នេះទាក់ទងជីវិតស្លាប់រស់!
១ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា ព្រះហឫទ័យរបស់ព្រះយេហូវ៉ាគឺឲ្យ«មនុស្សទាំងអស់បានសង្គ្រោះ»។ ក៏ប៉ុន្តែ គឺមានហេតុការណ៍ដ៏ពិតមួយដែរថា លទ្ធភាពទទួលជីវិតរបស់មនុស្សរាប់កោដិនាក់ដែលនៅលើផែនដី គឺអាស្រ័យទៅលើចិត្តគំនិតរបស់គេចំពោះព្រះយេហូវ៉ានិងព្រះរាជាណាចក្ររបស់ទ្រង់តាមរយៈព្រះយេស៊ូ។ ចិត្តគំនិតត្រឹមត្រូវអាចមានមូលដ្ឋានតែលើ‹ចំណេះត្រឹមត្រូវខាងសេចក្ដីពិត›ប៉ុណ្ណោះ។ (ធីម៉ូថេទី១ ២:៣, ៤) ទន្ទឹមគ្នានឹងការប្រកាសប្រាប់ថា បន្ដិចទៀតផែនដីនឹងត្រូវបោសសំអាតដោយគ្មានអំពើអាក្រក់គ្រប់យ៉ាង ដើម្បីឲ្យពិភពលោកថ្មីរបស់ព្រះដែលប្រកបដោយភាពសុចរិតចូលមកនោះ យើងក៏បានត្រូវចាត់ឲ្យធ្វើការងារដ៏ចាំបាច់មួយខាងការសង្គ្រោះជីវិត។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; រ៉ូម ១០:១៣-១៥
២ ហេតុអ្វីការងារនេះគឺបន្ទាន់ម្ល៉េះ? ព្រះយេស៊ូបានព្រមានអំពី«សេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះ»។ (ម៉ាថាយ ២៤:២១) សេចក្ដីវេទនានោះនឹងឡើងដល់កំរិតខ្ពស់បំផុតនៅឯអើម៉ាគេដូន។ (វិវរណៈ ១៦:១៦) ក្នុងចំណោមមនុស្សជាច្រើននាក់ដែលនឹងបាត់បង់ជីវិត បើសិនជាគេមិនប្រព្រឹត្តតាមដំណឹងល្អនោះ ក៏មានរួមបញ្ចូលសាច់ញាតិរបស់យើងដែលមិនមែនជាអ្នកជឿ អ្នកជិតខាង អ្នកធ្វើការជាមួយ មិត្តរួមថ្នាក់ និងអ្នកដែលយើងស្គាល់។ ក៏ប៉ុន្តែ យើងក៏យកចិត្តទុកដាក់ជួយ«មនុស្សទាំងអស់»ដោយធ្វើតម្រាប់តាមព្រះ ដែលទ្រង់បានសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះលោកីយ៍ទាំងមូលដោយប្រទានរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ ជាតម្លៃលោះសំរាប់មនុស្សទាំងអស់គ្នា។ (យ៉ូហាន ៣:១៦) យើងត្រូវតែខិតខំយ៉ាងខ្នះខ្នែងដើម្បីអញ្ជើញមនុស្សទាំងអស់រត់ចូលមកទីសុវត្ថិភាពរបស់ព្រះយេហូវ៉ា។ ដោយការបំពេញកិច្ចផ្សព្វផ្សាយ យើងក៏អាចជៀសវាងកុំឲ្យមានទោសចំពោះឈាម។—អេសេគាល ៣៣:១-៧; កូរិនថូសទី១ ៩:១៦
៣ តើអ្វីជាគោលបំណងរបស់យើង: សារៈសំខាន់នៃកិច្ចផ្សព្វផ្សាយត្រូវបញ្ជាក់ទូទាំងព្រះបន្ទូលរបស់ព្រះ។ ដូចសាវ័កប៉ុលបាននិយាយ«សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង» ឲ្យរស់សមស្របតាមផ្លូវរបស់ព្រះ។ (កូរិនថូសទី២ ៥:១៤) បន្ថែមទៅទៀត ជាញឹកញយ ទស្សនាវដ្ដីប៉មយាមបញ្ជាក់នូវកាតព្វកិច្ចរបស់យើងខាងកិច្ចផ្សព្វផ្សាយ។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង តែងតែផ្ដល់ឲ្យនូវការណែនាំពីរបៀបបំពេញកិច្ចផ្សព្វផ្សាយ។ ពួកអ្នកចាស់ទុំរៀបចំកិច្ចការនោះនិងលើកទឹកចិត្តយើងឲ្យចូលរួមក្នុងកិច្ចការនោះដែរ។ អ្នកផ្សាយគ្នីគ្នាអញ្ជើញយើងទៅផ្សព្វផ្សាយជាមួយគេ។ យើងទទួលឮពត៌មានច្រើនអំពីការរៀបចំពាក្យសម្ដែង ពីរបៀបស្នើផ្ដល់ទស្សនាវដ្ដីនិងប្រកាសនវត្ថុឯទៀត ការត្រឡប់ទៅជួប ការដឹកនាំការសិក្សា និងការប្រើប្រាស់នូវគ្រប់ឱកាសដើម្បីធ្វើបន្ទាល់។ ទាំងអស់នេះជួយយើងសម្រេចគោលបំណងខាងការសង្គ្រោះជីវិត។—កូរិនថូសទី១ ៩:២២, ២៣; អេភេសូរ ១:១៣