ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារចុះ!
តូរូបានសាកចិត្តប្រពន្ធឈ្មោះយ៉ូកូ ថា៖ «ដុតវាចោលទៅ! បើឯងខ្លាំងដុតវាចោលទៅ!»។a នាងតបវិញថា៖ «អញនឹងដុតវាចោលមែន!» ហើយក៏បានអុជឈើគូសដើម្បីដុតរូបថតរបស់គេទាំងពីរនាក់ចោល។ រួចមក នាងគំហកដាក់តូរូទៀតថា៖ «អញនឹងដុតផ្ទះនេះចោលទៀត!»។ តូរូបានតបវិញដោយទះកំផ្លៀងនាង ហើយក៏បានបញ្ឈប់ជំលោះនោះដោយអំពើហិង្សាទៅ។
បីឆ្នាំមុននោះ ស្វាមីភរិយានេះបានចាប់ផ្ដើមរួមរស់នៅជាមួយគ្នាយ៉ាងសប្បាយដូច្នេះ ហេតុអ្វីឥឡូវមានបញ្ហាវិញ? ទោះជាតូរូមើលទៅដូចជាបុរសល្អម្នាក់ក៏ដោយ តែចំពោះយ៉ូកូនាងមានអារម្មណ៍ថា តូរូមិនបានបង្ហាញសេចក្ដីស្រឡាញ់ដល់នាងទេ ហើយនាងក៏គិតថា គាត់មិនសូវយកចិត្តទុកដាក់នឹងអារម្មណ៍របស់នាងដែរ។ ថ្វីបើនាងខំបង្ហាញសេចក្ដីស្រឡាញ់ដល់ស្វាមីក្ដី តូរូមានឫកហាក់ដូចជាមិនចេះបង្ហាញអារម្មណ៍ចំពោះនាងវិញសោះ។ ដោយសារយ៉ូកូទ្រាំទៀតមិនបាននាងក៏ចាប់ផ្ដើមចងគំនុំ ហើយក្លាយជាមនុស្សដែលមានចិត្តឆាប់ឆេវឆាវទៅវិញ។ នាងចាប់ផ្ដើមដេកមិនលក់ ក៏មិនឃ្លានអាហារ មានចិត្តខ្វាយខ្វល់ហើយអន្ទះអន្ទែង ព្រមទាំងធ្លាក់ទឹកចិត្ត ហើយម្ដងម្កាលក៏មានភាពតានតឹងដល់ម្ល៉េះដែលវាធ្វើទុក្ខដល់សរសៃប្រសាទរបស់នាង។ ប៉ុន្តែ តូរូមើលទៅដូចជាមិនរវីរវល់នឹងភាពតានតឹងរបស់ប្រពន្ធគាត់នោះទេ។ តូរូគិតថា ការមានភាពតានតឹងនេះគឺជារឿងធម្មតាទេ។
«គ្រាលំបាកណាស់»
បញ្ហាក្នុងរង្វង់គ្រួសារដូចខាងលើនេះ មានទូទៅនៅសព្វថ្ងៃនេះ។ សាវ័កប៉ុលបានប្រាប់ជាមុនថា សម័យយើងនេះនឹងខុសពីសម័យផ្សេងទៀតពីព្រោះមនុស្ស «មិនស្រឡាញ់តាមធម្មតាមនុស្ស» ទេ។ (ធីម៉ូថេទី២ ៣:១-៥, កំណែជាអក្សរទ្រេត) ពាក្យដើមជាភាសាក្រិចនោះ ដែលបានបកប្រែនៅទីនេះថា «មិនស្រឡាញ់តាមធម្មតាមនុស្ស» គឺមានអត្ថន័យជាប់ទាក់ទងនឹងពាក្យសំដៅទៅលើសេចក្ដីស្រឡាញ់ដែលសមាជិកគ្រួសារច្រើនតែមានចំពោះគ្នាទៅវិញទៅមក។ សម័យយើងនេះពិតជាបានសឲ្យឃើញថា ខ្វះសេចក្ដីស្រឡាញ់មែន។ ទោះបើសមាជិកគ្រួសារអាចមានចិត្តស្រឡាញ់គ្នាក្ដី ពួកគេកម្របង្ហាញនូវសេចក្ដីស្រឡាញ់នោះចំពោះគ្នាទៅវិញទៅមកវិញណាស់។
មាតាបិតាជាច្រើនសព្វថ្ងៃក៏មិនចេះបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនរបស់ខ្លួនដែរ។ មនុស្សខ្លះបានធំឡើងក្នុងរង្វង់គ្រួសារដែលមិនសូវបង្ហាញសេចក្ដីស្រឡាញ់ឡើយ ហេតុនេះពួកគេមិនដឹងថា ពួកគេអាចមានជីវិតប្រកបទៅដោយសុភមង្គលនិងភាពសប្បាយរីករាយច្រើនជាង បើពួកគេបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ហើយមានអ្នកដទៃបង្ហាញសេចក្ដីស្រឡាញ់វិញនោះ។ ក្នុងករណីតូរូនោះ ប្រហែលដូច្នេះមែន។ ពេលគាត់នៅក្មេងនៅឡើយ ឪពុកគាត់រវល់តែធ្វើការប៉ុណ្ណោះ ហើយបានមកដល់ផ្ទះយប់ៗ។ ឪពុករបស់តូរូមិនសូវនិយាយជាមួយគាត់ទេ ហើយកាលណានិយាយជាមួយគាត់នោះច្រើនតែជេរគាត់ទៅវិញ។ ម្ដាយរបស់តូរូក៏បានធ្វើការផងដែរ ហើយមិនសូវចំណាយពេលជាមួយគាត់ទេ។ តូរូច្រើនតែនៅផ្ទះមើលទូរទស្សន៍ម្នាក់ឯង។ ក្រុមគ្រួសាររបស់តូរូមិនមានការប្រស្រ័យទាក់ទងគ្នា ហើយក៏មិនចេះសរសើរគ្នាទៅវិញទៅមកដែរ។
វប្បធម៌អាចជាមូលហេតុមួយទៀតដែលរង្វង់គ្រួសារខ្លះមិនចេះបង្ហាញសេចក្ដីស្រឡាញ់។ នៅទីកន្លែងខ្លះក្នុងទ្វីបអាមេរិកឡាទីននោះ បុរសត្រូវធ្វើផ្ទុយពីទំនៀមទំលាប់ក្នុងតំបន់នោះ ទើបគាត់អាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះភរិយាបាន។ នៅប្រទេសជាច្រើននាទ្វីបអាស៊ីនិងអាព្រិចដែរ ការពោលពាក្យឬការប្រព្រឹត្តបែបណាដែលបង្ហាញសេចក្ដីស្រឡាញ់នោះ គេចាត់ទុកថាធ្វើខុសវប្បធម៌ជាតិ។ ប្រហែលជាស្វាមីខ្លះមានអារម្មណ៍មិនស្រួលនិយាយថា៖ «បងស្រឡាញ់អូន» ឬ«ប៉ាស្រឡាញ់កូន»។ ក៏ប៉ុន្តែ យើងអាចទាញមេរៀនពីក្រុមគ្រួសារដំបូងបង្អស់ ដែលជាគំរូស្តីអំពីចំណងមេត្រីភាពរវាងសមាជិកក្នុងក្រុមគ្រួសារដែលជិតស្និទ្ធនឹងគ្នាតាំងពីយូរណាស់មកហើយ។
គំរូពីចំណងមេត្រីភាពក្នុងក្រុមគ្រួសារ
គំរូដ៏ល្អបំផុតដែលជាគំរូពីចំណងមេត្រីភាពក្នុងក្រុមគ្រួសារនោះ គឺជាសម្ព័ន្ធមេត្រីភាពរវាងព្រះយេហូវ៉ានិងរាជបុត្រតែមួយគត់ដែលទ្រង់បានបង្កើតផ្ទាល់។ ព្រះយេហូវ៉ានិងព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាយ៉ាងល្អឥតខ្ចោះ។ អស់រាប់សិបពាន់សតវត្សដែលព្រះយេស៊ូជាបុគ្គលវិញ្ញាណមួយរូប មុននឹងចាប់កំណើតជាព្រះយេស៊ូគ្រីស្ទ ទ្រង់បានរីករាយនឹងចំណងមេត្រីភាពដែលទ្រង់មានជាមួយបិតារបស់ទ្រង់។ ព្រះយេស៊ូពិពណ៌នាប្រាប់ពីចំណងមេត្រីភាពនោះថា៖ «អញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច»។ (សុភាសិត ៨:៣០) រាជបុត្រនេះជ្រាបយ៉ាងច្បាស់លាស់ថា ព្រះវរបិតាស្រឡាញ់ទ្រង់ ដល់ម្ល៉េះបានជាព្រះយេស៊ូអាចប្រាប់អ្នកដទៃថា ទ្រង់ជាទីគាប់ព្រះហឫទ័យព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ ព្រះយេស៊ូក៏មានព្រះទ័យរីករាយជានិច្ច ឲ្យតែនៅជាមួយព្រះវរបិតា។
