‹ចូរដើរចុះឡើងក្នុងស្រុកនេះ›
«ចូរ . . . ដើរចុះឡើងក្នុងស្រុកនេះ តាមបណ្ដោយនឹងទទឹងចុះ!»។—លោកុប្បត្តិ ១៣:១៧
១. តើព្រះបង្គាប់ឲ្យអ័ប្រាហាំធ្វើអ្វីគួរឲ្យចម្លែកនោះ?
តើអ្នកចូលចិត្តទៅលេងស្រុកស្រែឬជនបទទេ? ប្រហែលជាអ្នកចូលចិត្តជិះរថយន្តពីរបីថ្ងៃក្នុងការធ្វើដំណើរកំសាន្ត។ អ្នកឯទៀតចូលចិត្តធ្វើដំណើរដោយជិះកង់ហាត់ប្រាណខ្លះនិងមានឱកាសមើលទេសភាព។ ក៏មានមនុស្សឯទៀតចូលចិត្តដើរកាត់តំបន់ណាមួយដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនិងអាចគយគន់មើលទេសភាពនៅទីនោះផងដែរ។ តាមធម្មតាការធ្វើដំណើរដូចនេះមានរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែ សូមនឹកស្មានពីអារម្មណ៍របស់អ័ប្រាហាំពេលដែលព្រះបង្គាប់ដល់លោកថា៖ «ចូរឯងក្រោកហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្ដោយនឹងទទឹងចុះ! ដ្បិតអញនឹងឲ្យដល់ឯងហើយ»។—លោកុប្បត្តិ ១៣:១៧
២. ក្រោយពីអ័ប្រាហាំបានចាកចេញពីស្រុកអេស៊ីប តើគាត់បានទៅណា?
២ សូមគិតអំពីស្ថានការណ៍ផ្សេងៗដែលទាក់ទងនឹងបន្ទូលនោះ។ អ័ប្រាហាំជាមួយនឹងភរិយាហើយមនុស្សឯទៀតបានស្នាក់នៅស្រុកអេស៊ីបអស់មួយរយៈ។ សៀវភៅលោកុប្បត្តិជំពូកទី១៣ រៀបរាប់ប្រាប់យើងថា ពួកគាត់បានចាកចេញពីស្រុកអេស៊ីបហើយបានដឹកហ្វូងសត្វទៅដល់«ស្រុកត្បូង»ឬ«តំបន់ណេកិប»។ (ខ.ស.) បន្ទាប់មក អ័ប្រាហាំបាន«ធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិប រហូតទៅដល់បេតអែល»។ (ខ.ស.) ពេលដែលមានជម្លោះរវាងអ្នកគង្វាលរបស់អ័ប្រាហាំនិងអ្នកគង្វាលរបស់ក្មួយគាត់ឈ្មោះឡុត គឺច្បាស់ជាដល់ពេលឲ្យក្រុមទាំងពីរបែកគ្នាដើម្បីរកទីកន្លែងឃ្វាលហ្វូងសត្វរៀងៗខ្លួន។ អ័ប្រាហាំមានចិត្តទូលាយហើយបានឲ្យឡុតជ្រើសរើសមុន។ ឡុតបានជ្រើសរើស«វាលទន្លេយ័រដាន់»ដែលជាជ្រលងភ្នំដ៏ស្អាតមានវាលខៀវស្រងាត់«ដូចជាសួនច្បារផងព្រះយេហូវ៉ា» ហើយក្រោយមកគាត់បានចូលទៅរស់នៅទីក្រុងសូដុំម។ ព្រះបានមានបន្ទូលទៅអ័ប្រាហាំថា៖ «ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើងខាងត្បូង ខាងកើត ហើយខាងលិចចុះ!»។ កន្លែងនោះប្រហែលជាកន្លែងខ្ពស់បន្ដិចជិតទីក្រុងបេតអែល ដូច្នេះអ័ប្រាហាំអាចឃើញតំបន់ផ្សេងៗក្នុងស្រុកនោះ។ ប៉ុន្តែ អ័ប្រាហាំមិនគ្រាន់តែបានឃើញស្រុកនោះពីចម្ងាយប៉ុណ្ណោះទេ។ ព្រះបានអញ្ជើញលោកឲ្យ«ដើរចុះឡើងក្នុងស្រុក»នោះ ដើម្បីស្គាល់ស្ថានភាពនិងតំបន់ផ្សេងៗក្នុងទឹកដីនោះ។
៣. ហេតុអ្វីបានជាពិបាកឲ្យយើងស្រមៃគិតអំពីទីកន្លែងដែលអ័ប្រាហាំបានដើរចុះឡើងនោះ?
៣ មិនថាអ័ប្រាហាំបានដើរចុះឡើងក្នុងស្រុកនោះប៉ុនណា មុនទៅដល់ទីក្រុងហេប្រុនក៏ដោយ គាត់ពិតជាស្គាល់ស្រុកសន្យាច្បាស់ជាងយើងទៅទៀត។ សូមគិតអំពីទីកន្លែងដែលបានរៀបរាប់ក្នុងកំណត់ហេតុនេះ ដូចជាស្រុកត្បូងឬតំបន់ណេកិប ទីក្រុងបេតអែល វាលទន្លេយ័រដាន់ ទីក្រុងសូដុំមនិងក្រុងហេប្រុន។ តើអ្នកពិបាកស្រមៃគិតថា តំបន់ផ្សេងៗទាំងនេះស្ថិតនៅឯណាឬទេ? នេះគឺពិបាកមែនសំរាប់មនុស្សជាច្រើន ពីព្រោះមានរាស្ត្ររបស់ព្រះយេហូវ៉ាចំនួនតិចណាស់ដែលធ្លាប់ទៅលេងនិងដើរចុះឡើងក្នុងតំបន់ដែលយើងអានក្នុងព្រះគម្ពីរ។ យ៉ាងណាក៏ដោយ មានមូលហេតុត្រឹមត្រូវឲ្យយើងមានចំណាប់អារម្មណ៍ចំពោះកន្លែងផ្សេងៗដែលរៀបរាប់ក្នុងព្រះគម្ពីរ។ ហេតុអ្វី?
៤, ៥. (ក) តើសុភាសិត ១៨:១៥ ទាក់ទងយ៉ាងណានឹងចំណេះហើយការយល់ដឹងអំពីស្រុកដែលរៀបរាប់ក្នុងព្រះគម្ពីរ? (ខ) តើសេផានាជំពូកទី២ បង្ហាញយ៉ាងណាអំពីរឿងនេះ?
