ចូរទទួលស្វាគមន៍គ្រិស្តដែលជាស្តេចដ៏រុងរឿង!
«ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជម្នះផង»។—ទំនុក. ៤៥:៤
១, ២. ហេតុអ្វីទំនុកទី៤៥ធ្វើឲ្យយើងចាប់អារម្មណ៍?
ស្តេចដ៏រុងរឿងមួយអង្គជិះសេះទៅដើម្បីការពារសេចក្ដីពិតនិងសេចក្ដីសុចរិត ហើយចេញទៅយកជ័យជម្នះលើសត្រូវរបស់លោក។ ក្រោយពីបានយកជ័យជម្នះផ្ដាច់ព្រ័ត្រលើពួកគេ លោកបានរៀបការជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត។ មនុស្សគ្រប់ជំនាន់នៅអនាគតនឹកចាំ ហើយសរសើរស្តេចអង្គនោះ។ នេះជាប្រធានបទដ៏សំខាន់នៃទំនុកទី៤៥។
២ ប៉ុន្តែ ទំនុកទី៤៥ មិនគ្រាន់តែជារឿងគួរឲ្យរំភើបចិត្តដែលមានសេចក្ដីបញ្ចប់ដ៏ល្អប៉ុណ្ណោះទេ។ ព្រឹត្ដិការណ៍ដែលបានត្រូវរៀបរាប់នៅក្នុងរឿងនោះមានអត្ថន័យចំពោះយើង។ ព្រឹត្ដិការណ៍ទាំងនោះជាប់ទាក់ទងនឹងជីវិតរស់នៅរបស់យើងឥឡូវនេះនិងនៅពេលអនាគតផងដែរ។ ដូច្នេះ ចូរយើងពិនិត្យមើលទំនុកនេះដោយយកចិត្តទុកដាក់។
«ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ»
៣, ៤. (ក) តើ«សេចក្ដីដ៏ល្អ»ដែលជាប់ទាក់ទងនឹងយើងជាអ្វី ហើយតើនោះអាចមានឥទ្ធិពលយ៉ាងណាមកលើចិត្តរបស់យើង? (ខ) តើតាមរបៀបណាយើងថ្លែង«ពីដំណើរមហាក្សត្រ»មួយអង្គ ហើយតើតាមរបៀបណាអណ្ដាតរបស់យើងគឺដូចជាស្លាបប៉ាកកា?
៣ សូមអាន ទំនុកតម្កើង ៤៥:១។ «សេចក្ដីដ៏ល្អ»ដែលមានឥទ្ធិពលលើចិត្តរបស់អ្នកតែងទំនុកតម្កើង ហើយធ្វើឲ្យចិត្តរបស់គាត់«ពេញហៀរ» គឺជាប់ទាក់ទងនឹងមហាក្សត្រមួយអង្គ។ ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ពេញហៀរ» ដើមដំបូងមានន័យថា«ចេញពពុះ»ឬ«ពុះ»។ រឿងនេះបានធ្វើឲ្យចិត្តរបស់អ្នកតែងទំនុកតម្កើងពុះពោរដោយក្ដីរំភើប ហើយបានធ្វើឲ្យអណ្ដាតរបស់គាត់ដូចជា‹ស្លាបប៉ាកកានៃអ្នកតែងរឿងយ៉ាងជំនាញ›។
៤ ចុះយើងវិញយ៉ាងណាដែរ? ដំណឹងល្អអំពីរាជាណាចក្ររបស់មេស្ស៊ី គឺជាអ្វីមួយដែលមានឥទ្ធិពលលើចិត្តរបស់យើង។ ដំណឹងអំពីរាជាណាចក្រព្រះបានទៅជា«ល្អ» ជាពិសេសនៅឆ្នាំ១៩១៤។ តាំងពីពេលនោះមក ដំណឹងនោះលែងជាប់ទាក់ទងនឹងរាជាណាចក្រនាពេលអនាគតទៀតហើយ តែជាប់ទាក់ទងនឹងរដ្ឋាភិបាលពិតប្រាកដ ដែលកំពុងដំណើរការនៅពេលឥឡូវនេះនៅស្ថានសួគ៌។ នេះជា‹ដំណឹងល្អអំពីរាជាណាចក្រ›ដែលយើងផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថ. ២៤:១៤) តើដំណឹងអំពីរាជាណាចក្រធ្វើឲ្យចិត្តរបស់យើង«ពេញហៀរ»ដូចជាទឹកពុះឬទេ? តើយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដោយចិត្តខ្នះខ្នែងឬទេ? ដូចអ្នកតែងទំនុកតម្កើង យើងថ្លែង«ពីដំណើរមហាក្សត្រ»មួយអង្គ ពោលគឺលោកយេស៊ូគ្រិស្តជាស្តេចរបស់យើង។ យើងប្រកាសថាលោកគឺជាស្តេចនៅស្ថានសួគ៌នៃរាជាណាចក្ររបស់មេស្ស៊ី ដែលព្រះបានតែងតាំង។ ម្យ៉ាងទៀត យើងអញ្ជើញមនុស្សទាំងអស់ ទាំងអ្នកគ្រប់គ្រងទាំងអ្នកដែលនៅក្រោមអំណាចរបស់ពួកគេឲ្យចុះចូលក្រោមការគ្រប់គ្រងរបស់គ្រិស្ត។ (ទំនុក. ២:១, ២, ៤-១២) អណ្ដាតរបស់យើងគឺដូច‹ជាស្លាបប៉ាកកានៃអ្នកតែងរឿងយ៉ាងជំនាញ›ក្នុងន័យថាយើងប្រើបណ្ដាំជាលាយលក្ខណ៍អក្សរយ៉ាងច្រើនក្នុងកិច្ចផ្សព្វផ្សាយរបស់យើង។
យើងប្រកាសដំណឹងល្អអំពីលោកយេស៊ូគ្រិស្តជាស្តេចរបស់យើងដោយអំណរ
ស្តេចមានបបូរមាត់«ប្រកបដោយព្រះគុណ»
៥. (ក) តើលោកយេស៊ូស្អាតតាមរបៀបណាខ្លះ? (ខ) តើតាមរបៀបណាស្តេចមានបបូរមាត់«ប្រកបដោយព្រះគុណ» ហើយតើយើងអាចព្យាយាមធ្វើតាមគំរូរបស់លោកយ៉ាងដូចម្ដេច?
៥ សូមអាន ទំនុកតម្កើង ៤៥:២។ បទគម្ពីរមិនសូវចែងអំពីរូបរាងរបស់លោកយេស៊ូឡើយ។ ជាមនុស្សល្អឥតខ្ចោះ លោកប្រាកដជា«ល្អវិសេស»ឬស្អាត។ ប៉ុន្តែ អ្វីដែលធ្វើឲ្យលោកស្អាតខ្លាំងគឺដោយសារលោកស្មោះត្រង់នឹងព្រះយេហូវ៉ា ហើយរក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច។ ម្យ៉ាងទៀត លោកយេស៊ូមានបបូរមាត់«ប្រកបដោយព្រះគុណ»ឬសម្ដីពីរោះ ពេលលោកផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ។ (លូក. ៤:២២; យ៉ូន. ៧:៤៦) តើយើងម្នាក់ៗព្យាយាមធ្វើតាមគំរូរបស់លោកក្នុងកិច្ចផ្សព្វផ្សាយរបស់យើង ហើយព្យាយាមប្រើពាក្យសម្ដីដែលនឹងមានឥទ្ធិពលលើចិត្តរបស់មនុស្សឬទេ?—កូឡ. ៤:៦
៦. តើតាមរបៀបណាព្រះបានឲ្យពរដល់លោកយេស៊ូ«ជាដរាបតទៅ»?
៦ ដោយសារលោកយេស៊ូបង្ហាញភក្ដីភាពអស់ពីចិត្ត នោះព្រះយេហូវ៉ាបានឲ្យពរលោកក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី ហើយបានឲ្យរង្វាន់ដល់លោកក្រោយពីលោកបានស្លាប់ដើម្បីជាគ្រឿងបូជា។ សាវ័កប៉ូលបានសរសេរថា៖ «ពេលដែលលោក[យេស៊ូ]ឃើញថាលោកមានភាពជាមនុស្សជាតិ លោកក៏បានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់ គឺស្លាប់លើបង្គោលទារុណកម្ម។ ដោយហេតុនោះដែរ ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន ក៏បានមេត្ដាឲ្យនាមដល់លោកដែលជានាមប្រសើរជាងនាមឯទៀតទាំងអស់ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមយេស៊ូ ហើយដើម្បីឲ្យគ្រប់អណ្ដាតប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្តជាម្ចាស់ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា»។ (ភី. ២:៨-១១) ព្រះយេហូវ៉ាបានឲ្យពរដល់លោកយេស៊ូ«ជាដរាបតទៅ» ដោយប្រោសលោកឲ្យរស់ឡើងវិញឲ្យមានជីវិតអមតៈ។—រ៉ូម ៦:៩
ស្តេចបានត្រូវលើកតម្កើងលើសជាង«ពួកសំឡាញ់»នៃលោក
៧. តើតាមរបៀបណាព្រះបានរើសតាំងលោកយេស៊ូលើសជាង«ពួកសំឡាញ់»នៃលោក?
