ចូរជួយបងប្អូនដែលវង្វេងចេញពីហ្វូងចៀមរបស់ព្រះ
«សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ»។—លូ. ១៥:៦
១. តើព្រះយេស៊ូបានសឲ្យឃើញថាទ្រង់ជាគង្វាលដែលមានសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
ព្រះយេស៊ូគ្រិស្តជាបុត្រតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ត្រូវបានហៅជា«គង្វាលដ៏ធំនៃហ្វូងចៀម»។ (ហេ. ១៣:២០) បទគម្ពីរបានទាយប្រាប់អំពីការត្រឡប់មកវិញរបស់ទ្រង់។ ទ្រង់ពិតជាគង្វាលម្នាក់ដែលគ្មាននរណាដូច ដោយបានខំស្វែងរក«ពួកកូនចៀមដែលបាត់បង់»របស់សាសន៍អ៊ីស្រាអែល។ (ម៉ាថ. ២:១-៦; ១៥:២៤) ម្យ៉ាងវិញទៀត ដូចជាគង្វាលម្នាក់ដែលនឹងប្ដូរជីវិតដើម្បីការពារហ្វូងចៀមរបស់គាត់ នោះព្រះយេស៊ូបានលះបង់ជីវិតទុកជាការបូជាលោះសម្រាប់មនុស្សដែលមានលក្ខណៈដូចចៀម ដើម្បីឲ្យពួកគេទទួលប្រយោជន៍ពីថ្លៃលោះរបស់ទ្រង់។—យ៉ូន. ១០:១១, ១៥; ១យ៉ូន. ២:១, ២
២. តើមានមូលហេតុអ្វីដែលធ្វើឲ្យគ្រិស្តសាសនិកខ្លះទៅជាអសកម្ម?
២ គួរឲ្យស្ដាយមែន! ចំពោះបងប្អូនដែលធ្លាប់ជឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ ហើយបានឧទ្ទិសថ្វាយខ្លួនជូនព្រះ តែលែងជាសមាជិកដ៏សកម្មក្នុងក្រុមជំនុំរបស់ពួកគ្រិស្តសាសនិក។ មូលហេតុខ្លះៗដែលធ្វើឲ្យពួកគេទៅជាអសកម្ម ប្រហែលជាដោយសារការធ្លាក់ទឹកចិត្ត បញ្ហាសុខភាព ឬកត្ដាផ្សេងទៀតដែលធ្វើឲ្យចិត្តខ្នះខ្នែងរបស់ពួកគេរសាយចេញ។ ប៉ុន្តែ លុះត្រាតែពួកគេស្ថិតក្នុងហ្វូងចៀមរបស់ព្រះ ទើបពួកគេមានអារម្មណ៍ស្ងប់និងមានសុភមង្គល ដូចដាវីឌបានរៀបរាប់នៅទំនុកដំកើងទី២៣។ ជាឧទាហរណ៍ ដាវីឌបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ»។ (ទំនុក. ២៣:១) គ្រិស្តសាសនិកដែលនៅក្នុងហ្វូងរបស់ព្រះមានជំនួយសព្វគ្រប់ ដើម្បីរក្សាចំណងមេត្រីភាពរបស់គេជាមួយទ្រង់ឲ្យបានរឹងមាំ។ ប៉ុន្តែ បងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ ពុំស្ថិតក្នុងស្ថានភាពបែបនេះទេ។ តើអ្នកណាអាចជួយពួកគាត់? ហើយតើអាចផ្ដល់ជំនួយយ៉ាងណា? មែនហើយ តើមានអ្វីជាក់លាក់ដែលអាចជួយពួកគាត់ឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ?
តើអ្នកណាអាចជួយពួកគេ?
៣. ដើម្បីសង្គ្រោះចៀមដែលវង្វេងចេញពីទីគង្វាលរបស់ព្រះ តើព្រះយេស៊ូបង្ហាញថាត្រូវធ្វើអ្វី?
៣ ការសង្គ្រោះចៀមដែលវង្វេងចេញពីទីគង្វាលរបស់ព្រះតម្រូវឲ្យខំប្រឹងព្យាយាម។ (ទំនុក. ១០០:៣) ព្រះយេស៊ូបានពន្យល់ចំណុចនេះដោយមានប្រសាសន៍ថា៖ «បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្ដេច? តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្ដីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ដែលមិនបានវង្វេងទៅទៀត។ ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ»។ (ម៉ាថ. ១៨:១២-១៤) តើអ្នកណាដែលអាចជួយមនុស្សដែលមានលក្ខណៈដូចចៀម ដែលបានវង្វេងចេញពីហ្វូងរបស់ព្រះ?
