ចូរមានទស្សនៈដូចគម្ពីរស្តីអំពីការថែទាំសុខភាព
«ឯងត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត»។—ម៉ាក. ១២:៣០
១. តើអ្វីជាគោលបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិ?
គោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ មិនមែនចង់ឲ្យមនុស្សឈឺនិងស្លាប់នោះទេ។ ទ្រង់បានដាក់អ័ដាមនិងអេវ៉ាក្នុងសួនអេដែន ឬ«សួនច្បារជាទីគាប់ចិត្ត» ដើម្បី«ធ្វើការហើយថែរក្សា»សួននោះ មិនមែនត្រឹមតែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះទេ តែជារៀងរហូតវិញ។ (លោ. ២:៨, ១៥; ទំនុក. ៩០:១០) បើអ័ដាមនិងអេវ៉ាបាននៅស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូត ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ដោយចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ នោះពួកគាត់នឹងមិនមានរោគាព្យាធិ ជរាភាព ហើយក៏មិនស្លាប់ដែរ។
២, ៣. (ក) តើសៀវភៅសាស្ដាមានការពិពណ៌នាយ៉ាងណាអំពីភាពចាស់ជរា? (ខ) តើអ្នកណាទទួលខុសត្រូវចំពោះសេចក្ដីស្លាប់ដែលបានឆ្លងពីអ័ដាម? តើសេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោលយ៉ាងដូចម្ដេច?
២ ក្នុងគម្ពីរនៅសាស្ដាជំពូកទី១២ មានការពិពណ៌នាដ៏រស់រវើកអំពីបណ្ដា«ថ្ងៃអាក្រក់» ដែលសំដៅទៅពេលមានភាពចាស់ជរាក្នុងពិភពលោកដែលមិនល្អឥតខ្ចោះនេះ។ (សូមអាន សាស្ដា ១២:១-៧) សក់ស ត្រូវបានប្រៀបដូចជាផ្កា«ដើមចំបក់»។ ជើងត្រូវបានប្រៀបដូចជា«ពួកមនុស្សខ្លាំងពូកែ»ដែលឥឡូវកោងហើយលែងមាំ។ សមត្ថភាពមើលឃើញដែលកាន់តែអន់ខ្សោយទៅៗ ត្រូវប្រដូចនឹងមនុស្សស្រីដែលមើលតាមបង្អួច ប៉ុន្តែឃើញតែភាពងងឹត។ ការបាត់បង់ធ្មេញត្រូវប្រៀបនឹង«ពួកស្រីដែលកិនស្រូវ»ដែល«ត្រូវឈប់ដោយព្រោះមានគ្នាតិចពេក»។
៣ ធ្មេញបាក់ ជើងលែងមាំ និងភ្នែកអន់ខ្សោយមិនមែនជាគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិឡើយ។ សេចក្ដីស្លាប់ដែលបានឆ្លងពីអ័ដាមមក គឺជា‹ការមួយរបស់អារក្ស› ដែលបុត្ររបស់ព្រះនឹង«បំផ្លាញ»តាមរយៈរាជាណាចក្រនៃព្រះមេស្ស៊ី។ សាវ័កយ៉ូហានបានសរសេរថា៖ «ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ»។—១យ៉ូន. ៣:៨
ជាការធម្មតាដែលចង់ថែទាំសុខភាព
៤. ហេតុអ្វីអ្នកបម្រើព្រះយេហូវ៉ាចង់ថែទាំសុខភាពរបស់ខ្លួន? ប៉ុន្តែ តើពួកគេទទួលស្គាល់ការពិតស្តីអំពីអ្វី?
៤ នៅសព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាខ្លះធ្លាក់ខ្លួនឈឺ ហើយក៏ទៅជាចាស់ជរាដូចមនុស្សឯទៀតដែលមានភាពមិនល្អឥតខ្ចោះដែរ។ គឺជាការធម្មតាទេ ដែលយើងចង់ថែទាំសុខភាពរបស់យើងដោយមានតុល្យភាព ដ្បិតធ្វើដូច្នេះក៏មានប្រយោជន៍ដល់យើងផង។ យើងពិតជាចង់បម្រើព្រះយេហូវ៉ា‹ឲ្យអស់អំពីកំឡាំងយើង› មែនទេ? (ម៉ាក. ១២:៣០) ក៏ប៉ុន្តែ ទោះជាយើងព្យាយាមថែទាំសុខភាពខ្លួនក៏ពិតមែន យើងគួរទទួលស្គាល់ការពិតថា មនុស្សជាតិមានលទ្ធភាពតិចណាស់ក្នុងការរារាំងជរាភាព ហើយក៏មិនអាចការពារខ្លួនពីជំងឺគ្រប់ទាំងអស់បានឡើយ។
៥. តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលពួកអ្នកបម្រើស្មោះភក្ដីរបស់ព្រះបានស៊ូទ្រាំនឹងបញ្ហាសុខភាព?
៥ អ្នកបម្រើស្មោះភក្ដីរបស់ព្រះយេហូវ៉ាជាច្រើននាក់ធ្លាប់មានបញ្ហាសុខភាព។ លោកអេប៉ាប្រូឌីតជាបុគ្គលម្នាក់ដែលមានបញ្ហាសុខភាព។ (ភី. ២:២៥-២៧) ធីម៉ូថេដែលជាគូកនស្មោះត្រង់របស់ប៉ុល ជារឿយៗធ្លាប់មានបញ្ហាក្រពះ ហើយប៉ុលបានជូនយោបល់គាត់ឲ្យផឹក«ស្រាទំពាំងបាយជូរបន្ដិច»។ (១ធី. ៥:២៣) សាវ័កប៉ុលធ្លាប់ស៊ូទ្រាំនឹងអ្វីដែលគាត់ហៅថា«បន្លា១ចាត់មកក្នុងសាច់ឈាម» ដែលប្រហែលជាបញ្ហាភ្នែក ឬរោគអ្វីផ្សេងដែលគ្មានការព្យាបាលនៅជំនាន់នោះ។ (២កូ. ១២:៧; កា. ៤:១៥; ៦:១១) ស្តីអំពី«បន្លា១ចាត់មកក្នុងសាច់ឈាម» ប៉ុលបានទូលអង្វរព្រះយេហូវ៉ាអស់ពីចិត្ត។ (សូមអាន កូរិនថូសទី២ ១២:៨-១០) ព្រះយេហូវ៉ាមិនបានធ្វើអព្ភូតហេតុប្រោសឲ្យប៉ុលលែងមាន«បន្លា១ចាត់មកក្នុងសាច់ឈាម»គាត់ទេ។ ប៉ុន្តែព្រះបានប្រទានកម្លាំងឲ្យគាត់ស៊ូទ្រាំវិញ។ ដូច្នេះហើយ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានសឲ្យឃើញជាក់ស្តែងតាមរយៈភាពទន់ខ្សោយរបស់ប៉ុល។ យើងអាចទាញមេរៀនពីបទពិសោធន៍នេះ មែនទេ?
ចូរជៀសចេញពីការខ្វល់ខ្វាយហួសហេតុពេកអំពីសុខភាព
៦, ៧. ហេតុអ្វីក៏យើងជៀសចេញពីការខ្វល់ខ្វាយហួសហេតុពេកអំពីសុខភាពរបស់យើង?
៦ ដោយសារយើងដឹងថា សាក្សីព្រះយេហូវ៉ាទៅរកគ្រូពេទ្យឲ្យជួយ និងទទួលវិធីព្យាបាលបែបផ្សេងៗ នោះទស្សនាវដ្ដីភ្ញាក់រលឹកជាភាសាអង់គ្លេស មានអត្ថបទខ្លះៗដែលជាញឹកញយពិគ្រោះអំពីរឿងសុខភាព។ ថ្វីបើយើងមិនគាំទ្រជាផ្លូវការចំពោះវិធីព្យាបាលណាមួយក្ដី តែយើងដឹងគុណដល់ពួកអ្នកជំនាញខាងការថែទាំសុខភាព ដែលផ្ដល់ជំនួយនិងសហការជាមួយយើង។ យើងដឹងថានៅសព្វថ្ងៃនេះយើងមិនអាចមានសុខភាពល្អឥតខ្ចោះបានទេ។ ដូច្នេះហើយ កុំឲ្យយើងខ្វល់ខ្វាយអំពីរឿងសុខភាពហួសហេតុពេក។ យើងមិនត្រូវមានទស្សនៈដូចមនុស្សដែល«ឥតមានទីសង្ឃឹម» គឺពួកអ្នកដែលគិតថាជីវិតមានតែប៉ុណ្ណេះ ហើយសុខចិត្តទទួលការព្យាបាលបែបណាក៏ដោយឲ្យតែអាចជាពីជំងឺនោះទេ។ (អេភ. ២:២, ១២) យើងប្ដេជ្ញាចិត្តមិនធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាលែងពេញចិត្តនឹងយើង ដើម្បីតែជីវិតខ្លួននៅឥឡូវនេះប៉ុណ្ណោះទេ។ យើងជឿជាក់ថា បើយើងរក្សាភាពស្មោះត្រង់ចំពោះព្រះជានិច្ច យើងនឹង«ចាប់បានជីវិតអស់កល្បជានិច្ច» ក្នុងពិភពលោកថ្មីដែលទ្រង់បានសន្យានោះ។—១ធី. ៦:១២, ១៩; ២ពេ. ៣:១៣
