល៉េះក៏ដោយ នោះគេនៅជាមួយគ្នាដោយមានសាមគ្គីភាព។ (ទំនុកដំកើង ១៣៣:១-៣) នេះជាភស្តុតាងបន្ថែមដែលគូសបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានសកម្មភាពក្នុងជីវិតរបស់អ្នកដែលបំរើព្រះ។ ព្រះវិញ្ញាណរបស់ព្រះ គឺជាឥទ្ធិពលខ្លាំងមួយដែលជាជំនួយដល់អ្នកបំរើរបស់ទ្រង់ ឲ្យបង្ហាញគុណសម្បត្ដិផ្សេងៗដូចជាសេចក្ដីស្រឡាញ់ អំណរ សន្ដិភាព សេចក្ដីសប្បុរស និងលក្ខណៈឯទៀតដែលជាទីពេញចិត្ត។ (កាឡាទី ៥:២២, ២៣) សព្វថ្ងៃនេះ យើងអាចយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលព្យាការីម៉ាឡាគីបានទាយជាយូរយារមកហើយ ថា៖ «គ្រានោះ ឯងរាល់គ្នានឹងពិតជាឃើញភាពខុសគ្នារវាងមនុស្សសុចរិត និងមនុស្សអាក្រក់ ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។—ម៉ាឡាគី ៣:១៨, ព.ថ.
ព្រះបន្ទូលរបស់ព្រះកំពុងតែឈ្នះដោយសារអ្នកបំរើដែលធ្វើការយ៉ាងខ្នះខ្នែង
១២. តើស្មរបន្ទាល់ព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះកិច្ចផ្សព្វផ្សាយ? ហើយតើពួកគេបានត្រៀមខ្លួនទទួលការមានប្រតិកម្មបែបណាចំពោះកិច្ចផ្សព្វផ្សាយរបស់គេ?
១២ ស្មរបន្ទាល់ព្រះយេហូវ៉ានាពេលបច្ចុប្បន្ន មិនមែនជាអ្នកគ្រាន់តែកាន់សាសនាដោយគ្មានសកម្មភាពប៉ុណ្ណោះនោះទេ។ ពួកគេរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ។ ដូចជាគ្រីស្ទានទាំងឡាយពីសម័យដើមនោះ ពួកគេក៏ប្រគល់ខ្លួនដោយស្ម័គ្រពីចិត្តឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ ទាំងរកជួយអ្នកឯទៀតរៀនអំពីព្រះយេហូវ៉ានឹងសេចក្ដីសន្យាដែលព្រះរាជាណាចក្ររបស់ទ្រង់នឹងសម្រេច។ ពួកគេជាអ្នករួមធ្វើការជាមួយនឹងព្រះ ទាំងធ្វើដោយសមស្របនឹងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ នោះគេក៏ប្រមូលអ្នកឯទៀតឲ្យចូលបំរើព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ ពួកគេសម្ដែងសេចក្ដីមេត្ដាករុណានិងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិដែលមិនជឿ។ ហើយគេក៏ធ្វើដូច្នេះ ថ្វីបើគេប្រទះនឹងភាពកន្តើយរបស់មនុស្ស និងរងនូវការសើចចំអកនិងការបៀតបៀនក៏ដោយ។ ព្រះយេស៊ូបានជួយអ្នកកាន់តាមទ្រង់ឲ្យត្រៀមខ្លួនទុកជាមុនដើម្បីប្រទះនូវរបៀបផ្សេងៗដែលមនុស្សនឹងមានប្រតិកម្មនឹងដំណឹងល្អ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ»។—យ៉ូហាន ១៥:២០
