ព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ត»
«សូមព្រះដែលផ្ដល់សេចក្ដីសុខសាន្តនៅជាមួយនឹងអ្នកទាំងអស់គ្នា»។—រ៉ូម ១៥:៣៣
១, ២. ដូចបានពណ៌នានៅលោកុប្បត្តិ ជំពូក៣២ និង៣៣ តើមានព្រឹត្ដិការណ៍អ្វីបានកើតឡើង? ហើយតើមានលទ្ធផលយ៉ាងណា?
សូមស្រមៃគិតថា បងប្អូនប្រុសពីរនាក់ជិតជួបគ្នានៅក្បែរតំបន់មួយឈ្មោះពេនួល ជាទីក្រុងដែលនៅជ្រលងភ្នំយ៉ាបុក ប៉ែកខាងកើតទន្លេយ៉ូដាន់។ អេសាវបានឮថាយ៉ាកុបដែលជាប្អូនប្រុសភ្លោះរបស់គាត់ត្រឡប់មកវិញហើយ។ ទោះជារយៈពេល២០ឆ្នាំបានកន្លងទៅហើយ តាំងពីអេសាវបានលក់សិទ្ធិនៃកូនច្បងឲ្យទៅប្អូនប្រុសរបស់គាត់ក៏ដោយ យ៉ាកុបនៅតែភ័យខ្លាចថាបងប្រុសរបស់គាត់ប្រហែលជានៅតែគុំកួនចង់សម្លាប់គាត់។ អេសាវកំពុងធ្វើដំណើរមកជួបយ៉ាកុប ដោយមានបុរស៤០០នាក់មកជាមួយផង។ ដោយគិតអំពីរឿងនេះ យ៉ាកុបបានរៀបចំទុកជាមុនដោយផ្ញើអំណោយយ៉ាងច្រើនឲ្យអ្នកបម្រើយកទៅឲ្យអេសាវម្ដងមួយក្រុមៗ ដែលមានសត្វផ្សេងៗដែលគាត់ជ្រើសរើសពីហ្វូងសត្វរបស់គាត់ជាង៥៥០ក្បាល។ ពេលអ្នកបម្រើរបស់យ៉ាកុបនាំយកអំណោយមកឲ្យអេសាវ នោះពួកគេប្រាប់ដល់អេសាវថា នេះជាជំនូនពីប្អូនប្រុសរបស់គាត់។
២ តើមានអ្វីកើតឡើងពេលពួកគេជួបគ្នា? យ៉ាកុបបង្ហាញចិត្តក្លាហាននិងចិត្តរាបទាប។ គាត់ដើរឆ្ពោះទៅរកអេសាវ ហើយបានឱនក្រាបចុះដល់ដី៧ដង។ ប៉ុន្តែ មុននេះយ៉ាកុបបានធ្វើអ្វីដ៏សំខាន់មួយដើម្បីធ្វើឲ្យចិត្តរបស់បងប្រុសគាត់ទន់ គឺគាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីឲ្យលោកជួយសង្គ្រោះគាត់ពីកណ្ដាប់ដៃរបស់អេសាវ។ តើព្រះយេហូវ៉ាបានតបឆ្លើយចំពោះការអធិដ្ឋាននេះឬទេ? លោកពិតជាបានធ្វើដូច្នេះមែន។ គម្ពីរបានប្រាប់យើងថា៖ «អេសាវក៏រត់មកទទួល ហើយឱបថើប»គាត់។—លោ. ៣២:១១-២០; ៣៣:១-៤
៣. តើយើងអាចរៀនអ្វីខ្លះពីកំណត់ហេតុអំពីយ៉ាកុបនិងអេសាវ?
