អ្នក«នឹងមានសេចក្ដីអំណរជាមិនខាន»
«ត្រូវឲ្យធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ា . . . ដូច្នេះឯងនឹងមានសេចក្ដីអំណរជាមិនខាន»។—ចោទិយកថា ១៦:១៥
១. (ក) តើសាតាំងលើករឿងអ្វីខ្លះក្នុងការចោទប្រកាន់ព្រះ? (ខ) ក្រោយអ័ដាមនិងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា តើទ្រង់មានបន្ទូលទាយអំពីអ្វី?
ពេលសាតាំងបាននាំមុខអ័ដាមនិងអេវ៉ាឲ្យបះបោរប្រឆាំងនឹងព្រះដែលជាអ្នកបង្កើតពួកគេ នោះវាលើករឿងពីរដែលជាការចោទប្រកាន់សំខាន់ៗ។ ទីមួយ វាចោទថាព្រះយេហូវ៉ាមានបន្ទូលមិនពិត ហើយថាទ្រង់មិនគ្រប់គ្រងដោយរបៀបត្រឹមត្រូវទេ។ ទីពីរ វាចង់បង្ហើបឲ្យដឹងថា មនុស្សបម្រើព្រះដើម្បីប្រយោជន៍ខ្លួនឯង។ ការចោទប្រកាន់ទីពីរនេះ វាបានលើកបញ្ជាក់ខ្លាំងជាងគេនៅសម័យលោកយ៉ូប។ (លោកុប្បត្តិ ៣:១-៦; យ៉ូប ១:៩, ១០; ២:៤, ៥) ទោះជាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានចាត់វិធានការភ្លាមដើម្បីដោះស្រាយបញ្ហានោះ។ សូម្បីតែពេលអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែននៅឡើយ នោះព្រះយេហូវ៉ាមានបន្ទូលទាយអំពីរបៀបទ្រង់នឹងដោះស្រាយរឿងទាំងពីរ។ ព្រះយេហូវ៉ាមានបន្ទូលទាយអំពី«ពូជ»មួយនឹងកើតមក ដែលត្រូវរងរបួសកែងជើង តែក្រោយមកនឹងកិនក្បាលសាតាំងឲ្យស្លាប់ទៅ។—លោកុប្បត្តិ ៣:១៥
២. តើព្រះយេហូវ៉ាបំភ្លឺឲ្យមនុស្សយល់អំពីរបៀបទ្រង់នឹងសម្រេចបទទំនាយនៅលោកុប្បត្តិ ៣:១៥ ដោយរបៀបណា?
២ យូរៗទៅ ព្រះយេហូវ៉ាបានបំភ្លឺឲ្យមនុស្សយល់ទំនាយនោះកាន់តែច្បាស់ ហើយនេះក៏បញ្ជាក់ថាទំនាយនោះនឹងសម្រេចជាមិនខាន។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមានបន្ទូលប្រាប់អ័ប្រាហាំថា «ពូជ»នោះនឹងកើតមកពីកូនចៅគាត់។ (លោកុប្បត្តិ ២២:១៥-១៨) ចៅរបស់អ័ប្រាហាំឈ្មោះយ៉ាកុប បានក្លាយជាបុព្វបុរសនៃកុលសម្ព័ន្ធទាំង១២របស់សាសន៍អ៊ីស្រាអែល។ ពេលកុលសម្ព័ន្ធទាំងនោះក្លាយជាសាសន៍មួយនៅឆ្នាំ១៥១៣ មុនគ.ស. ព្រះយេហូវ៉ាបានប្រទានក្រឹត្យក្រមទាំងប៉ុន្មានដែលរួមបញ្ចូលពិធីបុណ្យខ្លះៗដែលគេត្រូវធ្វើប្រចាំឆ្នាំ។ សាវ័កប៉ុលបានពន្យល់ថា ពិធីបុណ្យទាំងនោះជា«ស្រមោលនៃការដែលត្រូវមក»។ (កូល៉ុស ២:១៦, ១៧; ហេព្រើរ ១០:១) ពិធីបុណ្យទាំងនោះតំណាងអ្វីៗដែលព្រះយេហូវ៉ានឹងធ្វើដើម្បីបំពេញបំណងទ្រង់ស្តីអំពីពូជសន្យា។ ពេលពួកអ៊ីស្រាអែលបានធ្វើបុណ្យទាំងនោះ ពួកគេក៏មានអំណរជាខ្លាំងដែរ។ ការពិនិត្យមើលដោយសង្ខេបនូវពិធីបុណ្យទាំងនោះនឹងពង្រឹងជំនឿរបស់យើង ថាយើងពិតជាអាចទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបាន។
ពូជសន្យាកើតមក
៣. តើពូជសន្យាជាអ្នកណា? តើកែងជើងទ្រង់បានត្រូវចឹកយ៉ាងណា?