១៣. តើលក្ខណៈអ្វីខ្លះដែលគ្មានក្នុងពិភពគ្រីស្ទសាសនា តែផ្ទុយទៅវិញមានជាបរិបូរក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
១៣ យើងប្រាកដជាកោតស្ងើចនឹងភាពស្រដៀងគ្នារវាងស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ នឹងអ្នកដែលបានក្រសោបយកសាសនាគ្រីស្ទានពិតនៅសតវត្សទី១។ អ្វីមួយទៀតដ៏សឲ្យឃើញគឺជាភាពខុសគ្នារវាងស្មរបន្ទាល់ព្រះយេហូវ៉ានិងពិភពគ្រីស្ទសាសនានៅសព្វថ្ងៃនេះ។ ក្រោយពីបណ្ឌិតម្នាក់បានសរសេរអំពីចិត្តឧស្សាហ៍របស់គ្រីស្ទានទាំងឡាយនៅសម័យដើមក្នុងការផ្សព្វផ្សាយ នោះគាត់បាននិយាយសម្ដែងដោយអារម្មណ៍សោកស្ដាយថា៖ «លុះត្រាតែមានការប្រែប្រួលក្នុងរបៀបរបបរបស់គ្រីស្ទសាសនាសព្វថ្ងៃនេះ ដើម្បីឲ្យការផ្សព្វផ្សាយត្រូវចាត់ទុកម្ដងទៀតជាភារកិច្ចរបស់គ្រីស្ទានគ្រប់គ្នាដែលបានទទួលនូវបុណ្យជ្រមុជទឹក ថែមទាំងមានការសម្ដែងពីនោះដោយរបៀបរស់នៅដ៏ល្អជាងរបៀបរស់នៅរបស់អ្នកដែលមិនជឿ នោះយើងនឹងមិនចំរើនទៅមុខទេ។ លក្ខណៈទាំងនោះដែលពិភពគ្រីស្ទសាសនាគ្មាន គឺបែរជាមានជាបរិបូរក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ាវិញ! ជំនឿរបស់គេគឺជាជំនឿមួយដ៏រស់រវើក និងពិតប្រាកដ ថែមទាំងជាជំនឿមួយដែលមានមូលដ្ឋានទៅលើសេចក្ដីពិតពីព្រះគម្ពីរ ដែលចិត្តគេត្រូវជំរុញឲ្យប្រាប់ដល់អស់អ្នកណាដែលចង់ស្ដាប់។—ធីម៉ូថេទី១ ២:៣, ៤
១៤. តើព្រះយេស៊ូធ្លាប់មានគំនិតយ៉ាងណាចំពោះកិច្ចបំរើរបស់ទ្រង់? ហើយតើសិស្សរបស់ទ្រង់មានអាកប្បកិរិយាអ្វីដែរនៅសព្វថ្ងៃនេះ?
១៤ ព្រះយេស៊ូបានចាត់ទុកកិច្ចបំរើរបស់ទ្រង់ជាអ្វីដ៏សំខាន់ណាស់ ទាំងទុកនោះជាកិច្ចការដ៏ចំបងរបស់ទ្រង់។ ទ្រង់បានមានបន្ទូលទៅកាន់ពីឡាត់ថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៧) រាស្ត្ររបស់ព្រះមានគំនិតដូចជាព្រះយេស៊ូដែរ។ ដោយសារពួកគេមានសេចក្ដីពិតពីព្រះគម្ពីរក្នុងចិត្តរបស់គេ នោះគេព្យាយាមរកវិធីផ្សេងៗដើម្បីវិភាគប្រាប់អ្នកឯទៀតអំពីសេចក្ដីនោះដែរ។ វិធីខ្លះដែលត្រូវប្រើនោះ ប្រកបទៅដោយការប៉ិនប្រសប់ដ៏អស្ចារ្យ។
១៥. តើតាមរបៀបណាដែលអ្នកខ្លះបានបង្ហាញការប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយដំណឹងល្អ?
