«ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា!»
«ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ! តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។—ទំនុកដំកើង ១១៨:៦
១. បន្ដិចទៀតនេះ តើមនុស្សជាតិត្រូវប្រឈមមុខនឹងព្រឹត្ដិការណ៍ដ៏សំខាន់ៗអ្វីខ្លះ?
នៅបន្ដិចទៀត មនុស្សជាតិត្រូវប្រឈមមុខនឹងព្រឹត្ដិការណ៍យ៉ាងអស្ចារ្យ ដល់ម្ល៉េះបានជាមិនធ្លាប់មានពីមុនឡើយ។ ព្រះយេស៊ូបានថ្លែងទំនាយអំពីព្រឹត្ដិការណ៍ទាំងនោះដែលនឹងកើតឡើងនៅសម័យនេះ ហើយទ្រង់បានព្រមានអ្នកកាន់តាមទ្រង់ថា៖ «នៅគ្រានោះនឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ។ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង»។—ម៉ាថាយ ២៤:២១, ២២
២. ម្ដេចក៏សេចក្ដីវេទនាជាខ្លាំងមិនទាន់ផ្ទុះឡើង?
២ សព្វថ្ងៃនេះ ទេវតាដែលយើងមិនអាចឃើញនៅឯស្ថានសួគ៌ កំពុងទប់សេចក្ដីវេទនាជាខ្លាំងកុំឲ្យផ្ទុះឡើង។ ព្រះយេស៊ូបានប្រទានឲ្យសាវ័កយ៉ូហានមានឯកសិទ្ធិឃើញក្នុងគំនិតនូវមូលហេតុដែលសេចក្ដីវេទនានោះមិនទាន់ផ្ទុះឡើងនៅឡើយ។ យ៉ូហានពិពណ៌នាអំពីអ្វីដែលគាត់ឃើញដោយរៀបរាប់ថា៖ «ខ្ញុំឃើញទេវតា៤រូបឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស . . . រួចខ្ញុំឃើញទេវតា១ទៀតដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់។ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ . . . ថា៖ ‹កុំឲ្យធ្វើទុក្ខផែនដីឬសមុទ្រឬដើមឈើណាក្ដី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន› »។—វិវរណៈ ៧:១-៣
៣. ពេលសេចក្ដីវេទនាជាខ្លាំងផ្ទុះឡើង តើអ្វីនឹងកើតឡើងមុនគេ?
៣ ការបោះត្រា«ពួកបាវបំរើរបស់ព្រះនៃយើង»ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ គឺជិតចប់ហើយ។ ទេវតាទាំងបួនរូបក៏ហៀបនឹងលែងទប់ខ្យល់ទាំងនោះដែលនឹងបំផ្លាញពិភពលោកនេះ។ ពេលទេវតាលែងទប់ តើអ្វីនឹងកើតឡើងមុនគេ? ទេវតាមួយរូបឆ្លើយសំណួរនេះដោយប្រាប់ថា៖ «ទីក្រុងបាប៊ីឡូនដ៏ជាធំនឹងត្រូវបោះទំលាក់ទៅដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ»។ (វិវរណៈ ១៨:២១) ពេលសាសនាមិនពិតទាំងឡាយ ដែលប្រៀបដូចជាចក្រភពមួយ បានបំផ្លាញចោលនោះ ទេវតាគ្រប់រូបនៅឯស្ថានសួគ៌នឹងអបអរសាទរមែន!—វិវរណៈ ១៩:១, ២
៤. តើនឹងមានព្រឹត្ដិការណ៍អ្វីខ្លះទៀតនៅខាងមុខយើង?