៣ ជាង៤.០០០ឆ្នាំក្រោយព្រះយេហូវ៉ាមានបន្ទូលប្រាប់ទំនាយនោះ ពូជសន្យាបានកើតមក។ ព្រះយេស៊ូជាពូជនោះឯង។ (កាឡាទី ៣:១៦) ព្រះយេស៊ូជាមនុស្សគ្រប់លក្ខណ៍ដែលរក្សាភក្ដីភាពចំពោះព្រះរហូតដល់សោយទិវង្គត ហើយនេះជាភ័ស្តុតាងបញ្ជាក់ថា អ្វីដែលសាតាំងអះអាងនោះ សុទ្ធតែជាពាក្យកុហក។ បន្ថែមទៅទៀត ដោយសារព្រះយេស៊ូគ្មានបាបអ្វីសោះ នោះការសោយទិវង្គតរបស់ទ្រង់ជាយញ្ញបូជាលោះពិតជាមានតម្លៃថ្លៃណាស់។ តាមរយៈយញ្ញបូជានោះ ព្រះយេស៊ូបើកផ្លូវឲ្យកូនចៅស្មោះត្រង់របស់អ័ដាមនិងអេវ៉ាមានឱកាសទទួលការប្រោសលោះពីបាបនិងសេចក្ដីស្លាប់។ ការសោយទិវង្គតរបស់ព្រះយេស៊ូនៅលើបង្គោលទារុណកម្មជាការ«ចឹកកែងជើង»ពូជសន្យា។—ហេព្រើរ ៩:១១-១៤
៤. តើអ្វីតំណាងយញ្ញបូជាលោះរបស់ព្រះយេស៊ូ?
៤ ព្រះយេស៊ូបានសោយទិវង្គតនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.។a ប្រជាជនអ៊ីស្រាអែលមានទម្លាប់ធ្វើបុណ្យរំលងនៅថ្ងៃទី១៤ ខែណែសាន ហើយបុណ្យនោះនាំឲ្យមានអំណរយ៉ាងខ្លាំង។ រៀងរាល់ឆ្នាំនៅថ្ងៃនោះ ក្រុមគ្រួសារនានាបានទទួលទានអាហារជាមួយគ្នាដែលរួមបញ្ចូលសាច់កូនចៀមឥតខ្ចោះមួយក្បាល។ គឺដោយវិធីនេះហើយដែលពួកគេបានរំលឹកពីតួនាទីរបស់ឈាមនៃកូនចៀមក្នុងការប្រោសកូនច្បងរបស់ពួកអ៊ីស្រាអែលឲ្យរួច ពេលទេវតាពិឃាតបានប្រហារជីវិតកូនច្បងពួកអេស៊ីបនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ១៥១៣ មុនគ.ស.។ (និក្ខមនំ ១២:១-១៤) កូនចៀមក្នុងបុណ្យរំលងនោះតំណាងព្រះយេស៊ូ ហើយសាវ័កប៉ុលមានប្រសាសន៍អំពីទ្រង់ថា៖ «ព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ»។ (កូរិនថូសទី១ ៥:៧) ដូចឈាមនៃកូនចៀមក្នុងបុណ្យរំលងនោះ ព្រះលោហិតរបស់ព្រះយេស៊ូដែលហូរចេញមកនោះ បើកផ្លូវឲ្យមនុស្សជាច្រើនទទួលសេចក្ដីសង្គ្រោះ។—យ៉ូហាន ៣:១៦, ៣៦
‹ផលដំបូងពីពួកអ្នកដែលបានស្លាប់›
៥, ៦. (ក) តើព្រះយេស៊ូបានរស់ឡើងវិញនៅពេលណា? ស្របតាមក្រឹត្យវិន័យម៉ូសេ តើពិធីបុណ្យមួយណាតំណាងការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ? (ខ) តើការសម្រេចបទទំនាយនៅលោកុប្បត្តិ ៣:១៥ ពឹងផ្អែកលើការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញយ៉ាងណា?
