របៀបចូលទៅជិត«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»
«ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ! អស់ទាំងមនុស្សនឹងមូលមកឯទ្រង់»។—ទំនុកដំកើង ៦៥:២
១. តើមនុស្សជាតិមានលក្ខណៈអ្វីខ្លះដែលធ្វើឲ្យពួកគេខុសប្លែកពីភាវរស់ឯទៀតលើផែនដី? តើនោះផ្ដល់លទ្ធភាពឲ្យមានអ្វី?
នៅលើផែនដីមានភាវរស់ រាប់សិបពាន់ប្រភេទ។ ក៏ប៉ុន្តែមានតែមនុស្សជាតិប៉ុណ្ណោះ ដែលមានសមត្ថភាពអាចថ្វាយបង្គំព្រះជាអ្នកបង្កើត។ មានតែមនុស្សជាតិប៉ុណ្ណោះដែលទទួលស្គាល់ថា ខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ ហើយមានតែមនុស្សជាតិដែលមានចិត្តប្រាថ្នាឲ្យបំពេញសេចក្ដីត្រូវការនោះ។ នេះផ្ដល់លទ្ធភាពដ៏អស្ចារ្យមួយ គឺយើងអាចមានចំណងមិត្តភាពជាមួយព្រះវរបិតារបស់យើងនៅស្ថានសួគ៌។
២. តើបាបមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរវាងមនុស្សនិងព្រះជាអ្នកបង្កើត?
២ ព្រះបានបង្កើតមនុស្សឲ្យមានសមត្ថភាពទូលថ្វាយទ្រង់។ ពេលដែលអ័ដាមនិងអេវ៉ាត្រូវបង្កើត ពួកគាត់គ្មានបាបឡើយ។ ហេតុនេះហើយ ពួកគាត់អាចទូលថ្វាយព្រះដោយសេរី ដូចជាកូននិយាយជាមួយឪពុកខ្លួន។ ក៏ប៉ុន្តែ អ័ដាមនិងអេវ៉ាបានបាត់បង់ឯកសិទ្ធិអស្ចារ្យនោះ ក្រោយដែលពួកគាត់ធ្វើបាប។ អ័ដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ ហើយជាលទ្ធផលពួកគាត់បាត់បង់ចំណងមិត្តភាពជិតស្និទ្ធជាមួយទ្រង់។ (លោកុប្បត្តិ ៣:៨-១៣, ១៧-២៤) តើនោះមានន័យថា កូនចៅឥតគ្រប់លក្ខណ៍របស់អ័ដាមក៏មិនអាចទូលថ្វាយព្រះដែរឬទេ? មិនមានន័យដូច្នេះទេ។ ព្រះយេហូវ៉ានៅតែអនុញ្ញាតឲ្យពួកគេទូលថ្វាយទ្រង់ ឲ្យតែពួកគេបំពេញតម្រូវការខ្លះៗមុនសិន។ តើតម្រូវការនោះជាអ្វី?
តម្រូវការសម្រាប់ចូលទៅជិតព្រះដោយអធិស្ឋាន
៣. តើមនុស្សឥតគ្រប់លក្ខណ៍គួរចូលទៅជិតព្រះដោយដូចម្ដេច? តើឧទាហរណ៍អ្វីបញ្ជាក់ចំណុចនេះ?
៣ ហេតុការណ៍ដែលទាក់ទងនឹងកូនប្រុសពីរនាក់របស់អ័ដាម ជួយឲ្យយើងយល់អ្វីដែលព្រះតម្រូវអំពីមនុស្សឥតគ្រប់លក្ខណ៍ណាដែលចង់ចូលទៅជិតទ្រង់។ ទាំងកាអ៊ីនទាំងអេបិលបានថ្វាយតង្វាយ ដើម្បីខំធ្វើឲ្យព្រះសព្វព្រះហឫទ័យសណ្ដាប់នូវការទូលសុំរបស់ពួកគាត់។ ព្រះបានសព្វព្រះហឫទ័យនឹងតង្វាយរបស់អេបិល តែមិនបានសព្វព្រះហឫទ័យនឹងតង្វាយរបស់កាអ៊ីនទេ។ (លោកុប្បត្តិ ៤:៣-៥) តើហេតុអ្វី? ហេព្រើរ ១១:៤សរសេរថា៖ «ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថាគាត់សុចរិត»។ កំណត់ហេតុនេះបញ្ជាក់តម្រូវការមួយយ៉ាងច្បាស់ គឺយើងត្រូវតែមានជំនឿទើបព្រះសព្វព្រះហឫទ័យឲ្យយើងចូលទៅជិតទ្រង់ដោយអធិស្ឋាន។ តម្រូវការមួយទៀតគឺសឲ្យឃើញដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ាចំពោះកាអ៊ីនដែលថា៖ «បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី?»។ ដូច្នេះព្រះនឹងព្រមឲ្យកាអ៊ីនចូលទៅជិតទ្រង់ ប្រសិនបើគាត់ចាប់ផ្ដើមធ្វើល្អវិញ។ ក៏ប៉ុន្តែ កាអ៊ីនមិនបានធ្វើតាមការទូន្មានរបស់ព្រះឡើយ។ គាត់បានសម្លាប់អេបិលវិញ ហើយនៅទីបំផុតគាត់បានត្រូវបំបរបង់ចោល។ (លោកុប្បត្តិ ៤:៧-១២) ដូច្នេះមិនយូរក្រោយដើមកំណើតមនុស្សជាតិ យើងឃើញថាការចូលទៅជិតព្រះដោយមានជំនឿនិងការប្រព្រឹត្តដ៏ល្អបានត្រូវបញ្ជាក់ជាអ្វីដ៏សំខាន់ណាស់។
៤. តើយើងគួរទទួលស្គាល់អ្វីស្តីអំពីការចូលទៅជិតព្រះដោយអធិស្ឋាន?
៤ ដើម្បីចូលទៅជិតព្រះដោយអធិស្ឋាន យើងចាំបាច់ត្រូវទទួលស្គាល់ថាយើងមានបាប។ មនុស្សទាំងអស់មានបាប ហើយបាបជាឧបសគ្គមួយចំពោះការទូលថ្វាយព្រះ។ យេរេមាបានសរសេរអំពីសាសន៍អ៊ីស្រាអែលថា៖ «យើងខ្ញុំបានរំលង . . . ទ្រង់បាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណាចូលទៅដល់បានឡើយ»។ (បរិទេវ ៣:៤២, ៤៤) ទោះជាយ៉ាងនោះក្ដី ព្រះបានបង្ហាញជាយូរយារមកហើយថា ទ្រង់សព្វព្រះហឫទ័យសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់អ្នកដែលទូលថ្វាយទ្រង់ដោយមានជំនឿនិងចិត្តគំនិតត្រឹមត្រូវ ថែមទាំងប្រព្រឹត្តតាមបញ្ញត្ដិទ្រង់។ (ទំនុកដំកើង ១១៩:១៤៥) តើមានអ្នកណាខ្លះដែលទ្រង់ធ្លាប់សណ្ដាប់នោះ? ហើយតើយើងអាចទាញមេរៀនអ្វីពីសេចក្ដីអធិស្ឋានរបស់ពួកគេ?
៥, ៦. តើយើងអាចរៀនអ្វីពីរបៀបអ័ប្រាហាំបានទូលថ្វាយព្រះ?