៤ ព្រះបន្ទូលរបស់ព្រះចែងថា៖ «ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ»។ (សុភាសិត ១៨:១៥) យើងអាចទទួលចំណេះពីមុខវិជ្ជាផ្សេងៗច្រើនណាស់ ប៉ុន្តែចំណេះពិតដែលសំដៅទៅលើព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់គឺសំខាន់បំផុត។ អ្វីដែលយើងអានក្នុងព្រះគម្ពីរច្បាស់ជាជួយបង្កើននូវចំណេះពិតអំពីព្រះ។ (ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ សូមកត់សម្គាល់ថា នេះក៏ទាក់ទងនឹងការយល់ដឹងផងដែរ។ ការយល់ដឹងជាសមត្ថភាពយល់ឃើញដោយប្រាជ្ញា ហើយជាការគិតឃើញច្បាស់នូវទំនាក់ទំនងរវាងចំណុចផ្សេងៗដែលរួមគ្នាជាប្រធានតែមួយ។ គឺពិតជាដូច្នេះមែនបើគិតអំពីទីកន្លែងដែលត្រូវរៀបរាប់ក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ យើងជាច្រើននាក់ដឹងថាស្រុកអេស៊ីបស្ថិតនៅភូមិភាគណា ប៉ុន្តែពេលដែលយើងអានថា អ័ប្រាហាំបានចេញពីស្រុកអេស៊ីបទៅដល់«ស្រុកត្បូង»ឬ«តំបន់ណេកិប»នោះ ហើយក្រោយៗមកបានទៅដល់ទីក្រុងបេតអែលនិងក្រុងហេប្រុន តើយើងយល់ច្បាស់អំពីទីកន្លែងទាំងនោះឬទេ? តើអ្នកដឹងថា ទីកន្លែងផ្សេងៗនោះមានទំនាក់ទំនងនឹងគ្នាយ៉ាងណាឬទេ?
៥ អ្នកប្រហែលជាមានកម្មវិធីអានព្រះគម្ពីរដែលរួមបញ្ចូលសៀវភៅសេផានាជំពូកទី២។ ក្នុងជំពូកនោះអ្នកអានឈ្មោះរបស់ទីក្រុង មនុស្សនិងប្រទេសផ្សេងៗ។ ក្នុងជំពូកតែមួយគត់នោះ គឺរៀបរាប់អំពីទីក្រុងកាសា អាសកាឡូន អាសដូឌ អេក្រុន សូដុំម នីនីវេ ហើយស្រុកកាណាន ម៉ូអាប់ អាំម៉ូន និងស្រុកអាសស៊ើរផងដែរ។ តើអ្នកអាចនឹកឃើញពីទីកន្លែងទាំងនោះទេ? កន្លែងនោះជាតំបន់ដែលមនុស្សធ្លាប់រស់នៅ ពោលគឺ មនុស្សដែលរួមចំណែកក្នុងការសម្រេចបទទំនាយមួយនោះពីព្រះ។
៦. តើអ្វីបានជួយឲ្យសិស្សព្រះគម្ពីរខ្លះទទួលស្គាល់នូវតម្លៃនៃការប្រើផែនទី? (សូមមើលប្រអប់)
៦ មនុស្សជាច្រើនដែលសិក្សាព្រះបន្ទូលរបស់ព្រះបានទទួលប្រយោជន៍ច្រើនណាស់ដោយមើលផែនទីអំពីស្រុកដែលរៀបរាប់ក្នុងព្រះគម្ពីរ។ សិស្សព្រះគម្ពីរមិនធ្វើដូច្នេះដោយព្រោះស្រឡាញ់ផែនទីប៉ុណ្ណោះទេ តែពួកគាត់ជ្រាបថាខ្លួនអាចបង្កើនចំណេះអំពីព្រះគម្ពីរបានដោយប្រើផែនទី។ ផែនទីក៏អាចជួយពួកគាត់ឲ្យយល់ដឹងកាន់តែច្រើនផងដែរ ដោយគួបផ្សំចំណេះដែលគាត់មានហើយជាមួយនឹងពត៌មានឯទៀត។ ពេលដែលយើងពិនិត្យមើលឧទាហរណ៍ផ្សេងៗដែលមានដូចតទៅនេះ អ្នកក៏ប្រហែលជានឹងមានចិត្តអបអរកាន់តែខ្លាំងចំពោះព្រះយេហូវ៉ា ហើយនឹងយល់ធ្លុះជ្រៅជាងមុនៗអំពីកំណត់ហេតុផ្សេងៗក្នុងព្រះបន្ទូលរបស់ព្រះ។—សូមមើលប្រអប់នៅទំព័រ២៧
ដឹងពីចម្ងាយធ្វើឲ្យកំណត់ហេតុមានតម្លៃ
៧, ៨. (ក) តើសាំសុនបានធ្វើអ្វីដ៏អស្ចារ្យ ដែលទាក់ទងនឹងទីក្រុងកាសា? (ខ) តើពត៌មានអ្វីខ្លះអាចជួយយើងកោតស្ងើចកាន់តែច្រើននឹងទង្វើរបស់សាំសុន? (គ) តើចំណេះនិងការយល់ដឹងអំពីកំណត់ហេតុនេះអាចជួយយើងបានយ៉ាងណា?
៧ នៅសៀវភៅពួកចៅហ្វាយ ១៦:២ យើងអានអំពីចៅហ្វាយសាំសុននៅឯក្រុងកាសា។ សព្វថ្ងៃនេះយើងឮឈ្មោះទីក្រុងកាសាច្រើនក្នុងពត៌មានអន្តរជាតិ ដូច្នេះយើងប្រហែលជាយល់សើៗអំពីទីកន្លែងដែលសាំសុនរស់នៅនោះ ដែលជាតំបន់របស់សាសន៍ភីលីស្ទីនជិតឆ្នេរសមុទ្រមេឌីទែរ៉ានេ។ [11] ឥឡូវ សូមកត់សម្គាល់នូវអ្វីដែលចែងទុកក្នុងសៀវភៅពួកចៅហ្វាយ ១៦:៣ ដែលថា៖ «សាំសុនគាត់ដេក ទាល់តែដល់ពាក់កណ្ដាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ដ្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ»។
៨ សន្លឹកទ្វារនិងបង្គោលទាំងពីរនៃទីក្រុងដែលមានកំផែងរឹងមាំដូចទីក្រុងកាសានោះ ច្បាស់ជាធំហើយធ្ងន់ផងដែរ។ សូមស្រមៃគិតអំពីការលីទ្វារនិងសសរទាំងនោះ! តែសាំសុនអាចធ្វើបាន ប៉ុន្តែតើគាត់បានលីរបស់នោះទៅកន្លែងណា? ហើយតើគាត់ត្រូវធ្វើដំណើរឆ្ងាយប៉ុន្មាន? ក្រុងកាសាជាទីក្រុងនៅដីទំនាបជាប់មាត់សមុទ្រ។ [15] រីឯទីក្រុងហេប្រុនវិញ នោះស្ថិតនៅខាងកើតទីក្រុងកាសា ហើយមានកំពស់៩០០ម៉ែត្រ ដែលតម្រូវឲ្យសាំសុនដើរឡើងទៅលើយ៉ាងពិបាកណាស់! យើងមិនដឹងថា«ភ្នំដែលនៅមុខហេប្រុន»នោះស្ថិតនៅកន្លែងណាទេ ប៉ុន្តែទីក្រុងហេប្រុនមានចម្ងាយប្រហែលជា៦០គីឡូម៉ែត្រពីទីក្រុងកាសា ហើយគាត់ក៏ត្រូវឡើងភ្នំទៀត! ពេលដែលយើងដឹងអំពីចម្ងាយ នោះអ្វីដែលសាំសុនបានធ្វើគឺរឹតតែអស្ចារ្យ មែនទេ? ហើយសូមនឹកចាំពីមូលហេតុដែលសាំសុនអាចធ្វើការដ៏អស្ចារ្យទាំងនោះបាន គឺដោយសារ‹វិញ្ញាណនៃព្រះយេហូវ៉ាបានសណ្ឋិតលើគាត់›។ (ពួកចៅហ្វាយ ១៤:៦, ១៩; ១៥:១៤) ក្នុងនាមជាគ្រីស្ទាននៅសព្វថ្ងៃនេះ យើងមិនសង្ឃឹមថាវិញ្ញាណរបស់ព្រះនឹងឲ្យយើងមានកម្លាំងកាយខ្លាំងដូចគាត់ឡើយ។ ប៉ុន្តែ វិញ្ញាណដ៏ខ្លាំងក្លានោះអាចជួយឲ្យយើងមានការយល់ដឹងកាន់តែច្បាស់អំពីរឿងជ្រាលជ្រៅខាងវិញ្ញាណ ហើយក៏អាចចំរើនកំឡាំងនៃមនុស្សខាងក្នុងឬក្នុងជំរៅចិត្តយើង។ (កូរិនថូសទី១ ២:១០-១៦; ១៣:៨; អេភេសូរ ៣:១៦, ខ.ស.; កូល៉ុស ១:៩, ១០) ពិតមែនហើយ ការយល់ឲ្យបានច្បាស់នូវកំណត់ហេតុអំពីសាំសុនអាចពង្រឹងទំនុកចិត្តរបស់យើងថា វិញ្ញាណរបស់ព្រះអាចជួយយើងមែន។
៩, ១០. (ក) តើជ័យជំនះរបស់គេឌានលើសាសន៍ម៉ាឌាននោះបានរួមបញ្ចូលអ្វីខ្លះ? (ខ) តើការដឹងអំពីលក្ខណៈភូមិសាស្ត្រដែលទាក់ទងកំណត់ហេតុនេះ អាចជួយឲ្យមានខ្លឹមសារច្រើនជាងយ៉ាងណា?
៩ ជ័យជំនះដែលចៅហ្វាយគេឌានមានលើពួកសាសន៍ម៉ាឌាន ជាកំណត់ហេតុមួយទៀតដែលដៅបញ្ជាក់ពីប្រយោជន៍ដែលមកពីការដឹងអំពីចម្ងាយ។ មនុស្សជាច្រើនដែលអានព្រះគម្ពីរដឹងថា ចៅហ្វាយគេឌាននិងទ័ព៣០០នាក់របស់លោកបានឈ្នះលើទ័ពចំនួន១៣៥.០០០នាក់ដែលជាសាសន៍ម៉ាឌាន អាម៉ាលេកនិងសាសន៍ដទៃទៀតដែរ ដែលបានបោះជំរំនៅឯវាលច្រកភ្នំយេសរាលនៅក្បែរភ្នំម៉ូរេ។ [18] ទ័ពរបស់គេឌានបានផ្លុំត្រែ បានបំបែកក្អមដើម្បីឲ្យចន្លុះចេញពន្លឺ ហើយបានស្រែកឡើងថា៖ «នេះហើយជាដាវផងព្រះយេហូវ៉ាហើយរបស់ផងគេឌានដែរ!»។ នេះបានធ្វើឲ្យសត្រូវនោះសុញគំនិតទាំងភ័យរន្ធត់ផង ដល់ម្ល៉េះបានជាពួកគេសំឡាប់គ្នាឯងទៅវិញទៅមក។ (ពួកចៅហ្វាយ ៦:៣៣; ៧:១-២២) តើមានព្រឹត្ដិការណ៍តែប៉ុណ្ណេះឬ ដែលពួកគេតយុទ្ធគ្នាមួយភ្លែតក្នុងមួយយប់តែប៉ុណ្ណោះ? សូមអានតទៅទៀតក្នុងសៀវភៅពួកចៅហ្វាយ ជំពូកទី៧និង៨។ អ្នកនឹងឃើញថា ចៅហ្វាយគេឌានបានដេញប្រកិតតាមពួកសត្រូវនោះជាបន្ត។ កំណត់ហេតុនោះរៀបរាប់អំពីទីកន្លែងខ្លះដែលយើងមិនដឹងស្ថិតនៅតំបន់ណាសព្វថ្ងៃនេះ ដូច្នេះប្រហែលជាមិនមានឈ្មោះកន្លែងនោះក្នុងផែនទីរបស់ស្រុកដែលបានរៀបរាប់ក្នុងព្រះគម្ពីរទេ។ យ៉ាងណាក៏ដោយ យើងស្គាល់ទីកន្លែងគ្រប់គ្រាន់ដើម្បីយល់ដឹងអំពីដំណើររបស់គេឌាន។
