អត្ថបទសិក្សា ៤១
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
មេរៀនពីគំរូលោកយេស៊ូក្នុងអំឡុង៤០ថ្ងៃចុងក្រោយនៅផែនដី
«លោកបានបង្ហាញខ្លួនឲ្យពួកគាត់ឃើញក្នុងរយៈពេល៤០ថ្ងៃ ហើយលោកបានប្រាប់ពួកគាត់អំពីរាជាណាចក្ររបស់ព្រះ»។—សកម្ម. ១:៣
ចំណុចផ្ដោត
លោកយេស៊ូបានទុកគំរូដ៏ល្អក្នុងអំឡុង៤០ថ្ងៃចុងក្រោយដែលលោកនៅផែនដី។ តើយើងអាចធ្វើតាមគំរូរបស់លោកយ៉ាងដូចម្ដេច?
១-២. ពេលពួកអ្នកកាន់តាមពីរនាក់របស់លោកយេស៊ូធ្វើដំណើរទៅភូមិអេម៉ាស តើអ្វីបានកើតឡើង?
នៅថ្ងៃទី១៦ ខែណែសាន ឆ្នាំ៣៣ គ.ស. អ្នកកាន់តាមលោកយេស៊ូកើតទុក្ខនិងភ័យខ្លាចជាខ្លាំង ដោយសារលោកយេស៊ូបានស្លាប់។ មានបុរសពីរនាក់ក្នុងចំណោមពួកអ្នកកាន់តាមទាំងនោះបានធ្វើដំណើរពីក្រុងយេរូសាឡិមទៅភូមិអេម៉ាសដែលមានចម្ងាយ១១គីឡូម៉ែត្រ។ បុរសទាំងពីរនាក់នេះធ្លាក់ទឹកចិត្តនិងអស់សង្ឃឹមជាខ្លាំង ដោយសារលោកយេស៊ូដែលជាមេស្ស៊ីបានស្លាប់។ ពួកគេឆ្ងល់ថា ‹បើមេស្ស៊ីបានស្លាប់ហើយ តើលោកអាចសង្គ្រោះយើងយ៉ាងដូចម្ដេច?›។ ប៉ុន្តែ កាលពួកគេធ្វើដំណើរតាមផ្លូវ មានអ្វីមួយបានកើតឡើងដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលជាខ្លាំង។
២ ពេលកំពុងធ្វើដំណើរ មានបុរសម្នាក់ដែលប្លែកមុខបានមករួមដំណើរជាមួយពួកគេ។ បុរសនោះបានសួរនាំ រួចពួកគេប្រាប់អំពីការខកចិត្តរបស់ពួកគេចំពោះអ្វីដែលបានកើតឡើងដល់លោកយេស៊ូ។ លុះស្ដាប់រួចហើយ បុរសនោះចាប់ផ្ដើមលើកឡើង«ចាប់តាំងពីម៉ូសេនិងពួកអ្នកប្រកាសទំនាយគ្រប់រូប» ដើម្បីពន្យល់ពួកគេអំពីមូលហេតុដែលមេស្ស៊ីត្រូវរងទុក្ខហើយស្លាប់។ ពេលទៅដល់ភូមិអេម៉ាស បុរសនោះបានបង្ហាញឲ្យពួកគេដឹងថាលោកគឺយេស៊ូ។ លោកបានរស់ឡើងវិញហើយ! អ្នកកាន់តាមទាំងអស់ពិតជាត្រេកអរជាខ្លាំង ពេលដឹងថាមេស្ស៊ីបានត្រូវប្រោសឲ្យរស់ឡើងវិញ។—លូក. ២៤:១៣-៣៥
៣-៤. តើអ្វីបានកើតឡើងដល់អ្នកកាន់តាមលោកយេស៊ូ ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ? (សកម្មភាព ១:៣)
៣ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបាននៅផែនដី៤០ថ្ងៃទៀតមុនលោកឡើងទៅស្ថានសួគ៌។ ក្នុងអំឡុងពេលនោះ លោកយេស៊ូបានលេចមកជួបអ្នកកាន់តាមជាច្រើនដង។ (សូមអាន សកម្មភាព ១:៣) ជាលទ្ធផល អ្នកកាន់តាមលោកយេស៊ូលែងកើតទុក្ខនិងភ័យខ្លាចទៀត។ រួចពួកគេក៏ចាប់ផ្ដើមផ្សព្វផ្សាយនិងបង្រៀនអំពីរាជាណាចក្រព្រះដោយមានអំណរ មានទំនុកចិត្ត និងមានចិត្តក្លាហាន។a
៤ អ្វីដែលបានកើតឡើងក្នុងអំឡុង៤០ថ្ងៃចុងក្រោយដែលលោកយេស៊ូនៅផែនដី គឺគួរឲ្យរំភើបចិត្ត។ ក្នុងអត្ថបទនេះ យើងនឹងមើលអំពីរបៀបដែលលោកយេស៊ូចំណាយពេល៤០ថ្ងៃដើម្បី (១) លើកទឹកចិត្តអ្នកកាន់តាម (២) ជួយអ្នកកាន់តាមឲ្យយល់បទគម្ពីរច្បាស់ជាង និង(៣) បង្ហាត់បង្រៀនពួកគេឲ្យទទួលភារកិច្ចថែមទៀត។ យើងក៏នឹងរៀនអំពីរបៀបដែលយើងអាចធ្វើដូចលោកយេស៊ូដែរ។
ចូរលើកទឹកចិត្តអ្នកឯទៀត
៥. ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូត្រូវការការលើកទឹកចិត្ត?
