របៀបដែលអំពើល្អនឹងឈ្នះអំពើអាក្រក់
នៅសម័យបុរាណ ស្តេចដាវីឌជាមនុស្សល្អ។ ទ្រង់ស្រឡាញ់ព្រះនិងសេចក្ដីយុត្ដិធម៌ហើយយកចិត្តទុកដាក់ចំពោះជនក្រីក្រ។ ប៉ុន្តែ ស្តេចល្អមួយអង្គនេះក៏បានប្រព្រឹត្តអំពើកំផិតជាមួយភរិយារបស់បុរសជំនិតម្នាក់ដែលទ្រង់ទុកចិត្ត។ ពេលស្តេចដាវីឌជ្រាបថា បាតសេបាដែលជាភរិយារបស់អ្នកបំរើជំនិតនោះមានទំងន់ដែលជាបុត្ររបស់ទ្រង់ នោះដាវីឌបានរៀបចំផែនការដើម្បីសំឡាប់ស្វាមីនាង។ រួចមក ដាវីឌបានរៀបការជាមួយបាតសេបា ដើម្បីបិទបាំងបទល្មើសរបស់ទ្រង់។—សាំយូអែលទី២ ១១:១-២៧
មនុស្សច្បាស់ជាមានសមត្ថភាពធ្វើល្អមែន។ បើដូច្នេះ ហេតុអ្វីក៏មនុស្សខ្លះប្រព្រឹត្តអំពើអាក្រក់ជួជាតិច្រើនម្ល៉េះ? ព្រះគម្ពីរជួយសំគាល់មូលហេតុចំបងខ្លះៗ។ ព្រះគម្ពីរក៏ប្រាប់ឲ្យដឹងថា ព្រះយេហូវ៉ានឹងប្រើព្រះយេស៊ូឲ្យបំបាត់អំពើអាក្រក់ចេញពីផែនដីមួយដងជាការស្រេច។
ទំនោរចិត្តចង់ធ្វើអាក្រក់
ពេលដែលគេដឹងឮពីបទល្មើសរបស់ស្តេចដាវីឌ ទ្រង់បានទទួលកំហុសខ្លួនមែន ហើយទ្រង់បានកត់សំគាល់មូលហេតុមួយដែលមនុស្សធ្វើអាក្រក់។ ដាវីឌមានបន្ទូលដោយព្រះទ័យសោកស្ដាយថា៖ «មើល! ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»។ (ទំនុកដំកើង ៥១:៥) ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យស្ត្រីមានផ្ទៃពោះបង្កើតកូនដែលនឹងធ្វើអំពើបាបទេ។ តែពេលនាងអេវ៉ានិងអ័ដាមសំរេចចិត្តបះបោរប្រឆាំងនឹងព្រះ នោះពួកគេបាត់បង់សមត្ថភាពបង្កើតកូនដែលគ្មានបាប។ (រ៉ូម ៥:១២) ពេលមនុស្សជាតិមិនគ្រប់លក្ខណ៍បានចំរើនចំនួន នេះបានសឲ្យឃើញថា ពួកគេមានទំនោរចិត្តចង់ធ្វើអាក្រក់ ដ្បិតលោកុប្បត្តិ ៨:២១ ចែងថា៖ «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»។
បើមនុស្សមិនទប់ទល់នឹងទំនោរចិត្តចង់ធ្វើអាក្រក់នោះទេ នេះនាំឲ្យមានអំពើ«កំផិត . . . សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន»និងការខូចអាក្រក់ឯទៀតដែលព្រះគម្ពីរហៅថា «កិច្ចការខាងសាច់ឈាម»។ (កាឡាទី ៥:១៩-២១) ក្នុងករណីស្តេចដាវីឌ ទ្រង់បានចុះចាញ់នឹងភាពទន់ខ្សោយខាងសាច់ឈាម ហើយបានធ្វើសហាយស្មន់ដែលនាំឲ្យមានរឿងរ៉ាវធ្ងន់ធ្ងរ។ (សាំយូអែលទី២ ១២:១-១២) ដាវីឌមានសមត្ថភាពទប់ទល់នឹងទំនោរចិត្តចង់ធ្វើអំពើអសីលធម៌នោះបាន។ ផ្ទុយទៅវិញ ដាវីឌមិនបានបំបាត់ចោលគំនិតដែលចង់បានបាតសេបានោះទេ។ ទង្វើនោះគឺស្របទៅតាមអ្វីដែលយ៉ាកុបសរសេរក្រោយៗមកថា៖ «គ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់»។—យ៉ាកុប ១:១៤, ១៥
ការសំឡាប់រង្គាល ការចាប់រំលោភនិងការបំផ្លិចបំផ្លាញដែលបានរៀបរាប់ក្នុងអត្ថបទមុន ជាឧទាហរណ៍ដែលបញ្ជាក់ពីអ្វីដែលកើតឡើងពេលមនុស្សបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់។
ភាពល្ងង់ខ្លៅបណ្ដាលឲ្យមានអំពើអាក្រក់
កាលៈទេសៈក្នុងជីវិតសាវកប៉ុលក៏បង្ហាញពីមូលហេតុមួយទៀតដែលមនុស្សធ្វើអំពើអាក្រក់។ ពេលដែលប៉ុលទទួលមរណភាពនោះ គាត់មានកេរ្ដិ៍ឈ្មោះជាមនុស្សស្លូតបូតដែលចេះបង្ហាញសេចក្ដីស្រឡាញ់។ ប៉ុលបានធ្វើការនឿយហត់ដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងការបំរើបងប្អូនគ្រីស្ទាន។ (ថែស្សាឡូនីចទី១ ២:៧-៩) ក៏ប៉ុន្តែ នៅដើមដំបូង ពេលដែលគាត់មានឈ្មោះសុលនោះ គាត់បាន«បញ្ចេញសេចក្ដីគំរាមនឹងពាក្យកំហែង ព្រមទាំង[ចង់]សំឡាប់»ពួកគ្រីស្ទានផងដែរ។ (កិច្ចការ ៩:១, ២) ហេតុអ្វីក៏ប៉ុលពេញចិត្តចំពោះអំពើអាក្រក់ព្រមទាំងរួមដៃធ្វើអំពើទាំងនោះដាក់ពួកគ្រីស្ទាននៅសម័យដើម? គាត់មានប្រសាសន៍ថា៖ «ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់»។ (ធីម៉ូថេទី១ ១:១៣) ពិតមែនហើយ ពីមុនប៉ុល«មានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែមិនមែនដោយប្រាជ្ញា»ឬដោយផ្អែកលើចំណេះពិតឡើយ។—រ៉ូម ១០:២
ដូចប៉ុលដែរ មនុស្សជាច្រើនដែលមានចិត្តស្មោះត្រង់ក៏បានធ្វើអំពើអាក្រក់ដែរ ដោយព្រោះមិនមានចំណេះពិតអំពីព្រះហឫទ័យរបស់ព្រះ។ ជាឧទាហរណ៍ ព្រះយេស៊ូបានព្រមានអ្នកកាន់តាមទ្រង់ថា៖ «នឹងមានពេលវេលាមក នោះអស់អ្នកណាដែលសំឡាប់អ្នករាល់គ្នានឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ»។ (យ៉ូហាន ១៦:២) ស្មរបន្ទាល់ជាច្រើនរបស់ព្រះយេហូវ៉ានៅសម័យនេះបានរងទុក្ខមែន ស្របទៅតាមបន្ទូលរបស់ព្រះយេស៊ូ។ មនុស្សនៅប្រទេសផ្សេងៗដែលអះអាងថាជាអ្នកបំរើព្រះ បានធ្វើទុក្ខបៀតបៀនឬរហូតដល់សំឡាប់រាស្ត្ររបស់ព្រះយេហូវ៉ាក៏មាន។ ច្បាស់ហើយ សេចក្ដីឧស្សាហ៍បែបនេះមកពីគំនិតខុសឆ្គង ហើយព្រះពិតក៏មិនសព្វព្រះហឫទ័យនឹងទង្វើបែបនោះឡើយ។—ថែស្សាឡូនីចទី១ ១:៦
ដើមហេតុនៃអំពើអាក្រក់
ព្រះយេស៊ូបានសំគាល់នូវដើមហេតុនៃអំពើអាក្រក់។ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកមេដឹកនាំសាសនាដែលមានបំណងធ្វើគុតទ្រង់ថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលគាប់ចិត្តដល់ឪពុករបស់អ្នក។ វាជាអ្នកសំឡាប់គេតាំងពីដើមមក»។ (យ៉ូហាន ៨:៤៤) សាតាំងជាអ្នកនិយាយលួងលោមអ័ដាមនិងអេវ៉ាឲ្យបះបោរប្រឆាំងនឹងព្រះ ហើយវាធ្វើដូច្នេះដោយសារគិតតែប្រយោជន៍របស់វាតែប៉ុណ្ណោះ។ ការបះបោរនោះបាននាំឲ្យមនុស្សជាតិទាំងឡាយមានបាបនិងស្លាប់។
ការប្រព្រឹត្តរបស់សាតាំងទៅលើលោកយ៉ូបក៏បានសឲ្យឃើញនូវទំនោរចិត្តរបស់វាដែលចង់សំឡាប់មនុស្ស។ ពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យសាតាំងល្បងលចិត្តស្មោះគ្រប់លក្ខណ៍របស់យ៉ូប វានៅតែមិនពេញចិត្តចំពោះការដកហូតទ្រព្យសម្បត្ដិទាំងអស់ចេញពីយ៉ូបប៉ុណ្ណោះទេ។ វាក៏បានបណ្ដាលឲ្យកូនដប់នាក់របស់យ៉ូបស្លាប់ដែរ។ (យ៉ូប ១:៩-១៩) ពេលថ្មីៗនេះ អំពើអាក្រក់បានរាលដាលយ៉ាងឆាប់រហ័ស ដោយសារភាពមិនគ្រប់លក្ខណ៍និងភាពល្ងង់ខ្លៅរបស់មនុស្សលោកទេ ហើយដោយព្រោះសាតាំងលូកដៃចូលក្នុងរឿងរបស់មនុស្សលោកយ៉ាងច្រើន។ ព្រះគម្ពីរប្រាប់ថា អារក្សបាន«ត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង»។ ទំនាយនោះក៏បានទាយយ៉ាងត្រឹមត្រូវថា ការទំលាក់វាឲ្យនៅក្បែរៗផែនដីនេះត្រូវនាំឲ្យ«វេទនាដល់ផែនដី»។ សាតាំងមិនអាចបង្ខំមនុស្សឲ្យធ្វើអំពើអាក្រក់បានឡើយ តែវាពូកែ«នាំលោកីយទាំងមូលឲ្យវង្វេង»។—វិវរណៈ ១២:៩, ១២
ការបំបាត់ចោលទំនោរចិត្តចង់ធ្វើអាក្រក់
សង្គមមនុស្សយើងនឹងលែងមានអំពើអាក្រក់ទៀត ឲ្យតែបំបាត់ចោលទំនោរចិត្តចង់ធ្វើអាក្រក់ មានចំណេះពិត និងដកចេញនូវឥទ្ធិពលដែលសាតាំងមានលើពិភពលោកនេះ។ មុនដំបូង តើអ្វីអាចបំបាត់ចោលទំនោរចិត្តរបស់យើងដែលទោរទន់ទៅរកអំពើបាប?
មនុស្សគ្មានលទ្ធភាពបំបាត់ចោលទំនោរចិត្តរបស់យើងដែលទោរទន់ទៅរកអំពើបាបនោះទេ។ ប៉ុន្តែ ចំពោះអស់អ្នកដែលចង់ទទួលជំនួយ ព្រះយេហូវ៉ាបានផ្ដល់អ្វីដែលអាចបំបាត់ចោលបាបនិងភាពមិនគ្រប់លក្ខណ៍ដែលយើងទទួលជាមរតកនោះ។ សាវកយ៉ូហានបានសរសេរថា៖ «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ . . . សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់»។ (យ៉ូហានទី១ ១:៧) ពេលដែលព្រះយេស៊ូបូជាជីវិតគ្រប់លក្ខណ៍របស់ទ្រង់ ទ្រង់«បានផ្ទុកអំពើបាបរបស់យើងរាល់គ្នានៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិតដោយបានស្លាប់ខាងឯអំពើបាបហើយ»។ (ពេត្រុសទី១ ២:២៤) ការសោយទិវង្គតរបស់ព្រះយេស៊ូជាយញ្ញបូជានោះ អាចបំបាត់ចោលផលវិបាកដែលមកពីអំពើអាក្រក់របស់អ័ដាម។ ប៉ុលបានមានប្រសាសន៍ថា ព្រះគ្រីស្ទយេស៊ូបានថ្វាយអង្គទ្រង់«ជាថ្លៃលោះមនុស្សទាំងអស់»។ (ធីម៉ូថេទី១ ២:៦) ពិតមែនហើយ ការសោយទិវង្គតរបស់ព្រះគ្រីស្ទបានបើកផ្លូវឲ្យមនុស្សជាតិទាំងឡាយទទួលបាននូវភាពគ្រប់លក្ខណ៍ដែលអ័ដាមបានបាត់បង់។
ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា៖ ‹ប្រសិនបើការសោយទិវង្គតរបស់ព្រះយេស៊ូជិត២០០០ឆ្នាំមុននេះបានបើកផ្លូវឲ្យមនុស្សមានភាពគ្រប់លក្ខណ៍ម្ដងទៀតនោះ ហេតុអ្វីក៏នៅមានអំពើអាក្រក់និងសេចក្ដីស្លាប់?›។ ចំឡើយចំពោះសំណួរនេះក៏អាចជួយបំបាត់ចោលភាពល្ងង់ខ្លៅដែលមកពីការមិនស្គាល់បំណងព្រះហឫទ័យរបស់ព្រះ ហើយនេះជាមូលហេតុទីពីរដែលមនុស្សធ្វើអំពើអាក្រក់។
ចំណេះពិតជំរុញឲ្យធ្វើអំពើល្អ
ការទទួលចំណេះពិតអំពីអ្វីដែលព្រះយេហូវ៉ានិងព្រះយេស៊ូកំពុងតែធ្វើដើម្បីបំបាត់ចោលអំពើអាក្រក់ អាចជួយទប់ស្កាត់កុំឲ្យមនុស្សល្អគាំទ្រអំពើអាក្រក់ដោយមិនដឹងខ្លួន ដែលនេះនាំឲ្យគេក្លាយជាអ្នក«តយុទ្ធនឹងព្រះ»។ (កិច្ចការ ៥:៣៨, ៣៩) ព្រះយេហូវ៉ាសព្វព្រះហឫទ័យទតរំលងឬមិនប្រកាន់ទោសចំពោះអំពើអាក្រក់ដែលមនុស្សបានប្រព្រឹត្តពេលស្ថិតក្នុងភាពខ្លៅល្ងង់។ ពេលនៅទីក្រុងអាថែននោះ សាវកប៉ុលបានមានប្រសាសន៍ថា៖ «ពីដើមព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះទ្រង់ត្រាសបង្គាប់ដល់មនុស្សទាំងអស់នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។—កិច្ចការ ១៧:៣០, ៣១
ប៉ុលដឹងច្បាស់ថាព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ពីព្រោះទ្រង់បានមានបន្ទូលជាមួយគាត់ ហើយបានឃាត់ប៉ុលពីការបៀតបៀនពួកគ្រីស្ទានសម័យដើម។ (កិច្ចការ ៩:៣-៧) ក្រោយប៉ុលបានទទួលចំណេះពិតអំពីគោលបំណងរបស់ព្រះ គាត់បានកែប្រែហើយបានក្លាយជាមនុស្សល្អមែន ដោយត្រាប់តាមគំរូរបស់ព្រះគ្រីស្ទ។ (កូរិនថូសទី១ ១១:១; កូល៉ុស ៣:៩, ១០) បន្ថែមទៅទៀត ប៉ុលបានប្រកាសស្មោះអស់ពីចិត្តនូវ‹ដំណឹងល្អដែលសំដែងពីនគរ›ព្រះ។ (ម៉ាថាយ ២៤:១៤) ក្នុងកំឡុងពេលជិត២០០០ឆ្នាំតាំងពីព្រះយេស៊ូបានសោយទិវង្គតនិងមានព្រះជន្មរស់ឡើងវិញនោះ ព្រះគ្រីស្ទបានជ្រើសរើសមនុស្សដែលមានលក្ខណៈដូចប៉ុលឲ្យធ្វើជាអ្នកគ្រប់គ្រងជាមួយនឹងទ្រង់ក្នុងព្រះរាជាណាចក្ររបស់ទ្រង់។—វិវរណៈ ៥:៩, ១០
ជាងមួយរយឆ្នាំមកទល់ពេលនេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានខិតខំបំពេញកិច្ចការដែលព្រះយេស៊ូឲ្យនោះពេលមានបន្ទូលថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ! ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) មនុស្សដែលសុខចិត្តធ្វើតាមសារនេះ មានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលរបស់ព្រះគ្រីស្ទនៅស្ថានសួគ៌។ ព្រះយេស៊ូបានមានបន្ទូលថា មនុស្សអាចទទួលជីវិតជារៀងរហូតបើ«គេបានស្គាល់»ឬទទួលចំណេះអំពី«ព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) ការជួយមនុស្សទទួលចំណេះបែបនេះជាអំពើដ៏ល្អបំផុតដែលយើងអាចធ្វើដល់អ្នកដទៃ។
ទោះជាអំពើល្អមានតិច តែសំបូរអំពើអាក្រក់ក៏ដោយ មនុស្សដែលស្រឡាញ់ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ចេះតែបង្ហាញគុណសម្បត្ដិដូចជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូតហើយដឹងខ្នាត»ជាដើម។ (កាឡាទី ៥:២២, ២៣) ដោយយកដំរាប់តាមព្រះយេស៊ូ ពួកគេមិន«ធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»។ (រ៉ូម ១២:១៧) ពួកគេព្យាយាម«ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ»។—រ៉ូម ១២:២១; ម៉ាថាយ ៥:៤៤
ជ័យជំនះចុងក្រោយលើអំពើអាក្រក់
បើមនុស្សត្រូវផ្អែកលើកំឡាំងខ្លួនឯង នោះយើងមិនអាចឈ្នះលើអារក្សសាតាំងដែលជាដើមហេតុចំបងនៃអំពើអាក្រក់បានឡើយ។ ប៉ុន្តែ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងប្រើព្រះយេស៊ូដើម្បីកិនក្បាលសាតាំងឲ្យវាលែងមានអំណាចលើមនុស្សលោក។ (លោកុប្បត្តិ ៣:១៥; រ៉ូម ១៦:២០) ព្រះយេហូវ៉ាក៏នឹងបង្គាប់ព្រះគ្រីស្ទយេស៊ូឲ្យ«បំបាក់បំបែក ហើយលេបបំបាត់»អស់ទាំងរបបនយោបាយ ដែលមានខ្លះជាដើមហេតុនៃអំពើអាក្រក់ក្នុងប្រវត្ដិសាស្ត្រមនុស្ស។ (ដានីយ៉ែល ២:៤៤; សាស្ដា ៨:៩) អស់«អ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង . . . នឹងរងទុក្ខទោសជាសេចក្ដីហិនវិនាស»ជារៀងរហូតក្នុងថ្ងៃជំនុំជំរះដែលជិតមកដល់ហើយ។—ថែស្សាឡូនីចទី២ ១:៨, ៩; សេផានា ១:១៤-១៨
ពេលបានដកចេញសាតាំងនិងពួកអ្នកដែលកាន់ជើងវា នោះព្រះយេស៊ូដែលគង់នៅស្ថានសួគ៌នឹងជួយមនុស្សដែលរួចរស់ជីវិតនៅលើផែនដីនេះឲ្យកែប្រែផែនដីទៅជាមានស្ថានភាពដូចមាននៅដើមដំបូងនោះ។ រីឯមនុស្សដែលគួរនឹងទទួលឱកាសរស់នៅក្នុងសួនមនោរម្យដែលត្រូវស្ដារឡើងវិញនោះ ព្រះគ្រីស្ទក៏នឹងប្រោសពួកគេឲ្យមានជីវិតរស់ឡើងវិញផងដែរ។ (លូកា ២៣:៣២, ៣៩-៤៣; យ៉ូហាន ៥:២៦-២៩) ពេលធ្វើដូច្នេះ ព្រះយេស៊ូនឹងលុបបំបាត់ផលវិបាកដែលមនុស្សរងទុក្ខ។
ព្រះយេហូវ៉ាមិនចេះបង្ខំមនុស្សឲ្យធ្វើតាមដំណឹងល្អអំពីព្រះយេស៊ូទេ។ យ៉ាងណាក៏ដោយ ទ្រង់កំពុងតែហុចឱកាសឲ្យមនុស្សទទួលចំណេះដែលអាចនាំឲ្យមានជីវិតជារៀងរហូតបាន។ គឺចាំបាច់ណាស់ឲ្យលោកអ្នកឆ្លៀតឱកាសទទួលចំណេះនោះនៅពេលឥឡូវនេះ! (សេផានា ២:២, ៣) បើខំរកចំណេះនោះ នេះអាចជួយលោកអ្នកស៊ូទ្រាំនឹងអំពើអាក្រក់ដែលនាំឲ្យជីវិតមានទុក្ខ។ លោកអ្នកក៏នឹងយល់អំពីជ័យជំនះចុងក្រោយដែលព្រះគ្រីស្ទនឹងមានលើអំពើអាក្រក់។—វិវរណៈ ១៩:១១-១៦; ២០:១-៣, ១០; ២១:៣, ៤
[រូបភាពនៅទំព័រ៥]
សុលមិនបានប្រឆាំងនឹងអំពើអាក្រក់ទាំងនោះ ពីព្រោះគាត់ខ្វះចំណេះពិត
[រូបភាពនៅទំព័រ៧]
ការជួយមនុស្សទទួលចំណេះពិតអំពីព្រះជាអំពើដ៏ល្អបំផុតដែលយើងអាចធ្វើដល់អ្នកដទៃ