៣ កំណត់ហេតុអំពីយ៉ាកុបនិងអេសាវបង្ហាញថា ពេលដែលមានបញ្ហាកើតឡើងដែលអាចធ្វើឲ្យលែងមានសេចក្ដីសុខសាន្តក្នុងក្រុមជំនុំគ្រិស្តសាសនិក នោះយើងគួរចាត់វិធានការ និងខំព្យាយាមដោះស្រាយបញ្ហានោះ។ យ៉ាកុបបានខំប្រឹងធ្វើឲ្យមានសន្ដិភាពជាមួយនឹងអេសាវ ប៉ុន្តែគាត់ធ្វើដូច្នេះមិនមែនដោយសារគាត់បានធ្វើខុសនិងចង់សុំការអភ័យទោសពីអេសាវទេ ព្រោះអេសាវជាអ្នកដែលបានមើលងាយសិទ្ធិជាកូនច្បង ហើយគាត់បានលក់សិទ្ធិនោះឲ្យយ៉ាកុបដើម្បីបានសម្លមួយចានតែប៉ុណ្ណោះ។ (លោ. ២៥:៣១-៣៤; ហេ. ១២:១៦) គំរូរបស់យ៉ាកុបបង្ហាញថាយើងត្រូវខំប្រឹងខ្លាំងណាស់ដើម្បីរក្សាឲ្យមានសន្ដិភាពជាមួយនឹងបងប្អូនគ្រិស្តសាសនិក។ ម្យ៉ាងទៀត នេះក៏បង្ហាញដែរថាពេលយើងអធិដ្ឋានឲ្យព្រះយេហូវ៉ាជួយយើងឲ្យធ្វើដូច្នេះ នោះលោកនឹងធ្វើតាមសំណូមពររបស់យើងមែន។ គម្ពីរមានគំរូជាច្រើនដែលជួយយើងឲ្យក្លាយទៅជាមនុស្សដែលធ្វើឲ្យមានសន្ដិភាព។
គំរូដ៏ល្អបំផុតសម្រាប់យើង
៤. តើព្រះបានរៀបចំវិធានការអ្វីដើម្បីសង្គ្រោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់?
៤ ព្រះយេហូវ៉ាទុកគំរូដ៏ល្អប្រសើរបំផុតក្នុងការធ្វើឲ្យមានសន្ដិភាព។ លោកជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ត»។ (រ៉ូម ១៥:៣៣) សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីជួយយើងឲ្យមានចំណងមិត្តភាពល្អជាមួយនឹងលោក។ ក្នុងនាមជាកូនចៅដែលមិនល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ា យើងសមនឹងទទួល«ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ»។ (រ៉ូម ៦:២៣) ក៏ប៉ុន្តែ ដោយសារសេចក្ដីស្រឡាញ់ លោកបានរៀបចំឲ្យយើងទទួលសេចក្ដីសង្គ្រោះ ដោយចាត់បុត្រជាទីស្រឡាញ់របស់លោកពីស្ថានសួគ៌ឲ្យមកកើតជាមនុស្សដែលល្អឥតខ្ចោះ។ ម្យ៉ាងទៀត លោកយេស៊ូស្ម័គ្រចិត្តធ្វើដូច្នេះ ហើយក៏បានអនុញ្ញាតឲ្យសត្រូវរបស់ព្រះសម្លាប់លោកដែរ។ (យ៉ូន. ១០:១៧, ១៨) ព្រះដ៏ពិតបានប្រោសបុត្រជាទីស្រឡាញ់របស់លោកឲ្យមានជីវិតនៅស្ថានសួគ៌ ហើយនៅទីនោះលោកយេស៊ូបានបង់ថ្លៃលោះរបស់លោកឲ្យដល់ព្រះយេហូវ៉ា។ ថ្លៃលោះនេះបានសង្គ្រោះពួកអ្នកដែលប្រែចិត្តពីអំពើខុសឆ្គងឲ្យរួចផុតពីសេចក្ដីស្លាប់។—សូមអាន ហេប្រឺ ៩:១៤, ២៤
៥, ៦. តើគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូ បានជួយមនុស្សឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយ៉ាងដូចម្ដេច?