៥ នៅថ្ងៃទីបី ព្រះយេស៊ូបានរស់ឡើងវិញដើម្បីថ្វាយតម្លៃនៃយញ្ញបូជាលោះនោះចំពោះព្រះវរបិតាទ្រង់។ (ហេព្រើរ ៩:២៤) ហើយការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ក៏ត្រូវតំណាងដោយពិធីបុណ្យមួយទៀត។ នៅថ្ងៃទី១៥ ខែណែសាន ពួកអ៊ីស្រាអែលចាប់ផ្ដើមធ្វើបុណ្យនំប៉័ងឥតដំបែ។ ស្អែកឡើង គឺនៅថ្ងៃទី១៦ ខែណែសាន ពួកអ៊ីស្រាអែលបានយកស្រូវឱកមួយកណ្ដាប់ជាផលដំបូងពីចម្រូតនោះដែលពួកគេច្រូតមុនអ្វីៗទាំងអស់។ ពួកគេយកស្រូវមួយកណ្ដាប់នោះឲ្យសង្ឃគ្រវីថ្វាយចំពោះព្រះយេហូវ៉ា។ (លេវីវិន័យ ២៣:៦-១៤) នៅឆ្នាំ៣៣ គ.ស. គឺសមត្រឹមត្រូវណាស់ដែលនៅថ្ងៃនោះឯងព្រះយេហូវ៉ាធ្វើឲ្យសាតាំងបរាជ័យក្នុងការបំផ្លាញចោលជារៀងរហូតនូវ«ស្មរបន្ទាល់ស្មោះត្រង់ហើយពិតប្រាកដ»របស់ទ្រង់! នៅថ្ងៃទី១៦ ខែណែសាន ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ។—វិវរណៈ ៣:១៤; ពេត្រុសទី១ ៣:១៨
៦ ព្រះយេស៊ូជា«ផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ»ក្នុងសេចក្ដីស្លាប់។ (កូរិនថូសទី១ ១៥:២០) មិនដូចមនុស្សដែលរស់ឡើងវិញហើយស្លាប់ម្ដងទៀត នោះព្រះយេស៊ូមិនសោយទិវង្គតម្ដងទៀតទេ។ ព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ហើយគង់ខាងស្ដាំព្រះយេហូវ៉ាដើម្បីរង់ចាំពេលដែលទ្រង់ត្រូវតែងតាំងជាស្តេចក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ (ទំនុកដំកើង ១១០:១; កិច្ចការ ២:៣២, ៣៣; ហេព្រើរ ១០:១២, ១៣) តាំងពីព្រះយេស៊ូបានឡើងសោយរាជ្យនោះ ទ្រង់មានអំណាចកិនក្បាលសាតាំងមួយដងជាសម្រេចដែលវាជាខ្មាំងសត្រូវព្រះ ហើយទ្រង់ក៏មានអំណាចបំផ្លាញពូជវាអស់ផងដែរ។—វិវរណៈ ១១:១៥, ១៨; ២០:១-៣, ១០
ចំនួនសមាជិកពូជអ័ប្រាហាំមានគ្នាច្រើន
៧. តើពួកអ៊ីស្រាអែលធ្វើអ្វីក្នុងបុណ្យអាទិត្យទី៧?
៧ ព្រះយេស៊ូជាពូជដែលព្រះយេហូវ៉ាបានសន្យាក្នុងសួនច្បារអេដែនថា នឹង«បំផ្លាញការរបស់អារក្សចេញ»។ (យ៉ូហានទី១ ៣:៨) ក៏ប៉ុន្តែ ពេលព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ័ប្រាហាំ ទ្រង់បង្ហាញឲ្យដឹងថា «ពូជ»អ័ប្រាហាំមិនសំដៅទៅលើមនុស្សតែម្នាក់ទេ។ ពូជនោះនឹង«មានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ»។ (លោកុប្បត្តិ ២២:១៧) កំណើតសមាជិកឯទៀតនៃ«ពូជ»សន្យានោះ ត្រូវតំណាងដោយពិធីបុណ្យមួយទៀតដែលនាំឲ្យប្រជាជនមានអំណរ។ ៥០ថ្ងៃក្រោយថ្ងៃទី១៦ ខែណែសាននោះ ពួកអ៊ីស្រាអែលបានធ្វើបុណ្យអាទិត្យទី៧។ ច្បាប់អំពីបុណ្យនោះចែងថា៖ «[ឯង]ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា។ ត្រូវយកនំប៉័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ដ២ខ្ញឹងពីផ្ទះឯង មកថ្វាយជាដង្វាយគ្រវី។ នំប៉័ងនោះត្រូវធ្វើដោយលាយដំបែសំរាប់ជាដង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា»។b—លេវីវិន័យ ២៣:១៦, ១៧, ២០
៨. នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. តើមានព្រឹត្ដិការណ៍អស្ចារ្យអ្វីកើតឡើង?
៨ ពេលព្រះយេស៊ូគង់នៅលើផែនដី បុណ្យអាទិត្យទី៧នោះត្រូវគេនិយមហៅថា បុណ្យថ្ងៃទី៥០វិញ។ នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. សម្ដេចសង្ឃដ៏ឧត្តមជាង គឺព្រះយេស៊ូគ្រិស្តដែលបានរស់ឡើងវិញ ទ្រង់បានចាក់វិញ្ញាណបរិសុទ្ធលើមនុស្សមួយក្រុមតូច គឺសិស្ស១២០នាក់របស់ទ្រង់ដែលបានប្រជុំគ្នានៅទីក្រុងយេរូសាឡិម។ យ៉ាងនេះ សិស្សទាំងនោះក្លាយជាអ្នកចាក់ប្រេងតាំងដែលជាកូនព្រះនិងបងប្អូនរបស់ព្រះយេស៊ូគ្រិស្ត។ (រ៉ូម ៨:១៥-១៧) ពួកគេបានត្រូវរៀបចំឡើងជាសាសន៍ថ្មីមួយ គឺ«សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) ដំបូងពួកគេមានគ្នាតិច តែក្រោយមកសាសន៍នោះមានចំនួន១៤៤.០០០នាក់។—វិវរណៈ ៧:១-៤
៩, ១០. ក្នុងអំឡុងបុណ្យថ្ងៃទី៥០ តើអ្វីតំណាងក្រុមជំនុំនៃពួកគ្រិស្តសាសនិកចាក់ប្រេងតាំង?
