តើកិច្ចផ្សព្វផ្សាយរបស់យើងសំរេចអ្វីខ្លះ?
១ ព្រះបន្ទូលរបស់ព្រះពណ៌នាថា គ្រីស្ទានពិតកំពុងតែឈានទៅមុខដោយជោគជ័យក្នុងកិច្ចបំរើទ្រង់ វិស័យដូចពួកគេកំពុងតែដើរក្បួនដង្ហែអបអរជ័យជំនះ។ (២កូ. ២:១៤-១៦) ពេលដែលយើងផ្សព្វផ្សាយដើម្បីឲ្យមនុស្សទទួលចំណេះអំពីព្រះ សារដែលយើងផ្សាយគឺប្រៀបដូចជាក្លិនក្រអូបដែលភាយឡើងទៅដល់ព្រះយេហូវ៉ា។ ក្លិនក្រអូបនៃសារដំណឹងល្អទាក់ទាញមនុស្សខ្លះ តែមនុស្សឯទៀតមិនចូលចិត្តក្លិននោះទេហើយមិនព្រមស្ដាប់សារនោះដែរ។ ប៉ុន្តែទោះជាមនុស្សភាគច្រើនមិនចង់ស្ដាប់តាមសារដំណឹងល្អក៏ពិតមែន តែនេះមិនមានន័យថាកិច្ចផ្សព្វផ្សាយរបស់យើងគ្មានប្រយោជន៍នោះទេ។ តើកិច្ចផ្សព្វផ្សាយរបស់យើងសំរេចអ្វី? សូមពិនិត្យមើលចំណុចដូចតទៅនេះ។
២ កិច្ចផ្សព្វផ្សាយលើកតម្កើងព្រះយេហូវ៉ា: សាតាំងបានចោទប្រកាន់ថាមនុស្សបំរើព្រះយេហូវ៉ាដោយសារចង់ទទួលប្រយោជន៍ពីទ្រង់។ (យ៉ូប ១:៩-១១) កិច្ចផ្សព្វផ្សាយជាវិធីដែលយើងអាចបង្ហាញថាយើងបំរើព្រះដោយចិត្តស្មោះ។ អ្នកផ្សាយជាច្រើនបន្តផ្សព្វផ្សាយបញ្ចុះបញ្ចូលឲ្យមានសិស្សតាមបង្គាប់របស់ព្រះ ទោះជាពួកគេមានបញ្ហាលំបាកឬក៏មនុស្សភាគច្រើនធ្វើព្រងើយកន្តើយក្ដី។ ការស៊ូទ្រាំដោយចិត្តស្មោះត្រង់ដូច្នេះធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ!—សុ. ២៧:១១
៣ ម្យ៉ាងទៀត កិច្ចផ្សព្វផ្សាយគឺសំខាន់ក្នុងការសំរេចនូវព្រះហឫទ័យរបស់ព្រះ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា» នៅពេលដែលទ្រង់បំផ្លាញលោកីយ៍សាតាំងចោលនៅថ្ងៃខាងមុខ។ (អេសេ. ៣៩:៧) ដើម្បីឲ្យអស់ទាំងសាសន៍ដឹងថាគឺជាព្រះយេហូវ៉ាដែលធ្វើការបំផ្លាញនោះ អ្នកបំរើរបស់ទ្រង់ចាំបាច់បន្តប្រកាសប្រាប់នូវព្រះនាមនិងគោលបំណងទ្រង់«ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ»។—វិវរ. ១៤:៦, ៧
៤ កិច្ចផ្សព្វផ្សាយជាមូលដ្ឋាននៃការជំនុំជំរះ: ការផ្សព្វផ្សាយដំណឹងល្អជាមូលដ្ឋាននៃការជំនុំជំរះ។ សាវ័កប៉ុលមានប្រសាសន៍ថាព្រះគ្រីស្ទយេស៊ូនឹងសងសឹក«ពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែ. ១:៨, ៩) មនុស្សនឹងត្រូវជំនុំជំរះដោយផ្អែកទៅលើការប្រព្រឹត្តរបស់ពួកគេពេលឮដំណឹងល្អ។ នេះមានន័យថាអ្នកបំរើរបស់ព្រះមានភារកិច្ចសំខាន់ណាស់! ដើម្បីកុំឲ្យមានទោសឈាម យើងពុំអាចខានប្រកាសប្រាប់សារព្រះរាជាណាចក្រនេះដែលអាចសង្គ្រោះជីវិតបានឡើយ។—កិច្ច. ២០:២៦, ២៧
៥ សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាគឺសឲ្យឃើញដោយសារយើងព្យាយាមជួយឲ្យអ្នកជិតខាងក្លាយជាអ្នកដែលព្រះសព្វព្រះហឫទ័យ។ (១ធី. ២:៣, ៤) ដោយសារកាលៈទេសៈរបស់មនុស្សប្រែប្រួលជានិច្ចនោះ យើងទៅផ្សាយម្ដងហើយម្ដងទៀតដើម្បីជំរុញពួកគេឲ្យស្វែងរកព្រះយេហូវ៉ាមុនទីបញ្ចប់មកដល់។ ដោយធ្វើដូច្នេះ យើងបង្ហាញឲ្យឃើញនូវ«ព្រះហឫទ័យមេត្ដាករុណារបស់ព្រះនៃយើង» ដែលទ្រង់«មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—លូ. ១:៧៨; ២ពេ. ៣:៩
៦ កិច្ចផ្សព្វផ្សាយផ្ដល់ផលប្រយោជន៍ឲ្យយើង: ការជាប់រវល់នឹងកិច្ចបំរើថ្វាយព្រះយេហូវ៉ាជួយការពារយើង។ នោះជួយឲ្យយើង«ទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង» ហើយក៏ជួយឲ្យរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍ដ៏អាក្រក់នេះ។ (២ពេ. ៣:១១-១៤; ទីត. ២:១១, ១២) ហេតុនេះហើយ ចូរយើង«កាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជាដរាបចុះ!» ដោយដឹងថាការខ្នះខ្នែងរបស់យើងក្នុងកិច្ចបំរើគ្រីស្ទានមិនមែនឥតប្រយោជន៍នោះទេ។—១កូ. ១៥:៥៨
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការផ្សព្វផ្សាយរបស់យើង? តើមនុស្សមានទស្សនៈយ៉ាងណាចំពោះសាររបស់យើង?
២. តើកិច្ចផ្សព្វផ្សាយរបស់យើងជាវិធីដែលយើងអាចបង្ហាញពីអ្វី?
៣. ហេតុអ្វីជាការសំខាន់ណាស់ដែលយើងបន្តប្រកាសនូវព្រះនាមនិងគោលបំណងរបស់ព្រះ?
៤. តើកិច្ចផ្សព្វផ្សាយជាមូលដ្ឋាននៃការជំនុំជំរះយ៉ាងដូចម្ដេច?
៥. តើកិច្ចផ្សព្វផ្សាយរបស់យើងសឲ្យឃើញព្រះហឫទ័យមេត្ដាករុណារបស់ព្រះយ៉ាងដូចម្ដេច?
៦. តើការជាប់រវល់នឹងកិច្ចបំរើថ្វាយព្រះយេហូវ៉ា ផ្ដល់ផលប្រយោជន៍អ្វីដល់យើង?