សូម្បីតែពេលដែលព្រះយេស៊ូមានព្រះជន្មជាមនុស្សនៅលើផែនដីនេះក៏ដោយ ព្រះវរបិតាបានរំឭករាជបុត្រពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលទ្រង់មានចំពោះរាជបុត្រារបស់ទ្រង់នោះ។ ក្រោយពីព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹក ទ្រង់បានឮព្រះសូរសៀងរបស់បិតាទ្រង់ដែលមានបន្ទូលថា៖ «នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ (ម៉ាថាយ ៣:១៧) ព្រះបន្ទូលនោះពិតជាការបង្ហាញនូវសេចក្ដីស្រឡាញ់ដែលលើកទឹកចិត្ត ពេលដែលព្រះយេស៊ូចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅលើផែនដី។ ព្រះយេស៊ូច្បាស់ជាមានព្រះទ័យកក់ក្ដៅណាស់ពេលទ្រង់ឮព្រះវរបិតាមានបន្ទូលថា ទ្រង់ជាទីពេញព្រះហឫទ័យចំពោះព្រះវរបិតារបស់ទ្រង់ណាស់នៅពេលដំណាលគ្នាដែលទ្រង់នឹកចាំបានទាំងអស់ឡើងវិញអំពីព្រះជន្មរបស់ទ្រង់នៅស្ថានសួគ៌នោះ។
របៀបនេះហើយដែលព្រះយេហូវ៉ាតាំងគំរូដ៏ប្រសើរបំផុត ក្នុងការបង្ហាញនូវសេចក្ដីស្រឡាញ់យ៉ាងពេញលេញ ចំពោះក្រុមគ្រួសាររបស់ទ្រង់ទូទាំងសកលលោកនេះ។ បើយើងជឿទៅលើព្រះយេស៊ូគ្រីស្ទ នោះព្រះយេហូវ៉ានឹងស្រឡាញ់យើងដែរ។ (យ៉ូហាន ១៦:២៧) ទោះជាយើងនឹងមិនឮព្រះសូរសៀងពីស្ថានសួគ៌ពិតមែន ប៉ុន្តែ យើងនឹងទទួលស្គាល់នូវសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបង្ហាញតាមរយៈអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត តាមរយៈការរៀបចំឲ្យព្រះយេស៊ូផ្ដល់នូវយញ្ញបូជាលោះ ហើយតាមរបៀបផ្សេងៗទៀតដែរ។ (យ៉ូហានទី១ ៤:៩, ១០) ព្រះយេហូវ៉ាក៏ព្រះសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើង ហើយទ្រង់ក៏ឆ្លើយនូវសេចក្ដីអធិស្ឋាននោះតាមរបៀបដែលផ្ដល់ប្រយោជន៍ច្រើនបំផុតដល់យើង។ (ទំនុកដំកើង ១៤៥:១៨; អេសាយ ៤៨:១៧) ពេលដែលយើងបណ្ដុះបណ្ដាលឲ្យមានចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា យើងក៏មានកតញ្ញូធម៌កាន់តែជ្រាលជ្រៅចំពោះការថែទាំពីទ្រង់ ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។
ព្រះយេស៊ូបានរៀនពីព្រះវរបិតារបស់ទ្រង់ នូវរបៀបបង្ហាញការយោគយល់ ការយល់ចិត្ត សេចក្ដីសប្បុរស និងការយកព្រះទ័យទុកដាក់អស់ពីជំរៅព្រះទ័យចំពោះអ្នកដទៃ។ ព្រះយេស៊ូបានពន្យល់ថា៖ «ការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ»។ (យ៉ូហាន ៥:១៩, ២០) រីឯយើងវិញ យើងក៏អាចរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដែរ ដោយពិនិត្យមើលគំរូដែលព្រះយេស៊ូបានតាំងឲ្យយើង ពេលដែលទ្រង់គង់នៅលើផែនដីនៅឡើយ។—ភីលីព ១:៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ
តើអាចបង្កើតឲ្យមានសេចក្ដីស្រឡាញ់ ក្នុងរង្វង់គ្រួសារដោយដូចម្ដេច?
