មានពេលសម្រាប់គ្រប់ការទាំងអស់
គម្ពីរចែងថា៖ «មានពេល[ឬ«ពេលកំណត់»]សំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ»។ ស្តេចសាឡូម៉ូនពីបុរាណដែលមានប្រាជ្ញា ជាអ្នកដែលសរសេរពាក្យទាំងនោះ ហើយគាត់បានពោលតទៅទៀតថាមានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ មានពេលសង់ឡើង ពេលសម្រាប់រំលំរំលាយ មានពេលសម្រាប់ស្រឡាញ់ ហើយពេលសម្រាប់ស្អប់។ នៅទីបំផុតគាត់មានប្រសាសន៍ថា៖ «តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ?»។—សាស្ដា ៣:១-៩; ខ.ស.
ពេលអានពាក្យទាំងនោះ មនុស្សខ្លះសន្និដ្ឋានថាគម្ពីរពិតជាបង្រៀនថាអ្វីៗទាំងអស់បានត្រូវកំណត់ទុកជាមុន ពោលគឺពួកគេគិតថាគម្ពីរគាំទ្រការជឿទៅលើព្រហ្មលិខិត។ តើពិតជាដូច្នោះទេ? តើគម្ពីរគាំទ្រគំនិតដែលថា អ្វីៗស្រេចទៅលើព្រហ្មលិខិតឬ? ដោយសារ«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ» នោះអ្វីដែលយើងអាននៅផ្នែកមួយនៃគម្ពីរត្រូវតែស្របគ្នានឹងផ្នែកឯទៀតដែរ។ ដូច្នេះ សូមឲ្យយើងពិនិត្យមើលអ្វីដែលគម្ពីរ ដែលជាបណ្ដាំរបស់ព្រះ ចែងអំពីរឿងនេះ។—ធីម៉ូថេទី២ ៣:១៦
ស្រេចនៅពេលវេលា និងព្រឹត្ដិការណ៍ដែលមើលមិនឃើញ
នៅសៀវភៅសាស្ដា សាឡូម៉ូនសរសេរបន្ថែមទៀតថា៖«យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថាការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំប៉័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្ដិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ»។ ហេតុអ្វី? គាត់បានពន្យល់ថា៖ «គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាស»ឬព្រឹត្ដិការណ៍ដែលមនុស្សមើលមិនឃើញជាមុន។—សាស្ដា ៩:១១
សាឡូម៉ូនមិនបានបង្ហើបថាអ្វីៗស្រេចទៅលើព្រហ្មលិខិតទេ តែចង្អុលប្រាប់ថា មនុស្សមិនសូវពូកែទាយទុកនូវលទ្ធផលពីអ្វីដែលពួកគេខំធ្វើ ពីព្រោះ«គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាស»ឬព្រឹត្ដិការណ៍ដែលមនុស្សមើលមិនឃើញជាមុនវិញ។ ជាញឹកញយ អ្វីបានកើតឡើងដល់បុគ្គលម្នាក់ ដោយសារចៃដន្យគាត់នៅចំកន្លែងដែលកើតហេតុ ឬនៅកន្លែងដែលមានអំណោយផលតែម្ដង។