៧ សូមអាន ទំនុកតម្កើង ៤៥:៦, ៧។ ដោយសារលោកយេស៊ូស្រឡាញ់សេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅ ហើយស្អប់អ្វីដែលអាចបង្អាប់កិត្ដិយសបិតារបស់លោក នោះព្រះយេហូវ៉ាបានរើសតាំងលោកជាស្តេចនៃរាជាណាចក្ររបស់មេស្ស៊ី។ លោកយេស៊ូបានត្រូវរើសតាំងដោយ«ប្រេងនៃសេចក្ដីត្រេកអរសាទរ»លើសជាង«ពួកសំឡាញ់»របស់លោក ពោលគឺស្តេចទាំងឡាយនៃស្រុកយូដាដែលកើតពីវង្សត្រកូលរបស់ដាវីឌ។ ហេតុអ្វីដូច្នេះ? មូលហេតុមួយ គឺដោយសារលោកយេស៊ូបានត្រូវរើសតាំងដោយព្រះយេហូវ៉ាផ្ទាល់។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានរើសតាំងលោកជាស្តេចផងនិងជាសម្ដេចសង្ឃផង។ (ទំនុក. ២:២; ហេ. ៥:៥, ៦) មួយវិញទៀត លោកយេស៊ូមិនបានត្រូវរើសតាំងដោយចាក់ប្រេងទេ តែដោយសកម្មពលបរិសុទ្ធ ហើយលោកមិនគ្រប់គ្រងពីផែនដីទេ តែពីស្ថានសួគ៌វិញ។
៨. តើតាមរបៀបណាយើងអាចនិយាយថាព្រះជា‹បល្ល័ង្កលោក›យេស៊ូ ហើយហេតុអ្វីយើងអាចប្រាកដថារាជាណាចក្ររបស់លោកគឺសុចរិត?
៨ ព្រះយេហូវ៉ាបានតែងតាំងបុត្ររបស់លោកជាស្តេចដែលជាមេស្ស៊ីនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ «ដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត» ដូច្នេះ នេះធានាថាការគ្រប់គ្រងរបស់លោកគឺសុចរិតយុត្ដិធម៌។ អំណាចរបស់លោកគឺត្រឹមត្រូវតាមច្បាប់ ដោយសារព្រះជា‹បល្ល័ង្កលោក› នេះមានន័យថាព្រះយេហូវ៉ាជាគ្រឹះមូលដ្ឋាននៃរាជាណាចក្ររបស់លោក។ ម្យ៉ាងវិញទៀត បល្ល័ង្ករបស់លោកយេស៊ូនឹងស្ថិតស្ថេរ«ជានិច្ចរៀងរាបតទៅ»។ អ្នកប្រាកដជាមានមោទនភាពធ្វើជាអ្នកបម្រើព្រះយេហូវ៉ាក្រោមការគ្រប់គ្រងរបស់ស្តេចដែលព្រះបានតែងតាំង ដែលមានឫទ្ធានុភាពខ្លាំងក្លាបែបនេះ មែនទេ?
ស្តេច«ក្រវាត់ដាវ»របស់លោក
៩, ១០. (ក) តើគ្រិស្តបានក្រវាត់ដាវរបស់លោកនៅពេលណា ហើយតើលោកបានប្រើវាភ្លាមៗយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាគ្រិស្តនឹងប្រើដាវរបស់លោកនៅពេលអនាគត?