៩ នំប៉័ងពីរដុំលាយដំបែដែលគេគ្រវីថ្វាយព្រះយេហូវ៉ារាល់បុណ្យថ្ងៃទី៥០នោះ តំណាងក្រុមជំនុំនៃពួកគ្រិស្តសាសនិកចាក់ប្រេងតាំង។ ដោយសារនំប៉័ងនោះលាយដំបែ នេះបង្ហាញថាពួកគ្រិស្តសាសនិកចាក់ប្រេងតាំងនៅតែមានបាបជាមត៌កដែលប្រៀបដូចជាដំបែ។ យ៉ាងណាក្ដី ពួកគេមានផ្លូវចូលឬអាចមានទំនាក់ទំនងជាមួយព្រះយេហូវ៉ាបាន ដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (រ៉ូម ៥:១, ២) ហេតុអ្វីក៏មាននំប៉័ងពីរដុំ? នេះប្រហែលជាបញ្ជាក់ថា នៅទីបំផុតពួកអ្នកចាក់ប្រេងតាំងដែលជាកូនព្រះនឹងមកពីមនុស្សពីរក្រុម គឺមុនដំបូងមកពីពួកយូដា ហើយក្រោយមកពីសាសន៍ដទៃ។—កាឡាទី ៣:២៦-២៩; អេភេសូរ ២:១៣-១៨
១០ នំប៉័ងពីរដុំដែលគេថ្វាយនៅបុណ្យថ្ងៃទី៥០នោះ គេបានធ្វើពីផលដំបូងនៃស្រូវសាលីដែលគេច្រូត។ ដូចគ្នាដែរ ពួកគ្រិស្តសាសនិកដែលព្រះតែងតាំងដោយវិញ្ញាណទ្រង់ក៏ត្រូវហៅថា «ផលដំបូងក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក»។ (យ៉ាកុប ១:១៨) ពួកគេជាមនុស្សមុនបង្អស់ដែលព្រះយេហូវ៉ាអត់ទោសបាបឲ្យដោយផ្អែកលើព្រះលោហិតរបស់ព្រះយេស៊ូ ហើយការអត់ឱនទោសនេះបើកឱកាសឲ្យពួកគេទទួលជីវិតអមតៈនៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្ររបស់ទ្រង់។ (កូរិនថូសទី១ ១៥:៥៣; ភីលីព ៣:២០, ២១; វិវរណៈ ២០:៦) ក្នុងនាមជាកូនព្រះនៅស្ថានសួគ៌ មិនយូរប៉ុន្មានទៀតពួកគេនឹង«ឃ្វាល[ពួកសាសន៍ដទៃ]ដោយដំបងដែក» ហើយនឹងឃើញព្រះយេស៊ូ«កិនអារក្សសាតាំងនៅក្រោមជើង»ពួកគេ។ (វិវរណៈ ២:២៦, ២៧; រ៉ូម ១៦:២០) សាវ័កយ៉ូហានប្រាប់ថា៖ «[ពួក]គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ។ ទ្រង់បានលោះគេចេញពីពួកមនុស្សលោកទុកជាផ្លែដំបូងថ្វាយដល់ព្រះហើយនឹងកូនចៀម»។—វិវរណៈ ១៤:៤
ពិធីបុណ្យអំពីការប្រោសលោះ
១១, ១២. (ក) តើអ្វីបានកើតឡើងនៅថ្ងៃបុណ្យធួននឹងបាប? (ខ) តើប្រជាជនអ៊ីស្រាអែលទទួលប្រយោជន៍អ្វីខ្លះពីការបូជាកូនគោមួយក្បាលនិងពពែពីរក្បាល?