៥ អ្នកកាន់តាមលោកយេស៊ូត្រូវការការលើកទឹកចិត្ត។ ហេតុអ្វី? ពីព្រោះពួកគេខ្លះបានចាកចេញពីផ្ទះ ក្រុមគ្រួសារ និងបោះបង់មុខរបររកស៊ីដើម្បីទៅតាមលោកយេស៊ូ។ (ម៉ាថ. ១៩:២៧) រីឯអ្នកខ្លះទៀតត្រូវគេចាត់ទុកថាជាមនុស្សគ្មានតម្លៃ។ (យ៉ូន. ៩:២២) ទោះជាយ៉ាងនោះក៏ដោយ ពួកគេសុខចិត្តធ្វើការលះបង់ទាំងនេះ ដោយសារពួកគេជឿថាលោកយេស៊ូគឺជាមេស្ស៊ីដែលបានត្រូវសន្យា។ (ម៉ាថ. ១៦:១៦) ប៉ុន្តែ ពេលដែលលោកយេស៊ូត្រូវបានគេប្រហារជីវិត នោះសេចក្ដីសង្ឃឹមរបស់ពួកគេបានត្រូវសាបសូន្យ ហើយពួកគេកើតទុក្ខជាខ្លាំង។
៦. តើលោកយេស៊ូបានធ្វើអ្វីក្រោយពីបានត្រូវប្រោសឲ្យរស់ឡើងវិញ?
៦ ពេលលោកយេស៊ូឃើញថាពួកអ្នកកាន់តាមកើតទុក្ខជាខ្លាំងចំពោះការស្លាប់របស់លោក លោកមិនបានចាត់ទុកថាពួកគេមានជំនឿខ្សោយទេ។ លោកយល់ថានេះជាអារម្មណ៍ធម្មតាពេលបាត់បង់មនុស្សជាទីស្រឡាញ់។ ដូច្នេះហើយនៅថ្ងៃដែលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានទៅលើកទឹកចិត្តពួកគេ។ ជាឧទាហរណ៍ លោកយេស៊ូបានលេចឲ្យម៉ារៀ ម៉ាក់ដាឡេនឃើញកាលដែលនាងកំពុងយំនៅជិតទីបញ្ចុះសព។ (យ៉ូន. ២០:១១, ១៦) ក្រោយមក លោកក៏បានទៅជួបពួកអ្នកកាន់តាមពីរនាក់ទៀត ដូចបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ។ ក្រោយមកទៀត លោកបានលេចមកជួបសាវ័កពេត្រុស។ (លូក. ២៤:៣៤) តើយើងអាចរៀនអ្វីពីគំរូរបស់លោក? សូមពិចារណាអំពីអ្វីដែលបានកើតឡើង ពេលដែលលោកបានលេចទៅជួបម៉ារៀ ម៉ាក់ដាឡេន។
៧. នៅព្រឹកថ្ងៃទី១៦ ខែណែសាន តើលោកយេស៊ូឃើញម៉ារៀស្ថិតនៅក្នុងស្ថានភាពបែបណា? តើនោះជំរុញចិត្តលោកឲ្យធ្វើអ្វី? (យ៉ូហាន ២០:១១-១៦) (សូមមើលរូបភាពផងដែរ)
៧ សូមអាន យ៉ូហាន ២០:១១-១៦។ នៅព្រឹកព្រលឹមស្រាងៗនាថ្ងៃទី១៦ ខែណែសាន មានស្ត្រីខ្លះបានទៅទីបញ្ចុះសពរបស់លោកយេស៊ូ។ (លូក. ២៤:១, ១០) ក្នុងចំណោមស្ត្រីទាំងនោះមានស្ត្រីម្នាក់ឈ្មោះម៉ារៀ ម៉ាក់ដាឡេន។ ពេលទៅដល់ទីនោះ ម៉ារៀមិនឃើញសពរបស់លោកយេស៊ូទេ។ ដូច្នេះ នាងក៏បានរត់ទៅប្រាប់ពេត្រុសនិងយ៉ូហាន។ ក្រោយពីឮដូច្នោះ ពួកគាត់ទាំងពីរនាក់បានរត់ទៅទីបញ្ចុះសព ហើយម៉ារៀក៏រត់ទៅតាមពួកគាត់។ ពេលពួកគាត់ទៅដល់ទីនោះ ហើយឃើញថាសពរបស់លោកយេស៊ូមិននៅទីនោះមែន ពួកគាត់ក៏ត្រឡប់ទៅវិញ។ ប៉ុន្តែ ម៉ារៀមិនបានទៅណាទេ នាងនៅតែយំនឹកអាល័យលោកយេស៊ូនៅទីនោះ។ នាងមិនបានដឹងថាលោកយេស៊ូកំពុងសង្កេតមើលនាងនៅទីនោះទេ។ លោកសង្កេតមើលនាងយំអស់មួយសន្ទុះ ហើយចង់សម្រាលទុក្ខនាង។ ដូច្នេះលោកបានលេចឲ្យម៉ារៀឃើញ ហើយលោកបានធ្វើអ្វីដ៏សាមញ្ញមួយ តែលើកទឹកចិត្តនាងជាខ្លាំង។ តើលោកបានធ្វើអ្វី? គឺលោកបានមានប្រសាសន៍ទៅកាន់នាង ហើយឲ្យនាងនូវភារកិច្ចដ៏សំខាន់មួយ។ ភារកិច្ចនោះគឺនាងត្រូវនាំដំណឹងទៅប្រាប់បងប្អូនលោកអំពីការប្រោសឲ្យរស់ឡើងវិញរបស់លោក។—យ៉ូន. ២០:១៧, ១៨
៨. តើយើងអាចធ្វើតាមគំរូលោកយេស៊ូយ៉ាងដូចម្ដេច?
៨ តើយើងអាចធ្វើតាមគំរូលោកយេស៊ូយ៉ាងដូចម្ដេច? យើងអាចយកតម្រាប់លោកយេស៊ូដោយលើកទឹកចិត្តបងប្អូនរបស់យើងឲ្យបន្តបម្រើព្រះយេហូវ៉ា។ តើតាមរបៀបណា? យើងត្រូវយកចិត្តទុកដាក់ស្ដាប់ពេលពួកគេប្រាប់អំពីការពិបាករបស់ខ្លួន ព្យាយាមយល់អារម្មណ៍របស់ពួកគេ និងសម្រាលទុក្ខពួកគេ។ សូមគិតពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះចុសលីន។ គាត់បានបាត់បង់ប្អូនស្រីក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ខ្លោចផ្សាមួយ។ គាត់និយាយថា៖ «អស់ជាច្រើនខែ ខ្ញុំកើតទុក្ខសោកសង្រេងជារឿយៗ»។ ប៉ុន្តែក្នុងអំឡុងពេលនោះ មានប្ដីប្រពន្ធមួយគូបានអញ្ជើញគាត់ឲ្យទៅផ្ទះរបស់ពួកគេ។ ពេលបងចុសលីនប្រាប់អំពីអារម្មណ៍របស់គាត់ ប្ដីប្រពន្ធនោះបានស្ដាប់យ៉ាងយកចិត្តទុកដាក់ទាំងបង្ហាញការយល់អារម្មណ៍ ហើយពួកគេបានពង្រឹងទំនុកចិត្តបងចុសលីនថាគាត់មានតម្លៃណាស់ចំពោះព្រះយេហូវ៉ា។ បងចុសលីននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់ដូចជានៅក្នុងព្យុះដ៏ខ្មៅងងឹតកណ្ដាលសមុទ្រ តែព្រះយេហូវ៉ាបានប្រើពួកគាត់ឲ្យទាញខ្ញុំមកលើទូកសង្គ្រោះ។ ដោយសារពួកគាត់បានធ្វើដូច្នេះ ខ្ញុំមានអំណរឡើងវិញដើម្បីបម្រើព្រះយេហូវ៉ា»។ យើងក៏អាចលើកទឹកចិត្តអ្នកឯទៀតដែរ ដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលពួកគេប្រាប់អំពីអារម្មណ៍ ហើយនិយាយសម្រាលទុក្ខដោយចេះយល់អារម្មណ៍។ ពេលយើងធ្វើដូច្នេះ យើងអាចសម្រាលទុក្ខពួកគេ ហើយជួយពួកគេឲ្យបម្រើព្រះយេហូវ៉ា។—រ៉ូម ១២:១៥
ចូរជួយអ្នកឯទៀតឲ្យចេះថ្លឹងថ្លែងគោលការណ៍គម្ពីរ
៩. តើពួកអ្នកកាន់តាមលោកយេស៊ូមានការពិបាកអ្វី ហើយតើលោកយេស៊ូបានជួយពួកគេយ៉ាងដូចម្ដេច?