៥ មនុស្សបានក្លាយទៅជាសត្រូវរបស់ព្រះដោយសារភាពខុសឆ្គង។ ដូច្នេះ តើថ្លៃលោះរបស់លោកយេស៊ូជួយមនុស្សជាតិយ៉ាងដូចម្ដេច? អេសាយ ៥៣:៥បានចែងថា៖ «ការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ គ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូ បានបើកឱកាសឲ្យមនុស្សដែលស្ដាប់បង្គាប់ព្រះមានចំណងមិត្តភាពល្អជាមួយនឹងលោក។ គម្ពីរបានរៀបរាប់ថា៖ «ដោយបង់ថ្លៃលោះ នោះបុត្រលោកបានរំដោះយើងតាមរយៈឈាមរបស់ខ្លួន ពោលគឺយើងទទួលការអភ័យទោសចំពោះកំហុសរបស់យើង»។—អេភ. ១:៧
៦ គម្ពីរបានចែងថា៖ «ព្រះពេញចិត្តឲ្យអ្វីៗនៅក្នុងខ្លួនលោក[គ្រិស្ត]បានពេញខ្នាត»។ នេះគឺដោយសារគ្រិស្តជាវិធីដ៏សំខាន់ក្នុងការបំពេញគោលបំណងរបស់ព្រះ។ ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ា? គឺជាការ‹ផ្សះផ្សាអ្វីៗឯទៀតទាំងអស់ឲ្យជានឹងលោកឡើងវិញ ដោយធ្វើឲ្យមានសន្ដិភាពតាមរយៈឈាមរបស់[លោកយេស៊ូ]គ្រិស្ត[ដែលបានត្រូវបង្ហូរ]›។ យ៉ាងនេះ «អ្វីៗឯទៀតទាំងអស់»ដែលព្រះបានធ្វើដើម្បីឲ្យមនុស្សមានចំណងមិត្តភាពល្អជាមួយនឹងលោកគឺជា«អ្វីនៅផែនដី»និង‹អ្វីនៅស្ថានសួគ៌›។ តើនោះជាអ្វីទៅ?—សូមអាន កូឡុស ១:១៩, ២០
៧. តើ‹អ្វីនៅស្ថានសួគ៌›និង«អ្វីនៅផែនដី»គឺជាអ្វី?
៧ ដោយសារថ្លៃលោះរបស់លោកយេស៊ូ នោះពួកគ្រិស្តសាសនិកដែលព្រះរើសតាំងបានក្លាយទៅជាកូនរបស់លោក ពីព្រោះពួកគេ«បានត្រូវប្រកាសថាជាមនុស្សសុចរិត» ហើយពួកគេ«មានសន្ដិភាពជាមួយនឹងព្រះ»។ (សូមអាន រ៉ូម ៥:១) គម្ពីរហៅពួកគេថា‹អ្វីនៅស្ថានសួគ៌›ពីព្រោះពួកគេមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ និង«ធ្វើជាស្តេចគ្រប់គ្រងលើផែនដី» ហើយក៏បម្រើជាសង្ឃរបស់ព្រះដែរ។ (បប. ៥:១០) ម្យ៉ាងទៀត «អ្វីនៅផែនដី»គឺមនុស្សជាតិដែលប្រែចិត្ត ហើយពួកគេនឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដី។—ទំនុក. ៣៧:២៩
៨. តើរបៀបដែលព្រះយេហូវ៉ាបានជួយមនុស្សជាតិឲ្យមានសន្ដិភាពជាមួយនឹងលោក មានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
៨ ប៉ូលបានបញ្ជាក់អំពីចិត្តដឹងគុណរបស់គាត់ចំពោះការរៀបចំរបស់ព្រះ ពេលគាត់សរសេរទៅបងប្អូនគ្រិស្តសាសនិកដែលព្រះរើសតាំងនៅក្រុងអេភេសូរថា៖ «ព្រះមានសេចក្ដីមេត្ដាករុណាដ៏បរិបូរ . . . លោកបានធ្វើឲ្យយើងមានជីវិតជាមួយនឹងគ្រិស្ត ទោះបីយើងធ្លាប់ជាមនុស្សស្លាប់ដោយសារកំហុសរបស់យើងក៏ដោយ (អ្នករាល់គ្នាបានត្រូវសង្គ្រោះដោយសារគុណដ៏វិសេសលើសលប់)»។ (អេភ. ២:៤, ៥) មិនថាយើងមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ឬនៅផែនដីក្ដី យើងមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះនិងគុណដ៏វិសេសលើសលប់របស់លោក។ យើងមានចិត្តកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយយើងឲ្យមានសន្ដិភាពជាមួយនឹងលោក។ ពេលដែលយើងប្រឈមមុខនឹងកាលៈទេសៈដែលអាចធ្វើឲ្យលែងមានសេចក្ដីសុខសាន្តក្នុងក្រុមជំនុំគ្រិស្តសាសនិក នោះចិត្តដឹងគុណរបស់យើងនឹងជំរុញចិត្តយើងឲ្យធ្វើតាមគំរូរបស់ព្រះដើម្បីក្លាយជាមនុស្សដែលបង្កើតឲ្យមានសន្ដិភាព មែនទេ?
រៀនពីគំរូរបស់អាប្រាហាំនិងអ៊ីសាក
៩, ១០. ពេលដែលមានជម្លោះកើតឡើងរវាងពួកគង្វាលរបស់ពួកគេ តើអាប្រាហាំបានប្រព្រឹត្តយ៉ាងណាចំពោះឡុតដែលបង្ហាញថាគាត់ជាអ្នកដែលធ្វើឲ្យមានសន្ដិភាព?
៩ គម្ពីរបានចែងអំពីអាប្រាហាំថា៖ «អាប្រាហាំបានជឿព្រះយេហូវ៉ា ហើយគាត់បានត្រូវចាត់ទុកថាជាមនុស្សសុចរិត ហើយគាត់បានត្រូវហៅថា‹សម្លាញ់របស់ព្រះយេហូវ៉ា›»។ (យ៉ា. ២:២៣) ជំនឿរបស់អាប្រាហាំបានត្រូវឃើញជាក់ស្តែងដោយសារគាត់បានរក្សាឲ្យមានសន្ដិភាពជាមួយអ្នកឯទៀត។ ជាឧទាហរណ៍ ពេលដែលហ្វូងសត្វរបស់អាប្រាហាំចម្រើនកាន់តែច្រើនឡើងៗ ពួកគង្វាលរបស់គាត់និងពួកគង្វាលរបស់ឡុតដែលជាក្មួយរបស់គាត់មានជម្លោះនឹងគ្នា។ (លោ. ១២:៥; ១៣:៧) ដំណោះស្រាយដែលល្អបំផុតគឺអាប្រាហាំនិងឡុតត្រូវចែកផ្លូវគ្នា។ ក្នុងកាលៈទេសៈនេះ តើអាប្រាហាំបានប្រព្រឹត្តយ៉ាងណា? ជាជាងប្រើអាយុនិងទំនាក់ទំនងពិសេសរបស់គាត់ជាមួយនឹងព្រះ ដើម្បីប្រាប់អំពីអ្វីដែលក្មួយរបស់គាត់ត្រូវធ្វើ នោះអាប្រាហាំបានបង្ហាញថាគាត់ជាមនុស្សម្នាក់ដែលធ្វើឲ្យមានសន្ដិភាពវិញ។
១០ អាប្រាហាំបានប្រាប់ក្មួយរបស់គាត់ថា៖ «សូមកុំឲ្យឯងហើយនឹងអញ ឬពួកគង្វាលរបស់ឯងនឹងពួកគង្វាលរបស់អញ មានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា»។ គាត់បានបន្តថា៖ «ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងទេឬអី? ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ។ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្ដាំ ឬបើឯងរើសយកខាងស្ដាំ នោះអញនឹងទៅខាងឆ្វេងវិញ»។ នៅពេលនោះឡុតរើសយកតំបន់ដែលដីមានជីជាតិល្អជាងគេ ប៉ុន្តែអាប្រាហាំមិនបានប្រកាន់ខឹងនឹងគាត់ទេ។ (លោ. ១៣:៨-១១) ក្រោយមក នៅពេលពួកសត្រូវឈ្លានពានបានចាប់ឡុតនាំទៅជាឈ្លើយ អាប្រាហាំមិនបានស្ទាក់ស្ទើរក្នុងការទៅសង្គ្រោះក្មួយរបស់គាត់នោះទេ។—លោ. ១៤:១៤-១៦
១១. តើអាប្រាហាំបានខំប្រឹងឲ្យមានសន្ដិភាពជាមួយនឹងជនជាតិភីលីស្ទីនដែលនៅជុំវិញគាត់យ៉ាងដូចម្ដេច?
១១ សូមគិតផងដែរអំពីរបៀបដែលអាប្រាហាំខំប្រឹងឲ្យមានសន្ដិភាពជាមួយនឹងជនជាតិភីលីស្ទីនដែលនៅជុំវិញគាត់ក្នុងស្រុកកាណាន។ សាសន៍ភីលីស្ទីនបាន«ដណ្ដើមយក»អណ្ដូងទឹកដែលពួកអ្នកបម្រើរបស់អាប្រាហាំជីកនៅទីក្រុងបៀរសេបា។ ដូច្នេះ តើអាប្រាហាំដែលធ្លាប់ច្បាំងយកជ័យជម្នះលើស្តេចបួនអង្គ ដើម្បីសង្គ្រោះក្មួយរបស់គាត់នោះ បានសម្រេចចិត្តធ្វើយ៉ាងណាក្នុងកាលៈទេសៈនេះ? ជាជាងដណ្ដើមយកអណ្ដូងទឹកនោះមកវិញ អាប្រាហាំមិនបាននិយាយអ្វីមួយម៉ាត់សោះអំពីរឿងនេះ។ មិនយូរក្រោយមក ស្តេចភីលីស្ទីនបានមកជួបអាប្រាហាំដើម្បីតាំងសន្ធិសញ្ញាសន្ដិភាពជាមួយគ្នា។ ក្រោយពីស្តេចបានឲ្យអាប្រាហាំស្បថថា គាត់នឹងធ្វើល្អចំពោះកូនចៅរបស់ស្តេច នៅពេលនោះ ទើបអាប្រាហាំលើករឿងដែលពួកភីលីស្ទីនបានដណ្ដើមយកអណ្ដូងទឹកមកជម្រាបស្តេច។ ស្តេចបានភ្ញាក់ផ្អើលជាខ្លាំង ហើយស្តេចក៏បានប្រគល់អណ្ដូងនោះទៅឲ្យអាប្រាហាំវិញ។ គាត់បានបន្តរស់នៅជាអ្នកស្នាក់នៅដែលមកពីប្រទេសក្រៅដោយសេចក្ដីសុខសាន្ត។—លោ. ២១:២២-៣១, ៣៤
១២, ១៣. (ក) តើអ៊ីសាកធ្វើតាមគំរូរបស់ឪពុកគាត់យ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាបានឲ្យពរដល់អ៊ីសាកដោយសារគាត់ស្រឡាញ់សន្ដិភាពយ៉ាងដូចម្ដេច?
១២ អ៊ីសាកដែលជាកូនប្រុសរបស់អាប្រាហាំក៏ស្រឡាញ់សន្ដិភាពដូចឪពុករបស់គាត់ដែរ។ អ៊ីសាកបានបង្ហាញដូច្នេះតាមរយៈការប្រព្រឹត្តរបស់គាត់ចំពោះជនជាតិភីលីស្ទីន។ ដោយសារមានគ្រោះទុរ្ភិក្ស អ៊ីសាកនិងក្រុមគ្រួសាររបស់គាត់ បានរើពីតំបន់ខាងជើងអណ្ដូងឡាហាយរយ ជាកន្លែងដែលមានដីហួតហែងក្នុងតំបន់ណេកិប ទៅរស់នៅតំបន់ដែលដីមានជីជាតិក្នុងស្រុកកេរ៉ារបស់ពួកភីលីស្ទីនវិញ។ នៅទីនោះព្រះយេហូវ៉ាបានឲ្យពរដល់ផលដំណាំរបស់គាត់យ៉ាងច្រើន ហើយក៏ចម្រើនហ្វូងសត្វឲ្យគាត់ដែរ។ ប៉ុន្តែ ពួកភីលីស្ទីនចាប់ផ្ដើមមានចិត្តច្រណែននឹងគាត់។ ដូច្នេះ ពួកគេមិនចង់ឲ្យអ៊ីសាកមានទ្រព្យសម្បត្ដិចម្រើនឡើងដូចឪពុករបស់គាត់នោះទេ ហេតុនេះពួកភីលីស្ទីនយកដីលុបពេញអណ្ដូងទាំងអស់នៅតំបន់នោះដែលអ្នកបម្រើរបស់អាប្រាហាំបានជីក។ នៅទីបំផុត ស្តេចរបស់ពួកភីលីស្ទីនបានប្រាប់អ៊ីសាកឲ្យ‹ថយចេញពីពួកគេទៅ›។ ដើម្បីរក្សាឲ្យមានសន្ដិភាព អ៊ីសាកបានធ្វើតាមសំណូមពរនោះ។—លោ. ២៤:៦២; ២៦:១, ១២-១៧
១៣ ក្រោយពីអ៊ីសាកផ្លាស់ប្ដូរទីលំនៅ អ្នកបម្រើរបស់គាត់បានជីកអណ្ដូងមួយទៀត។ ពួកគង្វាលជនជាតិភីលីស្ទីនបានប្រកាសថាទឹកនេះជារបស់ពួកគេ។ ដូចអាប្រាហាំ អ៊ីសាកមិនបានដណ្ដើមយកអណ្ដូងនោះទេ។ ផ្ទុយទៅវិញ អ៊ីសាកបានឲ្យអ្នកបម្រើរបស់គាត់ជីកអណ្ដូងមួយទៀត។ ប៉ុន្តែ ពួកភីលីស្ទីនក៏អះអាងថាអណ្ដូងមួយនេះជារបស់ពួកគេទៀត។ ដើម្បីរក្សាឲ្យមានសន្ដិភាព អ៊ីសាកបានរើទីលំនៅរបស់គាត់ទៅកន្លែងមួយផ្សេងទៀត។ នៅទីនោះអ្នកបម្រើរបស់គាត់ជីកអណ្ដូងមួយដែលអ៊ីសាកឲ្យឈ្មោះថារេហូបូត។ ក្រោយមក គាត់ប្ដូរទៅរស់នៅក្នុងតំបន់បៀរសេបា ជាកន្លែងដែលដីមានជីជាតិ ហើយក៏ជាកន្លែងដែលព្រះយេហូវ៉ាឲ្យពរដល់គាត់ដែរ។ នៅទីនោះលោកបានប្រាប់គាត់ថា៖ «កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ»។—លោ. ២៦:១៧-២៥
១៤. ពេលស្តេចភីលីស្ទីនចង់តាំងសន្ធិសញ្ញាសន្ដិភាពជាមួយគាត់ តើអ៊ីសាកបង្ហាញយ៉ាងដូចម្ដេចថាគាត់ជាអ្នកដែលធ្វើឲ្យមានសន្ដិភាព?
១៤ អ៊ីសាកប្រាកដជាមានសិទ្ធិដើម្បីដណ្ដើមយកអណ្ដូងទឹកដែលអ្នកបម្រើគាត់បានជីកមកវិញ។ ស្តេចភីលីស្ទីនបានដឹងថាព្រះយេហូវ៉ាឲ្យពរទៅលើអ្វីៗដែលអ៊ីសាកធ្វើ។ ពេលស្តេចនិងមន្ត្រីរបស់គាត់មកជួបអ៊ីសាកនៅត្រង់បៀរសេបាដើម្បីតាំងសន្ធិសញ្ញាសន្ដិភាពជាមួយគាត់ ស្តេចនោះបាននិយាយថា៖ «យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក»។ ប៉ុន្តែ ដើម្បីរក្សាឲ្យមានសន្ដិភាព អ៊ីសាកសម្រេចចិត្តរើពីកន្លែងមួយទៅកន្លែងមួយជាច្រើនលើកច្រើនសាជាជាងប្រយុទ្ធគ្នា។ ក្នុងករណីនេះ គាត់ក៏បង្ហាញថាគាត់ជាអ្នកដែលធ្វើឲ្យមានសន្ដិភាពដែរ។ កំណត់ហេតុប្រវត្ដិសាស្ត្របានបញ្ជាក់ថា៖ «គាត់រៀបជប់លៀងដល់គេ[ភ្ញៀវ] ហើយក៏បរិភោគទាំងអស់គ្នាទៅ។ លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូន[ពួកគេ]ទៅ . . . ដោយមេត្រីចិត្ត»។—លោ. ២៦:២៦-៣១
រៀនពីគំរូរបស់យ៉ូសែប
១៥. ហេតុអ្វីបងប្រុសៗរបស់យ៉ូសែបនិយាយជាមួយនឹងគាត់ដោយស្រួលពុំបាន?
១៥ យ៉ាកុបដែលជាកូនប្រុសរបស់អ៊ីសាកជាមនុស្ស«រមទម»។ (លោ. ២៥:២៧) ដូចបានពិភាក្សាពីខាងលើ យ៉ាកុបខំព្យាយាមបង្កើតឲ្យមានសន្ដិភាពជាមួយនឹងអេសាវដែលជាបងប្រុសរបស់គាត់។ យ៉ាកុបប្រាកដជាបានទទួលប្រយោជន៍ពីគំរូរបស់អ៊ីសាកដែលជាឪពុករបស់គាត់ក្នុងការធ្វើឲ្យមានសន្ដិភាព។ ចុះយ៉ាងណាចំពោះកូនរបស់យ៉ាកុបវិញ? ក្នុងចំណោមកូនទាំង១២នាក់របស់គាត់ យ៉ូសែបជាកូនដែលគាត់ស្រឡាញ់ជាងគេ។ យ៉ូសែបជាកូនដែលយ៉ាកុបអាចទុកចិត្តបាន ដោយសារគាត់ចេះស្ដាប់បង្គាប់និងចេះគួរសម។ (លោ. ៣៧:២, ១៤) ក៏ប៉ុន្តែ បងប្រុសៗរបស់យ៉ូសែបចាប់ផ្ដើមច្រណែននឹងគាត់ដែលធ្វើឲ្យពួកគេនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។ អាក្រក់ជាងនោះទៅទៀត ពួកគេបានលក់យ៉ូសែបឲ្យធ្វើជាខ្ញុំបម្រើ ហើយបានកុហកឪពុករបស់ពួកគេឲ្យជឿថាយ៉ូសែបត្រូវសត្វសាហាវសម្លាប់។—លោ. ៣៧:៤, ២៨, ៣១-៣៣
១៦, ១៧. តើរបៀបដែលយ៉ូសែបប្រព្រឹត្តទៅលើបងប្រុសៗរបស់គាត់បង្ហាញយ៉ាងដូចម្ដេចថាគាត់ជាអ្នកដែលស្រឡាញ់សន្ដិភាព?
១៦ ព្រះយេហូវ៉ាបង្ហាញថាលោកនៅជាមួយនឹងយ៉ូសែប។ ក្រោយមក យ៉ូសែបបានក្លាយទៅជានាយករដ្ឋមន្ត្រីនៅប្រទេសអេស៊ីបដែលមានអំណាចទី២បន្ទាប់ពីស្តេចផារ៉ូ។ ពេលដែលមានគ្រោះទុរ្ភិក្សនៅស្រុកកាណាន បងប្រុសៗរបស់យ៉ូសែបបានធ្វើដំណើរមកអេស៊ីបដើម្បីទិញស្បៀងអាហារ។ ពេលជួបយ៉ូសែបនៅទីនោះ ពួកគេមើលគាត់មិនស្គាល់ទេ ប្រហែលដោយសារគាត់ស្លៀកពាក់ជាជនជាតិអេស៊ីប។ (លោ. ៤២:៥-៧) បើយ៉ូសែបចង់សងសឹកបងប្រុសៗរបស់គាត់ចំពោះអ្វីដែលពួកគេបានធ្វើដល់គាត់និងឪពុកគាត់ នោះពិតជាស្រួលមែន! ក៏ប៉ុន្តែ ជាជាងចង់សងសឹក យ៉ូសែបខំបង្កើតឲ្យមានសន្ដិភាពជាមួយនឹងពួកគេវិញ។ ពេលដែលពួកបងៗរបស់គាត់បានបង្ហាញយ៉ាងច្បាស់ថាពួកគេបានប្រែចិត្ត គាត់បានបង្ហាញខ្លួនឲ្យគេស្គាល់ដោយនិយាយថា៖ «កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក»។ ក្រោយមក គាត់បានថើបពួកបងៗរបស់គាត់ទាំងអស់ ព្រមទាំងយំនឹងគេផង។—លោ. ៤៥:១, ៥, ១៥