១១ នៅថ្ងៃទី១០ ខែអិថានិម (ដែលក្រោយមកគេហៅថាខែធីជ្រីវិញ)c ពួកអ៊ីស្រាអែលបានធ្វើបុណ្យមួយបង្ហាញពីរបៀបដែលមនុស្សអាចទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ នៅថ្ងៃបុណ្យនោះ ប្រជាជនទាំងឡាយបានជួបជុំគ្នាសម្រាប់ថ្វាយសត្វជាយញ្ញបូជាដើម្បីឲ្យធួននឹងបាបឬដើម្បីលុបបាបរបស់ពួកគេចេញ។—លេវីវិន័យ ១៦:២៩, ៣០
១២ នៅថ្ងៃបុណ្យធួននឹងបាបនោះ សម្ដេចសង្ឃបានបូជាកូនគោមួយក្បាល ហើយបានចូលទៅក្នុងទីបរិសុទ្ធបំផុតដើម្បីប្រោះឈាមខ្លះរបស់វាអស់៧ដងនៅមុខទីសន្ដោសប្រោសដែលជាគម្របហឹបនៃសេចក្ដីសញ្ញា។ ទង្វើនោះជាការថ្វាយឈាមចំពោះព្រះយេហូវ៉ា។ តង្វាយនោះគឺសម្រាប់បាបរបស់សម្ដេចសង្ឃនិង«ពូជពង្ស»របស់គាត់ដែលរួមបញ្ចូលពួកសង្ឃឯទៀតនិងពួកលេវីផង។ រួចមក សម្ដេចសង្ឃបានយកពពែពីរក្បាល ហើយគាត់បូជាមួយទុកជាតង្វាយធួននឹងបាបរបស់«ពួកជន»អ៊ីស្រាអែល។ គាត់ក៏ប្រោះឈាមខ្លះរបស់វានៅមុខគម្របហឹបក្នុងទីបរិសុទ្ធបំផុតដែរ។ ក្រោយមក សម្ដេចសង្ឃបានដាក់ដៃលើក្បាលពពែទីពីរ ហើយបានសារភាពបាបនៃកូនចៅអ៊ីស្រាអែល។ រួចមក គាត់ឲ្យគេដឹកពពែនោះទៅក្នុងទីរហោស្ថាន ហាក់ដូចជាវាកំពុងតែយកបាបចេញពីប្រជាជន។—លេវីវិន័យ ១៦:៣-១៦, ២១, ២២
១៣. តើព្រឹត្ដិការណ៍នានានៅថ្ងៃបុណ្យធួននឹងបាបតំណាងតួនាទីរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៣ ទង្វើទាំងនោះតំណាងអ្វីដែលព្រះយេស៊ូធ្វើក្នុងនាមជាសម្ដេចសង្ឃដ៏ឧត្តមជាង ពេលទ្រង់ប្រើតម្លៃនៃព្រះលោហិតទ្រង់ដើម្បីឲ្យមនុស្សទទួលការអត់ឱនទោសបាប។ ទីមួយ តម្លៃនៃព្រះលោហិតទ្រង់នាំឲ្យ«ផ្ទះខាងឯវិញ្ញាណ»ឬពួកគ្រិស្តសាសនិកចាក់ប្រេងតាំង១៤៤.០០០នាក់ទទួលប្រយោជន៍ដោយត្រូវរាប់ជាសុចរិតហើយព្រះយេហូវ៉ាចាត់ទុកពួកគេជាមនុស្សស្អាតស្អំ។ (ពេត្រុសទី១ ២:៥; កូរិនថូសទី១ ៦:១១) នេះបានត្រូវតំណាងដោយការបូជាកូនគោនោះ ហើយនេះក៏បើកផ្លូវឲ្យពួកគេទទួលមត៌កនៅឯស្ថានសួគ៌។ ទីពីរ តម្លៃនៃព្រះលោហិតរបស់ព្រះយេស៊ូត្រូវប្រើសម្រាប់មនុស្សរាប់លាននាក់ឯទៀតដែលបង្ហាញពីជំនឿរបស់ខ្លួនលើព្រះគ្រិស្ត ហើយនេះបានត្រូវតំណាងដោយការបូជាពពែមួយក្បាលនោះ។ មនុស្សរាប់លាននាក់ទាំងនេះនឹងទទួលជីវិតជារៀងរហូតនៅលើផែនដី ទុកជាមត៌កដែលអ័ដាមនិងអេវ៉ាបាត់បង់នោះ។ (ទំនុកដំកើង ៣៧:១០, ១១) ដោយផ្អែកលើព្រះលោហិតរបស់ព្រះយេស៊ូដែលបានហូរចេញនោះ ទ្រង់យកបាបចេញពីមនុស្សដូចពពែមួយក្បាលដែលធ្វើហាក់ដូចជាវាយកបាបចេញពីប្រជាជនអ៊ីស្រាអែលពេលគេនាំវាទៅឯទីរហោស្ថាន។—អេសាយ ៥៣:៤, ៥
ចូរមានអំណរចំពោះព្រះយេហូវ៉ា
១៤, ១៥. តើអ្វីបានកើតឡើងក្នុងអំឡុងបុណ្យបារាំ? តើនេះបានរំលឹកពួកគេអំពីអ្វី?
១៤ ក្រោយថ្ងៃបុណ្យធួននឹងបាបនោះ ពួកអ៊ីស្រាអែលបានធ្វើបុណ្យបារាំដែលនាំឲ្យពួកគេមានអំណរច្រើនបំផុត។ (លេវីវិន័យ ២៣:៣៤-៤៣) ពួកអ៊ីស្រាអែលបានធ្វើបុណ្យបារាំចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ ខែអិថានិម ហើយបុណ្យនោះចប់ដោយមានថ្ងៃប្រជុំជំនុំបរិសុទ្ធនៅថ្ងៃទី២២ក្នុងខែនោះ។ ថ្ងៃចុងក្រោយនៃបុណ្យបារាំសម្គាល់ដោយការប្រមូលផលចម្រូត ដូច្នេះជាគ្រាថ្លែងអំណរគុណចំពោះព្រះទ័យសប្បុរសរបស់ព្រះយេហូវ៉ា។ ហេតុនេះហើយបានជាទ្រង់បង្គាប់ពួកអ្នកដែលធ្វើបុណ្យនោះថា៖ «ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯងចំពោះអស់ទាំងផលចំរើនរបស់ឯងហើយក្នុងគ្រប់ទាំងការដែលដៃឯងធ្វើ ដូច្នេះឯងនឹងមានសេចក្ដីអំណរជាមិនខាន»។ (ចោទិយកថា ១៦:១៥) ពេលធ្វើពិធីបុណ្យនោះ ពួកគេច្បាស់ជារីករាយមែន!
១៥ ក្នុងអំឡុងបុណ្យបារាំ អស់រយៈពេល៧ថ្ងៃប្រជាជនអ៊ីស្រាអែលបានស្នាក់នៅក្នុងរោងដែលគេធ្វើ។ ទង្វើនេះបានរំលឹកប្រជាជនអ៊ីស្រាអែលថា កាលនៅទីរហោស្ថានពួកគេធ្លាប់ស្នាក់នៅក្នុងរោងដូចនោះដែរ។ បុណ្យបារាំបានផ្ដល់ឱកាសឲ្យប្រជាជនរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាដែលជាព្រះវរបិតាបានថែរក្សាពួកគេ។ (ចោទិយកថា ៨:១៥, ១៦) ដោយសារប្រជាជនទាំងឡាយ (មិនថាអ្នកមានឬក្រក្ដី) បានស្នាក់នៅក្នុងរោងប្រហាក់ប្រហែលនឹងគ្នានោះ នេះបានរំលឹកពួកគេថា ក្នុងអំឡុងពេលធ្វើបុណ្យបារាំ ពួកគេស្មើភាពគ្នា។—នេហេមា ៨:១៤-១៦
១៦. តើបុណ្យបារាំតំណាងអ្វី?
១៦ បុណ្យបារាំជាបុណ្យមួយទាក់ទងនឹងចម្រូត ដូច្នេះជាពិធីដែលនាំឲ្យមានអំណរចំពោះការប្រមូលផល ហើយក៏តំណាងការប្រមូលអស់អ្នកដែលបង្ហាញថាមានជំនឿទៅលើព្រះយេស៊ូគ្រិស្ត ដែលពិតជាហេតុអរសប្បាយមែន។ ការប្រមូលពួកអ្នកបម្រើព្រះបានចាប់ផ្ដើមនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ពេលសិស្ស១២០នាក់របស់ព្រះយេស៊ូបានត្រូវចាក់ប្រេងតាំងឲ្យរួមចំណែកក្នុងចំណោម«ពួកសង្ឃបរិសុទ្ធ»។ ដូចពួកអ៊ីស្រាអែលដែលបានស្នាក់នៅក្នុងរោងប៉ុន្មានថ្ងៃនោះ ពួកអ្នកចាក់ប្រេងតាំងដឹងថាពួកគេជា«អ្នកដែលគ្រាន់តែសំណាក់នៅ»បណ្ដោះអាសន្នក្នុងលោកិយនេះដែលមិនគោរពព្រះ។ ពួកគេសង្ឃឹមនឹងទទួលជីវិតនៅស្ថានសួគ៌វិញ។ (ពេត្រុសទី១ ២:៥, ១១) នៅ«ជាន់ក្រោយបង្អស់»នេះ ការប្រមូលពួកគ្រិស្តសាសនិកចាក់ប្រេងតាំងគឺជិតចប់ហើយ ដ្បិតឥឡូវនេះពួកអ្នកនៅសល់ទាំងប៉ុន្មាននៃ១៤៤.០០០នាក់កំពុងតែប្រមូលមក។—ធីម៉ូថេទី២ ៣:១
១៧, ១៨. (ក) ក្រៅពីពួកគ្រិស្តសាសនិកចាក់ប្រេងតាំងនោះ តើអ្វីបង្ហាញថា មនុស្សឯទៀតក៏នឹងទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះយេស៊ូដែរ? (ខ) នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងតែទទួលប្រយោជន៍ពីអ្វីដែលបុណ្យបារាំតំណាង? តើគ្រាមានអំណរដែលតំណាងដោយបុណ្យបារាំនោះនឹងមកដល់ទីបញ្ចប់នៅពេលណា?
១៧ ចំណុចមួយទៀតដ៏គួរឲ្យកត់សម្គាល់គឺថា ក្នុងអំឡុងបុណ្យបារាំពីបុរាណនោះ ពួកគេបានថ្វាយគោ៧០ក្បាលជាយញ្ញបូជា។ (ជនគណនា ២៩:១២-៣៤) លេខ៧០នេះតំណាងមនុស្សទាំងអស់ដែលកើតចេញពី៧០គ្រួសារនៃកូនចៅណូអេ។d ដូច្នេះ មនុស្សស្មោះត្រង់ទាំងអស់គ្នាអាចទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះយេស៊ូបាន។ (លោកុប្បត្តិ ១០:១-២៩) ជាលទ្ធផល នៅសម័យនេះមនុស្សជាច្រើនពីគ្រប់ទាំងសាសន៍បានត្រូវប្រមូលមក។ ពួកគេបង្ហាញថាខ្លួនមានជំនឿលើព្រះយេស៊ូ ហើយមានសេចក្ដីសង្ឃឹមរស់ក្នុងសួនមនោរម្យនៅលើផែនដី។
១៨ សាវ័កយ៉ូហានបានឃើញចក្ខុនិមិត្តមួយដូចជាសុបិនដែលបង្ហាញអំពីការប្រមូលមនុស្សនៅសម័យយើងនេះ។ មុនដំបូង គាត់ឮគេប្រកាសថា ពួកអ្នកនៅសល់ទាំងប៉ុន្មានក្នុងចំណោម១៤៤.០០០នាក់នោះ បានត្រូវបោះត្រាឬជ្រើសរើសអស់ហើយ។ ក្រោយមកគាត់ឃើញ«មនុស្ស១ហ្វូងយ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់បាន» កំពុងតែឈរនៅមុខព្រះយេហូវ៉ានិងព្រះយេស៊ូទាំង«កាន់ធាងចាកនៅដៃ»។ អ្នកទាំងនោះ«ជាពួកអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំ» ហើយចូលទៅក្នុងពិភពលោកថ្មី។ សព្វថ្ងៃនេះពួកគេគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នក្នុងរបបលោកិយចាស់នេះ ព្រមទាំងទន្ទឹងចាំដោយមានទំនុកចិត្តរឹងមាំទៅលើគ្រាដែល«កូនចៀម . . . នឹងឃ្វាលហើយនាំគេទៅដល់រន្ធទឹកនៃជីវិត»។ នៅគ្រានោះ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ»។ (វិវរណៈ ៧:១-១០, ១៤-១៧) បុណ្យបារាំតំណាងការសោយរាជ្យ១.០០០ឆ្នាំរបស់ព្រះគ្រិស្ត ហើយអ្នកស្មោះត្រង់ក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំនិងពួកអ្នកដែលរស់ឡើងវិញក្នុងអំឡុង១.០០០ឆ្នាំនោះ ពួកគេនឹងទទួលជីវិតជារៀងរហូតនៅដំណាច់គ្រានោះ។—វិវរណៈ ២០:៥
១៩. តើយើងទទួលប្រយោជន៍អ្វីពីការពិចារណាពិធីបុណ្យផ្សេងៗដែលពួកអ៊ីស្រាអែលធ្លាប់ធ្វើ?
១៩ ពេលយើងរំពឹងគិតអំពីអត្ថន័យនៃពិធីបុណ្យផ្សេងៗនៅស្រុកយូដាពីបុរាណ យើងក៏«មានសេចក្ដីអំណរជាមិនខាន»ដែរ។ យើងមានចិត្តរីករាយពេលដឹងថាព្រះយេហូវ៉ាបានបង្ហាញទុកជាមុននូវរបៀបដែលទ្រង់នឹងបំពេញតាមទំនាយដែលទ្រង់មានបន្ទូលក្នុងសួនច្បារអេដែន ហើយយើងក៏រំភើបចិត្តណាស់ ពេលមើលទំនាយនោះកំពុងសម្រេចបន្ដិចម្ដងៗនៅសម័យយើងនេះ។ សព្វថ្ងៃនេះ យើងដឹងថាពូជសន្យាបានកើតមក ហើយកែងជើងទ្រង់បានត្រូវចឹករួចហើយ។ ឥឡូវនេះព្រះយេស៊ូកំពុងតែសោយរាជ្យជាស្តេច។ ម្យ៉ាងទៀត ពួក១៤៤.០០០នាក់ភាគច្រើនបានរក្សាភាពស្មោះត្រង់រហូតដល់ទីមរណៈរួចហើយ។ តើនៅតែមានព្រឹត្ដិការណ៍អ្វីទៀតនឹងកើតឡើង? តើបទទំនាយរបស់ព្រះយេហូវ៉ានឹងសម្រេចទាំងអស់នៅពេលណា? យើងនឹងពិភាក្សាចំណុចទាំងនេះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ខែណែសានគឺប្រហាក់ប្រហែលនឹងខែចេត្រដែលស្មើនឹងចុងខែមីនាដើមខែមេសា។