៥ ក្នុងចំណោមអ្នកទាំងនោះមានអ័ប្រាហាំ។ យើងដឹងថាព្រះបានអនុញ្ញាតឲ្យអ័ប្រាហាំចូលទៅជិតទ្រង់ ដ្បិតទ្រង់មានបន្ទូលហៅគាត់«សំឡាញ់របស់អញ»។ (អេសាយ ៤១:៨) តើយើងអាចរៀនអ្វីពីរបៀបអ័ប្រាហាំបានទូលថ្វាយព្រះ? បុរសស្មោះត្រង់នេះដែលជាបុព្វបុរសរបស់សាសន៍អ៊ីស្រាអែល បានទូលសួរព្រះយេហូវ៉ាអំពីអ្នកដែលត្រូវបន្តវង្សត្រកូលរបស់គាត់ ដោយសួរថា៖ «តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ?»។ (លោកុប្បត្តិ ១៥:២, ៣; ១៧:១៨) នៅគ្រាមួយផ្សេងទៀត អ័ប្រាហាំបានទូលប្រាប់ពីការព្រួយបារម្ភរបស់គាត់ ស្តីអំពីអ្នកដែលនឹងត្រូវសង្គ្រោះនៅពេលព្រះអនុវត្តការជំនុំជម្រះទៅលើទីក្រុងសូដុំមនិងកូម៉ូរ៉ាដែលពោរពេញទៅដោយអំពើទុច្ចរិត។ (លោកុប្បត្តិ ១៨:២៣-៣៣) អ័ប្រាហាំក៏ធ្លាប់ទូលអង្វរព្រះដើម្បីអ្នកឯទៀតដែរ។ (លោកុប្បត្តិ ២០:៧, ១៧) ហើយដូចអេបិល ជួនកាលអ័ប្រាហាំបានថ្វាយតង្វាយពេលដែលចង់ចូលទៅជិតព្រះ។—លោកុប្បត្តិ ២២:៩-១៤
៦ នៅគ្រាទាំងអស់នោះ អ័ប្រាហាំមានអារម្មណ៍ថា គាត់អាចទូលថ្វាយព្រះយេហូវ៉ាដោយសេរី។ ប៉ុន្តែសេរីភាពក្នុងការទូលថ្វាយព្រះ ក៏បានគួបផ្សំនឹងចិត្តរាបទាបដោយទទួលស្គាល់ថាខ្លួនតូចទាបណាស់បើប្រៀបធៀបជាមួយនឹងព្រះជាអ្នកបង្កើត។ សូមកត់សម្គាល់សម្ដីកោតគោរពរបស់គាត់នៅលោកុប្បត្តិ ១៨:២៧ដែលថា៖ «មើល! ឥឡូវទូលបង្គំបានផ្ដើមទូលនឹងព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផែះទទេ»។ ចិត្តគំនិតរបស់គាត់ជាគំរូល្អណាស់សម្រាប់យើង!
៧. តើបុព្វបុរសរបស់សាសន៍អ៊ីស្រាអែលធ្លាប់អធិស្ឋានទូលថ្វាយព្រះយេហូវ៉ាអំពីរឿងអ្វីខ្លះ?
៧ បណ្ដាបុព្វបុរសរបស់សាសន៍អ៊ីស្រាអែលធ្លាប់អធិស្ឋានអំពីរឿងផ្សេងៗ ហើយព្រះយេហូវ៉ាបានសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់ពួកគេ។ យ៉ាកុបធ្លាប់អធិស្ឋានសន្យានឹងព្រះ។ ក្រោយអធិស្ឋានសុំការគាំទ្រពីព្រះ គាត់បានសន្យាថា៖ «ទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ»។ (លោកុប្បត្តិ ២៨:២០-២២) នៅពេលគាត់ជិតជួបបងប្រុសរបស់គាត់ យ៉ាកុបបានអធិស្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យការពារគាត់ ដោយទូលថា «សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្ដាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាច»។ (លោកុប្បត្តិ ៣២:៩-១២) យ៉ូបបានទូលថ្វាយព្រះយេហូវ៉ាដើម្បីក្រុមគ្រួសាររបស់គាត់ ថែមទាំងបានថ្វាយតង្វាយសម្រាប់ពួកគេទៀតផង។ ក្រោយមក ពេលដែលមិត្តបីនាក់របស់គាត់បានធ្វើបាបដោយពាក្យសម្ដីរបស់ពួកគេ នោះយ៉ូបបានអធិស្ឋានដើម្បីពួកគេ ហើយ«ព្រះយេហូវ៉ា . . . ទ្រង់ក៏ទទួលព្រមតាមយ៉ូប»។ (យ៉ូប ១:៥; ៤២:៧-៩) កំណត់ហេតុទាំងនេះជួយឲ្យដឹងអំពីរឿងអ្វីខ្លះដែលយើងអាចទូលថ្វាយព្រះយេហូវ៉ាបាន។ យើងក៏ឃើញដែរថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់អ្នកដែលទូលថ្វាយទ្រង់តាមរបៀបត្រឹមត្រូវ។
នៅសម័យមានកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យ
៨. នៅសម័យដែលកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យមានសុពលភាព តើរឿងផ្សេងៗបានត្រូវទូលថ្វាយព្រះយេហូវ៉ាដើម្បីប្រជាជនតាមរបៀបណា?