៩ អ្នកកាន់តាមលោកយេស៊ូជឿលើបណ្ដាំរបស់ព្រះ ហើយពួកគេព្យាយាមធ្វើតាមបណ្ដាំនោះ។ (យ៉ូន. ១៧:៦) ទោះជាដូច្នោះក៏ដោយ ពួកគេឆ្ងល់ថា «ហេតុអ្វីលោកយេស៊ូស្លាប់លើបង្គោលទារុណកម្មក្នុងនាមជាឧក្រិដ្ឋជន?»។ លោកយេស៊ូដឹងថាពេលពួកគេឆ្ងល់ដូច្នេះ មិនមែនដោយសារពួកគេខ្វះជំនឿនោះទេ ប៉ុន្តែដោយសារពួកគេខ្វះចំណេះពីបទគម្ពីរ។ (លូក. ៩:៤៤, ៤៥; យ៉ូន. ២០:៩) ដូច្នេះ លោកបង្រៀនពួកគេឲ្យចេះថ្លឹងថ្លែងបទគម្ពីរ។ សូមពិចារណាអំពីរបៀបដែលលោកយេស៊ូធ្វើដូច្នេះ ពេលដែលលោកលេចទៅជួបអ្នកកាន់តាមពីរនាក់នៅតាមផ្លូវទៅភូមិអេម៉ាស។
១០. តើតាមរបៀបណាលោកយេស៊ូបានជួយពួកអ្នកកាន់តាមឲ្យជឿជាក់ថាលោកគឺពិតជាមេស្ស៊ី? (លូកា ២៤:១៨-២៧)
១០ សូមអាន លូកា ២៤:១៨-២៧។ សូមកត់សម្គាល់ថាលោកយេស៊ូមិនបានប្រាប់ពួកគេភ្លាមៗថាលោកជាអ្នកណាទេ។ ផ្ទុយទៅវិញ លោកបានសួរសំណួរទៅពួកគេ។ ហេតុអ្វីលោកធ្វើដូច្នេះ? ដោយសារលោកប្រហែលជាចង់ឲ្យពួកគេប្រាប់អំពីគំនិតនិងអារម្មណ៍របស់ពួកគេ ហើយពួកគេបានប្រាប់លោកមែន។ ពួកគេបានប្រាប់លោកថា ពួកគេធ្លាប់សង្ឃឹមថាលោកយេស៊ូនឹងមកសង្គ្រោះអ៊ីស្រាអែលពីការជិះជាន់របស់ពួករ៉ូម។ លុះស្ដាប់ពួកគេនិយាយចប់ លោកយេស៊ូបានប្រើបទគម្ពីរផ្សេងៗដើម្បីជួយពួកគេឲ្យយល់អំពីទំនាយជាច្រើនដែលបានសម្រេចរួចហើយ។b នៅល្ងាចថ្ងៃនោះ លោកយេស៊ូបានចំណាយពេលជាមួយអ្នកកាន់តាមឯទៀត ហើយក៏ពន្យល់ពួកគេអំពីអត្ថន័យនៃទំនាយទាំងនោះដែរ។ (លូក. ២៤:៣៣-៤៨) តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ?
១១-១២. (ក) តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលលោកយេស៊ូបង្រៀនសេចក្ដីពិតពីគម្ពីរ? (សូមមើលរូបភាពផងដែរ) (ខ) តើអ្នកបង្រៀនគម្ពីររបស់បងន័រតេបានជួយគាត់យ៉ាងដូចម្ដេច?