១៧ ក្រោយពីយ៉ាកុបដែលជាឪពុករបស់ពួកគេបានស្លាប់ បងប្រុសៗរបស់យ៉ូសែបបានគិតថាយ៉ូសែបប្រហែលជាសងសឹកនឹងពួកគេ។ ពេលដែលពួកគេបង្ហាញអំពីការភ័យខ្លាចរបស់ពួកគេ យ៉ូសែប«ក៏យំ»ហើយគាត់និយាយថា៖ «កុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ»។ យ៉ូសែបដែលជាអ្នកស្រឡាញ់សន្ដិភាពបាន«កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ»។—លោ. ៥០:១៥-២១
«បានត្រូវសរសេរទុកដើម្បីណែនាំយើង»
១៨, ១៩. (ក) ដូចបានពិគ្រោះក្នុងអត្ថបទនេះ តើអ្នកទទួលប្រយោជន៍យ៉ាងណាពីការពិចារណាអំពីគំរូនៃអ្នកដែលធ្វើឲ្យមានសន្ដិភាព? (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទបន្ទាប់?
១៨ ប៉ូលបានសរសេរថា«អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) តើយើងបានរៀនអ្វីខ្លះពីការពិនិត្យមើលគំរូដ៏ល្អបំផុតរបស់ព្រះយេហូវ៉ា និងគំរូរបស់អាប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែប?
១៩ បើយើងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីឲ្យយើងអាចមានចំណងមិត្តភាពជាមួយលោក នោះយើងក៏នឹងចង់ធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីរក្សាឲ្យមានសន្ដិភាពជាមួយអ្នកឯទៀតដែរ មែនទេ? គំរូរបស់អាប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែបបង្ហាញថាឪពុកម្ដាយអាចជះឥទ្ធិពលល្អដល់កូនៗរបស់ពួកគេ។ បន្ថែមទៅទៀត កំណត់ហេតុទាំងនេះក៏បង្ហាញថាព្រះយេហូវ៉ាឲ្យពរទៅលើការព្យាយាមរបស់ពួកអ្នកដែលខំធ្វើឲ្យមានសន្ដិភាព។ ហេតុនេះ ប៉ូលបានហៅព្រះយេហូវ៉ាថាជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ត!»។ (សូមអាន រ៉ូម ១៥:៣៣; ១៦:២០) អត្ថបទបន្ទាប់នឹងពិចារណាអំពីមូលហេតុដែលប៉ូលបញ្ជាក់ថាយើងត្រូវខំប្រឹងឲ្យមានសន្ដិភាព និងអំពីរបៀបដែលយើងអាចធ្វើដូច្នេះបាន។
តើអ្នកបានរៀនអ្វីខ្លះ?
• មុនពេលយ៉ាកុបជួបនឹងអេសាវ តើយ៉ាកុបខំប្រឹងឲ្យមានសន្ដិភាពតាមវិធីណាខ្លះ?
• តើអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីឲ្យមនុស្សមានសន្ដិភាពនឹងលោក មានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
• តើអ្នកបានរៀនអ្វីខ្លះពីគំរូរបស់អាប្រាហាំ អ៊ីសាក យ៉ាកុប និងយ៉ូសែប?
[រូបភាពនៅទំព័រ២២]
ដើម្បីបង្កើតឲ្យមានសន្ដិភាពនឹងអេសាវ តើយ៉ាកុបបានធ្វើអ្វីដែលជាជំហានដ៏សំខាន់បំផុត?