៨ ក្រោយព្រះយេហូវ៉ាបានរំដោះសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីប ទ្រង់ក៏ធ្វើកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យជាមួយពួកគេ។ ក្រឹត្យវិន័យនោះពន្យល់តម្រូវការសម្រាប់ការចូលទៅជិតព្រះតាមរយៈគណៈសង្ឃ។ បុរសខ្លះពីកុលសម្ព័ន្ធលេវីត្រូវបម្រើជាសង្ឃដើម្បីប្រជាជន។ នៅពេលមានរឿងសំខាន់កើតឡើងដែលទាក់ទងនឹងប្រទេសជាតិ មានមនុស្សម្នាក់ដែលតំណាងសាសន៍ទាំងមូលអធិស្ឋានទូលថ្វាយព្រះអំពីរឿងនោះ។ ជួនកាលអ្នកតំណាងនោះជាស្តេចឬក៏អ្នកសំណព្វរបស់ព្រះមួយរូប។ (សាំយូអែលទី១ ៨:២១, ២២; ១៤:៣៦-៤១; យេរេមា ៤២:១-៣) ជាឧទាហរណ៍ នៅឯពិធីសម្ពោធព្រះវិហារ ស្តេចសាឡូម៉ូនបានទូលថ្វាយព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីព្រះទ័យ។ ព្រះយេហូវ៉ាបានបង្ហាញថាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីអធិស្ឋានរបស់សាឡូម៉ូន ដោយធ្វើឲ្យសិរីរុងរឿងរបស់ទ្រង់ភ្លឺត្រចះនៅក្នុងព្រះវិហារ ហើយដោយមានបន្ទូលថា៖ ‹ត្រចៀកអញ នឹងផ្ទៀងស្ដាប់សេចក្ដី ដែលគេអធិស្ឋាននៅទីនេះ›។—របាក្សត្រទី២ ៦:១២–៧:៣, ១៥
៩. ដើម្បីចូលទៅជិតព្រះយេហូវ៉ាយ៉ាងត្រឹមត្រូវនៅឯព្រះវិហារ តើក្រឹត្យវិន័យតម្រូវឲ្យធ្វើអ្វី?
៩ ក្រឹត្យវិន័យដែលព្រះយេហូវ៉ាប្រទានប្រជាជនអ៊ីស្រាអែលបានពន្យល់តម្រូវការមួយ សម្រាប់ចូលទៅជិតព្រះយេហូវ៉ាតាមរបៀបទ្រង់សព្វព្រះហឫទ័យនៅឯព្រះវិហារ។ តើតម្រូវការនោះជាអ្វី? រៀងរាល់ព្រឹករៀងរាល់ល្ងាច បន្ថែមនឹងការថ្វាយសត្វជាតង្វាយនោះ សម្ដេចសង្ឃត្រូវដុតគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាដែរ។ នៅសម័យក្រោយមក សង្ឃដែលមានឋានៈទាបជាងសម្ដេចសង្ឃបានបំពេញកិច្ចបម្រើនេះ លើកលែងតែនៅថ្ងៃបុណ្យធួននឹងបាប។ ប្រសិនបើពួកសង្ឃមិនបានបង្ហាញការកោតគោរពយ៉ាងនេះ ព្រះយេហូវ៉ានឹងមិនសព្វព្រះហឫទ័យនឹងកិច្ចបម្រើរបស់ពួកគេឡើយ។—និក្ខមនំ ៣០:៧, ៨; របាក្សត្រទី២ ១៣:១១
១០, ១១. តើមានភ័ស្តុតាងអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាធ្លាប់សព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់បុគ្គលម្នាក់ៗ?