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់» ហើយយើងបានត្រូវបង្កើតមក«ឲ្យដូចរូបអង្គទ្រង់»ដែរ ដូច្នេះ យើងក៏មានសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់ ហើយចង់ឲ្យអ្នកដទៃបង្ហាញសេចក្ដីស្រឡាញ់ដល់យើងវិញដែរ។ (យ៉ូហានទី១ ៤:៨; លោកុប្បត្តិ ១:២៦, ២៧) ប៉ុន្តែ ថ្វីបើយើងមានសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់នោះ នេះមិនកើតឡើងដោយស្វ័យប្រវត្ដិឡើយ។ មុននឹងយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគូអាពាហ៍ពិពាហ៍និងកូនរបស់យើង យើងត្រូវតែមានអារម្មណ៍ឬមានចិត្តស្រឡាញ់ពួកគេ។ ចូរមើលហើយកត់សម្គាល់នូវគុណសម្បត្ដិដ៏គួរឲ្យស្រឡាញ់របស់ពួកគេ មិនថាតូចក៏ដោយ ហើយរំពឹងគិតពីគុណសម្បត្ដិរបស់ពួកគេនោះ។ អ្នកប្រហែលជាប្រកែកថា៖ ‹ប្ដី[ឬក៏ប្រពន្ធកូន]របស់ខ្ញុំ គ្មានគុណសម្បត្ដិណាដ៏គួរឲ្យស្រឡាញ់ទេ›។ អស់អ្នកដែលរៀបអាពាហ៍ពិពាហ៍ដោយមាតាបិតារៀបចំឡើងនោះ ប្រហែលជាគ្មានសេចក្ដីស្រឡាញ់ចំពោះគូរបស់ខ្លួនទេ។ គូស្វាមីភរិយាខ្លះប្រហែលជាមិនធ្លាប់ចង់បានកូនសោះ។ យ៉ាងណាក៏ដោយ សូមពិចារណាអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះសាសន៍អ៊ីស្រាអែលនៅសតវត្សទីដប់មុនស.យ. ដែលសាសន៍នោះប្រៀបដូចជាភរិយារបស់ទ្រង់។ ទោះជាព្យាការីអេលីយ៉ាសន្និដ្ឋានថា ក្នុងចំណោមសាសន៍អ៊ីស្រាអែលដែលមានកុលសម្ព័ន្ធដប់នោះ គ្មានអ្នកណាទៀតនៅថ្វាយបង្គំព្រះយេហូវ៉ាទេ នោះព្រះយេហូវ៉ាបានពិនិត្យមើលពួកគេយ៉ាងដិតដល់ ហើយបានរកឃើញជាច្រើននាក់ គឺមាន៧.០០០នាក់ដែលមានគុណសម្បត្ដិផ្គាប់ព្រះហឫទ័យរបស់ទ្រង់។ តើអ្នកអាចយកតម្រាប់តាមគំរូរបស់ព្រះយេហូវ៉ាបានទេ ដោយសម្គាល់ពីគុណសម្បត្ដិល្អៗនៃក្រុមគ្រួសាររបស់អ្នក?—ពង្សាវតារក្សត្រទី១ ១៩:១៤-១៨
ប៉ុន្តែ បើអ្នកចង់ឲ្យសមាជិកឯទៀតក្នុងក្រុមគ្រួសាររបស់អ្នកដឹងថា អ្នកមានសេចក្ដីស្រឡាញ់ចំពោះពួកគេ នោះអ្នកត្រូវប្ដេជ្ញាបង្ហាញសេចក្ដីស្រឡាញ់នោះ។ ពេលណាដែលអ្នកឃើញអ្វីដ៏គួរឲ្យសរសើរនោះ ចូរប្រាប់ពីចិត្តអបអររបស់អ្នកចុះ! ការរៀបរាប់ក្នុងបន្ទូលរបស់ព្រះអំពីស្ត្រីគ្រប់ល័ក្ខណ៍នោះ បញ្ជាក់នូវលក្ខណៈដ៏ល្អមួយនៃក្រុមគ្រួសាររបស់នាង ពោលគឺ៖ «កូនរបស់នាងទាំងប៉ុន្មាន ក្រោកឈរឡើងគោរពដល់ម្ដាយ ថាជាអ្នកមានពរ ប្ដីក៏ក្រោកឈរឡើងសរសើរនាងដែរ»។ (សុភាសិត ៣១:២៨) សូមកត់សម្គាល់ថា សមាជិកក្នុងក្រុមគ្រួសារនោះមិនបានស្ទាក់ស្ទើរក្នុងការប្រាប់ពីចិត្តអបអរដែលពួកគេមានចំពោះគ្នាទៅវិញទៅមកនោះឡើយ។ ពេលដែលស្វាមីសរសើរភរិយានោះ គាត់តាំងគំរូល្អសំរាប់កូនប្រុសរបស់ខ្លួន ដែលលើកទឹកចិត្តឲ្យកូនសរសើរគូរបស់ខ្លួនពេលដែលគេរៀបការនោះ។
ម្យ៉ាងទៀត មាតាបិតាគួរសរសើរកូនរបស់ខ្លួន។ ទង្វើនេះអាចជួយបណ្ដុះឲ្យកូនស្រឡាញ់ខ្លួនឯង ត្បិតបើកូនមិនមានស្រឡាញ់ខ្លួនឯងទេ នោះតើធ្វើដូចម្ដេចឲ្យកូនអាច«ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»បាន? (ម៉ាថាយ ២២:៣៩) ផ្ទុយទៅវិញ បើមាតាបិតាតិះដៀលកូនជានិច្ច ហើយមិនសរសើរកូនរបស់គេសោះ នោះកូនអាចចាប់ផ្ដើមលែងស្រឡាញ់ខ្លួន ហើយក៏អាចមានការពិបាកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃដែរ។—អេភេសូរ ៤:៣១, ៣២
អ្នកអាចរកជំនួយបាន
ចុះយ៉ាងណាវិញបើអ្នកបានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារដែលមិនបង្ហាញសេចក្ដីស្រឡាញ់? អ្នកនៅតែអាចរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់បានដែរ។ ដំបូងបង្អស់ អ្នកត្រូវទទួលស្គាល់ថា ខ្លួនមានការពិបាកបង្ហាញសេចក្ដីស្រឡាញ់មែន ហើយក៏ត្រូវយល់នូវមូលហេតុដែលអ្នកគួរបង្ហាញសេចក្ដីស្រឡាញ់ច្រើនជាង។ ព្រះគម្ពីរជាបន្ទូលរបស់ព្រះអាចជួយអ្នកបានច្រើនណាស់។ ព្រះគម្ពីរប្រៀបដូចជាកញ្ចក់។ ពេលដែលយើងពិនិត្យមើលខ្លួនឯង ដោយពិចារណាសេចក្ដីដែលមានក្នុងព្រះគម្ពីរ ដែលអាចប្រៀបដូចជាកញ្ចក់នោះ យើងអាចឆ្លុះឃើញនូវភាពទន់ខ្សោយឬគំនិតខុសឆ្គងរបស់យើងបាន។ (យ៉ាកុប ១:២៣) ស្របទៅតាមសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ យើងអាចកែប្រែចិត្តគំនិតរបស់យើងដែលមិនត្រឹមត្រូវ។ (អេភេសូរ ៤:២០-២៤; ភីលីព ៤:៨, ៩) យើងត្រូវធ្វើនេះជាទៀងទាត់ ដោយ‹មិនណាយចិត្តធ្វើការល្អឡើយ›។—កាឡាទី ៦:៩
មនុស្សខ្លះមានការពិបាកបង្ហាញសេចក្ដីស្រឡាញ់ អាស្រ័យលើរបៀបដែលពួកគេបានត្រូវចិញ្ចឹមអប់រំ ឬដោយសារទំនៀមទំលាប់។ ប៉ុន្តែ ការស្រាវជ្រាវពេលថ្មីៗនេះបង្ហាញថា មនុស្សអាចឈ្នះលើឧបសគ្គបែបនេះបាន។ លោកបណ្ឌិតដានីយ៉ែល ហ្គលម៉ាន់ ជាអ្នកជំនាញខាងសុខភាពផ្នែកផ្លូវចិត្ត ហើយលោកពន្យល់ថា៖ ‹យើងអាចកែប្រែចិត្តគំនិតរបស់យើងបាន សូម្បីតែចិត្តគំនិតដែលយើងមានតាំងពីតូចមកក៏ដោយ›។ ជាង១.៩០០ឆ្នាំមុននេះ ព្រះគម្ពីរបញ្ជាក់ថា ទោះបីនោះជាចរិតរបស់យើងដែលមានតាំងពីតូចមកក៏ដោយ នៅទីបំផុតយើងក៏អាចកែប្រែបានដោយសារជំនួយពីវិញ្ញាណរបស់ព្រះ។ ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរដោះលក្ខណៈចាស់និងការប្រព្រឹត្តនោះចោល ហើយប្រដាប់ខ្លួនដោយលក្ខណៈថ្មីវិញ»។—កូល៉ុស ៣:៩, ១០, ព.ថ.
ក្រោយពីបានដឹងពីមូលហេតុនៃបញ្ហាទាំងនេះរួចហើយ ក្រុមគ្រួសារអាចសិក្សាព្រះគម្ពីរដោយពិនិត្យមើលតម្រូវការរបស់ពួកគេ។ ជាឧទាហរណ៍ សូមបើកមើលព្រះគម្ពីរដើម្បីដឹងថា តើព្រះគម្ពីររៀបរាប់យ៉ាងណាអំពីសេចក្ដីស្រឡាញ់? អ្នកអាចរកឃើញខគម្ពីរដូចតទៅនេះថា៖ «អ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដា[«ស្រឡាញ់», ព.ថ.] នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ (យ៉ាកុប ៥:១១) រួចមក សូមពិនិត្យមើលកំណត់ហេតុអំពីលោកយ៉ូប ហើយផ្ចង់អារម្មណ៍លើរបៀបដែលព្រះយេហូវ៉ាបង្ហាញព្រះហឫទ័យស្រឡាញ់និងសេចក្ដីអាណិតអាសូរចំពោះយ៉ូប។ អ្នកច្បាស់ជានឹងចង់យកតម្រាប់តាមព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីស្រឡាញ់ ទាំងអាណិតអាសូរចំពោះក្រុមគ្រួសាររបស់អ្នកមែន។
ក៏ប៉ុន្តែ យើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ ហើយយើង«ទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ» ដោយសំដីរបស់យើង។ (យ៉ាកុប ៣:២) ក្នុងរង្វង់គ្រួសារប្រហែលជាពាក្យសំដីរបស់យើងមិនបាននិយាយតាមរបៀបដែលលើកទឹកចិត្តនោះទេ។ ហេតុនេះហើយបានជាយើងត្រូវអធិស្ឋាននិងពឹងផ្អែកលើព្រះយេហូវ៉ា។ កុំចុះចាញ់ឡើយ។ «ចូរអធិស្ឋានឥតឈប់ឈរ»ចុះ! (ថែស្សាឡូនីចទី១ ៥:១៧) ព្រះយេហូវ៉ានឹងជួយអស់អ្នកដែលចង់បានសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារ ព្រមទាំងពួកអ្នកដែលចង់ចេះបង្ហាញសេចក្ដីស្រឡាញ់ ប៉ុន្តែចេះតែមានចិត្តស្ទាក់ស្ទើរវិញ។
បន្ថែមទៅទៀត ព្រះយេហូវ៉ាមានព្រះហឫទ័យមេត្ដាដោយជួយយើងតាមរយៈក្រុមជំនុំគ្រីស្ទាន។ យ៉ាកុបបានសរសេរថា៖ «តើមានពួកអ្នករាល់គ្នាណាឈឺ[ខាងវិញ្ញាណ]ឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង»។ (យ៉ាកុប ៥:១៤) មែនហើយ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា អាចជួយបានច្រើនណាស់ នូវសមាជិកគ្រួសារដែលមានការពិបាកបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ទោះជាពួកអ្នកចាស់ទុំមិនមែនជាអ្នកចិត្តវិទ្យាក៏ដោយ ពួកគេអាចជួយយ៉ាងអត់ធ្មត់នូវពួកអ្នករួមជំនឿ មិនមែនដោយប្រាប់អ្វីដែលពួកគេត្រូវធ្វើនោះទេ តែដោយរំឭកពួកគេអំពីទស្សនៈរបស់ព្រះយេហូវ៉ា ហើយដោយអធិស្ឋានជាមួយពួកគេនិងដើម្បីពួកគេផងដែរ។—ទំនុកដំកើង ១១៩:១០៥; កាឡាទី ៦:១
រីឯតូរូនិងយ៉ូកូនោះ ពួកអ្នកចាស់ទុំគ្រីស្ទានបានស្ដាប់ពួកគេរៀបរាប់អំពីបញ្ហានោះ ហើយបានជួយសំរាលទុក្ខរបស់ពួកគេផងដែរ។ (ពេត្រុសទី១ ៥:២, ៣) ម្ដងម្កាលអ្នកចាស់ទុំម្នាក់និងភរិយាគាត់បានទៅលេងយ៉ូកូ ដើម្បីឲ្យនាងទទួលប្រយោជន៍ពីការសេពគប់ជាមួយស្ត្រីគ្រីស្ទានម្នាក់ដែលអាចជួយយ៉ូកូ«ឲ្យដឹងខ្លួនឡើង ដើម្បីឲ្យ[នាង]ចេះស្រឡាញ់ប្ដី»។ (ទីតុស ២:៣, ៤, ព.ថ.) ពួកអ្នកចាស់ទុំបានក្លាយជា«ទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា» ដោយបង្ហាញនូវក្ដីយោគយល់និងសមានចិត្តចំពោះការរងទុក្ខនិងការពិបាកចិត្តរបស់បងប្អូនគ្រីស្ទាននោះ។—អេសាយ ៣២:១, ២
ដោយបានជំនួយពីពួកអ្នកចាស់ទុំ តូរូបានទទួលស្គាល់ថា គាត់មានការពិបាកបង្ហាញមនោសញ្ចេតនារបស់ខ្លួន ហើយគាត់ក៏ទទួលស្គាល់ថា ក្នុងថ្ងៃ«ជាន់ក្រោយបង្អស់»នេះ សាតាំងកំពុងតែពាធាទៅលើក្រុមគ្រួសារទាំងឡាយ។ (ធីម៉ូថេទី២ ៣:១) តូរូសម្រេចចិត្តចង់ដោះស្រាយបញ្ហារបស់ខ្លួន។ តូរូបានយល់ឃើញថា គាត់មិនបានបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះមិនសូវមានអ្នកណាបង្ហាញសេចក្ដីស្រឡាញ់ដល់គាត់ពេលដែលធំឡើងនោះទេ។ ពេលដែលតូរូប្រឹងសិក្សាព្រះគម្ពីរហើយអធិស្ឋាននោះ យូរៗទៅគាត់អាចបំពេញសេចក្ដីត្រូវការខាងផ្លូវចិត្តរបស់ប្រពន្ធគាត់បាន។
ទោះជាយ៉ូកូខឹងនឹងតូរូពីមុនក្ដី តែពេលដែលនាងយល់អំពីប្រវត្ដិគ្រួសាររបស់ស្វាមីពីមុនៗ ហើយពេលដែលនាងទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនដែរ នោះយ៉ូកូបានខំប្រឹងសម្គាល់នូវគុណសម្បត្ដិល្អៗរបស់ស្វាមីខ្លួន។ (ម៉ាថាយ ៧:១-៣; រ៉ូម ៥:១២; កូល៉ុស ៣:១២-១៤) យ៉ូកូបានអង្វរព្រះយេហូវ៉ា សូមទ្រង់ជួយពង្រឹងកម្លាំងនាងឲ្យបន្តស្រឡាញ់ស្វាមី។ (ភីលីព ៤:៦, ៧) តូរូចាប់ផ្ដើមបង្ហាញសេចក្ដីស្រឡាញ់បន្ដិចម្ដងៗ ហើយយ៉ូកូពិតជាត្រេកអរណាស់។
ត្រូវហើយ បើអ្នកមានការពិបាកបង្ហាញសេចក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារ អ្នកពិតជាអាចដោះស្រាយបញ្ហានោះបាន។ បន្ទូលរបស់ព្រះផ្ដល់ការណែនាំដ៏ល្អប្រសើរ។ (ទំនុកដំកើង ១៩:៧) ទោះជាមានអ្វីដែលមើលទៅដូចជាឧបសគ្គដ៏ធំក៏ដោយ យើងអាចយកឈ្នះឧបសគ្គនោះបានដោយទទួលស្គាល់រឿងនេះជារឿងដ៏សំខាន់ ហើយដោយខំសម្គាល់គុណសម្បត្ដិល្អៗនៃក្រុមគ្រួសារយើង ព្រមទាំងសិក្សានិងអនុវត្តតាមបន្ទូលរបស់ព្រះ និងពឹងពាក់ជំនួយពីព្រះយេហូវ៉ាតាមរយៈការអធិស្ឋានស្មោះអស់ពីចិត្ត ហើយដោយស្វែងរកជំនួយពីពួកអ្នកចាស់ទុំគ្រីស្ទាន។ (ពេត្រុសទី១ ៥:៧) អ្នកក៏អាចរីករាយដែរដូចស្វាមីម្នាក់នៅសហរដ្ឋអាមេរិក ដែលបានត្រូវលើកទឹកចិត្តឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់ភរិយារបស់គាត់។ នៅទីបំផុតស្វាមីនោះបង្កើតឲ្យមានចិត្តក្លាហានដើម្បីនិយាយថា៖ «បងស្រឡាញ់អូន» គាត់ភ្ញាក់ផ្អើលនឹងរបៀបដែលភរិយាតបមកវិញ។ នាងបានស្រក់ទឹកភ្នែកដោយក្ដីរំភើប ទាំងពោលថា៖ «អូនក៏ស្រឡាញ់បងដែរ តែអស់រយៈពេល២៥ឆ្នាំហើយ នេះជាលើកទីមួយហើយដែលអូនបានឮពាក្យនេះចេញពីដួងចិត្តរបស់បង»។ រីឯអ្នកវិញ កុំចាំអស់២៥ឆ្នាំឡើយ! ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះគូអាពាហ៍ពិពាហ៍និងកូនៗរបស់អ្នក។
[កំណត់សម្គាល់]
a ឈ្មោះខ្លះបានត្រូវប្ដូរ។
[រូបភាពនៅទំព័រ១០]
ព្រះយេហូវ៉ាផ្ដល់ជំនួយតាមរយៈ ព្រះគម្ពីរជាបន្ទូលរបស់ទ្រង់