៤, ៥. តើអ្នកចាស់ទុំត្រូវមានចិត្តគំនិតបែបណាចំពោះហ្វូងចៀមរបស់ព្រះ?
៤ ប្រសិនបើពួកអ្នកចាស់ទុំចង់ជួយចៀមដែលបានវង្វេងចេញ ពួកគាត់ត្រូវតែចាំថា ហ្វូងចៀមរបស់ព្រះ គឺជាក្រុមជំនុំដែលមានមនុស្សដែលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា «ជាហ្វូងចៀមនៅទីគង្វាលទ្រង់»ដែលមានតម្លៃណាស់ចំពោះទ្រង់។ (ទំនុក. ៧៩:១៣) ចៀមដែលមានតម្លៃបែបនេះត្រូវការការថ្នាក់ថ្នម ហើយនេះបានន័យថា គង្វាលដែលមានសេចក្ដីស្រឡាញ់ត្រូវយកចិត្តទុកដាក់នឹងពួកគាត់។ ការទៅលេងដើម្បីផ្ដល់កម្លាំងចិត្តពួកគាត់ដោយបង្ហាញចិត្តរាក់ទាក់ គឺមានប្រសិទ្ធភាពណាស់។ បើគង្វាលលើកទឹកចិត្តពួកគាត់ដោយក្ដីស្រឡាញ់ នេះអាចជួយពួកគាត់ឲ្យពង្រឹងជំនឿ និងធ្វើឲ្យពួកគាត់មានចិត្តចង់ត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។—១កូ. ៨:១
៥ ពួកគង្វាលហ្វូងចៀមរបស់ព្រះមានភារកិច្ចស្វែងរកចៀមដែលបានវង្វេងចេញ ហើយត្រូវខំព្យាយាមជួយពួកគាត់។ សាវ័កប៉ុលបានរំលឹកពួកអ្នកចាស់ទុំនៅក្រុងអេភេសូរពីបុរាណ ថាពួកគាត់មានភារកិច្ចឃ្វាលហ្វូងចៀមដោយនិយាយថា៖ «ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ (កិច្ច. ២០:២៨) ស្រដៀងគ្នានេះ សាវ័កពេត្រុសបានដាស់តឿនអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ! ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ។ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ»។—១ពេ. ៥:១-៣
៦. ជាពិសេសសព្វថ្ងៃនេះ ហេតុអ្វីក៏ចៀមរបស់ព្រះត្រូវការឲ្យពួកគង្វាលមើលថែរក្សាពួកគាត់?
៦ ពួកគង្វាលដែលជាគ្រិស្តសាសនិកត្រូវយកតម្រាប់តាមព្រះយេស៊ូ ដែលជា«គង្វាលល្អ»។ (យ៉ូន. ១០:១១) ព្រះយេស៊ូបានយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅនឹងចៀមរបស់ព្រះ។ ទ្រង់បានបញ្ជាក់នូវសារៈសំខាន់នៃការមើលថែរក្សាហ្វូងចៀម ពេលប្រាប់ស៊ីម៉ូនពេត្រុសឲ្យ‹ឃ្វាលកូនចៀមរបស់ព្រះ›។ (សូមអាន យ៉ូហាន ២១:១៥-១៧) ជាពិសេសសព្វថ្ងៃនេះ ចៀមត្រូវការការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ពីព្រោះមេកំណាចកំពុងប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីបំផ្លាញភក្ដីភាពរបស់អ្នកដែលបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះ។ ភាពទន់ទោរទៅរកអំពើខុសឆ្គងជាអ្វីដែលសាតាំងខិតខំជញ្ជក់យកប្រយោជន៍ ហើយប្រើសេចក្ដីល្បួងក្នុងពិភពលោកនេះដើម្បីឲ្យចៀមរបស់ព្រះយេហូវ៉ាប្រព្រឹត្តអំពើខុសឆ្គង។ (១យ៉ូន. ២:១៥-១៧; ៥:១៩) គ្រិស្តសាសនិកដែលអសកម្មងាយរងគ្រោះជាងគេក្នុងហ្វូងចៀម ហេតុនេះហើយពួកគាត់ត្រូវការជំនួយដើម្បីធ្វើតាមការដាស់តឿនឲ្យ‹ដើរក្នុងវិញ្ញាណ› ឬមានរបៀប‹រស់នៅស្របតាម›សកម្មពលរបស់ព្រះ។ (កា. ៥:១៦-២១, ២៥; កាឡ. ៥:១៦, ខ.ស.) ការជួយចៀមដែលងាយរងគ្រោះតម្រូវឲ្យយើងពឹងទៅលើព្រះយេហូវ៉ាដោយអធិដ្ឋាន សុំការណែនាំពីសកម្មពលរបស់ព្រះ និងបកស្រាយបណ្ដាំរបស់ព្រះដោយប៉ិនប្រសប់។—សុ. ៣:៥, ៦; លូ. ១១:១៣; ហេ. ៤:១២
៧. តើភារកិច្ចរបស់អ្នកចាស់ទុំសំខាន់ប៉ុណ្ណាក្នុងការឃ្វាលហ្វូងចៀមរបស់ព្រះ?
៧ គង្វាលនៅស្រុកអ៊ីស្រាអែលពីបុរាណប្រើដំបងវែងមួយ ដែលនៅចុងម្ខាងមានរាងកោងដើម្បីនាំផ្លូវហ្វូងចៀមរបស់គាត់។ ពេលដែលចៀមចូលឬចេញពីក្រោល នោះនឹង«ចូលទៅក្រោមដំបង» ហើយគង្វាលអាចរាប់សត្វទាំងនោះបាន។ (លេវី. ២៧:៣២; មីកា ២:១២; ៧:១៤) យ៉ាងដូច្នេះដែរ គង្វាលដែលជាគ្រិស្តសាសនិកត្រូវស្គាល់ហ្វូងចៀមរបស់ព្រះ និងដឹងអំពីស្ថានភាពរបស់ចៀមនីមួយៗដែរ។ (សូមពិនិត្យបន្ថែម សុភាសិត ២៧:២៣) ដូច្នេះហើយ ការទៅលេងដើម្បីផ្ដល់កម្លាំងចិត្តឲ្យបងប្អូនជារឿងដ៏សំខាន់ដែលក្រុមអ្នកចាស់ទុំតែងតែយកមកពិគ្រោះគ្នា ព្រមទាំងមានការរៀបចំដើម្បីជួយចៀមដែលបានវង្វេងចេញ។ ព្រះយេហូវ៉ាមានប្រសាសន៍ថាទ្រង់ស្វែងរកចៀមរបស់ទ្រង់ និងជួយពួកគេ។ (អេសេ. ៣៤:១១) ដូច្នេះ ព្រះក៏ពេញចិត្តណាស់ ពេលអ្នកចាស់ទុំធ្វើដូចទ្រង់ក្នុងការចាត់វិធានការដើម្បីជួយចៀមដែលវង្វេងចេញឲ្យត្រឡប់មកហ្វូងវិញ។
៨. តើតាមរបៀបណាដែលអ្នកចាស់ទុំយកចិត្តទុកដាក់នឹងចៀម?
៨ នៅពេលបងប្អូនរួមជំនឿឈឺ បើអ្នកចាស់ទុំទៅសួរសុខទុក្ខគាត់ នេះពិតជានាំឲ្យគាត់មានអំណរនិងការលើកទឹកចិត្តមែន! យ៉ាងដូច្នេះដែរ នៅពេលអ្នកចាស់ទុំយកចិត្តទុកដាក់នឹងបងប្អូនរួមជំនឿដែលមានចំណងមិត្តភាពមិនសូវល្អជាមួយនឹងព្រះ នេះពិតជាលើកទឹកចិត្តពួកគាត់ណាស់។ អ្នកចាស់ទុំអាចអានបទគម្ពីរ ពិនិត្យមើលអត្ថបទណាមួយ ប្រាប់ចំណុចសំខាន់ៗពីកិច្ចប្រជុំ និងអធិដ្ឋានជាមួយនឹងអ្នកអសកម្មជាដើម។ អ្នកចាស់ទុំអាចពន្យល់ប្រាប់ថា សមាជិកក្នុងក្រុមជំនុំពិតជាចង់ឃើញគាត់មកកិច្ចប្រជុំវិញណាស់។ (២កូ. ១:៣-៧; យ៉ា. ៥:១៣-១៥) សួរសុខទុក្ខ ទូរស័ព្ទ ឬសរសេរសំបុត្រពិតជាជួយបងប្អូនអសកម្មច្រើនមែន! ការផ្ដល់ជំនួយដល់ចៀមដែលវង្វេងចេញ ក៏ពិតជានាំឲ្យអ្នកចាស់ទុំនោះមានអំណរយ៉ាងច្រើនផងដែរ។
យើងគ្រប់គ្នាអាចខំប្រឹងជួយ
៩, ១០. ហេតុអ្វីក៏មិនមែនតែពួកអ្នកចាស់ទុំដែលគួរខ្វល់ខ្វាយអំពីចៀមដែលវង្វេងចេញនោះ?
៩ យើងគ្រប់គ្នាតែងតែរវល់ ហើយរស់នៅក្នុងគ្រាដ៏ពិបាក។ ដូច្នេះហើយ គឺប្រហែលជាយើងមិនទាំងចាប់ភ្លឹកថាបងប្អូនរួមជំនឿណាម្នាក់កំពុងតែរសាត់ចេញពីក្រុមជំនុំទៀតផង។ (ហេ. ២:១) ប៉ុន្តែ ចៀមរបស់ព្រះយេហូវ៉ាគឺមានតម្លៃណាស់ចំពោះទ្រង់។ ដូចជាអវយវៈផ្សេងៗនៃរូបកាយមានតម្លៃ នោះចៀមនីមួយៗរបស់ព្រះក៏មានតម្លៃដែរ។ ហេតុដូច្នេះហើយ យើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់និងជួយគាំពារបងប្អូនរួមជំនឿរបស់យើង។ (១កូ. ១២:២៥) តើអ្នកមានចិត្តគំនិតបែបនេះទេ?
១០ ទោះជាអ្នកចាស់ទុំមានភារកិច្ចជាចម្បងក្នុងការស្វែងរកនិងជួយចៀមដែលបានវង្វេងចេញក៏ពិតមែន តែយើងគ្រប់គ្នាក៏គួរខ្វល់ខ្វាយអំពីបងប្អូនដែលវង្វេងចេញនោះដែរ។ យើងគ្រប់គ្នាអាចសហការជាមួយនឹងអ្នកចាស់ទុំ។ យើងអាច និងគួរលើកទឹកចិត្តបងប្អូនរួមជំនឿដែលត្រូវការជំនួយដើម្បីពង្រឹងចំណងមិត្តភាពជាមួយព្រះ ហើយត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។ តើយើងអាចផ្ដល់ជំនួយបែបនោះយ៉ាងដូចម្ដេច?
១១, ១២. ដើម្បីជួយបងប្អូនអសកម្ម តើអ្នកប្រហែលជាទទួលឯកសិទ្ធិពិសេសអ្វី?
១១ នៅក្នុងករណីខ្លះ ពួកអ្នកចាស់ទុំអាចសុំអ្នកផ្សាយដែលមានពិសោធឲ្យសិក្សាគម្ពីរជាមួយនឹងបងប្អូនអសកម្មដែលចង់ទទួលជំនួយ។ គោលបំណងនៃការសិក្សាគម្ពីរជាមួយនឹងអ្នកអសកម្មគឺដើម្បីឲ្យពួកគេបណ្ដុះ«សេចក្ដីស្រឡាញ់ដើម»ឡើងវិញ។ (វិវរ. ២:១, ៤) បងប្អូនទាំងនេះអាចស្អាងចិត្តឡើងវិញ និងពង្រឹងជំនឿដោយពិនិត្យមើលព័ត៌មានផ្សេងៗ ដែលគេមិនបានឮដោយសារខានទៅកិច្ចប្រជុំក្រុមជំនុំ។
១២ ប្រសិនបើអ្នកចាស់ទុំសុំអ្នកឲ្យសិក្សាជាមួយនឹងបងប្អូនរួមជំនឿដែលត្រូវការជំនួយដើម្បីពង្រឹងចំណងមិត្តភាពជាមួយព្រះ សូមអធិដ្ឋានឲ្យព្រះយេហូវ៉ាដឹកនាំ និងផ្ដល់ពរឲ្យការខ្នះខ្នែងរបស់អ្នកបង្កើតផល។ ប្រាកដហើយ «ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសំរេច»។ (សុ. ១៦:៣) ចូររំពឹងគិតពីបទគម្ពីរនិងចំណុចផ្សេងៗដែលពង្រឹងជំនឿ ដែលអ្នកអាចលើកមកពិគ្រោះជាមួយនឹងបងប្អូនអសកម្ម។ ចូរគិតអំពីគំរូដ៏ល្អរបស់សាវ័កប៉ុល។ (សូមអាន រ៉ូម ១:១១, ១២) ប៉ុលបានទន្ទឹងចាំជួបគ្រិស្តសាសនិកនៅទីក្រុងរ៉ូម ដើម្បីចែកអំណោយដ៏ពិសេសដល់ពួកគាត់ ប្រយោជន៍ឲ្យពួកគាត់បានតាំងនៅយ៉ាងខ្ជាប់ខ្ជួន។ គាត់ក៏ទន្ទឹងចាំទទួលសេចក្ដីកម្សាន្តចិត្តពីគ្នាទៅវិញទៅមកដែរ។ យើងគួរមានចិត្តគំនិតបែបនេះ ពេលយើងខំជួយចៀមដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ មែនទេ?
១៣. តើអ្នកអាចពិគ្រោះព័ត៌មានអ្វីខ្លះជាមួយបងប្អូនអសកម្ម?
១៣ នៅពេលសិក្សា អ្នកអាចសួរ «តើអ្នកស្គាល់សេចក្ដីពិតយ៉ាងដូចម្ដេច?»។ ចូរជួយពួកគាត់ឲ្យនឹកចាំពីពេលដ៏សប្បាយ ដែលពួកគាត់ធ្លាប់មានក្នុងកាលបម្រើព្រះយេហូវ៉ា។ ចូរលើកទឹកចិត្តបងប្អូនអសកម្មឲ្យនិយាយពីបទពិសោធន៍ដ៏សប្បាយដែលគាត់ធ្លាប់មានក្នុងកិច្ចប្រជុំ ពេលផ្សព្វផ្សាយ និងនៅឯមហាសន្និបាត។ ចូរនិយាយអំពីពេលដ៏សប្បាយដែលអ្នកធ្លាប់មានជាមួយគ្នាក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ចូរនិយាយអំពីអំណរដែលអ្នកទទួលពីការចូលទៅជិតព្រះយេហូវ៉ា។ (យ៉ា. ៤:៨) ចូរប្រាប់គាត់ពីចិត្តកតញ្ញូរបស់អ្នកចំពោះព្រះយេហូវ៉ាដែលបានផ្ដល់ដល់រាស្ត្រទ្រង់នូវការកម្សាន្តចិត្ត និងក្ដីសង្ឃឹមជាពិសេសពេលជួបប្រទះសេចក្ដីវេទនាផ្សេងៗ។—រ៉ូម ១៥:៤; ២កូ. ១:៣, ៤
១៤, ១៥. តើយើងអាចរំលឹកបងប្អូនអសកម្មអំពីពរណាខ្លះដែលគាត់ធ្លាប់មាន?
១៤ ពិតជាមានប្រយោជន៍ បើរំលឹកបងប្អូនអសកម្មអំពីពរខ្លះៗដែលគាត់ធ្លាប់មានពេលបានចូលរួមជិតស្និទ្ធនឹងបងប្អូនក្នុងក្រុមជំនុំ។ ជាឧទាហរណ៍ ចូរគិតអំពីពរដែលបានមកពីការរីកចម្រើនខាងចំណេះពីបណ្ដាំរបស់ព្រះ និងគោលបំណងរបស់ទ្រង់។ (សុ. ៤:១៨) នៅពេលដែលគាត់‹ដើរក្នុងវិញ្ញាណ› ឬរស់នៅស្របតាមសកម្មពលរបស់ព្រះ នោះប្រាកដជាស្រួលជាងឲ្យគាត់ទប់ទល់នឹងសេចក្ដីល្បួងឲ្យប្រព្រឹត្តអំពើខុសឆ្គង។ (កា. ៥:២២-២៦) ជាលទ្ធផល ដោយចិត្តមិនបន្ទោសខ្លួន នោះគាត់អាចអធិដ្ឋានព្រះយេហូវ៉ា និងមាន‹សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយគំនិតរបស់យើង›។ (ភី. ៤:៦, ៧) ចូរចងចាំអំពីចំណុចទាំងនេះ បង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះ និងសូមលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិករបស់យើងដោយក្ដីស្រឡាញ់ឲ្យត្រឡប់មកហ្វូងរបស់ព្រះវិញ។—សូមអាន ភីលីព ២:៤
១៥ ឧបមាថា អ្នកជាអ្នកចាស់ទុំម្នាក់ដែលបានទៅលេងបងប្អូនដើម្បីផ្ដល់កម្លាំងចិត្ត។ អ្នកអាចលើកទឹកចិត្តគូស្វាមីភរិយាដែលអសកម្មឲ្យគិតអំពីគ្រាដែលពួកគាត់បានរៀនសេចក្ដីពិតពីបណ្ដាំរបស់ព្រះជាលើកដំបូង។ ការរៀនសេចក្ដីពិតអំពីព្រះច្បាស់ជាអស្ចារ្យ សមហេតុផល ធ្វើឲ្យស្កប់ចិត្ត និងជួយឲ្យពួកគាត់រួចពីជំនឿមិនពិតមែន! (យ៉ូន. ៨:៣២) ពួកគាត់ពោរពេញដោយចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដោយបានរៀនសេចក្ដីពិតអំពីទ្រង់ សេចក្ដីស្រឡាញ់ និងគោលបំណងដ៏អស្ចារ្យរបស់ទ្រង់! (សូមពិនិត្យបន្ថែម លូកា ២៤:៣២) ចូររំលឹកពួកគាត់ថា គ្រិស្តសាសនិកដែលបំពេញតាមការថ្វាយខ្លួនចំពោះព្រះ មានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់ ហើយមានឯកសិទ្ធិអធិដ្ឋានថ្វាយទ្រង់ដោយចិត្តមិនបន្ទោសខ្លួនឡើយ។ ចូរខំព្យាយាមលើកទឹកចិត្តបងប្អូនអសកម្មឲ្យអនុវត្តសេចក្ដីពិតដែលជា«ដំណឹងពីសិរីល្អនៃព្រះដ៏មានពរ» ពោលគឺព្រះយេហូវ៉ា។—១ធី. ១:១១
ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកគាត់
១៦. ចូរលើកឧទាហរណ៍មួយដែលបង្ហាញថា ការខំប្រឹងជួយបងប្អូនអសកម្មពិតជាមានប្រយោជន៍មែន។
១៦ តើយោបល់ទាំងនេះពិតជាមានប្រយោជន៍ទេ? គឺមានប្រយោជន៍មែន។ ជាឧទាហរណ៍ ប្អូនម្នាក់ចាប់ផ្ដើមធ្វើជាអ្នកផ្សាយរាជាណាចក្រពេលមានអាយុ១២ឆ្នាំ តែនៅអាយុ១៥ឆ្នាំ គាត់ក្លាយជាអសកម្មទៅវិញ។ ប៉ុន្តែ ក្រោយមក គាត់មានសកម្មភាពឡើងវិញ ហើយចូលរួមក្នុងកិច្ចបម្រើពេញពេលអស់ជាង៣០ឆ្នាំហើយ។ គាត់បានទទួលជំនួយពីអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ ជាហេតុដែលគាត់បានក្លាយទៅជាសមាជិកសកម្មវិញ។ គាត់ច្បាស់ជាត្រេកអរណាស់ចំពោះអ្នកចាស់ទុំនោះដែលបានជួយគាត់!
១៧, ១៨. ប្រសិនបើអ្នកចង់ជួយអ្នកណាដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ តើអ្នកត្រូវតែបង្ហាញគុណសម្បត្ដិណាខ្លះ?
១៧ ដោយសេចក្ដីស្រឡាញ់ គ្រិស្តសាសនិកទាំងឡាយខំជួយបងប្អូនរួមជំនឿដែលអសកម្មឲ្យត្រឡប់មកក្រុមជំនុំវិញ។ ព្រះយេស៊ូប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូន. ១៣:៣៤, ៣៥) មែនហើយ សេចក្ដីស្រឡាញ់គឺជាលក្ខណៈដែលសម្គាល់គ្រិស្តសាសនិកពិត។ ចំពោះគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹកហើយ តែក្លាយទៅជាអសកម្ម យើងគួរបង្ហាញសេចក្ដីស្រឡាញ់បែបនេះដល់ពួកគេ មែនទេ? ពិតមែន! ប៉ុន្តែ នៅពេលដែលយើងជួយបងប្អូនអសកម្ម យើងត្រូវតែបង្ហាញគុណសម្បត្ដិផ្សេងៗដូចព្រះយេហូវ៉ាដែរ។
១៨ ប្រសិនបើអ្នកចង់ជួយបុគ្គលដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ តើអ្នកត្រូវតែបង្ហាញគុណសម្បត្ដិបែបណា? ក្រៅពីសេចក្ដីស្រឡាញ់ អ្នកត្រូវតែបង្ហាញចិត្តក្ដួលអាណិត សប្បុរស ស្លូតបូត និងអត់ធ្មត់។ ហើយក្នុងកាលៈទេសៈខ្លះ ប្រហែលជាអ្នកក៏ត្រូវតែចេះអត់ឱនទោសដែរ។ ប៉ុលបានសរសេរថា៖ «ដូច្នេះ ចូរប្រដាប់កាយដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ . . . ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះ[យេហូវ៉ា]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល. ៣:១២-១៤
១៩. ហេតុអ្វីក៏មានប្រយោជន៍ឲ្យយើងខំប្រឹងជួយបងប្អូនដែលមានលក្ខណៈដូចចៀមឲ្យត្រឡប់មកហ្វូងរបស់ព្រះវិញ?
១៩ នៅក្នុងអត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលមូលហេតុដែលបណ្ដាលឲ្យបងប្អូនខ្លះវង្វេងចេញពីហ្វូងចៀមរបស់ព្រះ។ អត្ថបទនោះក៏ពិគ្រោះពីរបៀបយើងទទួលស្វាគមន៍បងប្អូនដែលត្រឡប់មកហ្វូងចៀមរបស់ព្រះវិញ។ ពេលដែលអ្នកសិក្សាអត្ថបទបន្ទាប់ និងសញ្ជឹងគិតពីអត្ថបទដែលកំពុងសិក្សា ចូរឲ្យដឹងថាការខំប្រឹងជួយមនុស្សដែលមានលក្ខណៈដូចចៀមឲ្យត្រឡប់មកហ្វូងចៀមរបស់ព្រះ គឺពិតជាមានប្រយោជន៍មែន! នៅក្នុងរបៀបរបបពិភពលោកនេះ មនុស្សជាច្រើនខំប្រឹងអស់មួយជីវិតដើម្បីប្រមូលទ្រព្យសម្បត្ដិ។ ប៉ុន្តែ ទោះជាមានទ្រព្យសម្បត្ដិច្រើនប៉ុណ្ណាក៏ដោយ ក៏មិនមានតម្លៃស្មើនឹងជីវិតមនុស្សម្នាក់ឡើយ។ ព្រះយេស៊ូបានបញ្ជាក់ហេតុនេះក្នុងរឿងប្រៀបប្រដូចអំពីចៀមដែលវង្វេងបាត់។ (ម៉ាថ. ១៨:១២-១៤) សូមឲ្យអ្នករមែងចងចាំអំពីចំណុចនេះ កាលដែលអ្នកខំខ្នះខ្នែងជាបន្ទាន់ដើម្បីជួយចៀមជាទីស្រឡាញ់របស់ព្រះយេហូវ៉ា ដែលបានវង្វេងចេញឲ្យត្រឡប់មកហ្វូងរបស់ព្រះវិញ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើពូកគង្វាលគ្រិស្តសាសនិកមានភារកិច្ចអ្វី ស្តីអំពីមនុស្សដែលមានលក្ខណៈដូចចៀមដែលបានវង្វេងចេញពីហ្វូងរបស់ព្រះ?
• តើយើងអាចជួយបងប្អូនអសកម្មយ៉ាងដូចម្ដេច?
• តើអ្នកត្រូវបង្ហាញគុណសម្បត្ដិអ្វីខ្លះ ដើម្បីជួយបងប្អូនដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ?
[រូបភាពនៅទំព័រ១៦]
ពួកគង្វាលគ្រិស្តសាសនិកខំប្រឹងដោយក្ដីស្រឡាញ់ ដើម្បីជួយអស់អ្នកដែលបានវង្វេងចេញពីហ្វូងចៀមរបស់ព្រះ