៤ មុនសេចក្ដីវេទនានោះ គ្រប់ទាំងប្រជាជាតិនៅផែនដីនឹងពួតដៃគ្នាដើម្បីប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ តើប្រជាជាតិទាំងឡាយអាចបំផ្លាញចោលគ្រិស្តសាសនិកស្មោះត្រង់ទាំងអស់បានទេ? គឺច្បាស់ជាមើលទៅហាក់ដូចជាពួកគេមានសមត្ថភាពធ្វើដូច្នេះមែន! ប៉ុន្តែ សូមកត់សម្គាល់ថា ពលទ័ពនៅឯស្ថានសួគ៌ដែលកាន់តាមព្រះគ្រិស្តយេស៊ូ នឹងចាត់វិធានការដើម្បីបំផ្លាញកងកម្លាំងរបស់ប្រជាជាតិទាំងឡាយ។ (វិវរណៈ ១៩:១៩-២១) នៅទីបំផុត ព្រះយេស៊ូនឹងឃុំទុកសាតាំងនិងទេវតារបស់វាលែងឲ្យមានសកម្មភាពទៀត ហាក់ដូចជាបានទម្លាក់ទៅក្នុងជង្ហុកធំ។ ពួកវាមិនអាចនាំមនុស្សឲ្យវង្វេងទៀត ពីព្រោះនឹងត្រូវឃុំទុកអស់រយៈពេល១.០០០ឆ្នាំ។ មនុស្សច្រើននាក់នឹងរួចរស់ជីវិត ហើយពួកគេច្បាស់ជានឹងមានអារម្មណ៍ធូរស្រាលមែន!—វិវរណៈ ៧:៩, ១០, ១៤; ២០:១-៣
៥. តើអ្វីដែលបណ្ដាលឲ្យអស់អ្នកដែលមានចិត្តភក្ដីចំពោះព្រះយេហូវ៉ាបានទទួលអំណរ?
៥ មិនយូរប៉ុន្មានទៀត យើងនឹងឆ្លងកាត់ព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យនិងស្ញប់ស្ញែង។ ព្រឹត្ដិការណ៍ទាំងអស់នោះមានតួនាទីសំខាន់ក្នុងការលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលមានសិទ្ធិគ្រប់គ្រងលើសកលលោកទាំងមូល។ សូមគិតអំពីចំណុចមួយនេះទៀតដែរ បើយើងមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា ហើយលើកតម្កើងការគ្រប់គ្រងរបស់ទ្រង់ យើងក៏នឹងមានឯកសិទ្ធិលើកឈ្មោះទ្រង់ឲ្យបានបរិសុទ្ធ ព្រមទាំងរួមចំណែកក្នុងការសម្រេចនៃគោលបំណងរបស់ទ្រង់។ ឯកសិទ្ធិនេះពិតជាផ្ដល់ហេតុឲ្យមានអំណរយ៉ាងខ្លាំង!
៦. ដោយគិតពីព្រឹត្ដិការណ៍ដែលកៀកណាស់ហើយនោះ តើយើងនឹងពិនិត្យមើលអ្វីខ្លះ?
៦ មុនព្រឹត្ដិការណ៍ដ៏សំខាន់ទាំងនោះកើតឡើង តើយើងបានប្រុងប្រៀបខ្លួនជាស្រេចឬនៅ? តើយើងមានជំនឿថា ព្រះយេហូវ៉ានឹងសង្គ្រោះយើងមែនទេ? តើយើងមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងជួយយើងភ្លាមៗ ពេលដែលយើងត្រូវការជំនួយទេ? តើយើងទុកចិត្តថា វិធីដែលទ្រង់នឹងជួយយើងនោះ គឺជាវិធីដ៏ល្អបំផុតឬ? ពេលឆ្លើយសំណួរទាំងនេះ ចូរឲ្យយើងម្នាក់ៗនឹកចាំពាក្យដែលសាវ័កប៉ុលបានសរសេរចំពោះគ្រិស្តសាសនិកគ្នីគ្នារបស់គាត់នៅទីក្រុងរ៉ូម។ គាត់សរសេរថា៖ «អស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) សេចក្ដីដែលបានចែងទុកដើម្បីបង្រៀន កម្សាន្តចិត្តឬសម្រាលទុក្ខនិងផ្ដល់សេចក្ដីសង្ឃឹមឲ្យយើង ក៏រួមបញ្ចូលកំណត់ហេតុអំពីគ្រាដែលព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែលចេញពីដៃដ៏ធ្ងន់របស់ពួកអេស៊ីប ដែលបានសង្កត់លើពួកគេយ៉ាងខ្លាំង។ ការពិនិត្យមើលឲ្យបានដិតដល់នូវព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យទាំងនោះ នឹងបញ្ជាក់ពីរបៀបដែលព្រះយេហូវ៉ាបានចាត់វិធានការដើម្បីសង្គ្រោះកូនចៅអ៊ីស្រាអែល ហើយក៏អាចលើកទឹកចិត្តយើងច្រើនណាស់ ពេលយើងទន្ទឹងចាំសេចក្ដីវេទនាជាខ្លាំងដែលកៀកណាស់ហើយ!
ព្រះយេហូវ៉ាសង្គ្រោះរាស្ត្ររបស់ទ្រង់
៧. នៅឆ្នាំ១៥១៣ មុនគ.ស. ម្ដេចក៏ស្តេចស្រុកអេស៊ីបខឹងខ្លាំងម្ល៉េះ?
៧ នៅឆ្នាំ១៥១៣ មុនគ.ស. ព្រះយេហូវ៉ាបានបណ្ដាលឲ្យជនជាតិអេស៊ីបរងទុក្ខវេទនា១០ប្រការ។ ក្រោយទុក្ខវេទនាទី៩ ផារ៉ោនដែលជាស្តេចរបស់ពួកអេស៊ីបបានដេញលោកម៉ូសេចេញ ទាំងគំរាមកំហែងថា៖ «ថយចេញពីអញទៅ! ចូរប្រយ័ត កុំឲ្យមកនៅមុខអញទៀតឡើយ! ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់»។ ម៉ូសេបានឆ្លើយតបថា៖ «ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ»។—និក្ខមនំ ១០:២៨, ២៩
៨. តើព្រះយេហូវ៉ាបង្គាប់ពួកអ៊ីស្រាអែលឲ្យធ្វើអ្វីដើម្បីរួចរស់ជីវិត? តើមានលទ្ធផលអ្វី?
៨ បន្ទាប់មក ព្រះយេហូវ៉ាជម្រាបដល់ម៉ូសេថា ទ្រង់មានបំណងដាក់សេចក្ដីវេទនាតែមួយគត់ទៀតទៅលើផារ៉ោននិងពួកអេស៊ីប។ នៅថ្ងៃទី១៤ ខែអាប៊ិប (ហៅថា ណែសានក៏បាន ដែលប្រហាក់ប្រហែលនឹងខែចេត្រ) អស់ទាំងកូនប្រុសច្បងរបស់ពួកអេស៊ីប ព្រមទាំងកូនច្បងនៃអស់ទាំងសត្វត្រូវស្លាប់។ ប៉ុន្តែ ពួកជនជាតិអ៊ីស្រាអែលអាចរួចរស់ជីវិត ដោយធ្វើតាមការណែនាំដែលម៉ូសេបានទទួលពីព្រះយេហូវ៉ា។ ពួកអ៊ីស្រាអែលត្រូវយកឈាមរបស់កូនចៀមឈ្មោលទៅប្រឡាក់នៅលើធ្នឹមទ្វារនិងក្របទ្វារទាំងសងខាងនៃផ្ទះរបស់ខ្លួន ហើយពួកគេមិនគួរចេញពីផ្ទះឡើយ។ នៅរាត្រីនោះ តើអ្វីបានកើតឡើង? ម៉ូសេរៀបរាប់ថា៖ «នៅកណ្ដាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ»។ ភ្លាមៗផារ៉ោនហៅម៉ូសេនិងអើរ៉ុនឲ្យមកជួប ទាំងបង្គាប់ថា៖ «ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្ដាលរាស្ត្រអញនេះទៅ . . . ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ!»។ រួចមក ពួកអ៊ីស្រាអែលបាននាំគ្នាចេញទៅជាប្រញាប់! ពួកគេប្រហែលជាមានគ្នាជាងបីលាននាក់ ហើយ«មនុស្សសន្ធឹកគ្រប់បែប»ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ក៏បានចេញដំណើរទៅជាមួយពួកគេដែរ។—និក្ខមនំ ១២:១-៧, ២៩, ៣១, ៣៧, ៣៨
៩. តើព្រះយេហូវ៉ានាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបទៅតាមផ្លូវមួយណា? ហេតុអ្វីបានជាព្រះយេហូវ៉ាជ្រើសរើសផ្លូវនោះ?
៩ ផ្លូវជិតជាងគេ គឺផ្លូវក្បែរសមុទ្រមេឌីទែរ៉ានេដែលកាត់ស្រុកភីលីស្ទីន ជាផ្លូវលឿនជាងគេទៅដល់ស្រុកសន្យា។ ប៉ុន្តែ ពួកភីលីស្ទីនជាខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល។ ដូច្នេះ ព្រះយេហូវ៉ានាំរាស្ត្រទ្រង់ឲ្យដើរកាត់ទីរហោឋាននៅក្បែរសមុទ្រក្រហមវិញ ប្រហែលជាដោយសារទ្រង់មិនចង់ឲ្យពួកគេធ្វើសង្គ្រាម។ ទោះជាមានគ្នាប៉ុន្មានលាននាក់ក៏ដោយ ពួកគេមានរបៀបរៀបរយដែរ។ កំណត់ហេតុក្នុងគម្ពីរចែងថា៖ «ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ដ្រាវុធ»ឬ«មានទំនងដូចជាកងទ័ព»។—និក្ខមនំ ១៣:១៧, ១៨; ព.ថ.
«មើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា »
១០. ម្ដេចក៏ព្រះយេហូវ៉ាបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យដំឡើងត្រសាលនៅមុខពីហាហីរ៉ុថ?
១០ ក្រោយមក ព្រះយេហូវ៉ាបង្គាប់ឲ្យពួកអ៊ីស្រាអែលធ្វើអ្វីដែលប្លែកបន្ដិច។ ទ្រង់បង្គាប់ម៉ូសេថា៖ «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបែរទៅដំឡើងត្រសាលនៅឯមុខពីហាហីរ៉ុថ ត្រង់កណ្ដាលស្រុកមីកដុលហើយនឹងសមុទ្រ ទល់មុខនឹងបាលសេផុនវិញ»។ ពេលជនជាតិអ៊ីស្រាអែលធ្វើតាមបង្គាប់នេះ ភ្នំក៏ស្ទាក់ផ្លូវម្ខាង ហើយដៃសមុទ្រក្រហមក៏ស្ទាក់ផ្លូវម្ខាងទៀត។ ដូច្នេះ មើលទៅដូចជាអត់មានផ្លូវទៅមុខទៀត។ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើដូច្នេះដោយចេតនា។ ទ្រង់ជម្រាបដល់ម៉ូសេថា៖ «អញនឹងបណ្ដាលឲ្យផារ៉ោនមានចិត្តរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្ដិសព្ទដោយសារផារ៉ោននឹងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត»។—និក្ខមនំ ១៤:១-៤
១១. (ក) តើផារ៉ោនសម្រេចចិត្តធ្វើអ្វី? តើបណ្ដាជនអ៊ីស្រាអែលមានអារម្មណ៍យ៉ាងណា? (ខ) ពេលបណ្ដាជនស្រែកដាក់ម៉ូសេ តើគាត់ឆ្លើយតបយ៉ាងណា?
១១ ផារ៉ោនស្ដាយក្រោយដោយសារគាត់បានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដូច្នេះគាត់ជ្រើសរើសរទេះចម្បាំង៦០០គ្រឿង ហើយដេញតាមពួកគេជាប្រញាប់។ ពេលពួកអ៊ីស្រាអែលឃើញពលទ័ពអេស៊ីបឈានមក ពួកគេចាប់ផ្ដើមភ័យស្លុតជាខ្លាំង ហើយស្រែកដាក់ម៉ូសេថា៖ «តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងរាល់គ្នាមកឲ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ?»។ ដោយសារម៉ូសេទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ គាត់ឆ្លើយតបនឹងបណ្ដាជនថា៖ «កុំខ្លាចអី! ឈប់សិន! ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ។ . . . ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ»។—និក្ខមនំ ១៤:៥-១៤
១២. តើព្រះយេហូវ៉ាសង្គ្រោះរាស្ត្រទ្រង់ដោយរបៀបណា?
១២ សមស្របនឹងពាក្យរបស់ម៉ូសេ ព្រះយេហូវ៉ាចាត់វិធានការភ្លាមដើម្បីច្បាំងជំនួសពួកអ៊ីស្រាអែល។ ពីមុន ព្រះយេហូវ៉ាបាននាំមុខបណ្ដាជនអ៊ីស្រាអែលដោយពពកដែលមានរាងដូចជាបង្គោល ប៉ុន្តែដល់ពេលនេះ ទ្រង់ធ្វើអព្ភូតហេតុហើយទេវតារបស់ទ្រង់ក៏នាំបង្គោលពពកទៅក្រោយបណ្ដាជនវិញ។ ដោយសារបង្គោលពពកនោះ ពួកអេស៊ីបបានស្ថិតក្នុងភាពងងឹត តែខាងឯពួកអ៊ីស្រាអែលវិញ មានពន្លឺភ្លឺដូចជាថ្ងៃ។ (និក្ខមនំ ១៣:២១, ២២; ១៤:១៩, ២០) រួចមក ម៉ូសេធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយលើកដៃទៅលើសមុទ្រ។ កំណត់ហេតុក្នុងគម្ពីររៀបរាប់ទៀតថា៖ «ព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ . . . ពួកកូនចៅអ៊ីស្រាអែលគេក៏ចូលទៅនាកណ្ដាលសមុទ្រតាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្ដាំនឹងខាងឆ្វេងគេ»។ ពលទ័ពអេស៊ីបដេញតាមពួកអ៊ីស្រាអែល ប៉ុន្តែព្រះយេហូវ៉ាគាំទ្ររាស្ត្រទ្រង់។ ព្រះយេហូវ៉ាបណ្ដាលឲ្យពលទ័ពអេស៊ីបកោលាហលឡើង រួចមកបង្គាប់ដល់ម៉ូសេថា៖ «ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះនឹងពួកទ័ពសេះគេផង»។ ពលទ័ពរបស់ផារ៉ោនវិនាសទៅទាំងស្រុង! សូម្បីតែទ័ពម្នាក់គត់ក៏គ្មានសល់ឡើយ!—និក្ខមនំ ១៤:២១-២៨; ទំនុកដំកើង ១៣៦:១៥
សេចក្ដីសង្គ្រោះរបស់ពួកអ៊ីស្រាអែល តើផ្ដល់មេរៀនអ្វី?
១៣. ពេលព្រះយេហូវ៉ាបានសង្គ្រោះកូនចៅអ៊ីស្រាអែល តើពួកគេមានអារម្មណ៍យ៉ាងណា?
១៣ ពេលព្រះយេហូវ៉ាធ្វើអព្ភូតហេតុដើម្បីសង្គ្រោះរាស្ត្រទ្រង់ តើពួកគេមានអារម្មណ៍យ៉ាងណា? ភ្លាមៗនោះ ម៉ូសេនិងកូនចៅអ៊ីស្រាអែលបានច្រៀងសរសើរព្រះយេហូវ៉ា! ពួកគេនាំគ្នាច្រៀងថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម។ . . . ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យជារៀងរាបតទៅ អស់កល្បជានិច្ច»។ (និក្ខមនំ ១៥:១, ១៨) ត្រូវមែន ពួកគេមានចិត្តជំរុញឲ្យលើកតម្កើងព្រះយេហូវ៉ាភ្លាម។ ក្នុងករណីនេះ ព្រះយេហូវ៉ាបានបង្ហាញថាទ្រង់ជាព្រះដ៏ខ្ពស់បំផុតមែន!
១៤. (ក) តើបទពិសោធន៍របស់បណ្ដាជនអ៊ីស្រាអែលបង្រៀនយើងអ្វីខ្លះអំពីព្រះយេហូវ៉ា? (ខ) តើបទគម្ពីរប្រចាំឆ្នាំ២០០៨ ដាស់តឿនយើងយ៉ាងណា?
១៤ តើព្រឹត្ដិការណ៍ដ៏អស្ចារ្យទាំងនោះបង្រៀន ព្រមទាំងសម្រាលទុក្ខនិងផ្ដល់សេចក្ដីសង្ឃឹមអ្វីខ្លះ? ព្រឹត្ដិការណ៍ទាំងនោះបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាអាចជួយសង្គ្រោះរាស្ត្រទ្រង់ពីគ្រប់កាលៈទេសៈទាំងអស់។ មិនថារាស្ត្ររបស់ព្រះយេហូវ៉ាជួបប្រទះការពិបាកអ្វីក៏ដោយ ទ្រង់អាចការពារពួកគេបាន។ ពេលព្រះយេហូវ៉ាផាត់សមុទ្រដោយខ្យល់ដ៏ខ្លាំងពីទិសខាងកើត នោះសមុទ្រក្រហមលែងស្ទាក់ផ្លូវជនជាតិអ៊ីស្រាអែលទៀត។ រួចមក ព្រះយេហូវ៉ាទម្លាក់ទឹកសមុទ្រក្រហមនោះ ហាក់ដូចជាកប់សពពលទ័ពផារ៉ោនក្នុងផ្នូរ។ ពេលដែលយើងរំពឹងគិតអំពីព្រឹត្ដិការណ៍ទាំងនោះ យើងក៏អាចមានទស្សនៈដូចអ្នកតែងបទទំនុកដំកើងដែលបានលាន់មាត់ថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ! តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។ (ទំនុកដំកើង ១១៨:៦) ពាក្យរបស់ប៉ុលក្នុងសៀវភៅរ៉ូម ៨:៣១ ក៏អាចសម្រាលទុក្ខយើងដែរ។ គាត់សរសេរថា៖ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»។ ពាក្យទាំងនេះដែលព្រះយេហូវ៉ាបណ្ដាលឲ្យប៉ុលសរសេរនោះ ពិតជាផ្ដល់ហេតុឲ្យយើងមានទំនុកចិត្តមែន! ដោយសារពាក្យទាំងនោះ គ្មានហេតុអ្វីសោះឲ្យយើងព្រួយនិងសង្ស័យថា សត្រូវរបស់យើងអាចឈ្នះលើយើងបានឡើយ។ ណាមួយទៀត ពាក្យទាំងនោះផ្ដល់ហេតុឲ្យយើងមានសេចក្ដីសង្ឃឹមផង។ បើដូច្នេះ គប្បីណាស់ដែលបទគម្ពីរប្រចាំឆ្នាំ២០០៨ ដាស់តឿនថា៖ «ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា!»។—និក្ខមនំ ១៤:១៣
១៥. តើការស្ដាប់បង្គាប់មានតួនាទីសំខាន់ប៉ុណ្ណាចំពោះពួកអ៊ីស្រាអែល ពេលដែលពួកគេបានទទួលសេចក្ដីសង្គ្រោះពីស្រុកអេស៊ីប? តើការស្ដាប់បង្គាប់មានតួនាទីសំខាន់ប៉ុណ្ណាចំពោះយើងនៅសម័យនេះ?
១៥ តើយើងអាចរៀនអ្វីទៀតពីព្រឹត្ដិការណ៍ដែលទាក់ទងនឹងដំណើររបស់ជនជាតិអ៊ីស្រាអែល ពេលពួកគេចេញពីស្រុកអេស៊ីប? យើងរៀនថា យើងត្រូវតែស្ដាប់បង្គាប់ព្រះយេហូវ៉ា មិនថាទ្រង់តម្រូវឲ្យយើងធ្វើអ្វីក៏ដោយ។ ពេលពួកអ៊ីស្រាអែលបានរៀបចំអ្វីៗដើម្បីឲ្យទេវតាហោះរំលងផ្ទះរបស់ខ្លួន ពួកគេបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាយ៉ាងដិតដល់។ នៅថ្ងៃទី១៤ ខែណែសាននោះ ពួកគេមិនបានចេញពីផ្ទះសោះ ស្របទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ នៅទីបំផុត ពេលពួកគេបានចេញដំណើរពីស្រុកអេស៊ីប ពួកគេក៏«មានទំនងដូចជាកងទ័ព»ដែរ។ (និក្ខមនំ ១៣:១៨, ព.ថ.) នៅសម័យនេះ គឺសំខាន់ចាំបាច់ណាស់! ឲ្យយើងធ្វើតាមការណែនាំពីព្រះយេហូវ៉ាតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥) បើ‹កាលណាយើងហៀបនឹងបែរទៅខាងស្ដាំឬខាងឆ្វេង› យើងត្រូវតែយកចិត្តទុកដាក់នឹងពាក្យពីក្រោយយើងដែលថា៖ «គឺផ្លូវនេះទេ! ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២១) ពេលដែលសេចក្ដីវេទនាជាខ្លាំងជិតផ្ទុះឡើងនោះ យើងប្រហែលជានឹងទទួលការណែនាំដ៏ល្អិតល្អន់ថែមទៀត។ បើយើងចង់ឆ្លងកាត់គ្រាវេទនានោះដោយសុវត្ថិភាព យើងក៏ត្រូវតែពួតដៃគ្នាជាមួយអ្នកបម្រើឯទៀតដែលមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា។
១៦. តើយើងអាចទាញយកមេរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាបានរៀបផ្លូវដើម្បីសង្គ្រោះពួកអ៊ីស្រាអែល?
១៦ សូមចាំកុំភ្លេច ថាព្រះយេហូវ៉ាបាននាំផ្លូវបណ្ដាជនអ៊ីស្រាអែលឲ្យចូលកន្លែងដែលមើលទៅដូចជាមានភ្នំនិងសមុទ្រក្រហមស្ទាក់ផ្លូវ។ មុនដំបូង ការណែនាំនោះមើលទៅដូចជាមិនល្អទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើដូច្នេះដោយចេតនា។ ទ្រង់បានសម្រេចការដែលលើកតម្កើងទ្រង់ផង ហើយបានសង្គ្រោះរាស្ត្រទ្រង់ផងដែរ។ នៅសព្វថ្ងៃនេះ ជួនកាលយើងក៏ប្រហែលជាមិនយល់ច្បាស់ពីមូលហេតុដែលអង្គការរបស់ព្រះយេហូវ៉ាធ្វើនេះឬធ្វើនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គប្បីឲ្យយើងទុកចិត្តទៅលើការណែនាំរបស់ព្រះយេហូវ៉ា ដែលទ្រង់ប្រទានមកតាមខ្សែរយៈដ៏ស្មោះត្រង់។ ជួនកាល អាចមើលទៅដូចជាខ្មាំងសត្រូវកំពុងមានជ័យជម្នះលើយើង ប៉ុន្តែសូមចាំថា យើងមិនយល់អ្វីៗទាំងអស់ទេ។ ទោះជាមានស្ថានការណ៍បែបណាក៏ដោយ ព្រះយេហូវ៉ាអាចកែប្រែកាលៈទេសៈតាមត្រូវពេល ដូចទ្រង់បានធ្វើចំពោះកូនចៅអ៊ីស្រាអែលនៅសម័យបុរាណ។—សុភាសិត ៣:៥
ចូរទុកចិត្តទៅលើព្រះយេហូវ៉ាចុះ!
១៧. ហេតុអ្វីបានជាយើងអាចទុកចិត្តទាំងស្រុងទៅលើការណែនាំរបស់ព្រះយេហូវ៉ា?
១៧ សូមគិតទៅមើល ពេលបណ្ដាជនអ៊ីស្រាអែលនឹកគិតពីបង្គោលដែលក្លាយជាពពកនៅពេលថ្ងៃ តែជាភ្លើងនៅពេលយប់វិញ តើនេះបានពង្រឹងទំនុកចិត្តពួកគេយ៉ាងណា? បង្គោលនោះផ្ដល់ទីសំអាងថា «ទេវតានៃព្រះ»ពិតជានាំផ្លូវពួកគេមែន! (និក្ខមនំ ១៣:២១, ២២; ១៤:១៩) នៅសម័យនេះ យើងក៏អាចមានទំនុកចិត្តដែរ ថាព្រះយេហូវ៉ាកំពុងណែនាំនិងការពាររាស្ត្រទ្រង់ដើម្បីសង្គ្រោះពួកគេ។ គប្បីឲ្យយើងចាំមិនភ្លេចនូវសេចក្ដីសន្យាដែលថា៖ «[ព្រះយេហូវ៉ា]មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច»។ (ទំនុកដំកើង ៣៧:២៨) កុំភ្លេចដែរ ថាពួកទេវតារួមគ្នាជាកងកម្លាំងដ៏ខ្លាំងពូកែដែលគាំទ្រអស់ទាំងអ្នកបម្រើរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។ ដោយមានជំនួយពីទេវតាទាំងនោះ យើងអាច«ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា»មែន!—និក្ខមនំ ១៤:១៣
១៨. ម្ដេចក៏ចាំបាច់ម្ល៉េះឲ្យយើង‹ពាក់គ្រប់គ្រឿងសឹករបស់ព្រះ›?
១៨ តើអ្វីនឹងជួយយើងរក្សាឲ្យមានជំនឿរឹងមាំ ពេល«ចាំ»ទទួលសេចក្ដីសង្គ្រោះ? ក្នុងសំបុត្រដែលប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងអេភេសូរ គាត់រៀបរាប់អំពីលក្ខណៈសំខាន់ៗដែលយើងត្រូវការ ប្រៀបដូចជាយើងពាក់គ្រឿងសឹកដែលអាចការពារយើង។ ការប្រដាប់ខ្លួនដោយលក្ខណៈទាំងនោះអាចជួយយើងរក្សាឲ្យមានជំនឿមាំមួនបាន។ សូមកត់សម្គាល់ថា ប៉ុលដាស់តឿនយើងឲ្យ‹ពាក់គ្រប់គ្រឿងសឹករបស់ព្រះ›។ តើយើងកំពុងប្រដាប់ខ្លួនដោយលក្ខណៈទាំងអស់នោះឬទេ? ក្នុងអំឡុងពេលមួយឆ្នាំទៅមុខនេះ យកល្អឲ្យយើងម្នាក់ៗពិនិត្យមើលខ្លួនឯង ដើម្បីឲ្យដឹងថាមានគ្រប់លក្ខណៈទាំងអស់នោះ ហើយកំពុងធ្វើតាមយ៉ាងដិតដល់ឬក៏អត់។ ខ្មាំងសត្រូវរបស់យើង គឺសាតាំងដែលជាមេកំណាច វាដឹងអំពីលក្ខណៈខ្សោយរបស់យើង ហើយវាខិតខំជញ្ជក់យកប្រយោជន៍ពីភាពខ្សោយទាំងនោះ។ ទោះជាយើងត្រូវតែ«តយុទ្ធ»នឹងពួកទេវតាអាក្រក់ក៏ដោយ ព្រះយេហូវ៉ាបន្ថែមកម្លាំងឲ្យយើងដើម្បីមានជ័យជម្នះមែន!—អេភេសូរ ៦:១១-១៨; សុភាសិត ២៧:១១
១៩. បើយើងស៊ូទ្រាំ តើយើងអាចមានឯកសិទ្ធិអ្វី?
១៩ ព្រះយេស៊ូមានប្រសាសន៍ចំពោះអស់អ្នកដែលកាន់តាមទ្រង់ថា បើពួកគេ«មានចិត្តខ្ជាប់ខ្ជួន»ឬ«ស៊ូទ្រាំ» នោះពួកគេ«នឹងបានជីវិតគង់នៅ»។ (លូកា ២១:១៩; ខ.ស.) ចូរឲ្យយើងមានចិត្តស្មោះនិងស៊ូទ្រាំទុក្ខលំបាកទាំងឡាយ ដើម្បីទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ហើយមានឯកសិទ្ធិ«ចាំមើលសេចក្ដីសង្គ្រោះរបស់[ទ្រង់]!»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• នៅខាងមុខយើង តើនឹងមានព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យអ្វីខ្លះ?
• នៅឆ្នាំ១៥១៣មុនគ.ស. តើព្រះយេហូវ៉ាបានធ្វើអ្វីដែលបង្ហាញថាទ្រង់មានអំណាចដើម្បីសង្គ្រោះរាស្ត្រទ្រង់?
• តទៅមុខទៀត តើអ្នកបានតាំងចិត្តដើម្បីធ្វើអ្វី?
[ឃ្លាអក្សរធំនៅទំព័រ២២]
បទគម្ពីរប្រចាំឆ្នាំ២០០៨ ដាស់តឿនថា៖ «ចាំមើលសេចក្ដីសង្គ្រោះ របស់ព្រះយេហូវ៉ា!»។—និក្ខមនំ ១៤:១៣
[រូបភាពនៅទំព័រ១៩]
«អស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា»
[រូបភាពនៅទំព័រ២០]
ចិត្តរឹងរូសរបស់ផារ៉ោន បាននាំឲ្យជនជាតិអេស៊ីបរងទុក្ខវេទនា
[រូបភាពនៅទំព័រ២១]
បណ្ដាជនអ៊ីស្រាអែលបានរួចរស់ជីវិត ពីព្រោះពួកគេបានធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ា