១៥ នៅប្រទេសមួយនាទ្វីបអាមេរិកខាងត្បូង ស្មរបន្ទាល់ព្រះយេហូវ៉ាបានធ្វើដំណើរតាមដៃទន្លេអាម៉ាហ្សូន ដើម្បីផ្សព្វផ្សាយសេចក្ដីពិតដល់មនុស្សនៅតំបន់នោះ។ ក៏ប៉ុន្តែ ពេលសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅឆ្នាំ១៩៩៥ នោះចរាចរជនស៊ីវិលតាមផ្លូវទឹកទន្លេបានត្រូវហាមប្រាម។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានសម្រេចបណ្ដែតសារដំណឹងល្អតាមខ្សែទឹក ដោយបានតាំងចិត្តផ្គត់ផ្គង់ប្រកាសនវត្ថុដល់អ្នកចាប់អារម្មណ៍។ ស្មរបន្ទាល់ទាំងនោះបានសរសេរសំបុត្រនឹងដាក់សំបុត្រទាំងនោះក្នុងដបជ័រជាមួយគ្នានឹងទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ខ្លះៗ។ ក្រោយនោះ គេបានបោះដបនោះចូលទៅក្នុងទឹក។ គេបានធ្វើអ៊ីចឹងអស់៤ឆ្នាំកន្លះ ទាល់តែទន្លេអាចត្រូវប្រើដោយជនស៊ីវិលម្ដងទៀត។ តាមមាត់ទន្លេនោះ មនុស្សជាច្រើនបានអរគុណស្មរបន្ទាល់ទាំងនេះសំរាប់ប្រកាសនវត្ថុទាំងនោះ។ ស្ត្រីម្នាក់ដែលធ្លាប់ជាសិស្សព្រះគម្ពីរ បានឱបគេទាំងស្រក់ទឹកភ្នែក និងពោលថា៖ «ខ្ញុំបាននឹកស្មានថា ខ្ញុំនឹងមិនជួបអ្នកទៀតទេ។ ប៉ុន្តែ ពេលខ្ញុំទទួលប្រកាសវត្ថុរបស់អ្នកក្នុងដបនោះ ខ្ញុំបានដឹងថាអ្នកមិនបានភ្លេចខ្ញុំទេ!»។ អ្នកឯទៀតដែលរស់នៅតាមមាត់ទន្លេក៏បានប្រាប់ថា គេធ្លាប់អានទស្សនាវដ្ដីទាំងនោះម្ដងហើយម្ដងទៀត។ សហគមន៍ជាច្រើនមានទឹកកួចនៅកន្លែងមួយ ដែលធ្វើការមិនខុសពីប៉ុស្តិ៍ប្រៃសណីយ៍មួយនោះទេ ពីព្រោះវត្ថុដែលអណ្ដែតមកធ្លាប់ជាប់នៅនោះមួយរយៈខ្លី។ អ្នកចាប់អារម្មណ៍ធ្លាប់ទៅមើលនៅកន្លែងទឹកកួចនោះជាញឹកញយ ដើម្បីមើលថា តើមានសំបុត្រណាមកពីក្បាលទឹកឬក៏អត់។
១៦. ជួនកាល តើដូចម្ដេចដែលការប្រុងប្រៀបជានិច្ចដើម្បីផ្សព្វផ្សាយ អាចបើកផ្លូវទៅដល់ការបញ្ចុះបញ្ចូលឲ្យមានសិស្ស?
១៦ ព្រះយេហូវ៉ានិងពួកទេវតាដ៏ខ្លាំងពូកែរបស់ទ្រង់ កំពុងតែដឹកនាំថែមទាំងគាំទ្រនូវការផ្សព្វផ្សាយដំណឹងល្អ។ (វិវរណៈ ១៤:៦) បើសិនជាយើងប្រុងប្រៀបផ្សព្វផ្សាយជានិច្ច នោះជួនកាលយើងនឹងមានឱកាសផ្សព្វផ្សាយដោយមិនដឹងទុកជាមុនឡើយ។ នៅទីក្រុងណែរ៉ូប៊ីនៅប្រទេសគេនយ៉ា ស្ត្រីគ្រីស្ទានពីរនាក់ដែលកំពុងតែផ្សព្វផ្សាយ បានផ្សាយចប់នូវផ្ទះទាំងប៉ុន្មានដែលបានត្រូវកំណត់ឲ្យគេទៅផ្សព្វផ្សាយនៅថ្ងៃនោះ។ ស្ត្រីម្នាក់បានមកជួបគេទាំងប្រាប់ដោយចិត្តរំភើបថា៖ «ខ្ញុំបានអធិស្ឋានសូមជួបមនុស្សដូចជាពួកអ្នក»។ គាត់បានអង្វរស្មរបន្ទាល់ពីរនាក់នោះឲ្យទៅផ្ទះរបស់គាត់ភ្លាមៗដើម្បីពិភាក្សាគ្នា ហើយគេបានចាប់ផ្ដើមសិក្សាព្រះគម្ពីរនៅថ្ងៃនោះឯង។ ហេតុអ្វីបានជាស្ត្រីនេះប្រញាប់នឹងជួបគ្រីស្ទានពីរនាក់នោះដូច្នេះ? ប្រមាណពីរសប្ដាហ៍មុននោះ កូនង៉ារបស់គាត់បានស្លាប់។ ម្ល៉ោះហើយ ពេលគាត់ឃើញក្មេងប្រុសម្នាក់កំពុងតែកាន់ខិត្តប័ណ្ណដែលមានចំណងជើងថា«តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ?» គាត់ចង់បានជាខ្លាំង និងបានសុំពីក្មេងប្រុសនោះ។ ក្មេងប្រុសនោះមិនព្រមឲ្យទេ តែបានចង្អុលសំដៅរកស្មរបន្ទាល់ដែលបានឲ្យខិត្តប័ណ្ណនោះ។ មិនយូរក្រោយមក ស្ត្រីនោះបានលូតលាស់យ៉ាងប្រសើរខាងវិញ្ញាណ និងមានសមត្ថភាពច្រើនជាងដើម្បីស៊ូទ្រាំនឹងការឈឺចាប់ដែលមកពីការបាត់បង់កូនរបស់គាត់។
សេចក្ដីស្រឡាញ់របស់ព្រះត្រូវតែឈ្នះ
១៧-១៩. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់អ្វីដល់មនុស្សជាតិតាមរយៈតម្លៃលោះ?