៩ សូមអាន ទំនុកតម្កើង ៤៥:៣។ ព្រះយេហូវ៉ាបង្គាប់ឲ្យស្តេចរបស់លោក«ក្រវាត់ដាវជាប់នៅត្រគាកទ្រង់»។ បង្គាប់នោះអនុញ្ញាតឲ្យលោកយេស៊ូធ្វើសង្គ្រាមនឹងអស់អ្នកដែលប្រឆាំងសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយអនុវត្តការវិនិច្ឆ័យរបស់លោកលើពួកគេ។ (ទំនុក. ១១០:២) ដោយសារគ្រិស្តគឺជាស្តេចដែលពូកែក្នុងការធ្វើសង្គ្រាមដែលគ្មានអ្នកណាអាចយកឈ្នះបាន គម្ពីរបានហៅលោកជា«ព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ»។ លោកបានក្រវាត់ដាវរបស់លោកជាលើកដំបូងនៅឆ្នាំ១៩១៤ ហើយបានឈ្នះសាថាននិងពួកវិញ្ញាណកំណាចរបស់វា ដែលលោកបានបោះទម្លាក់ពីស្ថានសួគ៌មកជិតផែនដី។—បប. ១២:៧-៩
១០ នោះគ្រាន់តែជាការចាប់ផ្ដើមនៃការធ្វើដំណើររបស់ស្តេច ដែលប្រកបដោយជ័យជម្នះ។ ប៉ុន្តែ លោកនៅតែត្រូវ«បង្ហើយជ័យជម្នះរបស់លោក»។ (បប. ៦:២) ព្រះយេហូវ៉ាបានសម្រេចចិត្តថាផ្នែកទាំងអស់នៃរបៀបរបបរបស់សាថាននឹងត្រូវបំផ្លាញចោល ហើយឥទ្ធិពលរបស់សាថាននិងពួកវិញ្ញាណកំណាចរបស់វានឹងត្រូវដកចេញ។ មុនដំបូង បាប៊ីឡូនដ៏ខ្លាំងក្លាដែលជាសាសនាមិនពិតទាំងអស់នឹងត្រូវបំផ្លាញចោល។ ព្រះយេហូវ៉ាមានគោលបំណងប្រើអ្នកគ្រប់គ្រងរដ្ឋាភិបាលឲ្យបំផ្លាញ«ស្ត្រីពេស្យា»ដ៏អាក្រក់នេះ។ (បប. ១៧:១៦, ១៧) បន្ទាប់មក ស្តេចដែលពូកែក្នុងការធ្វើសង្គ្រាមនឹងចាត់វិធានការប្រឆាំងរបៀបរបបនយោបាយរបស់សាថាន ហើយបំផ្លាញរបៀបរបបនោះឲ្យសាបសូន្យ។ ក្រោយមក គ្រិស្តដែលបានត្រូវហៅដែរថា«ទេវតានៃទីជ្រៅបំផុត»នឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុត។ (បប. ៩:១, ១១; ២០:១-៣) សូមយើងពិចារណាអំពីរបៀបដែលទំនុកទី៤៥បានទាយអំពីព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តទាំងនេះ។
ស្តេចជិះទៅ«ដើម្បីការពារសេចក្ដីពិត»
១១. តើតាមរបៀបណាគ្រិស្តជិះទៅ«ដើម្បីការពារសេចក្ដីពិត»?
១១ សូមអាន ទំនុកតម្កើង ៤៥:៤។ ស្តេចដែលពូកែក្នុងការធ្វើសង្គ្រាមមិនធ្វើសង្គ្រាមដើម្បីដណ្ដើមទឹកដី និងដើម្បីមានអំណាចលើមនុស្សឡើយ។ លោកធ្វើសង្គ្រាមសុចរិតដោយមានគោលបំណងដ៏ខ្ពង់ខ្ពស់។ លោកជិះទៅ‹ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព និងសេចក្ដីសុចរិត›។ សេចក្ដីពិតដ៏សំខាន់បំផុតដែលត្រូវការពារគឺសេចក្ដីពិតអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើសកលលោក។ សាថានបានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងស្របច្បាប់របស់ព្រះយេហូវ៉ា ពេលដែលវាបានបះបោរប្រឆាំងលោក។ តាំងពីពេលនោះមក ទាំងពួកវិញ្ញាណកំណាចទាំងមនុស្ស បានធ្វើឲ្យមានការសង្ស័យទៅលើសេចក្ដីពិតដ៏សំខាន់នេះ។ ឥឡូវនេះគឺដល់ពេលដែលស្តេចដែលព្រះយេហូវ៉ាបានរើសតាំងជិះសេះទៅធ្វើសង្គ្រាម ហើយបង្ហាញថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រង។
១២. តើតាមរបៀបណាស្តេចជិះទៅ‹ដើម្បីការពារសេចក្ដីសុភាព›?