ជាឧទាហរណ៍ សូមគិតអំពីឃ្លាដែលថា៖ «ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន»។ អ្នកប្រហែលជានៅនឹកចាំឬបានអានព័ត៌មានស្តីអំពីការរត់ប្រណាំងដ៏ល្បីមួយ ដែលចម្លែកបន្ដិច ពោលគឺការរត់ប្រណាំងផ្នែកនារី ដែលមានចម្ងាយ៣.០០០ម៉ែត្រនៅឯកីឡាអូឡាំពិកនាឆ្នាំ១៩៨៤ ក្នុងទីក្រុងឡុសានចេលីស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ក្នុងចំណោមអ្នករត់ប្រណាំងទាំងអស់មានអ្នករត់ប្រណាំងពីរនាក់ ម្នាក់មកពីប្រទេសអង់គ្លេសនិងម្នាក់ទៀតពីសហរដ្ឋអាម៉េរិក ហើយទាំងពីរនាក់សង្ឃឹមថានឹងឈ្នះបានមេដាយមាស។ ក៏ប៉ុន្តែ ពេលរត់ដល់ពាក់កណ្ដាលផ្លូវ ពួកគេរត់ប៉ះគ្នា។ ជាលទ្ធផល ម្នាក់ដួលលែងបានប្រកួត ហើយម្នាក់ទៀតធ្លាក់ទឹកចិត្តខ្លាំងដល់ម្ល៉េះដែលគាត់បានជាប់លេខទី៧។
តើលទ្ធផលនោះមកពីព្រហ្មលិខិតឬទេ? មនុស្សខ្លះប្រហែលជាគិតថាមែន។ ប៉ុន្តែ ច្បាស់ជាការប៉ះគ្នានោះ ជាឧបទ្ទវហេតុដែលគ្មាននរណាអាចដឹងទុកជាមុន ដែលបណ្ដាលឲ្យទាំងពីរនាក់មិនបានទទួលមេដាយមាស។ បើដូច្នេះ តើព្រហ្មលិខិតឬដែលនាំឲ្យពួកគេរត់ប៉ះគ្នា? ម្ដងទៀត មនុស្សខ្លះទំនងជាគិតថាដូច្នេះមែន។ ប៉ុន្តែ អ្នកអត្ថាធិប្បាយ បានជម្រាបថាឧបទ្ទវហេតុកើតឡើងដោយសារមានការប្រកួតស្លាប់រស់រវាងកីឡាករពីរនាក់នោះ។ ដូចគម្ពីរចែងថា៖ «គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាស»ឬព្រឹត្ដិការណ៍ដែលមនុស្សមើលមិនឃើញជាមុន។ មិនថាយើងបានរៀបចំល្អប៉ុណ្ណាក៏ដោយ តែងតែមានហេតុការណ៍ចៃដន្យខ្លះៗដែលអាចប៉ះពាល់ទៅលើលទ្ធផលនៃអ្វីដែលយើងខំធ្វើ ហើយហេតុការណ៍ចៃដន្យទាំងនោះគ្មានអ្វីទាក់ទងនឹងព្រហ្មលិខិតសោះ។
បើដូច្នេះ ពេលគម្ពីរចែងថា៖ «មានពេលសំរាប់គ្រប់ទាំងអស់»ឬពេលកំណត់ តើនេះសំដៅទៅលើអ្វី? តើមានអ្វីដែលយើងអាចធ្វើដែលនឹងផ្លាស់ប្ដូរលទ្ធផលនៃជីវិតឬវាសនារបស់យើងទេ?
មានពេលវេលាល្អបំផុតសម្រាប់គ្រប់ការទាំងអស់
អ្នកសរសេរគម្ពីរក្រោមការដឹកនាំរបស់ព្រះ មិនបានរៀបរាប់អំពីព្រហ្មលិខិតរបស់បុគ្គលណាម្នាក់ ឬអំណោយផលដែលបុគ្គលម្នាក់នឹងទទួលនៅទីបំផុតឡើយ។ ផ្ទុយទៅវិញ គាត់បានសរសេរអំពីគោលបំណងរបស់ព្រះ និងរបៀបដែលគោលបំណងនោះមានឥទ្ធិពលមកលើមនុស្សជាតិ។ តើយើងដឹងអំពីនេះយ៉ាងដូចម្ដេច? គឺតាមអ្វីដែលបរិបទបញ្ជាក់។ ក្រោយពីសាឡូម៉ូនបានរៀបរាប់អំពីអ្វីៗជាច្រើនដែលមើលទៅដូចជា«មានពេល»ឬពេលកំណត់ នោះគាត់បានសរសេរថា៖ «យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។ ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល»។—សាស្ដា ៣:១០, ១១
ព្រះបានផ្ដល់ការងារជាច្រើនឬការនឿយហត់ដល់មនុស្សយើង ហើយសាឡូម៉ូនបានរៀបរាប់ការងារមួយចំនួននោះ។ ព្រះក៏ផ្ដល់ឲ្យយើងមានចិត្តសេរីដើម្បីជ្រើសរើសអ្វីដែលយើងចង់ធ្វើដែរ។ យ៉ាងណាក៏ដោយ ដើម្បីទទួលលទ្ធផលល្អបំផុត កិច្ចការទាំងអស់គឺមានពេលត្រឹមត្រូវល្អសម្រាប់ធ្វើ។ ជាឧទាហរណ៍ សូមគិតអំពីពាក្យរបស់សាឡូម៉ូននៅសាស្ដា ៣:២ដែលថា«មានពេលសំរាប់ដាំនឹងពេលដករបស់ដែលបានដាំនោះ»។ អ្នកធ្វើស្រែដឹងថាមានពេលវេលាត្រឹមត្រូវដើម្បីសាបព្រោះគ្រាប់ពូជ។ ចុះយ៉ាងណា បើអ្នកធ្វើស្រែមិនយកចិត្តទុកដាក់ពីពេលវេលាត្រឹមត្រូវនោះ ហើយសាបព្រោះគ្រាប់ពូជខុសពេលឬខុសរដូវ? ប្រសិនបើគាត់បានផលមិនល្អ ទោះជាគាត់ខំធ្វើការយ៉ាងនឿយហត់ក៏ដោយ តើគប្បីឲ្យគាត់បន្ទោសថាមកពីព្រហ្មលិខិតឬ? មិនគប្បីទេ! គឺដោយសារគាត់សាបព្រោះគ្រាប់ពូជមិនត្រូវពេល។ អ្នកធ្វើស្រែអាចទទួលលទ្ធផលល្អ បើគាត់ធ្វើតាមក្រឹត្យក្រមធម្មជាតិដែលបានរៀបចំដោយព្រះដែលជាអ្នកបង្កើត។
ដូច្នេះ អ្វីដែលព្រះកំណត់គឺគោលការណ៍ខ្លះៗដែលកាន់កាប់លើសកម្មភាពរបស់មនុស្សស្របតាមគោលបំណងរបស់លោក មិនមែនកំណត់អាយុជីវិតយើងទេ។ មនុស្សជាតិត្រូវយល់និងប្រព្រឹត្តសមស្របតាមគោលបំណងនិងពេលវេលារបស់ព្រះ ទើបអាចមានជោគជ័យក្នុងអ្វីដែលខ្លួនចង់ធ្វើ។ អ្វីដែលត្រូវបានកំណត់ទុកជាមុន និងអ្វីដែលមិនអាចផ្លាស់ប្ដូរបានគឺគោលបំណងរបស់ព្រះ មិនមែនអនាគតរបស់មនុស្សម្នាក់ទេ។ តាមរយៈអ្នកប្រកាសទំនាយអេសាយ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:១១
បើដូច្នេះ តើ«ពាក្យ»របស់ព្រះ ឬគោលបំណងរបស់លោកដែលបានកត់ទុក ស្តីអំពីផែនដីនិងអនាគតរបស់មនុស្សជាតិដែល«នឹងចំរើនកើនឡើង»ជាអ្វី?
ការស្វែងយល់អំពីពេលកំណត់របស់ព្រះ
ក្រោយពីពេលសាឡូម៉ូនពោលពាក្យថា«[ព្រះ]បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល» នោះគាត់ជួយយើងឲ្យយល់«ពាក្យ»របស់ព្រះដែលថា «នឹងចំរើនកើនឡើង»មានន័យអ្វី ដោយបន្តនិយាយថា៖ «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ»។—សាស្ដា ៣:១១
មានការពន្យល់ជាច្រើនអំពីខនេះ។ ប៉ុន្តែ តាមការពិតយើងខ្ញុំទាំងអស់គ្នាធ្លាប់ឆ្ងល់អំពីខ្លឹមសារនៃជីវិត ឬវាសនារបស់ខ្លួន។ ក្នុងអំឡុងប្រវត្ដិសាស្ត្រមនុស្ស យើងតែងតែគិតថាជីវិតមានអត្ថន័យច្រើនជាងការខំប្រឹងធ្វើអ្វីៗដែលត្រូវធ្វើប៉ុណ្ណោះ ក្រោយមកស្លាប់ទៅ ហើយបាត់បង់អ្វីដែលខ្លួនខំប្រឹងធ្វើនោះ។ មនុស្សជាតិពិតជាខុសប្លែកពីសត្វឯទៀតទាំងអស់ ពីព្រោះយើងមិនគ្រាន់តែចេះគិតអំពីជីវិតបច្ចុប្បន្នប៉ុណ្ណោះទេ តែពីអនាគតផង។ យើងក៏មានចិត្តចង់រស់ជារៀងរហូតដែរ។ ហេតុអ្វី? បទគម្ពីរពន្យល់ថាព្រះបាន«ធ្វើឲ្យចិត្ត[មនុស្ស]សង្ឃឹមដល់អស់កល្បទៅមុខ»។
ដើម្បីបំពេញចិត្តចង់រស់ជារៀងរហូតនោះ មនុស្សងឿងឆ្ងល់ថាមានឬមិនមានជីវិតក្រោយពីស្លាប់។ អ្នកខ្លះសន្និដ្ឋានថាមានអ្វីមួយបន្តរស់ក្រោយពីពេលយើងស្លាប់។ ខ្លះទៀតជឿថាយើងនឹងចាប់ជាតិរហូត។ មនុស្សឯទៀតគិតថាព្រះឬព្រហ្មលិខិតបានកំណត់ទុកជាមុននូវអ្វីៗទាំងអស់ ហើយគិតថាយើងគ្មានសមត្ថភាពដើម្បីកែប្រែអ្វីដែលបានកំណត់នោះឡើយ។ គួរឲ្យស្ដាយណាស់ ចម្លើយទាំងនេះមិនបាននាំឲ្យយើងស្កប់ចិត្តសោះ។ នេះគឺដោយសារគម្ពីរចែងថា ការខិតខំរកចម្លើយដោយខ្លួនឯង នោះ«មនុស្សនឹងរកយល់មិនបានពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ»។
ការតស៊ូដ៏ពិបាកដែលមានយូរយារមកហើយរវាងការចង់ដឹងនិងការគ្មានសមត្ថភាពរកចម្លើយ នោះបានធ្វើឲ្យអ្នកប្រាជ្ញច្របូកច្របល់ក្នុងចិត្តនៅគ្រប់សម័យកាល។ ក៏ប៉ុន្តែ ដោយព្រោះព្រះដាក់សេចក្ដីប៉ងប្រាថ្នានោះក្នុងចិត្តយើង គឺសមហេតុផលឲ្យយើងពឹងទៅលើលោកឲ្យផ្ដល់អ្វីៗដែលចាំបាច់ដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នានោះ មែនទេ? យ៉ាងណាមិញ គម្ពីរបានរៀបរាប់អំពីព្រះយេហូវ៉ាថា៖«ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៦) ដូច្នេះ ដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់ព្រះ នោះយើងអាចទទួលការពន្យល់ដែលគួរឲ្យស្កប់ចិត្តអំពីជីវិត សេចក្ដីស្លាប់ និងអំពីគោលបំណងដែលមានជានិរន្តរ៍របស់ព្រះស្តីអំពីផែនដីនិងមនុស្សជាតិ។—អេភេសូរ ៣:១១
[ឃ្លាអក្សរធំនៅទំព័រ៥]
«ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន»។—សាស្ដា ៩:១១
[ឃ្លាអក្សរធំនៅទំព័រ៦]
ប្រសិនបើអ្នកធ្វើស្រែសាបព្រោះពូជខុសពេល ហើយបានផលមិនល្អ តើគាត់គួរបន្ទោសព្រហ្មលិខិតឬ?
[ឃ្លាអក្សរធំនៅទំព័រ៧]
យើងគិតអំពីជីវិតនិងសេចក្ដីស្លាប់ ដោយព្រោះព្រះបាន«ធ្វើឲ្យចិត្ត[មនុស្ស] សង្ឃឹមដល់អស់កល្បទៅមុខ»