១១ តើយើងអាចធ្វើតាមគំរូលោកយេស៊ូយ៉ាងដូចម្ដេច? ពេលបង្រៀនសិស្សគម្ពីរ សូមសួរសំណួរដែលនឹងជួយពួកគេឲ្យប្រាប់អំពីគំនិតនិងអារម្មណ៍របស់ពួកគេ។ (សុភ. ២០:៥) ក្រោយពីអ្នកស្គាល់ថាពួកគេមានអារម្មណ៍យ៉ាងណា សូមជួយពួកគេឲ្យចេះស្វែងរកបទគម្ពីរដែលចំស្ថានភាពរបស់ពួកគេ។ សូមជួយពួកគេឲ្យចេះថ្លឹងថ្លែងបទគម្ពីរ ហើយជួយពួកគេឲ្យយល់អំពីរបៀបធ្វើតាមគោលការណ៍គម្ពីរក្នុងស្ថានភាពណាខ្លះក្នុងជីវិតរបស់ពួកគេ ជាជាងប្រាប់ពួកគេអំពីអ្វីដែលពួកគេត្រូវធ្វើ។ ឥឡូវ សូមគិតអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះន័រតេពីប្រទេសហ្គាណា។
១២ ពេលបងន័រតេអាយុ១៦ឆ្នាំ គាត់បានចាប់ផ្ដើមរៀនគម្ពីរ។ មួយរយៈពេលក្រោយមក ក្រុមគ្រួសាររបស់គាត់ចាប់ផ្ដើមប្រឆាំងគាត់។ ទោះជាយ៉ាងនេះក៏ដោយ គាត់នៅតែបន្តរៀនគម្ពីរ។ តើអ្វីបានជួយគាត់? អ្នកបង្រៀនគម្ពីរគាត់បានប្រើម៉ាថាយ ជំពូកទី១០ដើម្បីពន្យល់គាត់ថាគ្រិស្តសាសនិកពិតនឹងទទួលការបៀតបៀន។ បងន័រតេនិយាយថា៖ «ពេលខ្ញុំទទួលការបៀតបៀន ខ្ញុំជឿជាក់ថាខ្ញុំបានរកឃើញសេចក្ដីពិត»។ អ្នកបង្រៀនគម្ពីរគាត់ក៏បង្ហាញម៉ាថាយ ១០:១៦ដែលថា យើងត្រូវប្រុងប្រយ័ត្ន។ បន្ទាប់មក ពួកគេបាននិយាយគ្នាអំពីរបៀបដែលខនេះអាចជួយបងន័រតេ ដើម្បីពន្យល់អំពីជំនឿរបស់គាត់ទៅកាន់ក្រុមគ្រួសារដោយបង្ហាញការគោរព។ ក្រោយមក បងន័រតេបានទទួលការជ្រមុជទឹក។ គាត់មានគោលដៅធ្វើជាអ្នកត្រួសត្រាយ ប៉ុន្តែឪពុករបស់គាត់ចង់ឲ្យគាត់ទៅរៀននៅសកលវិទ្យាល័យ។ ហេតុនេះ អ្នកបង្រៀនគម្ពីររបស់គាត់ព្យាយាមជួយបងន័រតេឲ្យចេះធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយសួរសំណួរផ្សេងៗទៅបងន័រតេដើម្បីជួយគាត់ឲ្យចេះគិតអំពីគោលការណ៍គម្ពីរស្ដីអំពីរឿងនេះ ជាជាងប្រាប់គាត់ថាត្រូវធ្វើអ្វី។ តើបងន័រតេសម្រេចចិត្តយ៉ាងណា? គាត់បានសម្រេចចិត្តត្រួសត្រាយ។ ដោយសារគាត់បានសម្រេចចិត្តដូច្នេះ ឪពុករបស់គាត់បានឲ្យគាត់ចុះចេញពីផ្ទះ។ តើបងន័រតេមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលបានកើតឡើង? គាត់និយាយថា៖ «ខ្ញុំជឿជាក់ថាខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវ»។ ដូច្នេះ តាមរយៈបទពិសោធន៍នេះយើងឃើញថា ពេលយើងលៃទុកពេលដើម្បីជួយអ្នកឯទៀតឲ្យចេះថ្លឹងថ្លែងបទគម្ពីរ យើងអាចជួយពួកគេឲ្យទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។—អេភ. ៣:១៦-១៩
ចូរបង្ហាត់បង្រៀនបងប្អូនប្រុសឲ្យទៅជា«អំណោយជាមនុស្ស»
១៣. តើលោកយេស៊ូបានធ្វើអ្វីដើម្បីប្រាដកថាកិច្ចការរបស់បិតាលោកនៅតែបន្តជឿនទៅមុខ ទោះជាក្រោយពីលោកឡើងទៅស្ថានសួគ៌ក្ដី? (អេភេសូរ ៤:៨)
១៣ ពេលដែលលោកយេស៊ូនៅផែនដី លោកបានបំពេញកិច្ចការដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយ៉ាងល្អឥតខ្ចោះ។ (យ៉ូន. ១៧:៤) ប៉ុន្តែ លោកយេស៊ូមិនដែលគិតថាមានតែខ្លួនលោកប៉ុណ្ណោះ ដែលអាចបំពេញកិច្ចការដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យនោះទេ ព្រោះលោកគិតថាអ្នកឯទៀតក៏អាចធ្វើកិច្ចការនោះដែរ។ ហេតុនេះ ក្នុងអំឡុងកិច្ចបម្រើបីឆ្នាំកន្លះរបស់លោកនៅផែនដី លោកបានបង្ហាត់បង្រៀនអ្នកឯទៀត។ ជាឧទាហរណ៍ មុនលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ លោកបានប្រគល់កិច្ចការដល់ពួកអ្នកកាន់តាមដើម្បីថែរក្សាចៀមដ៏មានតម្លៃរបស់ព្រះយេហូវ៉ា ព្រមទាំងនាំមុខក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀន។ ក្នុងចំណោមពួកអ្នកកាន់តាមទាំងនោះ ប្រហែលជាមានអ្នកខ្លះដែលមានអាយុ២០ឆ្នាំជាង។ (សូមអាន អេភេសូរ ៤:៨) ពួកអ្នកកាន់តាមទាំងនេះបានរួមកិច្ចការយ៉ាងខ្នះខ្នែងជាមួយលោកយេស៊ូ ហើយពួកគេមានភក្ដីភាពចំពោះលោក។ សូម្បីតែក្នុងអំឡុង៤០ថ្ងៃចុងក្រោយរបស់លោកនៅផែនដី ក៏លោកបានបង្ហាត់បង្រៀនពួកគេថែមទៀត ដើម្បីពួកគេអាចទៅជា«អំណោយជាមនុស្ស»។ តើលោកយេស៊ូបានបង្ហាត់បង្រៀនពួកគេយ៉ាងដូចម្ដេច?—អេភ. ៤:៨
១៤. ក្នុងអំឡុង៤០ថ្ងៃចុងក្រោយរបស់លោកយេស៊ូនៅផែនដី តើលោកបានបង្រៀនអ្វីខ្លះដល់អ្នកកាន់តាម? (សូមមើលរូបភាពផងដែរ)
១៤ លោកយេស៊ូបានឲ្យយោបល់ចំៗដល់ពួកអ្នកកាន់តាមលោក ដោយសារលោកស្រឡាញ់ពួកគេ។ ជាឧទាហរណ៍ លោកឃើញថាពួកអ្នកកាន់តាមខ្លះមិនបានជឿថាលោកស្លាប់ និងបានត្រូវប្រោសឲ្យរស់ឡើងវិញទេ។ ដូច្នេះ លោកយេស៊ូបានឲ្យយោបល់ដល់ពួកគេ។ (លូក. ២៤:២៥-២៧; យ៉ូន. ២០:២៧) លោកយេស៊ូបានជួយពួកគេឲ្យយល់ថា ការថែរក្សារាស្ត្ររបស់ព្រះគឺជាភារកិច្ចដ៏សំខាន់ ហើយមិនចាត់ទុកមុខរបររបស់ខ្លួនថាជាអ្វីដែលសំខាន់បំផុតទេ។ (យ៉ូន. ២១:១៥) ម្យ៉ាងទៀត លោកក៏បានរំលឹកពួកគេមិនឲ្យប្រៀបធៀបអ្វីដែលពួកគេធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាជាមួយនឹងអ្វីដែលអ្នកឯទៀតធ្វើនោះទេ។ (យ៉ូន. ២១:២០-២២) បន្ថែមទៅទៀត លោកបានកែតម្រង់ទស្សនៈមិនត្រឹមត្រូវរបស់ពួកគេអំពីរាជាណាចក្រព្រះ ហើយជួយពួកគេឲ្យផ្ចង់អារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ (សកម្ម. ១:៦-៨) តើអ្នកចាស់ទុំអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
១៥-១៦. (ក) តើអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? សូមពន្យល់។ (ខ) តើបងផាទ្រីកបានទទួលប្រយោជន៍យ៉ាងណាពីការធ្វើតាមយោបល់?