១២ ស្តេចក៏ជិះទៅ ‹ដើម្បីការពារសេចក្ដីសុភាព›ផងដែរ។ ក្នុងនាមជាបុត្រតែមួយរបស់ព្រះ លោកបានទុកគំរូដ៏ល្អមួយអំពីសេចក្ដីសុភាពឬចិត្តរាបទាបនិងការចុះចូលដ៏ស្មោះភក្ដីចំពោះសិទ្ធិគ្រប់គ្រងរបស់បិតាលោក។ (អេ. ៥០:៤, ៥; យ៉ូន. ៥:១៩) រាស្ត្រស្មោះត្រង់ទាំងអស់របស់ស្តេចត្រូវធ្វើតាមគំរូរបស់លោក ហើយចុះចូលដោយចិត្តរាបទាបចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាក្នុងគ្រប់ការទាំងអស់។ មានតែពួកអ្នកដែលធ្វើដូច្នេះប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឲ្យរស់នៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។—សាក. ១៤:១៦, ១៧
១៣. តើតាមរបៀបណាគ្រិស្តចេញទៅ‹ដើម្បីការពារសេចក្ដីសុចរិត›?
១៣ គ្រិស្តក៏ចេញទៅ‹ដើម្បីការពារសេចក្ដីសុចរិត›ដែរ។ សេចក្ដីសុចរិតដែលស្តេចការពារ គឺ«សេចក្ដីសុចរិតរបស់ព្រះ» ពោលគឺខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីអ្វីដែលត្រូវនិងអ្វីដែលខុស។ (រ៉ូម ៣:២១; ចោ. ៣២:៤) អេសាយបានទាយអំពីស្តេចយេស៊ូគ្រិស្តថា៖ «នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត»។ (អេ. ៣២:១) ការគ្រប់គ្រងរបស់លោកយេស៊ូនឹងធ្វើឲ្យមាន«មេឃថ្មីនិងផែនដីថ្មី»ដែលព្រះបានសន្យា ហើយនៅទីនោះ«សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (២ពេ. ៣:១៣) បណ្ដាជនគ្រប់រូបនៃពិភពលោកថ្មីនឹងត្រូវធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។—អេ. ១១:១-៥
ស្តេចសម្រេច«ការដែលគួរកោតខ្លាច»
១៤. តើដៃស្ដាំរបស់គ្រិស្តនឹងសម្រេច«ការដែលគួរកោតខ្លាច»យ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១៤ កាលដែលស្តេចជិះទៅ លោកមានដាវក្រវាត់នៅត្រគាកលោក។ (ទំនុក. ៤៥:៣) ប៉ុន្តែ គឺដល់ពេលដែលលោកដកដាវ ហើយប្រើវាដោយដៃស្ដាំរបស់លោក។ អ្នកតែងទំនុកតម្កើងទាយថា៖ «ព្រះហស្តស្ដាំនៃទ្រង់នឹងបង្រៀនទ្រង់[ឬ«នឹងសម្រេច»] ពីការដែលគួរកោតខ្លាច»។ (ទំនុក. ៤៥:៤; ព.ថ.) ពេលលោកយេស៊ូគ្រិស្តជិះទៅ ដើម្បីអនុវត្តការវិនិច្ឆ័យរបស់ព្រះយេហូវ៉ានៅសង្គ្រាមហាម៉ាគេដូន លោកនឹងសម្រេច«ការដែលគួរកោតខ្លាច»ប្រឆាំងនឹងសត្រូវរបស់លោក។ យើងមិនដឹងអំពីវិធីដែលលោកនឹងប្រើដើម្បីបំផ្លាញរបៀបរបបរបស់សាថានឡើយ។ ប៉ុន្តែទង្វើនោះនឹងធ្វើឲ្យបណ្ដាជននៅផែនដីដែលមិនបានធ្វើតាមការព្រមានរបស់ព្រះដែលឲ្យចុះចូលក្រោមការគ្រប់គ្រងរបស់ស្តេច ភ័យខ្លាចយ៉ាងខ្លាំង។ (សូមអាន ទំនុកតម្កើង ២:១១, ១២) នៅក្នុងទំនាយរបស់លោកស្តីអំពីគ្រាចុងបញ្ចប់ លោកយេស៊ូបានមានប្រសាសន៍ថាមនុស្សនឹង«ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ លោកបានបន្ថែមថា៖ «នៅពេលនោះ ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»។—លូក. ២១:២៦, ២៧
១៥, ១៦. តើអ្នកណាខ្លះនឹងរួមគ្នាជា«កងទ័ព»ដែលតាមគ្រិស្តដើម្បីធ្វើសង្គ្រាម?
១៥ ដោយប្រកាសអំពីការមកដល់របស់ស្តេចដែល«មានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»ដើម្បីអនុវត្តការវិនិច្ឆ័យរបស់ព្រះ នោះសៀវភៅការបើកបង្ហាញចែងថា៖ «ខ្ញុំឃើញមេឃបើកចំហឡើង ហើយមើល! មានសេះសម្បុរស។ លោកដែលអង្គុយលើសេះនោះមាននាមថា ស្មោះត្រង់និងពិតត្រង់ ហើយលោកវិនិច្ឆ័យនិងធ្វើសង្គ្រាមដោយសុចរិតយុត្ដិធម៌។ ម្យ៉ាងទៀត បណ្ដាកងទ័ពនៅស្ថានសួគ៌កំពុងជិះសេះសម្បុរសមកតាមក្រោយលោក ហើយពួកគេស្លៀកពាក់ក្រណាត់សាច់ល្អស្អាតព័ណ៌ស។ មានដាវមួយវែងយ៉ាងមុតចេញពីមាត់របស់លោក ដើម្បីឲ្យលោកប្រហារប្រជាជាតិនានា ហើយលោកនឹងឃ្វាលពួកគេដោយដំបងដែក។ លោកក៏ជាន់ទំពាំងបាយជូរក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា គឺអាងកំហឹងនៃសេចក្ដីក្រោធរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។—បប. ១៩:១១, ១៤, ១៥
១៦ តើអ្នកណាខ្លះចូលរួមធ្វើសង្គ្រាមជាមួយនឹងគ្រិស្ត ដែលរួមគ្នាជា«កងទ័ព»នៅស្ថានសួគ៌ ដែលតាមលោកដើម្បីធ្វើសង្គ្រាម? ពេលលោកយេស៊ូក្រវាត់ដាវរបស់លោកជាលើកដំបូងដើម្បីបណ្ដេញសាថាននិងពួកវិញ្ញាណកំណាចរបស់វាពីស្ថានសួគ៌ «បណ្ដាទេវតារបស់លោក»បានទៅជាមួយលោក។ (បប. ១២:៧-៩) តាមមើលទៅជាការសមហេតុសមផលដែលយើងសន្និដ្ឋានថា នៅសង្គ្រាមហាម៉ាគេដូន កងទ័ពរបស់គ្រិស្តនឹងរួមបញ្ចូលបណ្ដាទេវតាបរិសុទ្ធ។ តើកងទ័ពរបស់លោកនឹងរួមបញ្ចូលអ្នកឯទៀតឬទេ? លោកយេស៊ូបានធ្វើសេចក្ដីសន្យានេះចំពោះបងប្អូនរបស់លោកដែលបានត្រូវរើសតាំងថា៖ «ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ ហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដោយដំបងដែក ដើម្បីធ្វើឲ្យពួកគេបែកខ្ចាយដូចភាជនៈដី ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំ»។ (បប. ២:២៦, ២៧) ដូច្នេះកងទ័ពស្ថានសួគ៌របស់គ្រិស្តក៏នឹងរួមបញ្ចូលអ្នករើសតាំងដែលជាបងប្អូនរបស់លោកដែរ ដែលនៅពេលនោះបានទទួលរង្វាន់នៅស្ថានសួគ៌។ ពួកអ្នករើសតាំងដែលគ្រប់គ្រងជាមួយនឹងលោក នឹងនៅជាមួយលោកពេលលោកសម្រេច«ការដែលគួរកោតខ្លាច» កាលដែលលោកឃ្វាលប្រជាជាតិនានាដោយដំបងដែក។
ស្តេចបង្ហើយជ័យជម្នះរបស់លោក
១៧. (ក) តើសេះសម្បុរសដែលគ្រិស្តជិះជាតំណាងអ្វី? (ខ) តើដាវនិងធ្នូជាតំណាងអ្វី?
១៧ សូមអាន ទំនុកតម្កើង ៤៥:៥។ ស្តេចជិះលើសេះសម្បុរស ដែលជាតំណាងសង្គ្រាមស្អាតបរិសុទ្ធនិងសុចរិតតាមទស្សនៈព្រះយេហូវ៉ា។ (បប. ៦:២; ១៩:១១) ក្រៅពីដាវមួយ លោកមានធ្នូមួយ។ គម្ពីរចែងថា៖ «មើល! ខ្ញុំឃើញសេះមួយសម្បុរស ហើយអ្នកដែលជិះសេះនោះមានធ្នូ ក៏ទទួលមកុដ រួចអ្នកនោះចេញទៅយកជ័យជម្នះ ហើយដើម្បីបង្ហើយជ័យជម្នះរបស់លោក»។ ដាវនិងធ្នូជាតំណាងវិធីដែលគ្រិស្តនឹងប្រើដើម្បីអនុវត្តការវិនិច្ឆ័យសត្រូវរបស់លោក។
១៨. តើ«ព្រួញ»របស់គ្រិស្តនឹង«មុត»យ៉ាងដូចម្ដេច?
១៨ ជាពាក្យកំណាព្យ អ្នកតែងទំនុកតម្កើងទាយថា«ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវ»នៃស្តេច ហើយ«សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់»។ ការសម្លាប់រង្គាលនឹងមាននៅទូទាំងផែនដី។ ទំនាយរបស់យេរេមាបានទាយថា៖ «នៅថ្ងៃនោះ សាកសពនៃមនុស្សដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង»។ (យេ. ២៥:៣៣) ទំនាយស្រដៀងគ្នាមួយចែងថា៖ «ខ្ញុំក៏ឃើញទេវតាមួយឈរនៅមុខថ្ងៃ ហើយគាត់បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលមេឃថា៖ ‹ចូរប្រមូលគ្នាមកក្នុងការជប់លៀងដ៏ធំរបស់ព្រះ ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេបញ្ជាការកងទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកដែលជិះសេះទាំងនោះ ហើយស៊ីសាច់មនុស្សទាំងឡាយ ទាំងពួកអ្នកមានសេរីភាពទាំងពួកខ្ញុំបម្រើ ទាំងអ្នកតូចទាំងអ្នកធំ›»។—បប. ១៩:១៧, ១៨
១៩. តើគ្រិស្តនឹង«មានទាំងជ័យជំនះ» ហើយបង្ហើយជ័យជម្នះរបស់លោកយ៉ាងដូចម្ដេច?
១៩ ក្រោយពីបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន លោកយេស៊ូគ្រិស្តដែលជាស្តេចដ៏រុងរឿងនឹង«មានទាំងជ័យជំនះ»។ (ទំនុក. ៤៥:៤) លោកនឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុតឲ្យពួកវានៅទីនោះអស់រយៈពេលនៃការគ្រប់គ្រងមួយពាន់ឆ្នាំ។ (បប. ២០:២, ៣) ដោយសារមេកំណាចនិងបណ្ដាទេវតារបស់វាជាប់នៅក្នុងទីជ្រៅបំផុតនោះ គឺហាក់ដូចជាពួកវាស្លាប់ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់បានឡើយ។ មនុស្សទាំងអស់នៅលើផែនដីនឹងអាចរស់នៅយ៉ាងសប្បាយក្រោមការគ្រប់គ្រងរបស់ស្តេច ដោយគ្មានឥទ្ធិពលពីសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ ប៉ុន្តែ មុនពួកគេឃើញផែនដីទាំងមូលបានត្រូវកែប្រែបន្ដិចម្ដងៗទៅជាសួនឧទ្យាន ពួកគេនឹងមានមូលហេតុមួយទៀតដើម្បីអរសប្បាយជាមួយនឹងស្តេចនិងដៃគូរបស់លោកនៅស្ថានសួគ៌។ ព្រឹត្ដិការណ៍ដែលគួរឲ្យសប្បាយរីករាយនោះនឹងត្រូវពិចារណានៅអត្ថបទបន្ទាប់។