៧ មានហេតុមួយទៀតដែលយើងគួរជៀសចេញពីការខ្វល់ខ្វាយហួសហេតុពេកអំពីសុខភាពរបស់យើង ពោលគឺ អាចនាំឲ្យយើងទៅជាមនុស្សដែលគិតតែពីប្រយោជន៍ខ្លួន។ សាវ័កប៉ុលបានព្រមានអំពីគ្រោះថ្នាក់នេះ ពេលគាត់បានដាស់តឿនបងប្អូននៅទីក្រុងភីលីព «កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង»។ (ភី. ២:៤) គឺជាការត្រឹមត្រូវដែលយើងថែទាំសុខភាពរបស់យើងដោយតុល្យភាព។ ប៉ុន្តែ បើយើងយកចិត្តទុកដាក់ស្វែងរកប្រយោជន៍បងប្អូន និងមនុស្សដែលយើងប្រាប់អំពី«ដំណឹងល្អនេះ ដែលសំដែងពីនគរ» នោះនឹងជួយយើងមិនឲ្យខ្វល់ខ្វាយហួសហេតុពេកអំពីសុខភាពខ្លួន។—ម៉ាថ. ២៤:១៤
៨. តើការខ្វល់ខ្វាយហួសហេតុពេកអំពីរឿងសុខភាពអាចនាំឲ្យយើងធ្វើអ្វី?
៨ បើមិនប្រុងប្រយ័ត្ន គ្រិស្តសាសនិកពិតម្នាក់អាចខ្វល់ខ្វាយអំពីរឿងសុខភាពដល់ម្ល៉េះ ដែលគាត់ចាត់ទុកការបម្រើព្រះយេហូវ៉ា ជារឿងបន្ទាប់បន្សំទៅវិញ។ ការខ្វល់ខ្វាយហួសហេតុពេកក៏អាចនាំឲ្យយើងបង្ខំអ្នកឯទៀតឲ្យធ្វើតាមគំនិតរបស់យើងស្តីអំពីម្ហូប ការព្យាបាលឬប្រភេទថ្នាំណាមួយ។ ស្តីអំពីរឿងនេះ សូមមើលគោលការណ៍មួយក្នុងពាក្យរបស់ប៉ុល ដែលថា៖ «[ចូរ]លមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ[ឬ«ពិចារណាមើលថា ការអ្វីប្រសើរជាងគេ»]ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ»។—ភី. ១:១០; ភីល. ១:១០, ខ.ស.
តើការអ្វីប្រសើរជាងគេ?
៩. តើកិច្ចការម្យ៉ាងដែលប្រសើរជាងគេដែលយើងគួរយកចិត្តទុកដាក់ជាអ្វី? ហើយហេតុអ្វី?
៩ ប្រសិនបើយើងយកចិត្តទុកដាក់នឹងការអ្វីប្រសើរជាងគេ នោះយើងនឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចការជួយមនុស្សឲ្យមានចំណងមិត្តភាពដ៏ល្អជាមួយព្រះ ដោយផ្សព្វផ្សាយនិងបង្រៀនពួកគេអំពីបណ្ដាំរបស់ទ្រង់។ កិច្ចការដែលនាំឲ្យមានអំណរនេះ ផ្ដល់ផលប្រយោជន៍ដល់អ្នកដែលយើងបង្រៀន ហើយដល់ខ្លួនយើងផងដែរ។ (សុ. ១៧:២២; ១ធី. ៤:១៥, ១៦) ម្ដងម្កាល ទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រលឹក! (Awake!) មានបទពិសោធន៍របស់បងប្អូនរួមជំនឿដែលបានស៊ូទ្រាំនឹងជំងឺរ៉ាំរ៉ៃដ៏ធ្ងន់ធ្ងរ។ ជួនកាល ក្នុងអត្ថបទទាំងនោះ ពួកគាត់រៀបរាប់អំពីរបៀបដែលពេលខ្លះពួកគាត់ភ្លេចបញ្ហាដែលខ្លួនមាន ដោយសារខំរកឱកាសដើម្បីជួយអ្នកឯទៀតឲ្យបានស្គាល់ព្រះយេហូវ៉ា និងសេចក្ដីសន្យាដ៏អស្ចារ្យរបស់ទ្រង់។
១០. ហេតុអ្វីការព្យាបាលដែលយើងជ្រើសរើសគឺសំខាន់ចំពោះព្រះយេហូវ៉ា?