១០ ចៅហ្វាយគេឌានបានដេញតាមទ័ពនៅសល់ទាំងប៉ុន្មានដែលបានសហការគ្នានោះ មុនដំបូងនៅជិតភូមិបេត-ស៊ីតា ហើយក្រោយមកបានបែរទៅខាងត្បូងឆ្ពោះទៅឯភូមិអេបិល-មហូឡានៅជិតទន្លេយ័រដាន់។ (ពួកចៅហ្វាយ ៧:២២-២៥) កំណត់ហេតុនោះចែងថា៖ «គេឌាននឹងពួក៣០០នាក់ ដែលនៅជាមួយក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ»។ ពេលបានឆ្លងទន្លេយ័រដាន់ហើយ ទ័ពអ៊ីស្រាអែលបានដេញតាមសត្រូវដោយធ្វើដំណើរទៅឯទិសខាងត្បូងតាមទីក្រុងស៊ុកូតនិងទីក្រុងពេនួល ហើយក្រោយមកបានទៅដល់ជិតស្ទឹងយ៉ាបុកនិងបានឡើងភ្នំទៅឯទីក្រុងយ៉ុកបិហា (ដែលជិតទីក្រុងអាម៉ាន នៅប្រទេសហ្សកដានីសព្វថ្ងៃនេះ)។ ទ័ពទាំងនោះបានដេញតាមព្រមទាំងប្រយុទ្ធផង អស់ប្រមាណ៨០គីឡូម៉ែត្រ។ គេឌានបានសម្លាប់ស្តេចសាសន៍ម៉ាឌានពីរអង្គ រួចមកបានត្រឡប់ទៅឯទីក្រុងរបស់គាត់ គឺទីក្រុងអូប្រា នៅជិតកន្លែងដែលការវាយប្រយុទ្ធបានផ្ទុះឡើង។ (ពួកចៅហ្វាយ ៨:៤-១២, ២១-២៧, កំណែជាអក្សរទ្រេត) គឺច្បាស់ហើយ អ្វីដែលចៅហ្វាយគេឌានបានសម្រេចនោះ គឺមិនត្រឹមតែការផ្លុំត្រែ លើកចន្លុះនិងស្រែកឡើងប៉ុន្មាននាទីប៉ុណ្ណោះឡើយ។ ហើយសូមគិតទៅមើលពីចំណុចល្អិតល្អន់ក្នុងកំណត់ហេតុនេះបញ្ជាក់រឹតតែខ្លាំងអំពីជំនឿរបស់បុគ្គលទាំងប៉ុន្មាន ដូចបានចែងទុកមកថា៖ «គ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន[និងបុគ្គលឯទៀតដែល]មានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង»។ (ហេព្រើរ ១១:៣២-៣៤) បណ្ដាគ្រីស្ទានក៏ចេះអស់កម្លាំងកាយដែរ ប៉ុន្តែការបន្តធ្វើតាមព្រះហឫទ័យរបស់ព្រះគឺចាំបាច់ណាស់ មែនទេ?—កូរិនថូសទី២ ៤:១, ១៦; កាឡាទី ៦:៩
តើមនុស្សគិតនិងប្រព្រឹត្តតបយ៉ាងណា?
១១. តើប្រជាជនអ៊ីស្រាអែលត្រូវធ្វើដំណើរឆ្ងាយប៉ុន្មាន ទើបបានទៅដល់តំបន់កាដេស?
១១ មនុស្សខ្លះបើកមើលផែនទីអំពីស្រុកដែលរៀបរាប់ក្នុងព្រះគម្ពីរដើម្បីស្គាល់ទីកន្លែងផ្សេងៗ ប៉ុន្តែតើអ្នកគិតថា ផែនទីអាចជួយយើងយល់ធ្លុះនូវចិត្តគំនិតរបស់មនុស្សបានទេ? ជាឧទាហរណ៍ សូមគិតអំពីប្រជាជនអ៊ីស្រាអែលដែលបានធ្វើដំណើរចេញពីភ្នំស៊ីណាយឆ្ពោះទៅស្រុកសន្យា។ ពួកគេបានផ្អាកម្ដងម្កាលពេលធ្វើដំណើរនោះ ហើយនៅទីបំផុតបានទៅដល់តំបន់កាដេស (ឬតំបន់កាដេស-បារនា)។ [9] សៀវភៅចោទិយកថា ១:២ បង្ហាញថា ដំណើរនោះប្រហែលជាមានរយៈពេល១១ថ្ងៃ ហើយមានចម្ងាយប្រមាណ២៧០គីឡូម៉ែត្រ។ គឺពីកន្លែងនោះហើយដែលម៉ូសេបានចាត់ចារបុរស១២នាក់ទៅមើលស្រុកសន្យា។ (ជនគណនា ១០:១២, ៣៣; ១១:៣៤, ៣៥; ១២:១៦; ១៣:១-៣, ២៥, ២៦) ចារបុរសទាំងនោះបានធ្វើដំណើរឆ្លងកាត់តំបន់ណេកិបទៅឯទិសខាងជើង ហើយពួកគាត់ប្រហែលជាបានដើរកាត់ទីក្រុងបៀរ-សេបានិងក្រុងហេប្រុន រហូតទៅដល់ទល់ដែនខាងជើងបំផុតនៃស្រុកសន្យា។ (ជនគណនា ១៣:២១-២៤) ដោយសារប្រជាជនអ៊ីស្រាអែលបានស្ដាប់តាមការរាយការណ៍មិនល្អរបស់ចារបុរសទាំងនោះ បានជាពួកគេត្រូវដើររវីមរវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ។ (ជនគណនា ១៤:១-៣៤) តើនេះបង្ហាញយ៉ាងណាអំពីជំនឿនិងទំនុកចិត្តរបស់ពួកគេទៅលើព្រះយេហូវ៉ា?—ចោទិយកថា ១:១៩-៣៣; ទំនុកដំកើង ៧៨:២២, ៣២-៤៣; យូដាស ៥
១២. តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីជំនឿរបស់ប្រជាជនអ៊ីស្រាអែល? ហើយហេតុអ្វីបានជាគួរគប្បីឲ្យយើងរំពឹងគិតអំពីកាលៈទេសៈនោះ?