b ពេលសង្ឃថ្វាយនំប៉័ងពីរដុំជាតង្វាយគ្រវី ធម្មតាគាត់ដាក់នំប៉័ងលើបាតដៃទាំងពីរនិងលើកឡើងលើហើយរេដៃចុះឡើង។ ចលនានោះតំណាងការថ្វាយតង្វាយចំពោះព្រះយេហូវ៉ា។—សូមមើលសៀវភៅភាសាអង់គ្លេសដែលមានចំណងជើងថា ការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (Insight on the Scriptures) ក្បាលទី២ ទំព័រ៥២៨ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
c ខែអិថានិមដែលហៅថាខែធីជ្រីក៏បាន គឺប្រហាក់ប្រហែលនឹងខែអស្សុជដែលស្មើនឹងចុងខែកញ្ញាដើមខែតុលា។
d ដើម្បីឲ្យបាន៧០ យើងត្រូវយក៧គុណនឹង១០ ហើយក្នុងព្រះគម្ពីរលេខ៧តំណាងភាពគ្រប់លក្ខណ៍ឬពេញលក្ខណៈស្តីអំពីអ្វីៗនៅស្ថានសួគ៌ និងលេខ១០តំណាងភាពគ្រប់លក្ខណ៍ឬពេញលក្ខណៈស្តីអំពីអ្វីៗនៅផែនដី។
តើអ្នកអាចពន្យល់បានទេ?
• តើកូនចៀមក្នុងបុណ្យរំលងតំណាងអ្វី?
• តើបុណ្យថ្ងៃទី៥០តំណាងការប្រមូលអ្វី?
• តើទង្វើអ្វីខ្លះនៅថ្ងៃបុណ្យធួននឹងបាបដែលបង្ហាញអំពីរបៀបព្រះយេស៊ូប្រើយញ្ញបូជាលោះរបស់ទ្រង់?
• តើបុណ្យបារាំតំណាងការប្រមូលពួកគ្រិស្តសាសនិកយ៉ាងដូចម្ដេច?
[តារាងនៅទំព័រ២៦, ២៧]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ព្រឹត្ដិការណ៍: តំណាង:
បុណ្យរំលង ថ្ងៃទី១៤ ខែណែសាន សម្លាប់កូនចៀម ព្រះយេស៊ូសោយទិវង្គត
សម្រាប់បុណ្យរំលង ជាយញ្ញបូជាលោះ
បុណ្យនំប៉័ងឥតដំបែ ថ្ងៃទី១៥ ខែណែសាន ថ្ងៃឈប់សម្រាក
(ពីថ្ងៃទី១៥-២១ ថ្ងៃទី១៦ ខែណែសាន ថ្វាយស្រូវឱក ព្រះយេស៊ូរស់ឡើងវិញ
ខែណែសាន)
↑
៥០ថ្ងៃ
↓
បុណ្យអាទិត្យទី៧ ថ្វាយនំប៉័ងពីរដុំ ព្រះយេស៊ូថ្វាយចំពោះព្រះយេហូវ៉ា
(ឬ«បុណ្យថ្ងៃទី៥០») ថ្ងៃទី៦ ខែសែវ៉ាន់ នូវពួកអ្នកចាក់ប្រេងតាំងដំបូង
ថ្ងៃបុណ្យធួននឹងបាប ថ្ងៃទី១០ ខែធីជ្រី ថ្វាយគោមួយ ព្រះយេស៊ូថ្វាយតម្លៃព្រះ
និងពពែពីរក្បាល លោហិតទ្រង់សម្រាប់មនុស្ស
លោកទាំងឡាយ
បុណ្យបារាំ ថ្ងៃទី១៥-២១ ខែធីជ្រី ពួកអ៊ីស្រាអែលមាន ការប្រមូលពួកអ្នកចាក់
(ឬបុណ្យប្រមូលផល) អំណរពេលនៅក្នុងរោងនិង ប្រេងតាំង និង«មនុស្ស១
មានចិត្តរីករាយចំពោះចម្រូត ហ្វូងយ៉ាងធំ»
ហើយថ្វាយគោ៧០ក្បាល
[រូបភាពនៅទំព័រ២៦]
ផលដំបូងពីស្រូវឱកដែលគេថ្វាយនៅថ្ងៃទី១៦ ខែណែសាន តំណាងការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ
[រូបភាពនៅទំព័រ២៧]
នំប៉័ងពីរដុំដែលគេថ្វាយនៅបុណ្យថ្ងៃទី៥០តំណាងក្រុមជំនុំនៃពួកគ្រិស្តសាសនិកចាក់ប្រេងតាំង