១០ នៅពេលមានបញ្ហាសុខភាព គ្រិស្តសាសនិកពិតម្នាក់ៗដែលពេញវ័យ ត្រូវ«ទទួលបន្ទុកជារបស់ផងខ្លួន»ក្នុងការជ្រើសរើសវិធីព្យាបាល។ (កា. ៦:៥) ក៏ប៉ុន្តែយើងគួរចាំថា ការព្យាបាលដែលយើងជ្រើសរើស គឺសំខាន់ចំពោះព្រះយេហូវ៉ា។ ការគោរពតាមគោលការណ៍ក្នុងគម្ពីរជំរុញឲ្យយើង«ជៀសវាង . . . ពីឈាម»។ ដូចគ្នាដែរ ការគោរពយ៉ាងជ្រាលជ្រៅចំពោះបណ្ដាំរបស់ព្រះ ក៏គួរជំរុញយើងឲ្យជៀសចេញពីការព្យាបាលប្រភេទណាដែលមិនសមស្របតាមគោលការណ៍គម្ពីរ ឬអាចប៉ះពាល់ដល់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (កិច្ច. ១៥:២០) វិធីធ្វើរោគវិនិច្ឆ័យនិងវិធីព្យាបាលខ្លះគឺស្រដៀងនឹងមន្តអាគម។ ព្រះយេហូវ៉ាមិនពេញចិត្តចំពោះសាសន៍អ៊ីស្រាអែលដែលក្បត់ជំនឿ ហើយប្រើមន្តអាគមនោះទេ។ ទ្រង់ប្រកាសថា៖ «កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ នឹងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ»។ (អេសា. ១:១៣) ពេលដែលយើងឈឺ នោះមិនមែនជាពេលដែលត្រូវធ្វើអ្វីឲ្យព្រះយេហូវ៉ាមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងទេ ឬក៏ធ្វើអ្វីដែលនាំឲ្យបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងទ្រង់ដែរ។—បរិ. ៣:៤៤
យើងត្រូវប្រព្រឹត្ត«ដោយដឹងខុសត្រូវ»
១១, ១២. នៅពេលជ្រើសរើសការព្យាបាល តើការប្រព្រឹត្ត«ដោយដឹងខុសត្រូវ»ជួយយើងយ៉ាងណា?
១១ នៅពេលដែលយើងឈឺ យើងមិនគួរគិតថាព្រះយេហូវ៉ានឹងព្យាបាលយើងដោយអព្ភូតហេតុនោះទេ។ ប៉ុន្តែយើងអាចសុំការណែនាំពីទ្រង់ដើម្បីជ្រើសរើសការព្យាបាលដ៏ល្អ។ ពេលធ្វើការជ្រើសរើស យើងគួរធ្វើតាមការណែនាំពីគោលការណ៍ក្នុងគម្ពីរ ហើយត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយ។ នៅពេលជំងឺនោះធ្ងន់ ជាការល្អបើទៅជួបគ្រូពេទ្យជំនាញផ្សេងៗគ្នា សមស្របតាមគោលការណ៍ដែលបានចែងនៅសុភាសិត ១៥:២២ ថា៖ «ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។ សាវ័កប៉ុលដាស់តឿនបងប្អូនរួមជំនឿថា៖ «រស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ[ឬ«ដោយដឹងខុសត្រូវ»] សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្ដិដល់ព្រះវិញ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ»។—ទីត. ២:១២; ព.ថ.
១២ មនុស្សជាច្រើនសព្វថ្ងៃនេះស្ថិតក្នុងសភាពមួយដូចស្ត្រីម្នាក់ដែលមានជំងឺនៅសម័យព្រះយេស៊ូ។ នៅម៉ាកុស ៥:២៥, ២៦ យើងអានថា៖ «នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាម អស់១២ឆ្នាំមកហើយ។ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្ដិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ»។ ព្រះយេស៊ូបានប្រោសស្ត្រីនោះឲ្យជា ហើយប្រព្រឹត្តនឹងនាងដោយចិត្តអាណិតអាសូរ។ (ម៉ាក. ៥:២៧-៣៤) ដោយសារភាពទាល់ច្រក គ្រិស្តសាសនិកខ្លះប្រហែលជាមានគំនិតចង់ធ្វើការវិនិច្ឆ័យរោគ ឬវិធីព្យាបាលដែលខុសគោលការណ៍សម្រាប់ការថ្វាយបង្គំបរិសុទ្ធ។
១៣, ១៤. (ក) តើសាតាំងអាចប្រើជម្រើសរបស់យើងស្តីអំពីវិធីព្យាបាល ដើម្បីបំផ្លាញភាពស្មោះត្រង់របស់យើងយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងត្រូវជៀសចេញពីអ្វីក៏ដោយដែលទាក់ទងនឹងអំពើមន្តអាគម?
១៣ សាតាំងនឹងប្រើមធ្យោបាយសព្វបែបយ៉ាងដើម្បីបំបែរអារម្មណ៍យើងចេញពីការថ្វាយបង្គំពិត។ សាតាំងយកអំពើប្រាសចាកសីលធម៌ខាងកាម និងការទាក់ទាញឲ្យស្រឡាញ់ទ្រព្យសម្បត្ដិដើម្បីបំផ្លាញភាពស្មោះត្រង់របស់យើង។ សាតាំងក៏ខំបំផ្លាញភាពស្មោះត្រង់របស់បងប្អូនឯទៀតតាមរយៈវិធីព្យាបាលដែលគួរឲ្យសង្ស័យដែលពាក់ព័ន្ធនឹងមន្តអាគមដែរ។ យើងអធិដ្ឋានសុំព្រះយេហូវ៉ា«ប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់[ឬ«មេកំណាច»]» ហើយពី«គ្រប់ទាំងសេចក្ដីទទឹងច្បាប់»។ យើងមិនគួរបណ្ដែតបណ្ដោយខ្លួនឲ្យធ្លាក់ចូលកណ្ដាប់ដៃសាតាំង ដោយទាក់ទងនឹងអ្វីដែលសឹងតែជាអំពើមន្តអាគមនោះឡើយ។—ម៉ាថ. ៦:១៣; ព.ថ.; ទីត. ២:១៤
១៤ ព្រះយេហូវ៉ាហាមមិនឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តអំពើមន្តអាគម និងទាក់ទងជាមួយគ្រូទាយឡើយ។ (ចោទិ. ១៨:១០-១២) សាវ័កប៉ុលរៀបរាប់អំពី«មន្តអាគម»ក្នុងចំណោម«កិច្ចការខាងសាច់ឈាម»។ (កា. ៥:១៩, ២០) ម្យ៉ាងទៀត «ពួកមន្តអាគម»នឹងមិនបានជីវិតក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ាឡើយ។ (វិវរ. ២១:៨) យើងអាចឃើញច្បាស់ហើយថា អ្វីក៏ដោយដែលពាក់ព័ន្ធនឹងមន្តអាគមជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា។
‹ចូរសំដែងឲ្យមនុស្សទាំងអស់ឃើញថា អ្នកជាមនុស្សសមហេតុផល›
១៥, ១៦. (ក) ហេតុអ្វីយើងត្រូវមានប្រាជ្ញាពេលជ្រើសរើសវិធីព្យាបាល? (ខ) តើគណៈអភិបាលនៅសតវត្សរ៍ទី១បានផ្ញើសំបុត្រជូនឱវាទអ្វីដល់គ្រិស្តសាសនិកទាំងឡាយ?
១៥ ដូច្នេះ ប្រសិនបើយើងសង្ស័យលើរបៀបវិនិច្ឆ័យរោគឬវិធីព្យាបាលណាមួយ យកល្អយើងគួរបដិសេធជាដាច់ខាត។ ក៏ប៉ុន្តែ បើយើងគ្រាន់តែមិនដឹងមូលហេតុដែលការវិនិច្ឆ័យរោគឬវិធីព្យាបាលណាមួយមានប្រសិទ្ធភាព នោះមិនមានន័យថាវិធីនោះពាក់ព័ន្ធនឹងមន្តអាគមទេ។ ដើម្បីមានទស្សនៈសមស្របតាមបទគម្ពីរស្តីអំពីការថែទាំសុខភាព យើងត្រូវតែមានប្រាជ្ញារបស់ព្រះនិងចេះរិះគិតពិចារណាឲ្យបានល្អ។ សុភាសិតជំពូកទី៣ដាស់តឿនយើងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង . . . ចូររក្សាសេចក្ដីដែលមានប្រយោជន៍ នឹងគំនិតវាងវៃចុះ! ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិតដល់ព្រលឹងឯង»។—សុ. ៣:៥, ៦, ២១, ២២
១៦ ដូច្នេះ ពេលដែលយើងព្យាយាមឲ្យមានសុខភាពល្អបំផុត យើងក៏ត្រូវប្រុងប្រយ័ត្ន មិនធ្វើឲ្យព្រះយេហូវ៉ាលែងពេញចិត្តនឹងយើង ពេលដែលយើងខំប្រឹងកាត់បន្ថយបញ្ហាដែលមកពីជរាភាពឬរកវិធីព្យាបាលរោគ។ ចំពោះការថែទាំសុខភាព ក៏ដូចជាក្នុងរឿងឯទៀតដែរ យើងចង់‹សំដែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសំឡូត[ឬ«ឃើញថាយើងជាមនុស្សសមហេតុផល»]› ដោយព្យាយាមប្រព្រឹត្តតាមគោលការណ៍ក្នុងគម្ពីរ ដែលនឹងជួយឲ្យយើងធ្វើការសម្រេចចិត្តប្រកបដោយតុល្យភាព។ (ភី. ៤:៥; ព.ថ.) នៅសតវត្សរ៍ទី១ គណៈអភិបាលបានផ្ញើសំបុត្រដ៏សំខាន់មួយជូនគ្រិស្តសាសនិកទាំងឡាយ ដោយណែនាំឲ្យជៀសវាងពីការថ្វាយបង្គំរូបព្រះ ឈាម និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ការណែនាំនោះក៏បានរួមបញ្ចូលការធានាថា៖ «បើអ្នករាល់គ្នាជៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ»។ (កិច្ច. ១៥:២៨, ២៩) តើបានល្អ ឬបានប្រយោជន៍យ៉ាងដូចម្ដេច?
ប្រយោជន៍ពីការកាន់តាមការណែនាំក្នុងគម្ពីរ
១៧. តើយើងពិតជាបានទទួលប្រយោជន៍យ៉ាងណា ដោយសារកាន់តាមការណែនាំក្នុងគម្ពីរ?
១៧ យកល្អយើងម្នាក់ៗសួរខ្លួនឯងថា ‹ដោយសារបានកាន់តាមយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គម្ពីរ ស្តីពីការជៀសវាងពីឈាម និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនោះ តើខ្ញុំទទួលស្គាល់ថាខ្ញុំបានទទួលប្រយោជន៍ទេ?›។ សូមគិតដែរអំពីផលប្រយោជន៍ដែលយើងបានទទួលដោយសារបាន«សំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង»។ (២កូ. ៧:១) ដោយកាន់តាមគោលការណ៍គម្ពីរស្តីអំពីភាពស្អាតស្អំ យើងបានការពារខ្លួនពីជំងឺច្រើនយ៉ាង។ យើងទទួលផលល្អដោយសារយើងមិនព្រមជក់បារីឬសេពថ្នាំញៀន ដែលបង្ខូចទាំងសុខភាពទាំងចំណងមិត្តភាពជាមួយព្រះ។ ម្យ៉ាងទៀត សូមគិតអំពីផលប្រយោជន៍ខាងសុខភាពដែលមកពីការជៀសចេញពីការស៊ីផឹកហួសប្រមាណ។ (សូមអាន សុភាសិត ២៣:២០; ទីតុស ២:២, ៣) បើសម្រាកនិងហាត់ប្រាណឲ្យបានគ្រប់គ្រាន់ នោះក៏ជួយសុខភាពរបស់យើងដែរ។ ទោះជាការសម្រាកនិងហាត់ប្រាណអាចមានប្រយោជន៍ក៏ពិតមែន តែការធ្វើតាមបណ្ដាំក្នុងគម្ពីរពិតជាបានជួយយើងឲ្យមានសុខភាពល្អ ហើយពង្រឹងចំណងមិត្តភាពជាមួយព្រះ។
១៨. (ក) សំខាន់បំផុត តើយើងគួរយកចិត្តទុកដាក់នឹងអ្វី? (ខ) ស្តីអំពីសុខភាព តើយើងកំពុងតែរង់ចាំការសម្រេចនៃបទទំនាយមួយណា?
១៨ សំខាន់បំផុត យើងគួរយកចិត្តទុកដាក់ពង្រឹងចំណងមិត្តភាពដ៏វិសេសជាមួយព្រះយេហូវ៉ាជាបិតារបស់យើង ដែលជាប្រភព«ជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយ»ក្នុងពិភពលោកថ្មីរបស់ទ្រង់។ (១ធី. ៤:៨; ទំនុក. ៣៦:៩) ក្នុងពិភពលោកថ្មីរបស់ព្រះ អំពើខុសឆ្គងរបស់យើងនឹងត្រូវអត់ឱនទោស ដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ ដើម្បីប្រោសយើងឲ្យជាទាំងស្រុងខាងសុខភាព និងខាងចំណងមិត្តភាពជាមួយព្រះ។ ព្រះគ្រិស្តយេស៊ូ ដែលជាកូនចៀមនៃព្រះ ទ្រង់នឹងនាំយើងទៅដល់«រន្ធទឹកនៃជីវិត» ហើយព្រះនឹង«ជូតអស់ទាំងទឹកភ្នែក»ពីភ្នែកយើងចេញ។ (វិវរ. ៧:១៤-១៧; ២២:១, ២) នៅពេលនោះ យើងនឹងពិសោធនូវការសម្រេចបទទំនាយដ៏គួរឲ្យរំភើបចិត្ត ដែលថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា ‹ខ្ញុំឈឺទៀតឡើយ›»។—អេសា. ៣៣:២៤
១៩. ថ្វីបើយើងចាត់វិធានការដើម្បីព្យាបាលសុខភាព តើយើងអាចមានទំនុកចិត្តយ៉ាងណា?
១៩ យើងជឿជាក់ថាសេចក្ដីសង្គ្រោះគឺជិតណាស់ហើយ! យើងទន្ទឹងចាំថ្ងៃព្រះយេហូវ៉ាដោយចិត្តរំភើប ដែលនោះជាពេលទ្រង់នឹងបំបាត់ជំងឺសព្វបែបយ៉ាងព្រមទាំងសេចក្ដីស្លាប់ផងដែរ។ ទម្រាំដល់ពេលនោះយើងទុកចិត្តទាំងស្រុងថា បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ទ្រង់ជួយយើងឲ្យស៊ូទ្រាំនឹងជំងឺ ពីព្រោះ‹ទ្រង់តែងយកចិត្តទុកដាក់នឹងយើងរាល់គ្នា›។ (១ពេ. ៥:៧) ហេតុនេះហើយ ចូរយើងថែទាំសុខភាពរបស់យើងឲ្យស្របតាមការណែនាំច្បាស់លាស់ក្នុងបណ្ដាំរបស់ព្រះ!
សូមពិនិត្យសាឡើងវិញ
• តើអ្នកណាទទួលខុសត្រូវចំពោះការឈឺថ្កាត់? តើអ្នកណានឹងជួយយើងឲ្យរួចផុតពីឥទ្ធិពលនៃអំពើខុសឆ្គង?
• ទោះបីជាការធម្មតាដែលយើងចង់ថែទាំសុខភាពរបស់យើងក៏ដោយ តើយើងត្រូវជៀសវាងអ្វី?
• ហេតុអ្វីជម្រើសរបស់យើងស្តីអំពីវិធីព្យាបាលគឺសំខាន់ចំពោះព្រះយេហូវ៉ា?
• ស្តីអំពីសុខភាព តើការធ្វើតាមការណែនាំក្នុងគម្ពីរមានប្រយោជន៍យ៉ាងណា?
[រូបភាពនៅទំព័រ២៥]
មនុស្សជាតិមិនបានបង្កើតមកឲ្យឈឺនិងចាស់ជរាឡើយ
[រូបភាពនៅទំព័រ២៦]
ថ្វីបើមានបញ្ហាសុខភាពក្ដី អ្នកបម្រើព្រះយេហូវ៉ាមានចិត្តសប្បាយក្នុងកិច្ចបម្រើផ្សាយ