១២ សូមពិចារណាចំណុចនេះដោយគិតពីស្ថានភាពដែលទាក់ទងលក្ខណៈភូមិសាស្ត្រ។ ប្រសិនបើសាសន៍អ៊ីស្រាអែលបានបង្ហាញជំនឿដោយធ្វើតាមយោបល់របស់យ៉ូស្វេនិងកាលែបនោះ តើពួកគេនឹងត្រូវធ្វើដំណើរឆ្ងាយទើបចូលទៅក្នុងស្រុកសន្យាឬ? តំបន់កាដេសមានចម្ងាយប្រហែលជា១៦គីឡូម៉ែត្រពីអណ្ដូងឡាហាយរយ ជាទីកន្លែងដែលអ៊ីសាកនិងរេបិកាបានស្នាក់នៅ។ [7] ពីទីនោះទៅទីក្រុងបៀរសេបាដែលបានរៀបរាប់នេះជាទល់ដែនខាងត្បូងបំផុតនៃស្រុកសន្យា នោះមានចម្ងាយតិចជាង៩៥គីឡូម៉ែត្រ។ (លោកុប្បត្តិ ២៤:៦២; ២៥:១១; សាំយូអែលទី២ ៣:១០) សាសន៍អ៊ីស្រាអែលបានធ្វើដំណើរពីស្រុកអេស៊ីបទៅដល់ភ្នំស៊ីណាយ ហើយបន្ទាប់មកបានដើរ២៧០គីឡូម៉ែត្រទៀតទៅដល់តំបន់កាដេស ដូច្នេះនេះហាក់ដូចជាពួកគេនៅច្រកទ្វារចូលនៃស្រុកសន្យារួចហើយ។ រីឯយើងវិញ យើងក៏ស្ថិតនៅច្រកទ្វារចូលទៅក្នុងសួនមនោរម្យនៅលើផែនដីដែលបានត្រូវសន្យាទុកជាមុនដែរ។ តើនេះមានមេរៀនអ្វីសំរាប់យើង? សាវ័កប៉ុលបានសំដៅទៅលើស្ថានការណ៍របស់សាសន៍អ៊ីស្រាអែលពេលដែលគាត់ជូនឱវាទថា៖ «ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូលទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿដូចជាគេដែរ»។—ហេព្រើរ ៣:១៦–៤:១១
១៣, ១៤. (ក) តើសាសន៍គីបៀនបានធ្វើការសម្រេចយ៉ាងម៉ឺងម៉ាត់ក្រោមកាលៈទេសៈអ្វី? (ខ) តើអ្វីបង្ហាញពីចិត្តគំនិតរបស់សាសន៍គីបៀន? ហើយតើយើងគួរទាញមេរៀនអ្វីពីកំណត់ហេតុនេះ?
១៣ ពេលដែលយើងមើលកំណត់ហេតុក្នុងព្រះគម្ពីរអំពីសាសន៍គីបៀននោះ យើងអាចកត់សម្គាល់នូវអាកប្បកិរិយាខុសប្លែកពីសាសន៍អ៊ីស្រាអែល ពោលគឺ ការទុកចិត្តលើព្រះឲ្យសម្រេចព្រះហឫទ័យរបស់ទ្រង់។ ក្រោយពីយ៉ូស្វេបាននាំមុខសាសន៍អ៊ីស្រាអែលក្នុងការឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះបានសន្យាថានឹងឲ្យដល់ក្រុមគ្រួសាររបស់អ័ប្រាហាំនោះ គឺបានមកដល់ពេលដែលត្រូវបណ្ដេញសាសន៍កាណានចេញ។ (ចោទិយកថា ៧:១-៣) ការបណ្ដេញចេញនេះក៏រួមបញ្ចូលសាសន៍គីបៀនដែរ។ ប្រជាជនអ៊ីស្រាអែលបានឈ្នះលើទីក្រុងយេរីខូរនិងក្រុងអៃយ ហើយបានបោះជំរំនៅក្បែរទីក្រុងគីលកាល។ សាសន៍គីបៀនមិនចង់ស្លាប់ក្នុងនាមជាសាសន៍កាណានដែលត្រូវបណ្ដាសានោះឡើយ ដូច្នេះពួកគេបានចាត់អ្នកតំណាងទៅជួបយ៉ូស្វេនៅទីក្រុងគីលកាល។ អ្នកតំណាងសាសន៍គីបៀនបានក្លែងខ្លួនឲ្យមើលទៅដូចជាមកពីក្រៅទឹកដីកាណាន ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងសាសន៍ហេព្រើរ។
១៤ អ្នកតំណាងសាសន៍គីបៀនបានប្រាប់ថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក»។ (យ៉ូស្វេ ៩:៣-៩, កំណែជាអក្សរទ្រេត) សំលៀកបំពាក់និងអាហាររបស់ពួកគេមើលទៅដូចជាពួកគេមកពីស្រុកឆ្ងាយមែន ប៉ុន្តែតាមពិតទីក្រុងគីបៀនមានចម្ងាយតែប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងគីលកាល។ [19] យ៉ូស្វេនិងពួកអ្នកដែលជាកំពូលលើពួកជំនុំអ៊ីស្រាអែល បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងគីបៀននិងក្រុងផ្សេងៗគ្នាដែលនៅក្បែរទីក្រុងនោះ។ តើសាសន៍គីបៀនប្រើឧបាយកលដើម្បីឲ្យរួចពីការស្លាប់ប៉ុណ្ណោះឬ? អត់ទេ! ផ្ទុយទៅវិញ នេះបានបង្ហាញពីចំណង់ចង់ទទួលព្រះគុណពីព្រះរបស់សាសន៍អ៊ីស្រាអែល។ ព្រះយេហូវ៉ាបានយល់ព្រមឲ្យសាសន៍គីបៀនធ្វើជា«អ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ នឹងសំរាប់អាសនានៃព្រះយេហូវ៉ា» ពោលគឺ ការប្រមូលឧសដាក់នៅអាសនៈសំរាប់ការដុតថ្វាយយញ្ញបូជា។ (យ៉ូស្វេ ៩:១១-២៧) សាសន៍គីបៀនបានបន្តធ្វើការស្ម័គ្រពីចិត្តក្នុងកិច្ចបំរើព្រះយេហូវ៉ា ទោះជាកិច្ចការនោះជាកិច្ចការដែលមនុស្សអាចចាត់ទុកថាថោកទាបក្ដី។ ហើយក៏ប្រហែលជាមានប្រជាជនគីបៀនខ្លះរួមចំណែកក្នុងចំណោមពួកនេធីនិមដែលចេញពីទីក្រុងបាប៊ីឡូន ជាពួកអ្នកដែលបានបំរើការនៅឯព្រះវិហារដែលត្រូវកសាងឡើងវិញនោះ។ (អែសរ៉ា ២:១, ២, ៤៣-៥៤; ៨:២០) យើងអាចយកតម្រាប់តាមគំរូរបស់ពួកគេបាន ដោយខំរក្សាឲ្យមានមេត្រីភាពជាមួយនឹងព្រះ ហើយដោយសុខចិត្តធ្វើការក្នុងកិច្ចបំរើទ្រង់ ទោះជាកិច្ចការនេះត្រូវមនុស្សខ្លះប្រហែលជាចាត់ទុកថាថោកទាបក្ដី។
ការលះបង់ប្រយោជន៍ខ្លួន
១៥. ស្តីអំពីបទគម្ពីរគ្រីស្ទានភាសាក្រិច តើហេតុអ្វីក៏យើងគួរចាប់អារម្មណ៍នឹងភូមិសាស្ត្រដែរ?