១០ នៅស្រុកអ៊ីស្រាអែលនាសម័យបុរាណ តើតែងតែត្រូវការអ្នកតំណាង ទើបអាចចូលទៅជិតព្រះឬទេ? មិនមែនទេ ដ្បិតបទគម្ពីរបង្ហាញថាព្រះយេហូវ៉ាសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់មនុស្សម្នាក់ៗដែរ។ ពេលសាឡូម៉ូនអធិស្ឋានសម្ពោធព្រះវិហារ ទ្រង់បានទូលអង្វរព្រះយេហូវ៉ាថា៖ «ទោះបើមនុស្សណា ឬបណ្ដាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ . . . លើកដៃប្រទូលដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋានឬទូលសូមអ្វីក៏ដោយ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌»។ (របាក្សត្រទី២ ៦:២៩, ៣០) កំណត់ហេតុរបស់លូការៀបរាប់ថា អ្នកថ្វាយបង្គំព្រះយេហូវ៉ាមួយហ្វូងដែលមិនមែនជាសង្ឃបាន«នៅខាងក្រៅកំពុងតែអធិស្ឋាន» នៅពេលសាការី ដែលជាឪពុកយ៉ូហានបាទីស្ទកំពុងតែដុតគ្រឿងក្រអូបនៅក្នុងព្រះវិហារ។ តាមមើលទៅ ពួកគេចាប់ផ្ដើមមានទម្លាប់មូលគ្នានៅខាងក្រៅព្រះវិហារ ដើម្បីអធិស្ឋានពេលដែលគ្រឿងក្រអូបត្រូវដុតថ្វាយព្រះយេហូវ៉ានៅលើអាសនៈមាស។—លូកា ១:៨-១០
១១ អាស្រ័យហេតុនេះយើងដឹងថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់អ្នកដែលតំណាងសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សព្វព្រះហឫទ័យសណ្ដាប់បុគ្គលម្នាក់ៗដែលចង់ទូលថ្វាយទ្រង់ដោយផ្ទាល់ ពេលដែលពួកគេខំចូលទៅជិតទ្រង់តាមរបៀបត្រឹមត្រូវ។ សព្វថ្ងៃនេះ កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យមិនមានសុពលភាពទៀតឡើយ។ ទោះជាយ៉ាងនោះក្ដី យើងអាចទាញយកមេរៀនសំខាន់ស្តីអំពីរបៀបអធិស្ឋាន ដោយមើលរបៀបសាសន៍អ៊ីស្រាអែលនៅសម័យបុរាណធ្លាប់ចូលទៅជិតព្រះ។
របៀបចូលទៅជិតព្រះតាមរយៈព្រះគ្រិស្ត
១២. តើមានការរៀបចំបែបណាសម្រាប់ឲ្យគ្រិស្តសាសនិកចូលទៅជិតព្រះយេហូវ៉ា?
១២ សព្វថ្ងៃនេះ យើងត្រូវកាន់តាមរបៀបរៀបចំដែលមានមូលដ្ឋានលើព្រះគ្រិស្ត។ លែងមានព្រះវិហារសម្រាប់បែរមុខទៅរកពេលចង់អធិស្ឋាន ហើយក៏លែងមានសង្ឃដើម្បីតំណាងរាស្ត្រព្រះទៀត។ ទោះជាយ៉ាងនេះក៏ពិតមែន ក៏ព្រះយេហូវ៉ានៅតែមានរបៀបរៀបចំមួយ ដើម្បីឲ្យយើងចូលទៅជិតទ្រង់។ តើនោះជាអ្វី? នៅឆ្នាំ២៩គ.ស. ពេលព្រះយេស៊ូបានត្រូវចាក់ប្រេងតាំង ហើយតែងតាំងជាសម្ដេចសង្ឃនោះ ព្រះវិហារខាងវិញ្ញាណចាប់ផ្ដើមមានដំណើរការ។a ព្រះវិហារខាងវិញ្ញាណនេះជាការរៀបចំថ្មីសម្រាប់ចូលទៅជិតព្រះយេហូវ៉ា ដោយផ្អែកមូលដ្ឋានលើយញ្ញបូជារបស់ព្រះគ្រិស្តយេស៊ូដែលជាតង្វាយមេត្រីធួនបាបរបស់យើង។—ហេព្រើរ ៩:១១, ១២
១៣. ស្តីអំពីសេចក្ដីអធិស្ឋាន តើព្រះវិហារនៅទីក្រុងយេរូសាឡិមនិងព្រះវិហារខាងវិញ្ញាណមានលក្ខណៈអ្វីស្រដៀងនឹងគ្នា?