១៧ ការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះ ដែលកំពុងតែកើតមានទូទាំងផែនដីដល់ម្ល៉េះ គឺជាប់ទាក់ទងផ្ទាល់នឹងយញ្ញបូជាលោះរបស់ព្រះគ្រីស្ទយេស៊ូ។ ការផ្សព្វផ្សាយគឺជាការសម្ដែងនូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សនៅគ្រប់ទីកន្លែង ដូចជាយញ្ញបូជាលោះអ៊ីចឹង។ សាវ័កយ៉ូហានបានត្រូវបណ្ដាលឲ្យសរសេរថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។—យ៉ូហាន ៣:១៦
១៨ សូមគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបានសម្ដែងដោយការប្រទាននូវតម្លៃលោះនោះ។ អស់រាប់សិបកោដិឆ្នាំហើយ ព្រះបានមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះរាជបុត្រទ្រង់តែមួយ ដែលទ្រង់បានបង្កើតផ្ទាល់ ជា«ដើមការដែលព្រះទ្រង់បង្កើតមក»។ (វិវរណៈ ៣:១៤) ព្រះយេស៊ូស្រឡាញ់ព្រះវរបិតារបស់ទ្រង់ខ្លាំងណាស់ ហើយព្រះយេហូវ៉ាបានស្រឡាញ់ព្រះរាជបុត្ររបស់ទ្រង់«មុនកំណើតលោកីយរៀងមក»។ (យ៉ូហាន ១៤:៣១; ១៧:២៤) ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យព្រះរាជបុត្ររបស់ទ្រង់ សោយទិវង្គត ប្រយោជន៍ឲ្យមនុស្សជាតិអាចទទួលជីវិតជារៀងរហូត។ នេះជាការបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបដ៏អស្ចារ្យណាស់ហ្ន៎!
១៩ យ៉ូហាន ៣:១៧ ប្រាប់ថា៖ «ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ»។ ដូច្នេះ ព្រះយេហូវ៉ាបានចាត់ឲ្យព្រះរាជបុត្ររបស់ទ្រង់បំពេញនូវបេសកម្មមួយដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដើម្បីសង្គ្រោះ មិនមែនដើម្បីជំនុំជំរះឬក៏កាត់ទោសទេ។ នេះគឺសមស្របនឹងសំដីរបស់ពេត្រុសដែលថា៖ «[ព្រះយេហូវ៉ា]មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—ពេត្រុសទី២ ៣:៩
២០. តើសេចក្ដីសង្គ្រោះគឺជាប់ទាក់ទងនឹងការផ្សព្វផ្សាយយ៉ាងដូចម្ដេច?
២០ ដោយព្រោះព្រះយេហូវ៉ាបានផ្ដល់នូវមូលដ្ឋានតាមផ្លូវច្បាប់ដោយផ្ដល់តម្លៃដ៏ថ្លៃ នោះទ្រង់មានព្រះទ័យចង់ឲ្យមនុស្សជាច្រើនបំផុតដែលអាចត្រូវសង្គ្រោះបាន ឲ្យមកទទួលប្រយោជន៍ពីនោះ។ សាវ័កប៉ុលបានសរសេរថា៖ «គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»។—រ៉ូម ១០:១៣, ១៤
២១. តើយើងគួរមានអារម្មណ៍យ៉ាងណា ពេលដែលយើងមានឱកាសរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ?
២១ ការរួមចំណែកកិច្ចផ្សព្វផ្សាយនិងបង្រៀនទូទាំងពិភពលោកនេះគឺជាឯកសិទ្ធិមួយដ៏ប្រសើរណាស់ហ្ន៎! នោះមិនមែនជាការងារដ៏ស្រួលទេ ក៏ប៉ុន្តែព្រះយេហូវ៉ាមានព្រះទ័យសប្បាយណាស់ហ្ន៎! ពេលទ្រង់ទតឃើញរាស្ត្ររបស់ទ្រង់កំពុងតែរស់នៅសមស្របតាមសេចក្ដីពិតនោះទាំងប្រាប់អ្នកឯទៀតអំពីដំណឹងល្អ។ ដូច្នេះ ទោះជាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរឲ្យព្រះវិញ្ញាណរបស់ព្រះនិងសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់អ្នក ជំរុញឲ្យអ្នករួមចំណែកក្នុងកិច្ចការនេះ។ ហើយចូរនឹកចាំថា អ្វីដែលយើងឃើញកំពុងតែសម្រេចទូទាំងផែនដីសព្វថ្ងៃនេះ ក៏ជាភស្តុតាងថា ព្រះយេហូវ៉ាដ៏ជាព្រះ បន្ដិចទៀតទ្រង់នឹងសម្រេចនូវសេចក្ដីសន្យារបស់ទ្រង់នឹងនាំចូលនូវ«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដ៏រុងរឿងនោះ ជាកន្លែង«ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
តើអ្នកចាំទេ?
• ហេតុអ្វីបានជាការក្បត់ជំនឿមិនអាចបញ្ឈប់អ្នកដែលផ្សាយនូវដំណឹងល្អ?
• តើដូចម្ដេចដែលព្រះបន្ទូលរបស់ព្រះបានឈ្នះនៅសម័យយើងនេះ?
• តើព្រះវិញ្ញាណរបស់ព្រះកំពុងតែមានសកម្មភាពអ្វីខ្លះ នៅសព្វថ្ងៃនេះ?
• តើដូចម្ដេចដែលតម្លៃលោះគឺជាប់ទាក់ទងនឹងការផ្សព្វផ្សាយដំណឹងល្អ?
[ក្រាប/រូបភាពនៅទំព័រ១៦]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ការចំរើនកើនឡើងនូវចំនួនអ្នកប្រកាសព្រះរាជាណាចក្រនៅសតវត្សទី២០
ចំនួនអ្នកផ្សាយជាមធ្យម (ដោយគិតជាចំនួនលាននាក់)
៦.០
៥.៥
៥.០
៤.៥
៤.០
៣.៥
៣.០
២.៥
២.០
១.៥
១.០
០.៥
១៩០០ ១៩១០ ១៩២០ ១៩៣០ ១៩៤០ ១៩៥០ ១៩៦០ ១៩៧០ ១៩៨០ ១៩៩០ ២០០០
[រូបភាពនៅទំព័រ១៥]
ជែរោម
ធីនដេល
គូតិនបឺក
ហឺស
[អ្នកផ្ដល់សិទ្ធិ]
Gutenberg and Hus: From the book The Story of Liberty, 1878
[រូបភាពនៅទំព័រ១៥]
សិស្សព្រះគម្ពីរកំពុងតែផ្សព្វផ្សាយដំណឹងល្អនៅទសវត្សចាប់ផ្ដើមពីឆ្នាំ១៩២០
[រូបភាពនៅទំព័រ១៦, ១៧]
ទូទាំងផែនដី មនុស្សកំពុងតែប្រព្រឹត្តតបនឹងដំណឹងល្អ
[រូបភាពនៅទំព័រ១៨]
ដូចគ្នានឹងយញ្ញលោះរបស់ព្រះយេស៊ូគ្រីស្ទនោះ កិច្ចផ្សព្វផ្សាយក៏លើកដំកើងសេចក្ដីស្រឡាញ់របស់ព្រះ