១៥ កំណត់ហេតុក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិច ដូចជាការធ្វើដំណើរនិងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនិងសាវ័កប៉ុល ក៏សំដៅទៅលើភូមិសាស្ត្រនៅស្រុកដែលរៀបរាប់ក្នុងព្រះគម្ពីរដែរ។ (ម៉ាកុស ១:៣៨; ៧:២៤, ៣១; ១០:១; លូកា ៨:១; ១៣:២២; កូរិនថូសទី២ ១១:២៥, ២៦) ទាក់ទងកំណត់ហេតុដូចតទៅនេះ សូមខំស្រមៃគិតថាព្រឹត្ដិការណ៍នោះតម្រូវឲ្យធ្វើដំណើរប៉ុនណាទៅ?
១៦. តើបងប្អូនគ្រីស្ទានពីទីក្រុងបេរាបានបង្ហាញយ៉ាងណា ថាពួកគាត់មានចិត្តអបអរចំពោះប៉ុល?
១៦ នៅពេលដែលប៉ុលបានធ្វើដំណើរលើកទីពីរក្នុងនាមជាសាសនទូតនោះ (ខ្សែពណ៌ស្វាយនៅលើផែនទី) គាត់បានទៅដល់ទីក្រុងភីលីពដែលសព្វថ្ងៃនេះស្ថិតនៅប្រទេសក្រិច។ [33] ប៉ុលបានធ្វើបន្ទាល់នៅទីនោះ ហើយក៏បានជាប់គុកនិងក្រោយមកគេបានដោះលែងវិញនៅទីក្រុងនោះ រួចមកបានធ្វើដំណើរឆ្ពោះទៅទីក្រុងថែស្សាឡូនីច។ (កិច្ចការ ១៦:៦–១៧:១) នៅពេលដែលពួកជនជាតិយូដាញុះញង់ឲ្យប្រជាជនធ្វើកុបកម្ម នោះបងប្អូនគ្រីស្ទាននៅទីក្រុងថែស្សាឡូនីចបានដាស់តឿនប៉ុលឲ្យចេញទៅទីក្រុងបេរា ដែលមានចម្ងាយប្រហែលជា៦៥គីឡូម៉ែត្រពីក្រុងថែស្សាឡូនីច។ ប៉ុលបានជោគជ័យក្នុងកិច្ចបំរើផ្សាយរបស់គាត់នៅទីក្រុងបេរា ប៉ុន្តែពួកជនជាតិយូដាបានមកញុះញង់ប្រជាជននៅទីនោះដែរ។ អាស្រ័យហេតុនេះបានជា«ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ»ហើយ«ពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ»។ (កិច្ចការ ១៧:៥-១៥) តាមមើលទៅ អ្នកជឿថ្មីប៉ុន្មាននាក់បានសុខចិត្តដើរ៤០គីឡូម៉ែត្រទៅដល់សមុទ្រអេជាន ហើយបានចេញតម្លៃជិះសំពៅទៅជាមួយនឹងប៉ុលដែរ អស់ប្រហែលជា៥០០គីឡូម៉ែត្រ។ ការធ្វើដំណើរនោះអាចមានគ្រោះថ្នាក់ ប៉ុន្តែបងប្អូនគ្រីស្ទាននោះបានសុខចិត្តប្រថុយជីវិតដើម្បីមានទំនាក់ទំនងយូរជាងជាមួយនឹងអ្នកតំណាងព្រះដែលកំពុងតែធ្វើដំណើរនោះ។
១៧. ពេលដឹងអំពីចម្ងាយពីទីក្រុងអេភេសូរទៅដល់ក្រុងមីលេត តើនេះជួយយើងឲ្យយល់ច្បាស់ជាងអំពីអ្វី?
១៧ នៅពេលដែលប៉ុលបានធ្វើដំណើរលើកទីបីនោះ (ខ្សែពណ៌បៃតងនៅលើផែនទី) គាត់បានទៅដល់ផែក្រុងមីលេត។ ប៉ុលបានហៅអ្នកចាស់ទុំពីក្រុមជំនុំនៅទីក្រុងអេភេសូរដែលមានចម្ងាយប្រហែលជា៥០គីឡូម៉ែត្រ។ សូមគិតទៅមើល អ្នកចាស់ទុំទាំងនោះបានឈប់ធ្វើអ្វីផ្សេងៗភ្លាម ហើយបានចេញទៅជួបប៉ុល។ ពេលដែលអ្នកចាស់ទុំទាំងប៉ុន្មានបានដើរទៅជួបប៉ុលនោះ ពួកគាត់ច្បាស់ជាបាននិយាយជាមួយគ្នាដោយមានចិត្តរីករាយពេលមានឱកាសជួបជាមួយនឹងគាត់។ ក្រោយបានជួបជាមួយប៉ុលនិងស្ដាប់គាត់អធិស្ឋាននោះ «គ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម»។ រួចមកពួកអ្នកចាស់ទុំបាន«ជូនគាត់ទៅដល់សំពៅ»ឲ្យធ្វើដំណើរបន្តទៅទីក្រុងយេរូសាឡិម។ (កិច្ចការ ២០:១៤-៣៨) ពេលដែលពួកគាត់បានធ្វើដំណើរត្រឡប់ទៅទីក្រុងអេភេសូរវិញ អ្នកចាស់ទុំទាំងនោះច្បាស់ជាមានចំណុចជាច្រើនត្រូវយកមករំពឹងគិតនិងពិគ្រោះតាមផ្លូវ។ តើអ្នកមានអារម្មណ៍កោតស្ងើចដែរឬ? ដោយរៀនអំពីចិត្តអបអរដែលពួកគាត់បានបង្ហាញដោយដើរយ៉ាងឆ្ងាយទៅជួបជាមួយនឹងអ្នកបំរើម្នាក់ដែលធ្វើដំណើរដើម្បីផ្ដល់ពត៌មាននិងការលើកទឹកចិត្ត។ តើអ្នកកត់សម្គាល់គំរូណាមួយដែលអ្នកអាចខំយកតម្រាប់តាមក្នុងជីវិតនិងរបៀបគិតគូររបស់អ្នកឬទេ?
រៀនអំពីស្រុកសន្យានិងសេចក្ដីសង្ឃឹមនៅខាងមុខ
១៨. តើយើងអាចតាំងចិត្តធ្វើអ្វីស្តីអំពីទីកន្លែងផ្សេងៗដែលរៀបរាប់ក្នុងព្រះគម្ពីរ?
១៨ ឧទាហរណ៍ទាំងប៉ុន្មាននេះបង្ហាញថា យើងអាចទទួលប្រយោជន៍ពីការយល់ដឹងឲ្យបានច្បាស់អំពីស្រុកដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែល ដែលជាកន្លែងសំខាន់ៗទាក់ទងនឹងកំណត់ហេតុជាច្រើនក្នុងព្រះគម្ពីរ។ (ហើយយើងក៏អាចមានការយល់ដឹងកាន់តែច្រើនទៀតដោយរៀនអំពីប្រទេសនានាជុំវិញស្រុកនោះ ដែលរៀបរាប់ក្នុងកំណត់ហេតុព្រះគម្ពីរ) នៅពេលដែលយើងខំទទួលចំណេះនិងការយល់ដឹងបន្ថែម ជាពិសេសអំពីស្រុកសន្យានោះ យើងគួរចងចាំអំពីតម្រូវការមួយដ៏ចាំបាច់ទើបប្រជាជនអ៊ីស្រាអែលអាចចូលទៅហើយមានចិត្តរីករាយក្នុង«ស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ»នោះ ពោលគឺ ត្រូវកោតខ្លាចព្រះយេហូវ៉ានិងធ្វើតាមគ្រប់ទាំងបញ្ញត្ដិរបស់ទ្រង់។—ចោទិយកថា ៦:១, ២; ២៧:៣
១៩. តើគួរគប្បីឲ្យយើងបន្តយកចិត្តទុកដាក់នឹងសួនមនោរម្យពីរប្រភេទអ្វី?
១៩ ស្រដៀងគ្នានៅសព្វថ្ងៃនេះដែរ យើងត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយកោតខ្លាចចំពោះព្រះយេហូវ៉ានិងកាន់ខ្ជាប់តាមផ្លូវរបស់ទ្រង់។ បើធ្វើដូច្នេះ នោះយើងនឹងរួមចំណែកក្នុងការធ្វើឲ្យមានស្ថានភាពកាន់តែប្រសើរផងហើយមានសោភ័ណភាពទៀតផង ក្នុងសួនមនោរម្យខាងវិញ្ញាណដែលមាននៅសព្វថ្ងៃក្នុងក្រុមជំនុំគ្រីស្ទានទូទាំងពិភពលោកនេះ។ យើងក៏នឹងមានចំណេះកាន់តែច្រើនឡើងៗអំពីលក្ខណៈនៃសួនមនោរម្យខាងវិញ្ញាណនេះ ហើយអំពីពរដែលមានក្នុងសួនមនោរម្យដែរ។ យើងក៏ដឹងថា មានពរជាច្រើនទៀតនៅខាងមុខផងដែរ។ យ៉ូស្វេបាននាំមុខប្រជាជនអ៊ីស្រាអែលក្នុងការឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលសម្បូរសប្បាយ។ ឥឡូវនេះយើងក៏មានហេតុសង្ឃឹមដែរ ព្រមទាំងជឿដោយទុកចិត្តទៅលើសួនមនោរម្យនៅលើផែនដីដែលជាស្រុកល្អនៅខាងមុខយើងនេះ។
តើអ្នកនៅចាំទេ?
• ស្តីអំពីស្រុកដែលរៀបរាប់ក្នុងព្រះគម្ពីរ តើយើងចង់មានចំណេះនិងការយល់ដឹងកាន់តែច្រើន ដោយព្រោះអ្វី?
• ក្នុងអត្ថបទមួយនេះ តើចំណុចណាខាងភូមិសាស្ត្របានជួយឲ្យអ្នកមានការយល់ដឹងច្បាស់ជាង?
• ពេលដែលអ្នកបានរៀនច្រើនជាងអំពីភូមិសាស្ត្រដែលទាក់ទងកំណត់ហេតុណាមួយ តើនេះបានបញ្ជាក់មេរៀនអ្វី?
[ប្រអប់/រូបភាពនៅទំព័រ២៧]
«ចូរមើលស្រុកល្អ»
នៅឯមហាសន្និបាតនាឆ្នាំ២០០៣និង២០០៤ ស្មរបន្ទាល់ព្រះយេហូវ៉ាមានចិត្តរីករាយពេលដែលបានទទួលសៀវភៅស្តើង«ចូរមើលស្រុកល្អ»។ ប្រកាសនវត្ថុថ្មីនេះបានត្រូវបោះពុម្ពប្រមាណ៨០ភាសា ហើយពេញទៅដោយផែនទីគ្រប់ពណ៌ដែលបង្ហាញពីទីកន្លែងផ្សេងៗដែលរៀបរាប់ក្នុងព្រះគម្ពីរ ជាពិសេសស្រុកសន្យាក្នុងកំឡុងគ្រាផ្សេងៗ។
អត្ថបទខាងលើនេះសំដៅទៅលើផែនទីផ្សេងៗក្នុងសៀវភៅ«ចូរមើលស្រុកល្អ»ជាភាសាអង់គ្លេស ដោយបញ្ជាក់ពីទំព័រលេខដែលបោះពុម្ពជាអក្សរដិតជាងដូចជា [15]។ បើអ្នកមានហើយចេះមើលសៀវភៅស្តើងថ្មីមួយនោះ សូមចំណាយពេលដើម្បីឲ្យស្គាល់របៀបប្រើដែលអាចជួយអ្នកមានចំណេះនិងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះកាន់តែច្រើនទៀត។
(១) ផែនទីភាគច្រើននោះមានប្រអប់ដែលជួយពន្យល់អំពីសញ្ញាពិសេសនៅផែនទីនោះ [18]។ (២) ផែនទីភាគច្រើនមានមាត្រដ្ឋានជាមីលនិងគីឡូម៉ែត្រ ដែលជួយយើងយល់អំពីទំហំឬចម្ងាយ [26]។ (៣) តាមធម្មតា មានសញ្ញាដែលសំដៅទៅទិសខាងជើង ដើម្បីជួយយើងយល់ពីទិស [19]។ (៤) ក្នុងផែនទីភាគច្រើនមានពណ៌ផ្សេងៗដើម្បីបង្ហាញពីកំពស់ខ្ពស់ឬទាប [12]។ (៥) នៅជុំវិញរឹមផែនទីប្រហែលជាមានតួអក្សរនិងលេខដែលគេប្រើរកចំណុចប្រសព្វដើម្បីអាចរកឃើញឈ្មោះទីក្រុងឬឈ្មោះកន្លែងផ្សេងៗ [23]។ (៦) នៅទំព័រទាំងពីរនៃមាតិកា មានឈ្មោះទីកន្លែង [34-35] យើងអាចមើលទំព័រដែលមានអក្សរដិតជាង ហើយបន្ទាប់មកមានតួអក្សរនិងលេខដែលគេប្រើរកចំណុចប្រសព្វដើម្បីអាចរកឃើញទីកន្លែង ឧបមាថា E2។ ពេលដែលអ្នកបានប្រើជំនួយផ្សេងៗនេះប៉ុន្មានដងហើយ នោះអ្នកនឹងដឹងថាផែនទីទាំងនោះពិតជាអាចជួយបង្កើនចំណេះនិងធ្វើឲ្យមានការយល់ដឹងកាន់តែជ្រាលជ្រៅទៀត។
[តារាង/ផែនទីនៅទំព័រ២៤, ២៥]
ផែនទីតំបន់ធម្មជាតិ
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ក. ឆ្នេរសមុទ្រធំ
ខ. វាលស្រុកខាងលិចទន្លេយ័រដាន់
១. វាលស្រុកអេស៊ើរ
២. វាលខាងឆ្នេរសមុទ្រក្បែរទីក្រុងដោរ
៣. វាលស្មៅនៅស្រុកសារ៉ុន
៤. វាលស្រុកភីលីស្ទីន
៥. ជ្រលងភ្នំបណ្ដោយថ្ងៃស្ថិតនៅកណ្ដាលស្រុក
a. ច្រកភ្នំមេគីដោ
b. វាលច្រកភ្នំយេសរាល
គ. ភ្នំខាងលិចទន្លេយ័រដាន់
១. ភ្នំទាំងប៉ុន្មាននៅស្រុកកាលីឡេ
២. ជួរភ្នំកើមែល
៣. ភ្នំទាំងប៉ុន្មាននៅស្រុកសាម៉ារី
៤. ស្រុកទំនាប (មានភ្នំតូចៗ)
៥. ភ្នំទាំងប៉ុន្មាននៅស្រុកយូដា
៦. ទីរហោស្ថានស្រុកយូដា
៧. តំបន់ណេកិប (ស្រុកខាងត្បូង)
៨. ទីរហោស្ថានប៉ារ៉ាន
ឃ. វាលស្រុកឬតំបន់អារ៉ាបា (រួមបញ្ចូលជ្រលងភ្នំពីភ្នំហ៊ើម៉ូនរហូតដល់សមុទ្រក្រហម)
១. វាលទំនាបភក់ល្បាប់ហ៊ូឡា
២. តំបន់ជុំវិញសមុទ្រកាលីឡេ
៣. ជ្រលងទន្លេយ័រដាន់
៤. សមុទ្រអំបិល (សមុទ្រស្លាប់)
៥. តំបន់អារ៉ាបា (ខាងត្បូងសមុទ្រអំបិល)
ង. ភ្នំនិងខ្ពង់រាបឬវាលស្រុកនៅខាងកើតទន្លេយ័រដាន់
១. វាលស្រុកបាសាន
២. វាលស្រុកកាឡាត
៣. វាលស្រុកអាំម៉ូននិងម៉ូអាប់
៤. ខ្ពង់រាបស្រុកអេដំម
ច. ភ្នំល្បាណូន
[ផែនទី]
ភ្នំហ៊ើម៉ូន
ភ្នំម៉ូរេ
ក្រុងយេរូសាឡិម
ក្រុងបៀរ-សេបា
ភូមិអេបិល-មហូឡា
ក្រុងបេតអែល
ក្រុងគីបៀន
ក្រុងកាសា
ក្រុងស៊ុកូត
ក្រុងគីលកាល
ក្រុងហេប្រុន
ក្រុងសូដុំម?
តំបន់កាដេស
ក្រុងយ៉ុកបិហា
[ផែនទី/រូបភាពនៅទំព័រ២៣]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ស្រុកកាណាន
ក្រុងមេគីដោ
សុកកាឡាត
ក្រុងដូថាន់
ក្រុងស៊ីគែម
ក្រុងបេតអែល (ក្រុងលូស)
ក្រុងអៃយ
ក្រុងយេរូសាឡិម (ក្រុងសាឡិម)
ភូមិបេថ្លេហិម (ភូមិអេប្រាតា)
ស្រុកម៉ាមរេ
ក្រុងហេប្រុន (ស្រុកម៉ាក់ពេឡា)
ស្រុកកេរ៉ា
ក្រុងបៀរ-សេបា
ក្រុងសូដុំម?
តំបន់ណេកិប (ស្រុកត្បូង)
ស្រុករេហូបូត?
[ភ្នំ]
ភ្នំម៉ូរីយ៉ា
[សមុទ្រ]
សមុទ្រអំបិល
[ទន្លេ]
យ័រដាន់
[រូបភាព]
លោកអ័ប្រាហាំបានដើរចុះឡើងក្នុងស្រុកនោះ
[ផែនទីនៅទំព័រ២៦]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ក្រុងទ្រអាស
កោះសាម៉ូត្រាស
ក្រុងនាប៉ូល
ក្រុងភីលីព
ក្រុងអាំភីប៉ូលី
ក្រុងថែស្សាឡូនីច
ក្រុងបេរា
ក្រុងអាថែន
ក្រុងកូរិនថូស
ក្រុងអេភេសូរ
ក្រុងមីលេត
កោះរ៉ូដូស