១៣ លក្ខណៈជាច្រើននៃព្រះវិហារនៅទីក្រុងយេរូសាឡិម ជានិមិត្តរូបសមរម្យសម្រាប់ព្រះវិហារខាងវិញ្ញាណ រួមទាំងអ្វីៗដែលទាក់ទងនឹងសេចក្ដីអធិស្ឋានដែរ។ (ហេព្រើរ ៩:១-១០) ជាឧទាហរណ៍ តើគ្រឿងក្រអូបដែលត្រូវថ្វាយព្រឹកល្ងាចលើអាសនៈក្នុងទីបរិសុទ្ធនៃព្រះវិហារតំណាងអ្វី? យោងទៅតាមសៀវភៅវិវរណៈ «គ្រឿងក្រអូបនោះជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ»។ (វិវរណៈ ៥:៨; ៨:៣, ៤) ព្រះវិញ្ញាណបានបណ្ដាលឲ្យដាវីឌសរសេរថា៖ «សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់»។ (ទំនុកដំកើង ១៤១:២) ហេតុនេះហើយ តាមរបៀបរៀបចំដែលមានមូលដ្ឋានលើព្រះគ្រិស្ត គ្រឿងក្រអូបនោះជាតំណាងយ៉ាងត្រឹមត្រូវអំពីសេចក្ដីអធិស្ឋាននិងសេចក្ដីសរសើរដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យសណ្ដាប់។—ថែស្សាឡូនីចទី១ ៣:១០
១៤, ១៥. សូមពន្យល់អំពីការចូលទៅជិតព្រះយេហូវ៉ាដោយ (ក) គ្រិស្តសាសនិកចាក់ប្រេងតាំង។ (ខ) ចុះ«ចៀមឯទៀត»?
១៤ តើអ្នកណាអាចចូលទៅជិតព្រះនៅព្រះវិហារខាងវិញ្ញាណនេះ? នាព្រះវិហារនៅទីក្រុងយេរូសាឡិម ពួកសង្ឃនិងពួកលេវីមានឯកសិទ្ធិបម្រើនៅទីលានក្នុង ប៉ុន្តែមានតែពួកសង្ឃប៉ុណ្ណោះអាចចូលទៅក្នុងទីបរិសុទ្ធ។ គ្រិស្តសាសនិកចាក់ប្រេងតាំងដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ស្ថិតក្នុងស្ថានភាពខាងវិញ្ញាណដ៏ពិសេសមួយ ដែលតំណាងដោយទីលានក្នុងនិងទីបរិសុទ្ធ។ នោះផ្ដល់លទ្ធភាពឲ្យពួកគេអធិស្ឋាននិងសរសើរព្រះ។
១៥ ចុះ«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី? (យ៉ូហាន ១០:១៦) អេសាយបានបញ្ជាក់ថា មនុស្សពីសាសន៍ជាច្រើននឹងមកថ្វាយបង្គំព្រះយេហូវ៉ា«នៅជាន់ក្រោយបង្អស់»។ (អេសាយ ២:២, ៣) គាត់ក៏បានសរសេរថា «ពួកសាសន៍ដទៃ»ទាំងនោះនឹងនៅជាប់នឹងព្រះយេហូវ៉ា។ ព្រះបានបញ្ជាក់ថាទ្រង់សព្វព្រះហឫទ័យឲ្យពួកគេចូលមកជិតទ្រង់ ដោយមានបន្ទូលថា៖ «អញនឹង . . . ឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន»។ (អេសាយ ៥៦:៦, ៧) វិវរណៈ ៧:៩-១៥ពន្យល់ថែមទៀត ដោយសរសេរអំពី«មនុស្ស១ហ្វូងយ៉ាងធំ» ពី«គ្រប់ទាំងសាសន៍»ដែលមូលគ្នាថ្វាយបង្គំនិងអធិស្ឋានទូលថ្វាយព្រះ«ទាំងយប់ទាំងថ្ងៃ»ក្នុងទីលានក្រៅរបស់ព្រះវិហារខាងវិញ្ញាណ។ យើងពិតជាសប្បាយណាស់! ដែលដឹងថាអ្នកបម្រើទាំងអស់របស់ព្រះសព្វថ្ងៃនេះ អាចទូលថ្វាយទ្រង់ដោយសេរី ហើយមានទំនុកចិត្តទាំងស្រុងថាទ្រង់នឹងព្រះសណ្ដាប់ពួកគេ។
តើព្រះសណ្ដាប់សេចក្ដីអធិស្ឋានបែបណា?
១៦. តើយើងអាចរៀនអ្វីស្តីអំពីសេចក្ដីអធិស្ឋានដោយមើលគំរូរបស់បណ្ដាគ្រិស្តសាសនិកនៅសម័យដើម?
១៦ បណ្ដាគ្រិស្តសាសនិកនៅសម័យដើម ឧស្សាហ៍អធិស្ឋានណាស់។ តើពួកគេធ្លាប់អធិស្ឋានអំពីរឿងអ្វីខ្លះ? អ្នកចាស់ទុំក្នុងក្រុមជំនុំធ្លាប់សុំការណែនាំដើម្បីអាចជ្រើសរើសបុរសឲ្យកាន់ភារកិច្ចផ្សេងៗក្នុងអង្គការរបស់ព្រះ។ (កិច្ចការ ១:២៤, ២៥; ៦:៥, ៦) អេប៉ាប្រាសធ្លាប់អធិស្ឋានដើម្បីអ្នកជឿគ្នីគ្នា។ (កូល៉ុស ៤:១២) សមាជិកក្រុមជំនុំនៅទីក្រុងយេរូសាឡិមធ្លាប់អធិស្ឋានដើម្បីពេត្រុស ពេលដែលគាត់ជាប់គុក។ (កិច្ចការ ១២:៥) គ្រិស្តសាសនិកទាំងឡាយនៅសម័យដើមធ្លាប់សុំព្រះធ្វើឲ្យពួកគេមានចិត្តក្លាហាននៅចំពោះមុខការបៀតបៀន ដោយប្រាប់ថា «ឱព្រះអម្ចាស់អើយ! សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ»។ (កិច្ចការ ៤:២៣-៣០) យ៉ាកុបធ្លាប់លើកទឹកចិត្តគ្រិស្តសាសនិកទាំងឡាយឲ្យអធិស្ឋានសុំប្រាជ្ញាពីព្រះ ពេលដែលកំពុងតែឆ្លងកាត់ការល្បងល។ (យ៉ាកុប ១:៥) តើអ្នកអធិស្ឋានអំពីរឿងបែបនេះដែរឬទេ?
១៧. តើព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋានរបស់អ្នកណាខ្លះ?
១៧ ព្រះមិនមានសណ្ដាប់សេចក្ដីអធិស្ឋានទាំងអស់ឡើយ។ បើដូច្នេះ តើយើងអាចអធិស្ឋានយ៉ាងដូចម្ដេចដើម្បីប្រាកដថាទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង? នៅសម័យបុរាណ មនុស្សស្មោះត្រង់ដែលព្រះបានសណ្ដាប់ ធ្លាប់ទូលថ្វាយទ្រង់ដោយស្មោះ និងដោយមានចិត្តគំនិតត្រឹមត្រូវ។ ពួកគេបានបង្ហាញថាខ្លួនមានជំនឿ ហើយបានបញ្ជាក់ជំនឿនោះដោយការប្រព្រឹត្តដ៏ល្អ។ សព្វថ្ងៃនេះដែរ យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងសណ្ដាប់អស់អ្នកដែលទូលថ្វាយទ្រង់តាមរបៀបនោះ។
១៨. ដើម្បីឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង តើយើងត្រូវបំពេញតម្រូវការអ្វី?
១៨ មានតម្រូវការមួយទៀត។ សាវ័កប៉ុលបានពន្យល់អំពីតម្រូវការនេះ ដោយមានប្រសាសន៍ថា៖ «ដោយសារទ្រង់ នោះយើង . . . មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១»។ តើប៉ុលចង់សំដៅទៅលើអ្នកណាពេលគាត់សរសេរថា«ដោយសារទ្រង់»នោះ? នោះគឺព្រះយេស៊ូគ្រិស្ត។ (អេភេសូរ ២:១៣, ១៨) ដូច្នេះយើងអាចទូលថ្វាយព្រះវរបិតាដោយសេរី តាមរយៈព្រះយេស៊ូប៉ុណ្ណោះ។—យ៉ូហាន ១៤:៦; ១៥:១៦; ១៦:២៣, ២៤
១៩. (ក) តើនៅពេលណាដែលការថ្វាយគ្រឿងក្រអូបនៅអ៊ីស្រាអែលបានធ្វើឲ្យព្រះយេហូវ៉ាទាស់ព្រះហឫទ័យ? (ខ) តើយើងអាចធ្វើអ្វីដើម្បីប្រាកដថាសេចក្ដីអធិស្ឋានរបស់យើងគឺដូចជាគ្រឿងក្រអូបចំពោះព្រះយេហូវ៉ា?