១៥ តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? ពួកគេត្រូវបង្ហាត់បង្រៀនបងប្អូនប្រុសៗឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចថែមទៀត ហើយនេះរួមបញ្ចូលបងប្អូនប្រុសវ័យក្មេងផងដែរ។c អ្នកចាស់ទុំគួរទទួលស្គាល់ថា បងប្អូនទាំងនេះជាមនុស្សមិនល្អឥតខ្ចោះ ហើយមានអ្វីជាច្រើនដែលពួកគេត្រូវរៀន។ ពួកគេត្រូវបង្ហាត់បង្រៀនប្អូនៗវ័យក្មេងដោយបង្ហាញសេចក្ដីស្រឡាញ់។ ពេលអ្នកចាស់ទុំធ្វើដូច្នេះ នោះបងប្អូនប្រុសៗអាចរៀនឲ្យមានចិត្តរាបទាប ស្មោះត្រង់ និងសុខចិត្តបម្រើអ្នកឯទៀត។—១ធី. ៣:១; ២ធី. ២:២; ១ពេ. ៥:៥
១៦ សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះផាទ្រីកដែលបានទទួលប្រយោជន៍ពីការធ្វើតាមយោបល់។ កាលដែលគាត់នៅក្មេង គាត់ច្រើនតែនិយាយទ្រគោះបោះបោក និងប្រព្រឹត្តមិនសប្បុរសដល់អ្នកឯទៀត សូម្បីតែចំពោះបងប្អូនស្រី។ ពេលអ្នកចាស់ទុំម្នាក់កត់សម្គាល់ឃើញថាបងផាទ្រីកមានលក្ខណៈបែបនេះ គាត់បានឲ្យយោបល់ចំៗតែដោយសប្បុរស។ បងផាទ្រីកនិយាយថា៖ «ខ្ញុំធ្លាប់ធ្លាក់ទឹកចិត្តពេលឃើញបងប្រុសឯទៀតទទួលឯកសិទ្ធដែលខ្ញុំចង់បាន។ ដូច្នេះខ្ញុំសប្បាយដែលអ្នកចាស់ទុំនោះឲ្យយោបល់ខ្ញុំ។ ពីព្រោះយោបល់នោះជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ច្រើនជាងទៅលើការបម្រើបងប្អូន ជាជាងការមានឯកសិទ្ធក្នុងក្រុមជំនុំ»។ ដោយសារគាត់ធ្វើតាមយោបល់នោះ នោះគាត់បានទៅជាអ្នកចាស់ទុំនៅអាយុ២៣ឆ្នាំ។—សុភ. ២៧:៩
១៧. តើតាមរបៀបណាលោកយេស៊ូបង្ហាញថាលោកទុកចិត្តពួកអ្នកកាន់តាម?
១៧ លោកយេស៊ូមិនគ្រាន់តែបង្គាប់អ្នកកាន់តាមឲ្យទៅផ្សព្វផ្សាយប៉ុណ្ណោះទេ តែលោកក៏ឲ្យពួកគេទៅបង្រៀនអ្នកឯទៀតដែរ។ (ម៉ាថ. ២៨:២០) ពួកអ្នកកាន់តាមប្រហែលជាមានអារម្មណ៍ថា ពួកគេមិនអាចបំពេញភារកិច្ចដែលលោកយេស៊ូបានសុំឲ្យពួកគេធ្វើនោះទេ។ ប៉ុន្តែ លោកជឿជាក់ថាពួកគេអាចធ្វើកិច្ចការនេះបាន ហើយលោកបានប្រាប់ពួកគេទាំងមានទំនុកចិត្តថា៖ «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចបិតានៅស្ថានសួគ៌បានចាត់ខ្ញុំឲ្យមកដែរ»។—យ៉ូន. ២០:២១
១៨. តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងម្ដេច?
១៨ តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងម្ដេច? គឺអ្នកចាស់ទុំដែលមានបទពិសោធន៍បង្ហាត់បង្រៀនបងប្អូនឯទៀតដោយប្រគល់កិច្ចការដល់ពួកគេ។ (ភី. ២:១៩-២២) ជាឧទាហរណ៍ ពេលអ្នកចាស់ទុំចូលរួមការសម្អាតនិងថែទាំសាលប្រជុំ ពួកគេអាចហៅប្អូនៗវ័យក្មេងចូលរួមធ្វើកិច្ចការនោះជាមួយដែរ។ អ្នកចាស់ទុំអាចប្រគល់កិច្ចការខ្លះៗឲ្យបងប្អូនទាំងនោះធ្វើ។ ក្រោយមក ពួកគេអាចបង្ហាញអំពីរបៀបបំពេញកិច្ចការនោះ ហើយធ្វើឲ្យបងប្អូនទាំងនោះមានអារម្មណ៍ថាអ្នកចាស់ទុំទុកចិត្តថាពួកគេធ្វើកិច្ចការបានល្អ។ អ្នកចាស់ទុំថ្មីម្នាក់ឈ្មោះម៉ាធីយូពិតជាមានចិត្តដឹងគុណចំពោះអ្នកចាស់ទុំដែលមានបទពិសោធន៍ដែលបានបង្ហាត់បង្រៀនគាត់ឲ្យបំពេញកិច្ចការក្នុងក្រុមជំនុំ ហើយទុកចិត្តថាគាត់អាចសម្រេចកិច្ចការនោះ។ គាត់បាននិយាយថា៖ «ពេលខ្ញុំបំពេញកិច្ចការណាមួយ ហើយធ្វើខុស អ្នកចាស់ទុំចាត់ទុកថានោះជារឿងធម្មតាពេលយើងរៀនអ្វីថ្មី ហើយពួកគាត់ជួយខ្ញុំឲ្យធ្វើបានល្អជាងនៅលើកក្រោយ»។d
១៩. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៩ ក្នុងអំឡុង៤០ថ្ងៃចុងក្រោយដែលលោកនៅផែនដី លោកបានលើកទឹកចិត្ត បង្រៀនឲ្យចេះថ្លឹងថ្លែងបទគម្ពីរ និងបង្ហាត់បង្រៀនអ្នកឯទៀត។ ដូច្នេះ សូមយើងតាំងចិត្តធ្វើតាមគំរូរបស់លោកយេស៊ូឲ្យបានដិតដល់។ (១ពេ. ២:២១) លោកនឹងជួយយើងឲ្យធ្វើតាមគំរូរបស់លោក។ លោកសន្យាថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថ. ២៨:២០
ចម្រៀងលេខ១៥ ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
a សៀវភៅដំណឹងល្អទាំងបួននិងសៀវភៅឯទៀតក្នុងគម្ពីរបង្ហាញថា លោកយេស៊ូបានលេចទៅជួបពួកអ្នកកាន់តាមអស់ជាច្រើនដង ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ លោកបានលេចទៅជួបបុគ្គលផ្សេងៗដូចជា ម៉ារៀ ម៉ាក់ដាឡេន (យ៉ូន. ២០:១១-១៨) ស្ត្រីឯទៀត (ម៉ាថ. ២៨:៨-១០; លូក. ២៤:៨-១១) អ្នកកាន់តាម២នាក់ (លូក. ២៤:១៣-១៥) ពេត្រុស (លូក. ២៤:៣៤) សាវ័កទាំងអស់ លើកលែងតែថូម៉ាស់ (យ៉ូន. ២០:១៩-២៤) សាវ័កទាំងអស់ រួមបញ្ចូលថូម៉ាស់ (យ៉ូន. ២០:២៦) អ្នកកាន់តាម៧នាក់ (យ៉ូន. ២១:១, ២) ពួកអ្នកកាន់តាមជាង៥០០នាក់ (ម៉ាថ. ២៨:១៦; ១កូ. ១៥:៦) យ៉ាកុបដែលជាប្អូនប្រុសរបស់លោក (១កូ. ១៥:៧) សាវ័កទាំងអស់ (សកម្ម. ១:៤) និងពួកសាវ័កនៅជិតភូមិបេថានី។ (លូក. ២៤:៥០-៥២) លោកយេស៊ូក៏ប្រហែលជាលេចទៅជួបអ្នកកាន់តាមលោកនៅពេលផ្សេងទៀតដែរ តែមិនបានកត់ទុកក្នុងគម្ពីរ។—យ៉ូន. ២១:២៥
b ដើម្បីមើលបញ្ជីទំនាយអំពីមេស្ស៊ី សូមមើលអត្ថបទដែលមានចំណងជើងថា «តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?» នៅគេហទំព័រjw.org/km។
c ក្នុងករណីខ្លះ អ្នកចាស់ទុំវ័យក្មេងអាចតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល សូម្បីតែពួកគេមានអាយុរវាង២៥ដល់៣០ឆ្នាំក្ដី។ ប៉ុន្តែ ពួកគេត្រូវមានបទពិសោធន៍ជាអ្នកចាស់ទុំសិន។
d សម្រាប់យោបល់ថែមទៀតដើម្បីជួយប្អូនៗវ័យក្មេងឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ច សូមមើលទស្សនាវដ្ដីប៉មយាម ខែសីហា ឆ្នាំ២០១៨ ទំ.១៣-១៤ វ.១៥-១៧ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ទំ.៣-១៤។
e ការពណ៌នាអំពីរូបភាព៖ ក្រោយពីថ្លឹងថ្លែងបទគម្ពីរ សិស្សគម្ពីរម្នាក់សម្រេចចិត្តបោះចោលគ្រឿងតុបតែងសម្រាប់បុណ្យណូអែល។