«ខ្ញុំមិនទាន់ដល់ថ្ងៃស្លាប់ទេ»
អ្នកបើកបរឡានសំរាមធំមួយគ្រឿងបានជ្រុលចង្កូតឡើងលើចិញ្ចើមថ្នល់ ហើយបុកស្វាមីភរិយាមួយគូ និងបុរសម្នាក់អាយុ២៣ឆ្នាំដែលកំពុងដើរ។ យោងទៅតាមសេចក្ដីរាយការណ៍ក្នុងកាសែតមួយនៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក គូស្វាមីភរិយានោះបានស្លាប់ភ្លាម ហើយបុរសវ័យក្មេងបានសន្លប់បាត់ស្មារតី។ ពេលបុរសវ័យក្មេងនោះដឹងខ្លួន ហើយឃើញអ្វីដែលបានកើតឡើង នោះដំបូងគាត់គិតក្នុងចិត្តថា ‹មិនគួរឲ្យជឿសោះថា នេះបានកើតឡើង។ ព្រះអង្គអើយ សូមជួយផង!›។ គាត់បាននិយាយថា «ខ្ញុំមិនទាន់ដល់ថ្ងៃស្លាប់ទេ»។
អ្នកទំនងជាធ្លាប់ឮរឿងដូចនេះដែរ។ កាលណាមនុស្សម្នាក់រួចជីវិតទាំងប្រផុតប្រផើយ មនុស្សនិយាយថា ‹គាត់មិនទាន់ដល់ថ្ងៃស្លាប់ទេ›។ ប៉ុន្តែ ពេលមាននរណាម្នាក់ស្លាប់ដោយឧបទ្ទវហេតុ ពួកគេសន្និដ្ឋានថា ‹ជាពេលដែលត្រូវស្លាប់› ឬ‹ព្រះកំណត់ឲ្យ›។ មិនថាមនុស្សចាត់ទុកថាព្រឹត្ដិការណ៍នេះជាលទ្ធផលនៃព្រហ្មលិខិត សំណាង វាសនា ឬព្រះក៏ដោយ តែជំនឿរបស់ពួកគេគឺដូចគ្នា។ មនុស្សជាច្រើនជឿថាព្រឹត្ដិការណ៍ដែលកើតឡើងក្នុងជីវិតខ្លួន និងលទ្ធផលនៃព្រឹត្ដិការណ៍ទាំងនោះ ត្រូវបានកំណត់ទុកជាមុន ហើយជឿថាពួកគេមិនអាចផ្លាស់ប្ដូរព្រឹត្ដិការណ៍និងលទ្ធផលនោះឡើយ។ ណាមួយទៀត មនុស្សមិនមានទស្សនៈបែបនេះគ្រាន់តែពេលមានគេស្លាប់ឬពេលមានឧបទ្ទវហេតុប៉ុណ្ណោះទេ ហើយទស្សនៈបែបនេះក៏មិនមែនថ្មីដែរ។
ជាឧទាហរណ៍ ពួកបាប៊ីឡូនពីបុរាណ ជឿថាផ្កាយនិងការធ្វើដំណើររបស់ផ្កាយមានអានុភាពទៅលើអ្វីដែលកើតឡើងដល់មនុស្ស។ ហេតុនេះហើយបានជាពួកគេមើលទៅលើមេឃរកប្រផ្នូលដើម្បីដឹកនាំពួកគេ។ សាសន៍ក្រិចនិងសាសន៍រ៉ូមបានគោរពប្រណិប័តន៍ព្រះនាងនៃព្រហ្មលិខិត ដែលគេជឿថាព្រះនាងមានអំណាចកំណត់ឲ្យមនុស្សមានអនាគតល្អឬអាក្រក់ ហើយជួនកាលអំណាចនោះលុបលើបំណងនៃព្រះដ៏ចម្បងរបស់ពួកគេ ឈ្មោះគឺសឺសនិងព្រហស្បតិ៍។
នៅទ្វីបអាស៊ី អ្នកកាន់តាមសាសនាហិណ្ឌូនិងពុទ្ធសាសនាជឿថា អ្វីៗដែលបុគ្គលកំពុងតែឆ្លងកាត់ គឺដោយព្រោះអ្វីដែលគាត់បានធ្វើនៅជាតិមុន ហើយការប្រព្រឹត្តរបស់គាត់នៅជាតិនេះ បញ្ជាក់អ្វីដែលនឹងកើតឡើងដល់គាត់នៅជាតិក្រោយ។ សាសនាឯទៀត រួមទាំងសាសនាជាច្រើនក្នុងពិភពគ្រិស្តសាសនា ក៏ជឿថាខ្លួនគេមិនអាចជាម្ចាស់ជីវិតខ្លួន ដោយបង្រៀនថាព្រះកំណត់វាសនាទុកជាមុន។
ហេតុនេះហើយបានជាមិនគួរឲ្យភ្ញាក់ផ្អើលទេ! ដែលមនុស្សជាច្រើននៅតែជឿថាស្ថានការណ៍របស់ខ្លួន លទ្ធផលនៃកិច្ចការប្រចាំថ្ងៃ និងវាសនារបស់ខ្លួន គឺត្រូវបានកំណត់ដោយព្រហ្មលិខិត ហើយជឿថាខ្លួនមិនអាចធ្វើអ្វីដើម្បីផ្លាស់ប្ដូរស្ថានការណ៍ទាំងនោះសោះ។ ជំនឿបែបនេះនៅតែមាន ទោះជាយើងរស់នៅសម័យទំនើបដែលជាសម័យមនុស្សគិតថាជំនឿនិងទស្សនៈរបស់ខ្លួនផ្អែកទៅលើការពិតក៏ដោយ។ តើអ្នកមានអារម្មណ៍ដូច្នោះចំពោះជីវិតឬ? តើព្រឹត្ដិការណ៍និងហេតុការណ៍ ជោគជ័យនិងបរាជ័យ សូម្បីតែការកើតនិងស្លាប់ ពិតជាបានកំណត់រួចទៅហើយទេ? តើជីវិតរបស់អ្នកស្រេចទៅលើព្រហ្មលិខិតឬ? សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលគម្ពីរអាចជួយយើងឆ្លើយសំណួរទាំងនេះ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Ken Murray/New York Daily News