១៩ ដូចបានបញ្ជាក់រួចហើយ គ្រឿងក្រអូបដែលបានត្រូវថ្វាយដោយពួកសង្ឃនៅអ៊ីស្រាអែល តំណាងសេចក្ដីអធិស្ឋាននៃអ្នកបម្រើស្មោះត្រង់របស់ព្រះដែលទ្រង់សព្វព្រះហឫទ័យសណ្ដាប់។ ក៏ប៉ុន្តែ ជួនកាលគ្រឿងក្រអូបដែលសាសន៍អ៊ីស្រាអែលបានថ្វាយជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា។ នេះគឺពេលដែលពួកគេថ្វាយគ្រឿងក្រអូប តែក៏ក្រាបថ្វាយរូបព្រះទៀត។ (អេសេគាល ៨:១០, ១១) ស្រដៀងគ្នាដែរសព្វថ្ងៃនេះ អ្នកណាដែលរាប់ខ្លួនជាអ្នកបម្រើព្រះយេហូវ៉ា តែនៅប្រព្រឹត្តអ្វីដែលខុសបញ្ញត្ដិទ្រង់ នោះសេចក្ដីអធិស្ឋានរបស់ពួកគេគឺដូចជាក្លិនអសោចិ៍ចំពោះទ្រង់វិញ។ (សុភាសិត ១៥:៨) បើដូច្នេះ ចូរយើងបន្តរក្សាឲ្យមានភាពស្អាតស្អំក្នុងរឿងទាំងអស់ ដើម្បីឲ្យសេចក្ដីអធិស្ឋានរបស់យើងបានដូចជាគ្រឿងក្រអូបចំពោះព្រះ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យសណ្ដាប់សេចក្ដីអធិស្ឋានរបស់អ្នកដែលកាន់តាមផ្លូវសុចរិតរបស់ទ្រង់។ (យ៉ូហាន ៩:៣១) ក៏ប៉ុន្តែ នៅមានសំណួរខ្លះទៀតដែលត្រូវឆ្លើយ។ តើយើងគួរអធិស្ឋានដូចម្ដេច? តើយើងអាចអធិស្ឋានអំពីរឿងអ្វីខ្លះ? តើព្រះសម្រេចតាមសេចក្ដីអធិស្ឋានរបស់យើងយ៉ាងដូចម្ដេច? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ និងសំណួរឯទៀត។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០១ ទំព័រ២៧ (ភាសាអង់គ្លេស)។
តើអ្នកអាចពន្យល់ទេ?
• តើមនុស្សឥតគ្រប់លក្ខណ៍អាចចូលទៅជិតព្រះយ៉ាងដូចម្ដេច?
• ក្នុងសេចក្ដីអធិស្ឋានរបស់យើង តើយើងអាចយកតម្រាប់តាមបុព្វបុរសរបស់សាសន៍អ៊ីស្រាអែលយ៉ាងដូចម្ដេច?
• តើយើងអាចរៀនអ្វីពីសេចក្ដីអធិស្ឋានរបស់បណ្ដាគ្រិស្តសាសនិកនៅសម័យដើម?
• តើនៅពេលណាដែលសេចក្ដីអធិស្ឋានរបស់យើងគឺដូចជាគ្រឿងក្រអូបចំពោះព្រះ?
[រូបភាពនៅទំព័រ២៣]
ហេតុអ្វីព្រះបានសព្វព្រះហឫទ័យនឹងតង្វាយរបស់អេបិល តែមិនបានសព្វព្រះហឫទ័យ នឹងតង្វាយរបស់កាអ៊ីន?
[រូបភាពនៅទំព័រ២៤]
«ទូលបង្គំជាធូលីដី ហើយជាផែះទទេ»
[រូបភាពនៅទំព័រ២៥]
«ទូលបង្គំនឹងថ្វាយទ្រង់ ១ភាគក្នុង១០»
[រូបភាពនៅទំព័រ២៦]
តើសេចក្ដីអធិស្ឋានរបស់អ្នកដូចជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាទេ?