បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ២ ទំ. ១០-១២
  • ការគេចផុតពីភាពជាទាសករ ពីមុននិងឥឡូវនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការគេចផុតពីភាពជាទាសករ ពីមុននិងឥឡូវនេះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សង្គ្រាម​ធ្វើ​ឲ្យ​ភាព​ជា​ទាសករ​ទៅ​ជា​ជំនួញ​ដ៏​កាក់កប
  • ការ​រំដោះ​ខ្លួន​ដើម្បី​សេរី​ភាព
  • ការ​បំបាត់​ភាព​ជា​ទាសករ​ជា​លើក​ចុង​ក្រោយ
  • «ព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ២ ទំ. ១០-១២
ការជួញដូរទាសកររវាងទ្វីបអាហ្វ្រិកនិងទ្វីបអាម៉េរិក

ការ​ជួញ​ដូរ​ទាសករ​រវាង​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អាម៉េរិក​គឺ​ជា​ជំនួញ​ដ៏​កាក់កប

ការ​គេច​ផុត​ពី​ភាព​ជា​ទាសករ ពី​មុន​និង​ឥឡូវ​នេះ

គេ​បាន​សន្យា​នឹង​ប្លេសស៊ីងaថា ពេល​នាង​មក​ដល់​ទ្វីប​អឺរ៉ុប​នាង​នឹង​ទទួល​ការ​ងារ​ជា​ជាង​ធ្វើ​សក់។ ផ្ទុយ​ទៅ​វិញ អស់​១០​ថ្ងៃ​នាង​បាន​ត្រូវ​គេ​វាយ និង​ត្រូវ​គេ​គំរាម​កំហែង​ថា​ពួក​គេ​នឹង​ធ្វើ​បាប​ក្រុម​គ្រួសារ​របស់​នាង​ដែល​នៅ​ឯ​ស្រុក​កំណើត​ក្នុង​បំណង​បង្ខំ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា។ នៅ​ទី​បំផុត នាង​បាន​ធ្វើ​តាម​ពួក​គេ។

រូបភាពអំពីឈ្លើយសឹកដែលជាទាសករនៅស្រុកអេស៊ីបសម័យបុរាណ

រូប​ភាព​អំពី​ឈ្លើយ​សឹក​ដែល​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប​សម័យ​បុរាណ

ប្លេសស៊ីង​បាន​រំពឹង​ថា​នាង​នឹង​រក​បាន​ប្រាក់​ចាប់​ពី​២០០​ទៅ​៣០០​អឺរ៉ូ​ក្នុង​មួយ​យប់​ដើម្បី​សង​បំណុល​ដល់​មេ​បន​ដែល​ថា​នាង​ជំពាក់​៤០.០០០​អឺរ៉ូ។b ប្លេសស៊ីង​ពន្យល់​ថា​៖ ​«​ខ្ញុំ​តែង​តែ​គិត​ចង់​រត់​គេច តែ​ខ្ញុំ​ភ័យ​ខ្លាច​ពេល​គិត​អំពី​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំ​ធ្វើ​អ្វី​មិន​បាន​ទេ​»។ រឿង​របស់​នាង​គឺ​មិន​ខុស​ពី​មនុស្ស​ប្រហែល​ជា​៤​លាន​នាក់​ទៀត​ដែល​ជា​ទាសករ​ក្នុង​ឧស្សាហកម្ម​ខាង​ផ្លូវ​ភេទ​នៅ​ប្រទេស​ផ្សេង​ៗ​ឡើយ។

ជិត​៤.០០០​ឆ្នាំ​មុន យុវជន​ម្នាក់​ឈ្មោះ​យ៉ូសែប​បាន​ត្រូវ​បង​ប្រុស​ៗ​របស់​គាត់​លក់។ គាត់​បាន​ធ្វើ​ជា​ទាសករ​នៅ​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ដ៏​ល្បី​ល្បាញ​ម្នាក់។ ខុស​ពី​ប្លេសស៊ីង ដំបូង​យ៉ូសែប​មិន​បាន​ត្រូវ​ម្ចាស់​របស់​គាត់​ធ្វើ​បាប​ទេ។ ប៉ុន្តែ ក្រោយ​មក​ដោយ​សារ​គាត់​មិន​ព្រម​ធ្វើ​តាម​សំណើ​រ​របស់​ប្រពន្ធ​ចៅហ្វាយ​គាត់ គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​រំលោភ រួច​មក​ត្រូវ​គេ​ដាក់​គុក ហើយ​ដាក់​ច្រវាក់។—លោកុប្បត្តិ ៣៩:១​-​២០; ទំនុក​តម្កើង ១០៥:១៧, ១៨

យ៉ូសែប​បាន​ធ្វើ​ជា​ទាសករ​នៅ​សម័យ​បុរាណ រីឯ​ប្លេសស៊ីង​ធ្វើ​ជា​ទាសករ​នៅ​សតវត្សរ៍​ទី​២១។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​គេ​ទាំង​ពីរ​នាក់​គឺ​ជា​ជន​រង​គ្រោះ​នៃ​ទង្វើ​មួយ​ដែល​មាន​តាំង​ពី​យូរ​ហើយ គឺ​ការ​ជួញ​ដូរ​មនុស្ស​ដូច​ទំនិញ​ដើម្បី​តែ​លុយ​ប៉ុណ្ណោះ។

សង្គ្រាម​ធ្វើ​ឲ្យ​ភាព​ជា​ទាសករ​ទៅ​ជា​ជំនួញ​ដ៏​កាក់កប

សង្គ្រាម​គឺ​ងាយ​ស្រួល​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ទៅ​ជា​ទាសករ។ គេ​បាន​និយាយ​ថា​ស្តេច​ជន​ជាតិ​អេស៊ីប​ឈ្មោះ​ថាត់ម៉ូស​ទី៣​បាន​នាំ​យក​មក​នូវ​អ្នក​ទោស​៩០.០០០​នាក់ ក្រោយ​ពី​ពល​ទ័ព​របស់​អេស៊ីប​បាន​វាយ​ប្រហារ​ស្រុកកាណាន។ ជន​ជាតិ​អេស៊ីប​បាន​ឲ្យ​ពួក​គេ​ធ្វើ​ការ​ដូច​ជា​ទាសករ​ដោយ​ជីក​រ៉ែ សង់​វិហារ និង​ជីក​ផ្លូវ​ទឹក។

ក្រោម​អំណាច​ចក្រភព​រ៉ូម សង្គ្រាម​ក៏​ធ្វើ​ឲ្យ​មាន​ទាសករ​យ៉ាង​ច្រើន ហើយ​ជួន​កាល​ការ​ទាម​ទារ​ឲ្យ​មាន​ទាសករ​ថែម​ទៀត​ក៏​នាំ​ឲ្យ​មាន​សង្គ្រាម​ផង​ដែរ។ នៅ​សតវត្សរ៍​ទី១ គេ​ប៉ាន់​ស្មានថា​មាន​ទាសករ​ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ប្រជាជន​រ៉ូម។ ជន​ជាតិ​អេស៊ីប​និង​ជន​ជាតិ​រ៉ូម​ជា​ច្រើន​នាក់​ដែល​ជា​ទាសករ​បាន​ត្រូវ​គេ​ធ្វើ​បាប​យ៉ាង​ធ្ងន់​ធ្ងរ។ ជា​ឧទាហរណ៍ ទាសករ​ដែល​ធ្វើ​ការ​នៅ​អណ្ដូង​រ៉ែ​រ៉ូម​ប្រហែល​ជា​អាច​រស់​បាន​ត្រឹម​តែ​៣០​ឆ្នាំ​ប៉ុណ្ណោះ។

កាល​ដែល​ពេល​វេលា​កន្លង​ទៅ ជីវិត​ជា​ទាសករ​កាន់​តែ​វេទនា​ទៅ​ៗ។ ចាប់​ពី​សតវត្សរ៍​ទី​១៦​ដល់​សតវត្សរ៍​ទី​១៩ ការ​ជួញ​ដូរ​មនុស្ស​រវាង​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អាម៉េរិក​គឺ​ជា​ជំនួញ​ដ៏​កាក់កប​បំផុត​មួយ​នៅ​លើ​ពិភព​លោក។ អង្គ​ការ​យូណេស្កូ​រៀប​រាប់​ថា​៖ ‹គេ​ប៉ាន់​ស្មានថា​បុរស ស្ត្រី និង​ក្មេង​ចន្លោះ​ពី​២៥​លាន​នាក់​ទៅ​៣០​លាន​នាក់​បាន​ត្រូវ​ចាប់​យក​ទៅ​លក់›។ គេ​បាន​និយាយ​ថា​ទាសករ​រាប់​ពាន់​នាក់​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិច។ ទាសករ​ប្រុស​ពីរ​នាក់​ឈ្មោះ​អូឡាវដា​និង​អ៊ីឃ្វីអាណូ​ដែល​បាន​រួច​រស់​ជីវិត បាន​រាយ​ការណ៍​ថា​៖ ​«​សម្រែក​របស់​ស្ត្រី និង​សម្លេង​ថ្ងូរ​របស់​មនុស្ស​ដែល​ជិត​ស្លាប់ ធ្វើ​ឲ្យ​មាន​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ភ័យ​ខ្លាច​»។

គួរ​ឲ្យ​ស្ដាយ ការ​យក​មនុស្ស​ធ្វើ​ជា​ទាសករ​មិន​គ្រាន់​តែ​ជា​រឿង​ខ្លោច​ផ្សា​ដែល​កើត​ឡើង​នៅ​សម័យ​មុន​ប៉ុណ្ណោះ​ទេ។ យោង​ទៅ​តាម​អង្គ​ការ​ពលកម្ម​អន្តរជាតិ​មួយ​បាន​រៀប​រាប់​ថា នៅ​សព្វ​ថ្ងៃ​នេះ​បុរស ស្ត្រី និង​ក្មេង​ប្រហែល​ជា​២១​លាន​នាក់​នៅ​តែ​ធ្វើ​ការ​ជា​ទាសករ ដោយ​ទទួល​ប្រាក់​កម្រៃ​តែ​បន្ដិច​បន្តួច​ឬ​មិន​ទទួល​សោះ។ ទាសករ​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ការ​នៅ​អណ្ដូង​រ៉ែ រោង​ចក្រ ឡ​ឥដ្ឋ ផ្ទះ​បន និង​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ឯកជន។ ទោះ​ជា​មិន​ស្រប​ច្បាប់​ក៏​ដោយ ទាសករ​ប្រភេទ​នេះ​នៅ​តែ​បន្ត​កើន​ឡើង។

ក្មេងធ្វើជាទាសករនៅឡឥដ្ឋ

មនុស្ស​រាប់​លាន​នាក់​នៅ​តែ​ធ្វើ​ជា​ទាសករ

ការ​រំដោះ​ខ្លួន​ដើម្បី​សេរី​ភាព

ការ​ប្រព្រឹត្ត​យ៉ាង​ព្រៃ​ផ្សៃ​បាន​ធ្វើ​ឲ្យ​ទាសករ​ជា​ច្រើន​នាក់​តវ៉ា​ប្រឆាំង​ដើម្បី​សេរី​ភាព។ នៅ​សតវត្សរ៍​ទី១​មុន គ.ស. អ្នក​នាំ​មុខ​ទាសករ​និង​ទាសករ​ប្រហែល​ជា​១​សែន​នាក់​បាន​បរាជ័យ​ក្នុង​ការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម។ នៅ​សតវត្សរ៍​ទី​១៨ ទាសករ​នៅ​កោះ​មួយ​លើ​សមុទ្រ​ការីប បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ចៅហ្វាយ​របស់​ពួក​គេ។ ការ​ប្រព្រឹត្ត​ដ៏​ព្រៃ​ផ្សៃ​ទៅ​លើ​ទាសករ​ដែល​ធ្វើ​ការ​នៅ​ចំ​ការ​អំពៅ បាន​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ស៊ី​វិល​អស់​រយៈ​ពេល​១៣​ឆ្នាំ នៅ​ទី​បំផុត​ប្រទេស​ហៃទី​បាន​ទទួល​ឯករាជ្យ​ជាតិ​នា​ឆ្នាំ​១៨០៤។

ការ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​គឺ​ជា​ជោគ​ជ័យ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ។ ប្រជា​ជាតិ​ទាំង​មូល​ប្រហែល​ជា​៣​លាន​នាក់​បាន​ត្រូវ​រំដោះ​ពី​ភាព​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ពួក​គេ​ពិត​ជា​សម​នឹង​ទទួល​សេរី​ភាព។ គម្ពីរ​រៀប​រាប់​អំពី​ជីវិត​របស់​ពួក​គេ​នៅ​ស្រុក​អេស៊ីប​ថា​«​សុទ្ធតែ​ជា​ការ​យ៉ាង​តឹងរ៉ឹង​ទាំង​អស់​»។ (​និក្ខមនំ ១:១១​-​១៤​) ស្តេច​នៅ​ស្រុក​អេស៊ីប​នោះ​ថែម​ទាំង​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ង៉ែត​ប្រុស​ៗ​របស់​ប្រជាជន​អ៊ីស្រាអែល​ដើម្បី​ទប់​កំណើន​នៃ​ប្រជាជន​នោះ។—និក្ខមនំ ១:៨​-​២២

ការ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ការ​ប្រព្រឹត្ត​ដ៏​អយុត្ដិធម៌​នៅ​ប្រទេស​អេស៊ីប គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ដោយ​សារ​ព្រះ​ផ្ទាល់​បាន​ចាត់​វិធានការ។ ព្រះ​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​»។ (​និក្ខមនំ ៣:៧, ៨​) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ជន​ជាតិ​យូដា​គ្រប់​ទី​កន្លែង​ធ្វើ​បុណ្យ​រំលង​រាល់​ឆ្នាំ​ដើម្បី​រំលឹក​ព្រឹត្ដិការណ៍​នោះ។—និក្ខមនំ ១២:១៤

ការ​បំបាត់​ភាព​ជា​ទាសករ​ជា​លើក​ចុង​ក្រោយ

គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ​»។ គម្ពីរ​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ដែរ​ថា​លោក​មិន​ប្រែ​ប្រួល​ទេ។ (​របា​ក្សត្រ​ទី២ ១៩:៧; ម៉ាឡាគី ៣:៦​) ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​«​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែង . . . ហើយ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​»។ (​លូកា ៤:១៨​) តើ​នេះ​មាន​ន័យ​ថា​ទាសករ​បាន​ទទួល​សេរី​ភាព​មែន​ទែន​ឬ? តាម​មើល​ទៅ​មិន​មែន​ទេ។ លោក​យេស៊ូ​បាន​ត្រូវ​ចាត់​ឲ្យ​មក​ដើម្បី​រំដោះ​មនុស្ស​ពី​ភាព​ជា​ទាសករ​ក្នុង​ន័យ​ផ្សេង ពោល​គឺ​ទាសករ​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ក្រោយ​មក លោក​បាន​ប្រកាស​ថា​៖ ​«​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។ (​យ៉ូហាន ៨:៣២​) សូម្បី​តែ​សព្វ​ថ្ងៃ​នេះ សេចក្ដី​ពិត​ដែល​លោក​យេស៊ូ​បង្រៀន​បាន​រំដោះ​មនុស្ស​តាម​របៀប​ជា​ច្រើន (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​គេច​ផុត​ពី​ភាព​ជា​ទាសករ​»​)។

តាម​ពិត ព្រះ​បាន​ជួយ​យ៉ូសែប​និង​ប្លេសស៊ីង​ឲ្យ​រួច​ផុត​ពី​ភាព​ជា​ទាសករ​តាម​របៀប​ផ្សេង​គ្នា។ លោក​អ្នក​អាច​អាន​កំណត់​ហេតុ​ដ៏​អស្ចារ្យ​របស់​យ៉ូសែប​នៅ​សៀវភៅលោកុប្បត្តិ​ជំពូក​ទី​៣៩​ដល់​៤១ក្នុង​គម្ពីរ។ ចំណែក​ប្លេសស៊ីង​វិញ របៀប​ដែល​នាង​បាន​ខំ​ស្វែង​រក​សេរី​ភាព​ក៏​អស្ចារ្យ​ដែរ។

ក្រោយ​ពី​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​មួយ​ដែល​នៅ​ទ្វីប​អឺរ៉ុប ប្លេសស៊ីង​បាន​ទៅ​ប្រទេស​អេស្ប៉ាញ។ នៅ​ទី​នោះ នាង​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ។ ដោយ​តាំង​ចិត្ត​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្លួន នាង​បាន​ទទួល​ការ​ងារ​ល្អ​មួយ ហើយ​បាន​ទាក់​ទង​មេ​បន​ដែល​នាង​ធ្លាប់​ធ្វើ​ការ​ឲ្យ​ដើម្បី​សុំ​គាត់​ឲ្យ​បន្ធូរ​បន្ថយ​ការ​បង់​បំណុល​ប្រចាំ​ខែ។ ថ្ងៃ​មួយ ប្លេសស៊ីង​បាន​ទទួល​ទូរស័ព្ទ​ពី​មេ​បន​នោះ។ មេ​បន​នោះ​ចង់​ដោះ​បំណុល​របស់​ប្លេសស៊ីង ហើយ​បាន​សុំ​ការ​អភ័យ​ទោស​ពី​នាង។ ហេតុ​អ្វី​មេ​បន​នោះ​ធ្វើ​ដូច្នេះ? មេ​បន​នោះ​ក៏​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​ដែរ! ប្លេសស៊ីង​និយាយ​ថា​៖ ​«​សេចក្ដី​ពិត​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​តាម​របៀប​ដ៏​អស្ចារ្យ​»។

ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ណាស់ ពេល​ជន​ជាតិ​អេស៊ីប​បាន​ប្រព្រឹត្ត​ដោយ​ឥត​មេត្ដា​ទៅ​លើ​ទាសករ​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល។ លោក​ក៏​ច្បាស់​ជា​មាន​អារម្មណ៍​ដូច្នេះ​ដែរ​ចំពោះ​អំពើ​អយុត្ដិធម៌​នៅ​សព្វ​ថ្ងៃ​នេះ។ ពិត​មែន​តែ ការ​បំបាត់​ភាព​ជា​ទាសករ​គ្រប់​ប្រភេទ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​សង្គម​មនុស្ស តែ​ព្រះ​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នោះ។ ​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប​»។—ពេត្រុស​ទី២ ៣:១៣

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b នៅ​ពេល​នោះ តម្លៃ​នៃ​ប្រាក​អឺរ៉ូ​ជិត​ស្មើ​នឹង​តម្លៃ​នៃ​ប្រាក់​ដុល្លារ​អាម៉េរិក។

ការ​គេច​ផុត​ពី​ភាព​ជា​ទាសករ

អាឡូនសូនិងប្រពន្ធរបស់គាត់

អាឡូនសូ​គឺ​ជា​ទាសករ​ប្រភេទ​ម្យ៉ាង។ ពេល​ដែល​គាត់​នៅ​ជា​ក្មេង​ជំទង់ គាត់​បាន​ក្លាយ​ទៅ​ជា​ទាសករ​នៃ​គ្រឿង​ញៀន។ អាឡូនសូ​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​បាន​ក្លាយ​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដើម្បី​មាន​លុយ​ទិញ​គ្រឿង​ញៀន​ដែល​ខ្ញុំ​ប្រើ​ជា​ទម្លាប់។ ទោះ​ជា​ខ្ញុំ​បាន​ចូល​មណ្ឌល​កែ​ប្រែ​៤​កន្លែង​ផ្សេង​ៗ​គ្នា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មិន​អាច​ផ្ដាច់​វា​បាន​ទេ។ នៅ​ទី​បំផុត​ប៉ូលិស​បាន​ចាប់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ជាប់​គុក​អស់​៤​ឆ្នាំ​»។

ក្រោយ​ពី​ធ្វើ​ជា​ទាសករ​នៃ​គ្រឿង​ញៀន​អស់​៣០​ឆ្នាំ អាឡូនសូ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ បណ្ដាំ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​គាត់ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ប្ដេជ្ញា​ចិត្ត​ដើម្បី​យក​ឈ្នះ​ស្ថានភាព​របស់​គាត់។ គាត់​នឹក​ចាំ​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​មាន​ទម្លាប់​នោះ​អស់​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ខ្ញុំ​ពិបាក​ផ្ដាច់​វា​ខ្លាំង​ណាស់ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ការ​តយុទ្ធ​នេះ​»។—ទំនុក​តម្កើង ៥៥:២២

អាឡូនសូ​និយាយ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ពេល​ឃើញ​ខ្ញុំ​កែ​ប្រែ។ ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ដែល​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​គេច​ផុត​ពី​គន្លង​ជីវិត​ដែល​កំពុង​បំផ្លាញ​ខ្លួន​ឯង។ បើ​គ្មាន​ជំនួយ​ពី​លោក​ទេ ម្ល៉េះ​ប្រហែល​ខ្ញុំ​នៅ​តែ​ជា​ទាសករ​គ្រឿង​ញៀន​នៅ​ឡើយ។ ឬ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ប្រហែល​ជា​ស្លាប់​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក